ស្ថាប័នពីររកចំណូលចូលរដ្ឋបានជិត២០០លានដុល្លារក្នុងរយៈពេល៤ខែ

0

ដោយ ដែន ចែងចាំង  

ភ្នំពេញ៖ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិព្រះសីហនុ ប្រមូលចំណូលបាន ប្រមាណ១៩៩លានដុល្លាអាមេរិក កើនឡើងប្រមាណ៤២ភាគរយ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែរអន្តរជាតិ ក្រុងព្រះសីហនុ លោកយឿក យូ បានថ្លែងក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិព្រះសីហនុ កាលពីម្សិលម៉ិញនេះថា កំពង់ផែអន្តរជាតិក្រុងព្រះសីហុន គឺជាកំពង់ផែធំជាងគេ ដោយមានក្រុមហ៊ុននាំចេញនាំចូល និងបានបំពេញបែបបទនៅទីនោះជាច្រើន ជាពិសេ​សមានធុរជនល្អបំផុត១៧ក្រុមហ៊ុន ដែលភាគច្រើននាំចូលស្រា​បៀរ សំបកកំប៉ុង ស្រូវសាលី ទឹក ដោះគោ ខោទឹកនោម ស្ករស និងប្រេងរំអិលជាដើម។

លោកបន្តថា កាលពីឆ្នាំមុនសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុ​ងព្រះសីហនុ ប្រមូលចំណូលប្រមាណជាង៤៦៩លានដុល្លាអាមេរិកផងដែរ។ ចំណែកការប្រមូលចំណូ​លនៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះវិញភាគច្រើនជាចំណូល បានមកពីការនាំចូលរថយន្ត បារី ជាពិសេសពីក្រុមហ៊ុនធុរជនដែលល្អបំផុតទាំង១៧ក្រុមហ៊ុន។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្នបានមានប្រសាសន៍ថា មន្រ្តីក្រសួងទាំងអស់ ត្រូវបង្កើនកិច្ចសហការឲ្យកាន់តែជិតស្និតថែមទៀត ដើម្បីធានាប្រសិទ្ធក្នុងការបំពេញការងារ ការសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ត្រូវជម្រុញលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម អាជីវកម្ម ការផ្តោតយកចិត្តទុកដាក់លើការអនុវត្តន៍ថវិកាកម្មវិធី និងត្រូវបន្តរៀបចំផែនការបណ្តុះបណ្តាលថែមទៀត ដើម្បីជម្រុញការគ្រប់គ្រង់ការងារឲ្យមានប្រសិទ្ធភាព និងមានតម្លាភាព៕

តើ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស Prince Real Estate វិនិយោគ​អ្វីខ្លះ​នៅ​កម្ពុ​ជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​យក្ស​របស់​ប្រទេស​ចិន បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា និង​បាន​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​នៅទីនេះ។

តើ​ក្រុមហ៊ុន​មួយ​នេះ​មាន​ប្រវត្តិ​បែបណា និង​កំពុង​ធ្វើ​អ្វី​ច​ខ្លះ​នៅ​ជុំវិញ​ពិភពលោក គេហទំព័រ www.propertyarea.asia សូម​នាំ​លោក អ្នក​ទៅ​ស្វែងយល់​ពី​ក្រុមហ៊ុន​ដ៏​ធំ​នេះ។

ក្រុមហ៊ុន Prince Real Estate Group បាន​បង្កើត​ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៥ ដោយបាន​សាង​សាង​អគារ​ជាច្រើន​ប្រភេទ ដូចជា​សណ្ឋាគារ អគារ​ស្នាក់នៅ ផ្ទះល្វែង ខុន​ដូ និង​អគារ​ពាណិជ្ជកម្ម​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​របស់​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន ១៣ ទីតាំងនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា។

ក្រុមហ៊ុន Prince Real Estate បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ផងដែរ ដើម្បី​អនុវត្ត​សាងសង​គម្រោង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ គម្រោង​ទាំងនេះ​រួមមាន Diamond One, Prince Central Plaza និង Prince Modern Plaza ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​បាន​សាងសង់​នូវ​គម្រោង​អចលនទ្រព្យ លើ​ទំហំ​ដី១ហិកតា ដែលមាន​ឈ្មោះថា Diamond One ដើម្បី​ទាក់ទាញ​ប្រជាជន​ក្នុងស្រុក និង​ប្រជាជន​ចិន​ដោយ​ក្នុងនោះ​មាន សណ្ឋាគារ Prince Modern Plaza កម្ពស់២៧ ជាន់​គឺជា​គម្រោង​លំនៅដ្ឋាន​មួយ​សម្រាប់​យុវជន​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខណៈដែល​ក្រុមហ៊ុន​នេះ​ក៏បាន​សាងសង់​អគារ​កម្ពស់ ៣៧ ជាន់ Prince Central Plaza គឺជា​អគារ​ខុន​ដូ​ដ៏​ធំ​មួយ ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ។

នៅ​ខេត្ត​ព្រះសីហនុ គម្រោង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​នេះ កំពុងដំណើរការ​រួម​មាន Prince Plaza Center, Modern Plaza,Prince Club Project,Prince Time Hotel និង Koh Ta Kiev។ ជាមួយគ្នា​នោះ ក្រុមហ៊ុន​នេះ​ក៏​កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ។

ក្រុមហ៊ុន Prince Real Estate នឹង​អនុវត្ត​គម្រោងធំៗ ចំនួន​បី​ទៀត​នៅ​ឆ្នាំនេះ​គឺ Prince Cullinan Bay និង Prince City Center នៅ​ក្រុងព្រះសីហនុ និង Prince International Plaza ក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​ឆ្នេរ​ខ្សាច់ Cullinan Bay ត្រូវបាន​រចនា​ឡើងជា​កន្លែង​លំហែ​កម្សាន្ត លើ​ទំហំ​ផ្ទៃដី២,៦ ហិកតា ។ គម្រោង Prince City Centre នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ខ្នាត​អន្តរជាតិ​សាងសង់​លើ​ទំហំ​ដី ១៦ ហិកតា ខណៈដែល​គម្រោង Prince International Plaza នឹង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ២.៨ ហិច​តា​ហើយ​ត្រូវបាន​គេ​រចនា​ឡើងជា​ចំណុចកណ្តាល​ទីប្រជុំជន។

នាពេល​អនាគត ក្រុមហ៊ុន Prince Real Estate មានបំណង​សាងសង់​គម្រោង​ជាច្រើន និង​នាំមក​នូវ​ការវិនិយោគ​បន្ថែមទៀត​ពី​ប្រទេស​ចិន ខណៈ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​ល្អប្រសើរ។ គោលដៅ​របស់​ក្រុមហ៊ុន Prince Real Estat សម្រាប់​រយៈពេល១០ឆ្នាំ​ខាងមុខនេះ នឹង​អនុវត្ត​គម្រោង​អោយ​ឈានដល់​ទំហំ​ផ្ទៃ៥លាន​ម៉ែត្រការ៉េ នៃ​តំបន់​អភិវឌ្ឍន៍ និង​ទាក់ទាញ​អតិថិជន​ឲ្យ​បាន២០០.០០០ នាក់ និង​សមាជិក​ Prince Club ចំនួន៥០០.០០០ នាក់៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាទទួលបានផ្លែផ្កាច្រើនក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា

0

ដោយ ដែន ចែងចាំង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធ​បញ្ញាលោកប៉ាន សូរស័ក្តិបានថ្លែងថា កម្ពុជាទទួលបានផ្លែផ្កាជាច្រើន ក្នុងការអនុវត្តការងា​រកម្មសិទ្ធិបញ្ញា របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

លោកប៉ាន សូរស័ក្តិប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាលើកទី៨ស្តីពី លទ្ធផលការងារកម្មសិទ្ធិបញ្ញា និងផែនការសកម្មភាពការងារឆ្នាំ២០១៨ កាលពីម្សិលម៉ិញនេះថា លទ្ធផលសំខាន់ៗមួយចំនួនគួរជាទីមោទនៈ ដូចជា ការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោនអំពីឈ្មោះប្រភពដើម ទំនិញនិងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការកសាងច្បាប់, ការពង្រីកកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្នើ សុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងកម្មសិទ្ធិបញ្ញា និងការផ្តល់សេវាសាធារណៈផ្នែកកម្មសិទ្ធិបញ្ញាជាដើម។

ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក អប់ រ៉ាឌីបានថ្លែងឲ្យដឹងផងដែរថា អង្គភាពអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា បានបង្រ្កាបនិងទប់ស្កាត់បទ ល្មើសកម្មសិទ្ធិបញ្ញាយ៉ាងសកម្ម ដើម្បីការពារសិទិ្ធស្របច្បាប់ និងសុខភាពសាធារណៈ។

លោកបន្តថា“ដើម្បីឲ្យកិច្ចការកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត លិខិតបទដ្ឋាន គតិយុត្តជាច្រើន ក៏ត្រូវបានអនុម័តផងដែរ”។ លោកបន្ថែមថា “ លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិ បញ្ញាជាច្រើនទៀត បាននិងកំពុងបន្តរៀបចំពិនិត្យនិងពិភាក្សា”៕

នៅពីក្រោយកំណើនទេសចរណ៍ចិនមកទស្សនាកម្ពុជាលើសការរំពឹងទុក

0

ដោយ : ដែន ចែងចាំង
ភ្នំពេញ : កំនើននៃការហោះហើរត្រង់ លំហូរវិនិយោគទុន និងទំនាក់ទំនងដ៏រ៉ឹងមាំនៃរដ្ឋាភិបាលប្រទេសទាំងពីរ បានធ្វើឲ្យភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជាកើនលើសការរំពឹងទុក។នេះបើតាម​ការព្យាករណ៍របស់ក្រសួងទេសចរណ៍។


យោងតាមរបាយការណ៍របស់ក្រសួងដដែលនេះបានឲ្យដឹងថា តាមការព្យាករណ៍ភ្ញៀវទេស​ចរណ៍អន្តរជាតិជាង៦លាននាក់ នឹងមកទស្សនាកម្ពុជា ក្នុងនោះភ្ញៀវទេសចរ ចិនមានចំនួន១,៨លាននាក់ ហើយនៅឆ្នាំ២០១៩កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ចិន២,៤លាននាក់ និងឆ្នាំ២០២០កម្ពុជា នឹងទទួលបានភ្ញៀវចិនរហូតដល់២,៦លាននាក់ ខណៈការព្យាករណ៍របស់រដ្ឋាភិបាលកន្លងមក កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ចិនត្រឹម២លាននាក់នៅឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងក្នុងវេទិកាទេសចរណ៍កម្ពុជា ចិនលើកទី១កាលពីម្សិលម៉ិញថា នៅពេលចំនួនទេសចរណ៍កាន់តែកើនឡើងច្រើន កម្ពុជាពិតជាត្រូវការអ្នកវិនិយោគ ដែលវិនិយោគលើសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនិងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ឋ។


ជាមួយនឹងភាពល្អប្រសើរ នៃទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្រសួងទេ​សចរណ៍កម្ពុជា ចិនបានឯកភាពបន្តអនុវត្តន៍តាមស្មារតីនៃអនុស្សរណៈ ដែលបានចុះហត្ថលេខានាពេលកន្លងមក។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍សរុប១,៧លាននាក់ កើនឡើង១៣,៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះមានភ្ញៀវទេសចរណ៍ចិនជាង៥០ម៉ឺននាក់។
លោក ថោង ខុន បានបន្តថា “កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័​យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទន”។
លោក ទូ ជាំង មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវប្បធ៌មនៃសាធារណៈរដ្ឋប្រជា​មានិតចិនបានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតចំណងចិន កម្ពុជា ហើយ​ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរត្រូវបានពង្រីកជាលំដាប់។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា វិស័យទេសចរណ៍រវាងកម្ពុជា ចិនស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមដ៏វិសេសវិសាលរបស់​ប្រធានាធិបតីហ្សី ជីនពីងប្រធានានធិបតីចិន។ លោកបន្តថា វិស័យទេសចរណ៍ជាការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដែលធ្វើឲ្យប្រជាជន​នៃប្រទេសទាំងពីរកាន់តែមានការយោគយល់គ្នា ស្រលាញ់គ្នានិងទៅមករកគ្នា ព្រមទាំងបើកចំហឲ្យកាន់តែទូលំទូលាយថែមទៀត ផ្តើមចេញពីផ្លែផ្កានៃការតភ្ជាប់ និងសម្រួលការ​ធ្វើដំណើរទេសចរណ៍៕

OCIC គ្រោងរៀបចំទីក្រុងរណបជ្រោយចង្វារជាទីក្រុងពាណិជ្ជកម្ម

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកធំជាងគេនៅកម្ពុជាOCIC គ្រោងវិនិយោគទីក្រុងរណបជ្រោយចង្វារជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត ខណៈសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាសម្រេចបាន៧០ភាគរយរួចហើយ។

អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានប្រាប់Propertyarea.asiaនៅការិយាល័យរបស់លោកនាព្រឹកថ្ងៃទី១៨ ឧសភានេះថា រហូតមកទល់ពេលនេះការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាប្រព័ន្ឋផ្លូវដែលមានប្រវងសរុប៣០គីឡូម៉ែត្រ លូ៦០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតសម្រេចបាន៧០ភាគរយហើយ ដោយចំណាយទុនវិនិយោគប្រមាណ១៥០លានដុល្លារអាមេរិក។លោកបន្តថា ចំនួននេះមិនទាន់រាប់បញ្ចូលនូវតម្លៃនៃការបូមខ្សាច់ចាក់បំពេញនៅឡើយទេ។

លោកបន្តថា “យើងមានគោលដៅរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្សនាពេលបច្ចុប្បន្ននេះ”។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែងតម្លៃចាប់ពី១៥ទៅ២៥ម៉ឺនដុល្លារ និងអាគារពាណិជ្ជកម្មកំពស់១០ទៅ១២ជាន់ និងការិយាល័យកណ្តាលរបស់OCIC កំពស់២០ជាន់នៅទីក្រុងរណបនេះក្នុងដំណាក់កាលទី១ហើយ។ ចំណែកដំណា​ក់កាលបន្ទាប់ទៀត យើងនឹងធ្វើឡើងបត់បែនស្របតាមការវិវិត្តនៃសេដ្ឋកិច្ច សង្គម​កម្ពុជា។

ទីក្រុងរណបជ្រោយចង្វារដំបូងឡើយមានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយនឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អ​ប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសងខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកា​សធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជា ជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រ​កបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម៕

អស្ចារ្យ! ភ្នំពេញមានតំបន់ Pub Street ដូចនៅសៀមរាបហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់ដើរកំសាន្តក្នុងពេលរាត្រី ដែលប្រជុំដោយបារ ភោជនីយដ្ឋាន និងការតុបតែងដ៏ទាក់ទាញ Pub Street បាននិងកំពុងត្រៀមចាប់ផ្តើមនៅរាជធានីភ្នំពេញនាពេលខាងមុខនេះហើយ ដើម្បីធ្វើឲ្យរាត្រីនៅក្រុងភ្នំពេញកាន់តែមានភាពរសរវើក។

តំបន់ Pub Street នេះនឹងរៀបចំនៅតំបន់អីត Golden Sorya Mall ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ​ ​ហើយ​ដោយ​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ចុង​ខែឧសភានេះ ​ជាមួយ​នឹង​កន្លែង១​ដ៏ល្អ ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អាហារដ្ឋាន​បើក​ដំណើរការ​​២៤ ​ម៉ោង​ជា​រៀងរាល់​ថ្ងៃ​។

គម្រោង Phnom Penh Pub Street នេះ​នឹង​មាន​ហាង​សរុប​២៩ ដោយ​ហាង​ខ្លះ​មាន​កម្ពស់​២​ជាន់ ដែលរៀបចំឡើង​ជាមួយ​នឹង​ការតុបតែង​ដ៏ទាក់ទាញ ​ព្រម​ទាំង​មាន​កន្លែង​លក់​អាហារ​ច្រើន ​ប្រភេទ និង​ច្រើន​មុខ​រួម​មាន​ម្ហូបអាហារ​បែប​ខ្មែរ កូរ៉េ និង​ម៉ិកស៊ិក​ជាដើម​។

នាយិកា​គ្រប់គ្រង​ទូទៅ​នៃ Golden Sorya Mall លោកស្រី វ៉ាន់ ប៉ូលីនបានមានប្រ​សាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា Phnom Penh Pub Street ជា​ប្រភេទ​គម្រោង​ដែល​មាន​ការពេញនិយម​ខ្លាំង​នៅ​បរទេស​។ វា​ទទួល​បាន​ភាពជោគជ័យ​ខ្លាំង​នៅ​ទីក្រុង​បាងកក ហើយ​វា​នឹង​អាច​ទាក់ទាញ​សម្រាប់​ប្រជាជន​ខ្មែរ​ព្រមទាំង​ជនបរទេស​ផងដែរ​។

អ្នកជំនាញផ្នែក​អចលនទ្រព្យ​បាន​ថ្លែងឲ្យដឹងថា លោក​ជឿ​ថា​គម្រោង​នេះ​ មាន​គុណ​សម្បត្តិ​យ៉ាងច្រើន​សម្រាប់​តំបន់​នេះ​។ ​ខ្ញុំ​ជឿជាក់​ថា​គម្រោង Golden Sorya Mall អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ហាង​ផ្សេងៗ និង​អាផាតមិន​ដែល​នៅ​ក្បែរ​នោះ ​ដោយ​សារ​តែ​វា​នឹង​មាន​អ្នក​ទៅ​កម្សាន្ត​ ២៤ ​ម៉ោង​រួម​ទាំង​មាន​វត្តមាន​មនុស្ស​កាន់តែ​ច្រើន​នោះ វា​នឹង​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​មាន​សុវត្ថិភាព ភាព​រីករាយ និង​កាន់តែ​ទាក់ទាញ​ក្នុង​រយៈពេល​ដ៏យូរអង្វែង​»​។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា យើងស្វាគមន៍នូវការរៀបចំបែបនេះ ព្រោះវាជាផ្នែកមួយនៃផលិតផលទេសចរណ៍ ដែលនឹងផ្តល់កន្លែងកំសាន្តដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើនថែមទៀត ខណៈក្រុងភ្នំពេញមិនសូវមានកន្លែងកំសាន្តនាពេលរាត្រីនៅឡើយ។លោកបន្តថា យើងស្នើឲ្យមានការវិនិយោគបន្ថែមនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កំសាន្ត និងឲ្យពួកគេស្នាក់នៅកាន់តែយូរនៅកម្ពុជា៕

ANZ Royal លក់ភាគហ៊ុន ៥៥% ដល់ធនាគារ JTrustជប៉ុន

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារដ៏ធំមួយរបស់ជប៉ុន JTrust បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការទិញភាកហ៊ុនចំនួន៥៥ភាគរយ របស់ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់អូស្ត្រាលី។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៨នេះបានឲ្យដឹងថា ធនាគារANZ និងក្រុមហ៊ុន Royal Group បានក្លាយជាដៃគូជាមួយគ្នាអស់រយៈពេល១៣ឆ្នាំ ដោយបាននាំជូននូវសេវកម្មធនាគារស្តង់ដារអន្តរជាតិមកកាន់ទីផ្សារកម្ពុជា។ ធនាគារANZ និងក្រុមហ៊ុនRoyal Group បានរួមគ្នាបង្កើតធនា​គារ ANZ Royalលំដាប់ថ្នាក់ពិភពលោកដ៏រឹងមុំា ដែលដើរតួនាទីរួមចំណែកគាំទ្រដល់កំណើនសេដ្កកិច្ចរបស់កម្ពុជា និងបានបម្រើសេវាយ៉ាងល្អដល់អតិថិជន។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា ធនាគារជប៉ុន JTrust មានប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រទេសនៅក្នុងពិភពលោក ដូចជា នៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ ធនាគារជប៉ុន JTrust ផ្តល់ជូននូវហិរញ្ញវត្ថុជាច្រើនប្រភេទ ហើយមានភាពរឹងមុំានៅលើទីផ្សារ ដោ​យ​សារធនាគារ មានអតិថិជនទាំងជាក្រុមហ៊ុនសាវជីវកម្ម និងអតិថិជនជាបុគ្គល។ ធនា​គារជប៉ុន JTrust ត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនជាង៤០ឆ្នាំមកហើយ និងបានក្លាយជាគ្រឹះ​ស្ថានហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័យជាមួយនឹងកំណើនខ្ពស់នៅទាំងទាំងអាស៊ី។

ក្រុមហ៊ុន Royal Group មានជំនឿមុតមាំថា ធនាគារជប៉ុន JTrust គឺជាដៃគូដ៏ល្អបំផុត ហើយនឹងបន្តពីធនាគារ ANZ Group អូស្ត្រាលី ដើម្បីផ្តល់សេវាដល់អតិថិជន ក៏ដូចជាបន្តពង្រឹងសមត្ថភាពសេវកម្មថ្មីៗជាច្រើនទៀត។

សេក្តីប្រកាសពត៌មានដដែលបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្ត​រីចម្រើនគួរឲ្យកត់គម្គាល់ ហើយធនាគារជប៉ុន JTrust រួមជាមួយក្រុមហ៊ុន Royal Group នឹងចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រដល់កំណើននេះ ជាមួយសេវាកម្មរបស់ធនាគារដែលមានស្រាប់ ព្រមទាំងនាំជូននូវសេវាកម្មថ្មីៗបន្ថែម ដើម្បីឆ្លើយតបបំពេញតាមតម្រូវការរបស់ទីផ្សារអតិថិជន៕

ទូតកាណាដា៖ កម្ពុជាមានភាពទាក់ទាញខ្លាំងសម្រាប់ការធ្វើអាជីវកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំតំបន់អាស៊ាន ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃបានថ្លែងថា កម្ពុជាមានភាពទាក់ទាញកាន់តែខ្លាំង និងអាចផ្តល់ផលចំណូលបានយ៉ាងល្អ ដល់អ្នកវិនិយោគនានាដែលបានធ្វើអាជីវកម្មនៅកម្ពុជា។

ក្នុងជំនួបជាមួយទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ នាព្រឹកថ្ងៃទី១៧ ឧសភានេះ លោកជំទាវ Donica Pottie ឯកអគ្គរាជទូតកាណាដាបានថ្លែងថា សមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក កម្ពុជាគួរតែមានមោនៈភាពយ៉ាងទាំងនៅក្នុងតំបន់ និងពិភពលោក ព្រោះកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ខណៈដែលប្រទេសមួយចំនួននៅក្នុងពិភពលោក ទទួលបានកំណើនសេដ្ឋកិច្ចតិចតូច ជាក់ស្តែងប្រទេសកាណាដាផ្ទាល់ មានកំណើនត្រឹមតែ២ ទៅ ៣ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោកជំទាវបន្តថា “វិស័យធនាគារនៅកម្ពុជា ក៏នឹងមានកំណើនកើនឡើងជាបន្តបន្ទាប់ថែមទៀត ព្រោះបច្ចុប្បន្នក្រុមអ្នកវិនិយោគទុនមកពីប្រទេសកាណាដា កំពុងសម្លឹងមើលក្នុងការវិនិយោគបន្ថែម”។

លោកជា ចាន់តូ ទេសារភិបាលធនាគាជាតិនៃកម្ពុជា បានថ្លែងនូវការអបអរសាទរ ដែលក្រុមហ៊ុនវិនិយោគមកពីប្រទេសកាណាដា បានចូលរួមក្នុងវិស័យនេះ ជាក់ស្តែងក្រុមហ៊ុនមកពីកាណាដា បានចូលរួមវិនិយោគនៅក្នុងធនាគារ ABA ដោយមានដើមទុនមួយចំណែក។ នេះជាការកត់សម្គាល់ឲ្យឃើញថា វិស័យធនាគារបានដើរតួនាទី ក្នុងការគាំទ្រគោលនយោបាយស្ថិរភាពហិរញ្ញវត្ថុ និងការចូលគោលនយោបាយគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅពេលបច្ចុប្បន្ន និងអនាគត។

លោកបន្តថា “គោលនយោបាយរក្សាស្ថិរភាពហិរញ្ញវត្ថុ និងការគាំទ្រកំណើនក្នុងវិស័យធនាគារកម្ពុជា បានពង្រឹកដើមទុនក្នុងវិស័យធនាគារ ការដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្នមួយចំនួនទាក់ទងនឹងផ្នែកលើស្តង់ដា បាសែលស្រ៊ី ដែលជាស្តង់ដារអន្តរជាតិ ក្នុងការគ្រប់គ្រងធនាគារ”។

លោកបន្តថា “បច្ចុប្បន្នធនាគារជាតិកម្ពុជា កំពុងអនុវត្តន៍ជាបណ្តើរៗនិងបានពង្រឹ​ងនូវបទប្បញ្ញាត្តផ្សេងៗផងដែរ”៕

តម្លៃដីក្រុងព្រះសីហនុនឹងបន្តឡើងខ្ពស់ដូចនៅតំបន់បឹងកេងកង១ក្រុងភ្នំពេញ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ផ្អែកតាមលំហូរជាក់ស្ដែង នៃការសម្រុកវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងគំហុកពីសំណាក់ជនជាតិចិន មួយរយៈពេលចុងក្រោយនេះ បានធ្វើឱ្យតម្លៃដីនៅក្រុងព្រះសីហនុ ជាពិសេសនៅតំបន់ជាប់មាត់សមុទ្រតែម្ដង បានកើនឡើងស្ទើរតែ២០០ភាគរយ បើប្រៀបធៀបទៅនឹងតម្លៃកាលពីប្រមាណ២ឆ្នាំមុន នេះបើផ្អែកតាមការឱ្យដឹងពីសំណាក់អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យកាលពីពេលកន្លងទៅនេះ។

លោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPLបានប្រាប់ឱ្យដឹងកាលពីម្សិលម៉ិញនេះថា  ក្រុងព្រះសីហនុនាពេលបច្ចុប្បន្ននេះ មិនមែនមានសភាពស្ងប់ស្ងាត់ ដូចកាលពីប៉ុន្មានឆ្នាំមុននោះទៀតទេ ហើយក៏កំពុងតែវិវឌ្ឍខ្លួនឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំប្រទេស ដែលក្រៅពីមានជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលនាតំបន់មាត់សមុទ្រ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងល្បីឈ្មោះនៅលើសាកលលោកនោះ នៅមានកត្តាជាច្រើនទៀត ដែលជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះ មានភាពពុះកញ្ជ្រោល ។

សក្តានុពលធំៗដែលលោកឧកញ៉ាមើលឃើញមានដូចជា ជាទីក្រុងមានកំព​ង់​ផែទឹកជ្រៅ ដែលអំណោយផលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងទ្រង់ទ្រាយធំ ឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសផ្សេងៗ មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរថភ្លើងដែលអំណោយផលដល់ការដឹកជញ្ជូនតាមផ្លូវគោក រួមជាមួយនឹងគម្រោងស្ថាបនាផ្លូវល្បឿនលឿនក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងក៏បានគូសបញ្ជាក់ផងដែរថា  មិនថានៅពេល​នេះឬទៅថ្ងៃខាងមុខនោះទេ តម្លៃដីក្រុងព្រះសីហនុនឹងនៅតែបន្តឡើងថ្លៃ ជាពិសេ​សតំបន់មាត់សមុទ្រ ឬនៅចម្ងាយប្រមាណ៣ទៅ៤គីឡូម៉ែត្រពីឆ្នេរសមុទ្រ ខណៈដែលពេលនេះកំពុងមានការសម្រុក វិនិយោគទៅលើវិស័យអចលនទ្រព្យ ក្នុងគម្រោងធំៗពីសំណាក់ជនជាតិចិន ដូចជាខុនដូ អាផាតមិន និងការបង្កើតជាមណ្ឌលកម្សាន្តនានាផងដែរ។ តម្លៃដីដែលស្ថិតនៅជាប់តំបន់ឆ្នេរនាពេលនេះ គឺមានចាប់ពី១៥០០ដល់២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីប៉ុន្មានឆ្នាំមុនតម្លៃត្រឹម៥០០ទៅ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។

លើកឡើងស្រដៀងគ្នានេះ លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service, Co.Ltd ក៏បានឱ្យដឹងផងដែរថា ដីដែលមានទីផ្សារល្អ និងមានតម្លៃថ្លៃ គឺមិនមែនទូទៅនោះទេ ពោលគឺមានតែនៅទីតាំងមួយចំនួនតែប៉ុណ្ណោះ ដូចជាតំបន់ជាប់ឆ្នេរ ទីប្រជុំជន និងតំបន់ក្បែរមណ្ឌលសេដ្ឋកិច្ចតែប៉ុណ្ណោះ និងតំបន់ភ្នំ ហើយក្រៅពីនេះអាចមានតម្លៃទាបនៅឡើយ។

លោកស្រីបន្តទៀតថា បច្ចុប្បន្ននេះតម្លៃដីនៅតំបន់ឆ្នេរ អាចឡើងដល់2500-3000 ដុល្លារ ដែលស្មើទៅនឹងតម្លៃដីនៅតំបន់ទួលគោកក្រុងភ្នំពេញ ហើយសម្រាប់ថ្ងៃខាងមុខ អាចនឹងបន្តឡើងខ្ពស់ មិនចាញ់តម្លៃដីនៅតំបន់បឹងកេងកង១ នៅរាជធានីភ្នំពេញនោះទេ ។ លោកស្រីបន្តថា ចំពោះការកើនឡើងនូវតម្លៃដីទាំងនេះ ក៏ព្រោះតែក្រុងព្រះសីហនុ នៅតែជាចំណុចគោលដៅយ៉ាងសំខាន់ របស់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេ​សផ្នែកសំណង់ធំៗតែម្ដង៕

ទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបនៅតែមានសញ្ញាវិជ្ជមាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងតំបន់នៅអឺរ៉ុប បន្តផ្តល់មូលបត្របំណុលដល់ធនាគារធំៗជាបន្តបន្ទាប់ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ជាសញ្ញាល្អបំផុតសម្រាប់ទីផ្សារអចនលទ្រព្យរបស់អឺរ៉ុប។

យោងតាមទិន្នន័យ ដែលផ្តល់ដោយក្រុមហ៊ុន Dealogic បានឱ្យដឹងកាលពីពេល   ថ្មីៗ​នេះថា មូលបត្របំណុលដែលក្រុមហ៊ុនអចលនទ្រព្យ នៅក្នុងតំបន់អឺរ៉ុបដែលបានផ្តល់ដល់ធនាគារមានទំហំទឹកប្រាក់សរុបជាង៣៤ពាន់លានដុល្លារ។ នោះមានន័យថាឆ្នាំ ២០១៨ នេះ ជាឆ្នាំទី២ល្អបំផុត សម្រាប់កិច្ចព្រមព្រៀងបែបនេះ ពោលគឺចំនួនលើសពីឆ្នាំមុន ដោយមានកណត់ត្រា៦១,៤ ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងធំៗ បានរួមបញ្ចូលទំាងពាណិជ្ជកម្ម និងក្រុមអចលនទ្រព្យពា​ណិ​ជ្ជ​កម្ម Unibail-Rodamco និងក្រុមហ៊ុនអ្នកជំនាញផ្នែកលំនៅដ្ឋានរបស់អាល្លឺម៉ង់ Vonovia​។ក្រុមហ៊ុនទាំងពីរបានបោះទុនចូលទីផ្សារមូលបត្រ ដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុនផ្សារទំនើប Westfield និងក្រុមហ៊ុនអចលនទ្រព្យអូទ្រីស BUWOG។

ប៉ុន្តែវាគឺជាកិច្ចសន្យា ដែលត្រូវបានកំណត់ដោយក្រុមហ៊ុនអចលនទ្រព្យ នៅសប្តាហ៍នេះ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៨នេះ បានក្លាយជាឆ្នាំទីពីរដ៏ល្អបំផុតសម្រាប់ការចេញផ្សាយ។

កាលពីថ្ងៃចន្ទក្រុមហ៊ុនអចលនទ្រព្យស្វ៊ីស Investis បានលក់មូលបត្របំណុលថ្មីមួយដែលមានតម្លៃ៩៩,៩លានដុល្លារ ដើម្បីផ្តល់ប្រាក់កម្ចីដល់ធនាគារសម្រាប់ការទិញភាគហ៊ុនកាលពីលើកមុន។ អ្នកគ្រប់គ្រងទ្រព្យសម្បត្តិនៅប្រទេសស៊ុយអែត លោក Akademiska Hus បានប្រមូលលុយបានប្រមាណជា២៩,៦លានដុល្លារ ខណៈនៅក្នុងប្រទេសន័រវែស លោកOlav Thon Eiendomsselskap រក្សាលុយបានចំនួន២៤,៦ លាន​ដុល្លារ ។

ធនាគារ Deutsche Bank និង ធានាគារ JPMorgan គ្របដណ្តប់លើតារាងរបស់ក្រុមហ៊ុន Dealogic សម្រាប់ការចុះកិច្ចព្រមព្រៀងទិញអចលនទ្រព្យនៅអ៊ឺរ៉ុប។

ធនគារ Deutsche បានជាប់ចំណាត់ថ្នាក់នៅលើកំពូលតារាង ជាមួយនឹងតម្លៃទីផ្សារ៥០%ក្នុងនោះធនាគារ JPMorgan ឈរនៅលំដាប់លេខ២ ជាមួយនឹងតម្លៃទីផ្សារ ៤៤%។ ធនាគារទាំងពីរបានធ្វើការលើការចេញវិក័យបត្រឲ្យក្រុមហ៊ុន Unibail-Rodamco និង ក្រុមហ៊ុនVonovio ។ ធនគារ Deutsche ក៏បានផ្តល់នូវដំបូន្មានដល់ក្រុមហ៊ុន Unibail-Rodamco ជាមួយ M & A លើការទិញយកក្រុមហ៊ុន Westfieldរបស់ខ្លួនខណៈធនាគារកណ្តាលរបស់JPMorgan បានធ្វើការជាមួយVonovio លើកិច្ចព្រមព្រៀងដល់ក្រុមហ៊ុនBUWOG របស់ខ្លួន។

ធនាគារ Societe Generale, ធនាគារHSBC និងធនាគារ Goldman Sachs ក្នុងចំណោមធនាគារធំៗ ទាំងប្រាំដែលបានគ្រប់គ្រងសំណង់ អចលនទ្រព្យនៅអឺរ៉ុបរហូតពេលនេះ ខណៈដែលពិន្ទុទាបជាង៦ទៅ១០ ត្រូវបានផ្តល់ដល់អោយធានាគារ Crédit Agricole, ធានាគារ Barclays, ធនាគារ Bank of America Merrill Lynch, ធនាគារ BNP Paribas និងធនាគារ NatWest Markets។

ក្នុងអំឡុងពេលនៃដំណើរការកិច្ចព្រមព្រៀង ក្នុងកិច្ចសន្យាកាលពីឆ្នាំមុនក្នុងការបង្កើតធនាគារនាំមុខនោះ មើលទៅហាក់មានភាពខុសគ្នាខ្លាំង។ ធនាគារលំដាប់កំពូលទាំង៥ដែលបានជាប់លេងរៀងខ្ពស់កាលពីឆ្នាំមុន គឺធនាគារBNP Paribas, ក្រុមហ៊ុន Barclays, ក្រុមហ៊ុន JPMorgan, ក្រុមហ៊ុន NatWest និង ធនាគារ Deutsche៕