ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ កន្លងមកនេះ បានសម្រេចចេញស្តីពីការគ្រប់គ្រងបុរី ក្នុងគោលដៅកំណត់អំពីការរៀបចំ និងការគ្រប់គ្រងបុរី ព្រមទាំងគោលការណ៍ យន្តការនិងនីតិវិធីសម្រាប់ការចុះបញ្ជីដីឡូតិ៍ និងសំណង់ផ្សេងទៀត នៅក្នុងបរិវេណនៃបុរី។
យោងតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ដែលចុះហត្ថលេខ ដោយសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលផ្សព្វផ្សាយកន្លងមកនេះ បានគូសបញ្ជាក់ថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ញាតិខ្មែរប៉ុណ្ណោះ ទើបអាចមានសិទ្ធិកម្មសិទ្ធិលើដីឡូ៍ ដីឡូត៍លំនៅដ្ឋាន និងដីសំណង់ផ្សេងៗទៀត ដែលស្ថិតក្នុងបរិវេណនៃបុរី លើកលែងតែមានបទប្បញ្ញតិ្តច្បាប់ចែងផ្សេងពីនេះ។
អនុក្រឹត្យមាន៦ ជំពូក ដោយជំពូកទី ១ បានបរិយាយ ពីបទបញ្ញត្តិទូទៅ ជំពូកទី ២ បរិយាយពីការគ្រប់គ្រងបុរី ជំពូកទី ៣ បរិយាយពីសិទ្ធិនឹងកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍន៍បុរី និងរបស់កម្មសិទ្ធិករក្នុងបុរី ជំពូកទី ៤ បរិយាយពយន្តការ និងនីតិវិធីនៃការចុះបញ្ជីដីឡូត៍ ដីឡូត៍លំនៅដ្ឋាន និងអចលនវត្ថុផ្សេងទៀតនៅក្នុងបុរី ជំពូកទី ៥ បញ្ញត្តិដោយឡែក និង ជំពូកចុងក្រោយបរិយាយអវសាន្តបញ្ញត្តិ ។
អនុក្រឹត្យដែលមាន ៦ ជំពូក និង២៩ មានត្រា នេះ បន្តថា ក្បាលដីសម្រាប់សាងសង់បុរី ត្រូវតែជាក្បាលដីតែមួយដែលត្រូវបានចុះបញ្ជីរួចហើយនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី ឬសៀវភៅចុះបញ្ជីអលនវត្ថុ។
ក្នុងករណីដែលក្បាលដីសម្រាប់សាងសង់បុរីមានច្រើនក្បាលដី អ្នកអភិវឌ្ឍន៍បុរី ត្រូវធ្វើការបង្រួមក្បាលដីឪ្យទៅជាក្បាលដីតែមួយជាមុនសិន លើកលែងតែ ក្បាលដីសម្រាប់សាងសង់បុរី មានផ្លូវសាធារណៈ និង ផ្លូវទឹកដែលមានទទឹងយ៉ាងតិច ២ ម៉ែត្រឆ្លងកាត់៕
សូមអានអនុក្រឹត្យខាងក្រោម៖