អស្ចារ្យ! អាគារ Thai Bunrong Twin Tower នឹងត្រូវដំឡើងកំពស់ដល់ ៥៦៤ម៉ែត្រ

0
ប្លង់ចាស់ និងប្លង់ថ្មី

ដោយ គង់ សូរិយា

ភ្នំពេញ៖ អស្ចារ្យ! នៅទីបំផុតព័ត៌មាននៃការចាប់ផ្តើមសាងសង់អាគារ Thai Bunrong Twin Tower លំដាប់ពិភពលោកបានបង្ហាញជាក់លាក់ហើយ ដោយក្រុមវិស្វករ និងស្ថាត្យករនៃគំរោងនេះ បានសម្រេចចុងក្រោយថា “អាគារនេះនឹងត្រូវដំឡើងដល់កំពស់​ ៥៦៤ម៉ែត្រ”។

ជាប្លង់អាគារចាស់

លោកសាស្រ្តាចារ្យ ទួស សាភឿន ស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះបាន​មាន​ប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋអនឡាញកាលពីថ្ងៃច័ន្ទថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិង​ក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦៤ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូតដល់ជាង៣០០០លានដុល្លារអាមេរិក និងជាង​៣០០០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ធ្វើឲ្យអាគារនេះដំណើរការដោយរសរវើក។

នេះជាប្លង់ស្ថាបត្យកម្មអាគារនេះចុងក្រោយ

លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិន​មានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅ​លើពិភពលោក”។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាព​សាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះ ឡើយ”។

ក្រុមការងារកំពុងធ្វើការសិក្សាបញ្ចប់ប្លង់ស្ថាបត្យកម្មអាគារ

លោកទួស សាភឿនបានបន្តថា នាពេលនេះយើងកំពុងរៀបចំប្លង់បច្ចេក ទេស ដោយសារការងារនេះមិនអាចធ្វើរយៈពេលខ្លីបាននោះទេ ហើយក្រុមការ​ងារ​បច្ចេកទេសកំពុងដុតដៃដុតជើងធ្វើការងារនេះ និងពេលថ្មីៗក្រុមហ៊ុនបានអនុញ្ញា​ ត្តឲ្យក្រុមហ៊ុនមួយវាយជញ្ជាំងទប់ដី ដើម្បីកុំឲ្យបាក់ដីនៅក្នុងគំរោងនេះរាលដាលទៅដីអ្នកជិតខាងនៅពេលគំរោងនេះចាប់ផ្តើមសាងសង់។ ចំណែកការធ្វើតេស្តដីបានបញ្ចប់ហើយ។

លោកបន្តថា “យើងកំពុងប្រឹងប្រែងធ្វើឲ្យអាគារនេះ មានភាពភាពអស្ចារ្យ មិនមែនរាប់បញ្ចូលអង់តែននោះទេ គឺកំពស់ជាង៥០០ម៉ែត្រនេះ ជា​អាគារដែលអាចប្រើប្រាស់បានដល់ចំណុចកំពូល”។

ក្រុមការងារកំពុងធ្វើការសិក្សាបញ្ចប់ប្លង់ស្ថាបត្យកម្មអាគារនេះ

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីពេលវេលាជាក់លាក់នៃការ​ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការទេ ដោយបានថ្លែងថា ក្រុមហ៊ុនកំពុងជ្រើសរើសរកពេលវេលាសមស្របមួយ។

ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​នេះដែលមានទីតាំងនៅទល់មុខសណ្ឋា​គារ និងកាស៊ីណូណាហ្កាទី១ (អតីតសួនកម្សាន្តឌ្រីមលែនដ៏)។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបា​នថ្លែងថា ការសាងសង់អាគារដ៏ធំនេះ ជារឿងល្អមួយ ប៉ុន្តែបើគិតពីទំហំសេដ្ឋ​កិច្ច និងពាណិជ្ជកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ ទំហំមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ វាហាក់ធំពេក ប៉ុន្តែបើគិតពីការរីកចម្រើននៃសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មកម្ពុជា​សម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទំហំអាគារនេះមិនធំនោះទេ។

អ្នកនាងបន្តថា “វាជាមោទនភាពសម្រាប់កម្ពុជា បើសិនជាអាគារនេះសាង​សង់បានដោយជោគជ័យ”។

លោកងួន ឆាយលាងអគ្គនាយកក្រុមហ៊ុន Ratanaka Realty បានថ្លែងថា វាពិតជាល្អប្រសិនជាអាគារនេះត្រូវបានសាងសង់ ប៉ុន្តែប្រសិនជាមើលប្លង់ស្ថាបត្យ​កម្មរបស់អាគារ(រូបភាពអាគារចាស់) លោកមិនមើលឃើញមានអ្វីដែលហាក់អស្ចារ្យនោះទេ ហេតុនេះ​ក្រុមហ៊ុនគួរសិក្សា និងគូប្លង់ស្ថាបត្យកម្មអាគារនេះឲ្យមានភាពអស្ចារ្យ ដើម្បីបង្អួត និងបង្ហាញភាពទាក់ទាញទៅកាន់ពិភពលោក៕

ក្រុមហ៊ុន​យក្ស​របស់​ចិន ចាប់ផ្តើម​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នៅ​ខេត្ត​ព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ប្រទេស​ចិន Price Real Estate Group បាននិងកំពុង​ចាប់ផ្តើម​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ។

យោងតាម​ព៌​ត​មាន​ដែល​បង្ហាញ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​បាន ឲ្យ​ដឹងថា គំរោង​នេះ​មានឈ្មោះ​ព្រី​ន ខូ​លី​ណាន បេ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ខេត្ត​ព្រះសីហនុ ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប១៦ម៉ឺន​ម៉ែត្រការ៉េ។ គំរោង​នេះ ជា​បណ្តុំ​នូវ​មុខងារ​ជាច្រើន សម្រាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ស្តង់ដា​អន្តរជាតិ​នេះ រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ អាគារ​ស្នាក់នៅ​រួម(ខុន​ដូ) អាគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប អាហា​រដ្ឋា​ន និង​កន្លែង​សម្រាកលំហែរ​កាយ។

ជាមួយគ្នានេះ ក្រុមហ៊ុន​នេះ​នឹងដាក់​ឲ្យ​ដំណើរការ​សណ្ឋាគារ​ផ្កាយ៥មួយ ទៀត​ឈ្មោះ ព្រី​នស៍ ថា​ម ដែលមាន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ ក្នុងឆ្នាំនេះ​ផងដែរ។

តាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា សណ្ឋាគារ​នេះ​ស្ថិតនៅ​ក្បែរ​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​ជា​សណ្ឋាគារ​បំពាក់​នូវ​សេវា​គ្រប់គ្រង បែប​ខ្ពស់បំផុត​លំដាប់​អន្តរជាតិ​ផងដែរ។

ក្រុមហ៊ុន Prince Real Estate Group ជា​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មួយ​របស់​ប្រទេស​ចិន ដែល​បាននិងកំពុង​អភិវឌ្ឍន៍​គំរោង​ជាច្រើន នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ នៅ​ទីក្រុង​ភ្នំពេញ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​រួចហើយ​នូវ​ខុន​ដូ​ប្រណីត Diamond One នៅ​ទីក្រុង​កោះ​ពេជ្រ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន Prince Plaza ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម និង​គំរោង​ជាច្រើន​ទៀត​នៅ​ទីក្រុង​កោះ​ពេជ្រ៕

កូរ៉េខាងត្បូងចាប់ផ្តើមពង្រីកអំណាចសេដ្ឋកិច្ចមកកាន់តំបន់អាស៊ាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូងបាន និងកំពុងធ្វើដំណើរឆ្ពោះមកតំបន់ភាគខាងត្បូង ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងនិងពង្រីកឥទ្ឋិពល និងបង្កើនទំហំពាណិជ្ជកម្មជាមួយតំបន់អាស៊ាន។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាលោក Oh Nak Young បានថ្លែងក្នុងជំនួបជាមួយលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា នយោបាយបាយរបស់កូរ៉េ កំពុងឆ្ពោះមក កាន់ទិសខាងត្បូង ដែលសុទ្ធសឹងតែជាគោលនយោបាយ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងល្អ ជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ជាដើម ដែលត្រូវពង្រីកពីកម្រិតរដ្ឋមន្រ្តីការបរទេស ឲ្យទៅជាកម្រិតរដ្ឋាភិបាល។

អាស៊ានមានសមាជិកចំនួន១០ប្រទេស និងមានប្រជាពលរដ្ឋប្រមាណជាង៦៣០លាននាក់។ ចំណែកសាធារណៈរដ្ឋកូរ៉េខាងត្បូង មានប្រជាពលរដ្ឋប្រមាណជា៥១លាននាក់។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងផងដែរថា កូរ៉េបាន និងកំពុងចាប់ដៃគូពាណិជ្ជកម្ម និងបង្កើនការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម ព្រមទាំងបង្កើនទេសចរណ៍ ឲ្យកើនឡើងទ្វេរដងរវាងអាស៊ាន កូរ៉េ ចាប់ពីឆ្នាំនេះតទៅ ដើម្បីឈានទៅសម្រេចតាមផែនការពាណិជ្ជកម្មរបស់ខ្លួនក្នុងតំបន់ឲ្យកើននូវទឹកប្រាក់២០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២០ និងមានភ្ញៀវទេសចរណ៍កូរ៉េមកទស្សនានៅក្នុងតំបន់នេះ ឲ្យកើនដល់១០លាននាក់ក្នុងមួយឆ្នាំៗ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំនៅសាធារណៈកូរ៉េខាងត្បូងបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមរបស់លោកថា “ពេលបាយថ្ងៃត្រង់ជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ និងបណ្តាទូតអាស៊ានថ្ងៃនេះ កូរ៉េបានប្តេជ្ញានឹងបង្កើន ការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងកូរ៉េ និងអាស៊ានក្នុងឆ្នាំ២០២០នេះឲ្យដល់២០០ពាន់លានដុល្លា (បច្ចុប្បន្ន ១២០ពាន់លានដុល្លា) និងជម្រុញភ្ញៀវទេសចរណ៍កូរ៉េ មកអាស៊ានឲ្យបាន១០លាននាក់ក្នុងមួយឆ្នាំ (បច្ចុប្បន្ន ៧លាននាក់ ក្នុងមួយឆ្នាំ)។

លោកបន្តថា “នេះជាសក្តានុពលមួយបន្ថែមទៀត សម្រាប់តំបន់របស់យើង ដូច្នេះកម្ពុជាត្រូវខឹតខំប្រឹងប្រែងទៀត ដើម្បីស្រូបយកប្រយោជន៏ពីកិច្ចសហការតំបន់នេះឲ្យបានច្រើនជាអតិបរមា”៕

កូរ៉េ​កាន់តែ​បើកភ្លើងខៀវ​ដល់​កម្ពុជា

0

ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​សន្យា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា បេសកកម្ម​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពី​ឲ្យ​កាន់តែ​ល្អ និង​ដើម្បី​ជំរុញ​អ្នកវិនិយោគទុន​កូរ៉េ​អោយមក​វិនិយោគ​នៅ​កម្ពុជា​អោយ​កាន់តែ​ច្រើនឡើង។

ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ នា​វិមាន​រដ្ឋសភា លោក Oh Nak Young ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំ២០១៨ នេះ គឺ​រដ្ឋាភិបាល​កូ​រ៉​នឹង​ជំរុញអោយមាន​ទំនាក់ទំនង​រវាង​ប្រជាជន​កូ​ញ​រ៉េ និង​ប្រជាជន​កម្ពុជា​អោយ​កាន់​តែមាន​ទំណាក់ទំនង​ល្អ​នឹង​គ្នា រួមជាមួយ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​លើ​វិស័យ​វប្ប​ធ​ម៍ និង​សន្តិភាព​ផងដែរ។

ឯកអគ្គរដ្ឋទូត​ថ្មី​រូបនេះ បន្ថែមទៀតថា នយោបាយ​ឆ្ពោះទៅកាន់​ទិស​ខាងត្បូង របស់​កូរ៉េ​នោះ​គឺ​សុទ្ធសឹងតែ​ជា​គោលនយោបាយ​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមទាំង​កិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ជាដើម ដែល​ត្រូវ​ពង្រីក​ពី​កម្រិត​រដ្ឋមន្ត្រីការបរទេស​អោយទៅជា​កម្រិត​រដ្ឋាភិបាល។

លោក​អគ្គរដ្ឋទូត​បាន​មើលឃើញ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​និង​រីកចម្រើន​យ៉ាងខ្លាំង គឺ​ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរីកលូតលាស់​រប​ស់​កម្ពុជា គឺមាន​ការចូលរួមចំណែក​យ៉ាងច្រើន​ពី​ប្រទេស​កូរ៉េ។ ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី​ពេញចិត្ត​និង​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ការជួយ​សម្របសម្រួល​យ​ក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​កូរ៉េ​ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​បាន​នាំមក​នូវ​ប្រាក់ចំណូល​យ៉ាង​ច្រើស​ម្រា​ប់​អភិវឌ្ឍន៍​សង្គម​គ្រួសារ​នៅ​កម្ពុជា និង​បាន​អបអរសាទរ​និង​ស្វាគមន៍​ផងដែរ​ចំពោះ​ដំណើរការ​សាងសង់​អាគា​រ៤២ជាន់​ឡើងវិញ ដែល​បាន​ទុកចោល​អស់​រយៈពេល​ដ៏​យូរ​មកហើយ​នោះ។

ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី បាន​ស្នើសុំ​ប្រទេស​កូរ៉េ​ជួយ​កសាង​ស្ពាន​មិត្តភាព​កូរ៉េ-កម្ពុជា​នៅ​កម្ពុជា ព្រោះ​កន្លងមក​គឺមាន​ស្ពាន​មិត្តភាព​កម្ពុជា-ចិន, និង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ដែល​បាន​កសាង​រួចហើយ។ លោក​អគ្គរដ្ឋទូត Oh Nak Young បាន​បញ្ជាក់ថា ពេលនេះ​រដ្ឋាភិបាល​កូរ៉េ​កំពុង​យក​សំណើ ទៅ​សិក្សា​លើ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព ដែល​នឹងត្រូវ​សាងសង់​អោ​បានល្អ​បំផុត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើរ​អោយ​លោក​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​រូបនេះ​ជួយ​ផ្សព្វផ្សាយ​គៀងគរ និង​ជំរុញ​ទេសចរណ៍ និង​អ្នកវិនិយោគ​កូរ៉េ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​ប្រទេស​កម្ពុជា​អោយ​កាន់តែច្រើន៕

កម្ពុជានាំទំនិញទៅកាន់ទីផ្សារអាម៉េរិក ៣០៦៤លានដុល្លារកើនឡើង៩ភាគរយ

0

ដោយ វុត្ថា

ភ្នំពេញៈ អាមេរិកនៅតែជាទីផ្សារដ៏ធំរបស់កម្ពុជា ដោយទំហំនាំចេញរបស់​កម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់៣០៦៤លានដុល្លារ កើនឡើងជិត​៩ភាគរយកាលពីឆ្នាំមុន។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបានកាលពីថ្ងៃម្សិ​លម៉ិញបានបង្ហាញថា ប្រទេសកម្ពុជា​បាននាំ​ចេញ​មុខទំនិញ​នានាទៅលក់នៅសហរដ្ឋអាមេរិក បានកើនពី២.៨១៤លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០១៦ ដល់​ចំនួន៤០៦៤លានដុល្លារនៅឆ្នាំ២០១៧ កើនឡើង៨,៨៨ភាគរយ។

ទិន្នន័យដដែលបានបង្ហាញថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិក ភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រម​ទាំង​ប្រភេទ​ទំនិញ កាបូប​យួរសម្រាប់អ្នកដំណើរជាដើម។ ដោយឡែកការនាំចូលមុខ​ទំនិញ​នានា​របស់​កម្ពុជាពីសហរដ្ឋ​អាមេរិក​វិញ មានតម្លៃទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាម៉េរិក កើនឡើង១១ភាគរយ ពីទំហំទឹកប្រាក់​៣៦០លានដុល្លារអាម៉េរិក។

មុខទំនិញ​សំខាន់ៗដែលកម្ពុជា នាំចូលពី​សហរដ្ឋអាមេរិក​មាន ​ដូចជា​ គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។ សហរដ្ឋអាមេរិក ​គឺជា​ទីផ្សារ​ធំបំផុត​​លំដាប់ទី២​សម្រាប់កម្ពុជា ​បន្ទាប់​ពីទីផ្សារ​សហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិក​ បានស្រូប​យក​ក្នុងរង្វង់​ពី​២០​ ទៅ៣០​ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

កាលពីឆ្នាំ្ម​មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពាណិជ្ជកម្មពន្ធទាំងស្រុងដល់ប្រទេសកម្ពុជា សម្រាប់​ប្រភេទ​កាបូបយូរអ្នកដំណើរចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលនេះគឺជា​ផ្នែកមួយជំរុញ ឱ្យការនាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក មានសន្ទុះកើនឡើង។

យោងតាមស្មារតីនៃសេចក្តីប្រកាសរួម របស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សន្យាថា​ នឹងផ្តល់ឱ្យប្រទេសអភិ​វ ឌ្ឍន៍តិចតួច ក្នុងនោះរួមមានកម្ពុជាផងដែរ នូវការអនុគ្រោះ​ពន្ធនាំចូល​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ឱ្យបានយ៉ាងតិច៩៧ភាគរយ ក្នុងលក្ខខណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភពលោក។ប៉ុន្តែគិតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិក​បានផ្តល់​នូវការអនុគ្រោះ​ពន្ធដល់​កម្ពុជា​ត្រឹមតែ៨២,៦ភាគរយតែប៉ុណ្ណោះ។

រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ចេញ​គោល​នយោ​បា​យស្តីពី ការធ្វើពាណិជ្ជកម្មប្រកួតប្រជែង មានលក្ខណៈស្មើភាពគ្នា ខណៈ​សហរដ្ឋ​អាមេរិក​ មាន​ឱនភាព​​ពាណិជ្ជកម្ម​ជាមួយបណ្តាប្រទេសមួយចំនួន ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា ម៉ិកស៊ិក ឥណ្ឌូណេស៊ី​ ថៃឡង់ដ៏ និងវៀតណាម ដែលមានតម្លៃចាប់ពី១០ ដល់៣០ប៊ីលានដុល្លារអាម៉េរិក។

សហរដ្ឋអាមេរិក​នឹងធ្វើការចរចាឡើងវិញ នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយបណ្តា​ប្រទេស​ដៃគូរបស់​ខ្លួន​ទាំងនេះ។​

បើតាមការបញ្ជាក់​ពីមន្ត្រីជាន់ខ្ពស់អាមេរិក បាន​លើកឡើង​នាពេល​កន្លង​មកថា​ សហរដ្ឋអាមេ​រិក គ្មានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សា​ស្ថាន​ភាពទាក់​ទងពាណិជ្ជកម្ម​ដដែល​ ព្រោះទំហំពាណិជ្ជកម្មដែលកម្ពុជា បាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី២០០០ទៅ៣០០០លានដុល្លារអាមេ រិក​តែប៉ុណ្ណោះ៕

ASEAN TODAY ថា វិនិយោគិនចិនកំពុងចាប់ប្រមូលយកទីផ្សារអចលនទ្រព្យនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ ពេលបច្ចុប្បន្ននេះអ្នកទិញជនជាតិចិន កំពុងប្រមូលទិញអចនលទ្រព្យស្ទើតែទាំងអស់នៅទូទាំងប្រទេស ខណៈក្រុមហ៊ុនសំណង់ចិនកំពុងមមា​ញឹកសាងសង់ និងការអភិវឌ្ឍលំនៅដ្ឋានខ្ពស់ៗដើម្បីបំពេញតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព៌តមាន ASEAN TODAY។

គេហទំព័រ propertyarea.asia ដែលផ្តោតលើព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជាសូមបកប្រែក្រៅផ្លូវការនូវអ្វី ដែលសារព៌តមាន ASEAN TODAYបានសរសរ។ សារព៌តមាននេះបានលើកឡើងថា មានគម្រោ ងចិនជាច្រើន កំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ក្រុមហ៊ុន Prince Central Plaza បាននិងកំពុងសាងសង់បញ្ចប់ គម្រោងរបស់ខ្លួនដែលមានអគារកំពស់៣៧ជាន់ និងមានលំនៅដ្ឋានជាង១០០០ខ្នង។ គំរោងនេះនឹងបញ្ចប់នៅក្នុងខែឧសភា។

អគារ Prince Modern Plaza  អគារ Diamond 1 និងThe Bridge នឹងផ្តល់ឱកាសវិនិយោគស្រដៀងគ្នា។

ភ្នាក់ងារលក់អចនលទ្រព្យ Prince Central Plaza លោកស្រី Chen Jingjing បាននិយាយថា អ្នកទិញភាកច្រើន គឺជាជនជាតិចិនគឺមកពីទីក្រុងសៀងហៃ  ទីក្រុ​ងShenzhen  ទីក្រុង Fujian និងខេត្ត Zhejiang ។ ដូចគ្នានេះដែរ វិនិយោគនចិនកំពុងតែទិញអចលនទ្រព្យ នៅតាមបណ្តាទីក្រុងនានាក្នុងប្រទេសកម្ពុជា។ នៅខេត្តព្រះសីហនុ មានកាស៊ីណូខុនដូនិងសណ្ឋាគារចំនួន៦៥ភាគរយ ជារបស់ចិន។

ហេតុអ្វីចិនមានការផ្លាស់ប្តូរឥរិយាបទក្នុងការទិញ?

ខុនដូប្រណីតថ្មីៗជាច្រើនប្រមាណជា១២ភាគរយ មានគម្រោងវិនិយោគមកវិញប្រចាំឆ្នាំ ។ ការត្រឡប់មកវិញនេះ បានផ្តល់នូវផលចំណេញដ៏រឹងមាំមួយ។ប៉ុន្តែនេះមិនមែនជាហេតុផលចម្បង ដែលអ្នកវិនិយោគចិន ដែលមានទ្រព្យសម្បត្ដិដ៏ច្រើន កំពុងប្រគល់សាច់ប្រាក់របស់ពួកគេ មកលើការទិញអចលទ្រព្យនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកស្រី Chen Jingjing បានពណ៌នាអំពីរបៀប ដែលអ្នកទិញជនជាតិចិនជាងពាក់កណ្តាលបង់ប្រាក់ជាសាច់ប្រាក់។ នេះរួមជាមួយនឹងបទបញ្ញត្តិផ្សេងរបស់ធនាគារមានលក្ខណៈធូរស្រាល ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលល្អបំផុតសម្រាប់ការវិនិយោគ។

មូលហេតុមួយទៀតគឺថារដ្ឋាភិបាលចិន កំពុងវិនិយោគយ៉ាងខ្លាំងនៅកម្ពុជា។ គោលនយោបាយ One Belt One Road បាននាំមកនូវការវិនិយោគជាង៧ ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា។ ការស្ថាបនាផ្លូវហាយវ៉េថ្មី រវាងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញកំពុងដំណើរការរៀបចំ។

លោក Chen Li អ្នកគ្រប់គ្រងផ្នែកលក់នៅ Blue Bay development នៅក្រុងព្រះសីហនុមានជំនឿថា នេះជាមូលហេតុចំបង សម្រាប់ការកើនឡើងនៃការអភិវឌ្ឍលំនៅដ្ឋាននៅក្នុងតំបន់។

តើអ្វីនឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជា?

ការហូរចូលនៃអ្នកទិញជនជាតិចិន នឹងជំរុញកំណើនអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨នឹងកើនឡើង។ នៅឆ្នាំ ២០១៧ មានលំនៅដ្ឋានចុងក្រោយថ្មីចំនួន ៣៤៨៨បានដាក់លក់ក្នុងទីផ្សារ ក្នុងរាជធានីភ្នំពេញ។ តួលេខនេះអាចនឹងកើនឡើងខ្ពស់រហូតដល់១៥,៦៨៨យូនីតក្នុងឆ្នាំ២០១៨។

តម្លៃដីធ្លីបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្រុងព្រះសីហនុតម្លៃក្នុងមួយម៉ែត្រការ៉េ បានកើនឡើងចាប់ពី ៧០០ ដុល្លារទៅដល់១១០០ដុល្លារ​។អ្នកទិញមានឥទ្ធិពលចរចាកាន់តែច្រើន នៅពេលដែលតម្រូវការកើនឡើងខ្ពស់។

ដោយសារតម្លៃដីធ្លីកើនឡើង ប្រជាជនក្នុងតំបន់នេះប្រឈមបញ្ហានឹងទីផ្សារ។ មានសញ្ញានៃតម្លៃឡើងខ្ពស់បំផុត។

ស្លាកសញ្ញាដែលនៅពីមុខរដ្ឋសភា ជាកម្មសិទ្ធិរបស់ Prince’s Real Estate។ ភាសាទាំងពីរគឺភាសាចិន និងភាសាខ្មែរនេះ បានផ្តល់ព័ត៌មានលំអិតអំពីជម្រើ​សដល់មានហិរញ្ញវត្ថុ ក្នុងការទិញខុនដូដែលនៅទំនេ។ ប៉ុន្តែគោលដៅនៃការផ្សា​យពាណិជ្ជកម្ម ដែលចង់បានមិននិយាយភាសាខ្មែរទេ។ ពួកគេនិយាយភាសាចិនកុកងឺ។ នៅពេលពួកគេមើលរូបភាពខុនដូប្រណីត គេឃើញម៉ាស៊ីនបោកគក់ ដែលតាំងបង្ហាញ ដើម្បីផ្តល់កាដូដល់អតិថិជន។

ការឆ្លើយតបពីចេតនាអាក្រក់របស់លោកខាងលិច

កាសែតនេះក៏បានព្យាយាមទាញ និងបន្តុះបង្អាប់កម្ពុជា និងចិនថា អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាច្រើន ដោយសារកម្ពុជាងាយស្រួលក្នុងការលាងលុយខ្មៅ។

ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរីបានថ្លែងថា កម្ពុជាមានច្បាប់ បទបញ្ញត្តិគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការលាងលុយកខ្វក់ ហើយការលើកឡើងរបស់សារព៌តមាន និងលោកខាងលិច ជាការច្រណែ​ននឹងការរីកចម្រើននៃទំនាក់ទំនងកម្ពុជា ចិន។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកស្យង់ បូបានថ្លែងក្នុងសន្និសីទសារព៌ត​មានដ៏កម្រមួយនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងកម្ពុជា ចិនបានឈា​នដល់កម្រិតកំពូល ហើយរដ្ឋាភិបាលចិន មិនលើកទឹកចិត្តអ្នកវិនិយោគចិន មកលាងលុយកខ្វក់ និងមកបង្កើតកាស៊ីណូ ឬទីក្រុងចិននៅកម្ពុជាទេ ដោយសារភាពជាមិត្តភាពជាប្រពៃណី បានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរមានភាពយល់ យោគគ្នា និងមានទំនាក់ទំនងល្អប្រសើរជាប្រពៃណីយូរលង់ណាស់មកហើយ។

លោកបន្តថា “ការលើកឡើងពីអ្នកវិនិយោគចិន មកលាងលុយកខ្វក់នៅកម្ពុជា ជាការច្រ​ណែ​​​នពីពួកលោកខាងលិច ដែលឃើញទំនាក់ទំនងចិន និងកម្ពុជាល្អប្រសើរ និងការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរមានការរីកចម្រើនលឿន”៕

ប្រជាជនកម្ពុជាចំណាយប្រាក់ចន្លោះពី ៣០០ទៅ ៥០០លានដុល្លារដើរកម្សាន្តនៅក្រៅប្រទេស

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ប្រជាជនកម្ពុជាចំ ណាយប្រាក់ចន្លោះពី៣០០ ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងការធ្វើដំនើរកំសា​ន្តទៅកាន់បណ្តាប្រទេសនានា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងឲ្យដឹងកាលពីពេលថ្មី​ៗនេះថា ប្រជាជនកម្ពុជាបានចេញដើរកំសាន្តនៅក្រៅប្រទេសជាង១លាននាក់​កាលពីឆ្នាំមុន ហើយបើយើងគិតពីការចំណាយជាមធ្យម ក្នុងមនុស្សម្នាក់ចន្លោះពី​៣០០ទៅ៥០០ដុល្លារ មានន័យថាចំនួនប្រាក់ចំណាយមានទំហំដូចខាងលើនេះ។លោកបន្តថា ដោយសារជីវភាពប្រជាជនកើនឡើង ទើបពួកគេមានឳកាស​ដើរកំសាន្តនៅក្រៅប្រទេសកាន់តែច្រើន ព្រោះបើគ្មានលុយ ពួកគេមិនមានឳកា​សចេញដើរកំសាន្តនោះទេ។

លោកបន្តថា “ការចេញដើរកំសាន្តនៅក្រៅប្រទេសជារឿងធម្មតា ព្រោះប្រ​ជាជនប្រទេសដទៃ ក៏បានធ្វើដំនើរមកកាន់កម្ពុជាច្រើនផងដែរ”។លោកបន្តថា “វា​មិនមែនជាការចាក់បង្ហូរលុយ ឬសេដ្ឋកិច្ចទៅប្រទេសគេនោះទេ ប៉ុន្តែពួកគេក៏មានឳកាសចេញទៅសិក្សារៀនសូត្រ និងបង្កើតឪកាសធ្វើជំនួញផងដែរ”។

ប្រទេសដែលប្រជាជនចេញដើរកំសាន្តច្រើនជាងគេ រួមមានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី អារ៉ាប់រួម ជប៉ុ​ន និងទៅកាន់បណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុប។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោក ធួន ស៊ីណាន បានថ្លែងថា កំនើននៃការដើរចេញកំសាន្តនៅក្រៅប្រទេស ដោយសារមានកត្តាពីរ ទី១ ការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទី២ ដោយសារការរីកចម្រើននៃ​ប្រព័ន្ឋបច្ចេកវិទ្យា បណ្តាញសង្គមហ្វេសបុកជាដើម ព្រោះប្រជាជនតែងតែផ្សព្វ​ផ្សាយពីការដើរកំសាន្តរបស់ពួកគេ ដែលជានិន្នាការជម្រុញឲ្យមានការធ្វើតាមគ្នា ស្របពេលដែលកំនើនសេដ្ឋកិច្ចកើនឡើងនៅក្នុងប្រទេស។

លោកបន្តថា “ការដើរកំសាន្តនៅក្រៅប្រទេស មានផលចំណេញច្រើនណា​ស់ ព្រោះវាអាចឲ្យប្រជាជនរៀនសូត្រ ពីប្រទេសគេទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពួកគេអាចបង្កើតឳកាសធ្វើជំនួញ ដោយនាំចូលផលិតផល​នានាពីបរទេសមកកម្ពុជា នៅពេលពួកគេរកឃើញថា ទីផ្សារកម្ពុជាមិនទាន់មាន​ផលិត​ផលទាំងនោះ”។

ក្នុងចំណោមប្រជាជនកម្ពុជាសរុប ប្រជាជនប្រមាណ១០ភាគរយបានចេញ​ដើរកំសាន្តនៅក្រៅប្រទេស៕

ដំណឹងល្អ! សណ្ឋាគារ ១០០០បន្ទប់ទៀតក្នុងខេត្តព្រះសីហនុនឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ស្របពេលការព្រួយបារម្ភកង្វះបន្ទប់ស្នាក់នៅ អ្នកវិនិយោគជាតិនិងអន្តរជាតិកំពុងសាងសង់សណ្ឋាគារជាច្រើនទៀត នៅក្នុងខេត្តព្រះសីហនុដើម្បី​បំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នខេត្តព្រះសីហនុមាន​សណ្ឋាគារ និងផ្ទះសំណាក់ជិត១ម៉ឺនបន្ទប់ ប៉ុន្តែចំនួនបន្ទប់នេះតែងតែមិនអាច​បំ ពេញតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅកំឡុងពិធីបុណ្យផ្សេ​ងៗ និងចុងសប្តាហ៍ ដោយសារចិនបានជួលសណ្ឋាគារជាច្រើនធ្វើកាស៊ីណូ និង​កំនើនភ្ញៀវទេសចរណ៍អន្តរជាតិនានា។

លោកបន្តថា ឆ្លើយតបនឹងបញ្ហានេះ អ្នកវិនិយោគនានាបាននិងកំពុងវិនិយោគ​សណ្ឋាគារចាប់ពីកម្រិតផ្កាយពីរ ដល់ផ្កាយ៥ជិត២០ទីតាំង ហើយយើងរំពឹងថា សណ្ឋាគារប្រមាណ១០ មានបន្ទប់ចំនួនប្រហែល១០០០នឹងបញ្ចប់ហើយដាក់ឲ្យ​ដំណើរការនៅឆ្នាំនេះ។ លោកបន្តថា ក្រៅពីសណ្ឋាគារថ្មីៗទាំងនេះ សណ្ឋា​គារលំដាប់ផ្កាយ៥ជា​ច្រើនទៀត ក៏អាចនឹងបញ្ចប់នៅឆ្នាំនេះឬឆ្នាំ២០១៩ខាងមុខ ដោយសណ្ឋាគារនិ​មួយៗ មានបន្ទប់រហូតដល់៥០០ទៅ៦០០បន្ទប់។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងអំពាវ​នា​វម្តងហើយម្តងទៀតឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាវិនិយោគសណ្ឋា គារបន្ថែមនៅខេត្តព្រះសីហនុ និងបណ្តាខេត្តនៅតាមតំបន់ឆ្នេរនានា ដើម្បីបំពេ​ញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានកើនឡើងជាប់ជា​ប្រចាំនៅតាមបណ្តាខេត្តក្នុងតំបន់ឆ្នេរ។

ខេត្តជាប់តំបន់ឆ្នេរកម្ពុជាត្រូវបានក្រុមហ៊ុន ប្រតិបត្តិករទេសចរណ៍នានាហៅថា​តំបន់K4​ ដែលពាក្យK4 សំដៅដល់ខេត្តទាំងនោះផ្តើមចេញពីអក្សរ K នៅពី​មុខដូចជា Kampongsom, Kampot, Kep, និងពាក្យ Koh Kong៕

វិភាគ៖ ការសាងសង់អាគារកំពស់ ៦០០ម៉ែត្រនឹងជាមោទនភាពរបស់កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញជាមួយនឹងការដើរចេញពីប្រទេសក្រីក្រ មកកាន់ប្រទេសមានប្រាក់​ចំណូមមធ្យមកម្រិតទាប និងឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិ​តខ្ពស់នាឆ្នាំ២០៣០ កម្ពុជាក៏បាននិងកំពុងបង្ហាញកិត្យានុភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ អាគារកប់ពពកលំដាប់ពិភពលោក ដើម្បីបង្ហាញកិត្យា​នុភាពនៃដែនដីដែលធ្លាប់ធ្លាក់ក្នុងឳនភាពនេះ មកជាប្រទេសថ្មីមួយដែលមានភាព ស៊ីវិល័យ និងអរិ​យធ៌ម។

គម្រោងមហិមា

Royal Group និងក្រុមហ៊ុន Thai Bunrong កំពុងបង្ហាញមហិច្ឆតាប្រែក្លាយជាក្រុមហ៊ុនយក្សនៅកម្ពុជា ដោយកាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីបានបង្ហើបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានស្នើសុំការសាងសង់ អាគារពាណិ​ជ្ជកម្មកំពស់៦០០ម៉ែត្រ នៅទីតាំងសណ្ឋា​គារកាំបូឌីយ៉ាណាសព្វថ្ងៃនេះ ជាដំណឹ​ងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈអាគារពា​ណិ​ជ្ជកម្មភ្លោះ Thai Bunrong Twin Tower កំពស់៥៦០ម៉ែត្រ ដែលគ្រោងសាងសង់នៅក្បែរនោះហាក់ស្ងៀមស្ងាត់ មិនទាន់មានព៌តមានអ្វីនៅឡើយ ទាក់ទងនឹងពេលវេលាសាងសង់ជាក់លាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ​ថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ាគិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​កាំបូឌីយ៉ាណា ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​សាងសង់​ អគារ​មួយ​ដែល​មាន​កម្ពស់​៦០០​ម៉ែត្រ​។

លោក​ថ្លែង​បន្តថា «​ ​វា​គ្រាន់​តែ​ជា​ផែនការ​ប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បាន​ស្នើសុំ​រដ្ឋាភិបាល​នូវ​សិទ្ធិ​សម្រាប់​គម្រោង​នេះ​»​។ លោក​បន្ត​ថា​ តាមគំរោង​ក្រុមហ៊ុន Royal Group គ្រោងវាយកម្ទេស​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ហើយ​ក្រុមហ៊ុន​នេះ​នឹង​សាងសង់​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​​នៅ​ទី​នោះ​»​។

ពេលវេលានឹងបង្ហាញ

ជាមួយគ្នានេះដែរ ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែល​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន​ក៏​បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការ​សាងសង់​អគារ​មួយ​ដែល​ មាន​កម្ពស់​៥៦០​ម៉ែត្រ​នៅ​ទីតាំង​ជិត​នោះ​ផង​ដែរ។

លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករ ដែលចូលរួមរចនាប្លង់ស្ថាប​ ត្យកម្មអាគារពាណិជ្ជកម្ម THai Bunrong Twin Tower ធ្លាប់បានថ្លែងឲ្យដឹងកាលពី ពេលថ្មីៗនេះថា ការសាងសង់អាគារពាណិជ្ជកម្មលំដាប់ពិភពលោកនេះ នឹងមិន​មានការផ្លាស់ប្តូរនោះទេ ដោយសារបច្ចុប្បន្ននេះក្រុមហ៊ុនមានមូលដ្ឋានលុយរ៉ឹង​មាំ និងបានត្រៀមទុនរួចហើយ ដើម្បីសាងសង់អាគារនេះឲ្យទទួលបានជោគ​ជ័យតាមការគ្រោងទុក។

លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំ ឌីសាញប្លង់អាគារនេះឡើងវិញ ដោយមានការចូលរួមពីស្ថាបត្យករ វិស្វករលំដាប់ពិភពលោក ដែលមានបទពិសោធន៍សាងសង់អាគារខ្ពស់ៗចូលរួម រចនាគំរោងនេះ”។លោកបន្តថា “នៅពេ​លអាគារនេះសាងសង់ហើយ វានឹងជា Landmark មួយសម្រាប់រាជធានីភ្នំពេញ ហើយនឹងធ្វើឲ្យកម្ពុជា កាន់តែទាក់ទាញបាននូវអ្នកវិនិយោគអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក មកតាំងការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញកាន់តែច្រើនថែមទៀត”។

តាមគម្រោងអាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Towerគ្រោងនឹងប្រើប្រាស់ចម្រុះដូចជា ផ្សារទំនើបលំដាប់អន្តរជាតិ សណ្ឋាគារ​កម្រិតផ្កាយ៦ អាផាតម៉ិនសម្រាប់អភិជន ខុនដូប្រណីត ភោជនីយដ្ឋាន ការិយាល័​យលំដាប់ពិភពលោកជាដើម។នេះបើតាមលោកទួស សាភឿនបញ្ជាក់ឲ្យដឹង។

លោកបន្តថា ក្រោយពេលសាងសង់ចប់ ក្រុមហ៊ុនគ្រោងចំណាយទុន​៣០០០លានដុល្លារថែមទៀត ដើម្បីធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្មនេះដំណើរកា​រដោយរសរវើក និងទទួលបានជោគជ័យ។

មហិច្ឆតាយក្ស

ជាមួយគ្នានេះដែរ កម្ពុជាក៏គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់​៦០០ម៉ែត្រ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញផងដែរ ដោយគំរោងនេះស្ថិតនៅក្នុងទីក្រុងនាគរាជសម្តេចតេជោហ៊ុន សែន ដែលស្ថិតនៅស្របតាមបណ្តោយ​ផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៥ ស្របគ្នានឹងដងទន្លេមេគង្គនិងទន្លេសាប។

គំរោងទីក្រុងនេះគ្រោងចំណាយប្រាក់៨០ពាន់លានដុល្លារអាមេរិក ប៉ុន្តែគំ​រោងនេះស្ថិតនៅក្នុងផែនការនៅឡើយ ដោយសាររដ្ឋាភិបាលកំពុងរង់ចាំដៃគូវិនិយោគអន្តរជាតិនានា ពិសេសប្រទេសចិន។

លោកភឿង សុភ័ណ្ឌរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ធ្លាប់បានថ្លែងថា គំរោងនេះលោកបានដាក់ឆ្លងសម្តេចតេជោរួចហើយៗ សម្តេចតេជោបានស្នើសុំឲ្យមានការសិក្សាលំអិតបន្ថែមទៀត មុនពេលគំរោងនេះ​ទទួលបានការយល់ព្រមពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។លោក​បន្តថា ទីក្រុងនាគរាជសម្តេចតេជោ ស្ថិតនៅលើផ្ទៃដីជាង៣០០០០ហិកតា ជាទីក្រុងមួយដែលសាងសង់ឡើង ដើម្បីដឹងគុណដល់សម្តេចដែលហ៊ានពលីជីវិត ដើម្បីនាំមកនូវសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិ។

លោកបន្តថា “កម្ពុជាខកខានសាងសង់ទីក្រុង៥៨០ឆ្នាំមកហើយ ហេតុនេះកម្ពុជាគួរតែសាងសង់ទីក្រុងថ្មី ដោយសារទីក្រុងភ្នំពេញជាទីក្រុងចាស់ និងមាន​មនុស្សរស់នៅកកកុញរួចទៅហើយ”។លោកបន្តថា“ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ​មានទាំងផ្លូវក្រោមដី ផ្លួវទឹក ផ្លូវគោក និងផ្លូវអាកាសដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរាប់រយឆ្នាំ”។

រដ្ឋលេខាធិការរូបនេះបានស្នើសុំរដ្ឋាភិបាលចិន និងអ្នកវិនិយោគចិនគាំទ្រគំរោងនេះ ព្រោះសម្តេចតេជោតែងតែគាំទ្រចិននៅលើឆាកអន្តរជាតិ និងប្រកាន់​យកគោលនយោបាយចិនតែមួយ ជាអ្វីដែលសម្តេចបានខិតខំពូនជ្រុំនូវទំនាក់ទំ​នង និងផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។

មូលដ្ឋានសេដ្ឋកិច្ចរ៉ឹងមាំ

ជាមួយនឹងផែនការ និងគោលនយោបាយច្បាស់លាស់ កម្ពុជាបានក្លាយជា​ដែនដីនៃការវិនិយោគ ដោយសារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋពីមួយ​ឆ្នាំទៅមួយឆ្នាំ តាមរយៈកំនើនសេដ្ឋកិច្ចជាង៧ភាគរយប្រចាំឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដែលធ្វើឲ្យធនាគារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋិនាមកម្ពុជា “ជាខ្លាសេដ្ឋកិច្ច”ថ្មីមូយនៅក្នុងតំបន់នេះកាលពីឆ្នាំមុន។ ស្របពេលជាមួយគ្នានេះកម្ពុជាកំពុងប្រែក្លាយពី​ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ សំដៅប្រទេសដែល​ប្រជាជនម្នាក់ៗ មានប្រាក់ចំណូលចាប់ពីជាង៤,៨០០ ដល់១២,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ការកើនឡើងនូវប្រាក់ចំណូលជារៀងរាល់ឆ្នាំ និងកំណើនសេដ្ឋកិច្ច ពិសេ

សការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នឹងធ្វើឲ្យកម្ពុជាកាន់​តែរំលេចខ្លួន និងក្លាយជាប្រទេសដែលមានភាពទាក់ទាញ អ្នកវិនិយោគអន្តរជាតិបន្ថែមទៀត តាមរយៈកំនើននៃកំលាំងទិញកើនឡើង ដែលធ្វើឲ្យសកម្មភាពពាណិជ្ជកម្មកាន់តែរសរវើក។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីលោកអ៊ិន ចាន់នីបាន​ថ្លែងថា ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម នឹងធ្វើឲ្យកម្ពុជាកាន់តែទាក់ទាញអ្នកវិនិយោគអន្តរជាតិថ្មីៗបន្ថែមទៀត ព្រោះកំលាំងទិញមានការកើនឡើង ហើយអ្នកវិនិយោគមុនទៅកាន់ប្រទេសណាមួយ ពួកគេតែងតែមើលពីសក្តានុព​លសេដ្ឋកិច្ច ស្ថិរភាពនយោបាយរបស់ប្រទេសនោះ។

លោកបន្តថា “បើប្រទេសណាមួយក្រីក្រ ពួកគេមិនអាចរកប្រាក់ចំណេញបាន ពួកគេនឹងសម្លឹងទៅកាន់​ប្រទេសមានប្រាក់ចំណូលកើនឡើង ព្រោះពួកគេ​អាចលក់ទំនិញដាច់ ហើយការវិនិយោគរបស់ពួកគេទទួលបានផលចំណេញ”។​លោកបន្តថា “ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម ធ្វើឲ្យកម្ពុជាឈរនៅទីតាំងថ្មីមួយ ដែលអ្នកវិនិយោគចាប់អារម្មណ៍ និងមកបោះទុនវិនិយោគ”។

ហេតុនេះការសាងសង់អាគារខ្ពស់ៗ នៅក្នុងស្ថានភាពទីផ្សារនិងសេដ្ឋកិច្ច​ល្អប្រសើរបែបនេះ ទំហំសេដ្ឋកិច្ចកម្ពុជានៅតូចបែបនេះ តើការសាងសង់អាគារទាំងនោះ អាចលើសតម្រូវការដែរឬទេ? ចម្លើយវាអាស្រ័យ​លើអ្នកឈរនៅលើមូលដ្ឋានអ្វី? ក្នុងការវិភាគពិចារណា ប៉ុន្តែយើងសូមលើកយកមូលដ្ឋានសម្រាប់ពិ​ចារណាលើពីរចំណុច។

ទី១ រង់ចាំពេលមានតម្រូវការ

ប្រសិនជារង់ចាំពេលមានតម្រូវការទើបសាងសង់ ពេលអ្នកវិនិយោគចូល​មកពួកគេមិនមានសេវាកម្ម និងសេវាស្នាក់នៅ ប៉ុន្តែកម្ពុជាមិនមានអ្វីដើម្បីឆ្លើយ​តបនឹងតម្រូវការរបស់ពួកគេ តើពួកគេនឹងរង់ចាំឬពួកគេបង្វែរទៅកាន់ទីផ្សារដទៃទៀត ដែលប្រទេសបណ្តាប្រទេសនានាកំពុងព្យាយាមទាក់ទាញយក?។

នៅក្នុងវដ្តនៃវិស័យអចលនទ្រព្យ វាមានសណ្ឋានដូចទឹករលក មានឡើង​ចុះជារឿងធម្មតា ប៉ុន្តែបើផ្អែកលើកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើន​សេដ្ឋកិច្ចរយៈពេលវែងនៅកម្ពុជា ការវិនិយោគលើអាគារកំពស់រាប់រយម៉ែត្របែប​នេះ ទំនងជាគ្មានបញ្ហាក្នុងទីផ្សារនោះទេ។

ទី២ ផ្គត់ផ្គង់រង់ចាំតម្រូវការ

នៅក្នុងទស្សនវិស័យ ប្រកបដោយសុទិដ្ឋិនិយមរបស់បុគ្គលជោគជ័យ ក្នុងវិស័យអចលនទ្រព្យ និងជំនួនដទៃទៀត ពួកគេតែងតែលើកឡើងថា “នៅពេល​មានការផ្គត់ផ្គង់តម្រូវការនឹងកើតមានជាស្វ័យប្រវត្តិ”។

ពិតហើយនៅពេលកម្ពុជា មានវត្តមានអាគារខ្ពស់ៗកំពស់៥០០ទៅ៦០០ម៉ែត្រ ពិភពលោកនឹងភ្ញាក់ផ្អើល។ អ្នកវិនិយោគនានានឹងសម្លឹងមកកម្ពុជា ហើយ​នឹងឈានជើងមកកាន់ទីផ្សារនេះកាន់តែច្រើន ខណៈបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនយក្សប្រមាណ១០០ហើយ ក្នុងចំណោមក្រុមហ៊ុនយក្សទាំង៥០០ដែលបាន​មកវិនិយោគនៅកម្ពុជា។

អ្វីៗរង់ចាំតែពេលវេលាប៉ុណ្ណោះថា តើពេលណាអាគារទាំងពីរ ទាំងបីនឹង​សាងសង់ និងបញ្ចប់ដោយជោគជ័យយ៉ាងដូចម្តេច?។ ការបញ្ចប់ការសាងសង់ដោយជោគជ័យ កម្ពុជានឹងក្លាយជាដែកឆក់ដ៏ខ្លាំងមួយ ដើម្បីបង្ហាញពីអំណាចនៃ​សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្ហាញនិងបង្អួតពិភពលោកថា កម្ពុជាពិតជាខ្លាសេដ្ឋកិច្ច​ដ៏រ៉ឹងមាំមួយ កម្ពុជាមិនស្ថិតក្នុងអន្ឋកាលដូចពីមុននោះទេ។

ពិភពលោកនឹងមើលមកកម្ពុជា ក្នុងរូបភាពជាប្រទេសមួយថ្មី ដែលមានភាពស៊ីវិល័យ និងអនាគតរ៉ុងរឿងមួយ៕

ដំណឹងល្អ! ERA ក្រុមហ៊ុនយក្សនៅតំបន់អាស៊ាន ឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញក្រុមអ្នកវិនិយោគក្នុងស្រុកមួយចំនួន បានរួមគ្នាទិញយកនូវ Master Franchise នៃក្រុមហ៊ុនអចលនទ្រព្យ ERA មកកាន់ទីផ្សារកម្ពុជា ដែលការចុះកិច្ច ព្រមព្រៀងបានធ្វើនៅប្រទេសសឹង្ហបុរីកាលពីសប្តាហ៍មុន។

ក្រុមហ៊ុននេះត្រូវបានបង្កើតនៅឆ្នាំ១៩៧១​ ដោយលោក Jim Jackson ហើ​យក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានពង្រីកខ្លួន ស្ទើរទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសធំៗដទៃទៀតនៅលើពិភពលោក។

ភាគហ៊ុននិកនៃក្រុមអ្នកវិនិយោគកម្ពុជា បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេ​ញឈ្មោះថា ក្រុមហ៊ុននេះកំពុងត្រូវការបុគ្គលិក ធ្វើការក្រៅម៉ោងចន្លោះពី២០០ទៅ៣០០នាក់។ ក្រុមហ៊ុននេះមានមានបុគ្គលិក ឬភ្នាក់ងាររបស់ខ្លូនចំនួន​៦៥០០នាក់នៅសឹង្ហបុរី នៅឥណ្ឌនេស៊ីចំនួន៧០០០នាក់ ជប៉ុនមានជាង២០០០​នាក់ វៀតណាមមានចំនួនជាង៣០០នាក់ នៅប្រទេសថៃមានជាង២០០០នាក់ និងមានការិយាល័យសរុបចំនួន៤៨នៅតំបន់អាស៊ី។

នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាតិ អន្តរជាតិជាង២០០​ក្រុមហ៊ុន ដែលបាននិងកំពុងធ្វើការក្នុងវិស័យ ដែលកំពុងមានភាពរីកចម្រើនយ៉ាង​ឆាប់រហ័សនេះ៕