ចំណុចត្រូវដឹងៈ តើអ្នកត្រូវដឹងអ្វីខ្លះដើម្បីធ្វើការទិញលក់ដីធ្លីទទួលបានជោគជ័យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការទិញលក់អចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ និងអាចលក់ដាច់បានឆាប់រហ័ស មិនមែនជារឿងងាយស្រួលនោះឡើយ ប្រសិនជាអ្នកគ្មានចំណេះដឹងនិងជំនាញច្បាស់លាស់។

តើអ្នកត្រូវដឹងពីអ្វីខ្លះ ដើម្បីលក់ដីឆាប់ដាច់ និងចាប់បានអ្នកទិញឬអ្នកលក់មានប្រសិទ្ឋិភាព និងទទួលបានជោគជ័យ? លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យAMATAK Property Serviceបានថ្លែងឲ្យដឹងថា មុនលក់ដី ឬរកដីសម្រាប់អតិថិជន យើងត្រូវសិក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា ទី១ត្រូវសិក្សាពីចំណង់ចំណូល​ចិត្តរបស់ភ្ញៀវ ថាតើភ្ញៀវត្រូវការដីបែបណា? ទី២ ត្រូវសិក្សាពីមូលធនរបស់ភ្ញៀវថាមានទឹកប្រាក់ប៉ុន្មានពិតប្រាកដ ទី៣ តើភ្ញៀវត្រូវការដីប្រភេទណា ជាដីសាងសង់លំនៅដ្ឋាន ដីសម្រាប់សាងសង់ខុនដូ ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម? ទី៤ ត្រូវរកភាពជាអ្នកតំណាងឬធ្វើជាតំណាងអ្នកទិញឬលក់ផ្តាច់មុខជូនអតិថិជន ឬអ្នកទិញ។

លោកស្រីបន្តថា “បើសិនជាយើងអាចធ្វើជាតំណាងផ្តាច់មុខ របស់ម្ចាស់ដីបានជារឿងល្អ ដើម្បីងាយស្រួលរកអតិថិជន និងដឹងថាដីនោះដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ តម្លៃទីផ្សារជាក់ស្តែង ឬតម្លៃខ្ពស់ជាងទីផ្សារ”។

លោកស្រីតាំង ហួរបានបន្ថែមថា តាមធម្មតាអ្នកទិញតែងតែចង់បានអចលនទ្រព្យ ឬទំនិញមានតម្លៃទាបជាងទីផ្សារ ប៉ុន្តែភ្ញៀវខ្លះមិនសូវខ្វល់រឿងតម្លៃទេ សំខាន់យើងអាច​រកអចលនទ្រព្យដែលគេចង់បាន”។លោកស្រីបន្តថា ទោះជាយ៉ាងណាយើងក៏ត្រូវមានជំនាញក្នុងការនិយាយអន្ទងចិត្តម្ចាស់អចលនទ្រព្យ ឬអ្នកទិញផងដែរ ប៉ុន្តែការនិយាយច្រើនពេក ញឹកញាប់ពេក ក៏ធ្វើឲ្យអតិថិជនរបស់យើងធុញទ្រាន់ ធ្វើឲ្យការទិញលក់របស់​យើងបរាជ័យផងដែរ”។

លោកស្រីបន្តថា ពេលខ្លះយើងធ្វើជាអ្នកលក់ ឬភ្នាក់ងារអចលនវត្ថុ ត្រូវមានចិត្តធ្ងន់ និងអត់ធ្មត់ដូចព្រះអញ្ចឹង ហើយធ្វើសំខាន់ដើម្បីធ្វើការងារឲ្យបានជោគជ័យ យើងក៏ត្រូវមានការរៀបចំឯកសារលិខិតស្នាមជាច្រើន ដើម្បីចងចិត្តម្ចាស់ដីឬម្ចាស់អចលនទ្រព្យ​នានាជាមុន ដើម្បីកុំឲ្យពួកគេផ្លាស់ប្តូរចិត្តត្រលប់ជាមិនលក់វិញ ឬមិនព្រមបង់កម្រៃកុំមីស្យុង ដែលបានព្រមព្រៀងគ្នាមុនពេលទិញលក់ជាក់ស្តែង។

លោកស្រីតាំង ហួរបានបន្តថា ម្ចាស់អចលនទ្រព្យមួយចំនួនតូចងាយប្រែក្រឡាស់ណាស់ ក្នុងការផ្តល់កម្រៃជើងសារដល់យើង នៅពេល​លក់អចលនទ្រព្យរបស់ពួកគាត់បានរួចរាល់ ឬមិនបានតាមតម្លៃ ដែលពួកគេទាមទារពីដំបូងទី៕

តើការឈប់សម្រាកច្រើនខាតឬចំណេញសម្រាប់សេដ្ឋកិច្ច?

0

ដោយដែន ចែងចាំង

ភ្នំពេញ ស្របពេលកម្ពុជាកំពុងឈប់សម្រាករយៈពេលបីថ្ងៃ នៃពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែររយៈពេលបីថ្ងៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានអះអាងថា ការមានបុណ្យឈប់សម្រាកច្រើននៅកម្ពុជា មិនប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចកម្ពុជានោះទេ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ឧសភានេះថា ការដែល​មានថ្ងៃឈប់សម្រាកច្រើន ធ្វើឲ្យមានការចរាចរសាច់ប្រាក់ច្រើន នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ និងធ្វើឲ្យយើងចំណេញច្រើន បើសិនជាគិតក្នុងលក្ខខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច។លោកបន្តថា បើរោងចក្រ សហគ្រាសណានៅបន្តធ្វើការងារ គឺបុគ្គលិកត្រូវធ្វើការដោយស្ម័គ្រចិត្ត និងមានប្រាក់លើកទឹកចិត្ត ប៉ុន្តែស្ថាប័ននាំចេញនាំចូលនៅតែធ្វើការងារ ដូច្នេះវាមិនប៉ះពាល់​ដល់សកម្មភាពនាំចេញនាំចូលរបស់យើងទេ។

លោកឧកញ៉ាបានបន្តថា “បើមើលតែមួយផ្នែក គឺការឈប់សម្រាកច្រើនពិតជាខាត ប៉ុន្តែបើមើលព្រៃទាំងមូល មិនខាតនោះទេ ព្រោះការឈប់សម្រាកច្រើនធ្វើឲ្យលំហូរសាច់ប្រាក់ចាក់ចូលគ្រប់ផ្នែកនៃសេដ្ឋកិច្ចរបស់យើង”។  

ប្រធានាយកប្រតិបត្តិធនាគារអេស៊ីលីដា ភី អ៊ិល ស៊ី លោកអ៊ិន ចាន់នីបានថ្លែងឲ្យដឹងផងដែរថា ការឈប់សម្រាកច្រើននៅកម្ពុជា មិនមានអ្វីខាតបង់នោះទេ ប៉ុន្តែវាផ្តល់ផលចំណេញទៅវិញទេ ដោយសារវាធ្វើឲ្យធនធានមនុស្សរបស់យើង កាន់តែមានថាមពល សុខភាពល្អ និងធ្វើឲ្យការងារមានប្រសិទ្ឋិភាព ពេលពួកគេត្រលប់មកធ្វើការវិញ។លោកបន្តថា ការឈប់សម្រាកច្រើនឆ្លុះបញ្ចាំងពីកត្តា​សុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាផងដែរ។

លោកបន្តថា “ការឈប់សម្រាកការងារ មិនមែនឈប់ទាំងអស់គ្នាទេ ព្រោះផ្នែកខ្លះ​ដូចជាភោជនីយដ្ឋាន សណ្ឋាគារមិនបានឈប់ទេ តែបង្កើនឳកាសការងារ ដើម្បីផ្តល់សេវាកម្មដល់ភ្ញៀវទេសចរណ៍”។លោកបន្តថា “តាមន័យទេសចរណ៍គេចង់បង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានឈប់សម្រាក ដើរកំសាន្តច្រើន និងចំណាយច្រើន ដែលនេះបង្កឲ្យមាន​ចលនាសេដ្ឋកិច្ចកាន់តែរសរវើក”។

ជាមួយគ្នានេះដែរ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការឈប់សម្រាកច្រើនមានចំណេញ និងខាត ប៉ុន្តែបើនិយាយពីផ្នែកទេសចរណ៍គឺចំណេញ ព្រោះប្រជាជនចេញដើរកំសាន្តច្រើន និងចំណាយប្រាក់ច្រើនមាពេលវេលាចាយលុយច្រើន តែផ្ទុយទៅវិញសម្រាប់សហគ្រាស ផលិតកម្មនានាការឈប់សម្រាកច្រើនធ្វើឲ្យពួកគេខាតបង់លិតភាព។

លោកស្រីបន្តថា ហេតុនេះរោងចក្រ សហគ្រាសឬក្រុមហ៊ុនមួយចំនួន មិនគួរលើកថ្ងៃធ្វើការបន្ថែមទៀតនោះទេ ព្រោះយើងមានថ្ងៃឈប់សម្រាកច្រើនរួចទៅហើយ

លោកស្រីបន្តថា “មានអ្នកវិនិយោគបរទេសមួយចំនួន ពួកគេបានរអ៊ូរទាំពីកម្ពុជាថាជាប្រទេសមានថ្ងៃឈប់សម្រាកច្រើនពេក”៕

ស្វែងយល់ពីចិនៈការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនកើនឡើង១០,៣ភាគរយ

0

ដោយវុត្ថា

យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិនបានកើនឡើង១០,ាគរយក្នុងរយៈពេល៤ ខែដំបូងនៃឆ្នាំ២០១៨ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការលក់អចលនទ្រព្យបានធ្លាក់ចុះ ក្រោយមានវិធានការក្នុងការទប់ស្តាត់ឡើងថ្លៃរបស់រដ្ឋាភិបាល។

ទិន្នន័យពីការិយាល័យជាតិស្ថិតិរបស់ប្រទេសចិន(NBS)បានឱ្យដឹងថា ការលក់អចលនទ្រព្យ ដោយគិតជាផ្ទៃក្រឡាបានកើនឡើង,៣ ភាគរយ នៅក្នុងខែមករា មេសាធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនធ្លាក់ចុះពី ៣,ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។របាយការណ៍ដដែលបានបង្ហាញថា ការចាប់ផ្ដើមសាងសង់អគារថ្មី បានកើនឡើង,ភាគរយ នៅក្នុងអំឡុងពេលនេះ ធៀបទៅនឹងក្នុងខែមករាមីនា បានកើន,៧ ភាគរយផងដែរ

វិស័យអចលនទ្រព្យ គឺជាកត្តាជំរុញដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ប៉ុន្តែវិស័យនេះត្រូវបានគេរំពឹងថា នឹងមានការលូតលាស់មានកម្រិត ខណៈ   រដ្ឋាភិបាល មានបំណងទប់ស្កាត់ការហូរចូលថវិកាច្រើនពេក។

យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ទទួលបានចំណូលមានចំនួន,១២៩ពាន់លានយ័ន ដែលស្មើរនឹង៣៣៩,ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

តើអ្នកត្រៀមខ្លួនឬនៅសម្រាប់ការផ្លាស់ប្តូរបែបផែនរស់នៅថ្មីនៅក្រុងភ្នំពេញ?

0

ដោយគង់ សូរិយា

ភ្នំពេញ តើអ្នកធ្លាប់ស្រម័យទេ ពីការកកស្ទះចរាចរណ៍ដ៏អាក្រក់នៅទីក្រុងភ្នំពេញ ដូចទីក្រុងបាងកកនាពេលអនាគត? ហើយអ្នកបានរៀនពីបច្ចេកវិទ្យាថ្មីៗ អ្វីខ្លះ ដើម្បីធ្វើឲ្យគុណភាពជីវិតរបស់អ្នកកាន់តែប្រសើរឡើង?។

យោងតាមការសិក្សាថ្មីៗនេះរបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា នៅឆ្នាំ២០៣០ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ នឹងកើនដល់៤លាននាក់ ដែលនឹងធ្វើឲ្យ​បែបផែននៃការរស់នៅក្នុងទីក្រុងភ្នំពេញផ្លាស់ប្តូរ ហើយចំនួនយុវជនវ័យក្មេង ដែ​លមានភាពស៊ីវិល័យនឹងរស់នៅតាមខុនដូច្រើន ដោយសារកត្តាប្រជាសាស្រ្ត ការកកស្ទះចរាចរក្នុងទីក្រុង ការរីកចំរើនបច្ចេកវិទ្យា ដែលធ្វើឲ្យជីវិតពួកគេកាន់​តែ​មានភាពងាយស្រួលក្នុងការរស់នៅ។

ការសិក្សាថ្មីនេះបានព្យាករណ៍ថា សេវាកម្មជាច្រើននឹងរីកចម្រើនដូចជា សេវាកម្មតាក់ស៊ី អាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនទៀត ពីព្រោះនាពេលអនាគត ប្រជាជនពួកគេមិនចាំបាច់ទៅទិញអាហារនោះទេ ពួកគេអាចកំម៉ង់អាហារមកកាន់លំនៅដ្ឋាន ឬកន្លែងធ្វើការរបស់ខ្លួន ហើយនិន្នាការនេះកំពុងកើត​មានរួចទៅហើយនៅកម្ពុជា។

 

យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យលំដាប់អន្តរជាតិCBRE Cambodiaបានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន៧០០០យូនីតទៀតនឹងដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនខុនដូដាក់ដំនើរការលើទីផ្សារកើនឡើងដល់១២០០០យូនីត។

នាយិកាក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងឲ្យដឹង ការលក់ខុនដូនៅតែដំណើការ សម្រាប់ខុនដូដែលផ្តោតលើ​ប្រជាជនមានជីវភាពមធ្យម ប៉ុន្តែខុនដូដែលមានតំលៃថ្លៃ ផ្តោតលើប្រជាជនមានជីវ​ភាពធូរធារខ្លាំងមានការលក់យឺតបន្តិច។ អ្នកនាងបន្តថា និន្នាការនៃការរស់នៅខុនដូរបស់ប្រជាជន​នៅទីក្រុងភ្នំពេញ មានសភាពដូចជាទីក្រុងក្នុងតំបន់ដូចជា ទីក្រុងបាងកក ទីក្រុងកូឡាឡាំពួរជាដើម វាត្រូវការពេលវេលា ដើម្បីធ្វើឲ្យប្រជាជនផ្លាស់ប្តូរការគិត និងរស់នៅតាមរបៀបថ្មី។

អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះ​ជាមានការបារម្ភពី​ការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានថ្លែងថា ចំនួនប្រជាពលរដ្ឋខ្មែរទិញ និងរស់នៅតាមខុនដូកំពុងកើនឡើង ប៉ុន្តែមិនទាន់មាន​កំណើនខ្ពស់ខ្លាំងនោះទេ វាត្រូវការពេលវេលា៥ទៅ១០ឆ្នាំទៀត ដើម្បីផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋ។

ភាគហ៊ុននៃគំរោងក្រុមហ៊ុនលំនៅដ្ឋានអ៊ិលកម្ពុជា ភ្នំពេញលោកទុយ ប៊ុនបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថាអតិថិជនរបស់លោកភាគច្រើនជាជនជាតិខ្មែរ មានន័យក ណ្តាល ពិសេសអ្នកទើបរៀបការរួចថ្មីៗ បានមកទិញគំរោងរបស់លោក ទោះជាពួកគេលំបាកបន្តិចក្តី ប៉ុន្តែពួកគេអាចរស់នៅបាន ជាក់ស្តែងគំរោងទី១ និងទី២របស់លោកដែលបានបញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៧០ភាគរយ និងគំរោងទី៣ ដែលទើបបញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៥០ភាគរយផងដែរ។

អ្នកវិនិយោគខុនដូប្រណីតដ៏ល្បីឈ្មោះ គឺលោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុនWorld Bridge Land Groupដែលបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារលើគំរោងThe Bridge, The PeAkនិងគំរោងKOWLOON Bayបានមើលឃើញនិន្នាការថ្មីនេះកំពុងផ្លាស់ប្តូរ ហើយលោកមានសុទិដ្ឋិនិយម ដោយបានថ្លែងថា លោក​មើលមិនឃើញបញ្ហានោះទេ ប៉ុន្តែវានឹងជាបញ្ហាប្រសិនជាម្ចាស់ខុនដូសាងសង់​មិនផ្តោតសំខាន់លើទីតាំង មិនមានគំរោងផែនការ និងជំនាញច្បាស់លាស់។លោកបន្តថា ខុនដូដែលប្រឈមនឹងបញ្ហាដែលស្ថិតនៅទីតាំងមិនសមស្រប និង​មិនមានមូលដ្ឋានទុនវិនិយោគគ្រប់គ្រាន់។

លោកបន្តថា “ខុនដូរបស់ខ្ញុំផ្តោតសំខាន់លើទីតាំង គុណភាពសំណង់ និងមានមូលដ្ឋានទុនវិនិយោគរឹងមាំ ហើយខ្ញុំមិនមែនលក់ផ្ទះតែ​មួយមុខទេ តែខ្ញុំលក់Lifestyle”៕

ផ្សារទំនើបបែបសហគមន៍មួយទៀតនឹងបើកនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ

0

ដោយដែន ចែងចាំង

ភ្នំពេញ ផ្សារទំនើបថ្មីមួយដែលមានទស្សនទាននៃការអភិវឌ្ឍន៍ថ្មី ស្ថិតនៅកណ្តាលមជ្ឈមណ្ឌលភ្នំពេញ នឹងបើកដំណើរការនៅក្នុងឆ្នាំនេះហើយ។

ផ្សារនេះជាផ្សារមួយក្នុងចំណោមផ្សារទំនើបខ្នាតអន្តរជាតិ និងខ្នាតតូចចំនួន១៣ ដែលនឹងបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំនេះ ដោយអ្នកជំនាញបានហៅឆ្នាំ២០១៨នេះថា ជាឆ្នាំនៃផ្សារទំនើប។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា ផ្សារទំនើបបែបសហគមន៍EDEN GARDENនេះ ស្ថិតនៅក្នុងPhnom Penh CITY CENTER​(អតីតបឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ។ផ្សារនេះមានទំហំ៥០០០ម៉ែត្រការ៉េ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ផ្សារបែបសហគមន៍សំដៅដល់ផ្សារដែលលក់ចំណីអាហារ និងភេសជ្ជៈ និងសេវាកម្មកំសាន្តតិចតួច ខុសពីផ្សារទំនើបលំដាប់អន្តរជាតិ ដូចជា ផ្សារAEON MALL ដែលជា​ផ្សារទំនើបលក់ទំនិញចម្រុះ និងមានសេវាកម្មកំសាន្ត ការលក់ចំណីអាហារ និងភេសជ្ជៈ ដ៏សម្បូរបែប។

អ្នកនាងបន្តថា ការវិនិយោគផ្សារទំនើប ជាការវិនិយោគមានប្រាក់ចំណេញពីការវិនិយោគខ្ពស់ ប៉ុន្តែអ្នកវិនិយោគត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ និងធ្វើបច្ចុប្បន្នភាព ព្រោះរយៈពេល៥ទៅ៨ឆ្នាំម្តង ផ្សារទំនើបនិមួយៗត្រូវធ្វើការឌីសាញ និងរៀបចំការលក់ឡើងវិញ ដើម្បីទាក់ទាញអតិថិជន។អ្នកនាងបន្តថា ទោះជាផ្សារទំនើបបើកច្រើនក្តី ប៉ុន្តែចំនួនផ្សារមិនទាន់លើសតម្រូវការនៅឡើយទេ ដោយសារផ្សារនិមួយៗស្ថិតនៅទីតាំង និងចាប់យក​ចំណែកអតិថិជនខុសៗគ្នា៕

អ្នកវិនិយោគក្នុងស្រុកស្នើរដ្ឋាភិបាលវិនិយោគលើវិស័យពាណិជ្ជកម្មក្នុងខេត្តត្បូងឃ្មុំ

0

ដោយគង់ សូរិយា

ភ្នំពេញ អ្នកវិនិយោគក្នុងស្រុកបានសំណូមពរឲ្យរដ្ឋាភិបាល វិនិយោគបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ឋបំរើវិស័យពាណិជ្ជកម្ម ក្នុងក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋចូលទៅរស់នៅ និងធ្វើសកម្មភាពពាណិជ្ជកម្មក្នុងខេត្តថ្មីនេះ។

លោកវេង ស៊ីគួរអ្នកវិនិយោគគំរោងភូមិឋានសុភមង្គល ជាគំរោងពុះដីឡូត៍លក់ដែលស្ថិតនៅលើផ្ទៃដី២០ហិកតា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ឧសភានេះថា បច្ចុប្បន្នទីក្រុងថ្មីនេះមិនទាន់មានមនុស្សចូលទៅរស់នៅនៅឡើយទេ ហេតុនេះលោកចង់ឲ្យរដ្ឋាភិបាលបោះជំហ៊ានទៅមុន មុនវិស័យឯកជនចូលទៅតាមក្រោយ ព្រោះអ្នកវិនិ​យោគនឹងមិនហ៊ានបោះទុនច្រើននោះទេ ដោយសារបារម្ភពីការខាតបង់។លោកបន្តថា ហេតុនេះរដ្ឋាភិបាលគួរបង្កើតផ្សារមួយ និងផ្តល់ឲ្យប្រជាជនលក់ដោយឥតគិតថ្លៃ ដើម្បីទាក់ទាញមនុស្សចូលទៅរស់នៅទីក្រុងថ្មីនេះ។

លោកបន្តថា “ខ្ញុំមានគំរោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ចន្លោះពី៣ទៅ៤ម៉ឺនដុល្លារសម្រាប់លក់នៅ​ក្នុងទីក្រុងថ្មីនេះ ប៉ុន្តែលំនៅដ្ឋានបែបនេះមិនទាន់មានតម្រូវការនៅឡើយទេ ដោយសារប្រជាជនមិនទាន់ចូលទៅរស់នៅ និងកំពុងរង់ចាំមើលគ្នា ក៏ដូចជារង់ចាំគំរោងហេដ្ឋារចនា​សម្ព័ន្ឋពីរដ្ឋាភិបាល

លោកវេង ស៊ីគួរបានបន្តថា “អ្វីសំខាន់នាពេលនេះ គឺរដ្ឋាភិបាលត្រូវដើរជាមុន ប៉ុន្តែបើទុកស្ថានភាពឲ្យនៅបែបនេះ ប្រជាជននឹងមិនចូលទៅរស់នៅទីក្រុងនេះទេ ពួកគេកំពុរង់ចាំមើលគ្នា”។

ក្រុងត្បូងឃ្មុំ ជាទីក្រុងគំរូមួយសម្រាប់កម្ពុជា ដែលរៀបចំឡើងដោយក្រសួងរៀបចំ​ដែនដី នគរូបនីយកម្មនិងសំណង់។ ទីក្រុងនេះមានការរៀបចំប្លង់គោល បែងចែកតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន និងតំបន់រដ្ឋបាលពិសេស ពិសេសមានការរៀបចំបែងចែកប្រព័ន្ឋទឹកភ្លៀង និងទឹកកកខ្វក់ដាច់ពីគ្នា។

អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបលោកឧកញ៉ាលី ហួរបានគ្រោងនឹងសាងសង់ផ្សារ និងលំនៅដ្ឋាននៅក្នុងទីក្រុងថ្មីនេះនាពេលអនាគត។

លោកឧកញ៉ាបានថ្លែងឲ្យដឹងថា លោកមានគំរោងវិនិយោគផ្សារ និងលំនៅដ្ឋាននៅ​ក្នុងទីក្រុងត្បូងឃ្មុំបន្ទាប់ពីការបោះឆ្នោតរួច ប៉ុន្តែគំរោងនេះនឹងដំណើរការឬអត់មិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះទាមទារការសិក្សាច្បាស់លាស់សិន៕

រដ្ឋាភិបាលចិន ចេញវិធានការទប់ស្កាត់ការឡើងថ្លៃតម្លៃអចលនទ្រព្យ

0

ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងជនបទរបស់ប្រទេសចិនបានកោះហៅអភិបាលក្រុងក្នុងខេត្តមួយចំនួនដើម្បីក្រើនរំលឹកពីការចាត់វិធានការក្តៅចំពោះការតំឡើងថ្លៃលំនៅដ្ឋានក្រោយមានការព្រួយបារម្ភពីប្រជាពលរដ្ឋពុំមានលទ្ធភាពក្នុងការទិញលំនៅដ្ឋាន។

បើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួបានសរសេរថាក្រសួងអភិវឌ្ឍន៍លំនៅឋាននិងជនបទបានរំលឹកដល់អភិបាលក្រុងធំៗ លំដាក់ទី២ ដែលមានការរីកចម្រើន ដូចជាក្រុង Chengdu, ទីក្រុងTaiyuan, ទីក្រុង Xian, ទីក្រុងHarbin, ទីក្រុងKunming និង ទីក្រុង Guiyang ដោយមើលឃើញថាទីក្រុងទាំងនេះ មានតម្លៃលំនៅដ្ឋានឡើងខ្ពស់គួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាងបណ្តាលខេត្តក្រុងមួយចំនួនទៀត ។

បើតាមស៊ីនហួបានសរសេរថា ក្រសួងបានប្រាប់ដល់មន្ត្រីទាំងនោះថា អោយគិតគូយកចិត្តទុកដាក់ចំពោះការត្រួតពិនិត្យអោយបានទៀតទាត់ចំពោះទីផ្សាតម្លៃអចលនទ្រព្យក្នុងក្រុងទាំងមូលមិនអាចអោយឡើងថ្លៃស្រេចតែចិត្តនោះទេ។

តម្លៃអចលនទ្រព្យនៅប្រទេសចិនបានធ្វើឱ្យក្រុមអាជ្ញាធរមានការព្រួយបារម្ភនៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច និងចលាចលសង្គមកើតឡើងបើសិនជាលំនៅដ្ឋាន ឬអចលនទ្រព្យលក់មិនចេញស្របតាមទីផ្សារ។
ទីក្រុងភាគច្រើនបានអនុវត្តវិធានការដើម្បីរក្សាតម្លៃធ្លាក់ចុះរួមទាំងការរឹតត្បិតសិទ្ធិទទួលបានការបង្កើនការបង់ប្រាក់ និងដែនកំណត់លើការលក់បន្តអចលនទ្រព្យក្នុងរយៈពេលបីឆ្នាំនៃការទិញរបស់ខ្លួន។

នៅក្នុងទីក្រុងធំៗលំដាប់ទី ២ បានដាក់វិធានការចំពោះការទំលាក់តម្លៃអចលនទ្រព្យថ្មីផងដែរដោយអាជ្ញាធរមូលដ្ឋានមិនព្រមផ្តល់ការអនុញ្ញាតលក់ដីធ្លីដល់អ្នកអភិវឌ្ឍន៍ប្រសិនបើពួកគេគិតថាតម្លៃដែលកំណត់សម្រាប់លំនៅដ្ឋានខ្ពស់ពេកនោះ។

វិធានការចំពោះមុខគឺដាក់កម្រិតលំនៅដ្ឋានថ្មីៗមិនត្រូវអោយមានការឡើងតម្លៃខ្ពស់ពេកទេ។ ជាក់ស្តែងតម្លៃលំនៅដ្ឋាននៅទីក្រុង Chengdu នៅក្នុងខែមីនាបានកើនឡើងរហូតដល់ 0,៨ ភាគរយធៀបនឹងឆ្នាំមុនខណៈនៅក្នុងទីក្រុង Taiyoan មានកើនឡើងរហូតដល់ ៧,៦ ភាគរយ។

ក្រុមហ៊ុនព័ត៌មានអចលនទ្រព្យចិនបានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថាទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងធំៗលំដាប់ទី២ បានធ្លាក់ចូលទៅក្នុង«វដ្តអាក្រក់បំផុត»ដែលទាមទារអោយមានការទប់ស្កាត់ជាបន្ទាប់ ដើម្បីទាក់ទាញអ្នកទាញអោយបានច្រើន។

យោងតាមទិន្នន័យរបស់ China Index Academy បានឱ្យដឹងថាទីក្រុងចំនួន ១២ បានលក់ផ្ទះថ្មីចំនួន ១១ លានផ្ទះកើនឡើង២៣ ភាករយកាលពីខែមុន ដោយក្នុងនោះមានការលក់ធ្លាក់ចុះប្រមាណជា ១០ ភាករយក្នុងក្រុងធំៗលំដាប់ទី ១ចំនួន ២ គឺទីក្រុងប៉េកាំង និងសៀងហៃនិង ធ្លាក់ចុះ ៥ភាករយក្នុងក្រុងធំលំដាប់ទី ៣របស់ប្រទេសចិន។

លោក Li Zhanjun ប្រធានអ្នកវិភាគនៅសមាគមស្រាវជ្រាវអចលនទ្រព្យចិនបាននិយាយថា “ការត្រួតពិនិត្យតម្លៃលំនៅដ្ឋានរបស់ប្រទេសចិនបានហួសប្រមាណពេកដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើការទប់ស្កាត់រដ្ឋបាលជំនួសឱ្យការផ្គត់ផ្គង់និងការគ្រប់គ្រងតម្រូវការទីផ្សារ។

លោកលីបាននិយាយថា “រដ្ឋាភិបាលកំពុងជាប់រវល់តែនឹង តម្លៃ លំនៅដ្ឋាន ខណៈពេលដែលមិនយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ៗដទៃទៀតដូចជាគុណភាពនៃផ្ទះជាដើម។

ជាមួយគ្នានោះ មានទីក្រុង Xian, ទីក្រុងChengdu និង ទីក្រុង Nanjing បានដាក់វិធានការតម្លៃស្របតាមការណែនាំរបស់រដ្ឋាភិបាលដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលធម្យមមានលទ្ធភាពក្នុងការទិញ និងជំរុញកំណើននៅក្នុងសេដ្ឋកិច្ចក្នុងតំបន់។

ដំណឹងល្អៈ កម្ពុជាចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រលើកតំបូង

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ កម្ពុជាចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ផលិតផលសូត្រលើកតំបូង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

លោកបណ្ឌិតម៉ី កល្យាណដែលជាអ្នកដឹកនាំការងារនេះនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះការសាងសង់មជ្ឈមណ្ឌលសូត្របានចាប់ផ្តើមហើយ និងសម្រេចបានប្រមាណ​៤០ភាគរយនៃគម្រោងទាំងមូលហើយ។ គំរោងនេះចំណាយទឹកប្រាក់៨ម៉ឺនដុល្លារអាមេរិក។លោកបន្តថា ទោះជាអាគារមជ្ឈមណ្ឌលនេះមិនទាន់បញ្ចប់ក៏ដោយ ក៏ក្រុមនិស្សិតបានចាប់ផ្តើមការងារនេះបណ្តើរហើយ។

លោកបន្តថា “យើងបានមើលឃើញថា តម្រូវការសូត្រមានទំហំធំនៅកម្ពុជា ដែល​ភាគច្រើនយើងពឹងផ្អែកលើការនាំចូល មកផលិតនៅទីនេះ ខណៈសូត្រផលិតក្នុងស្រុកមានចំនួនតិច មិនឆ្លើយតបនឹងតម្រូវការ”។លោកបន្តថា “យើងសម្រេចចិត្តបង្កើតមជ្ឈម ណ្ឌលនេះ ពីព្រោះយើងមើលឃើញឳកាសដ៏ធំ ដែលយើងអាចរួមចំណែកចូលរួមអភិវឌ្ឍ​ន៍សហគមន៍មូលដ្ឋាន”។

ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានគាំទ្រការងារនេះផងដែរ ដោយធនាគារនេះ​នឹងផ្តល់ឥណទាន ដើម្បីពង្រីកសក្តានុពលសូត្រនៅកម្ពុជា។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា យើងនឹងធ្វើការងារក្នុងភាពជាដៃគូជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយយើងនឹងបង្រៀនពួកគេពីអ្វីដែលយើងបានសិក្សា ឧទាហរណ៍ យើងធ្វើការជាមួយសហគមន៍សូត្រនៅខេត្តកំពង់ស្ពឺ មណ្ឌលគិរី ជាដើម ដើម្បីជួយធ្វើឲ្យប្រសើរឡើង​នូវបច្ចេកទេសលើការដាំដើមមន និងបច្ចេកទេសនៃការទាញយក និងធ្វើឲ្យសសៃសូត្រមានគុណភាពផងដែរ៕

ការទិញរថយន្តបង់រំលស់មានការកើននៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ តើអ្នកមានការសម្រេចចិត្តយ៉ាងម៉េច បើចង់មានរថយន្តជិះនៅពេលអ្នកមិនមានលទ្ឋភាពគ្រប់គ្រាន់? ឬអ្នកមានប្រាក់ទុកសម្រាប់ធ្វើអ្វីផ្សេង? ហើយចង់ជិះរថយន្ត? ជម្រើសបង់រំលស់កំពុងពេញនិយមបណ្តើរៗហើយក្នុងសង្គមខ្មែរ។

អគ្គនាយកក្រុមហ៊ុនGreat Wall Cambodiaដែលបាននាំចូលរថយន្តទំនើបម៉ាកGreat Wallមកពីប្រទេសចិនបានថ្លែងឲ្យដឹងកាលពីពេលថ្មីនេះថា ការទិញរថយន្តបង់រំលោះមានការកើនឡើងច្រើននៅកម្ពុជា ដោយសារយើងបានធ្វើការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត ដើម្បីផ្តល់សេវាកម្មបង់រំលស់ដល់អតិថិជន។ លោកបន្តថា ប្រ​សិនជាការប្រាក់តាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ថយអត្រាការប្រាក់មកនៅកា​ន់តែទាប ឬផ្តល់ការបង់រំលស់រយៈពេលវែង ដូចនៅប្រទេសជឿនលឿននានាការបង់រំលស់នឹងកើនឡើងកាន់តែច្រើន។

លោកបន្តថា តាមរយៈក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំគិតថាអ្នកទិញរថយន្តរហូតដល់៧០ទៅ៨០ភាគរយ បានប្រើប្រាស់សេវាកម្មបង់រំលស់ហើយនាពេលបច្ចុប្បន្ននេះ”។លោកបន្តថា “អ្នកខ្លះគាត់មានប្រាក់ច្រើនគ្រប់គ្រាន់សម្រាប់ទិញ តែពួកគេនៅតែបង់រំលស់ ដោយសារ​ពួកគេចង់យកលុយទុកធ្វើអ្វីផ្សេងៗវិញ”។

អគ្គនាយកផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុនRMA Asiaលោកសេង វឹងបាន​ទទួលស្គាល់ថា ការទិញរថយន្តបង់រំលស់ពិតជាកើនឡើង ប៉ុន្តែកំនើននៅមិនទាន់ខ្ពស់នៅឡើយ ដោយសារអត្រាការប្រាក់នៅស្រុកយើងនៅតែមានកម្រិតខ្ពស់ ធៀបនឹងប្រទេ​សរបស់គេ។ ការទិញបង់រំលស់ជាជម្រើសមួយល្អ ព្រោះពួកគេចង់ជិះរថយន្តមិនចាំបាច់ យកលុយទាំងអស់មកទិញ។

លោកបន្តថា អ្នកខ្លះទៀត គេចង់ទុកលុយធ្វើអាជីវកម្ម និងពង្រីក​អាជីវកម្មរបស់គេ ហេតុនេះពួកគេសុខចិត្តបង់បន្តិចៗប្រចាំខែ ហើយទុកលុយពួកគេឲ្យ​កើតកូនចំណេញជាង

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិល ស៊ីបានថ្លែងថា ឥណទានសម្រាប់ប្រើប្រាស់ ពិតជាបានកើនឡើងនៅកម្ពុជា ប៉ុន្តែមិនទាន់ឈានដល់កម្រិត គួរឲ្យព្រួយបារម្ភនៅឡើយទេ ដោយសារនៅមានកម្រិតទាបនៅឡើយ។លោកបន្តថា ឥណទានបែបនេះបើកើនខ្ពស់ពេក មានហានិភ័យដល់សេដ្ឋកិច្ច ព្រោះឥណទានបែបនេះមិនបានជួយជម្រុញការផលិត បង្កើតការងារ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចនោះទេ។

លោកបន្តថា “ឥណទានទិញរថយន្ត ឬរបស់ប្រើប្រាស់ដទៃទៀត មិនបានជួយបង្កើនផលិតភាពសេដ្ឋកិច្ចទេ ការទិញរថយន្តឬរបស់ប្រើប្រាស់មានតែខាត”៕

ស្វែងយល់ពីក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀតនៅទីក្រុងភ្នំពេញ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀត ដែលមានមូលដ្ឋាននៅប្រទេសចិន បានចាប់ផ្តើមគំរោងវិនិយោគដ៏ធំរបស់ខ្លួននៅទីក្រុងភ្នំពេញ ដែលកំពុងមានការរីកចម្រើន​យ៉ាងឆាប់រហ័សនេះ។

ក្រុមហ៊ុន Yuetai Group នេះបាន​ឈាន​​ជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយបទពិសោធន៍ និងភាពជោគជ័យរបស់ខ្លួន ដែលរហូតមកទល់ពេលនេះក្រុមហ៊ុននេះ​ បានចុះបញ្ជីពាណិជ្ជកម្ម​នៅប្រទេសចិន​ក្នុងគោល​ បំណង​​អភិវឌ្ឍន៍អាជីវកម្មវិស័យអចលនទ្រព្យ និងសំណង់។ គិតចាប់ពីបង្កើតឡើងដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសាងសង់គម្រោងអចនទ្រព្យធំៗជាង​២០គម្រោង ប្រកប​ដោយ​ភាព​ជោគ​ជ័យ​​នៅក្នុងប្រទេសចិន។

ក្រុមហ៊ុននេះបានកំណត់យកទីក្រុងភ្នំពេញ ​ជាតំបន់គោល​ដៅវិនិយោគ​ក្រៅប្រទេសរបស់ខ្លួ​នដោយ បានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជាឈ្មោះថា Eastland Development Ltd ដែលបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Management Co., Ltd និង ក្រុមហ៊ុនរបស់កម្ពុជា។ បច្ចុប្បន្ននេះក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងចំនួនពីរ គឺគម្រោង EAST ONE និងគម្រោង EAST VIEW SOHO​  ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម  និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយ​គម្រោង​ទាំងនេះ​បានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរីហុងកុងព្រមទាំងចិនដីគោកជាច្រើន។

គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង ជិតវិមានសុភមង្គល និង​មានចំណាយត្រឹមតែ១៥នាទី ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ​

គម្រោងនេះបានបើកលក់ជាផ្លូវការហើយ និងមានផ្តល់​ជូនការ​បញ្ចុះតម្លៃ​ពិសេស​ចំនួន៣ភាគរយ ភ្លាមៗសម្រាប់ការ​ទិញយូនីតណាមួយ​ពីគម្រោង​នៅថ្ងៃនេះ  ហើយគម្រោក៏ផ្តល់​ជូនលក្ខខណ្ឌ​បង់ប្រាក់​ ដ៏ទាក់ទាញដោយតម្រូវឲ្យអតិថិជនបង់ត្រឹមតែ១០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។

លំនៅដ្ឋាន Yuetai The Garden របស់ហ៊ុន YuetaiGroup រចនាឡើង​ជាមួយរចនាបទ​បែបទំនើប​រួមជាមួយសេវាកម្ម​ និងបរិក្ខារប្រណិតៗដូចជា៖ កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្ត​តំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នា​នាដើម្បី​បង្កើត​ទៅជាលំនៅ​ដ្ឋានដ៏ឆ្លាតវៃ៕