ដោយស៊ីវ ម៉េង
ភ្នំពេញ៖ អាគារខុនដូចំនួន៧ ស្ថិតក្នុងទីក្រុងរណប CAMKO CITY ដែលបានទុកចោលអស់រយៈពេលជាច្រើនឆ្នាំ នឹងបញ្ចប់ការសាងសង់នាពាក់កណ្តាលឆ្នាំនេះហើយ។
ប្រធានផ្នែកទីផ្សារនៃគំរោង CAMKO CITY លោកអាន ចាន់នីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៧ កុម្ភៈកន្លងមកថា បច្ចុប្បន្នអាគារខុនដូចំនួន៧បាននិងកំពុងសាងសង់ឡើងវិញយ៉ាងសកម្ម ដែលក្រុមហ៊ុនរំពឹងទុកថាគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅរយៈពេលបីខែខាងមុខនេះ។លោកបន្តថា អាគារខុនដូទាំង៧នេះមានផ្ទះ សរុបចំនួន៣៨០យូនីត និងខុនដូដែលបានសាងសង់ចប់ចំនួន៨ មានផ្ទះចំនួន៤៤១យូនីត។
លោកបន្តថា “ការចាប់ផ្តើមលក់គំរោងនេះឡើងវិញ មិនទាន់ដឹងចាប់ផ្តើមនៅពេលណាទេ ហើយតម្លៃប៉ុន្មានក៏មិនទាន់កំណត់នៅឡើយ”។លោកបន្តថា “ទីក្រុងរណប CAMKO CITY មិនទាន់មានគំរោងអភិវឌ្ឈន៍អ្វីថ្មីនៅឡើយទេ ប៉ុន្តែក្រោយគំរោងនេះសាងសង់ចប់ ក្រុមហ៊ុនអាចសាងសង់វីឡាលក់បន្តទៀត។
ទីក្រុងរណប CAMKO CITY ជាទីក្រុងរណបដំបូងគេនៅរាជធានីភ្នំពេញ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន World CITY របស់កូរ៉េ ប៉ុន្តែគំរោងនេះបានពន្យាពេលសាងសង់ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ និងជម្លោះផ្ទៃក្នុងមួយចំនួនរបស់ក្រុមហ៊ុនផងដែរ៕