អគារការិយាល័យជាច្រើនទៀតនឹងបើកឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អាគារការិយាល័យជាច្រើនទៀត នឹងដាក់ដំណើរការក្នុងទីផ្សារនៅ​ឆ្នាំនេះ ជាមួយនឹងភាពចម្រុះនៃការិយាល័យធម្មតា និងការិយាល័យបែបសហកម្មសិទ្ឋ។

ក្នុងចំណោមអាគារការិយាល័យធម្មតាចំនួនពីរ អាគារ​ការិយាល័យ Key Stone ទំហំ១៥,០០០ម៉ែត្រការ៉េ និងគំរោង Oral Office Tower ទំហំ៥០០០ម៉ែត្រការ៉េនឹងដាក់ចូលទីផ្សារផងដែរ ដែលជាការបន្ថែមទំហំការិយាល័យមានស្រាប់៣៣៥,០០០ម៉ែត្រការ៉េ។ ក្នុងនោះអាគារការិយាល័យកម្រិតA មានចំនួន១៦ភាគរយ អាគារការិយាល័យកម្រិតB មានទំហំ២០ភាគរយ និងអាគារការិយាល័យកម្រិតCមានទំហំ៦៤ភាគរយ នៅក្នុងទីផ្សារការិយាល័យសរុបនៅកម្ពុជា។នេះបើតាមរបាយការណ៍របស់ CBRE Cambodia។

របាយការណ៍ដដែលបានបង្ហាញថា អាគារការិយាល័យកម្រិតA មានតម្លៃចន្លោះពី២៨ ដល់៣០ដុល្លារ អាគារការិយាល័យកម្រិតB មានតម្លៃចន្លោះ១៨ទៅ​២៥ដុល្លារ និងអាគារការិយាល័យកម្រិតC មានតម្លៃជួលចន្លោះពី១០ ទៅ១៥ដុល្លា​រក្នុងមួយម៉ែត្រការ៉េ។​

យោងតាមរបាយការណ៍ CBRE Cambodia បានរកឃើញផងដែរថា ទីផ្សារ​ការិយាល័យកម្រិតB នៅតែមានភាពពេញនិយមជាងគេនៅក្នុងទីផ្សារកម្ពុជា ដោ​យសារការិយាល័យបែបនេះមានចំនួនច្រើន និងសមស្របសម្រាប់ក្រុមហ៊ុនថ្មី និងក្រុមហ៊ុនខ្នាតមធ្យម ដែលពួកគេមិនចង់ចំណាយច្រើនលើការិយាល័យកម្រិ​ត A ដែលមានតម្លៃថ្លៃ។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុន VTRUST GROUP ដែលគ្រប់គ្រងការិយាល័យកម្រិតB ចំនួនបួននៅទីក្រុងភ្នំពេញបានថ្លែងថា ទីផ្សារការិយាល័យនៅតែមានកំណើនល្អប្រសើរ ដោយសារការកើនឡើងនូវចំនួន ក្រុមហ៊ុនអន្តរជា​តិថ្មីៗ និងក្រុមហ៊ុនក្នុងស្រុកកើនឡើងផងដែរ ជាហេតុជំរុញឲ្យទីផ្សារការិយា​ល័យនៅតែមានភាពជោគជ័យក្នុងទីផ្សារកម្ពុជា។

លោកបន្តថា “ដោយសារភាពសមរម្យផ្នែកតម្លៃ បានធ្វើឲ្យការិយាល័យក ម្រិ​តB នៅតែមានភាពពេញនិយម និងប្រើប្រាស់ច្រើនក្នុងចំណែកទីផ្សារការិ​យាល័យនានានៅកម្ពុជា”៕

កាដូ​ធំ​មួយទៀត​ពី​រដ្ឋាភិបាល!! រថភ្លើង​ពី​សេរី​សោ​ភ័​ណ្ឌ​ទៅ​ប៉ោយប៉ែត​នឹងដំណើរការ​មុន​ចូលឆ្នាំ​ខ្មែរ

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ រដ្ឋាភិបាល​នឹង​ផ្តល់​កាដូ​ធំ​មួយទៀត ដល់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​ទូទាំងប្រទេស ដែល​ពួកគេ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ក្រុង​សេរី​សោភ័ណ ទៅកាន់​ក្រុង​ប៉ោយប៉ែត មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នា​ឆ្នាំនេះ។

កំណាត់​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត មក​ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ប្រវែង៤៨គីឡូម៉ែត្រ​បានបញ្ចប់ ការសាងសង់​រួចរាល់​ហើយ នៅ​ថ្ងៃទី១៣ កុម្ភ​នេះ។

បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​លី បូ​រិ​ន​អនុរដ្ឋលេខាធិការ​ក្រសួង​នេះ និង​ជាម​ន្ត្រី​ទទួលបន្ទុក​ការងារ​ផ្លូវដែក​បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី១៣ កុម្ភៈ​នេះ​ថា ខ្សែ​រថភ្លើង​នេះ​នឹងមិន​ត្រឹមតែ​សម្រាប់​ផ្ទៃក្នុង​កម្ពុជា​នោះទេ ប៉ុន្តែ​វាត​ភ្ជាប់​ជាមួយ​តំបន់​អាស៊ាន​នាពេល​អនាគត និង​ភ្ជាប់​ជាមួយ​ប្រទេស​ចិន​ផងដែរ ហើយ​តាម​គំរោង​ខ្សែ​រថភ្លើង​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ ដឹកជញ្ជូន​ឆ្លងកាត់​កម្ពុជា អាច​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនេះ ឬ​ឆ្នាំ២០១៩ខាងមុខ។

លោក​បន្តថា ចំណែក​កំណាត់​ផ្លូវដែក​ត​ភ្ជាប់​ពី​ក្រុង​សិរីសោភ័ណ មកកាន់​ក្រុង​បាត់ដំបង មាប្រវែង៦៥គីឡូម៉ែត្រ​ក៏​ជិត​បញ្ចប់​ផងដែរ ពិសេស​ការតភ្ជាប់​មក​កាន់​រាជធានី​ភ្នំពេញ ក៏​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម​ផងដែរ។

ការដឹកជញ្ជូន​តាមផ្លូវ​ដែក ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ថ្លៃ​ដើម​នៃ​ការដឹកជញ្ជូន​ដែលមាន​តម្លៃ​ថ្លៃ​នៅ​កម្ពុជា ព្រោះ​បច្ចុប្បន្ន​ការដឹកជញ្ជូន​នៅ កម្ពុជា​មានតម្លៃ​ថ្លែ​ជាង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់។

លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជំរុញ​កំនើនសេដ្ឋកិច្ច​ទៅកាន់​កម្រិត​ថ្មី​មួយទៀត កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ព្រោះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ជា​ចំណុច​យុ​ទ្ឋ​សាស្ត្រ ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន​ឲ្យ​កាន់តែ​មានតម្លៃ​ទាប កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ។

លោក​បន្តថា“បើ​ចង់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ។ បើ​ចង់​ជំរុញ​ប្រទេស​កាន់តែ​រីកចម្រើន​លឿន ក៏ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ”៕

អស្ចារ្យ!!! រកឃើញទីតាំងពិតប្រាកដរបស់ទីក្រុងនាគរាជសម្តេចតេជោហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងទីក្រុងនាគរាជសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលស្ថិតក្នុងមន្ទិលពីទីតាំងពិតប្រាកដនៅកន្លែងណា ពេលនេះព៌តមានជាក់លាក់បានបង្ហាញជាផ្លូវការហើយ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ភឿង សុភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងចំណាយថវិកាវិនិយោគ៨០ពាន់លានដុល្លារអាមេរិក និងស្ថិត​នៅលើផ្ទៃដីប្រមាណ៣៧,០០០ហិកតា ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦អា និងបន្តរហូតដល់ផ្លូវជាតិលេខ២១ ដែលស្ថិតនៅចំណុចថ្នល់បំបែករវាងផ្លូវជាតិលេខ៦អា ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ ហើយអូសតាមបណ្តោយផ្លូវជាតិលេខ៥ មកកាន់រាជធានីភ្នំពេញ។

លោកបន្តថា “ខ្ញុំមិនចង់បញ្ចេញព៌តមាននេះទេ ដោយសារព្រួយបារម្ភពីដី ឡើងថ្លៃនៅតំបន់នេះ ដែលរារាំងដល់ការអភិវឌ្ឍន៍គំរោងដ៏ធំនេះ”។លោកបន្តថា “តាមប្លង់ ដែលសម្តេចតេជោបានអនុញ្ញាត្តឲ្យធ្វើការសិក្សា គំរោងទីក្រុងនាគរាជ សម្តេចតេជោ មានមជ្ឈមណ្ឌលពាណិជ្ជកម្មសម្តេចតេជោមួយ ដែលជាមជ្ឈមណ្ឌ​លពាណិជ្ជកម្ម ស្ថិតនៅកណ្តាលទីក្រុងនេះ ដែលមានផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈ​មណ្ឌលពាណិជ្ជកម្មកំពស់៦០០ម៉ែត្រ កំពង់ផែអន្តរជាតិ និងសេវាកម្មជាច្រើនទៀត”។

កម្ពុជាខកខានសាងសង់ទីក្រុង៥៨០ឆ្នាំមកហើយ ហេតុនេះទើបកម្ពុជាត្រូវ​កសាងទីក្រុងនេះឡើង ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ប្រជាសាស្រ្ត និងជា​ការដឹងគុណដល់សម្តេ​ចតេជោហ៊ុន សែនដែលហ៊ានពលីជីវិត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស សម្តេចបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។ លោកភឿង សុភ័ណ្ឌបញ្ជា​ក់ឲ្យដឹង។

ហេតុអ្វីបានជាលោកសម្រេចជ្រើសរើសទីតាំងនេះ ក្នុងគំរោងកសាងទីក្រុ​ងនាគរាជសម្តេចតេជោ លោកភឿង សុភ័ណ្ឌបានបន្តថា ដោយសារទីតាំងនេះ​បើមើលតាមយន្តហោះ មានរូបរាងនិងសណ្ឋានដី ដូចជារូបនាគ ហើយជាទីតាំង​បើតាមក្បួនចិន ជាទីតាំងមានហុង ស៊ុយល្អបំផុត ព្រោះទីតាំងនេះមានទន្លេព័ន្ឋជុំវិញ ដែលផ្តល់ជាមធ្យោបាយដឹកជញ្ជូន និងផ្តល់លក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សម្រាប់ភាពសុខដុមរមនា ដល់ប្រជាជននៅក្នុងទីក្រុងនេះនាពេលអនាគត។

លោកបន្តថា មានតែមិត្តចិនតែមួយប៉ុណ្ណោះ ដែលអាចជួយកសាងទីក្រងនេះបានទទួលជោគជ័យ ព្រោះគំរោងនេះធំណាស់ និងចាយលុយច្រើនណាស់ ដូច្នេះ ដើម្បីគាំទ្រសម្តេចនិងទុកជាកេរ្ត៍តំណែល ក៏ដូចជា បង្កើននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចបានគាំទ្រគោលនយោ​បាយចិនតែមួយ រដ្ឋាភិបាលចិនគួរតែជួយកសាងទីក្រុងនេះ ឲ្យលេចរូបរាងឡើង​ ដើម្បីជាការអបអរសាទរនូវសមិទ្ឋិផល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល​ប្រទេសទាំងពីរ។

តាមប្លង់មេរបស់ទីក្រុងនេះ នឹងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋលើគោក ក្រោមដី និងលើអាកាសដែលនឹងមិនឲ្យ មានបញ្ហាកកស្ទះចរាចរក្នុងទីក្រុងនេះរយៈពេលរាប់រយឆ្នាំ។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា លោកមិនទាន់មានជំនឿលើ ផែនការកសាងទីក្រុងនេះនៅឡើយទេ ប៉ុន្តែ​លោករង់ចាំមើលជាក់ស្តែង ប្រសិនជាវាកើតឡើងមែនវាជារឿងអបអរសាទរ ហើយលោកសូមចូលរួមអបអរសាទរផងដែរ។

លោកបន្តថា “បើសិនជាទីក្រុងនេះកើតឡើងមែន វាជាការគួរឲ្យរីករាយ ហើយខ្ញុំពិតជាចូលរួមអបអរសាទរ ព្រោះការអភិវឌ្ឍបែបនេះនឹងជួយជម្រុញការ​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕

បុរីថ្មី The Wood ចាប់ផ្តើមសាងសង់ក្នុងពេលទីផ្សារបុរីមានភាពប្រសើរ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ បុរី The Wood ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងសង្កាត់​ព្រែ​ក​ឯង ខ័ណ្ឌ ច្បារអំពៅ​ បាន​ចាប់​ផ្តើមបើកការសាងសង់ ស្របពេលទីផ្សារលំ​នៅដ្ឋាននៅ​កម្ពុ​ជា​នៅតែមាន ភាពល្អប្រសើរ​នាឆ្នាំ២០១៨នេះ។

អ្នកស្រី Kaing Naykouy ជាគណៈគ្រប់គ្រងរបស់ Natha Residences បានឲ្យដឹងក្នុង​ពិធី​សម្ភោធបុរី The Woods កាលពីម្សិលម៉ិញនេះថា បុរី The Wood មានលំនៅដ្ឋានជាច្រើន ប្រភេ​ទ រួមមាន ផ្ទះល្វែងវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាឃ្វីនចំនួន១០៨ផ្ទះ ដែលមាន ទំហំផ្ទៃដីសរុប៣,៥ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិមិត្តភាព សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្នកស្រីបន្តថា “ការវិនិយោគបុរីនេះ ជាការឈានជើងដំបូងរបស់ Natha Resident នៅ​លើ​ការអភិវឌ្ឍដ៏អស្ចារ្យ នៅក្នុងប្រទេសកម្ពុជាដែល សាងសង់ស្របតាមស្តង់ដា នៅផែនការ​ថវិ​កា​យ៉ាងរ៉ឹងមាំ ដើម្បីបំពេញតម្រូវការនិងទំនុកចិត្ត ពីអតិថិជនមកលើគេហដ្ឋាននៃបុរី”។  លោកស្រីបន្តថា “ការរចនាគេហដ្ឋាននេះ មិនត្រឹមតែ​ផ្តោតទៅលើភាពរឹ​ងមាំ​ត្រឹម​មួយរយៈ​ពេលនោះទេ តែជាការផ្តោតទៅលើភាពគង់វង្សយូរអ​ង្វែ​ង និងការរចនាម៉ូដទាំងផ្នែកខាងក្នុង និងខាងក្រៅស្របទៅតាមយុគ្គសម័យថ្មី”។

អ្នកស្រី Natha Residint បានបន្តថា ជាមួយនឹងការខិតខំប្រឹងយ៉ាងស្វិតស្វាញ ដើម្បី​ក្លាយ​​ជាអ្នក​អភិ​វឌ្ឍនាំមុខគេជាមួយនឹងគុណភាព គុណតម្លៃនិងមោទនភាពជាតិ។ ក្នុងនាម​ជា​ជនជាតិខ្មែរ យើងមានកិត្តិយសក្នុងការនាំមកនូវបុរី ដែលមានការរៀបចំ និងការរចនា​ប្រក​បដោយភាពច្នៃប្រឌិត ក្នុងការសាងសង់ដោយស្នាដៃកូនខ្មែរផ្ទាល់។

គម្រោងនេះអាចធ្វើបាន​ដោយភាពជោគជ័យ និងបន្តអនុវត្តឆ្ពោះទៅអនាគតជានិច្ច ដែលសបញ្ជាក់អំពីគោលបំណង ជម្រុញដល់កូនខ្មែរ ក្នុងការបណ្តុះស្មារតី និងជម្រុញទឹកចិត្ត អោយមានការវិវត្តនលើផ្នែកសំណង់។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekongបានថ្លែងថា ទីផ្សារបុរីនៅកម្ពុជានៅតែមានភាពល្អប្រសើរ ទាំងលំនៅដ្ឋានសាងសង់ថ្មី នៅតាមបុរីនានា និង​លំនៅដ្ឋានទី២ ដែលអ្នកវិនិយោគមួយចំនួនទិញទុកលក់យកចំណេញក្តី ក៏ការលក់នៅតែ​ទទួលបានជោគជ័យ ប៉ុន្តែអ្វីសំខាន់នោះគឺ តើអ្នកអភិវឌ្ឍន៍បានគិតគូពីអតិថិជនគោលដៅ​យ៉ាងដូចម្តេច និងគិតគូពីគុណភាព និងសោភ័ណភាពសំណង់យ៉ាងដូចម្តេចផងដែរ មុន​ពេ​លវិនិយោគ ​ដើម្បីកំ​ណត់ភាពជោគជ័យរបស់ពួកគេនាពេលអនាគត។

លោកបន្តថា “បុរីដែលមានកេរ្ត៍ឈ្មោះល្អ មានសំណង់ប្រកបដោយគុណភាព និងសោ​ភ័​ណភាពល្អ តែងតែទទួលបានការគាំទ្រនិងជោគជ័យនៅលើទីផ្សារ”៕

រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀត នឹងបើកនៅត្រីមាសទី១ឆ្នាំនេះ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀត ឈ្មោះ Battambang Coin Cement ដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង នឹងបើកដំណើរការនៅកំឡុងត្រីមាសទី១ឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី ១៣ កុម្ភៈនេះថា រោងចក្រ Battambang Coin Cement មានសមត្ថភាពផលិតបាន ១,៧លានតោនក្នុងមួយឆ្នាំ អាចនឹងបើក​ដំណើរការនៅខែមិនា ឬមេសាខាងមុខនេះ។ លោកបន្តថា តាមពិតរោងចក្រនេះ​បានសាងសង់រួចរាល់ហើយ ប៉ុន្តែមានបញ្ហាបច្ចេកទេសមួយចំនួន ទើបក្រុមហ៊ុន​សម្រេចពន្យាពេលដំណើរការ។

លោកបន្តថា “រោងចក្រនេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បានក្នុងរង្វង់១,៧លានតោន ដែលមានសមត្ថភាពផលិតប្រហាក់ប្រហែលរោងចក្រស៊ីម៉ងត៍​របស់ក្រុមហ៊ុនជីព ម៉ុងផងដែរ”។

បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនស៊ីម៉ង់ចំនួន៤ កំពុងផលិតស៊ីម៉ងត៍ ដូចជា​ក្រុមហ៊ុន Kampot Cement, Chip Mong Insee Cement, Cambodia Cement Chakrey Ting Factory, និងក្រុមហ៊ុនBattambang Coin Cement ដែលរោងចក្រ​ចុងក្រោយនេះ នឹងចាប់ផ្តើមផលិតនៅកំឡុងត្រីមាសទី១ឆ្នាំនេះ។

លោក យស មុនីរ៉ាត់ បានបន្ថែមថា ស៊ីម៉ងត៍ផលិតក្នុងស្រុកមានគុណភាព​មិន​ចាញ់ស៊ីម៉ងត៍នាំចូលនោះទេ ហើយវត្ថុធាតុដើមរបស់យើងក៏មានគុណភាពល្អ។ ទោះជាផលិតក្នុងស្រុកក្តី ប៉ុន្តែបច្ចេកវិទ្យាប្រើប្រាស់សម្រាប់ការផលិតសុទ្ឋតែនាំចូលពីបរទេស។លោកបន្តថា ប្រសិនជាស៊ីម៉ងត៍ក្នុងស្រុក មិនមានគុណភាព​មិនមែនក្រុមហ៊ុនជប៉ុន ជ្រើសរើសសម្រាប់សាងសង់ស្ពាន ឬអាគាររបស់ពួកគេនោះទេ។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបាន​ថ្លែងថា រហូតមកទល់ពេលនេះ ការផលិតស៊ីម៉ងត៍ក្នុងស្រុក នៅតែមិនអាចឆ្លើយតបបានតាមតម្រូវការនៅឡើយ ព្រោះបច្ចុប្បន្នមានតមម្រូវការស៊ីម៉ងត៍ច្រើនណាស់ ពិសេសវិស័យសំណ​ង់ ដោយសារកម្ពុជាកំពុងសាងសង់អាគារខ្ពស់ៗច្រើន និងវិស័យដទៃទៀត ក៏មាន​ការប្រើប្រាស់ស៊ីម៉ងត៍ច្រើនផងដែរ។

លោកឧកញ៉ាបានបន្តថា “ទោះជាមិនអាចផ្គត់ផ្គង់បានគ្រប់ក្តី ប៉ុន្តែខ្ញុំគិតថា វាអាចរួមចំណែកកាត់បន្ថយ ការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសបានច្រើន”៕

កម្ពុជា ថៃកំពុងស្វែងរកការចាប់ផ្តើមសករាជពាណិជ្ជកម្មថ្មី

0

ដោយ វុត្ថា

ភ្នំពេញ៖ ព្រះរាជាណាចក្រទាំងពីរ គ្រោងនឹងចាប់ផ្តើមសករាជថ្មីមួយទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្ម តាមរយៈគណកម្មការចម្រុះពា​ណិជ្ជកម្ម រវាងប្រទេ​សទាំងពីរ ដែលគ្រោងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ បានជួបជាមួយលោក Jirawuth Suwanna-Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃ ប្រចាំកម្ពុជា និងក្រុមការងារ បានជួបពិភាក្សាគ្នាកាលពីថ្ងៃម្សិលម៉ិញ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ (6th JTC កម្ពុជា-ថៃ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦នឹង  ផ្តោ​តសំខាន់ទៅលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។

លោក Jirawuth Suwanna-Arj ក៏បានជម្រាបជូន លោកប៉ាន សូស័ក្តិអំពីការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ច រវាងប្រទេសទាំងពីរ ក្នុងន័យបង្កើនទំហំពាណិជ្ជកម្ម និងសហប្រតិបត្តការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលនៃកិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ផងដែរ។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូស័ក្តិបានស្វាគមន៍នូវគោលបំណង ក្នុងការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចនេះ និងលើកទឹកឲ្យការរៀបចំនេះទទួលបានជោគជ័យ៕

អគ្គនាយកដ្ឋានពន្ធដារ រកបានចំណូលជិត ១៧០លានដុល្លារក្នុងខែមករា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូ​លចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនប្រមាណ១៧០លានដុល្លារអាមេរិក និងស្មើជាង១០៥ភាគរយនៃផែន​ការប្រចាំខែមករា ឆ្នាំ២០១៨។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុលបានថ្លែងលើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូ​លចំណូលពន្ធប្រចាំ ខែមករា ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តបន្តថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៨កន្លងមកថា ដោយមានការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្រ្តីពន្ធដារ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ និងវិន័យការងារបានល្អប្រសើរ។ ជាលទ្ឋផលជាក់ស្តែង នាយកដ្ឋានថ្នាក់កណ្តាល និងគ្រប់សាខាពន្ធដារខេត្ត-ខណ្ឌ ចូលរួមប្រមូលចំណូលពន្ធបានយ៉ាងល្អប្រសើរ  ពោលគឺអនុវត្តន៍ការប្រមូ​លពន្ធ លើសផែនការដែលកំណត់ដោយច្បាប់ក្នុងខែមករាកន្លងមក។

លោកបន្តថា “ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ជាក់ស្តែងការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងខែមករា ឆ្នាំ២០១៨នេះ ការចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡា​ញបានប្រមាណ១៧០លានដុល្លារអាមេរិក កើនឡើង១៥លានដុល្លារអាមេរិក ស្មើនឹងកំនើន១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

លោក គង់ វិបុល បានបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យបានគ្រប់តាមផែនការប្រមាណ១៩២៣លានដុល្លារអាមេរិកនោះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ថែមទៀត តាមគោ​លនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធា​នការជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឲ្យរដ្ឋបាលពន្ធដារ ក្លាយជាស្ថាប័នរដ្ឋដែលទទួលបាននូវជំនឿចិត្តខ្ពស់ ពីសា​ធារណជនគ្រប់មជ្ឈដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការងារប្រមូលពន្ឋជាការងារមួយលំបាក ប៉ុន្តែលោកឃើញមានវឌ្ឍន​ភាពក្នុងវិស័យនេះ បន្ទាប់ពីមានកំណែទម្រង់ពីអគ្គនាយកដ្ឋានពន្ឋដា ដែលទទួ​ល​បានលទ្ឋផលល្អប្រសើរ ប៉ុន្តែការងារនេះទាមទារឲ្យមានការខិតខំថែមទៀត ដើម្បីប្រមូលពន្ឋឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លោកបន្តថា “ការប្រមូលពន្ឋទាមទារការប្រើប្រាស់កណ្តាប់ដៃដែក និងវិធា​នការណ៍ម៉ឺងមាត់ ព្រោះប្រាក់ពន្ឋអាចបានច្រើនជាងនេះ ប្រសិនជាមានការប្តេជ្ញា​ចិត្តច្បាស់លាស់ និងធ្វើឲ្យវប្បធ៌មបង់ពន្ឋកាន់តែមានប្រសិទ្ឋភាព និងចូលរួមពីភាគីត្រូវបង់ពន្ឋ”៕

ដំណឹងល្អ!! ការិយាល័យប្រភេទថ្មីមួយទៀតឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីផ្សារការិយាល័យថ្មីមួយ ជាការិយាល័យបែបសហកម្មសិទ្ឋបានឈានជើងចូលទីផ្សារកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ។ នេះបើតាមអ្នកជំនាញក្នុង​វិស័យនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ កុម្ភៈនេះថា ការិយាល័យបែបសហ​កម្មសិទ្ឋទំហំ៦០,០០០ម៉ែត្រការ៉េ នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ។ វាជាប្រភេទនៃ​អាគារការិយាល័យបែបសហកម្មសិទ្ឋថ្មីមួយ នៅក្នុងទីផ្សារកម្ពុជា ខណៈការិ​យាល័យប្រភេទនេះ កំពុងដំណើរការយ៉ាងជោគជ័យនៅប្រទេសថៃ ម៉ាឡេស៊ី ហុងកុង និងប្រទេសសាំងហ្កាពួរជាដើម។

អ្នកនាងបន្តថា “វាជាបញ្ហាប្រឈមធំមួយនៅក្នុងទីផ្សារ ព្រោះអ្នកជួលភាគ​ច្រើននៅកម្ពុជា ពួកគេមិនសូវចង់ប្រើប្រាស់ការិយាល័យប្រភេទនេះនោះទេ”។ អ្នកនាងបន្ថែមថា “រហូតមកទល់ពេលនេះ ការិយាល័យទំហំ៣៨៥០,០០០ម៉ែត្រការ៉េរួចហើយ ដែលបាននិងកំពុងដាក់ជួលនៅក្នុងទីផ្សារកម្ពុជា”។

ការិយាល័យបែបសហកម្មសិទ្ឋ មានដូចជា អាគារ TK Royal One និងអាគារការិយាល័យជាច្រើនទៀតនៅទីក្រុងភ្នំពេញ៕

ស្ដេចកសិកម្មនៅកម្ពុជា លោកឧកញ៉ា ម៉ុង រឹទ្ធី បោះជំហានចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ

0

ដោយ ៖ រ៉ាវី

នៅមុននេះ តាមរយៈគណនីមួយដែលស្គាល់ថាជារបស់លោកឧកញ៉ា ម៉ុង រឹទ្ធី ដែលជាកំពូលអ្នកវិនិយោគលើវិស័យកសិកម្មធំជាងគេបង្អស់នៅកម្ពុជា រហូតជាប់រហស្សនាមថាជាស្ដេចកសិកម្មនៅស្រុកខ្មែរ បានសរសេរបង្ហាញពីគោលបំណងវិនិយោគ រួមជាមួយនឹងគម្រោងសាងសង់សំណងផ្ទះបែបប្រណិតសម្រាប់លក់ជូនអតិថិជនដែលមានចំណូលមធ្យម និងលើមធ្យម ដែលស្ថិតចម្ងាយប្រមាណជាង 50គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខណៈដែលតំបន់នឹងត្រូវអភិវឌ្ឍជាសំណង់លំនៅដ្ឋានខាងលើនេះ មានទីតាំងស្ថិតនៅជិតតំបន់ធម្មជាតិ ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីសរុបជាង300ហិកតា ដោយផ្ទះមួយខ្នងត្រូវសង់នៅលើផ្ទៃដីទំហំ 1,200 ម៉ែត្រការ៉េ។

ផ្អែកតាមទំព័រគណនីដដែលបានបង្ហាញថែមទៀតថា ៖ «ដើម្បីកែប្រែលំនៅដ្ឋានប្រជាជនដែលរស់នៅតំបន់ទីជនបទឱ្យក្លាយទៅជាលំនៅដ្ឋានប្រកបទៅដោយផាសុកភាព ខ្ញុំបាន និងកំពុងតែរៀបចំផ្ទៃដីទំហំប្រមាណជាង300ហិកតា សម្រាប់សាងសង់លំនៅដ្ឋានលំដាប់មធ្យប់ក្នុងតម្លៃសមរម្យ នៅលើផ្ទៃដី1,200 ម៉ែត្រការ៉េ សម្រាប់ផ្ទះមួយខ្នងៗ រួមជាមួយនឹងសេវា ដាំ ថែទាំ ដើមឈើហូបផ្លែ មានទឹក ភ្លើង ប្រព័ន្ធសុវត្ថិភាព មានផ្លូវប្រវែងជាង40ម៉ែត្រ សម្រាប់ដើរ ឬជិះកង់ហាត់ប្រាណប្រកបដោយសុវត្ថិភាព។ មានភ្នំដែលខ្ញុំបានថែរក្សាទុក ដើមឈើប្លែកៗរាប់លានដើម ជាច្រើនប្រភេទ ដើមឈើមួយចំនួនបានបញ្ចេញផ្កាទៅតាមរដូវកាលគួរជាទីគយគន់។ មានសត្វព្រៃជាច្រើនប្រភេទ សត្វស្លាប សត្វព្រៃតូចធំ ជាច្រើនដែលរស់នៅតំបន់ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ 50គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ4 ចំណាយពេលមិនដល់មួយម៉ោងផងនោះ » ។

គួរបញ្ជាក់ផងដែរថា សម្រាប់លំនៅដ្ឋានដែលនឹងត្រូវវិនិយោគដោយលោកឧកញ៉ាចិត្តធម៌ ម៉ុង រឹទ្ធី ដែលជាស្ដេចកសិកម្មនៅកម្ពុជាខាងនេះ អាចមានតម្លៃមិនលើសពី10ម៉ឺនដុល្លារនោះទេ ។ នេះបើតាមការបញ្ជាក់ប្រាប់តាមរយៈសំណេរឆ្លើយឆ្លងនៅលើគណនីដដែលនោះ ៕

តើអ្វីដែលអាចឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ធនធាន​មនុស្សមានសារៈសំខាន់ណាស់ ដើម្បីប្រែក្លាយប្រទេស​កម្ពុជាពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំ​ណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ពេជ សោភ័នបានថ្លែងក្នុងជំនួបជាមួយ លោក Edward Vaizey បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីអង់គ្លេសប្រចាំកម្ពុជា ឡាវ និងវៀតណាម នៅរសៀលថ្ងៃទី១២ខែកុម្ភៈនេះថា សព្វថ្ងៃកម្ពុជាបានឈានពីប្រទេស ដែលផ្អែកលើកសិកម្មសុទ្ធសាធ ទៅជាប្រទេសមួយ ដែលពង្រីកទៅជាផ្នែកឧស្សាហកម្ម ដូច្នេះចំពោះទីផ្សារការងារពេលបច្ចុប្បន្ន គឺប្រែក្លាយេពីផ្នែកកសិកម្ម គឺផ្នែកឧស្សាហកម្ម ដែលក្នុងមួយឆ្នាំៗតម្រូវការទីផ្សារការងារខាងផ្នែកនេះ គឺមានច្រើនជាបន្តបន្ទាប់។

លោកបន្តថា “ប្រទេសកម្ពុជាកំពុងប្រែក្លាយពីប្រទេស មានប្រាក់ចំណូ​លមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ប៉ុន្តែដើម្បីអាច ធ្វើទៅបានអ្វីសំខាន់បំផុតគឺធនធានមនុស្ស”។លោកបន្តថា “ធនធានមនុស្សនេះហើយ ដែ​លទាមទារឲ្យមានការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជួយបណ្តុះពលករ និងអ្នកធ្វើការរបស់កម្ពុជាឲ្យមានសមត្ថភាព គុណភាព ហើយដើម្បីអាចធ្វើទៅបាន លុះត្រាតែកម្មវិធីរបស់ប្រទេសមានគុណភាព”។

លោក ពេជ្រ សោភ័ន បាបន្តថា ជាការំពឹងទុករបស់កម្ពុជា គឺសង្ឃឹមថាភាគីចក្រភពអង់គ្លេស នឹងយល់ព្រមទទួលសំណើររបស់កម្ពុជាដែលអាចឲ្យភាគីទាំងពីរធ្វើការរូមគ្នាយ៉ាងម្តេច ដើម្បីពង្រីកនូវគម្រោងអភិវឌ្ឍន៍កម្មវិធីសិក្សាតាមរយៈធ្វើកម្មវិធីសិក្សា ដើម្បីអាចផ្សព្វផ្សាយគម្រោងទាំងនេះទៅជំនាញដទៃទៀត ក៏ដូចជា អាចពង្រីកលើការជួយបណ្តុះបណ្តាលដល់អ្នកបច្ចេ​កទេសកាន់តែច្រើន ព្រោះគម្រោងដែលទើបចាប់ផ្តើមនេះ គឺអាចជួយបណ្តុះបណ្តាលធនធានមនុស្សបានចំនួនតិចតួចប៉ុណ្ណោះ៕