ឥណទានចំនួន ៤២០០លានដុល្លារ បានស្រោចស្រពក្នុងសេដ្ឋកិច្ចកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទឹកប្រាក់សរុប៤,២០០លានដុល្លារអាមេរិក ត្រូវបានស្រោចស្រព​ក្នុងសេដ្ឋកិច្ចកម្ពុជា ដែលមនុស្សជិត១,៨លាននាក់កំពុងតែសកម្ម ក្នុងសកម្មភាព​សេដ្ឋកិច្ចជាតិ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានមានប្រ​សា​ស​ន៍​ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យ​មីក្រូហិរញ្ញ​វត្ថុនៅកម្ពុជា ” ដែល​រៀបចំឡើងដោយធនាគារ ជាតិនៃកម្ពុជានៅថ្ងៃទី១២ ខែកុ​ម្ភៈ​ឆ្នាំនេះថា ឥណ​ទាន​សរុបចំនួនជាង១៧​ទ្រីលានរៀល ឬប្រ​ហែ​ល​៤២០០លា​ន​ដុល្លារនេះ​ បានផ្ត​ល់ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន៧៦ និងប្រតិ​បត្តិ​ក​រឥណ​ទាន​ជនបទចំនួន៣០២ រួមទាំបណ្តាញប្រតិបត្តិ​ការ ដែលបានធ្វើប្រ​តិបត្តិការនៅ​ទូទាំ​ងផ្ទៃប្រទេសផងដែរ​។

យោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងផងដែរ​ថា ប្រជាពលរដ្ឋពេញវ័យបាន និងកំពុងប្រើប្រាស់​សេវាហិ​រញ្ញវត្ថុ ផ្លូវ​ការបាន​កើន​ពីប្រមាណ៨,៧ភាគរយកាលពីឆ្នាំ២០០៦។​វិស័យមីក្រូ​ហិរញ្ញ​វត្ថុ ក៏បាននិងកំពុង​ផ្តល់សេវារបស់ខ្លួន​យ៉ាងទូលំទូ​លា​យ ទូទាំងផ្ទៃប្រទេ​ស​​កម្ពុ​ជា​រហូតដល់ថ្នាក់ឃុំ-ភូមិទៀតផង។

លោក ជា ចាន់តូ បានបន្តទៀតថា នៅឆ្នាំ២០១៧កន្លង​ទៅនេះ ទំហំនៃ​បា្រក់បញ្ញើក៏មានការកើនឡើង​ផង​ដែរ ដែលមានទំហំទឹកប្រាក់​ប្រមា​ណ១,៩៥០​ ​លានដុល្លារអាមេរិក និងទទួល​បានពីអ្នកផ្ញើប្រាក់ជាង​១,៧លា​ន​នា​ក់​។

លោកបន្តថា “​ការរីក​ចម្រើនរបស់វិស័យមីក្រូ​ហិរញ្ញ​វត្ថុកម្ពុជា នាពេ​ល​នេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញ ពី​កិច្ច​ខិត​ខំប្រឹងប្រែង​របស់រាជ​រដ្ឋាភិបាលកម្ពុជា”។ ​

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​បានថ្លែងថា ទំហំឥណទាន និងប្រាក់បញ្ញើរក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា មានសញ្ញា​វិជ្ជមាន និងស្ថិតក្រោមលក្ខខ័ណ្ឌមួយដែលអាចគ្រប់គ្រងបាន ក្នុងសេដ្ឋកិច្ចជាតិ​។លោកបន្តថា ការដាក់ចេញបទបញ្ញត្តិជាបន្តបន្ទាប់របស់ធនាគារជាតិ នៃកម្ពុជា​ជាការធ្វើយ៉ាងណា ដើម្បីទប់ស្កាត់លំហូរឥណទានខ្ពស់ពេក ព្រោះនៅពេល​ឥណ​ទានកើនខ្ពស់ពេក ធៀបនឹងប្រាក់ចំណូលជាតិសរុប នឹងធ្វើឲ្យមានវិបត្តិ​សង្គម និងហានិភ័យដល់សេដ្ឋកិច្ចជាតិ។

លោកបន្តថា “ឥណទានប្រៀបបីដូចជាខ្លាញ់ក្នុងខ្លួនមនុស្ស មនុស្សត្រូវការ​ខ្លាញ់ក្នុងរាងកាយ ប៉ុន្តែបើខ្លាញ់ច្រើនពេក ក៏រាងកាយដំណើរការមិនបានល្អប្រ​សើរផងដែរ”៕

អនាគតនៃទីក្រុងភ្នំពេញ នឹងមានអគារខ្ពស់លូតឡើងកាន់តែច្រើន

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្ថិតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ប្រទេ​សកម្ពុជាបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ហើយអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះក្នុងរយៈពេលប៉ុន្មានចុងនេះ គេឃើញមានសំណង់អគារធំតូច ជាច្រើនរីកដុះដាលដូចផ្សិតនៅពាសពេញផ្ទៃនៃប្រទេសកម្ពុជា។

ទំាងនៅក្នុងទីក្រុង និងតាមបណ្តាលខេត្ត ដែលមានសក្តានុពលសេដ្ឋកិច្ច លើវិស័យទេសចរណ៍មួយចំនួនទៀត រួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ និង ខេត្តបាត់ដំបង ជាដើម។ល។ អ្វីដែលកាន់តែអស្ចារ្យជាងនេះ ទៀតនោះនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗជាង៧០០អាគារដែលធ្វើឲ្យទីក្រុងនេះ ក្លាយជាមណ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថាជាង១ទសវត្ស នេះរាជធានីភ្នំពេញ បានក្លាយជាទីក្រុងមួយកំពុងតែមានការអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ ជាពិសេសនោះ សំណង់អគារខ្ពស់ៗតែម្តង បានរីកលូតលាស់កាន់តែច្រើននៅចំកណ្តាលក្រុង ដែលជាប៉ូលសេដ្ឋកិច្ច។

លោក ឆាយ គឹមហេង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនច្រើនលើវិស័យអចលនទ្រព្យហើយក្រៅពីនេះសំណង់អគារខ្ពស់ៗ កំពុងតែរីកលូតលាស់ច្រើននៅក្នុងទីក្រុងនេះ ហើយសម្រាប់នៅជាយក្រុងវិញ ក៏មានការអភិវឌ្ឍន៍ជឿនលឿន ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អស្ទើរគ្រប់កន្លែង។

លោកបានបង្ហាញសុទិដ្ឋិនិយមថា “បើគិតចាប់ពី១០ឆ្នាំទៅមុខទៀត នៅកណ្តាលទីក្រុងនឹងមានអគារខ្ពស់ខុនដូ មិនចាញ់ប្រទេសក្នុងតំបន់នោះទេ ហើយការរីកចម្រើននេះ បានមកពីកម្ពុជារាជរដ្ឋាភិបាលផ្តល់ ឱកាសច្រើនដល់អ្នកវិនិយោគ”។

សម្រាប់ប្រជាពលរដ្ឋមួយចំនួនទៀត បានលើកឡើងស្រដៀងគ្នាថា បើធៀបកាលពីជិត២០ឆ្នាំមុន នៅទីក្រុងភ្នំពេញមិនមានការអភិវឌ្ឍន៍ ដូចសព្វថ្ងៃនោះទេ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស មកអភិវឌ្ឍន៍បានយ៉ាងលឿងជាក់ស្តែង ដូចជា នៅខណ្ឌចំការមន តំបន់កោះពេជ្រ និងភូមិសាស្ត្រសង្កាត់បឹងកេងកង សុទ្ឋតែជាទីតាំងដែលអ្នកអភិវឌ្ឍន៍កំពុងប្រកួតប្រជែងគ្នាសាងសង់អាគារខុនដូ អាផាតម៉ិន ការិយាល័​យ និងអាគារពាណិជ្ជកម្មកប់ពពក។

ចំណែកអ្នកជំនាញអចលនទ្រព្យ និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Brother Real Estate បានថ្លែងថា រយៈពេលពី៣ឬ៥ឆ្នាំទៀត ការរីកលូតលាស់សំណង់អគារខ្ពស់ៗ នៅក្នុងប្រទេសកម្ពុជាពិសេសរាជធានីភ្នំពេញ តែម្តងកាន់តែមានការរីកចម្រើនលឿនជាមួយ និងកំណើនសេដ្ឋកិច្ចជាតិដែលសេដ្ឋកិច្ចកម្ពុជា រក្សាបានកំនើនក្នុងរង្វង់៧ភាគរយជាប្រចាំ ហើយក្រៅពីនេះការវិនិយោគមកពីក្រៅប្រទេ​សមានចម្រុះជាតិសាសដូចជា វិនិយោគិនចិន ជប៉ុន កូរ៉េនិងប្រទេសសិង្ហបុរីជាដើម។

លោកបន្ថែមថា ស្របពេលរាជធានីភ្នំពេញមានការវិនិយោគ និងការអភិវ​ ឌ្ឍសន្ទុះ នៃការសាងសង់សំណង់អគារទំនើបខ្ពស់ៗ ស្ថិតក្នុងការរីកច្រើននៅទីក្រុងគួរឲ្យកត់សម្គាល់ ហើយការរីកដុះដាលនូវសំណង់អគារនៅក្នុងទីក្រុងជាសញ្ញាអភិវឌ្ឍន៍មួយមានភាពវិជ្ជមាន”។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ទុនវិនិយោគក្នុងវិស័យនេះ មានចំនួនជាង៦៤០០លានដុល្លារអាមេរិក កាលពីឆ្នាំមុន៕

កំឡុងពេល​អន្តរកាល​បែបនេះ គួរ​វិនិយោគ​លើ​អចលនទ្រព្យ​យ៉ាងដូចម្តេច?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  ស្ថិតក្នុង​កំឡុងពេល​អ​ន្ត​រកា​ល​បែបនេះ តើ​អ្នក​មានបំណង​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គួរ​វិនិយោគ​បែបណា និង​នៅ​ទីតាំង​ណា ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់?

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១២ កុម្ភៈ​នេះ​ថា ក្នុងកំឡុងពេល​នេះ អ្នកវិនិយោគ​ដែលមាន​ពីរ​សណ្ឋាន គឺ​វិនិយោគ​សម្រាប់​រស់នៅ និង​វិនិយោគ​ដើម្បី​ទុក​លក់​យកចំណេញ។ អ្នកវិនិយោគ​សម្រាប់រ​ស់​នៅ វា​ជា​ពេល​គួរ​ជា​ពេលធ្វើ​ការវិនិយោគ ព្រោះ​ជា​ពេលដែល​តម្លៃ​អចលនទ្រព្យ ឬ​លំនៅដ្ឋាន​បានបញ្ចប់​ការសាងសង់​ច្រើន ដែល​ធ្វើ​ឲ្យ​មាន​ជម្រើស​ច្រើន​សម្រាប់​ជ្រើសរើស។

ចំណែក​អ្នកទិញ​លំនៅដ្ឋាន​រួច ក៏បាន​ដាក់លក់​ក្នុងតម្លៃ​ល្អ​ផងដែរ ក្នុងកំឡុងពេល​នេះ។

អ្នកនាង​បាន​បន្តថា ចំណែក​ការវិនិយោគ​យកចំណេញ អ្នកវិនិយោគ​គួរ​ផ្តោតលើ​ទីតាំង កុំ​ទិញ​ដី​ឬ​អចលនទ្រព្យ​ក្នុង​ទំហំ​ធំ​ពេក ដើម្បី​ងាយស្រួល​រក​អតិថិជន​និង​ងាយស្រួល​ក្នុង​ការលក់​ចេញ។ អ្នកនាង​បន្តថា ផ្ទុយទៅវិញ បើ​ទិញ​អចលនទ្រព្យ​សម្រាប់​ជួល គួរផ្តោត​លើ​តំបន់​មាន​ផ្សារ សាលារៀន តំបន់​មាន​ហាង​លក់ អាហារ និង​ភេសជ្ជៈ​ច្រើន ពោល​គឺជា​តំបន់​ប្រមូលផ្តុំ​មនុស្ស​រស់នៅ​ច្រើន។

នាយិកា​រូបនេះ​បាន​បន្តថា “អ្វី​ត្រូវផ្តោត​សំខាន់​មួយទៀត គឺ​គួរ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មាន​ឯកសារ​គ្រប់គ្រាន់ និង​មើល​ពី​តម្រូវការ​នៃ​និន្នាការ​ទីផ្សារ​ជាក់ស្តែង​នៅ​តំបន់​នោះ”៕

អ្នកទិញដីឡូត៍ត្រូវប្រយ័ត្នរឿងអ្វីខ្លះ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលទីផ្សារដីឡូត៍បន្តកើនឡើង បញ្ហាប្រឈមជាច្រើនក៏បាននិងកំពុងកើតមាន​ជាបណ្តើរៗផងដែរ ដោយសារម្ចាស់ដីឡូត៍មួយចំនួនបាន បោកប្រាស់អតិថិជនរបស់ខ្លួន។

ថ្ងៃនេះ ស្ថាបនិកគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេមួយនៅកម្ពុជា គឺ Propertyarea.asia លោក លាងគង់ យិន សូមបង្ហាញនូវចំណុចរសើបមួយចំនួន ដែលបាននិងកំពុងកើតមាន។

ទី១ ការកក់ប្រាក់ដោយគ្មានប្លង់

បច្ចុប្បន្ននេះម្ចាស់ដីឡូត៍ជាច្រើន បានលក់ដីដល់អតិថិជន តាមរយៈកិច្ចព្រមព្រៀងគ្នារវាងអតិថិជន និងក្រុមហ៊ុន ដោយគ្មានការដឹកលឺពីអាជ្ញាធរដែនដី ឬ​មន្រ្តីជំនាញសូរិយោដីឡើយ។ ករណីនេះ ជាចំណុចមានហានិភ័យខ្ពស់ ព្រោះម្ចាស់ដីឡូត៍ខ្លះ តម្រូវឲ្យអតិថិជនបង់ប្រាក់រហូតដល់ ១០០ភាគរយ ទើបចេញប្លង់ស្របច្បាប់ឲ្យ។

ករណីបែបនេះ ជាហានិភ័យខ្ពស់បំផុត ព្រោះពេលបង់លុយគ្រប់ ម្ចាស់ដីឡូត៍បានប្តួរម្ចាស់ ឬផ្ទេរប្លង់រ៉ឹងទៅឲ្យអ្នកផ្សេង ឬប្លង់នោះនៅជាប់នឹងធនាគារ ពិតជាគ្រោះថ្នាក់បំផុតសម្រាប់អ្នកទិញ ឬមានវិវាទកើតឡើង ដែលនាំរឿងស្មុគ្រស្មាញជាច្រើន ដែលយើងទាំងអស់គ្នាមិនចង់បាន។

ទី២ ការបង្វែរសាច់រឿង

ករណីពុះដីឡូត៍កើតឡើងជាក់ស្តែងមួយកន្លែង បានកើតឡើងរួចទៅហើ​យ គឺស្ថិតនៅទីតាំងក្បែរបុរីពិភពថ្មី​ឈូកវ៉ា២ ដែលមានក្រុមហ៊ុនមួយពុះដីឡូត៍លក់នៅពេលដីទីនោះមានតម្លៃទាប ប៉ុន្តែពេលបុរីពិភពថ្មី២ប្រកាស ដីនៅតំបន់នោះបានឡើងថ្លៃខ្ពស់ ដែលបានធ្វើឲ្យម្ចាស់ដីឡូត៍នោះ ក្រឡុកអតិថិជន តាមរយៈការផ្តល់ប្រាក់សំណង ឬសុំដោះដូរដី ក្នុងហេតុផលមិនចេះចប់មិនចេះហើយ។

អ្នកទិញដីឡូត៍នៅទីនោះ មានភាពស្រដៀងគ្នានឹងករណីទី១ដែរ ដោយម្ចាស់ដីឡូត៍ និងអ្នកទិញបានព្រមព្រៀងគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុន ដោយគ្មា​នការដឹកលឺពីអាជ្ញាធរដែនដី និងមន្រ្តីជំនាញសូរិយោដី។

ករណីនេះជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម និងសំណង់រួចហើយ ប៉ុន្តែការដោះស្រាយវិវាទនេះមិនទាន់បញ្ចប់ទេ។

ទី៣ ករណីមិនបំបែកក្បាលដី

ករណីមិនបំបែកក្បាលដី មានភាពស្រដៀងគ្នានឹងករណីទី១ និងទី២ ដែរ ដែលម្ចាស់ដីឡូត៍ បានលក់ដីដឹងលឺត្រឹមអាជ្ញាធរឃុំ ឬសង្កាត់ ប៉ុន្តែមិនបានបំបែកក្បាលដីដល់អ្នកទិញ ក្នុងពេលដីនោះស្ថិតនៅជាប្លង់រ៉ឹងនៅឡើយ ហើយជាអាជ្ញា​ធរមូលដ្ឋាន ដែលអនុវត្តន៍ច្បាប់នៅទន់ខ្សោយបានធ្វើមិនដឹង មិនលឺពីភាពខុសច្បាប់នេះ។

អាជ្ញាធរឃុំ សង្កាត់មិនមានសមត្ថកិច្ចប្រថាប់ត្រា ស្របច្បាប់លើភាពជាកម្ម​សិទ្ឋនៃដីណាមួយទេ មានសិទ្ឋត្រឹមតែប្រដាប់ត្រាដឹងលឺតែប៉ុណ្ណោះ។

ករណីបែបនេះបាន និងកំពុងកើតមានជាច្រើន នៅក្នុងទីផ្សារដីឡូត៍នាពេល​​សព្វថ្ងៃនេះ។

ទី៤ ការយកដីអ្នកផ្សេងមកលក់

ករណីបែបនេះបានកើតមានផងដែរ នៅក្នុងតំបន់ភ្នំប្រសិទ្ឋ ជាកន្លែងពុះដីឡូត៍បានរីកដូចផ្សិត។ មានក្រុមហ៊ុនមួយ គ្រាន់តែកក់លុយម្ចាស់ដី១០ ទៅ២០ភាគរយ ក៏បានពុះដីនោះជាឡូត៍ ដើម្បីលក់ជូនអ្នកទិញឬអតិថិជន ដោយ​សន្យាបង់ប្រាក់បង្រ្គប់នៅពេលក្រោយ។

នៅពេលក្រុមហ៊ុននោះ មិនបង់លុយតាមការសន្យា ម្ចាស់ដីបានរឹបអូសយក​ដីរបស់ខ្លួនឡើងវិញ ដែលធ្វើឲ្យអ្នកទិញដីឡូត៍ក្នុងគំរោងនោះ ជួបបញ្ហាជាច្រើន មិនអាចដោះស្រាយបានរហូតបាត់បង់លុយគួរឲ្យសោកស្តាយ។

ទី៥ ការទិញដីឡូត៍វិនិយោគមិនសូវមានផលចំណេញទេ

ម្ចាស់ដីឡូត៍ភាគច្រើន បានទិញក្នុងតម្លៃថោក និងលក់វិញក្នុងតម្លៃថ្លៃដែ​ល​ធ្វើឲ្យអត្រាចំណេញពីការវិនិយោគ (Return of investment) តិច ដោយសារ​ម្ចាស់ដីបានយកចំណេញកប់ពពករួចទៅហើយ។ ចំណុចមួយទៀត ម្ចាស់ដីឡូត៍​មួយចំនួនបានតម្រូវឲ្យបង់ប្រាក់ ដោយអះអាងថាគ្មានការប្រាក់ ប៉ុន្តែតាមពិតពួកគេបានបង្កប់អត្រាការប្រាក់ក្នុងនោះរួចទៅហើយ។

ទី៦ ទីតាំងដីឡូត៍មិនងាយអភិវឌ្ឍន៍

តំបន់ដីឡូត៍ពុះលក់ ជាតំបន់ដែលមិនងាយអភិវឌ្ឍន៍នោះទេ ដោយសារអ្នក​ទិញភាគច្រើន រង់ចាំទុកលក់យកចំណេញ និងរង់ចាំមើលគ្នា ខណៈដីឡូត៍ទាំងនោះ មិនមានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ និងមិនមានប្លង់អភិវឌ្ឍន៍ច្បា​ស់លាស់។

កត្តាមួយទៀត ដែលអ្នកទិញដីឡូត៍គួរពិចារណា គឺសំណង់នៅតំបន់ដីឡូ​ត៍ភាគច្រើន មិនមានរបៀបរៀបរយនោះទេ ដោយសារម្ចាស់ដីសាងសង់ផ្ទះតាមម៉ូត ដែលខ្លួនឯងស្រលាញ់រៀងៗខ្លួន ដោយសារមិនមានការកំណត់ឬការឌីសា​ញគំរោងច្បាស់លាស់ពីម្ចាស់ដីឡូត៍នោះ។

អ្នកលក់ដីឡូត៍៩៩ភាគរយ ពេលលក់អស់ដីរបស់ខ្លួន មិនបាននៅគិតគូរពីហេដ្ឋារចនា​សម្ព័ន្ឋ ឬការគ្រប់គ្រងដីដែលខ្លួនបានពុះឡូត៍លក់នោះទេ៕

បាល់ទាត់ចេញពីកម្ពុជា៖ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវចាប់ផ្តើមមានសង្ឃឹម

0

ដោយ វុត្ថា

ភ្នំពេញ៖ តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលស្ថិតនៅតំបន់ប្រសព្វគ្នារវាងកម្ពុជា វៀតណាម និងឡាវចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍន៍បណ្តើរៗហើយ បន្ទាប់ពីគំ​រោងអភិវឌ្ឍន៍នៅតំបន់នេះ បានជាប់គាំងអស់ប៉ុន្មានឆ្នាំកន្លងមកនេះ។

ជាការបោះបាល់មួយពីភាគីកម្ពុជា នាព្រឹកថ្ងៃទី១០ កុម្ភៈនេះ រដ្ឋលេខាធិកា​រក្រសួងពាណិជ្ជកម្ម លោកកឹម ស៊ីថន បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោ​ណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនៅវិមានរដ្ឋសភា។

កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងតំណាងគណៈកម្មការទី៤ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ឋជា​ច្រើនទៀត។

តំបន់ត្រីកោណអភិវឌ្ឍន៍ ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាទីតាំងមានភាពប្រសព្វគ្នារវាងកម្ពុជា វៀតណាម និងប្រទេសឡាវ។

បន្ទាប់ពីបានពិនិត្យ ពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ជាលទ្ធផលអង្គប្រជុំ ជាពិសេសគណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាពទាំងស្រុងដោយឥតមានកែប្រែលើកសេចក្តីព្រាងច្បាប់នេះ។

កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវនេះ មានគោលបំណងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាមធ្យោបាយមួយ ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍រវាង តំបន់ត្រីកោណនិងតំបន់ដទៃទៀត។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ទី១ បង្កើនសក​ម្មភាពជំរុញពាណិជ្ជកម្ម ទី២ បង្កើតបរិយាសធុរកិច្ចល្អប្រសើរ ទី៣ សម្រួលបំលាស់ទីរបស់ប្រជាជន យានយន្ត និងទំនិញនៃប្រទេសទាំងបីក្នុងតំបន់ត្រីកោណ  និងទី៤បង្កើនលក្ខខណ្ឌអនុគ្រោះ ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕

ក្រសួងទេសចរណ៍ប្រែក្លាយតំបន់អារ៉ែង ជាសហគមន៍ទេសចរណ៍តំបន់ព្រៃត្រូពិកធំជាងគេនៅអាស៊ីអាគ្នេយ៍

0

ដោយ រ៉ាវី

ភ្នំពេញ ពីមុនយើងមិនធ្លាប់លឺពីតំបន់អារ៉ែងឡើយ ប៉ុន្តែតំបន់អាថ៌កំបាំងមួយនេះ ត្រូវបានប្រជាជនស្គាល់យ៉ាងទូលំទូលាយ ដោយសារការផ្សព្វផ្សាយពី​រដ្ឋាភិបាល និងការចាកចេញរបស់លោកអាឡិក ដែលជាប្រធានអង្គការមាតាធម្ម​ជាតិចេញពីតំបន់នេះ។
ជាមួយនឹងកិច្ចខិតខំថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកស្រឡាញ់ និងសេ្នហាសម្បត្តិធម្មជាតិនៅកម្ពុជា ក្រោមការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនផងដែរនោះ អារ៉ែង ដែលជា​តំបន់​ព្រៃ​ត្រូ​ពិ​ក​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​ទស្ស​នីយ​ភាព​ទេសចរណ៍​ស្រស់​បំព្រង និង​ពោរពេញ​ទៅដោយ​ធនធានធម្មជាតិ​ និងជីវចម្រុះយ៉ាង​សំបូរបែប បាន ផ្លាស់ប្ដូរមុខមាត់ថ្មីពីតំបន់ព្រៃដ៏ស្ងាត់ជ្រងំ ទៅជាតំបន់សហគមន៍ទេសចរណ៍ដ៏អស្ចារ្យជាងគេនៃតំបន់ព្រៃត្រូពិក។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងក្នុងសប្តាហ៍នេះថា ក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) នឹង​ជួយ​ជ្រោមជ្រែង​សហគមន៍​ទេសចរណ៍​អា​រ៉ែ​ង​ ឱ្យមាន​ការរីកចម្រើន​ កាន់តែខ្លាំង ដំ​ដៅ​ជំរុញ​ឱ្យ​ប្រជា​សហគមន៍ ​ចូលរួមចំណែក​ការពារ​ធនធានធម្មជាតិ​តាមរយៈ​ ការទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​តំបន់​នេះ។

លោកថ្លែងទៀតថា ក្រសួងទេសចរណ៍​បាន​បណ្តុះបណ្តាល​លើ​ជំនាញ​មគ្គុទេសក៍​ទេសចរណ៍​សហគមន៍ សុវត្ថិភាព​ចំណីអាហារ អនាម័យ និង​បរិស្ថាន​ដល់​ប្រជា​សហគមន៍​នៅ​តំបន់​នោះ។ ក្រៅពីនេះ​យើង​ក៏បាន និង​កំពុង​សាងសង់​ហេ ដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទូរគមនាគមន៍ ម​ណ្ឌ​សុខភាព មណ្ឌលរដ្ឋបាល និង​សកម្មភាព​ជាច្រើន​ទៀត​ ដើម្បី​ជំរុញ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ដល់​ ភ្ញៀវទេសចរ​ដែលមាន​បំណង​ទៅ​ទស្សនា​តំបន់​អា​រ៉ែ​ង រួមទាំង​ប្រជាជន​ដែល​រស់នៅ​តំបន់​នេះ​ផ្ទាល់។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍​នឹង​ផ្តល់​កុំព្យូទ័រ​ចំនួន៤គ្រឿង ​ដល់​សហគមន៍ បំពាក់​ឧបករណ៍​សំឡេង​ចល័ត២គ្រឿង ផ្តល់​ការបណ្តុះបណ្តាល​ម​គ្គុទ្ទេសទេសចរណ៍ អ្នកជំនាញ​ចំអិន​ម្ហូបអាហារ អ្នកផលិត​ចម្រៀងបង្ហាញ​អំពី​សក្តានុពល​អេកូ​ទេសចរណ៍ រួមជាមួយនឹងការផ្តល់ជូននូវអណ្តូងទឹក​មួយចំនួន​ថែម​ទៀតផងដែរ។

ភ្ជាប់ទៅនឹងគម្រោងនៃការអភិវឌ្ឍន៍តំបន់ព្រៃត្រូពិកអារ៉ែង ក្រោមការបង្ហា​ញដោយក្រសួងទេសចរណ៍ខាងលើនេះ ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ លោ​កស្រី Suwanna Gauntlett ដែល​កំពុងធ្វើការ​ងារ​នៅ​តំបន់​អា​រ៉ែ​ង​បាន​លើកឡើងថា កញ្ញា​ចង់ឃើញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​តំបន់​អា​រ៉ែ​ង​នេះ ព្រោះថា​នៅពេលដែល​ពួកគេ​បង្កើត​តំបន់​នេះ​ ទៅជា​តំបន់​ទេសចរណ៍ ប្រជាជន​នឹង​បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​ យ៉ាងសំខាន់​របស់​ធនធាន​ធម្មជាតិ ឈប់ប្រមាញ់ និងសម្លាប់សត្វព្រៃ ហើយងាកមកចូលរួមថែរក្សា ការពារធនធានធម្មជាតិទាំងអស់គ្នា ដើម្បីទទួលបានប្រយោជន៍រួមទាំងអស់គ្នា ។

ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​សហគមន៍​នៅ​តំបន់​នេះ ​អាចនឹងទទួល​បាន​ផលប្រយោជន៍​ច្រើនជាង​ការ​បរបាញ់​សត្វ និង​កាប់​ព្រៃឈើ។ ជា​បទពិសោធន៍ ដូចជា ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត់ ប្រជាជន​បាន​ឈប់​បាញ់​សត្វ កាប់​ព្រៃឈើ ហើយ​ងាក​មក​ប្រកបមុខរបរ​ផ្តល់​សេវា​ទេសចរណ៍ ​ដូច​ជា ម​គ្គុ​ទេស​ទេសចរ ចុងភៅ​ចល័ត ផ្ទះ​ស្នាក់នៅ​សហគមន៍ ផ្តល់​សេវា​ម្ហូបអាហារ និង​ដឹកជញ្ជូន​ជាដើម៕

តើ Property Management មានសារៈសំខាន់ដូចម្តេចសម្រាប់អ្នកវិនិយោគ

0

គង់ សូរិយា
ភ្នំពេញ ស្របពេលកម្ពុជាមិនទាន់មានក្រុមហ៊ុន​ច្រើន មានជំនាញខាងការគ្រប់គ្រងអចលនទ្រព្យ(property Management) អ្នកអភិវឌ្ឈន៍មួយចំនួនមិនសូវ​មានការយល់ដឹង ពីផ្នែកដ៏មានសារៈសំខាន់នេះនោះទេ ខណៈសេវាគ្រប់គ្រងអច​លនទ្រព្យ គឺជាសេវាមួយដែលបានជួយផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគ។


នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលម៉ិញ បន្ទាប់ពីក្រុមហ៊ុនអន្តរជាតិមួយនេះ ទទួលបានសិទ្ឋគ្រប់គ្រងអាគារDiamond Twin Towerនៅទីក្រុងកោះពេជ្រថា បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នក​ជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើឲ្យអចលនទ្រព្យកើនឡើង និងធ្វើឲ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអាគារនោះ។

អ្នកនាងបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអច​លនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលន​ទ្រព្យបែបនេះច្រើននៅឡើយ”។

អ្នកនាងអាន សុធីតាបានបន្តថា ការផ្តល់សេវាគ្រប់គ្រងអាគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុន​គ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើ​យថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ៕

ជប៉ុនផ្តល់លុយ ២.៨៤០លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍កម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទាន២៨៤០លានដុល្លារអា​មេរិក គិតពីទសវត្សរ៍ទី៩០ រហូតដល់ដំណាច់ឆ្នាំមុន និងគ្រោងផ្តល់ហិរញ្ញប្បទានសរុបប្រមាណ១៦៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឈន៍កម្ពុជា។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានបង្ហា​ញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅក្នុងនាមប្រទេសជាមិត្ត ប្រទេសជប៉ុន នឹងជួយពន្លឿន ការកាត់បន្ថយនូវភាពក្រីក្រនៅកម្ពុជា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ការបន្តផ្តល់ហិរញ្ញប្បទានដ៏សន្ធឹកសន្ធាប់នេះ គឺបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត ស្របតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងនោះបើគិតត្រឹមឆ្នាំ២០១៧ភាគីជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានសរុប ប្រមាណជា២.៨៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យអទិភាពខាងលើនៅកម្ពុជារួចហើយ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយស្តីពី ហិរញ្ញប្បទានស​ហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ លោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយ​ករដ្ឋមន្រ្តី និងភាគីជប៉ុនតំណាងដោយ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ភាគីទាំងពីរបានពិភាក្សា ការផ្លាស់ប្តូរយោបល់ រួមគ្នាលើវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈម ក្នុងការអនុវត្តន៍គម្រោងសហប្រតិបត្តិការកន្លងមក និងការបន្តការពង្រីកប្រសិទ្ធភាព នៃការអនុវត្តន៍គម្រោងទៅពេលអនាគត ដោយភាគីទាំងពីក៏បានឯកភាពពង្រីងកិច្ចសហប្រតិបត្តិការ តាមរយៈការ អនុវត្តន៍គោលនយោបាល គឺផ្តោតទៅលើការងារអទិភាពចំនួន៣រួមមាន ការគាំទ្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល។

លោកឯកអគ្គរដ្ឋទូតជប៉ុនបានឲ្យដឹងថា “រាជរដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទាន សរុបប្រមាណ១៦៨លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអទិភាពជាច្រើន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើ ឲ្យបានសម្រេចតាមវឌ្ឍនភាពអភិវឌ្ឍន៍”។ លោកបន្តថា ការផ្តល់ហិរញ្ញប្បទានទៅពេលអនាគត នឹងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈការអនុវត្តគម្រោងថ្មីៗទៅតាមប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា បន្ទាប់ពីដំណើរទស្សនកិច្ច ជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅប្រទេសជប៉ុន ដែលរួមមាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងចរាចរក្នុងក្រុង គម្រោងធ្វើឲ្យប្រសើប្រព័ន្ធភស្តុភាកម្មនៅកម្ពុជា និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបម្រើវិស័យ ឧស្សាហកម្ម “។

នៅក្នុងឆ្នាំ២០១៧រាដ្ឋាភិបាល ប្រទេសទាំងពីរបានចុះហត្ថលេខា លើឯកសារផ្តល់ហិរញ្ញប្បទានចំនួន២ គឺគម្រោងអភិវឌ្ឍន៍ផែរកុងតីន័រថ្មី គម្រោងធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ គម្រោងធ្វើឲ្យប្រសើឡើងនូវកំណាត់ផ្លូវជាតិលេខ៥ខាងត្បូង ក្នុងជំហានទី២ គម្រោងសាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងគម្រោងសាងសង់វិទ្យាស្ថានគរុគោសល្យនៅភ្នំពេញ និងបាត់ដំបង សរុបជាទឹកប្រាក់ប្រមាណ៤៥២លា​ន​ដុល្លារ៕

ក្រឡាប់ចាក់៖ អាគារកំពស់ ៦០០ម៉ែត្រជារបស់ Royal Group, មិនមែន Thai Bunrong ទេ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អាថ៌កំបាំងបានបញ្ចេញច្បាស់លាស់ហើយ ដោយ​ការសាងសង់អាគារកំពស់៦០០ម៉ែត្រ ដែលបានប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងសាងសង់នៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោកសេង ឡូតបានឲ្យបានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា នឹងសាងសង់អាគារកំពស់៦០០​ម៉ែត្រ ស្មើនឹង១៣៣ជាន់នាពេលខាងមុខនេះ។ អាគារសណ្ឋាគារកាំបូឌីយ៉ាណា នឹងត្រូវកម្ទេចចោលហើ​យជំនួសវិញ ដោយអាគារកំពស់៦០០ម៉ែត្រ ដែលលោកមិនដឹងពីការចាប់ផ្តើម ការ​ចំណាយទុនវិនិយោគ និងការបញ្ចប់ការសាងសង់នៅពេលណានៅឡើយ​ទេ។

ព៌តមាននេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមស្តីពី ការលុបចោលការសាងសង់​អាគារពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោក Thai Bunrong Twin Tower ដែលស្ថិតនៅជាប់សណ្ឋាគារនេះ អាចក្លាយ​ជាការពិត ខណៈអ្នកឌីសាញគំរោង Thai Bunrong Twin Tower លោកសាស្រ្តាចារ្យទួស សាភឿន មិន​បានតបនឹងការសុំអត្ថាធិប្បាយជាច្រើនដង។

គេហទំព័រ Propertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី​លោកសេង ឡូតបាននោះទេ បន្ទាប់ពីលោកបានបង្ហើបព៌តមាននេះប្រាប់ដល់​កាសែតភ្នំពេញប៉ុស្ត៍រួចមក។

ក្រុមហ៊ុន Royal Group អាចចាត់ទុកជាក្រុមហ៊ុនយក្សមួយ នៅក្នុងស្រុក ដែលបានវិនិយោគលើវិស័យជាច្រើន ដូចជា វិស័យទូរគមនាគមន៍នាំមុខគេ វិស័​យសោតទស្សន៍ វិស័យធានារ៉ាប់រង វិស័យបដិសណ្ឋារកិច្ច វិស័យហិរញ្ញវត្ថុជាដើម ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបានលើកស្លាក ដើម្បីសាងសង់អា​គារពាណិជ្ជកម្មភ្លោះកំពស់៦១ជាន់ ដាក់ឈ្មោះ Royal One, ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីផងដែរ៕

ដំណឹងល្អ!! ប្រជាជនក្នុងខេត្តចំនួន១៤ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី

0

ដោង គង់ សូរិយា

ភ្នំពេញ​៖ ប្រជាជនកម្ពុជាទំនងជាមិនសូវត្អូញត្អែរ ពីតម្លៃអគ្គិសនីទៀតនោះទេ ខណៈអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងបន្ថយថ្លៃលក់អគ្គិសនីថ្មី នៅតាមបណ្តាខេត្តចំនួន១៤ ជាតំបន់ដែលកំពុងចែកចាយអគ្គិសនីនៅក្រៅទីរួមខេត្ត សម្រាប់ ឆ្នាំនេះ។

យោងតាមប្រកាសក្រសួងរ៉ែ និងថាមពល ស្តីពីការកែសម្រួលយុទ្ធសាស្រ្តបន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅកម្ពុជាសម្រាប់ការអនុវត្តន៍ ឆ្នាំ២០១៧-២០២០ និងយោងតាមការពិនិត្យវិភាគថ្លៃអគ្គិសនីចែកចាយ ដែលបានធ្វើការគណនា ក្នុងផែនការយុទ្ធសាស្រ្តកាត់បន្ថយថ្លៃសម្រាប់ខួបនៃឆ្នាំ២០១៨  និងយោ​​ងតាមអនុក្រិត្យស្តីពី គោលការណ៍វាយតម្លៃភាពត្រឹមត្រូវ នៃការចំណាយក្នុងអាជីវកម្មអគ្គិសនី និងបទប្បញ្ញត្តិស្តីពី គោលការណ៍កំណត់ថ្លៃលក់អគ្គិសនីកម្ពុជា ដែលគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ Propertyarea.asia ទើប​ទទួលបាននាព្រឹកថ្ងៃទី៩ កុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងបន្ថយថ្លៃលក់អគ្គិសនី នៅក្នុងខេត្តចំនួន១៤ សម្រាប់តំបន់ដែលកំពុងចែកចាយអគ្គិសនីនៅក្រៅទីរួមខេត្ត គឺចាប់ពីដើមខែមេសា ឆ្នាំ២០១៨នេះ។

ខេត្តទាំង១៤ ដែលគ្រោងបន្ថយថ្លៃលក់អគ្គិសនី រួមមាន ទីរួមខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ តាកែវ កំពត បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគីរី។ សម្រាប់លំនៅដ្ឋានពលរដ្ឋកម្ពុជា ដែលរស់នៅក្រៅទីរួមខេត្តខាងលើ អាជ្ញាធរអគ្គិសនី​បានកំណត់ថា ប្រជាពលរដ្ឋប្រើប្រាស់មិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ គឺលក់ក្នុងតំលៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ប្រជាពលរដ្ឋប្រើប្រាស់ចាប់ពី១១គីឡូ ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ក្នុងតម្លៃ៦១០រៀល ក្នុង១គឺឡូវ៉ាត់ម៉ោង។ ចំណែកប្រជាពលរដ្ឋប្រើលើសពី៥១គីឡូ ក្នុងមួយខែឡើងទៅ គឺបានចុះពី៧៩០រៀល មកនៅ៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងមួយខែវិញ។

ដោយឡែកអតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេ​សគ្រប់ទំហំប្រើប្រាស់មានតម្លៃចាប់ពី៧៩០រៀល មកនៅ៧៧០រៀលក្នុងគីឡូវ៉ាត់ម៉ោង និងការបូមទឹកកសិកម្មនៅពេលយប់ ពីម៉ោង៩យប់ដល់៧ព្រឹក ក្នុង១គីឡូ​វ៉ាត់ម៉ោងតម្លៃ៤៨០រៀលផងដែរ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា ចំណែកគម្រោងបន្ថយថ្លៃអគ្គិសនី នៅក្នុងតំបន់ចែកចាយភ្នំពេញ និងក្រុងតាខ្មៅវិញ អាជ្ញាធរអគ្គិសនីបានធ្វើការកំណត់ថា អត្រាប្រើមិនលើស៥០គឺឡូវ៉ាត់ម៉ោងក្នុង១ខែ គឺរក្សាក្នុងតម្លៃ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ ការប្រើប្រាស់លើសពី៥០ ទៅដល់២០០គឺឡូវ៉ាត់ម៉ោងតម្លៃ៧២០រៀល ក្នុងគីឡូវ៉ាត់ម៉ោង និងការប្រើប្រាស់លើស២០០គឺឡូវ៉ាត់ម៉ោង បានចុះពីតម្លៃ៧៧០រៀល មកនៅ៧៥០រៀល ក្នុងគីឡូវ៉ាត់ម៉ោងវិញ។

សម្រាប់ការអនុវត្តនិតិវិធីកំណត់របស់ច្បាប់ អគ្គិសនីកម្ពុជាសូមដាក់បន្ថយថ្លៃលក់អគ្គិសនីនេះ នឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈ ជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្នាន និងអ្នកប្រើប្រាស់អគ្គិសនី ដែលស្ថិតនៅក្នុងខេត្តទាំង១៤ ចាប់ពីការជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបន្ទាប់ពីការពិគ្រោះយោបល់រួច ឯកសារថ្លៃលក់អគ្គិសនីថ្មីនេះ នឹងត្រូវចាត់ទុកឆ្លងកាត់ពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនី កម្ពុជា នឹងធ្វើការពិនិត្យ និងអនុម័តថ្លៃលក់អគ្គិសនីនេះ ទៅតាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីកម្ពុជា ៕