កម្ពុជាស្វះស្វែងរកដៃគូវិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែងហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាននិងកំពុងស្វះស្វែងរកក្រុមហ៊ុនឯកជន ដើម្បីចាប់ផ្តើមវិនិយោគសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែង។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ ឧសភានេះថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ី​វិល បាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគពីវិស័យឯកជន តាមរយៈមធ្យោបាយពីរ ទី១ ធ្វើឡើងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទាញយកគំរោងនេះពីគោលនយោ​បាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ គំរោងនេះបានដាក់ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ និងទី២ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឲ្យធនាគារនេះជួយស្វែងរកដៃគូវិនិយោគពីវិស័យឯកជន។

លោកបន្តថា “ការវិនិយោគសាងសង់ព្រលាននេះឡើងវិញ ត្រូវការទឹកប្រាក់ប្រ​មាណ៤០លានដុល្លារ ដែលមានទំហំទឹកប្រាក់ច្រើន ហើយអ្នកវិនិយោគត្រូវចំណាយពេលវេលាច្រើន ដើ​ម្បីទាញយកផលចំណេញត្រលប់វិញ”។លោកបន្តថា “ទំហំទឹកប្រាក់នេះអាចប្រើប្រាស់បានសម្រាប់ពង្រីកព្រលាន ដែលអាចចុះចតអាកាសចរណ៍ក្នុងស្រុកប៉ុណ្ណោះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា បច្ចុប្បន្នព្រលានយន្តហោះខេត្តស្ទឹងត្រែង ស្ថិត​ក្រោមការគ្រប់គ្រងដោយអាជ្ញាធរខេត្ត ហើយជំនាន់លោកឡូយ សុផាតជាអភិបាលខេត្ត លោកបានទុកដីខ្លះ សម្រាប់ពង្រីកព្រលាននេះ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនដឹងថាមានការប្រែប្រួលយ៉ាងណានៅឡើយទេ។

ព្រលានយន្តហោះខេត្តស្ទឹងត្រែង ជាព្រលានមួយដែលមានការរក្សាទុកបានល្អប្រ​សើរជាងគេ ធៀបនឹងបណ្តាព្រលានយន្តហោះនៅតាមបណ្តាខេត្ត នៃទឹកដីភូមិភាគឥសាន្តនានា។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ប្រសិនជាមានព្រលានយន្តហោះខេត្តស្ទឹងត្រែង លោកស្រីជឿថា ខេត្តនៅតាមបណ្តាភូមិ​ភាគឥសាន្តនឹងមានការរីកចម្រើនលឿន ពិសេសភ្ញៀវទេសចរណ៍នឹងទៅទស្សនាកាន់តែ​ច្រើន ព្រោះពួកគេចំណាយពេលតិចក្នុងការធ្វើដំណើរ។

លោកស្រីបន្តថា “ទោះបីការធ្វើដំណើរការផ្លូវគោកមានភាពងាយស្រួលក្តី ក៏ការធ្វើ

ដំណើរត្រូវចំណាយពេលយូរ ហេតុនេះ​ប្រសិនជាមានព្រលានយន្តហោះ នឹងធ្វើឲ្យភ្ញៀវទេសចរណ៍មិនចាំបាច់ចំណាយពេលច្រើន”។លោកស្រីបន្តថា “ខេត្តស្ទឹងត្រែងក៏ជាខេត្តងាយស្រួលក្នុងការតភ្ជាប់ទៅបណ្តាខេត្តនៅភូមិភាគឥសាន្តដទៃទៀត ដូចជាក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី”៕

ការផ្គត់ផ្គង់ការិយាល័យមានកំណើនខ្ពស់នៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទំហំការិយាល័យផ្គត់ផ្គង់ចូលទីផ្សារ បានកើនឡើង៦៣,០០០ម៉ែត្រការ៉េបន្ថែមទៀតនៅដំណាច់ត្រីមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យទំហំការិយាល័យសរុប នៅក្នុងទីផ្សារបានកើនដល់៣៥៥,០០០ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គិតត្រឹម​ដំណាច់ត្រីមាសទី១ឆ្នាំនេះ ទំហំការិយាល័យបានកើនដល់៣៥៥,០០០ម៉ែត្រការ៉េ កើនឡើងពី២៩៣,០០០ម៉ែត្រការ៉េ ធៀបនឹងត្រីមាសទី១ឆ្នាំមុន ដែលធ្វើឲ្យអត្រាប្រើប្រាស់ឬជួលនៅក្នុងទីផ្សារបានថយចុះបន្តិចបន្តួច ក្នុងចន្លោះពី១៥,២ មកនៅត្រឹម១៥,១ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្តថា កំនើនខ្លាំងនៃអាគារការិយាល័យ ដោយសារការផ្គត់ផ្គង់អាគារការិយាល័យកម្រិតC មានកំនើនខ្ពស់ ដែលធ្វើឲ្យការិយាល័យទំនេរបានថយចុះពី ២៤ភាគរយ កាលពីត្រីមាសទី១ឆ្នាំមុន មកនៅត្រឹម១៧ភាគរយនាដំណាច់ត្រីមាសទី១ឆ្នាំនេះ។ ចំណែកការិយាល័យកម្រិតB ដែលនៅទំនេរបានថយចុះពី២៦ភាគរយ មកនៅត្រឹម១០,៥ភាគរយ នៅក្នុងរយៈពេលដូចគ្នារវាងត្រីមាសទី១ឆ្នាំមុន និងឆ្នាំនេះ។

 

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា តម្រូវការអាគារការិយាល័យឆ្នាំនេះ ពិតជាមានកំនើនខ្ពស់ ដោយសារការចូលមក​នៃក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន និងការកើនឡើងនៃចំនួនក្រុមហ៊ុនថ្មីៗដែលបានបង្កើតឡើងនៅក្នុងស្រុក។ អ្នកនាងបន្តថា កំនើននេះបានធ្វើឲ្យការិយាល័យកម្រិតB មានអត្រា​ប្រើប្រាស់រហូតដល់ចន្លោះពី៨០ទៅ៩០ភាគរយ ដែលជាអត្រាដ៏ប្រសើរមួយក្នុងទីផ្សារការិយាល័យ។

អ្នកនាងបន្តថា “ការិយាល័យនៅទីតាំងដែលមានសេវាកម្ម និងតំបន់ពាណិជ្ជកម្មជុំវិញល្អប្រសើរ តែងតែទទួលបានអតិថិជនច្រើន និងគាំទ្រពីអតិថិជននានា”៕

ក្រុមហ៊ុនអេស៊ីលីដាក្លាយជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលស្របច្បាប់

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ SECC បានអនុម័តអនុញ្ញាតជាគោលការណ៍ទទួលស្គាល់ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួ រឹធីភីអិលស៊ី ក្នុងនាមជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលនៅក្នុងវិស័យមូលបត្រកម្ពុជា

លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុម័តផ្តល់ការអនុញ្ញាតជាគោលការណ៍ ទទួលស្គាល់ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធីភីអិលស៊ី ដើម្បីផ្តល់សេវាជាភ្នាក់ងារតំណាង ម្ចាស់មូលបត្របំណុលនៅក្នុងវិស័យមូលបត្រ និងអនុម័តលើការស្នើសុំអាជ្ញាបណ្ណ ធ្វើជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ របស់ក្រុមហ៊ុនAPM CAMBODIA SECURITIES CO.,LTD) និងអនុម័ត លើសេចក្តីព្រាងប្រកាសស្តីពី ការទទួលស្គាល់ភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ

លទ្ឋផលនៃកិច្ចប្រជុំបានឲ្យដឹងថា ប្រកាសនេះ មានគោលដៅកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីផ្តល់ការទទួលស្គាល់ធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ឬក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្វើជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។

របាយការណ៍នៃកិច្ចប្រជុំបានឲ្យដឹងទៀតថា ក្រៅពីការអនុម័តជាគោលការណ៍ខាងលើ គណៈកម្មការមូលបត្រកម្ពុជាបានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ដោយប្រកាសនេះមានគោលដៅកំណត់ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត ព្រមទាំងកាតព្វកិច្ចផ្សេងៗ របស់ក្រុមហ៊ុនដែលប្រកបអាជីវកម្មគម្រោង វិនិយោគរួម ។

រហូតមកទល់ពេលនេះ គណៈកម្មការមូលបត្រកម្ពុជា មិនទាន់ផ្តល់ការអនុញ្ញាតលើគម្រោងវិនិយោគរួមណាមួយ ដើម្បីប្រមូលសាច់ប្រាក់ ពាក់ព័ន្ធនឹងគម្រោងវិនិយោគរួមនៅឡើយទេ ដោយត្រូវរង់ចាំរហូតដល់ពេលទទួលបានការអនុម័ត ពីកិច្ចប្រជុំរបស់គណៈកម្មការលើសេចក្តីព្រាងប្រកាសស្តីពី ការបោះផ្សាយលក់គម្រោងវិនិយោគរួមជាសាធារណៈនៅពេលខាងមុខនៅឡើយ

ប្រជាពលរដ្ឋខកចិត្តនៅពេលលឺពីការពន្យាពេលសាងសង់ព្រលានយន្តហោះថ្មី

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនបានសម្តែងការខកចិត្ត នៅពេលលឺដំណឹងពីការសាងសង់ព្រលានយន្តហោះអន្តរជាតិនាទឹកដីខេត្តកណ្តាល នឹងពន្យាពេលសាងសង់រហូតដល់ឆ្នាំ​២០២៥ខាងមុខនេះ។

លោក Setha Neat បានសរសេរលើគេហទំព័រ Prppertyarea.asia ដែលតែងតែឈានមុខគេក្នុងការផ្តល់ព៌តមានផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យកាលពីម្សិលម៉ិញនេះថា ខាតធ្ងន់ហើយបើយូរយ៉ាងនេះ អស់ពីផ្អើលពីតំបូងបន្តិចឥឡូវស្ងាត់ឈឹង។ ចង់វ៉ៃចេញវិញ ក៏រកអ្នកទិញមិនឃើញ។ ៧ឆ្នាំទៀតមិនដឹងទ្រាំចាំយ៉ាងម៉េច។

ចំណែកលោក Bora SB បានលើកឡើងផងដែរថា យូរមែនទែន ប្រហែលជាចាស់​ងាប់ហើយមើលទៅ មិនបានឃើញព្រលានដ៏ទំនើបនេះទេ។

រីឯលោក Sereirath Sam បានលើកឡើងផងដែរថា យូរម្លឹងលំបាកអ្នកទិញដីជំពាក់ធនាគារហើយពេលនេះ។

ជាមួយនឹងលើកឡើងដោយខកចិត្ត លោក Sok Heng បានលើកឡើងថា មិនមែនដំណឹងល្អទេ ជាដំណឹងអាក្រក់ទៅវិញទេលោកព្រះ ស្មានតែសាងសង់ឆាប់ៗ មិនដឹងអី១០ឆ្នាំទៀត។ អាសូរអ្នកទិញដីនៅម្តុំហ្នឹងណាស់ កប់លុយចោល ខំរកលុយធនាគារសង្ឃឹមដីឡើងថ្លៃ អភិវឌ្ឍន៍ សង្ឃឹមខ្យល់ហើយ។

លោកបន្តថា “អោយរាង កុំឃើញគេលោត លោតតាមគេ បាក់”ក”ងាប់មិនដឹងខ្លួន”។

អ្នកយល់សភាពការណ៍ លោក Bunkhan Lun បាននិយាយសម្រាលពីបញ្ហានេះ ដោយបានមានប្រសាសន៍ថា រកស៊ីវាមានខាត មានចំណេញ យើងគិតត្រូវចំណេញ គិតខុសគឺខាត បន្ទោសអ្នកណា។ កុំមានគំនិតរកស៊ីចំណេញ “អរ” តែដល់ខាតបន្ទោសគេ បន្ទោសឯង នោះមិនល្អទេ។ យើងមើលគេបកស្រាយ រយៈពេលសិក្សាគំរោង និងរត់ការគំរោង តើត្រូវប្រើពេលប៉ុន្មាន!។ គ្រាន់តែបូបដីចាក់បំពេញតើត្រូវចំណាយពេលប៉ុន្មាន! រយៈពេលទុកដីឲ្យហាប់ តើត្រូវការពេលប៉ុន្មាន!។

លោកបន្តថា “ដូចនេះឆ្នាំ២០២៥គឺសមល្មមហើយ អ្នកខ្ចីលុយធនាគារទិញដីនោះ គួរគិតគូរទៅ ខាតខ្លះជាជាងខាតធំ(ធនាគារឹបអូស)។

កាលពីថ្ងៃទី៧ ឧសភាកន្លងមកនេះ គេហទំព័រ Propertyarea.asiaបានជួបសម្ភា​សន៍ជាមួយអ្នកជំនាញ និងអ្នកធ្វើការជាមួយក្រុមហ៊ុនចិន ដោយលើកឡើងពីការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនឹងអាចចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ៕

ដំណឹងល្អ! ក្រុមហ៊ុនម៉ូតូកង់បីឥណ្ឌថ្មីមួយទៀតឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនម៉ូតូកង់បីឥណ្ឌាជាច្រើន បានបន្តឈានជើងចូលទីផ្សារកម្ពុជា បន្ទាប់ពីមើលឃើញពីសក្តានុពល ទីផ្សារសេវាដឹកជញ្ជូនមួយនេះមានការរីកចម្រើន និងពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នករស់នៅក្នុងទីក្រុងភ្នំពេញ។

ថ្លែងនៅក្នុងសន្នីសីទ្ធសារព័ត៌មាន ស្តីពីកិច្ចព្រមព្រៀងជាដៃគូរវាងក្រុមហ៊ុន ខេមហ្គោ ក្រុមហ៊ុន Three Wheel Motor Service Provider and TVS  នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨នេះ លោក Manoj Varma គណៈគ្រប់គ្រងក្រុមហ៊ុន Three Wheel Motorបានឲ្យដឹថា ការនាំយកម៉ូតូកង់បីឥណ្ឌាមកកាន់ទីផ្សារកម្ពុជា គឺដោយសារប្រទេសនេះ មានតម្រូវការសេវាកម្មដឹកជញ្ជូនដែល មានសុវត្ថិភាព ជឿទុកចិត្ត និងអាចដោះស្រាយការកស្ទះចរាចរណ៍ ។

លោកបន្តថា ដូចដែលអ្នកទាំងអស់គ្នាដឹងហើយនៅគ្រប់បណ្តាទីក្រុងជាច្រើននៅទូទាំងពិភពលោក ដូចជា ទីក្រុងក្នុងប្រទេសកម្ពុជាដែរ មានបញ្ហាខ្លាំងជាងគេ គឺការកកស្ទះចរាចរណ៍ ដូច្នេះបានជាក្រុមហ៊ុនពង្រីកទីផ្សារមកកាន់កម្ពុជាបន្ថែមទៀត ក្នុងការសម្រួលបន្ថែមដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា “ការដាក់អោយដំណើរការក្នុងទីផ្សារកម្ពុជានេះ ក្នុងគោលបំណងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់រត់ម៉ូតូកង់បី ហើយគ្មានលទ្ធភាពក្នុងការទិញនោះក្រុមហ៊ុនអាចផ្តល់ជូនបាន”។

លោក R Dillip អគ្គនាយករងជាន់ខ្ពស់ផ្នែកអាជីវកម្មអន្តរជាតិនៃក្រុមហ៊ុន TVS Motor Company បានថ្លែងថា ក្រុមហ៊ុនរបស់បានជាប់ចំណាត់ថា្នក់លេខ១ ខាងផលិតម៉ូតូកង់បីដែលល្អ និងមានគុណភាព នៅក្នុងប្រទេសឥណ្ឌា ហើយនេះគឺជាលើកទី១ សម្រាប់ដាក់អោយដំណើរការនៅក្នុងប្រទេសកម្ពុជា ដោយរំពឹងថានឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ។

លោក វ៉ា ចាន់ដូរ៉េ គណៈគ្រប់គ្រងក្រុហ៊ុន Three Wheel Motor បានបញ្ជាក់ដែរថា  ក្រុមហ៊ុនបានដាក់ឲ្យដំណើរការម៉ូតកង់បី ដែលនាំចូលពីឥណ្ឌានេះចំនួន៤២គ្រឿងនាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុននឹងបន្ថែម៤២ គ្រឿងនៅដើមខែក្រោយនេះ ព្រោះក្រុមហ៊ុនចង់ឃើញម៉ូតូកង់បីម៉ាក់TVSនេះ នឹងផ្តល់សេវានៅគ្រប់ទីកន្លែងនៅក្នុងទីក្រុងភ្នំពេញយ៉ាងហោចណាស់៣០០គ្រឿង។ លោកបន្តថា សម្រាប់ឆ្នាំបន្តបន្ទាប់ទៀតនឹងពង្រីកទីផ្សារបន្ថែមទៀត ទៅកាន់ខេត្តដែលជាគោលដៅទេសចរណ៍ ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកំពតជាដើម។

បន្ថែមពីនេះក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងជាដៃគូរវាងក្រុមហ៊ុន ខេមហ្គោ ក្នុងការផ្តល់សេវាកម្មតាមប្រព័ន្ធ App ជូនដល់អតិថិជនមានភាពងាយស្រួល ក្នុងទទួលសេវាកម្មធ្វើដំណើរតាមម៉ូតូកង់របស់ក្រុមហ៊ុន៕

អស្ចារ្យ! រយៈពេល៤ខែ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៍ជិត១លាននាក់

0

ដោយ វុត្ថា

ភ្នំពេញ កំនើនទេសចរណ៍ និងការអភិវឌ្ឍន៍បានធ្វើឲ្យខេត្តនេះរីកចម្រើនយ៉ាងលឿន ដោយរយៈពេលត្រឹមតែ៤ខែ មានអាកាសចរណ៍ជាតិ និងអន្តរជាតិចុះចតរហូតដល់២១៣៤លើក។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុលោក តាំង សុចិត្រគ្រឹស្នា បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៨ ឧសភានេះថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ ទេសចរដែលមកទស្សនាខេត្តព្រះសីហនុមានប្រមាណ ៩៥៣,១៧១ម៉ឺននាក់ កើនឡើង១៨,៤ភាគរយ ក្នុងនោះមានទេសចរចិនប្រមាណ៥ម៉ឺននាក់ កើនឡើង៣៧ភាគរយ រួមជាមួយទេសចរច្រើនជាតិសាសន៍ដែលកំពុងមាការកើនឡើងផងដែរ ដូចជា រុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម ម៉ាឡេស៊ី។ល។

លោកថា ភ្ញៀវទេសចរដែលទៅទស្សនាតាមបណ្ដាកោះ ក្នុងខេត្តព្រះសីហនុ ពិសេ​​សកោះរ៉ុង កោះរ៉ុងសន្លឹមជាដើម មានជាង១១ម៉ឺននាក់ កើនឡើងជាង១០ភាគរយ ផងដែរ ក្នុងត្រីមាសទី១ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកគ្រឹះស្នាបានបន្តថា បើគិតត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០១៨ មានជើងហោះហើរមកខេត្តព្រះសីហនុចំនួន២,១៣៥ជើង កើនឡើង៦៦ភាគរយ ធៀបរយៈពេ​លដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះមានជើងហោះហើរប្រមាណ២០២ជើង មកពីក្រៅប្រទេស និងក្នុងស្រុកមានចំនួន៣៤៨ជើងក្នុងមួយសប្ដាហ៍។

ខេត្តព្រះសីហនុបច្ចុប្បន្នមានសណ្ឋាគារ៦៩កន្លែង ស្មើនឹង៣,៥២១បន្ទប់ ផ្ទះភ្ញៀវមាន៣១៩កន្លែង ស្មើនឹង៤,០២៩បន្ទប់ ភោជនីយដ្ឋាន-អាហារដ្ឋានមាន ២៥១កន្លែង ស្មើនឹង៩,៧៧៣កៅអី។ហាងម៉ាស្សាមាន៤២កន្លែងស្មើនឹង៣០០គ្រែ សេវាកម្សាន្តទេស​​ចរណ៍សម្រាប់មនុស្សពេញវ័យមាន១៧កន្លែង ទីភ្នាក់ងារទេសចរណ៍៣១កន្លែង និងកីឡាទេសចរណ៍១៧កន្លែង។

លោកតាំង សុចិត្រគ្រឹះស្នាបានបន្តថា នៅ២ឆ្នាំខាងមុខនឹងមានសណ្ឋាគារថ្មីៗប្រណីតប្រមាណ២០០០-២៥០០បន្ទប់បន្ថែមទៀតនឹងដាក់ដំណើរការ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគនានា៕

ក្រសួងពាណិជ្ជកម្មស្នើរូម៉ានីគាំទ្រការផ្តល់ភា​ពអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ត្រីការទូតជាន់ខ្ពស់នៃប្រ​ទេ​សរូម៉ានី ដែលជាសមាជិកមួយនៃសហគមន៍អឺរ៉ុប ឲ្យបន្តគាំទ្រនិងពន្យល់ប្រមុខរបស់សហគមន៍នេះ អំពីសារៈសំខាន់នៃការរក្សាភាពអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដល់កម្ពុជា ដើម្បីសម្រួលដល់ការធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោកជំទាវតឹករ៉េក កំរ៉ងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយលោកជំទាវ Monica Gheorghiţtă អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសរូម៉ានី និងគណៈប្រតិភូ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃច័ន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរូម៉ានី។

លោកជំទាវ តឹករ៉េត កំរង បានជម្រាបលោកជំទាវអនុរដ្ឋមន្ត្រីការបរទេស នៃប្រទេ​សរូម៉ានី អំពីសមិទ្ធផលសំខាន់ៗលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់លោកជំទាវ ម៉ូនីកា ហ្គេអូហ្គីតា ដែលបានអញ្ជើញមកស្វែងយល់អំពីស្ថានភាពពិតរបស់ប្រទេសកម្ពុជា និងបានចាត់ទុកបេសកកម្មនេះ ជាវឌ្ឍនភាពថ្មីមួយទៀតនៃការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរូម៉ានីលើវិស័យអទិភាពផ្សេងៗ រួមទាំងពាណិ​ជ្ជ​កម្ម។

លោកជំទាវម៉ូនីកា ហ្គេអូហ្គីតា បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋលេខាធិ​ការ ដែលបានចែករំលែកនូវព័ត៌មានស្តីពីសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗរបស់កម្ពុជា ហើយលោកជំទាវ ក៏បានយល់ស្របនិងបានកោតសរសើរ ចំពោះស្ថានភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាបច្ច័យសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងកសាងប្រទេសឡើងវិញ។

ទន្ទឹមគ្នានេះ លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសរូម៉ានី ក៏បានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យានាំយកព័ត៌មានអំពី ស្ថានភាពរីកចម្រើនពិតរបស់កម្ពុជា ជម្រាបជូនប្រទេសដែលជាសមាជិកអឺរ៉ុបផ្សេងៗ និងប្រមុខនៃសហគមន៍អឺរ៉ុប ដើម្បីរក្សាការផ្តល់ភាពអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មវិស័យការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសកម្មការនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មវាយនភណ្ឌ៕

ផ្សារទំនើបលំដាប់អន្តរជាតិមួយទៀតស្ថិតនៅលើផ្លូវនរោត្តមនឹងបើកឆាប់ៗនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យយក្ស មានមូលដ្ឋាននៅប្រទេសចិន Prince Real Estate Group នឹងផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយ នឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

ផ្សារទំនើបនេះស្ថិតនៅក្នុងអាគារ The Prince Plaza ស្ថិតនៅតាមបណ្តោយមហា​វិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

ការបើកផ្សារទំនើបនេះ នឹងជាការចាប់ផ្តើមនូវការរីកចម្រើនថ្មីនៃវិស័យផ្សារទំនើប​នៅកម្ពុជា ដែលនឹងមានផ្សារចំនួន១៣នឹងបើកដំណើរការនៅឆ្នាំនេះ។

យោងតាមព៌តមានពីក្រុមហ៊ុន CBRE Cambodiaបានឲ្យដឹងថា ផ្សារទំនើបនេះមានឈ្មោះ PRINCE CENTRAL PLAZA ដែលមានទំហំសរុបចំនួន៨១០០ម៉ែត្រការ៉េ ដែលជាផ្សារធំមួយ ស្ថិតក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលមានរួមបញ្ចូលនូនខុនដូ ការិយា​ល័យ និងផ្សារទំនើប។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាងអាន សុធីតាបានលើកឡើងថា ការកើនឡើងនូវផ្សារទំនើបនៃក្រុងភ្នំពេញ ដោយសារការកើនឡើ់ងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសការកើនឡើងនូវការមកដល់នៃអ្នកវិនិយោគអន្តរជាតិ ព្រោះពួកគេកិតថាការវិនិយោគរបស់ពួកគេនឹងទទួលបានជោគជ័យ ដោយសារកំលាំងទិញឬអំណាចនៃការទិញមានការកើនឡើង។

អ្នកនាងបន្តថា “ការវិនិយោគផ្សារទំនើប ជាការវិនិយោគបានផលចំណេញច្រើនពី​ការវិនិយោគ ហេតុនេះទើបមានការវិនិយោគច្រើន ប៉ុន្តែអ្នកវិនិយោគផ្សារទំនើបទាមទារសិក្សាពីស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់ និងចេះបត់បែនតាមបរិបទទីផ្សារជាក់ស្តែង”។ អ្នកនាងបន្ថែមថា “តាមធម្មតាផកសារទំនើបរយៈពេល៥ទៅ១០ឆ្នាំម្តង ទាមទារឲ្យ​មានការរៀបចំឡើងវិញ ដើម្បីបំពេញតម្រូវការ និងទាក់ទាញអតិថិជននានា”៕

ធនាគារស្ថាបនាចាប់ផ្តើមពង្រីកមូលដ្ឋានទីផ្សាររបស់ខ្លួន

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ធនាគារស្ថាបនាបានចាប់ផ្តើមពង្រីកមូលដ្ឋានប្រតិបត្តិការរបស់ខ្លួន ដោយគ្រោងដាក់ម៉ាស៊ីនអេធីអ៊ឹមថ្មី ចំនួន៥០គ្រឿងទៀតនៅឆ្នាំនេះ ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន កាន់តែមានភាពងាយស្រួល នៅតាមទីសាធារណៈសំខាន់ៗទូទាំងប្រទេសកម្ពុជា។

ប្រធាននាយកប្រតិបត្តិធនាគារ​ស្ថាបនា លោក Norihiko Kato បានមានប្រសា​សន៍ឲ្យដឹងក្នុងពិធីសម្ភោធដាក់ឲ្យប្រើ​ប្រាស់ទូATMរបស់ខ្លួន នាព្រឹកថ្ងៃទី៨ ឧសភា ២០១៨នេះថា ធនាគារស្ថាបនាកំពុងតែធ្វើការវិនិយោគ លើបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមាន ដូចជាម៉ាស៊ីនអេធីអឹម ជាដើមដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន នូវសេវាកម្មធនាគារដែលមានភាព ងាយស្រួលរហ័សទាន់ចិត្ត និងមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅទូទាំងព្រះរាជាណាចក្រកម្ភុជា។

លោកបន្តថា ម៉ាស៊ីនអេធីអឹមថ្មីនេះ អតិថិជនអាចដាក់ប្រាក់ចូលក្នុងគណ​នីរបស់ពួកគេបានគ្រប់ពេលវេលា មិនថាក្រៅម៉ោងធ្វើការងារ ថ្ងៃចុងសប្តាហ៍ឬថ្ងៃបុណ្យជាតិឡើយ។ ម៉ាស៊ីនអេធីអឹមថ្មីរបស់ស្ថាបនានេះ អាចទទួលយកចំនួនក្រដាសប្រាក់ ដែលត្រូវដាក់បញ្ចូលបានចំនួនដ៏ច្រើន ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបបំផុត។

លោក Kokichi Murayama នាយកប្រតិបត្តិប្រតិបត្តិការ និងអ្នកគ្រប់គ្រងទូទៅក្រុមពាណិជ្ជ កម្មសកលនៃក្រុមហ៊ុន Hitachi-Omron Terminal Solutions, Corp បានមានប្រសាសន៍ថា នេះគឺជាលើកទី១ហើយដែលយើងណែនាំ ផលិតផលរបស់យើងនៅកម្ពុជា។ លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើជាដៃគូជាមួយធនាគារ ស្ថាបនា ដើម្បីនាំមកនូវ ម៉ាស៊ីន អេធីអឹម និងសេវាកម្មផ្សេងៗទៀតចូលមកក្នុងទីផ្សារកម្ពុជា។

លោកបន្តថា ពិធីសម្ភោធបើកដំណើរការម៉ាស៊ីន អេធីអឹមថ្មីនេះ គឺជាគំនិតផ្តួចផ្តើមមួយរបស់ធនាគារ ស្ថាបនា ក្នុងការនាំយកបច្ចេកវិទ្យាធនាគារ ដ៏ទំនើបចុងក្រោយបំផុតចូលមកក្នុងទីផ្សារដើម្បី ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល៕

ប្រទេស Denmak ចាប់ផ្តើមសាងសង់ប៉មខ្ពស់កប់ពពកធ្វើពីឈើប្រជែងជាមួយជប៉ុន

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស Denmark ចាប់ផ្តើមបុកគ្រឹះសាងសង់ប៉បខ្ពស់កប់ពពកធ្វើពីឈើ សម្រាប់ត្រួតពិនិត្យនៅក្នុងព្រៃ Gisselfeld Kloster ដែលត្រូវធ្វើដំណើរប្រហែលមួយម៉ោងពីទីក្រុង Copenhangen ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Euronews បានឲ្យដឹងថា សំណង់នេះនឹងត្រូវតភ្ជាប់ពីផ្លូវដើរប្រវែង៩០០ម៉ែត្រ។ រចនាសម្ព័ន្ធនៃប៉មអគារនេះ ត្រូវបានធ្វើឡើងពីឈើ និងដែក។ បន្ថែមពីនេះគេសាងសង់Skyscraper ជារង្វង់មូល ដែលរចនាប្លង់ដោយលោក EFFEKT សហការជាមួយក្រុមហ៊ុនពិគ្រោះយោបល់វិស្វកម្មសំណង់ Arup ដែលអោយភ្ញៀវទេសចរណ៍មើលទិដ្ឋភាព នៃឧទ្យានព្រៃឈើបានប្រមាណ៣៦០ដឺក្រេ។

ប៉បឈើនេះត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់នៅក្នុងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ២០១៨ នេះ ដើម្បីអោយទាន់កម្មវិធីCamp Adventure របស់អ្នកចូលចិត្តដើរកម្សាន្ត។ ប៉មពិសេសនេះមានកំពស់៤៥ម៉ែត្រ។

អ្នករៀបចំកម្មវិធី Camp Adventure លោក Kasper Larsen បានបញ្ជាក់ថា បើ​​ទោះបីការសាងសង់អគារនេះខ្ពស់យ៉ាងណាក្តី ក៏អគារនេះមិនបានប៉ះពាល់ដល់ទេស​ភាព និងបរិស្ថានឡើយ ព្រោះតែយើងបានរចនាប្លង់ ដោយបានជ្រើសរើសពណ៌នៃអគារនេះ អោយស៊ីគ្នាជាមួយនឹងធម្មជាតិ។ លោកបន្តថា ប៉មនេះនឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅទីនេះ។

កម្មវិធី Camp Adventure បានទាក់ទាញអ្នកចូលរួមប្រមាណជា ១៨០,០០នាក់ រៀងរាល់ឆ្នាំ តែសម្រាប់ឆ្នាំនេះនឹងអាចទាក់ទាញ១០០,០០០នាក់បន្ថែមទៀត ជាពិសេសអាចបង្កើនវិស័យទេសចរណ៍មកកាន់តំបន់មួយនេះ។

អគារខ្ពស់កប់ពពក ( Skyscraper Wooden) នេះ ត្រូវបានគេប្រើប្រាស់ធនធានក្នុងស្រុក ហើយវាមានសារសំខាន់ណាស់ ក្នុងការបង្កើតអោយមានការទាក់ទាញការកម្សាន្តដែលប្រកបដោយចីរភាព ព្រមទាំងឲ្យអ្នកទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកមកកទស្សនាកម្សាន្ត និងចូលរួមថែរក្សាធនធានធម្មជាតិ៕