ដំណឹងល្អ! ស្ពានបាឡេឆ្លងកាត់តំបន់ជ្រោយចង្វារនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹងល្អ! ស្ពានបាឡេឆ្លងកាត់ទ​ន្លេសាបចេញពីតំបន់ឃ្លាំងសាំងសូគីម៉ិច ទៅកាន់ទីក្រុងរណបជ្រោយចង្វារ នឹងដាក់ឲ្យដំនើរការនៅថ្ងៃស្អែកទី៨ ឧសភានេះហើយ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ ឧសភានេះថា ស្ពានបាឡេឆ្លងកាត់ទន្លេសាប នឹងដាក់ឲ្យដំនើរការ​នៅថ្ងៃស្អែកនេះហើយ ដែលស្ពាននេះនឹងរួមចំណែកការកកស្ទះចរាចរណ៍ នៅតំបន់នេះ បន្ទាប់ពីចរាចរនៅតំបន់ជ្រោយចង្វារមានសភាពមមាញឹក និងកកស្ទះជាប្រចាំ ដោយសារ​ស្ពានជ្រោយចង្វារទី១ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន បានធ្វើការជួសជុលកំឡុង​ចុងឆ្នាំមុន។

ស្ពានបាឡេនេះមានប្រវែងប្រមាណ៥០០ម៉ែត្រ និងចំណាយទុនវិនិយោគ៩លានដុល្លារអាមេរិក ដែលជាថវិការបស់សាលាក្រុងភ្នំពេញ បានមកពីការជួលដីទីក្រុងរណបជ្រោយចង្វារដល់ក្រុមហ៊ុន OCIC។

លោកទូច សំណាងបានបន្តថា ជាមួយគ្នានេះក្រុមហ៊ុន OCIC ក៏បាននិងកំពុងសាង​សង់ស្ពានមេតុង យោងដោយខ្សែកាប ដើម្បីដាក់ជំនួសស្ពានបាឡេនេះ នាពេលអនាគតផងដែរ៕

លោកគីម ហ៊ាងបង្ហើបពីកត្តាសំខាន់ៗដែលធ្វើឲ្យដីឡើងថ្លៃ

1

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មានកត្តាអ្វីខ្លះដែលធ្វើឲ្យតម្លៃដីធ្លីចេះតែឡើងថ្លៃនៅកម្ពុជា? លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានបកស្រាយចម្ងល់ទាក់ទងនឹងតម្លៃព្រះធរណីចេះតែកើនឡើងបែបនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ ឧសភានេះថា មានមូល​ហេតុនិងកត្តាសំខាន់ៗចំនួន៥ ដែលធ្វើឲ្យដីធ្លីឡើងថ្លៃ ទី១ កត្តានយោបាយៈ គឺសុខ​សន្តិភាព និងស្ថិរភាពនយោបាយជាផ្នែកមួយ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើង ព្រោះបើសិនជាប្រទេសយើងគ្មានសន្តិភាព និងស្ថិរភាពនយោ​បាយ ក៏មិនមានអ្នកវិនិយោគចូលមកដែរ ហើយដីក៏មិនឡើងថ្លៃដែរ។

ទី២កត្តាសេដ្ឋកិច្ចៈ សេដ្ឋកិច្ចពិតជាមានសារៈសំខាន់ ព្រោះបើសេដ្ឋកិច្ចមិនកើនឡើង ប្រជាពលរដ្ឋក៏មិនមាន​ប្រាក់ចំណូលកើនឡើងដែរ ហើយអ្នកវិនិយោគបើពួកគេ មិនអាចរកផលចំណេញបាន ពួកគេក៏មិនមកវិនិយោគផងដែរ។

ទី៣ កត្តាពាណិជ្ជកម្ម និងសេដ្ឋកិច្ចមូលដ្ឋានៈ តាមធម្មតាពេលតំបន់ណាមួយគ្មាន​សកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍទេ ដីធ្លីក៏មិនឡើងថ្លៃនោះទេ។ ផ្ទុយទៅវិញ បើសិនជាតំបន់ណាមួយនោះមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផុសផុល តម្លៃដីធ្លី​នឹងកើនឡើងជាស្វ័យប្រវត្តិមិនខាន។

ទី៤ កត្តាប្រជាសាស្រ្តៈ ធម្មតាតម្លៃដីធ្លីមិនកើនឡើង​នៅទីវាលរហោស្ថាន ដែលស្ងប់ស្ងាត់ និងគ្មានមនុស្សរស់នៅច្រើននោះទេ បើទោះ​ជាកើនឡើង ក៏មិនកើនឡើងខ្លាំងដែរ ព្រោះថាទីណាមានមនុស្សច្រើន សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងកើនមាននៅតំបន់នោះ ហើយពេលណាសកម្មភាពពាណិជ្ជកម្មកើនឡើង តម្លៃដីធ្លីក៏កើនឡើងផងដែរ។

ទី៥ កត្តាហេដ្ឋារចនាសម្ព័ន្ឋៈ ជាការពិតហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយសំខាន់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេសធ្វើឲ្យតម្លៃដីធ្លីនឹងកើនឡើងផងដែរ ព្រោះតំបន់ណាមួយមិនមានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ដីធ្លីនិងសកម្មភាពពាណិជ្ជកម្មនឹងមិនមានភាពប្រសើរនោះទេ។

ជាក់ស្តែងផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ក្រោយពេលរដ្ឋាភិបាលប្រកាសពង្រីកសកម្មភាណនៃការអភិវឌ្ឍន៍បានកើនឡើង ហើយតម្លៃដីធ្លីក៏បានកើនខ្ពស់លើសការរំពឹងទុកផងដែរ។ លោកគីម ហ៊ាងបញ្ជាក់ឲ្យដឹង៕

អ្នកជំនាញថា ការពង្រីកផ្លូវជាតិលេខ៣នឹងធ្វើឲ្យដីឡើងថ្លៃបន្ថែមទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ការពង្រីកផ្លូវជាតិលេខ៣នឹងធ្វើឲ្យ  ត​ម្លៃដីធ្លីស្ថិតនៅតាមបណ្តោយផ្លូវនេះ នឹងឡើងថ្លៃបន្ថែមទៀត ប៉ុន្តែ​មិនឡើងខ្លាំងនោះទេ ព្រោះតម្លៃដីធ្លីនៅតាមតំបន់នេះបានឡើងថ្លៃខ្ពស់រួចទៅហើយ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងតាម ទូរស័ព្ទនាព្រឹកថ្ងៃទី៧ ឧសភានេះថា ការពង្រីកផ្លូវជាតិលេខ៣ នឹងធ្វើឲ្យតម្លៃដីធ្លីកើនឡើង ប៉ុន្តែវាមិនកើនខ្លាំងនោះទេ ប្រសិនជាមិនមានការបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែម ដូចជាការបង្កើតរោចក្រ សហគ្រាសនៅតាមតំបន់នេះ។

លោកបន្តថា តម្លៃដីនៅតំបន់នេះបានឡើងថ្លៃខ្ពស់រួចទៅហើយ ដោយគិតពីរង្វង់មូលចោមចៅ៥គីឡូម៉ែត្រទៅមុខ ដីមានតម្លៃចន្លោះ៨០០ ទៅ១៥០០ដុល្លារអាមេរិក។ គិតពី៥គីឡូម៉ែត្រទៅដល់១០គីឡូ​ម៉ែត្រ ដីមានតម្លៃចន្លោះពី៣០០ទៅ៨០០ដុល្លារអាមេរិក និងគិតពីគីឡូម៉ែត្រទី១០ទៅដល់គីឡូម៉ែត្រទី២០ ដីមានតម្លៃដីមានតម្លៃចន្លោះពី១០០ ដល់៣០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។

លោកបន្តថា “ពិតហើយការពង្រីកផ្លូវជាតិនេះ នឹងជួយបង្កើតសកម្ម​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែរសរវើកបន្ថែមទៀត នៅតាមបណ្តោយផ្លូវនេះ ពិសេសខេត្តកំពត និងកែបនឹងកាន់តែមានការរីកចម្រើន”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃច័ន្ទទី៧ ឧសភានេះ។ ផ្លូវប្រវែង១៣៤គីឡូម៉ែត្រនេះ នឹងត្រូវពង្រីកជា៤គន្លង និងមានសួនច្បារនៅចំកណ្តាល។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា តាមធម្មតាដីឡើងថ្លៃដោយសារកត្តាសំខាន់ៗចំនួន៥ ដូចជា កត្តាប្រជាសាស្រ្ត កត្តាសេដ្ឋកិច្ច កត្តានយោបាយ កត្តាអាជីវកម្មនិងពាណិជ្ជកម្ម និងកត្តាហេដ្ឋារចនាសម្ព័ន្ឋ ទើបតម្លៃដីធ្លីកើនឡើងខ្ពស់ ប៉ុន្តែផ្លូវជាតិលេខ៣មានតែកត្តាហេដ្ឋារចនាសម្ព័ន្ឋប៉ុណ្ណោះ ហេតុនេះ តម្លៃដីធ្លីនៅតំបន់នេះមិនឡើងថ្លៃខ្ពស់ទៀតនោះទេ ព្រោះសកម្មភាពពាណិជ្ជកម្មនៅលើផ្លូវនេះ មិនទាន់មានភាពសកម្មខ្លាំងនៅឡើយ។

លោកបន្តថា “ទោះជាយ៉ាងណាការពង្រីកផ្លូវរបស់រដ្ឋាភិបាល នឹងធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ ប៉ុន្តែមិនឡើងថ្លៃច្រើននោះទេ ព្រោះដីនៅតាមបណ្តោយផ្លូវនេះបានឡើងថ្លៃកប់ពពករួចហើយ”៕

ដំណឹងល្អ! ព្រលានយន្តហោះស្ថិតនៅខាងត្បូងក្រុងតាខ្មៅនឹងសាងសង់នៅឆ្នាំ២០២៥

0

ដោយគង់ សូរិយា

ភ្នំពេញព្រលានយន្តហោះស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដែលបានប្រ​កាសកាលពីចុងឆ្នាំមុន អាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ ប្រសិនជាផែនការធ្វើឡើងទាន់ពេលវេលា។

យោងតាមប្រភពព៌តមានគួរឲ្យទុកចិត្ត បានឲ្យដឹងនាព្រឹកថ្ងៃទី៧ ឧសភានេះថា តាមប្រភពព៌តមានពីមន្រ្តីបច្ចេកទេសរបស់ចិនបានឲ្យដឹងថា ព្រលានយន្តហោះនេះត្រូវ​ចំណាយពេលរៀបចំយូរ ពិសេសការចាក់ខ្សាច់បំពេញបឹងរៀន ដែលជាបឹងមានទឹកជ្រៅ និងជាបឹងដ៏ធំមួយ ដែលត្រូវចំណាយពេលយូរក្នុងការចាក់បំពេញ។ប្រភពដដែលបានឲ្យ​ដឹងទៀតថា តាមធម្មតាទោះជាការចាក់ខ្សាច់បំពេញបឹងនោះរួចរាល់ក្តី ក៏ទីតាំងនោះមិនអាចសាងសង់ព្រលានយន្តហោះបានភ្លាមៗនោះទេ ព្រោះក្រុមហ៊ុនត្រូវការពេលវេលាសមស្របណា​មួយ ដើម្បីឲ្យខ្សាច់មានកំហាប់រ៉ឹងសិន។

លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការដើម្បីចាក់ខ្សាច់បំពេញបឹងរៀននោះហើយ ប៉ុន្តែដំណើរការចាក់បំពេញជាក់លាក់ពេលណា លោកមិនទាន់ដឹងនៅឡើយទេ”។

ព្រលានយន្តហោះថ្មីនេះគ្រោងសាងសង់លើផ្ទៃដី២៦០០ហិកតា ស្ថិតនៅចំណុច​ប្រសព្វរវាងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គំរោងសាងសង់ព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិនេះ នឹងវិនិយោគដោយក្រុមហ៊ុន OCIC សហការជាមួយ​ក្រុមហ៊ុនចិន ដែលគ្រោងចំណាយទុនវិនិយោគរហូតដល់១៥០០លានដុល្លារអាមេរិក។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងតាមទូរស័ព្ទក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងញាប់ដៃញាប់ជើង រៀបចំដំណើរការសាងសង់ព្រលានយន្តហោះនេះ ដើម្បីដាក់ឆ្លងទៅប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា “រហូតពេលនេះ យើងមិនអាចនិយាយព៌តមានលំអិតបាននៅឡើយទេ ប៉ុន្តែពេលរៀបចំចប់ពេលណា យើងនឹងផ្តល់ព៌តមានលំអិតជូនអ្នកសារព៌តមានហើយ”។

យ៉ាងណាក៏ដោយព៌តមានការវិវត្តន៍យ៉ាងដូចម្តេច គេហទំព័រ Propertyarea.asia នឹងលំអិតជូននាពេលក្រោយបន្ថែមទៀត៕

ការផ្គត់ផ្គង់ច្រើនពេកធ្វើឲ្យអាផាតម៉ិននៅតំបន់ទួលទំពូងនិងបឹងត្របែកធ្លាក់ថ្លៃ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការផ្គត់ផ្គង់អាផាតម៉ិននៅតំបន់ទួលទំពូង និងសង្កាត់បឹងត្របែកហាក់លើសតម្រូវការបន្តិចហើយ ដោយបានទាញតម្លៃជួលធ្លាក់ចុះទាបជាងមុន ដោយសារទីផ្សារកំពុងប្រកួតប្រជែងគ្នាខ្លាំង។

អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ឋីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា អាផាតម៉ិននៅក្នុងសង្កាត់ទួលទំពូង និងផ្សារដើមថ្កូវមានការផ្គត់ផ្គង់ច្រើន និងកំពុងលើសតម្រូវការ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមាន​ការប្រកួតប្រជែង ហើយបង្ខំចិត្តឲ្យម្ចាស់អាផាតម៉ិននានាទំលាក់តម្លៃ ដើម្បីទាក់ទាញអ្នក​ស្នាក់នៅ។លោកបន្តថា អត្រាជួលក៏ធ្លាក់ចុះ និងតម្លៃធ្លាក់ចុះក្នុងរង្វង់ប្រមាណ១០ភាគរយនៅតំបន់ទាំងនេះ ដែលអ្នកវិនិយោគអាផាតម៉ិនភាគច្រើន សាងសង់អាផាតម៉ិនកម្រិតBជាជាងកម្រិតAឬអាផាតម៉ិន​ប្រណីត។

បច្ចុប្បន្ន តម្លៃអាផាតម៉ិនមួយបន្ទប់គេងនៅតំបន់នេះ អាចរកបានក្នុងតម្លៃចន្លោះពី៣៥០ដល់៧៥០ដុល្លារ អាផាតម៉ិនពីរបន្ទប់គេងមានតម្លៃចន្លោះពី៧៥០ ទៅ១៥០០ដុល្លារ និង​អាផាតម៉ិនបីបន្ទប់គេងមានតម្លៃចន្លោះពី១៥០០ដល់២៥០០ដុល្លារក្នុងមួយខែ។នេះបើ​តាមឧកញ៉ានួន រិទ្ឋី។

លោកបន្តថា “ទោះជាការប្រកួតប្រជែងកើនឡើង និងកំនើននៃការសាងសង់ក្តី ប៉ុន្តែខ្ញុំមិនមានការព្រួយបារម្ភពីបញ្ហាក្នុងទីផ្សារនេះទេ ដោយសារកម្ពុជាបានភ្ជាប់ខ្លួនជា​សមាជិកអាស៊ាន និងសហគមន៍សេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនចូលមក ហើយតម្រូវការអាផាតម៉ិននឹងកើនឡើងជាស្វ័យប្រវត្តិ”។លោកបន្តថា “ទាល់តែមានការផ្គត់ផ្គង់ ទើបមានតម្រូវការ ព្រោះបើយើងរង់ចាំតម្រូវការ ទើបមានការផ្គត់ផ្គង់ នោះជាបញ្ហា”។

បើតាមលោកឆេង គៀតចៅសង្កាត់ទួលទំពូង១ ខ័ណ្ឌចំការមកបានថ្លែងឲ្យដឹងថា នៅក្នុងសង្កាត់របស់លោកមានអាផាតម៉ិនកំពូងសាងសង់ និងបញ្ចប់ការសាងសង់ជាង២០គំរោង ដែលតាមធម្មតាលោកមើលឃើញថា គម្រោងរបស់ពួកគេទទួលបានជោគជ័​យផងដែរ។

អ្នកវិនិយោគអាផាតម៉ិន Phnom Penh Star នៅក្នុងសង្កាត់បឹងត្របែក ដែលស្ថិតនៅក្បែរសង្កាត់ទទួលទំពូង បានថ្លែងឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មួយរយៈចុងក្រោយនេះអតិថិជនហាក់មានភាពស្ងប់ស្ងាត់ ដោយសារស្ថិតក្នុងកំឡូងពេលឈប់សម្រាកច្រើន ប៉ុន្តែលោកទទួលស្គាល់ថា ទីផ្សារអាផាតម៉ិននៅតំបន់នេះ ពិតជាមានការប្រកួតប្រជែងខ្លាំង ដោយសារគំរោងថ្មីៗបានកើនឡើង ដែលធ្វើឲ្យម្ចាស់អាផាតម៉ិននានាទំលាក់តម្លៃជួល ដើម្បីចាបើយកអតិថិជន និងរក្សាអតិថិជនចាស់។

លោកបន្តថា “លោកបានបញ្ចុះតម្លៃអាផាតម៉ិន និងពង្រឹងការផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជន និងទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀត”៕

កម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកប្រគល់ពានរង្វាន់រហូតដល់១៣ ដល់ក្រុមហ៊ុន បុរីប៉េង ហួត

0

ភ្នំពេញ៖ ជាមួយនឹងការវាយតម្លៃប្រកបដោយសុក្រិតភាព តម្លាភាព និងឯករាជ្យពី គណកម្មការជំនាញអន្តរជាតិ នៃកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិរបស់ប្រទេសអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ជាលទ្ឋផលក្រុមហ៊ុនបុរីប៉េង ហួតគ្រុប បានបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន១៣ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍ​ន៍ជាង១០០មកពីជុំវិញពិភពលោក។

ការប្រគល់ពានរង្វាន់នេះបានធ្វើឡើង កាលពីថ្ងៃទី៣និងទី៤ ខែឧសភា ឆ្នាំ២០១៨  កន្លងទៅថ្មីៗនេះ ដែលបានរៀបចំឡើងនៅសណ្ឋា​គារ The Marriott Marquis queen’s Park នាទីក្រុងបាងកកប្រទេសថៃ ដោយក្រុមហ៊ុន Property Media។ ពានរង្វាន់នីមួ​យៗត្រូវបានពិនិត្យ និងវាយតំលៃដោយអ្នកជំនាញ និងគណៈកម្មការជំនាញដោយឯករាជ្យ សុក្រិតភាព និងតម្លាភាព។

នេះជាការលើកទឹកចិត្តយ៉ាងស័ក្តិសមមួយ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីនេះ និងជាមោទនភាពយ៉ាងក្រៃលែង មិនត្រឹមតែសម្រាប់បុរីប៉េង ហួតនោះទេ តែសម្រាប់ជាមោ​ទនភាពកម្ពុជាទាំងមូលផងដែរ។

ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុបបានក្លាយជាក្រុមហ៊ុនចូលរួមប្រកួតប្រជែង ក្នុងនាមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជាលើឆាកអន្តរជាតិ ដោយទទួលបាន​ពានរង្វាន់ចំនួន ១៣ រួមមានពានរង្វាន់ថ្នាក់ប្រទេសចំនួន៧ ដោយបែងចែកជាពីរគឺ ពានរង្វាន់អភិវឌ្ឍ និងពានរង្វាន់ស្ថាបត្យកម្ម។ ពានរង្វាន់អភិវឌ្ឍន៍ទទួលបានចំនួន៣ រួមមាន ទី១ ពានរង្វាន់អភិ​វឌ្ឍន៍អាគារសេវាកម្មសាធារណៈ សំរាប់សាលសន្និបាត ”Public Service Development Award for Convention Hall”  ទី២  ពានរង្វាន់អភិវឌ្ឍន៍លំនៅឋាន សំរាប់គំរោងស្តាផ្លាទីនីម យូរ៉ូវីល“Residential Development Award for Star Platinum Euro Ville” ។

ទី៣ ពានរង្វាន់អភិវឌ្ឍលំនៅឋានសំរាប់គំរោងស្តាដាយមិន “Residential Development Award for Star Diamond”  ពានរង្វាន់ស្ថាបត្យកម្ម ទទួលបានចំនួន ៤ រួមមាន ពានរង្វាន់ស្ថាបត្យកម្មពហុលំនៅឋាន សំរាប់ គំរោង ស្តាផ្លាទីនីម យូរ៉ូវីល” Multiple Residence Architecture Award for Star Platinum Euro Ville Project”។​ពានរង្វាន់ស្ថាបត្យកម្មពហុលំនៅឋាន សំរាប់គំរោងស្តារដាយមិន ”Multiple Residence Architecture Award for Star Diamond Project”  ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈ សំរាប់ក្លឹបហាត់ប្រាណគំរោងស្តាផ្លាទីនីមយូរ៉ូវីល ”Public Service Architecture Award for Euro Ville Club House”ទី៤ ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈ សំរាប់សាលសន្និបាតគំរោងស្តាផ្លាទីនីមយូរ៉ូវីល “Public Service Architecture Award for Euro Ville Convention Hall”។

ព្រមពេលជាមួយគ្នានេះ ​បុរី ប៉េង ហួត គ្រុប ក៏ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំ ចំនួន ៣ ទៀតផងដែរ ដូចជា ទី១ ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់សាលសន្និបាតយូរ៉ូវីល “Best Public Service Development for Euro Ville Convention Hall” ទី២ ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់ ក្លឹបហាត់ប្រាណ គំរោង យូរ៉ូវីល “Best Public Service Architecture for Euro Ville Club House” ទី៣ពានរង្វាន់ ស្ថាបត្យកម្មពហុលំនៅឋានល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់គំរោង ស្តាផ្លាទីនីមយូរ៉ូវីល “Best Architecture Multiple Residence for Star Platinum Euro Ville”។

កាន់តែអស្ចារ្យជាងនេះទៅទៀត បុរី ប៉េង ហួត គ្រុប ទទួលបានជ័យលាភីពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅប្រកួតលំដាប់ពិភពលោកនៅ ទីក្រុងឡុងដ៏ប្រទេសអង់គ្លេសចំនួន៣ ពានរង្វាន់ទៀតរូមមាន ទី១ ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គំរោង សាលសន្និបាត យូរ៉ូវីល ”Public Service Development Asia Pacific for Euro Ville Convention Hall”  ទី២ ពានរង្វាន់ស្ថាបត្យកម្ម សេវាកម្ម សាធារណៈ ប្រចាំតំបនអាស៊ីប៉ាស៊ីហ្វិក សំរាប់ ក្លឹបហាត់ប្រាណ គំរោងយូរ៉ូវីល ”Public Service Architecture Asia Pacific for  Euro Ville Club House”  ទី៣ ពានរង្វាន់ ស្ថាបត្យកម្ម ពហុលំនៅឋាន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គំរោងស្តាផ្លាទីនីមយូរ៉ូវីល​”Architecture Multiple Residence Asia Pacific for Star Platinum Euro Ville”។

តំណាងក្រុមហ៊ុន​​ បុរី ប៉េង ហួតគ្រុប លោកចាន់ រដ្ឋាមានប្រសាសន៍ថា ក្រុមហ៊ុនបុរីប៉េងហួតគ្រុប មានមោទនភាពយ៉ាងក្រៃលែង ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាពិសេសទទួលបាននូវភាពលេចធ្លោជាងគេ ក្នុងចំណោមក្រុមហ៊ុននានាដែលចូលរួមទាំងអស់ ពោលគឺទទួលបានពានរង្វាន់ផ្កាយប្រាំចំនួន៣ និង ពានរង្វាន់ជ័យលាភីពីតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតយកពានលំដាប់ពិភពលោក នៅទីក្រុងឡុងដ៍ប្រទេស អង់គ្លេសរហូត៣ពាន។

លោកបន្តថា “នេះគឺជាការបើកទំព័រថ្មី របស់ក្រុមហ៊ុនក្នុងការឈានជើងចូលរួមការប្រកួត ប្រជែង លំដាប់ពិភពលោក។  ជ័យលាភីនេះមិនអាចកើតឡើងបានដោយគ្មានការគាំទ្រពីសំណាក់អតិថិជន ការខិតខំប្រឹង ប្រែងរបស់បុគ្គលិក គ្រប់ជាន់ថ្នាក់ និង ការគាំទ្ររបស់រាជរដ្ឋាភិបាលផងដែរ”។

កាលដែល បុរី ប៉េង ហួត គ្រុប ទទួលបាននូវពានរង្វាន់ទាំងអស់នេះ គឺជាការស្តែងអោយឃើញថា ប្រទេសកម្ពុជាក៏អាចមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បានដែរ ហើយក៏ជាការផ្តល់ទំនុកចិត្តបន្ថែម សំរាប់អតិថិជនទៅលើជំរើសលំនៅដ្ឋានល្អបំផុត ដែលមានការទទួលស្គាល់ពីគុណភាព និងសោភ័ណភាព ទាំងក្នុងប្រទេសនិង នៅលើឆាកអន្តរជាតិ។

ក្រុមហ៊ុនបុរីប៉េង ហួតគ្រុប សូមថ្លែងអំណរគុណជាពិសេស ដល់អតិថិជនរបស់បុរី ប៉េង ហួត គ្រុបដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់យើងខ្ញុំ។ ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន៕

ដំណឹងល្អៈ កាសែតភ្នំពេញប៉ុស្ត៍ដូរម្ចាស់ហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្ត៍ដែលគ្រប់គ្រងដោយក្រុមហ៊ុនPOST MEDIA ,LtdនិងPost Khmer Publications បានសម្រេ​ចលក់ឲ្យអ្នកវិនិយោគម៉ាឡេស៊ី ដែលមានជំនាញផ្នែកសារព៌តមាននិងមានបទពិសោធន៍លើការងារនេះជាច្រើនឆ្នាំ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនPOST MEDIA ដែលមានលោកBill Clogh ជាចាងហ្វាង បានចេញផ្សាយនៅរសៀលងកថៃទី៥ ឧសភានេះបានឲ្យដឹងថា ក្រុមហ៊ុននេះសម្រេចលក់ស្ថាប័នសារព៌តមាននេះ ជូនអ្នកវិនិយោគម៉ាឡេស៊ី លោកSivakumar .G (SIVA) ដែលជាអ្នកទទួលបានការគោរព ក្នុងវិស័យសារព៌តមាននៅប្រទេសម៉ាឡេស៊ី និងជាអ្នកវិនិយោគដ៏មានសក្តានុពល លើវិស័យសារព៌តមានជាយូរមកហើយ។

កាសែតភ្នំពេញប៉ុស្ត៍បានបង្កើតឡើងដោយលោកMichael Hayesកាលពី២៦ឆ្នាំមុន ពោលគឺក្នុងឆ្នាំ១៩៩២ បន្ទាប់ពីក្រុមហ៊ុនទទួលបានការយល់ព្រមពីស្ថាបនិករូបនេះកាលពីឆ្នាំ២០០៨ ភ្លាមៗយើងបានធ្វើឲ្យកាសែតនេះមានកេត្ត៍ឈ្មោះល្បី និងទទួលបានការគាំទ្រពីអ្នកអានគ្រប់ស្រទាប់វណ្ណៈ។

លោកស៊ីវ ម៉េងអ្នកសារព៌តមានជើងចាស់មួយរូប និងជាអ្នកសារព៌តមាននៃកាសែតភ្នំពេញប៉ុស្ត៍បានលើកឡើងថា ការផ្លាស់ប្តូរម្ចាស់ថ្មី នឹងមិនធ្វើឲ្យសារព៌តមានដ៏ល្បីនេះ បាត់បង់ប្រជាប្រិយភាពនោះទេ ផ្ទុយទៅវិញលោកសង្ឃឹមថា សារព៌តមានភ្នំពេញប៉ុស្ត៍ នឹងបោះពុម្ភអត្ថបទព៌តមាន កាន់តែមានលក្ខណៈស្ថាបនាជាងមុន ព្រោះកន្លងមកសារព៌តមានភ្នំពេញប៉ុស្ត៍ហាក់មាននិន្នាការប្រឆាំងរដ្ឋាភិបាល ជាជាង​រិះគន់ក្នុងន័យស្ថាបនា។

លោកបន្តថា “ការផ្លាស់ប្តូរម្ចាស់នៃកាសែតដ៏ល្បីនេះ នឹងមិនប៉ះពាល់ដល់សេរីភាព សារព៌តមាននៅកម្ពុជានោះទេ ផ្ទុយទៅវិញខ្ញុំគិតថាសារព៌តមាននេះ នឹងនាំព៌តមានបែបវិជ្ជមានពីកម្ពុជាទៅកាន់ពិភពលោកច្រើនជាងមុន”។លោកបន្តថា “ការសរសេររិះគន់បែបស្ថាបនា និងការពិតជាអ្វីដែលប្រមុខរដ្ឋាភិបាលលើកទឹកចិត្ត ជាជាងការរិះគន់ដើម្បីគោល​ដៅនយោបាយឬក្រុមប្រឆាំងណាមួយ”។

លោកម៉េងបានបន្តថា ការសរសេររិះគន់ក្នុងន័យជាន់ពន្លិច មិនមែនជាជម្រើសល្អ ឬជាព៌ណសម្បុរនៃលទ្ឋិប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញសារព៌តមានដែលសរសេរក្នុងន័យស្ថាបនា និងលើកកំពស់ការចូលរួមពីសង្គម ពីប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ ដើម្បីកសាងសង្គមកម្ពុជាមួយប្រកបដោយប្រកបដោយសុខដុមរមនា៕

តំបន់ជ្រោយចង្វារ នឹងក្លាយជាតំបន់លំនៅដ្ឋានលំដាប់ខ្ពស់

0

ដោយ រ៉ាវី

ដោយសារតែកំណើនសេដ្ឋកិច្ចមានការកើនឡើងខ្ពស់ជាប់ជាប្រចាំ ក្រោមការសម្រុកវិនិយោគយ៉ាងគំហុកពីសំណាក់អ្នកជំនួញបរទេស ក៏ដូចជាក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើន ជាពិសេស លើវិស័យអចលនទ្រព្យពីសំណាក់ក្រុមហ៊ុនចិន បានជំរុញឱ្យផ្ទៃដីក្នុងតំបន់រាជធានីភ្នំពេញមានភាពចង្អៀត និងកើនឡើងនូវតម្លៃ ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគផ្នែកសំណង់លំនៅដ្ឋានបែបប្រណីតជាច្រើនងាកទៅចាប់អារម្មណ៍នៅតំបន់ជ្រោយចង្វារ ដែលស្ថិតនៅទិសខាងកើតរាជធានីភ្នំពេញវិញ ។

ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វារឆ្ពោះទៅទិសខាងកើតតាមបណ្តោយផ្លូវជាតិលេខ ៦A សំណង់គ្រប់ប្រភេទបានលេចចេញរូបរាងព្រោងព្រាត ជាពិសេស សំណង់លំនៅដ្ឋានបែបប្រណីតតែម្ដង ដែលក្នុងនោះរួមមានដូចជា ៖ សំណង់បុរី សុភមង្គល, បុរី The Mekong Royal , បុរី ប៉េងហួត, បុរីពិភពថ្មី , បុរី អរគីដេ វីឡា , បុរី The Flora, និងបុរី វិមានភ្នំពេញ ជាដើម ។ បន្ថែមពីនេះ នៅមានគម្រោងសំណង់ផ្សេងៗមួយចំនួនទៀត ដែលសង់ឡើងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal  បានលើកឡើងថា វាជារឿងធម្មតា នៅពេលដែលតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវចំនួនអគារធំៗដូចជាសំណង់ខុនដូ អាផាតមិន ជាដើមនោះ តំបន់ដែលើស្ថិតនៅជាប់ក្រុង គឺមានតម្រូវការខ្ពស់ ។ ជាក់ស្ដែងដូចជាតំបន់ជ្រោយចង្វារជាដើម ដែលពីមុនមានភាពទូលាយល្ហល្ហេវ ប៉ុន្តែនបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេស លើផ្នែកសំណង់លំនៅដ្ឋានតែម្ដង ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់ ។ លោកឧកញ៉ាបានបន្ថែមទៀតថា កាលពីប៉ុន្មានឆ្នាំមុន ដីនៅតំបន់ជ្រោយចង្វារមានភាពទាបនៅឡើយ ពោលគឺប្រមាណ១០០០ ទៅ ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់ រហូតដល់២៥០០ ទៅដល់៣៥០០ដុល្លារក្នុងមួយម៉ែត្រ។

លោកឧកញ៉ាបានបន្តទៀតថា ៖ ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពល្អប្រសើរដូចជាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ តំបន់ជ្រោយចង្វារនឹងក្លាយជាតំបន់ពិសេស ដែលអំណោយផលលើវិស័យសំណងលំនៅដ្ឋាន ក៏ដូចជាមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលកើតមានវត្តមានអគារធំៗ និងខ្ពស់ៗ មិនក្រោម ១៥-២០ ជាន់ ប្រៀបដូចជាតំបន់ កៅលន់ ដែលស្ថិតនៅជ្រោយម្ខាងនៃក្រុងហុងកុងយ៉ាងដូច្នោះដែរ ។ ដោយឡែកសម្រាប់អ្នកវិនិយោគលើវិស័យដីធ្លីនាពេលនេះ ក៏អាចនៅមានឱកាសក្នុងការទទួលបានភាគលាភនៅឡើយ ខណៈដែលតម្លៃដីនៅតំបន់ជ្រោយចង្វារអាចហក់ឡើងកាន់តែខ្ពស់ក្នុងពេលអនាគត់៕

គំរោងអចលនទ្រព្យធំមួយលេចឡើងនៅកណ្តាលក្រុងមង្គលបុរី

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គំរោងវិនិយោគលើដីឡូត៍ និងលំនៅដ្ឋានដ៏ធំមួយកំពុងចាប់ផ្តើមនៅក្រុងមង្គលបុរី ក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង និងអគ្គនាយកធនាគារស្រូវបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកសម្រេចចិត្តវិនិយោគគំរោងនេះឡើង ដោយសា​រតំបន់នោះប្រជាពលរដ្ឋច្រើន និងមានជីវភាពធូរធារកើនឡើងជាប្រចាំ ដែលធ្វើឲ្យតម្រូវការដីឡូត៍ និងលំនៅដ្ឋានតម្លៃមធ្យមមានការកើនឡើង។លោកបន្តថា គំរោងនេះមានផ្ទៃដីជាង៤០ហិកតា ដែលបាននិងកំពុងពុះដីឡូត៍លក់ និងសាងសង់ផ្ទះក្នុងតម្លៃចន្លោះពី៣០,០០០ទៅ ៤០,០០០ដុល្លារសម្រាប់លក់។

លោកបន្តថា “ក្រៅពីពុះដីឡូត៍លក់ ក្រុមហ៊ុនរបស់លោកក៏ជួយសាងសង់ផ្ទះជូនម្ចាស់ដីក្នុងតម្លៃសមរម្យផងដែរ ស្របតាមស្ថានភាពជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ”។លោកបន្តថា “ខេត្តបន្ទាយមានជ័យ កំពុងមានការរីកចម្រើនយ៉ាងលឿន ដោ​យសារការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ”។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទំហំទុនវិនិយោគក្នុងគំរោងនេះនៅឡើយ ដោយលោកអះអាងថា គំរោងនេះធ្វើឡើងជាដំណាក់កាលៗ ហេតុនេះពិបាកក្នុងការប្រើប្រាស់ប្រភពទុនជាក់លាក់។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបើកឲ្យដំនើរការខ្សែរថភ្លើងថ្មីមួយ ដោយចាកចេញពីក្រុងប៉ោយប៉ែត មកកាន់ក្រុងសិរីសោភ័ណ្ឌ និងបានតភ្ជាប់ពីក្រុងសិរីសោភ័ណមកកាន់ ក្រុងបាត់ដំបង។

ការតភ្ជាប់ការដឹកជញ្ជូន និងធ្វើដំណើរតាមផ្លូវរថភ្លើងនេះ នឹងជួយធ្វើឲ្យសកម្មភាព ណាណិជ្ជកម្មកាន់តែរសរវើកនៅក្នុងទឹកដីភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដែលជាខេត្តមានទីតាំងជាប់នឹងប្រទេសថៃ៕

Hutton CPL ទទួលសិទ្ឋលក់គំរោងខុនដូតម្លៃជាង ១០០លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ទីបំផុតក្រុមហ៊ុន KHCN ដែលជាអ្នកអភិវឌ្ឍន៍​ខុនដូ SEA GATE SUITE នៅខេត្តព្រះសីហនុ បានប្រគល់សិទ្ឋលក់ផ្តាច់មុខដល់ក្រុមហ៊ុនអចលនទ្រព្យ Hutton CPL។

នាយកប្រតិបត្តិក្រុមហ៊ុន Hutton CPL លោកសុត វីរៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ ឧសភានេះថា ការសម្រេចចិត្តជ្រើសរើសយកគំរោងខុនដូប្រណីតនេះមកលក់ ដោយសារកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ យើងមានទំនុកចិត្តលើ​ម្ចាស់អភិវឌ្ឍន៍គំរោងនេះ ដែលពួកគេនឹងសាងសង់គំរោងនេះចប់ចុងចប់ដើម ទី២ អ្នកសាងសង់គំរោងនេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ៣នៅប្រទេសចិន និងជាប់ចំណា​ត់ថ្នាក់លេខ១នៅកម្ពុជា និងទី៣ តម្រូវការបន្ទប់ស្នាក់នៅក្នុងទីក្រុងព្រះសីហនុបានកើនឡើងខ្ពស់។

គំរោងនេះសាងសង់ដោយក្រុមហ៊ុន CSCEC និងវិនិយោគដោយក្រុមហ៊ុន KHCN Investment &Development Co, Ltd។

លោកបន្តថា “អ្នកទិញគំរោងនេះ នឹងទទួលបានការបង់រំលស់ ដោយឥតការប្រាក់   រយៈពេលបីឆ្នាំ ហើយពេលសាងសង់ចប់ អ្នកទិញផ្ទះក្នុងគំរោងនេះនឹងទទួលបានការជួលត្រលប់វិញ ក្នុងអត្រា៨ភាគរយប្រចាំឆ្នាំ”។

គំរោងខុនដូ Sea Gate Suite ជាខុនដូប្រណីត ដែលមានបន្ទប់សរុបចំនួន១១១៨យូនីត និងលក់ក្នុងតម្លៃពិសេសត្រឹម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ ខុនដូ Sea Gate Suite មានកំពស់សរុប៤៣ជាន់ និងសាងសង់នៅទីតាំងនៅជាប់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

លោកសុត វីរៈបានបន្តថា ជាមួយនឹងទីតាំងសមស្រប និងជាគំរោងដែលមានកំពស់ខ្ពស់ជាងគេក្នុងខេត្តនេះ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត៣៦០ដឺក្រេចេញពីខុនដូនេះ។ លោកបន្តថា គំរោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះការបុកគ្រឹះបានបញ្ចប់ហើយ។ គំរោងនេះមានចំណតយាន​យន្តចាប់ពីជាន់ទី១ដល់ទី៧ ជាន់ទី៧ជាផ្សារទំនើប ជាន់ទី៨ ជាក្លឹបហាត់ប្រាណ អាងហែលទឹក និងចាប់ពីជាន់ទី៩ឡើងទៅជាខុនដូ និងសណ្ឋាគារ។

បច្ចុប្បន្នខុនដូប្រមាណ១០គំរោងបាន និងកំពុងសាងសង់នៅទីក្រុងព្រះសីហនុ ដែលធ្វើឲ្យចំនួនខុនដូ សរុបមានប្រមាណ៦០០០យូនីត ស្របពេលតម្រូវការបន្ទប់ស្នាក់នៅបានកើនឡើងយ៉ាងខ្ពស់ ដោយសារលំហូរនៃអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគ​ចិន និងការទៅទស្សនាកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕