អ្នកជំនាញប្រាប់ពីវិធីសាស្រ្តចំនួន៦ ដែលគួរខ្ចីឥណទានដើម្បីចាប់ផ្តើមអាជីវកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ពីហេតុផលល្អៗ៦យ៉ាង ដែលអ្នកគួរចេះខ្ចីប្រាក់ពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកវិនិយោគ (រកស៊ី) ចាប់ពីពេលមានការងារធ្វើដំបូង។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានមានប្រសាសន៍ឲ្យដឹងលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន​ទាក់ទងនឹងការប្រើប្រាស់ ឬខ្ចីឥណទានយកមកចាប់ផ្តើមអាជីវកម្មឬរកស៊ីថា គួរតែធ្វើក្រោមហេតុផលសំខាន់ៗចំនួន៦ ដូចជា ទី១ ធ្វើអោយអ្នកក្លាយជាមនុស្សដែលមានវិន័យហិរញ្ញវត្ថុ: ពេលមានបំណុលជាប់ខ្លួនអ្នកនឹងយល់ថាអ្នកមានកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់ទៅម្ចាស់បំណុលវិញ។ ដូច្នេះអ្នកនឹងមានវិន័យខ្លាំងក្នុងការចាត់ចែងលុយកាក់។

ទី២ ធ្វើអោយអ្នកក្លាយជាមនុស្សកាន់តែមានវិន័យ និងភាពអំណត់ក្នុងការបំពេញការងារ: ពេលខ្ចីប្រាក់មកវិនិយោគអ្នកតែងខ្វល់ខ្វាយ ពីសុវត្ថិភាពការងារ (Job Security) ក៏ដូចជាសួរខ្លួនឯងថាតើធ្វើយ៉ាងណាទើបមានការងារល្អជាងនេះ? មានប្រាក់ខែច្រើនជាងនេះ ដើម្បីអាចខ្ចីប្រាក់បានច្រើនជាងសព្វថ្ងៃដើម្បីយកទៅវិនិយោគ? ធ្វើយ៉ាងណាអាចទទួលបានចំណេះដឹង-ជំនាញបន្ថែមពីការងារសព្វថ្ងៃដើម្បីយកទៅពង្រឹងសមត្ថភាពក្នុងការវិនិយោគ? សំណួរទាំងនេះជំរុញអោយអ្នកបំពេញការងារដោយមិនខ្លាចនឿយហត់ ព្រោះជាជីវិតការងារដែលមានបុព្វហេតុ។ ទី៣ ធ្វើអោយអ្នកក្លាយជាមនុស្សដែលចេះបង្កើតក្តីស្រម៉ៃសំរាប់ជីវិត ជារើយៗ ជីវិតធ្វើការងារជាបុគ្គលិកយកប្រាក់ខែមិនបានបង្ហាញផ្លូវ ថាតើអ្នកចង់ធ្វើអ្វីអោយពិតប្រាកដនោះទេ។ អ្នកពិបាកនឹងរកឃើញគោលដៅក្នុងជីវិតណាស់។ តែបើចេះវិនិយោគ អ្នកប្រហែលជាអាចដកបទពិសោធន៍ជីវិតបានច្រើន អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ រហូតអាចឈានដល់ការបង្កើតក្តីស្រម៉ៃសំរាប់ជីវិតទៀតផង។ ព្រោះជីវិតអ្នកវិនិយោគត្រូវរៀនសូត្រជានិច្ច ជាពិសេសរៀនសូត្រពីបុគ្គលជោគជ័យនានា។

ទី៤ ធ្វើអោយអ្នកចេះវិភាគពីផលចំណេញ-ខាត ហានិភ័យ និង រិះគិតពីដំណោះស្រាយ៖ ពេលអ្នកខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ អ្នកអាចសួរខ្លួនឯងថា តើខ្ចីមកអាចចំណេញទេចំពោះការប្រាក់ប៉ុណ្ណឹង? ចុះបើខ្ចីប្រាក់ធនាគារមិនបាន តើត្រូវមានដំណោះស្រាយយ៉ាងណាដើម្បីបានប្រាក់មកវិនិយោគ? តើជំរើសនីមួយៗមានហានិភ័យអ្វីខ្លះប្រសិនបើការវិនិយោគមិនអាចទទួលបានផលចំណេញដូចការរំពឹងទុក? ជួនកាលអ្នកអាចសុំយោបល់ពីអ្នកដទៃ។ អ្នកនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងជាច្រើនពីសំណួរទាំងនេះ។

ទី៥ ធ្វើអោយអ្នកចេះជ្រើសរើសការសេពគប់ប្រភេទមិត្តភក្រ័ និងសង្គមល្អ: អ្នកបានខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ ដូច្នេះអ្នកនឹងមិនមានចំណាប់អារម្មណ៍សេពគប់មនុស្សដែលធ្វើការដើម្បីតែរស់ និងជីវិតហ៊ឺហារនោះទេ។ គេមានបុព្វហេតុផ្សេង អ្នកមានបុព្វហេតុផ្សេង។ ពេលអ្នកនិយាយពីការវិនិយោគ គេក៏មិនចូលចិត្តស្តាប់ដែរ។ ដូចគ្នា ពេលគេនិយាយពីការទិញទូរសព្ទបង់រំលស់ អ្នកក៏មិនចូលចិត្តដែរ។ អ្នកក៏មិននិយមរាប់រកសង្គមមនុស្សដែលចូលចិត្តផឹកស៊ីអត់ប្រយោជន៏ដែរ។ អ្នកនឹងនិយមរាប់អានតែមនុស្សដែលមានកំណើតតែប៉ុណ្ណោះ។

និងចំណុចទី៦ ធ្វើអោយអ្នកចំណេញពេលវេលា និងមានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង: ខ្ចីប្រាមកវិនិយោគបណ្តើរ ធ្វើការបណ្តើរ ក្រៅពីផលចំណេញផ្នែកហិរញ្ញវត្ថុ អ្នកនឹងអាចសន្សំបានបទពិសោធន៏ និងចំណេះដឹងជាច្រើន។ ប្រការនេះធ្វើអោយសមត្ថភាពរបស់អ្នកកាន់តែខ្លាំង។ អ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង។ មានមនុស្សជាច្រើនចំណាយពេលក្នុងជីវិតការងារប្រហែលចន្លោះពី៣-៥ឆ្នាំដំបូងសប្បាយហ៊ឺហារនឹងជីវិតនៅលីវ មានប្រាក់ខែចាយ មិនជាប់កម្ចី មិនមានកាតព្វកិច្ច និងវិន័យហិរញ្ញវត្ថុ។ ខ្ញុំមានមិត្តភក្រ័ប្រភេទនេះច្រើន មកដល់ថ្ងៃនេះពួកគេនៅខ្វល់ខ្វាយពីសេរីភាពហិរញ្ញវត្ថុនៅឡើយ។ ពួកគេត្រូវធ្វើការយ៉ាងតិចចន្លោះពី១០-២០ឆ្នាំទៀត។ នេះជាប្រការគួរអោយអាណិត ព្រោះឮតែត្អូញត្អែថាធុញថប់នឹងការងារសព្វថ្ងៃណាស់ តែបើឈប់អត់អីចិញ្ចឹមកូនប្រពន្ធ។ល៕

អ្នកជំនាញហៅឆ្នាំ២០១៨ថា ជាឆ្នាំនៃផ្សារទំនើប

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានហៅឆ្នាំ២០១៨ថា ជាឆ្នាំនៃឧស្សា​ហកម្ម”ផ្សារទំនើប”ដោយសារនៅឆ្នាំនេះ ផ្សារទំនើបតូចធំប្រមាណ១៣នឹងបើកដំនើរការ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIAបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្សារបែបសហគមន៍ និងផ្សារទំនើបស្តង់ដាអន្តរជាតិចំនួន១២ នឹងបើកដំណើរការនៅទីក្រុងភ្នំពេញភាគច្រើន ដែលធ្វើឲ្យចំនួនផ្សារកាន់តែច្រើនមាននៅទីក្រុងនេះ និងធ្វើឲ្យស្ថានភាពប្រកួតប្រជែងមានការកើនឡើង ប៉ុន្តែចំនួនផ្សារដែលបើកដំនើរការពីមុនមក និងបើកបន្ថែមនៅឆ្នាំនេះ មិនទាន់លើសតម្រូវការនោះទេ ផ្ទុយទៅវិញបើផ្សារទំនើបថ្មីៗផ្គត់ផ្គង់ច្រើនបែបនេះ នឹងធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវ​ការ។

អ្នកនាងបន្តថា “ផ្សារបែបសហគមន៍ និងផ្សារទំនើបធំៗមួយចំនួនដែលបើកនៅឆ្នាំនេះ វាមិនលើសតម្រូវការទេ ដោយអ្នកវិនិយោគបានជ្រើសរើសទីតាំង និងចាប់យកចំណែកអតិថិជនខុសៗគ្នា”។ អ្នកនាងបន្ថែមថា “អំណាចទិញនៅកម្ពុជាកំពុងមានការកើនឡើង ប៉ុន្តែអ្វីដែលយើងកត់សំគាល់ឃើញ គឺផ្សារបែបសហគមន៍ដែលលក់ចំណីអាហារ និងភេសជ្ជៈជាផ្សារឬជាមុខទំនិញដែលមានតម្រូវការច្រើនជាងគេ”។

ផ្សារទំនើបអន្តរជាតិដែលគ្រោងបើកដំនើរការនៅឆ្នាំនេះ មានដូចជា ផ្សារទំនើបស្តង់ដាអន្តរជាតិ AEON MALL2 , THe BRIDGE Commercial, The Prince Central Plaza, Phnom Penh Mega Mall និងផ្សារបែបសហគមន៍ជាច្រើនទៀតដូចជា​ផ្សារបែបសហគមន៍ THE PARK, THE COMMUNE, WB ARENA, HERITAGE WALK ក្នុង​ខេត្តសៀមរាបជាដើម។

នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប លោកប៉ែន សុខគាបានថ្លែងថា កំនើននៃផ្សារទំនើបនៅកម្ពុជា ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ហើយជំរុញឲ្យកំលាំងទិញមានការ​កើនឡើង កំនើនប្រជាសាស្រ្តនៅក្នុងទីក្រុង ការឈានមកកាន់ដំណាក់កាលថ្មីរបស់កម្ពុជា ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបជាដើម។

លោកបន្តថា “កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាភាពទាក់ទាញមួយរបស់កម្ពុជា ដែលបានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគផ្សារទំនើបនៅទីក្រុងភ្នំពេញ”៕

សុខភាពក្នុងវិស័យវាយណភ័ណ្ឌមានភាពប្រសើរនៅដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រោងចក្រកាត់ដេរ និងផលិតស្បែកជើងប្រមាណ១៥ទៀតបានបើកដំនើរ​ការនៅឆ្នាំនេះ ស្របពេលវិស័យដែលតំណាងឲ្យការនាំចេញនេះ មានសុខភាពល្អប្រសើរ ដោយសារការបញ្ជាទិញមានការកើនឡើងពីសហរដ្ឋអាមេរិក។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា លោកបណ្ឌិតកាំង ម៉ូនីកាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ ឧសភានេះថា សុខភាពក្នុងវិស័យនេះមានសញ្ញាល្អប្រសើរនៅដើមឆ្នាំនេះ ដោយការបញ្ជាទិញមានការកើនឡើងពីសហរដ្ឋអាមេរិក និងមានរោងចក្រថ្មីៗប្រមាណ១៥បានបើកដំណើរ​ការនៅកម្ពុជា ពិសេសការអនុគ្រោះពន្ឋពីអាមេរិក តាមរយៈប្រព័ន្ឋGSPនឹងជួយទាក់ទាញ​អ្នកវិនិយោគជាច្រើនទៀត មកវិនិយោគនៅកម្ពុជា។

លោកបន្តថា “ប្រព័ន្ឋGSP មិនពាក់ព័នន្ឋសម្លៀកបំពាក់ និងស្បែកជើងទេ ប៉ុន្តែវាពាក់ព័ន្ឋនឹងទំនិញសម្រាប់ធ្វើដំណើរ ដូចជាកាបូប និងវ៉ាលីជាដើម”។លោកបន្តថា “ជាទ្រឹស្តីយើងរំពឹងលទ្ឋផលល្អប្រសើរ ចេញពីប្រព័ន្ឋGSPដែលបាន​អនុម័ត ដោយសហរដ្ឋអាមេរិក ព្រោះវាធ្វើឲ្យទីផ្សាររបស់យើងកាន់តែមានភាពទាក់ទាញ ដោយសារការនាំចេញមិនត្រូវតម្រូវឲ្យបង់ពន្ឋ”។

ជាមួយគ្នានេះកាលពីថ្ងៃទី៣ ឧសភាកន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រ ដោយអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៤ទៀត បើកដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន១៦,៥៣លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន តាមរយៈបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា ​គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបើកដំនើរការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន “MASSFLAME ENERGY (CAMBODIA) CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតជីវម៉ាសឥន្ធនៈ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០១កន្លែង។

ទី២ ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតប្រអប់ផ្លាស្ទិកគ្រប់ប្រភេទ និងបង្គុំសម្ភារៈបរិក្ខារអេឡិចត្រូនិក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង ខេត្តបន្ទាយមានជ័យ, មានទុនវិនិយោគប្រមាណ ៣,៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧២កន្លែង។ ទី៣ ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតទឹកពិសាបរិសុទ្ធ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានទុនវិនិយោគចំនួន៥,១លា​ន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦២៨កន្លែង។

និងទី៤ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតផលិតផលប្រដាប់ដាក់បំពង់ទឹក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២៦កន្លែង៕

អស្ចារ្យ! មហាយក្សចិន កំពុងសាងសង់អគារមួយរាង្គស្រួចដូចគ្រាប់កាំភ្លើង

0

ក្រុមហ៊ុននាំចេញធនធានចិន China Resource Export Company បានសាងសង់អគារខ្ពស់កប់ពពករាង្គដូចក្បាលគ្រាប់ជិតរួចរាល់ហើយដែលគូប្លង់ដោយ ស្ថាបត្យករ លោក Kohn Pedersen Fox ។ បើតាមការជូនដំណឹងពីក្រុមហ៊ុន អគារនេះនឹងដាក់សម្ពោធអោយដំណើរការនៅចុងឆ្នាំ ២០១៨ នេះ ។

អគារខ្ពស់កប់ពពកមានកម្ពស់ ៤០០ ម៉ែត្រត្រូវបានគេស្គាល់ថា មានរូបរាង្គជាទំពាំងឬស្សី ឫ ដូចក្បាល់គ្រាប់ ។ នៅពេលសាងសង់បញ្ចប់អគារនេះនឹងក្លាយជាអាគារដែលខ្ពស់ជាងគេលំដាប់ទី ៣ នៅទីក្រុង Shenzhen ។ អគារនេះត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា China Resources Headquarters មានកំពស់ ៦៧ជាន់ ដែលរចនាដោយឡើងដោយ Kohn Pedersen Fox (KPF) នៅក្នុងទីក្រុង Shenzhen ។ អគារនេះមានកំពស់ ៥៩៩ម៉ែត្របច្ចុប្បន្ននេះគឺជាអាគារខ្ពស់ជាងគេលំដាប់ទី ៤ នៅលើពិភពលោក។

អគារដ៏អស្ចារ្យនេះ ត្រូវបានគេសាងសង់ឡើងដោយមានដំបូលកំពស់៦៨.៤ ម៉ែត្រនៅចំកណ្តាលនៃអគារដែលអាចអោយមើលឃើញទេសទេសភាពទីក្រុងទាំងមូលបាន។ អគារនេះស្ថិតនៅជិតឆ្នេរ Shenzhen ភាកខាងលិចនៃទីក្រុងដែលជាកន្លែងបណ្តុំដោយតំបន់ពាណិជ្ជកម្មនៅក្នុងទីក្រុង។

អគារនេះសាងសង់លើទំហំដី ២០០ហិកតា មានទាំងផ្សារទំនើប សារមន្ទីរ ឆាកសំដែង និងកន្លែងមើលភាយន្តជាដើម៕

ជំនាញប្រាប់ពីហានិភ័យ៥យ៉ាងដែលធ្វើឲ្យវិនិយោគអចលនទ្រព្យមិនបានជោគជ័យ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : អ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងនូវកត្តាចំនួ​ន៥ ដែលនាំឲ្យមានហានិភ័យ និងធ្វើឲ្យការវិនិយោគក្នុងវិស័យអចលនទ្រព្យ មិនទទួលបានជោគជ័យ។

លោក ង៉ែត ជូទី ប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានលើកឡើងក្នុងទំព័របណ្តាញទំនាក់ទំនងរបស់លោកថា ការវិនិយោគអចលនទ្រព្យមិនទទួលបានជោគជ័យ ដោយសារកត្តាសំខាន់ៗចំនួន៥ ដូចជា : ទី១- មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ)ណាស់។
ទី២- វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។ ទី៣- ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។
ទី៤- ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។ ទី៥- មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា៕

អស្ចារ្យ : ដ្ឋាភិបាលគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍នាគរាជនៅខេត្តព្រះសីហនុ

0

ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុគ្រោង នឹងរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកចូលមកកំសាន្ត និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។


ទីតាំងដែលរដ្ឋាភិបាលគ្រោងបង្កើត ជាតំបន់អភិវឌ្ឍន៍ទេសចរណ៍នាគរាជនេះមានទំហំ២២១១ហិកតា មានទីតាំងនៅភូមិសាស្ត្របឹងកង្កែប និងតំបន់ពយម៉ាចូវ(ក្នុងភូមិគគីរឃុំបិតត្រាំង)នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចប្រជុំកាលពីពេលថ្មីនេះថា គោលដៅសំខាន់នៃការបង្កើតតំបន់ទេសចរណ៍នាគរាជនេះ ធ្វើឡើងដើម្បីបង្កើនឱ្យមានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនានា មកពីជុំវិញពិភពលោក ចូលមកកំសាន្តនៅកម្ពុជាជាពិសេសខេត្តព្រះសីហនុ និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។


លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា “ខេត្តព្រះសីហនុ អនា​គតនឹងមានភ្ញៀវមកច្រើន និងមានការអភិវឌ្ឍលឿនជាងគេ ដោយហេតុថាខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត”។ លោកបន្តថា “សម្រាប់ដំណាក់កាលនេះ ក្រុមការងារពិសេសេថ្នាក់ក្រសួង និងថ្នាក់ខេត្តព្រះសីហនុ នឹងចុះកំណត់ទីតាំងជាក់ស្តែងនៃទីតាំង គ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍នាគរាជ ការរស់នៅ កាន់កាប់ដីធ្លីក្នុងតំបន់នោះរបស់ប្រជាជន និងសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីរកដំណោះស្រាយជូនពួកគាត់ ឱ្យទទួលបានផលប្រ​យោ​​ជន៍ដោយសមធម៌។


លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា កម្ពុជាគួរតែមានការវិនិយោគលើរមណីយដ្ឋានកែច្នៃបន្ថែមទៀត ក្រៅពីប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ព្រោះការមានគោលដៅទេសចរណ៍ច្រើន និងមានរមណី​យដ្ឋានទេសចរណ៍ច្រើននឹងទាក់ទាញភ្ញៀវឲ្យស្នាក់នៅបានយូរ និងចំណាយប្រាក់ច្រើននៅទីនេះ។
លោកបន្តថា “ហេតុនេះអ្នកវិនិយោគក្នុងស្រុក គួរវិនិយោគលើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍កម្ពុជាឲ្យកាន់តែសម្បូរបែប និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើន”៕

ស្វែងយល់ពីអាមេរិក៖ ទីក្រុង Chicago គ្រោងសាងសង់អគារខ្ពស់លំដាប់ទី២

0

ដោយ : វុត្ថា
ភ្នំពេញ : ទីក្រុង Chicago របស់សហរដ្ឋអាមេរិក កំពុងបង្ហាញកិត្យានុភាពរបស់ខ្លួន ដោយគ្រោងនឹងសាងសង់អគារខ្ពស់កប់ពពកមួយទៀត នៅក្បែអគារប្រវត្តិសាស្ត្រ Tribune Tower ។


អគារនេះគឺជាអគារខ្ពស់លំដាប់ទី២ នៅក្នុងក្រុង ហើយត្រូវបានគូប្លងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះ គឺ Adrian Smith + Gordon Gill ។ អគារដែលនឹងសាងសង់នេះ មានកំពស់៤៣៣ម៉ែត្រ ដែលទាបជាងអគារ Willis Tower (អតិត អគារ Sear Tower) ដែលគូប្លង់ដោយក្រុមហ៊ុន Skidmore Owings & Merrill នៅក្នុងឆ្នាំ១៩៧៣។


ស្ថាបករ លោក Gordon Gill មកពីស្ថាបត្យករក្រុមហ៊ុន Adrian Smith + Gordon Gill បានរចនាប្លង់អាគារខ្ពស់ថ្មីនេះ ជាផ្នែកមួយនៃគម្រោងធំជាងមុន ដែលរួមមានការជួសជុលអគារTribune Tower និងអគារនៅជុំវិញ។

អគារនេះនឹងត្រូវគេសាងសង់ឡើងកំពស់៩៦ជាន់ ដោយបូកបញ្ចូលទាំងចំណតរថយន្ត អាហារដ្ឋាន ហាងលក់ទំនិញ និងសណ្ឋាគារជាដើម។ លើសពីនេះទៀតអគារនេះមានផ្ទះល្វែសម្រាប់ជួលចំនួន៤៣៩ និងខុនដូចំនួន១២៥យូនីតនៅលើកំពូលនៃអគារ។

ផ្នែកខាងកើតនិងខាងលិច នៃអគារមានលង្ហិនមានពណ៌ត្នោត ដែលត្រូវបានរចនាឡើង ដើម្បីបិទផ្នែកខាងក្រៅនៃអគារប្រវត្តិសាស្ត្ររបស់ Tribune Tower ។


សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក គឺក្រុមហ៊ុន Golub & Co ដែលកំពុងធ្វើការជាមួយក្រុមហ៊ុន CIM Group ដែលមានមូលដ្ឋាននៅទីក្រុងឡាអេបាន ឱ្យដឹងថា ការសាងសង់អគារនេះ មានគោលបំណង «ចូលរួមកិច្ចសន្ទនាប្រកបដោយការចុះសម្រុង»ជាមួយនឹងអគារនេះ។

អគារនេះត្រូវគេរំពឹងថានឹងសាងសង់បញ្ចប់ និងដាក់អោយដំណើរការជាផ្លូវការនៅនៅក្នុងឆ្នាំ២០២០ខាងមុខនេះ តែយ៉ាងណាក៏ដោយគេមិនបានបង្ហាញពីការចំណាយថវិកាអស់ប៉ុន្មានទេ ចំពោះការសាងសង់អគារខ្ពស់កប់ពពកមួយនេះ៕

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ ចំណូលចរន្តថវិកាជាតិកើនដល់ទឹកប្រាក់ ៤៥៦០លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ចំណូលចរន្តថវិកាជាតិរបស់រដ្ឋាភិបាល បានបង្ហាញសញ្ញាវិជ្ជមានដោយ​រយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលថវិកានេះបានកើនពី ២២៦៤លានដុល្លារ ដល់ចំនួនជាង ៤៥៦០លានដុល្លារអាមេរិក។

ក្នុងកិច្ចប្រជុំជាមួយតំណាងសហភាពអឺរ៉ុប និងធនាគារពិភពលោកប្រចាំកម្ពុជាលោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ជាលទ្ធផល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ ២០១៣​-២០១៨ ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាងពីរដងមានប្រមាណ ២២៦៤លានដុល្លារ ដល់ប្រមាណ ៤៥៦០លានដុល្លារអាមេរិក។

ការកើនឡើងនៃទំហំចំណូលនេះ បានផ្តល់លទ្ធផលជាវិជ្ជមាន ដោយអនុញ្ញាត្តឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលនៃសេវាសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងតាមរយៈចំណាយ វិនិយោគសាធារណៈ ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈមានភាពកាន់តែប្រសើរឡើង និងកាន់តែខិតជិតប្រជាពលរដ្ឋ។

លោកបន្តថា កម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅឆ្នាំ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរ“ប្រព័ន្ធគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមជ្ឈការ” ទៅជា“ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចេញ និងវិមជ្ឈការ” ស្របតាមការលានុវត្តន៍ជាអន្តរជាតិ ហើយកម្មវិធីកែទម្រង់នេះ ត្រូវបានដាក់ចេញដោយរចនាតាមអភិក្រមជាខឿនចំនួន៤ និងត្រូវបានរៀបចំអនុវត្តជា៤ដំណាក់កាលផងដែរ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសកម្ពុជាទទួ​លបានកំណើនសេដ្ឋកិច្ចអត្រាជាមធ្យម៧,៦ភាគរយ ចាប់ពីឆ្នាំ១៩៩៤-២០១៥ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី៦នៅលើពិភពលោក  ហើយកម្រិតអត្រាភាពក្រីក្រធ្លាក់ចុះពី៤៧,៨ភាគ​រយ ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ និងទទួលបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាបផងដែរ។

ឯកអគ្គរដ្ឋទូត នៃស្ថានតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgarបានថ្លែងថា ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ដោយចីរភាព បច្ចុប្បន្ននេះសហភាពអឺរ៉ុបកំពុងផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ តាមរយៈធនាគារពិភពលោក លើគម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់ប្រទេសជាដៃគូចំនួន១០រួមមាន កម្ពុជា, ឡាវ, វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ុង-ហ្គោលី, ទីម័រខាងកើត, វៀតណាម និងដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខនេះ៕

ចង់ដឹងទេ! ហេតុអីក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនមកវិនិយោគនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មានចម្ងល់ជាច្រើនពីការចូលមកដល់កម្ពុជា នៃក្រុមហ៊ុនលំដាប់យក្សរបស់ចិនមកវិនិយោគនៅកម្ពុជា ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះបានប្រាប់ថា កត្តាសំខាន់ចំនួន៤បានទាក់ទាញក្រុមហ៊ុនទាំងនោះចូលមកកាន់ទីក្រុងភ្នំពេញ។

លោក RAYSON ប្រធានផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុនយក្សមួយក្នុងចំណោម​យក្សទាំង១០នៅប្រទេសចិន R& F Properties បានមានប្រសាសន៍ឲ្យដឹង កាលពីដើមស ប្តាហ៍នេះថា មានមូលហេតុសំខាន់ៗចំ​នួន៤ ដែលក្រុមហ៊ុននេះសម្រេចចិត្តមកវិនិយោគ​នៅកម្ពុជា ទី១ គោលនយោបាយផ្លូវសូត្រ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសមានលក្ខខ័ណ្ឌពិសេស ដែលទទួលបានផលប្រយោជន៍ពីគំរោងនេះ ទី២ ទំនាក់ទំនងដ៏ល្អ និងរ៉ឹងមាំរវាងមេដឹកនាំកម្ពុជា ពិសេសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំចិន ទី៣ កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសកម្ពុជា និងទី៤ ស្ថិរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា។

លោកបន្តថា “ប្រទេសកម្ពុជា គឺជាប្រទេសទី២ក្នុងតំបន់អាស៊ាន ដែលយើងបានមកវិនិយោគ បន្ទាប់ពីប្រទេសភូមា។ ហេតុផលដែលយើងមកទីនេះ គឺដោយសារគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសដែលមានលក្ខណៈពិសេស ដែលកំពុងទទួលផលប្រយោជន៍ពីគោលនយោបា​យ​នេះ”។

R&F PROPERTIES បាននិងកំពុងចាប់ផ្តើមគំរោង R&F CITY នៅមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ព្រោះយើ​ង​ចង់ផ្តល់នូវបែបផែនជីវិតថ្មីមួយ សម្រាប់ប្រជាជនកម្ពុជានិងសហគមន៍ចិន ដែលមកវិនិយោគ និងធ្វើការនៅប្រទេសកម្ពុជា។ គំរោងនេះមានអាគារសរុបចំនួន២០ និងមានកំពស់៣៣ជាន់ ដែលនឹងបញ្ចប់នៅឆ្នាំ២០២០ ហើយទំហំទឹកប្រាក់នៃការវិនិយោគគំរោងនេះ មានច្រើនជាង​២ពាន់លានដុល្លារអាមេរិក។

លោក RAYSON បានបន្តថា គំរោងនេះមានផ្ទះចំនួន៥២៣២យូនីត មានរួមបញ្ចូលនូវក្លឹបកីឡាទំហំ៣២០០ម៉ែត្រ និងផ្ទះបែបអាជីវកម្ម៣៨ និងសួនច្បារដ៏ធំមួយ។ គំរោងនេះបានចាប់ផ្តើមលក់ហើយ ដោយយើងផ្តោត ទីផ្សារនៅប្រទេសចិន និងជនបរទេសដទៃទៀត និងនៅកម្ពុជា ប៉ុន្តែយើងផ្តោតជាពិសេសលើអតិថិជនចិន ដែលមានជីវភាពខ្ពស់ និងចង់បានជីវិតរស់នៅបែបស៊ីវិល័យ។

លោកបន្តថា “យើងក៏ផ្តោតលើអតិថិជនជាជនជាតិខ្មែរ ព្រោះខ្ញុំគិតថានាពេលអនាគត​ប្រជាជនកម្ពុជា នឹងចូលចិត្តរស់នៅខុនដូឬអាផាតម៉ិនផងដែរ ព្រោះនៅប្រទេសចិនប្រជា​ជនចិនចូលចិត្តរស់នៅតាមអាផាតម៉ិន ដោយសារអាផាតម៉ិន និងខុនដូផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងមានជីវិតបែបស៊ីវិល័យ”។

តម្លៃផ្ទះនៅក្នុងគំរោងនេះ លក់ក្នុងតម្លៃចាប់ពី១៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។

លោក RAYSON បានបន្តថា “យើងជឿជាក់ថាគំរោងនេះ នឹងទទួលបានជោគជ័យ ដោយសារហេតុផលខាងលើនេះ ដោយសារកំនើនសេដ្ឋកិច្ចកម្ពុជា និងចំនួនអ្នកវិនិយោគកាន់តែច្រើននឹងចូលមកវិនិ​យោគកម្ពុជា”។

ជាមួយគ្នានេះ អ្នកវិនិយោគចិនជាច្រើនចង់វិនិយោគនៅក្រៅប្រទេស ដែលពួកគេចង់ស្វែងរកប្រាក់ចំណេញ ហើយទីផ្សារកម្ពុជាជាទីផ្សារដ៏ជោគជ័យ និងទាក់ទាញមួយ ហើយទីក្រុងភ្នំពេញជាកន្លែងមួយដ៏ទាក់ទាញ។ ទោះបីខេត្តព្រះសីហនុ និងសៀមរាបមានសក្តានុពល ប៉ុន្តែខេត្តទាំងពីរមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋ និងសេវាកម្មសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅដូចទីក្រុងភ្នំពេញទេ៕

តោះទៅមើលទីតាំងផ្សារទំនើបចំនួន១២ ដែលបើកដំណើរការនៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ នៅឆ្នាំ២០១៨នេះ អ្នកជំនាញអចលនទ្រព្យបានហៅថា “ជាឆ្នាំនៃផ្សារទំនើប” ដោយសារឆ្នាំនេះផ្សារទំនើបតូច ធំចំនួន១២ នឹងបើកដំណើរការនៅក្នុងត្រីមាស​បន្តបន្ទាប់។

តោះទៅមើលទីតាំង ទំហំ និងឈ្មោះផ្សារទំនើបចំនួន១២ ដែលបើកដំណើរការនៅឆ្នាំនេះ។

/ ផ្សារបែបសហគមន៍ EDEN GARDEN

ផ្សារទំនើបនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh City Center) ក្នុងតំបន់បឹងកក់ ស្ថិតនៅលើផ្លូវ City Center Blvd ស្ថិតក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ ផ្សារទំនើបនេះមានទំហំ ៥០០០ម៉ែត្រការ៉េ។

/ ផ្សារសហគមន៍ THE PARK

ផ្សារបែបសហគមន៍នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខបុរីប៉េង ហួត ស្ថិតក្នុងសង្កាត់ឬស្សីស្រស់ ខ័ណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ ផ្សារទំនើបនេះមានទំហំ៤៥៨១ម៉ែត្រការ៉េ។

/ ផ្សារទំនើប AEON MALL2

ផ្សារទំនើបនេះ ជាផ្សារធំជាងគេដែលនឹងបើកដំណើរការ នៅត្រីមាសទី២ឆ្នាំនេះ ផ្សារនេះស្ថិតនៅលើផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុងពោងពាយ ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។ ផ្សារនេះមានទំហំរហូតដល់៧០៥០០ម៉ែត្រការ៉េ។ វាជាផ្សារទំនើបលំដាប់អន្តរជាតិ ដែលមានទំហំធំជាងផ្សារទំនើប AEON MALL1។

/ ផ្សារទំនើប PRINCE CENTRAL PLAZA

ផ្សារទំនើបនេះ ស្ថិតនៅក្នុងអាគារ Prince Plaza ស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្សារនេះមានទំហំ៨១០០ម៉ែត្រការ៉េ។ Prince Plaza ជាគំរោងដែលប្រើប្រាស់ចម្រុះ សម្រាប់បរិបទនៃទស្សនវិស័យអភិវឌ្ឍន៍ថ្មីនៅរាជធានីភ្នំពេញ។

/ Midtown Mall

ផ្សារទំនើបនេះស្ថិតនៅលើបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ។ ផ្សារទំនើបនេះមានទំហំ៤៨៨១ម៉ែត្រការ៉េ និងគ្រោងបើកដំនើរការនៅខែធ្នូ ឆ្នាំ២០១៨នេះ។

/ ផ្សារទំនើប THE OLYMPIA MALL

ផ្សារទំនើបលំដាប់អន្តរជាតិនេះ ស្ថិតក្នុងគំរោង OLYMPIA CITYដែលជាគំរោងអភិវឌ្ឍន៍ដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ។ ផ្សារនេះស្ថិតនៅលើផ្លូវហ្សានដឺហ្គោល សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

ផ្សារទំនើបនេះមានទំហំដ៏ធំផងដែរ ដោយមានផ្ទៃក្រឡារហូតដល់១៥០៨១ម៉ែត្រ​ការ៉េ និងគ្រោងបើកដំណើការនៅខែ ធ្នូ ឆ្នាំនេះ។

/ ផ្សារទំនើប THE COMMUNE

ផ្សារទំនើបនេះស្ថិតនៅលើផ្លូវ៣៤៧ និងផ្លូវលេខ៣៤៩ ស្ថិតក្នុងសង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ។ នេះជាគំរោងអភិវឌ្ឍន៍ចម្រុះ ដែលផ្សារនេះមានទំហំរហូត​ដល់៨១២៨ម៉ែត្រការ៉េ។

/ ផ្សារទំនើប THE HERITAGE WALK

ផ្សារទំនើបនេះស្ថិតនៅលើផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្សារទំនើបនេះនឹងបើកដំនើរការនៅត្រីមាសទី២ឆ្នាំនេះ។ ផ្សារទំនើបបែបសហគមន៍នេះមានទំហំ១៤០០០ម៉ែត្រការ៉េ។

/ ផ្សារទំនើប WB ARENA

ផ្សារទំនើបនេះស្ថិតនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌ​មានជ័យ។ ផ្សារទំនើបនេះជាផ្សារបែបសហគមន៍ ដែលផ្តល់សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងការកំសាន្ត។

១០/ ផ្សារទំនើប DOWNTOWN93

ផ្សារទំនើបនេះស្ថិតក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលមានការិយាល័យធ្វើការ និងអាផាតម៉ិន។ ផ្សារទំនើបនេះស្ថិតនៅលើផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំ​ការមក ក្រុងភ្នំពេញ។

ផ្សារទំនើបបែបសហគមន៍នេះ មានទំហំសរុបចំនួន៦៩៨០ម៉ែត្រការ៉េ និងគ្រោងបើកដំណើការក្នុងត្រីមាសទី២ឆ្នាំនេះ។

១១/ ផ្សារទំនើប THE BRIDGE  

ផ្សារទំនើបលំដាប់អន្តរជាតិនេះ ស្ថិតក្នុងគំរោង THE BRIDGE ដែលជាគំរោងអភិវឌ្ឍន៍ចម្រុះ។ ផ្សារនេះស្ថិតនៅលើមហាវិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមក ក្រុងភ្នំពេញ។

ផ្សារទំនើបលំដាប់អន្តរជាតិនេះ មានទំហំ១៩៣៤០ម៉ែត្រការ៉េ។ ផ្សារនេះស្ថិតនៅក្នុងតំបន់ដើរកំសាន្ត តំបន់លំនៅដ្ឋាននិងជាតំបន់ពាណិជ្ជកម្មរស់រវើក។

១២/ ផ្សារទំនើប DIAMOND TWIN TOWER

ផ្សារទំនើបនេះ ស្ថិតនៅលើផ្លូវសុភមង្គល ក្នុងទីក្រុងកោះពេជ្រ ខ័ណឌចំការមក ក្រុងភ្នំពេញ។ ផ្សារទំនើបនេះស្ថិតនៅក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលរួមមានខុនដូ ការិយាល័យជាដើម។

ផ្សារទំនើបក្នុងគំរោងនេះមានទំហំ១៥៦៤០ម៉ែត្រការ៉េ និងគ្រោងបើកដំនើរការនៅត្រីមាសទី២ឆ្នាំនេះ៕