[:km]ដោយស៊ីវ ម៉េង
ភ្នំពេញ៖ ជាមួយនឹងកំនើននៃភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគចម្រុះជាតិសាសន៍ ក្រុងព្រះសីហនុនឹងបង្ហាញនូវរមណីយដ្ឋានលំដាប់ផ្កាយ៥មួយ ដែលនឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ។
គំរោងវិនិយោគរមណីយដ្ឋាននេះ ស្ថិតនៅលើកោះស្រមោច ត្រូវបានវិនិយោគដោយក្រុមហ៊ុន SEA SENSE Resort ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធមួយរបស់ក្រុមហ៊ុន MARITIME Group។

លេខាធិការប្រតិបត្តិរបស់ក្រុមហ៊ុនMARITIME GROUPលោកស្រីដុម សុភាពបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រមណីយដ្ឋានទេសចរណ៍ថ្មី «SEA SENSE Resort» ត្រូវបានរចនាឡើងមានលក្ខណៈទំនើបលំដាប់ផ្កាយ៥ នឹងលេចត្រដែតឡើងលើកោះស្រមោច នៃខេត្តព្រះសីហនុ។ រមណីយដ្ឋាននេះ គ្រោងនឹងបិទបញ្ចប់ការអភិវឌ្ឍដំណាក់កាលទី១នេះ នៅចុងឆ្នាំ២០១៩ ដើម្បីត្រៀមស្វាគមន៍វត្តមានភ្ញៀវទេសចរពីគ្រប់ទិសទី។
-->
លោកស្រីបន្តថា គំរោងវិនិយោគនេះមានប្រភេទផលិតផលជាច្រើនដូចជា ផ្ទះស្នាក់ទេសចរណ៍ ឬបឹងហ្គាឡូ វីឡាបែបគ្រួសារ ស្ពានកំពង់ទឹក ឬស្ពានបណ្ដែតទឹក កន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន អាងហែលទឹក ក្លឹបហាត់ប្រាណ (Gym) និងតារាងវាយ Tennis ហាងលក់ទំនិញ កាស៊ីណូ (Casino) ម៉ាស្សា ស្ប៉ា (Spa) បន្ទប់ទឹកសាធារណៈ កន្លែងជួលទូកកៃយ្យៈ អូរប័រ ពោងលែងទឹក សម្រាប់ភ្ញៀវទេសចរដែលចង់ជិះលែងកម្សាន្តជាដើម។
លោកស្រី ដុម សុភាព បានបន្តទៀតថា ក្រុមហ៊ុនក៏មិនភ្លេចពីការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន អនាម័យ និងសំរាមផងដែរ ដោយក្រុមហ៊ុនបាននាំចូលនូវឡដុតសំរាមគ្មានផ្សែងដ៏ទំនើបមួយ សម្រាប់ដុតសំរាមនៅតំបន់ចុងកោះ ធានាថាមិនប៉ះពាល់ដល់បរិស្ថាននៅលើកោះស្រមោចនោះឡើយ។

កោះស្រមោច មានផ្ទៃដីចំនួន២៥.៦៥ហិចតា ប៉ុន្តែបើគិតពីផ្ទៃដីធម្មជាតិទាំងអស់នៅលើកោះមានប្រមាណ៣៣ហិកតា។ កោះស្រមោចមានចម្ងាយពីមូលដ្ឋានកងទ័ពជើងទឹកតែ៨០០ម៉ែត្រប៉ុណ្ណោះ បើយើងធ្វើដំណើរតាមទូកទេសចរណ៍ ចំណាយពេល១០នាទី តែបើធ្វើដំណើរតាមអូប័រចំណាយពេលប្រមាណ៥នាទី៕[:]