[:km]ដោយស៊ីវ ម៉េង
ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យ ពិសេសជំនាញលើការទិញលក់ដីធ្លីបានអះអាងថា ដីធ្លីនៅតំបន់សំខាន់ៗចំនួនពីរនៃជាយក្រុងភ្នំពេញ នឹងមានកំនើនកើនឡើងខ្លាំងនាពេលខាងមុខនេះ។
លោកកាង សុទ្ឋីអគ្គនាយកក្រុមហ៊ុនCentury21 Land Station Real Estateបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីនេះថា តម្លៃដីធ្លីនៅទីក្រុងភ្នំពេញមានសក្តានុពល និងកំនើនតមលៃខុសៗគ្នា អាស្រ័យលើទីតាំង និងស្ថានភាពដីជាក់ស្តែង ប៉ុន្តែដីនៅតំបន់កំបូល និងដីនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦អា នឹងមានសក្តានុពលកើនឡើងតម្លៃលឿនជាងគេនាពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “ការកើនឡើងដីធ្លីនៅតំបន់នេះ ដោយសារលក្ខខ័ណ្ឌភូមិសាស្រ្ត កំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ព្រមទាំងសណ្ឋានដីមានលក្ខណៈល្អប្រសើរ”។ លោកបន្តថា “តម្លៃដីនៅតាមតំបន់ផ្លូវជាតិលេខ៦អា នឹងកើនទ្វេរដងនាបណ្តាឆ្នាំខាងមុខ ដោយសារតំបន់នេះមានការអភិវឌ្ឍលឿន ព្រោះមានបណ្តុំដោយមជ្ឈមណ្ឌលកីឡា លំនៅដ្ឋាន និងសកម្មភាពពាណិជ្ជកម្ម”។
-->

លោកកាង សុទ្ឋីបានបន្តថា ចំណែកតម្លៃដីធ្លីនៅតំបន់កំបូល ក៏មានការកើនឡើងខ្ពស់ផងដែរ ដោយសារតំបន់នេះសប្បូររោងចក្រ សហគ្រាស ប្រជាជនរស់នៅច្រើន និងជាពិសេសរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានចេញអនុក្រិតបង្កើតខ័ណ្ឌចំនួន២ទៀតនៅក្រុងភ្នំពេញ គឺខ័ណ្ឌកំបូល និងខ័ណ្ឌបឹងកេងកង។លោកបន្តថា តំបន់កំបូលក៏មានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង មានការតភ្ជាប់រវាងផ្លូវជាតិលេខ៤ ផ្លូវទំនប់កប់ស្រូវ ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ការកើនឡើងតម្លៃដីធ្លីនៅតំបន់នោះ ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន ទី១ ជាតំបន់អភិវឌ្ឍថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ទី២ ហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរក្នុងការតភ្ជាប់មកកណ្តាលរាជធានីភ្នំពេញ ទី៣ កំនើនប្រជាសាស្រ្ត ដែលធ្វើឲ្យសកម្មភាពពា ណិជ្ជកម្មកើនឡើង និងទី៤ កំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជាមានកំនើនជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ៕[:]