ដោយ គង់ សូរិយា
ភ្នំពេញ៖ ការចាក់កៅស៊ូលើផ្លូវជាតិលេខ៥១ មិនត្រឹមតែធ្វើឲ្យការធ្វើដំណើរងាយស្រួលនោះទេ តែក៏ធ្វើឲ្យដីនៅតំបន់នោះមានតម្លៃកើនឡើង។
ដោយមានចម្ងាយប្រមាណ១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តំបន់ផ្លូវជាតិលេខ៥១ បាននិងកំពុងទាក់ទាញរោងចក្រ សហគ្រាសនានាពង្រីកខ្លួន និងម្ចាស់រោងចក្រជាច្រើនបានរើទីតាំងទៅកាន់តំបន់នោះ ដែលធ្វើឲ្យកត្តាប្រជាសាស្រ្តកើនឡើង សកម្មភាពអាជីវកម្មកាន់តែផុសផុលជាងមុន។
ប្រធានផ្នែកលក់នៃគំរោងដីឡូត៍ថ្មីមួយរូូប ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥១ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ កុម្ភៈនេះថា ជាមួយនឹងការរីកចម្រើន និងមើលឃើញសក្តានុពលនៃការអភិវឌ្ឍន៍នៅតំបន់នេះ ទើបក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគពុះដីឡូត៍លក់លើផ្ទៃដីជិត៤០ហិកតា ដែលបានបើកដំណើរការលក់កាលពីថ្ងៃទី៧ កុម្ភៈកន្លងមកនេះ។
កញ្ញាបានបន្តថា គំរោងនេះមានដីទំហំខុសៗគ្នា ដោយមានទំហំចាប់ពី៥គុណ១៧ម៉ែត្រ ៥គុណ១៨ម៉ែត្រ និង៥គុណនឹង២០ម៉ែត្រ ដែលដាក់លក់ក្នុងតម្លៃចាប់ពី៥៨០០ដុល្លារឡើងទៅ ហើយអតិថិជនបង់ផ្តាច់ទទួលបានការបញ្ចុះតម្លៃ១០ភាគរយ និងបង់រំលស់គឺមិនយកការប្រាក់រយៈពេល១ឆ្នាំ។
ប្រធានផ្នែកលក់រូបនេះបានបន្តថា “ជាមួយនឹងការគិតគូពីផាសុខភាព ដល់អ្នករស់នៅក្នុងគំរោងនេះ ក្រុមហ៊ុនបានគិតពីហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដោយមានប្រព័ន្ឋអគ្គិសនី បណ្តាញលូ និងផ្លូវទំហំចាប់ពី៨ដល់១២ម៉ែត្រ។ ជាមួយគ្នានេះ ក្រុមហ៊ុនយើងខ្ញុំក៏បាននិងកំពុងរៀបចំសាងសង់ផ្សារសហគមន៍ នៅក្នុងគំរោងនេះ ដើម្បីឲ្យប្រជាពលរដ្ឋទិញដីក្នុងគំរោងនេះអាចសាងសង់ផ្ទះរស់នៅ និងអាចលក់ដូរនៅក្នុងផ្សារបាន”។
គំរោងដីឡូត៍នេះស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាល។ អ្វីដែលជាសក្តានុពលនៅក្នុងគំរោងនេះ គឺប្រជាពលរដ្ឋអាចសាងសង់ផ្ទះជួល ដោយសារមានរោងចក្រ សហគ្រាសនានានៅព័ន្ឋជុំវិញគំរោងនេះ ហើយគំរោងនេះមានទីតាំងនៅជាប់ផ្លូវជាតិលេខ៥១តែម្តង ពោលគឺតបន់នេះមានមនុស្សរស់នៅច្រើន និងមានកម្មករ និយោជិតធ្វើការច្រើននៅតំបន់នេះ។
អតិថិជនអាចទំនាក់ទំនងលេខទូរស័ព្ទដើម្បីទិញគំរោងនេះ តាមរយៈលេខទូរស័ព្ទ ០១១ ៨១ ២៨ ៨៨, ០៦៧ ៨១ ២៨ ៨៨។
កាលពីពេលថ្មីៗនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញ និងអំពាវនាវឲ្យរោងចក្រ សហគ្រាសនានារើចេញពីទីក្រុង ដោយត្រូវទៅសាងសង់នៅតាមតំបន់ជាយក្រុងនានា។
អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក យិន លាងគង់ បានមានប្រសាសន៍ថា ការពង្រីកផ្លូវជាតិលេខ៥១ និងការចាក់កៅស៊ូផ្លូវនេះបានធ្វើឲ្យតំបន់នេះមានការរីកចម្រើនលឿន ទាំងហេដ្ឋារចនាសម្ព័ន្ឋ ទាំងការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិដែលបានធ្វើឲ្យមានកំនើនប្រជាសាស្រ្ត ហើយនៅពេលមានកំនើនប្រជាសាស្រ្ត មានន័យថាសកម្មភាពអាជីវកម្មនានា បានកើនឡើងដោយស្វ័យប្រវត្តិ។
លោកបន្តថា “ការកើនឡើងតម្លៃដីធ្លី និងសកម្មភាពអាជីវកម្មតំបន់នេះ មិនមែនជារឿងភ្ញាក់ផ្អើលទេ ព្រោះកត្តាសំខាន់ៗដែលធ្វើឲ្យមានសកម្មភាពអាជីវកម្ម និងតម្លៃដីធ្លីកើតឡើង បានគាំទ្រការអភិវឌ្ឍនៅតំបន់នេះរួចហើយ”។លោកបន្តថា “តំបន់នេះ ក៏ដូចជាតំបន់ជុំវិញភ្នំប្រសិទ្ឋតម្លៃដីធ្លី និងសកម្មភាពអាជីវកម្មនានាបាននិងកំពុងធ្វើឲ្យតំបន់កៀកទីក្រុងនេះ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគតឆាប់ៗនេះ”៕