ជប៉ុន​បោះទុន​វិនិយោគ ១៩លាន​ដុល្លារ​ សាងសង់​ខុន​ដូ​ប្រណីត​ថ្មី​មួយ

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​ជប៉ុន​ថ្មី​មួយ បានសម្រេច​បោះទុន​វិនិយោគ​ចំនួន១៩លាន​ដុល្លារ ដើម្បី​សាងសង់​ដូ​ប្រណីត​ថ្មី​មួយ នៅក្នុង​តំបន់​បឹង​កេងកង១ ជា​តំបន់​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ទីក្រុង​ភ្នំពេញ។

ក្រុមហ៊ុន​ឈ្មោះ Lattrait Property Development Inc ជា​អ្នកវិនិយោគ​ខុន​ដូ The Lattrait។ រហូតមកទល់​ពេលនេះ គំរោង​នេះ​បាន​លក់​អស់៤០ភាគរយ​ហើយ ហើយ​ការបើក​ការដ្ឋាន​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៦ មេសា​ខាងមុខនេះ ដោយមាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​អ្នកជំនាញ​ក្នុង​វិស័យនេះ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន CBRE Cambodia។

គំរោង​កំពស់​ជាង២០ជាន់​នេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២០ខាងមុខនេះ ដែលមាន​ផ្ទះ​សរុប​ចំនួន១៤៩យូ​នី​ត ដោយ​រួមបញ្ចូល​ខុន​ដូ​បែប​ស្ទី​ឌូ​យោ​ចំនួន៧២ ផ្ទះ​បន្ទប់​គេង​មួយចំនួន៦៦ បន្ទប់​គេង​ពីរ​ចំនួន៨ និង Penthouse ចំនួន​បី។

អ្នក​អភិវឌ្ឍន៍​ជ្រើសរើស​តំបន់​បឹង​កេងកង១ ដើម្បី​វិនិយោគ​ខុន​ដូ​ប្រណីត​នេះ ព្រោះ​វា​ជា​តំបន់​ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​រស់​នៅ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​នៅ​កណ្តាល​រាជធានី ហើយ​តម្រូវការ​លំនៅដ្ឋាន​នៅ​តំបន់​នេះ នៅតែ​ខ្ពស់​ធៀប​នឹង​តំបន់​ដទៃទៀត។

ទីផ្សារ​ខុន​ដូ​នៅតែមាន​កំណើន​ខ្ពស់​នៅក្នុង​ទីផ្សារ ប៉ុន្តែ​សម្រាប់​គំរោង​ដែល​ស្ថិតនៅ​ទីតាំង​ល្អ និង​ជា​គំរោង​ល្អ នៅតែមាន​តម្រូវការ​ខ្ពស់​នៅក្នុង​ទីផ្សារ ហើយ​គំរោង Lattrait ជា​គំរោង​ដែល​ស្ថិតក្នុង​លំនាំ​នេះ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​ថ្លែងថា ទីផ្សារ​ខុន​ដូ​នៅតែមាន​ដំណើរ​ការល្អ ពិសេស​ខុន​ដូ​ដែល​សាងសង់​ដោយ​អ្នក​អភិវឌ្ឍន៍​មាន​កេ​រ្ត៍​ឈ្មោះ​ល្អ និង​សាងសង់​នៅ​តំបន់ Prime Location ប៉ុន្តែ​ទោះជា​យ៉ាងណា​ខុន​ដូ​ប្រណីត និង​មានតម្លៃ​ខ្ពស់​ការលក់​ហាក់​មាន​ភាពយឺតយ៉ាវ​បន្តិច ប៉ុន្តែ​ខុន​ដូ​ដែលមាន​តម្លៃ​មធ្យម សម្រាប់​ប្រជាជនមាន​ជីវភាព​មធ្យម នៅតែមាន​តម្រូវការ​ខ្ពស់​នៅឡើយ។

អ្នកនាង​បន្តថា “ខុន​ដូ​ដែល​សាងសង់​លក់​ក្នុងតម្លៃ​ចន្លោះ​ពី៣ ទៅ៥ម៉ឺន​ដុល្លារ​មាន​ទីផ្សារ​ល្អ ដោយសារ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អាចមាន​ល​ទ្ឋ​ភាព​ទិញ​បាន”៕

ដំណឹងល្អៈផ្សារទំនើបបែបLifestyleនៅក្រុងសៀមរាបនឹងបើកនៅដើមខែមិថុនា

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិHeritage Walk ដែលផ្តោតលើបែបផែនជីវិតសម័យថ្មី lifetyle នឹងបើកដំណើរការនៅកណ្តាលក្រុងសៀមរាប នាដើមខែមិថុនា ខាងមុខនេះ។

នាយកគ្រប់គ្រងទូទៅនៃផ្សារទំនើបHeritage Walk លោក ឈាង សុភក្តិ​ បានថ្លែងឲ្យដឹងតាមទូរស័ព្ទ​នារសៀលថ្ងៃទី២៣ មេសានេះថា ផ្សារបែប​ Lifestyle Cromlech នេះបើកដំណើរការនៅដើមខែ​មិថុនាខាងមុខនេះ ដើម្បីផ្តល់កន្លែងកំសាន្តសប្បាយដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីផ្សារនេះបើកដំណើរការសាងសង់នៅ​ឆ្នាំ២០១៦​កន្លងមកនេះ។ លោកបន្តថា ផ្សារនេះមានកំពស់៥ជាន់ ដោយពីរជាន់ស្ថិតនៅក្រោមដី និងបីជាន់ស្ថិតនៅលើដី ដែលជាកន្លែងផ្តល់សេវាកំសាន្ត ការញុំាអាហារដ៏សម្បូរបែបដល់ភ្ញៀវនានា។
លោកបន្តថា “យើងមិនប្រកួតប្រជែងជាមួយPub Street ទេ និងមិនប្រកួតជាមួយសណ្ឋាគារណា​នោះ​ទេ ប៉ុន្តែក្រុមហ៊ុនមានបំណងផ្តល់សេវាកម្មកំសាន្ត ការញុំាអាហារ និងការដើរកំសាន្តបែបជីវិត​ស៊ីវិល័យថ្មីមួយ សម្រាប់ទីក្រុងសៀមរាប”។លោកបន្តថា “អ្វីសំខាន់ យើងចង់ឲ្យភ្ញៀវទេសចរណ៍មាន​កន្លែងកំសាន្ត និងស្នាក់នៅបានយូរក្នុងក្រុងសៀមរាប”។ ផ្សារដែលផ្តោតលើបែបផែន​ជីវិត​សម័យ​ថ្មីនេះ មានទំហំ១៤០០០ម៉ែត្រការ៉េ និងមានទីតាំងស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ពោលគឺនៅក្បែរទីសក្ការៈ​ព្រះអង្គចេកព្រះអង្គចម។

លោក ឈាង សុភក្តិ បានបន្តថា ក្រៅពីកន្លែងទទួលទានអាហារ ផ្សារបែបស៊ីវិល័យនេះ ក៏មានកន្លែង​កំសាន្តដទៃទៀត និងរោងភាពយន្តផងដែរ ហើយរហូតមកដល់ពេលនេះស្តង់​របស់ផ្សារជាង​៧០​% ត្រូវបានអតិថិជនជួលអស់ហើយ ដោយមានតម្លៃ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ផ្សារបែបជីវិតស៊ីវិល័យនេះ នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនEmerald Plus Property Management Co, Ltd។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ក្រុងសៀមរាប ជាក្រុងនៃបណ្តុំភ្ញៀវទេសចរណ៍ ប៉ុន្តែទីក្រុងនេះខ្វះតំបន់ពាណិជ្ជកម្ម និងសេវាកម្មកំសាន្តច្រើន ដែល ទាមទារឲ្យមានការវិនិយោគច្រើនថែមទៀត ដើម្បីផ្តល់សេវាកម្មកំសាន្តសប្បាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកនាងបន្តថា “ការវិនិយោគរបស់Metro Lifestyle Developmentលើផ្សារនេះ ពិតជាការវិនិយោគត្រឹមត្រូវ និងចំពេលវេលា”៕

 

ដំណឹងល្អៈសហរដ្ឋអាមេរិកបន្តផ្តល់អនុគ្រោះពន្ធដល់ប្រទេសអភិវឌ្ឍន៍តិចតួចឡើងវិញ

0

ដោយ : វុត្ថា

ភ្នំពេញ : សហរដ្ឋអាមេរិកបានបន្តផ្តល់អនុគ្រោះពន្ធ ដល់ប្រទេសអភិវឌ្ឍន៍តិចតួច​ឡើង​វិញ​កាលពីម្សិលមិញ ក្រោយពីប្រទេសនេះ បានធ្វើការត្រួតពិនិត្យឡើងវិញក្នុង​ការផ្តល់ការអនុគ្រោះពន្ធ (GSP) ដល់បណ្តាលប្រទេស ដែលមានការអភិវឌ្ឍតិច​តួច​ដូចជាប្រ​ទេ​សកម្ពុជាជាដើម។

ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ២៣ ខែមេសាឆ្នាំ២0១៨ នេះ ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចុះហត្ថលេខាលើច្បាប់ស្តីពី H.R 1625, The Consolidated Appropriation Act 2018 ដើម្បីបន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដោយភ្ជាប់ជាមួយការធ្វើ​ប្រតិកម្មពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០។

សេចក្តីជូនដំណឹងដដែលបន្តថា ការបន្តឡើងវិញនៃការផ្តល់ប្រព័ន្ធអនុគ្រោះទូទៅនេះ បានចូលជាធរមានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ហើយចំពោះប្រទេសដែល​បាន​នាំចូលទៅសហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ អាចស្នើរសុំដក​ប្រាក់ព័ន្ធដែលបង់រួចវិញបាន តាមការជួនដំណឹងរបស់តំណាងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក (USTR)។

យោងតាមការណែនាំរបស់អង្គភាពគយ និងការពារព្រុំដែនសហរដ្ឋអាមេរិក (U.S. Customs and Border Protection (CBP)) បានបញ្ជាក់ថា រាល់ពាណិជ្ជករទាំង​អស់​ដែលប្រើ Special Program Indicator (SPI) ដូច (“A”= All Developing Beneficiary Countries) នឹងត្រូវទទួលប្រាក់ពន្ធ ដែលត្រូវបានបង់ត្រឡប់មកវិញ​ដោយស្វ័យប្រវត្តិ។ ដោយឡែកចំពោះពាណិជ្ជករ នាំផលិតផលចូលទៅកាន់​សហរដ្ឋអាមេរិក ដែលមិនប្រើ SPI កូដ “A” អាចស្នើរសុំប្រាក់ពន្ធមកវិញបាន​តាមរយៈ US Customs and Border Protection (CBP) ដោយត្រូវដាក់ពាក្ស​ស្នើរសុំដោយខ្លួនឯងអោយបានមុន ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨។

សូមរំលឹកថា កាលពីកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការត្រួត​ពិនិត្យ​ឡើងវិញក្នុងការផ្តល់ការអនុគ្រោះពន្ធGSP ដល់បណ្តាលប្រទេស ដែលមានការអភិ​វឌ្ឍតិចតួច ដូចជា ប្រទេសកម្ពុជា លើទំនិញជាច្រើនប្រភេទ រួមមាន ទំនិញស្បែកជើង និងកាបូបជាដើម។

យោងតាមតួលេខរបស់ការិយាល័យស្ថិតិសហរដ្ឋអាមេរិក ដែលបានចេញផ្សាយ​កាលពីខែកក្កដាបានបង្ហាញថា ការនាំចូលរបស់អាមេរិក ក្រោមក្របខណ្ឌការ​អនុគ្រោះ​ពន្ធ GSP មានទំហំទឹកប្រាក់ប្រមាណជាង១៨ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចេញផលិតផលស្បែកជើង និងកាបូបរបស់កម្ពុជា ក្រោមក្របខណ្ឌ​ការអនុគ្រោះពន្ធនេះ ទៅកាន់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ជាង១៦០លានដុល្លារ៕

 

ស្វែងយល់ពីអាស៊ាន៖ ក្រុមហ៊ុនជប៉ុនកំពុងចូលខ្លួនកាន់តែជ្រៅក្នុងទីផ្សារ ខុនដូនៅប្រទេសថៃ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យប្រទេសថៃ កំពុងស្រួបយកក្រុមហ៊ុនអចលនទ្រព្យជាច្រើនមកពីប្រទេសជប៉ុន ដើម្បីវិនិយោគសាងសង់ខុនដូនៅទីក្រុងបាងកក ជាក់ស្តែងក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ប្រទេសជប៉ុន Tokyo Tatemono កំពុងមានមហិច្ឆិតាអភិវឌ្ឍន៍ខុនដូ និងអគារខ្ពស់់ៗក្នុងទីក្រុងនេះ។

យោងតាមការចុះផ្សារពីកាសែត Nikei  Asian Review របស់ជប៉ុនបានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tokyo Tatemono នឹងបោះទុនចំនួន២៦០លានដុល្លារ ដើម្បីសាងសង់ខុនដូដ៏ទំនើប ក្នុងទីក្រុងបាកករបស់ប្រទេសថៃ។ ក្រុមហ៊ុនដ៏ធំនេះ នឹងចាប់ដៃគូជាមួយក្រុមហ៊ុនថៃ Raimon Land និងចុះហត្ថលេខាសាងសង់អគារខុនដូ កំពស់៣១ជាន់ ដែលមានផ្ទះ១៥០ យូនីត ក្នុងទីក្រុងបាកកក្នុងសង្កាត់ Sukhumvit ។

គម្រោងនៃកិច្ចសហកាគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងធ្វើឲ្យក្រុមហ៊ុនទាំងនេះមានលទ្ឋភាពសាងសង់អគារខុនដូមួយទៀត កំពស់៣៦ ជាន់ដែលមានផ្ទះ២៥០យូនីត ក្នុងសង្កាត់ Sathorn ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងមួយក្នុងចំណោតំបន់ផ្សេងទៀត។

គម្រោងសាងសង់ទាំងពីរអគារនេះ នឹងត្រូវសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២១។

ក្រៅពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tokyo Tatemono កំពុងចូលរួមជាមួយក្រុមហ៊ុនជប៉ុនMitsubishi Estate អភិវឌ្ឍន៍ខុនដូចំនួន១២ ដែលមានផ្ទះចំនួន១២,០០០យូនីត ក្នុងប្រទេសថៃ។ ជាមួយគ្នានោះ ក្រុមហ៊ុន Mitsubishi Estate ក៏មានគម្រោងអភិវឌ្ឍន៍ខុនដូចខំនួន២០ ដែលមានផ្ទះ១៦,០០០យូនីត នៅទូទាំងប្រទេសថៃផងដែរ។

ក្រុមហ៊ុន Nomura Real Estate Development  របស់ជប៉ុន ក៏មានប្រតិបត្តិការសេវាកម្មអាផាតមិននៅក្នុងប្រទេសផងដែរ។

បើនិយាយក្នុងប្រទេសជប៉ុនវិញ ក្រុមហ៊ុន Tokyo Tatemono មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានខុនដូ សិ្ថតក្រោមម៉ាក Brillia របស់ខ្លួន។

ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនថៃ និងក្រុមហ៊ុនបរទេសបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសថៃ។ តម្លៃសរុបនៃគម្រោងJV រវាងក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន និងថៃនៅក្នុងប្រទេសថៃនេះ បានកើនឡើងដល់២០០ពាន់លានបាត ដែលស្មើរនឹង៦,៤ ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៣ កន្លងមកនេះ៕

តំបន់កោះដាច់ នឹងពង្រីកសក្តានុពលកាន់តែខ្លាំងនាពេលខាងមុខ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ កោះដាច់ មិនមែនដាច់ពីគេពីឯងដូចពីមុនទៀតទេ ប៉ុន្តែបច្ចុប្បន្នដែនដីនេះត្រូវបានរដ្ឋាភិបាល កាត់បញ្ចូលមកស្ថិតក្រោមរដ្ឋបាលក្រុងភ្នំពេញហើយ ដែលធ្វើឲ្យដីធ្លីតំបន់នេះបានឡើងថ្លៃ តែការអភិវឌ្ឍស្ថិតនៅក្នុងដំណើរយឺតៗនៅឡើយ។

ជាទឹកដីពោរពេញដោយជីវជាតិ និងជាតំបន់ត្បាញហូលផាមួងល្បីល្បាញមួយកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែពេលនេះតំបន់នេះ កំពុងរង់ចាំស្ពានថ្មីដែលតភ្ជាប់ពីតំបន់ព្រែកលាភ ទៅកាន់កោះនេះនាពេលអនាគត។

ចៅសង្កាត់កោះដាច់ លោកប៉ាត់ អ៊ែលបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋពិតជាត្រេកអរខ្លាំងណាស់ នៅពេលលឺពីគំរោងសាងសង់ស្ពាន របស់រដ្ឋាភិបាលមកកាន់ដីកោះនេះ ហើយមានប្រជាពលរដ្ឋមួយចំនួន បានដំឡើងថ្លៃដីរបស់ពួកគាត់ខ្លះៗផងដែរ ប៉ុន្តែមិនមានឈ្មួញចុះសាកសួររកទិញដីគគ្រឹកគគ្រេងនោះទេ។លោកបន្តថា តំលៃដី​នៅជាប់ផ្លូវបេតុង នៅលើកោះមានតំលៃចន្លោះពី៤០ ទៅ៨០ដុល្លារ និងនៅតាមផ្លូវលំកបន្តថា តំលៃដី​នៅជាប់ផ្លូវបេតុងនៅលើកោះមានតំលៃចន្លោះពី៤០ទៅ៨០ដុល្លារ និងនៅតាមផ្លូវតូចៗមានតំលៃគ្រឹកគគ្រេងនោះទេ។ិបាលមកកាន់ដីកោះនេះតូចៗមានតំលៃចន្លោះពី១០ ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “នៅកោះដាច់មានដីធំៗច្រើន សម្រាប់លក់ឲ្យតែមានតម្រូវការ ប៉ុន្តែការឡើងថ្លៃដីបច្ចុប្បន្ន ប្រជាជនចេះតែទាមទារខ្លួនឯងប៉ុណ្ណោះ”។លោកបន្តថា “ខ្ញុំ និងប្រជាជនដទៃទៀតនៅលើកោះនេះពិតជាសប្បាយរីករាយ នឹងគំរោងសាងសង់ស្ពានេះ តែមិនដឹងថាការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេ”។

សង្កាត់កោះដាក់មានភូមិចំនួន៥ និងមានប្រជាពលរដ្ឋរស់នៅជាង១៣០០០នាក់នាពេលបច្ចុប្បន្ននេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Daily Realty Group លោកហៃ រ៉ាវីបានថ្លែងថា ព៌តមានពីការសាងសង់ស្ពានទៅកាន់តំបន់នេះ មានជាយូរមកហើយ ប៉ុន្តែការសាងសង់ពេលណាមិនទាន់ដឹងជាក់លាក់នៅឡើយទេ ហេតុនេះទើបមិនសូវមានតម្រូវការដីធ្លីនៅតំបន់នេះ បើទោះតំបន់នេះមានដីមានជីវជាតិល្អ មានខ្យល់អាកាសល្អ និងមានទន្លេព័ទ្ឋជុំវិញក្តី។

លោកបន្តថា “តំបន់នេះអភិវឌ្ឍន៍លឿន ឬយឺតអាស្រ័យលើស្ពានសាងសង់រួច​នៅពេលណា ប៉ុន្តែខ្ញុំគិតថាតំបន់នេះទាមទាររយៈពេល៥ ទៅ១០ឆ្នាំទៀតទើបមានសកម្មភាពអភិវឌ្ឍន៍ផ្សេងៗ”។លោកបន្តថា “ដីនៅក្បែរៗក្រុងនៅសល់ច្រើននៅឡើយ ហើយការអភិវឌ្ឍនៅតំបន់ក្បែរក្រុងក៏មិនទាន់អស់ដីដែរ ហេតុនេះខ្ញុំគិតថាតំបន់នេះនឹងមិនមានការអភិវឌ្ឍន៍ឆាប់រហ័សទេ”។

លោកអ៊ិន ស៊ីថាអ្នកវិភាគផ្នែកអចលនទ្រព្យឯករាជ្យ ដែលតែងតែជិះកង់កំសាន្តនៅតំបន់កោះដាច់ស្ទើររៀងរាល់សប្តាហ៍បានថ្លែងថា តំបន់កោះដាច់មានតង់ស៊ីតេប្រជាជននៅមានកម្រិត ដីធ្លីភាគច្រើនគេទិញយកអស់ទៅហើយ ដូចនេះតំលៃដីធ្លីនៅតំបន់នេះនឹងមិនកើនតំលៃខ្ពស់លឿននោះទេ បើទោះជាស្ពានសាងសង់រួចក៏​ដោយ។លោកបន្តថា ឧទាហរណ៍ជាក់ស្តែង ពេលសាងសង់ស្ពានព្រែកតាមាក់រួច ក៏ដីតំបន់នៅជុំវិញនោះមិនឡើងថ្លៃ និងមិនមានសកម្មភាពអភិវឌ្ឍន៍អ្វីច្រើននោះទេ ក្រៅពីគំរោងរបស់ក្រុមហ៊ុន SKYLAND បើទោះជាតំបន់នោះមានចម្ងាយត្រឹម២៥គីឡូម៉ែត្រពីរាជធានីក្តី។

លោកបន្តថា “តំបន់នេះប្រសិនជាធ្វើជាតំបន់ឧស្សាហកម្ម ឬពាណិជ្ជកម្មអាច​ប្រឈមមុខនឹងការលំបាក ដោយសារមានការលិចទឹកនៅរដូវវស្សា ហេតុនេះអ្នកអភិវឌ្ឍន៍ត្រូវការពេលវេលាច្រើនសិក្សា និងចាក់ដី ដើម្បីឲ្យខ្ពស់ជាងនីវូទឹកទន្លេនារដូវវស្សា”។លោកបន្តថា“តំបន់នេះជាយោបល់ខ្ញុំ វាស័ក្តិសមជាតំបន់រមណីយដ្ឋាន និង​បឹងហ្កាឡូកំសាន្ត តែបើសាងសង់បុរីបែបលំហែរអាចសមស្រប តែកម្រិតទីផ្សារមិនខ្លាំងនោះទេ”។

ទោះជាយ៉ាងណាលោកអ៊ិន ស៊ីថាពិតជាស្វាគមន៍ចំពោះការសាងសង់ស្ពាន

ភ្ជាប់ទៅកាន់កោះនេះ ព្រោះវានឹងជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការចំណាយ​របស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នការឆ្លងសាឡាងទៅកាន់កោះនេះត្រូវចំណាយ៦ពាន់រៀលសម្រាប់ឡាន និង១០០០រៀលសម្រាប់ម៉ូតូ១។

ទោះជាយ៉ាងណាលោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុន Town City Real Estateមានសុទិដ្ឋិនិយមជាងនេះ ដោយលោកបានថ្លែងថា ប្រសិនជាស្ពានសាងសង់ភ្ជាប់ទៅកាន់តំបន់នេះ តំលៃដីពិតជាឡើងថ្លៃមិនខាន ព្រោះជាធម្មតានៅពេលហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលសាងសង់ទៅដល់ទីណា ប្រជាពលរដ្ឋនៅតំបន់នោះនឹងទទួលបានផលប្រយោជន៍ ហើយតំបន់នោះនឹងមានការអភិវឌ្ឍ ព្រោះបើធៀបនឹងតំបន់អរិយក្សត្រ តំបន់នេះមានចម្ងាយជិត និងមានភាពអំណោយផលជាង។

លោកបន្តថា “ប្រសិនជាស្ពានសាងសង់រួច តំបន់នេះគួរអភិវឌ្ឍន៍ជាលំនៅដ្ឋាន​លំដាប់ high class និងគួរកែច្នៃឲ្យដូចជាកោះបាលីរឹតតែល្អ ព្រោះតំបន់នេះមាន​ខ្យល់អាកាសល្អ និងមានទន្លេព័ទ្ឋជុំវិញ”។ លោកបន្តថា “សណ្ឋាគារ បឹងហ្កាឡូ ផ្ទះបែបសម្រាកកំសាន្ត ទាំងគេទាំងខ្ញុំនឹងចាប់អារម្មណ៍ទៅរស់នៅតំបន់នេះនាពេល​អនាគត”។

សង្កាត់កោះដាច់ស្ថិតនៅប្របដងទន្លេមេគង្គលើ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ សង្កាត់កោះដាច់ស្ថិតក្នុងខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កាលពីដើមខែឧសភាឆ្នាំមុន លោកប៉ា សុជាតិវង្សអតីតអភិបាលរាជធានីភ្នំពេ​ញបាន​ប្រកាសពីគំរោងសាងសង់ស្ពានភ្ជាប់ទៅកាន់សង្កាត់កោះដាច់ និងស្ពានភ្ជាប់ទៅតំបន់​ស្វាយជ្រុំ និងតំបន់អរិយក្សត្រភ្ជាប់មកតំបន់ក្តីតាកុយ ស្ថិតនៅតាមបណ្តោ​យផ្លូវជាតិលេខ១៕

ដំណឹងល្អ៖ រដ្ឋាភិបាលគ្រោងបង្កើតតំបន់ជ្រៃធំជាទីក្រុង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងបង្កើតតំបន់ជ្រៃធំជាទីក្រុងថ្មីមួយ ស្ថិតនៅព្រំប្រទល់ប្រ​ទេ​សវៀតណាម ដើម្បីពង្រីកសក្តានុពលនិងអភិវឌ្ឍន៍នៅតំបន់នេះនាពេលខាងមុខ។

លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាលបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងបង្កើតតំបន់ជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាទីក្រុងថ្មីមួយ ដោយសារប្លង់គោលតំបន់នេះបានរៀបចំរួចហើយ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍនៅតំបន់នេះ ធ្វើឡើងតាមគោ​លការណ៍ប្រើប្រាស់ដីឲ្យមាននិរន្តរភាព។ លោកបន្តថា រដ្ឋាភិបាលមិនត្រឹមតែគ្រោងរៀប​ចំតំបន់នេះជាទីក្រុងទេ​ តែគ្រោងបង្កើតទីក្រុងថ្មីៗនៅតាមបណ្តាស្រុកនិមួយៗផងដែរ។

លោកបន្តថា “ការបង្កើតទីក្រុងនៅតំបន់ជ្រៃធំ ដើម្បីពង្រីកការអភិវឌ្ឍន៍ ក៏ដូចជា ដើម្បីការពារបូរណភាពដែនដី និងដែនអធិបតេយ្យភាពកម្ពុជាផងដែរ”។

លោកបណ្ឌិតវ៉ាន់ វ៉ាតបានបន្តថា ការបង្កើតទីក្រុងកាន់តែច្រើនជារឿងល្អប្រសើរ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះនៅពេលមានការ​រៀបចំជាទីក្រុង នឹងមានការអភិវឌ្ឍនិងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីក្លាយជាទីក្រុងមួយប្រកបដោយភាពស៊ីវិល័យ។

កាលពីពេលថ្មីៗនេះសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ង​មហាផ្ទៃបានបង្ហើបឲ្យដឹងពីរឿងនេះ ដោយសម្តេចបានថ្លែងថា ក្រសួងមហាផ្ទៃនឹងរៀប​ចំទីក្រុងនៅតាមទីប្រជុំជនស្រុក និងបណ្តាឃុំដែលមានការរីកចម្រើននានាឲ្យក្លាយជាទីក្រុង ដើម្បីពង្រីកការអភិវឌ្ឍនៅតាមមូលដ្ឋាន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគ ព្រោះការរៀបចំជាទីក្រុង នឹងធ្វើឲ្យតំបន់នោះកាន់តែមានភាពទាក់ទាញពីអ្នកវិនិយោគជាតិ និងអន្តរជាតិនានា។

សម្តេចបន្តថា “ការរៀបចំទីក្រុងនៅតាមបណ្តាស្រុក និងឃុំមួយចំនួន ក៏ជាការផ្តល់​សេវាដល់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលផងដែរ”។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងឲ្យដឹងផងដែរថា លោកយល់ស្របនឹងការមានផែនការពង្រីកទីក្រុង របស់រដ្ឋាភិបាលនៅតាម​មូលដ្ឋាននានា ព្រោះវានឹងជួយឲ្យតំបន់នោះមានភាពរីកចម្រើន ហើយនឹងទាក់ទាញ ការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគលំនៅដ្ឋាន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មនានា៕

សម្ដេចតេជោ ផ្ដល់ភាពរីករាយថ្មីដល់ទឹកដីកោះកុង

0

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង និងបញ្ចប់នូវបញ្ហាដីធ្លីនៅកោះរ៉ុង ខេត្តព្រះសីហនុ។

សណ្ឋាគារដ៏ទំនើបនេះគឺបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា៤០លានដុល្លារក្នុងដំណាក់កាលទី១ដែលមានលក្ខណៈជាវីឡាចំនួន៦៧ខ្នង(១៤៨បន្ទប់) ដែលបានបង្ហាញពីសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា និងការរីកចម្រើននៃសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិនៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរ៉ុងជាលើកទី១នេះ និងមោទនភាពចំពោះការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនអោយក្រុមហ៊ុនវិនិយោគសាងសង់ខ្ពស់ជាង៣ជាន់ឡើយនៅតាមឆ្នេរកោះបែបនេះ។ សម្តេចតេជោ សង្ឃឹមថានឹងមានកោះជាច្រើនទៀតនឹងកើតឡើងជាបន្តបន្ទាប់។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ជាចុងក្រោយថា កោះរ៉ុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិអោយអភិវឌ្ឍន៍ទៅអោយក្រុមហ៊ុនឯកជនក្នុងការវិនិយោគជាតំបន់ទេចរណ៍ទៅតាមរយៈពេលនៃការវិនិយោគដែលបានកំណត់។ ប៉ុន្តែកន្លងមកគឺមានក្រុមហ៊ុនបានទទួលសិទ្ឋិវិនិយោគ ប៉ុន្តែមិនបានធ្វើអ្វីទាំងអស់ គឺសម្តេចតេជោបានបញ្ជាទៅអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសើរើពិនិត្យ នឹងដកហូតយកមកវិញ ព្រោះសព្វថ្ងៃគឺមានក្រុមហ៊ុនមួយចំនួនដែលបានសិទ្ឋិទទួលអាជ្ញាប័ណ្ណវិនិយោគពីរដ្ឋ ប៉ុន្តែមិនធ្វើ ហើយបានយកទៅលក់អោយក្រុមហ៊ុនដទៃដែលខុសនឹងច្បាប់រដ្ឋ។ ដូច្នេះត្រូវដកមកវិញទាំងអស់។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗទៅកាន់អ្នកមានអំណោច និងអ្នកមានទ្រព្យមួយចំនួនដែលកន្លងមកតែតែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរ៉ុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរុងនោះទេ គឺមួយចំនួនរស់នៅក្រុងភ្នំពេញ ឬកន្លែងផ្សេងៗ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាអោយអភិបាលខេត្តពិនិត្យនិងបញ្ឈប់អំពើកាប់ឈើទន្ទ្រានយកដី ឬយកឈើលក់ខុសច្បាប់ គឺត្រូវតែឈប់ជាបន្ទាន់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់និងបញ្ជារអោយក្រសួងរៀបចំដែនដីពិនិត្យដោះស្រាយក្បាលដីចំនួន៥៨៤ក្បាលដី ជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមសំនូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលរស់នៅកោះរ៉ុងនេះទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា ដើម្បីថែរក្សា និងអភិវឌ្ឍន៍កោះរ៉ុងនេះអោយកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត។ ផ្ទៃដីដែលប្រគល់ជូនគឺពលរដ្ឋអាចអាស្រ័យផល និងរស់នៅបាន ប៉ុន្តែពុំមានសិទ្ឋិចាត់ចែងឡើង។

នៅក្នុងដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកកាន់ទឹកដីកោះរ៉ុងថ្ងៃនេះគឺបានបិទបញ្ចប់ជម្លោះដីធ្លីនៅទីនេះទាំងស្រុង និងបានបញ្ចប់អំពើកាប់ឈើល្មើសច្បាប់ទាំងស្រុង ព្រមទាំងដកយកកោះដែលជាសម្បត្តិរបស់រដ្ឋទាំំងអស់ត្រឡប់មកវិញពីក្រុមហ៊ុននានាដែលបានទទួលអាជ្ញាប័ណ្ណវិនិយោគ ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា នឹងគ្មានការទូទាត់សងនូវប្រាក់កក់វិញ និងការខូចខាតអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង ដែលបានសហការជាមួយដៃគូបរទេសចូលរួមអភិវឌ្ឍន៍កោះរុងអោយមានសោភ័ណភាព និងទាក់ទាញទេសចរកាន់តែច្រើនឡើង។ សម្តេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋនៅទីនេះ សូមជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោនាយកដ្ឋន្ត្រីបានអញ្ជើញកាត់ខ្សែបូរសម្ពោធសណ្ឋាគារ The Royal Sands Koh Rong » នៅខេត្តព្រះសីហនុ អោយដំណើរជាផ្លូវការចាប់ពីពេលនេះតទៅ​ ៕

សារវិជ្ជមាន៖ ប្រមុខរដ្ឋាភិបាលតម្លៃអចលនទ្រព្យមិនធ្លាក់ចុះទេនៅមុនការបោះឆ្នោត

2

ដោយគង់ សូរិយា

ភ្នំពេញ៖ ជាសារដ៏កម្រមួយពីប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងពីវិស័យអចលនទ្រព្យ ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា តម្លៃអចលនទ្រព្យមិនមានការធ្លាក់ចុះទេ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាខែកក្កដា ខាងមុខនេះ។

សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងពេលចូលរួមពិធីសំណេះសំណាល និងប្រារពខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ១ ឧសភា កាលពីម្សិលម៉ិញនេះថា តម្លៃអចលនទ្រព្យនៅមុនការបោះឆ្នោតមិនធ្លាក់ថ្លៃទេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនៗ ដែលតម្លៃអចលនទ្រព្យមានការធ្លាក់ចុះ។

សម្តេចបានវាយតម្លៃអំពីស្ថានការណ៍នៅកម្ពុជាបច្ចុប្បន្ន អំពីស្ថានភាពអចលនទ្រព្យ បើយោងតាមអ្វីដែលកើតមានពីមុន ជាពិសេសមុនការបោះឆ្នោតម្តងៗផ្នែកអចលនទ្រព្យទាំងដីធ្លី និងផ្ទះសម្បែងគឺមិនឡើងថ្លៃនោះទេ ហាក់រង់ចាំសភាពការណ៍បោះឆ្នោតចេញលទ្ឋផលសិន។

សម្តេចតេជោហ៊ុន សែនបានបន្តថា “ បន្ទាប់មកនៅក្រោយការបោះឆ្នោតរួច ដោយដឹងថាគណបក្សប្រជាជនឈ្នះឆ្នោត ទើបដីធ្លីបានចាប់ផ្តើមឡើងថ្លៃ”។

អគ្គនាយិកាក្រុមហ៊ុន AMATAX Property Service អ្នកស្រីតាំង ហួរបានយល់ស្របនឹងការលើកឡើងរបស់សម្តេចដោយបានថ្លែងថា មិនត្រឹមតែមិនធ្លាក់ចុះថ្លៃនោះទេ ផ្ទុយទៅវិញសកម្មភាពទិញលក់អចលនទ្រព្យបានកើនឡើងផងដែរ ធៀបនឹងការបោះឆ្នោតអាណត្តិមុនៗ ពិសេសនៅខេត្តព្រះសីហនុ តម្លៃអចលនទ្រព្យ និងការទិញលក់បានកើនឡើងយ៉ាងខ្លាំង។

អ្នកស្រីបានបន្តថា “ប្រជាជនលែងខ្វល់ពីរឿងនយោបាយហើយ ពួកគេគិតពីការវិនិយោគរបស់ពួកគេដើម្បីរកផលចំណេញ ព្រោះពួកគេដឹងថា កម្ពុជានៅតែរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ”៕

តោះ មកស្ដាប់លោកឧកញ៉ា នួន រឹទ្ធី និយាយពីសក្តានុពលវិស័យដីធ្លីនៅស្រុកកៀនស្វាយ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ កៀនស្វាយ គឺជាស្រុកមួយដែលចំណុះឱ្យខេត្តកណ្តាល និងស្ថិតប៉ែក​ខាងត្បូង​នៃរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងក្រសែភ្នែករបស់បណ្តា​អ្នក​វិនិយោគ​ផ្នែកវិស័យដីធ្លី និងអចលនទ្រព្យ ជាពិសេស តំបន់ដែលស្ថិតនៅតាមផ្លូវ​ជាតិ​លេខ1 និងផ្លូវជាតិលេខ21 ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ទំហំ60ម៉ែត្រ ខ្សែទី3 តែម្ដង។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែល​បច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹកលើការវិនិយោគវិស័យដីធ្លីនៅក្នុងតំបន់កៀនស្វាយបានលើកឡើងថា ចំពោះបច្ចុប្បន្ន និងទៅអនាគត ស្រុកកៀនស្វាយ មាន​សក្ដានុពលខ្លាំងមិនចាញ់តំបន់ជុំវិញរាជធានីភ្នំពេញឯទៀតនោះឡើយ ដែលវាជាភាព​ល្អ​ប្រសើរសម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ ក៏ដូចជាសម្រាប់អ្នកសង់​លំនៅដ្ឋាន​ផងដែរ។ លោកឧកញ៉ាបានគូសបញ្ជាក់បន្ថែមទៀតថា ៖ សព្វថ្ងៃនេះ ដោយសារតែផ្ទៃដីនៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជំរុញ​ឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង ដែលក្នុង​នោះកៀនស្វាយ​ក៏ស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះដែរ។ ដោយឡែក ហេតុផលដែល​បណ្តាលឱ្យដីនៅតំបន់កៀនស្វាយមានភាពលេចធ្លោ ក៏ព្រោះតែទីនេះ នៅមានវិសាល​ភាព​ផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ជាពិសេស ជាតំបន់ដែលស្ថិតនៅក្នុង​គម្រោង​​អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ខ្សែទី3 មានទំហំផ្លូវថ្នល់ដល់ទៅ60ម៉ែត្រ ដែលជាផ្លូវ​តភ្ជាប់​សេដ្ឋកិច្ចយ៉ាងសំខាន់។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី ក៏បានបង្ហើបប្រាប់ពីដំណឹងល្អនៃការពុះដីឡូត៍​លក់​របស់ក្រុមហ៊ុន Khmer Foundation Appraisal ក្រោម គម្រោង ជ័យសេរី ដែលស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្តល់ឱកាសដ៏ប្រសើរសម្រាប់អ្នកដែលមានបំណងទិញដីក្នុងទ្រង់ទ្រាយតូច និងមធ្យម ជាមួយតម្លៃសមរម្យ។

សម្រាប់ដីមួយឡូត៍ដែលមានទំហំ 5×20 មានតម្លៃ 7500 ដុល្លារឡើងទៅតែប៉ុណ្ណោះ ដែលវាជាឱកាសដ៏ល្អចំពោះអ្នកដែលចង់ទិញវិនិយោគបន្ត ក៏ដូចជាអ្នកដែលចង់មាន​ទីតាំងសង់លំនៅដ្ឋានផ្ទាល់ខ្លួន។ ដោយឡែកសម្រាប់ការទិញ អតិថិជនអាចមាន​ជម្រើស​ច្រើនដូចជា អាចបង់ផ្តាច់ ឬ បង់50ភាគរយ ហើយបង់រំលស់ប្រចាំខែត្រឹម75ដុល្លារ រហូតរយៈពេល5ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 1% តែប៉ុណ្ណោះ ។ លោកឧកញ៉ា បានបញ្ជាក់ទៀតថា ៖ ចំពោះគម្រោងពុះដីឡូត៍ ជ័យសេរី ដែលស្ថិត​នៅទីតាំងខាងលើនេះ មានផ្លូវមេក្រាលកៅស៊ូ ទំហំ11 ម៉ែត្រ , ផ្លូវរណប ទំហំ9 ម៉ែត្រ ដោយមានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនីត្រឹមត្រូវ ជាពិសេស មាន​ទីកន្លែង​សម្រាប់លំហែរអារម្មណ៍ និងហាងទំនិញផ្សេងៗផងដែរ ។ ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះរំលង់ផុតទៅឱ្យសោះ ៕

លំនៅដ្ឋានតម្លៃសមរម្យនៅផ្លូវ ៣៧១ បើកស្វាគមន៍អតិថិជន

0

ភ្នំពេញៈ តើលោក អ្នកត្រួវការស្ថិតនៅតំបន់ប្រមូលផ្តុំដោយមនុស្ស និងមជ្ឈមណ្ឌលពាណិជ្ជកម្មជុំវិញឬទេ? ឥឡូវនេះ ផ្ទះល្វែងតម្លៃសមរម្យបានប្រកាសលក់ជាផ្លូវការក្រោយគម្រោងនេះ បានបញ្ចប់ការសាងសង់ដែលស្ថិតនៅលើបណ្តោយផ្លូវ ៣៧១ (ផ្លូវសឡា) ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គម្រោងលំនៅដ្ឋាននេះ មានកម្ពស់២ជាន់ និងមានប្រក់ដំបូលស្រាប់ ជាផ្ទះល្វែងដែលបានរចនាប្រកបដោយភាពទាក់ទាញ សំណង់មានគុណភាពខ្ពស់ និងស្ថិតនៅតំបន់ដែលពាក់ជុំវិញទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗសាលារៀន ដូចជាផ្សារទំនើបស្ទឹងមានជ័យ ផ្សារទំនើប Midtown សាលាអន្តរជាតិ North Bridge, សាលា CIS, សាលា Belti , និងនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយគ្រាន់តែចំណាយពេលធ្វើដំណើរប្រមាណ១០នាទីប៉ុណ្ណោះនឹងទៅដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាបំរើឲ្យការស្នាក់នៅ និងសិក្សារៀនសូត្ររបស់បុត្រធីតារបស់លោក អ្នក។

លំនៅដ្ឋាននេះត្រូវបានវិនិយោគដោយអ្នកវិនិយោគក្នុងវិស័យសំណង់ ដែលបានធ្វើឲ្យស្តង់ដានិងគុណភាព
សំណង់មានគុណភាព និងសោភ័ណភាពល្អ ដែលអាចឲ្យអ្នករស់នៅមានផាសុខភាព និងអាចទុកចិត្តបាន។
រហូតមកទល់ពេលនេះ ផ្ទះល្វែងនេះបានសាងសង់បញ្ចប់១០០ភាគរយ និងដាក់លក់ក្នុងតម្លៃ ១១៥,០០០ ទៅ ១៦០,០០០ ដុល្លារអាមេរិកក្នុងមួយល្វែង។

ទាក់ទងព៌តមានដើម្បីទិញផ្ទះល្វែងនេះ លោក អ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៨៧ ៧៧៤ ៨៨៨, ០៩២ ៧២៧ ៦៧៧៕