តើអ្នកគួរចាប់យកអតិថិជនជនជាតិអឺរ៉ុបមកជួលផ្ទះដូចម្តេច

0

ដោយគង់ សូរិយា

ភ្នំពេញ នៅពេលនិយាយពីទីផ្សារអចលនវត្ថុ យើងហាក់ភ្លេចពីក្រុមអ្នកវិនិ​យោគអឺរ៉ុប ដោយសារកំនើននៃការវិនិយោគរបស់ចិននៅកម្ពុជា មានលក្ខណៈគំហុកខ្លាំងពេក។

ប៉ុន្តែពេលនេះ Propertyarea.asia សូមទាញលោក អ្នកមកចាប់អារម្មណ៍ពី​ទីផ្សារអឺរ៉ុបនៅកម្ពុជា ដែលភាគច្រើនជនជាតិអឺរ៉ុបចូលមកកម្ពុជា មិនសូវចូលមកវិនិយោគគំរោងធំៗឡើយ ពួកគេវិនិយោគភាគច្រើនលើគំរោងតូចៗ និងមកធ្វើការនៅកម្ពុជាច្រើនទៅវិញ។

ដូច្នេះតើម្ចាស់លំនៅដ្ឋាននានាគួររៀបចំលំនៅដ្ឋានដូចម្តេច ដើម្បីទាក់ទាញ​ក្រុមភ្ញៀវច្រមុះស្រួចនេះ? លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យTOWN CITY Real Estateបានថ្លែងឲ្យដឹងថា បើនិយា​យពីភាពទាន់សម័យ ប្រទេសរបស់ពួកគេទាន់សម័យដល់កំពូលរួចទៅហើយ ហេតុនេះចំណូលចិត្តរបស់ពួកគេ គឺចូលចិត្តរបស់ចាស់ៗ ជាផ្ទះបែបបុរាណ។

លោកបន្តថា បើម្ចាស់លំនៅដ្ឋានចង់ទាក់ទាញពួកអឺរ៉ុបត្រូវធ្វើរឿងទាំងនេះ ដូចជា ទី១ រៀបចំលំនៅដ្ឋានបែបបុរាណ ហើយបើបុរាណចំបុរាណ សម័យចំសម័យ ទី២ ពួកគេមានរសនិយម លើលំនៅដ្ឋានបែបសម័យអាណានិគម និងទី៣ ពួកគេចូលចិត្តផ្ទះមានទ្វារ និងបង្អួចធំៗ និងមានរានហាល ព្រោះពួកគេមិនចូលចិត្តផ្ទះដែលចូលទៅដូចចូលក្នុងប្រអប់នោះទេ។

លោកបន្តថា “ជនជាតិអឺរ៉ុបនៅកម្ពុជា ពួកគេភាគច្រើនមកធ្វើការ និងវិនិយោគគំរោងតូចៗ ដូចជា អូតែលខ្នាតតូច ផ្តល់សេវាកម្ម និងក្រុមហ៊ុនប្រឹក្សាយោ​បល់”។លោកបន្តថា “ពួកគេមិនមែនជាអ្នកធ្វើឲ្យអចលនទ្រព្យ រីកចម្រើនខ្លាំងទេ ពួកគេប្រៀបដូចជាត្រីតូច តែច្រើន”៕

តើមនុស្សជោគជ័យមានឥរិយាបទបែបណា?

0

ដោយដែន ចែងចាំង

ភ្នំពេញ នៅពេលនិយាយពីបុគ្គលជោគជ័យ នៅទីនេះយើងសំដៅដល់បុគ្គលដែល​មាន និងដឹកនាំក្រុមហ៊ុនបានជោគជ័យ ជាបុគ្គលមានប្រាក់ច្រើន។ តើអ្នកទទួលជោគ​ជ័យទាំងនោះជាមនុស្សបែបណា?។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានលើកឡើងថា ភាពជាអ្នកមាន និងអ្នកទទួលបានជោគជ័យ ត្រូវមានកត្តាសំខាន់ៗ​មួយចំនួន ដូចជា ទី១ បុគ្គលជោគជ័យ ជាបុគ្គលដែលមានការចេះដឹង ព្រោះគ្មានអ្នកមានប្រាក់ច្រើនណាមួយមិនចេះនោះទេ ហើយបើមិនចេះក៏គាត់ិនអាចរក្សាភាពជាអ្នកមានបានយូរដែរ។ ហេតុនេះ បុគ្គលជាអ្នកមានត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចេះគ្រប់គ្រងផ្នែកទីផ្សារ គ្រប់គ្រងផ្នែកធនធានមនុស្ស ទី២ ជាបុគ្គ​លដែលមានចិត្តមោះមុត ហ៊ានសម្រេចចិត្ត ព្រោះការធ្វើជំនួញត្រូវតែមានការសម្រេចចិត្ត ប្រកប​ដោយភាពច្បាស់លាស់។

ចំណុចទី៣ បុគ្គលដែលជោគជ័យ ជាអ្នកមានវិន័យផ្ទាល់ខ្លួនតឹងរ៉ឹងក្នុងជីវិត ហើយ អ្នកមានជោគជ័យខ្លាំង ត្រូវមានវិន័យតឹងរ៉ឹងចំពោះខ្លួនឯង ចំពោះបុគ្គលនៅជុំវិញខ្លួន ព្រោះអ្នកដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន មិនងាយទទួលបានជោគជ័យនោះទេ។

ទី៤  អ្នកមានត្រូវធ្វើតាមជំនាញ ដែលខ្លួនឯងចេះ និងទី៥ ត្រូវតែជាបុគ្គលឧស្សាហ៍ព្យាយាម រៀនសូត្រជាប់ជាប្រចាំនូវអ្វីទាក់ទងនឹងអាជីព ឬមុខជំនួញផ្ទាល់ខ្លួន។

លោកគីម ហ៊ាងបានបន្តថា ហេតុនេះនៅពេលបើកក្រុមហ៊ុនដំបូង នាយកក្រុមហ៊ុននោះ ត្រូវធ្វើជាទាសកររបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុន៥០ភាគរយបានបិទទ្វារក្រោយរយៈពេលបីឆ្នាំ។ ៧០ភាគរយទៀតបិទនៅក្រោយរយៈពេល៧ឆ្នាំ និង៩០ភាគរយបិទនៅមុនខួប១០ឆ្នាំរបស់ក្រុមហ៊ុន។ លោកបន្តថា ហេតុនេះអ្នកដែលអាចឈរជើងបានរយៈពេល១០ឆ្នាំ និងទទួលបានជោគជ័យ គឺត្រួវធ្វើជាទាសកររបស់ក្រុមហ៊ុនរបស់ខ្លួន។

លោកបន្តថា មានបុគ្គលខ្លះបើកក្រុមហ៊ុនបានរយៈពេល៣ឆ្នាំ ក្រុមហ៊ុនរបស់ខ្លួនដើរហើយ ស្រាប់តែជួលគេមកគ្រប់គ្រង ដែលធ្វើឲ្យក្រុមហ៊ុននោះបរាជ័យ នៅរយៈពេលបីខែឬ១ឆ្នាំក្រោយមក ប៉ុន្តែពេលអ្នកបង្កើតក្រុមហ៊ុននោះត្រលប់មកគ្រប់គ្រងវិញ គឺហួសពេលរួចទៅហើយ។

លោកគីម ហ៊ាងបានបន្តថា “ជាយោបល់របស់ខ្ញុំ គឺអ្នកបង្កើតក្រុមហ៊ុននោះត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន១០ឆ្នាំសិន ចាំក្រុមហ៊ុនរបស់ខ្លួនរ៉ឹងមាំសិន ចាំមកពង្រីកមុខរបរថ្មី ព្រោះបើអ្នកដែលយើងជួល មកគ្រប់គ្រងក្រុមហ៊ុនរបស់យើង ជាមនុស្សពូកែពិតប្រាកដ ពួកគេមិនមកស៊ីឈ្នួលយើងទេ ពួកគេនឹងបើកក្រុមហ៊ុនខ្លួនឯងហើយ”៕  

ចង់ដឹងថាមានទំនិញល្បីឈ្មោះប៉ុន្មានចូលទីផ្សារកម្ពុជាឬទេ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទំនិញល្បីៗ ហាងល្បីៗប្រមាណ៣០០ហើយ បានចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក៏មានផលិតផលល្បីៗមួយចំនួនបានចាកចេញទៅវិញផងដែរ ដោយសារផលិត​ផលរបស់ពួកគេមិនសមស្របនឹងបរិបទកម្ពុជា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងនាថ្ងៃទី១២ មេសានេះថា កាលពីឆ្នាំ២០១៧កន្លងមកនេះ ផលិតផលម៉ាកល្បីៗចំនួន២៤បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះចំនួន៥បានចាកចេញទៅវិញ ដោយ​សារផលិតផលរបស់ពួកគេមិនស្របនឹងស្ថានភាព និងបរិបទកម្ពុជា។អ្នកនាងបន្តថា ការ​ចូលមកដល់នៃផលិតផលល្បីៗនៅក្នុងទីផ្សារកម្ពុជា ដោយសារពួកគេមើលឃើញអំណា​ចនៃការទិញកើនឡើង ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនដោយរ៉ឹងមាំ។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាយើងមើលឃើញថា ផលិតផលដែលលក់ដាច់​ច្រើនជាងគេ ជាលិតផលចំណីអាហារ ភេសជ្ជៈ និងសេវាកម្មកំសាន្ត ដែលបំរើការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ”។អ្នកនាងបន្តថា “ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅកម្ពុ​ជាបច្ចុប្បន្ន នៅទីក្រុងភ្នំពេញមានទំហំធំជាងប្រទេសវៀតណាម ប៉ុន្តែតូចជាងប្រទេស​ថៃនៅឡើយ”។

អ្នកនាងអាន សុធីតាបានបន្តថា កំនើននៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំនេះ ពិតជាមាន​ទំហំធំ ដែលគិតពីដើមរហូតមកទល់ពេលនេះ ទំហំផ្សារទំនើបកើនជាង៤០ម៉ឺនម៉ែត្រការ៉េហើយ ស្របពេលទំហំនៃការផ្គត់ផ្គង់នៃឆ្នាំនេះកើនខ្ពស់ ហើយបើការផ្គត់ផ្គង់ហក់ឡើងខ្ពស់បន្ថែមទៀត ទំហំនៃការផ្គត់ផ្គង់អាចមានបញ្ហា៕

តោះទៅទស្សនាគំរូប្លង់ផ្លូវក្រវ៉ាត់ក្រុងភាគខាងកើត និងខាងជើងក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹងគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីពង្រីកសក្តានុពលក្រុងភ្នំពេញ និងអភិវឌ្ឍន៍សេដ្ឋលកិច្ចនៅជុំវិញទីក្រុងនេះ រដ្ឋាភិបាលបាននិងកំពុងចេញពង្រា​ងផ្លូវក្រវ៉ាត់ក្រុងទី៣ជាបណ្តើរៗហើយ។

កាលពីពេលថ្មីៗនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា Propertyarea.asia បានចេញប្លង់ផ្លូវក្រវ៉ាត់ក្រុងមួយផ្នែក ដែលស្ថិតនៅភាគខាងលិច និងខាងត្បូងក្រុងភ្នំពេញរួចហើយ ប៉ុន្តែថ្ងៃនេះយើងនឹងបង្ហាញគំនូស និងហេដ្ឋារចនាស ម្ព័ន្ឋ ដែលត្រូវសាងសង់ផ្លូវក្រវ៉ាត់ក្រុងនៅភាគខាងកើត និងខាងជើងរាជធានីភ្នំពេញ ដែ​ល​បាននិងកំពុងគូសវាស និងរៀបចំសាងសង់ដោយក្រុមហ៊ុនសៀងហៃ ស្ពានថ្នល់ ជាក្រុម​ហ៊ុនដ៏ធំមួយ ដែលបាននិងកំពុងសាងសង់ផ្លូវ និងស្ពានជាច្រើននៅកម្ពុជា។

គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចាកចេញពីតំបន់ព្រែកព្នៅ តភ្ជាប់តាមខ័ណ្ឌដង្កោ ខ័ណ្ឌពោធិសែនជ័យ មុនភ្ជាប់មកស្រុកកៀនស្វាយ ស្ថិតក្នុងតំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាន គឺជាផ្នែកនៃខ្សែក្រវ៉ាត់ក្រុងភាគខាងជើងឆផងខាងលិច និងតភ្ជាប់មកភាគខាងត្បូងរាជធានីភ្នំពេញ។

ប្រភពព៌តមានជាក់លាក់ដែលអាចទុកចិត្តបាន បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នក្រុម​ហ៊ុនសៀងហៃ កំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីចាប់ផ្តើមសាងសង់ផ្លូវនេះនាឆ្នាំ២០១៩​ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាបពីកំពង់ផែស្វយ័ត្នក្រុងភ្នំពេញ នឹងកាត់ទៅតំបន់វិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងតភ្ជាប់មកកាន់តំបន់មួយចំនួនក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល តភ្ជាប់មកកាន់ស្រុកអង្គស្នួល ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ តាមរយៈការសាងសង់ផ្លវអាកាសចំនួនពីរ ឆ្លងកាត់ផ្លូវជាតិដ៏សំខាន់នេះ ដើម្បីតភ្ជាប់មកកាន់ខ័ណ្ឌមួយចំនួននៃក្រុងភ្នំពេញ។

ទោះជាយ៉ាងណាក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនទាន់បញ្ជាក់ព៌តមានលំអិតពីការសាង​សង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងចំណាយថវិការដ្ឋាភិបាល ឬហិរញ្ញប្បទានសម្បទានពី​រដ្ឋាភិបាលចិននៅឡើយទេ ហើយទំហំនៃការចំណាយសម្រាប់សាងសង់​ផ្លូវនេះក៏មិនទាន់ដឹងនៅឡើយទេ៕

តម្លៃរថយន្តថ្មី និងជជុះស្ទុះឡើងខ្លាំងនៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តម្លៃរថយន្តថ្មី និងជជុះបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ បន្ទាប់ពីការដំឡើងពន្ឋជាថ្មី និងនិតិវិធីថ្មីនៃការបង់ពន្ឋរបស់រដ្ឋាភិបាល។

អ្នកលក់រថយន្តមួយតឹក នៅតាមបណ្តោយផ្លូវលេខ៣៧១លោកសាន ថូបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មេសាម្សិលម៉ិញនេះថា តម្លៃរថយន្តមួយតឹក ឬរថយន្តជជុះពិតជាបានឡើងថ្លៃខ្លាំងនៅឆ្នាំនេះ ដោយសាររដ្ឋាភិបាលកំណត់ឲ្យនាំចូលរថយន្តមួយតឹក ដែលផលិតចាប់ពីឆ្នាំ២០០៤ឡើង។

ហេតុនេះអ្នកនាំចូលរថយន្តមួយតឹកដែលផលិតមុន​ឆ្នាំ២០០៤ ក៏ត្រូវបង់ពន្ឋដូចរថយន្តផលិតនៅឆ្នាំ២០០៤ផងដែរ។ លោកបន្តថា ដោយសា​រអនុវត្តន៍និតិវិធីបែបនេះ បានធ្វើឲ្យរថយន្តមួយតឹកឡើងថ្លៃក្នុងមួយគ្រឿង២០០០ដុល្លារ ឬច្រើនជាងនេះ អាស្រ័យលើប្រភេទរថយន្តនិមួយៗ។

លោកបន្តថា “រថយន្តមួយតឹកម៉ាកកាម៉ារីបាឡែនផលិតឆ្នាំ២០០២ ឬ២០០៣ ពីមុនលក់ក្នុងតម្លៃ១៣០០០ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានឡើងដល់១៥០០០ដុល្លារ និងរថយន្តម៉ាកហាយឡេនឌ័រពីមុនលក់ត្រឹម១៥០០០ដុល្លារ ឥឡូវឡើងដល់១៩០០០ដុល្លារក្នុងមួយគ្រឿង”។

លោកសាន ថូបានបន្តថា ដោយសារការឡើងថ្លៃរថយន្ត និងចំនួនទីតាំងលក់រថយន្តបានកើនឡើងច្រើន បានធ្វើឲ្យការលក់រថយន្តកាន់តែស្ងប់ស្ងាត់ និងស្ថានភាពទីផ្សារ​កាន់តែមានការប្រកួតប្រជែងខ្លាំង។

អគ្គនាយកក្រុមហ៊ុន RMA ទទួលបន្ទុកផ្នែកបច្ចេកទេសយានយន្តលោកសេង វឹងបានថ្លែងស្រដៀងគ្នាថា ការអនុវត្តនិតិវិធីនៃការបង់ពន្ឋរថយន្តថ្មី បានធ្វើឲ្យពន្ឋរថយន្តបានកើនឡើងជាង១០ភាគរយថែមទៀតនៅឆ្នាំ២០១៨នេះ ដោយទំហំនៃការបង់ពន្ឋបានកើនពីជាង៤០ភាគរយ ដល់ជាង៥០ភាគរយនៃតម្លៃរថយន្តថ្មី។ លោកបន្តថា ការ​ដំឡើងពន្ឋនេះ បានធ្វើឲ្យតម្លៃរថយន្តថ្មីកើនជាង៣០០០ដុល្លារ ក្នុងមួយគ្រឿងក្នុងឆ្នាំនេះ ជាមួយគ្នានេះ ការបង្កើននូវការដាក់បច្ចេកវិទ្យាកាន់តែទំនើបពីរោងចក្រ ក៏បានធ្វើឲ្យតម្លៃ​រថយន្តកើនឡើងផងដែរ។

លោកបន្តថា “ទោះជាយ៉ាងណាការលក់រថយន្តរបស់យើង មានភាពប្រសើរនៅឆ្នាំ​នេះ ដោយរថយន្តម៉ាក Pick Up មិនអាចផ្គត់ផ្គង់ទាន់តម្រូវការអតិថិជន ប៉ុន្តែបើមើលទីផ្សាររួម ស្ថានភាពនៃការលក់រថយន្តថ្មីមិនកើនទេ”។លោកបន្តថា “ដោយសារការផ្តល់ឥណទានទិញរថយន្តកាន់តែងាយស្រួលជាងមុន ខ្ញុំរំពឹងថាការលក់រថយន្តថ្មីក្នុងឆ្នាំនេះ ស្ថិតនៅសភាពទ្រឹងប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

លោកសេង វឹងបានបន្តថា កំនើនសេដ្ឋកិច្ចល្អប្រសើរ ការរីកចម្រើននៃវិស័យអចល​ទ្រព្យ ទេសចរណ៍ និងវិស័យទ្រទ្រង់សេដ្ឋកិច្ចដទៃទៀត នឹងជួយដល់ឧស្សាហកម្មយាន​យន្តនៅកម្ពុជានាពេលអនាគត៕

អស្ចារ្យៈ. ADB ថាសេដ្ឋកិច្ច​​កម្ពុជា​នឹងមានកំណើន​៧ភាគរយក្នុងរយៈពេលពីរឆ្នាំជាប់គ្នា

0

ដោយដួង ចន្រ្ទា

ភ្នំពេញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានព្យាករណ៍ពីសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើន៧ភាគរយ ដោយសារកំណើន​សេដ្ឋកិច្ចដ៏រឹងមាំ​របស់​កម្ពុជា បានមកពីការនាំចេញដ៏រឹងមាំ និងកំណើន​​លំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក ព្រមទាំង​ភាព​រឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក

លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាមានប្រសាសន៍​ក្នុងពេលចេញផ្សាយ ​របាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំរបស់ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយ​នៅ​ថ្ងៃទី១១ មេសានេះថាទោះ​ជាយ៉ាងណាក៏ដោយ ការកើនឡើង​ប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើ​​ធុរកិច្ច និង​ភាពប្រកួត​ប្រជែងកាន់តែខ្លាំងអាចប៉ះពាល់ដល់ការប្រកួត​ប្រជែងរបស់កម្ពុជាលោកបន្តថា “គោលនយោបាយ​សម្រួល​ដំណើរការ​ និង​នីតិវិធីដែលចាំបាច់​សម្រាប់​​ធ្វើធុរកិច្ច នឹងជួយលើកកម្ពស់សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុមហ៊ុនក្នុងស្រុក ជាមួយនឹង​វិស័យ​កម្មន្ត​សាល កាន់តែ​មានលក្ខណៈស៊ីជម្រៅ​បន្ថែមទៀត ព្រមទាំងជួយ​បង្កើត​ការងារ​ល្អៗ​បន្ថែមទៀត”។

របាយការណ៍បានឱ្យដឹងថា ​​ទិន្នផលឧស្សាហកម្មរបស់កម្ពុជាទំនងជានឹង​បន្ត​កើនឡើង,៦% នៅឆ្នាំនេះ ជា​មួយនឹង​ការថមថយ​កំណើននៃឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលអាចកាត់កងដោយកំណើន​ខ្ពស់ជាង​មុនក្នុងឧស្សាហកម្ម ​ដែលទើប​នឹងលេចចេញជារូបរាង ដូចជា​ ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី គ្រឿង​បន្លាស់​រថយន្ត កង់ អង្ករ និងកៅស៊ូ ជាដើម។ កំណើន​ក្នុងវិស័យ​សេវាកម្ម និង​បន្ត​មានភាព​ល្អប្រសើរ​ ពោលគឺ.%នៅ​ឆ្នាំ​នេះ ដោយសារ​ភ្ញៀវ​ទេសចរណ៍មានចំនួនច្រើន។ សន្មត​ថា អាកាសធាតុមានស្ថានភាពអំណោយផល កសិកម្ម​របស់​ប្រទេស​​កម្ពុជានឹង​មានកំណើន,៨% ក្នុងឆ្នាំ ២០១៨។

គោលនយោបាយសារពើពន្ធ ​នឹង​មានលក្ខណៈពង្រីកបន្ថែមនៅឆ្នាំនេះ ជាងកាលពីឆ្នាំ២០១៧ ដោយ​កំណើន​​ប្រាក់ចំណូល​​ នឹងត្រូវស្រូបយកដោយចំណាយខ្ពស់ជាងមុន និង​ដោយឱនភាពសារពើពន្ធ ដែលអាច​កើនឡើង​ទៅដល់​,១% នៃផលិតផលក្នុងស្រុកសរុប។ ឱនភាពគណនីចរន្ត​ (ដោយមិនរាប់បញ្ចូល​ការផ្ទេរធនធានជាផ្លូវការ) នឹងមានការ​កើនឡើង​នៅឆ្នាំនេះ ដោយសារ​ចំណាយសម្រាប់ប្រេង និង​ផលិត​ផលនាំចូលដទៃទៀត មានការកើនឡើងក្នុងប្រទេស​ ដែល​​មានសេដ្ឋកិច្ច​​រីកចម្រើនលឿនមួយនេះ។

របាយការណ៍ដដែលបានបន្តថា កំណើនលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស និង​ឥណទាន​ផ្លូវការ​ពី​ក្រៅប្រទេស ទំនងនឹងអាចរ៉ាប់រង​ឱនភាពគណនីចរន្ត​បាន ព្រមទាំងអាច​បង្កើន​ទុនបម្រុង​ក្រៅប្រទេស​រហូត​ ដល់ប្រមាណ១០ពាន់លានដុល្លារត្រឹម​ចុងឆ្នាំ២០១៨ ពោលគឺអាច​រ៉ាប់រង​ការនាំចូលប្រមាណ ៦,ខែ។

ទស្សនៈវិស័យ​សេដ្ឋកិច្ច​នេះ អាចប្រឈម​នឹង​ហានិភ័យ​នៅផ្នែកខាងក្រោម ដោយសារ​ភាព​ងាយរងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុរបស់ប្រទេស​កម្ពុជា ចំពោះ​ភាព​មិនប្រាកដប្រជា ​នៃវិស័យហិរញ្ញវត្ថុសកលលោក ដែលគេ​អាចសង្កេត​ឃើញកន្លងមក ដូចជា ​ការ​បង្កើនផលធៀប​ឥណទានធនាគារ ជាមួយនឹង​ផលិតផលក្នុងស្រុកសរុបទ្វេដងនៅក្នុងរយៈពេល៥ឆ្នាំចុង​ក្រោយនេះ ​រហូត​ដល់៧៦%កាលពីឆ្នាំមុននេះ។ ខណៈពេលដែល​បទប្បញ្ញត្តិ​គ្រប់គ្រងហានិភ័យឥណទាន និង​ការបង្កើន​ទុនបម្រុង​ ដែល​ត្រូវ​បានដាក់ឱ្យអនុវត្តកាលពី​ពេលថ្មីៗនេះ បានជួយ​កាត់បន្ថយ​កំណើនឥណទាន​របស់​ធនាគារ ​មកនៅ​ត្រឹម ១៥%គិត​ត្រឹមចុងឆ្នាំមុននេះ ឥណទាន​សម្រាប់វិស័យ​អចលទ្រព្យ មានការកើនឡើង​រឹត​តែ​ឆាប់​រហ័សទៅទៀត៕

ដំណើរឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ស្ថិតក្នុងផ្លូវរលាក់

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មហិច្ឆតាឆ្ពោះទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ របស់រដ្ឋាភិបាលទំនងជាពិបាកសម្រេចបាន ដោយសារកម្ពុជានៅមានបញ្ហាប្រឈមជាច្រើន និងការងារចាំបាច់មួយចំនួ​នមិនទាន់ចាប់ផ្តើមអនុវត្តន៍នៅឡើយ។

សម្តេចតេជោហ៊ុន សែនប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលស្គាល់កាលពី​ម្សិលម៉ិញនេះថា ប្រទេសកម្ពុជាមានមហិច្ឆតា ក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់ ហេតុនេះ​ដើម្បីសម្រេចបាននូវមហិច្ឆតានេះ កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាពធនធានមនុស្ស​បន្ថែមទៀត។

សម្តេចបានបន្តថា ធនធានមនុស្សនៅតែជាបញ្ហាប្រឈមរបស់ប្រទេសយើង ព្រោះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិ​យោគច្រើនណាស់ ដោយគ្រាន់តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបង្កើតបាន​ការងារជាង៤ម៉ឹននាក់ថែមទៀត ដែលយើងត្រូវមានធនធានមនុស្ស សម្រាប់ផ្គត់ផ្គង់ឲ្យគេ(អ្នកវិនិយោគ)។

សម្តេចបន្តថា បញ្ហាសំខាន់តើយើងមានធនធានមនុស្ស ផ្គត់ផ្គង់ឲ្យគេគ្រប់គ្រាន់ឬនៅ? ហើយអ្នកវិនិយោគទាំងនោះ មិនចង់នាំយកអ្នកឯកទេសមកស្រុកយើងទេ ប៉ុន្តែដោយសារយើងមិនទាន់បំពេញបានតាមតម្រូវការរបស់គេ ទើបតម្រូវឲ្យមានអ្នកជំនាញបច្ចេកទេសមកពីក្រៅប្រទេស។

សម្តេចបន្តថា“ការខិតខំរបស់យើង គឺធ្វើយ៉ាងណាឲ្យមានធនធានមនុស្សឆ្លើយតប​នឹងសន្ទុះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាលនិងភាគី ពាក់ព័ន្ឋយកចិត្តទុកដាក់បន្ថែមលើការវិនិយោគធនធានមនុស្ស”។

សម្តេចតេជោហ៊ុន សែនបានបន្តថា យើងបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ យើងមិនចង់ធ្លាក់ក្នុងអន្ទាក់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបនោះទេ ដូច្នេះដើម្បីឆ្លើយតបបាននឹងការលើកកំពស់កម្រិតប្រាក់ចំណូលប្រជាពលរដ្ឋ ការលើកឋានៈប្រទេសទៅជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយមហិច្ឆតារយៈពេលវែងក្នុងកា​រប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ វាទាមទារខ្លាំង ណាស់នូវតម្រូវការធនធានមនុស្ស ដែលឆ្លើយតបនឹងតម្រូវការនៃការកើនឡើងនៃធនធានមនុស្សដែលមានជំនាញ។

យោងតាមសូចនាកររបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសមានប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់ សំដៅដល់ប្រទេសដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូល​ចន្លោះពី៤៨០០ ដល់១២០០០ដុល្លារក្នុងមួយឆ្នាំ និងប្រទេសមានប្រាក់ចំណូលខ្ពស់សំដៅដល់ប្រទេសមានប្រាក់ចំណូល១២០០០ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។

អ្វីជាបញ្ហាប្រឈមពិតប្រាកដរបស់កម្ពុជា? ពិតជាមានចម្លើយជាច្រើនដែលត្រូវឆ្លើយ ដូចជា កង្វះខាតធនធានមនុស្ស កង្វះការរៀបចំនូវប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីទាញយកតម្លៃបន្ថែម និងបង្កើតតម្លៃបន្ថែមកាន់តែច្រើនលើប្រភេទទំនិញនានា កង្វះហេដ្ឋារចនាសម្ព័ន្ឋ វិស័យអគ្គិសនីនៅមិនទាន់មានគុណភាព និងមានតម្លៃថ្លៃ និងអត្រាបោះបង់ការសិក្សាមានច្រើនជាង៥០ភាគរយ មុនឆ្លងភូមិសិក្សាមកកាន់មធ្យមសិក្សាបឋមភូមិ។

ស្ថាបនិកគេហទំព័ Propertyarea.asia លោកលាងគង់ យិនដែលបានតាមដានរាល់ដំណើរវិវត្តន៍របស់សង្គមបានលើកឡើងថា ទោះជាមានបញ្ហាប្រឈមជាច្រើនដូចការលើកឡើងខាងលើ ប៉ុន្តែរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដែលផ្តល់សេវាពិនិត្យ ព្យាបាលដល់កម្មករ និយោជិត ក្នុងប្រព័ន្ឋដោយឥតគិតថ្លៃ និងរៀបចំឲ្យមានរបបបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការ និងកម្មករនិយោជិតក្នុង​និងក្រៅប្រព័ន្ឋផងដែរ។

លោកបន្តថា “នេះជាមូលដ្ឋានចាំបាច់សម្រាប់ស្ថិរភាពសង្គមរយៈពេលវែង ប៉ុន្តែវា​មិនបានជួយដល់គ្រប់ក្រុមមនុស្សក្នុងសង្គមនោះទេ ព្រោះមានបញ្ហាជាច្រើនកំពុងចោទឡើងផងដែរ ក្នុងការធ្វើយ៉ាងណាឲ្យការស្រោចស្រពកំនើន នៃផលសេដ្ឋកិច្ចដល់មនុស្សបានដោយសមធ៌ម”។លោកបន្តថា “កំនើនប្រាក់ឈ្នួលក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងជាសញ្ញាវិជ្ជមាន ប៉ុន្តែក្រុមរបស់ពួកគេមានប្រមាណ១លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជន១៦លាននាក់”។

កង្វះកំលាំងពលកម្មជំនាញ ការបោះបង់ការសិក្សារបស់កុមារប្រមាណ៦០ភាគរយមុនបញ្ចប់បឋមភូមិ ជាអ្វីដែលរដ្ឋាភិបាលត្រូវប្រឈមមុខ និងដោះស្រាយ ដើម្បីធ្វើយ៉ាងណា កុំឲ្យកម្ពុជាជាប់ក្នុងអន្ទាក់នៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលប្រាក់ចំណូលរបស់មនុស្សម្នាក់មានត្រឹម១០៣៥ដុល្លារ ដល់៤៨០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងស្រដៀងគ្នាថា កម្ពុជាមានបញ្ហាច្រើន និងលំបាកក្នុងការសម្រេចបាននូវគោលដៅ នៃឆ្នាំ២០៣០ ដោយសារកម្ពុជាកំពុងកង្វះនូវហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន ធនធានមនុស្សដែលមានចំណេះដឹង និងជំនាញច្បាស់លាស់”។លោកបន្តថា “រដ្ឋាភិបាលគួរទាក់ទាញអ្នកជំនាញ និងមនុស្សពូកែៗមកពីក្រៅប្រទេស ដើម្បីមកកាន់ការងារជំនាញ ទើបការងា​រ បានសម្រេចដោយល្អប្រសើរ។

យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារបានបង្ហាញថា ប្រទេស​កម្ពុជាមានយុវជនប្រមាណ៣០ម៉ឺននាក់ ត្រូវចូលប្រឡូកក្នុងទីផ្សារការងាររៀងរាល់ឆ្នាំ ដែលភាគច្រើនជាអ្នកមិនសូវមានជំនាញ និងមិនបានទទួលការបណ្តុះបណ្តាលល្អប្រសើ​រ​នៅឡើយទេ។

លោកង៉ែត ជូបានឲ្យដឹងទៀតថា ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាចាំបាច់ត្រូវឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ខណៈដែលធនធានមនុស្សបច្ចុ​ប្បន្នភាគច្រើន មិនឆ្លើយតបនឹងគោលនយោបាយនេះទេ ហេតុនេះទាមទារឲ្យមានការវិនិ​យោគ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាលឲ្យបានខ្លាំងក្លា ដើម្បីឈានទៅសម្រេចគោល​ដៅក្លាយជាប្រទេស មានប្រាក់ចំណូលមធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

ក្រៀមក្រំ៖ វិចិត្រកររំពឹងថាអង្គរសង្រ្កាននឹងលក់គំនូរដាច់ ខណៈទីផ្សារជិតបាត់បង់

0

ដោយ  វុត្ថា

ភ្នំពេញ៖ ផ្ទាំងគំនូររូបប្រាសាទអង្គរវត្តបានប្រែព៌ណស្លេកស្លក់ នៅពេលក្រុមវិចិត្រករ និងអ្នកលក់គំនូរនៅខេត្តសៀមរាបបានលើកឡើងថា អាជីវកម្មមួយនេះ មិនសូវមានការគាំទ្រនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ បើទោះបីមានភ្ញៀវជាតិ និងអន្តរជាតិមកលេងច្រើនយ៉ាងណាក្តី។

លោក ឡង់ សៀកឡាយ ជាជាងគំនូរ និងអ្នកលក់គំនូរនៅផ្ទះក្បែរប្រាសាទអង្គរវត្តនៅតាមបណ្តោយគោម៉ៃបានអោយដឹងថា រយៈពេល៣ ឬ៤ឆ្នាំកន្លងមកនេះ ការលក់គំនូរទៅឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មានការធ្លាក់ចុះជាលំដាប់ ដោយសារតែភ្ញៀវមិនសូវចុះមកទិញទេ។លោកបន្តថា កាលពីមុនការលក់គំនូរ មានការលក់ដាច់គួរសម បានធ្វើឲ្យលោកមានចិត្តចង់គូរ តែនៅពេលនេះ ហាក់លក់មិនសូវដាច់បានធ្វើឲ្យលោកមិនមានចិត្តចង់គូរគំនូរទាំងនោះទេ។

លោកបញ្ជាក់ថា “ខ្ញុំមិនដឹងគូរយកទៅណា បើមិនសូវមានភ្ញៀវមកចូលទិញផងនោះ ព្រោះថាគំនូរពឹងលើភ្ញៀវមកទិញ”។លោកបន្តថា “ជាងគំនូរមួយចំនួនបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញធ្វើស្រែចំការ និងប្រកបរបផ្សេងៗក្រៅពីការគូរគំនូ”។

លោកសៀកឡាយបានបន្តថា ចំនួនភ្ញៀវទេចរណ៍មកលេងច្រើន តែពួកគេមិនចូលទិញ ហើយការដែលចូលមកទិញភាកច្រើន គឺជាទេសចរណ៍ជនជាតិអឺរ៉ុប។  ចំណែកជនជាតិផ្សេងៗគឺមិនសូវទិញនោះទេ។

បន្ថែមពីនេះ លោកក៏បានគូបោះដុំទៅឲ្យអតិថិជនយកទៅលក់បន្តដែរ តែមិនសូវមានការកុំម៉ង់ទិញច្រើននោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែយ៉ាងណាក៏ដោយលោកបានដាក់ក្តីរំពឹងថា នឹងលក់ដាច់ខ្លះក្នុងអំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ ។

វិចិត្រករ និងអ្នកលក់គំនូម្នាក់ទៀត ឈ្មោះ អ៊ូ ម៉េង បានឲ្យដឹងផងដែរថា ការលក់គំនូរនៅខេត្តសៀមរាប មានការធ្លាក់ចុះជាងឆ្នាំមុនៗ បើទោះបីមានភ្ញៀមទេចរណ៍មានច្រើនក៏ដោយ តែពួកគេមិនចូលទិញ ជាពិសេសភ្ញៀវមកតាម TOUR ធំៗ ដែលទៅតាមអ្នកដឹកនាំឲ្យទៅទិញកន្លែងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដូច្នេះបានជានៅកន្លែងលក់គំនូរនៅផ្ទះមានសភាពស្ងប់ស្ងាត់។ ភ្ញៀវដែលចុះទិញ គឺជាភ្ញៀវមកលក្ខណៈក្រុមគ្រួសារ ធ្វើដំណើរតាមកង់បី ជាដើម។

លោកក៏បានរំពឹងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ អាជីវកម្មលក់គំនូរនឹងមានការលក់ដាច់ ដោយសារតែមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន ជាពិសេសភ្ញៀវទេសចរណ៍ខ្មែរទិញ យកទៅដាក់តាំងក្នុងគេហដ្ឋានរបស់ខ្លួន។

ខេត្តសៀមរាបដែលមានប្រាសាទបុរាណល្បីល្បាញជាច្រើន និងបានក្លាយជាខេត្តដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាច្រើនជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កាលពីឆ្នាំ២០១៧ ខេត្តសៀមរាបបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួនប្រមាណជិត៥,៦លាននាក់ កើន៩,៩៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិមានចំនួនប្រមាណ២,៥លាននាក់ កើន១១.៤២ភាគរយធៀបនឹងឆ្នាំ២០១៦ និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៣លាននាក់ កើន៨,៧៧ភាគរយធៀបនឹងឆ្នាំ២០១៦៕

ប្រជាជនកម្ពុជាចំណាយប្រាក់កាន់តែច្រើនដើរកំសាន្តនៅបរទេស

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមអ្នកជំនាញទេសចរណ៍បានលើកឡើងថា ប្រជាពលរដ្ឋក្នុងម្នាក់ចំណា​យថវិកាកានើតែច្រើន ដើម្បីធ្វើដំណើរទៅបរទេស ដោយសារប្រាក់ចំណូលរបស់ពួកគេមានការកើនឡើង ស្របពេលសេដ្ឋកិច្ចមានកំនើនល្អប្រសើរ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោកធួន ស៊ីណានបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១១ មេសានេះថា ប្រជាពលរដ្ឋកម្ពុជាចំណាយប្រាក់ចន្លោះពី៣០០ដុល្លារ រហូតដល់១,៥០០ដុល្លារអាមេរិក សម្រាប់ដំណើរកម្សាន្តនៅក្រៅប្រទេស ដូចជា សឹង្ហបុរី ម៉ាឡេស៊ី ជប៉ុន ឌូបៃ និងប្រទេសកូរ៉េជាដើម។

លោកបន្តថា “បើប្រៀបធៀបនឹងឆ្នាំមុន ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេសនៅឆ្នាំនេះ គឺមានការកើនឡើងច្រើន ទាំងចំនួនមនុស្ស និងទាំងការចំណាយ”។លោកឲ្យដឹងទៀតថា “ខ្ញុំសន្និដ្ឋានថា កត្តាដែលប្រជាពលរដ្ឋ ហ៊ានចំណាយយ៉ាងច្រើនលើសលុបនេះ ដោយសារតែសេដ្ឋកិច្ចក្នុងគ្រួសារល្អប្រសើរជាងមុន និងជាពិសេសដោយសារកត្តាសុខសន្តិភាព”។

ចំណែកលោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រា​ប់​ឲ្យដឹងផងដែរថា ក្នុងកំឡុងបុណ្យជាតិម្តងៗ ចំនួននៃការដើរកម្សាន្តនៅក្រៅប្រទេសរបស់​ប្រជាពលរដ្ឋកម្ពុជានៅតែមានច្រើន ដោយផ្អែកលើកត្តារីកចម្រើនសេដ្ឋកិច្ច ចំណូ​ល​របស់ប្រជាពលរដ្ឋកើនឡើង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក និងអាកាសច្រើនជាងមុនព្រមជាមួយនឹងតម្លៃល្អប្រសើ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៧​មានប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់ បានចេញដើរកំសាន្តនៅក្រៅប្រទេស ហើយប្រ​ទេស ដែលពួកគេចេញដើរកំសាន្តច្រើនជាងគេ គឺបណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ាន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទៅកំ​សាន្តនៅបរទេសកើនឡើង ឆ្លុះបញ្ចាំងពីសុខសន្តិភាព និងការកើនឡើងប្រាក់ចំណូល​របស់ប្រជាពលរដ្ឋ ដែលមិនអាចប្រកែកបាន ព្រោះបើពួកគេគ្មានចំណូលកើនឡើង កពួកគេមិនចេញដើរកំសាន្តនៅបរទេសច្រើនដែរ ហើយការចេញដើរកំសាន្តនៅបរទេស ជារឿងធម្មតា ប្រជាជននៅប្រទេសគេក៏មិនដើរកំសាន្តនៅកម្ពុជាច្រើនផងដែរ។

លោកបន្តថា “ក្នុងមនុស្សម្នាក់គិតជាមធ្យមចំណាយពី៣០០ទៅ៥០០ដុល្លារ គឺប្រ​ជាជនកម្ពុជាចំណាយប្រាក់រហូតដល់ចន្លោះពី៣០០ ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំនៅ​បរទេស”៕

ដំណឹងល្អ! ស្ពានអាកាសផ្សារដីហុយនឹងបើកដំណើរការនៅថ្ងៃស្អែកហើយ

0

ដោយ វុត្ថា

ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ដោយសារស្ពានអាកាស​ឆ្លងកាត់មហាវិថីសហព័ន្ឋរុស្ស៊ី ឬស្ពានអាកាសនៅស្តុបផ្សារដីហុយ នឹងបើកដំណើរការ​បណ្តោះអាស​ន្ននៅថ្ងៃទី១២ មេសាខាងមុខនេះហើយ។

យោងតាមព៌តមានដែលចេញផ្សារលើទំព័រហ្វេសបុករបស់ក្រសួងសាធារណៈការ​និងដឹកជញ្ជូនបានឲ្យដឹងនាព្រឹកថ្ងៃទី១១ មេសានេះថា លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក  ឲ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាសផ្សារដីហុយ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីនេះនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៦:៣០ នាទីព្រឹកស្ថិតនៅចំណុចខាងជើង គល់ស្ពានអាកាសផ្សារដីហុយ។

ស្ពានអាកាសផ្សារដីហុយនេះ នឹងត្រូវបើកឲ្យដំណើរការបណ្តោះអាសន្ន សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់។

ប្រភពព៌តមានដដែលបានឲ្យដឹងថា ក្រោយពីការសាងសង់ចប់រួចរាល់ ស្ពានអាកា​សផ្សារដីហុយនេះ នឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ នៅលើវិថីសហព័ន្ធរុស្សីផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មាន និងចុះផ្តិតយកទិដ្ឋភាព នៃពិធីបើកបើកឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានអាកាសផ្សារដីហុយនេះដោយផ្ទាល់៕