អស្ចារ្យ! ចំនួនអាផាតម៉ិនកើនដល់ចំនួន ៣៦៥ គំរោងហើយនៅរាជធានីភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបាននិយាយឲ្យដឹងថា រហូតមកទល់ពេលនេះ អាផាតម៉ិនចំនួន១៤៨ហើយ បានបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំង។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មេសានេះថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ នៅរាជធានីភ្នំពេញ​មានអាផាតម៉ិនចំនួន៣៦៥គំរោង ក្នុងនោះ១៤៨គំរោងបានបញ្ចប់ការ​សាងសង់។លោកបន្តថា បើទោះបីជាកំនើននៃការផ្គត់ផ្គង់ និងសាងសង់ក្តី ប៉ុន្តែតម្លៃជួល​អាផាតម៉ិនទាំងនោះមិនបានធ្លាក់ចុះនោះទេ ដោយសារចំនួនអ្នកជួលនៅតែកើនឡើងនៅក្នុងទីផ្សារនេះ។

លោកបន្តថា អាផាតម៉ិនមួយបន្ទប់គេងនៅតំបន់ទួលទំពូង និងស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ អាចរកជួល​បានក្នុងតម្លៃចន្លោះ៤០០ទៅ៧០០ដុល្លារ អាផាតម៉ិនពីរបន្ទប់គេងមានតម្លៃចន្លោះពី​៧០០ ទៅ១៥០០ដុល្លារ និងអាផាតម៉ិន៣បន្ទប់គេងមានតម្លៃចន្លោះពី១៥០០ ទៅ២៥០០​ដុល្លារក្នុងមួយខែ។លោកបន្តថា តម្លៃអាផាតម៉ិនទាបឬខ្ពស់ អាស្រ័យលើទីតាំង សេវាកម្ម ដែលម្ចាស់អាផាតម៉ិនផ្តល់ជូនអតិថិជន។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន KFA បានថ្លែងឲ្យដឹងផងដែរថា ទោះបីជា​ចំនួនអាផាតម៉ិនកើនឡើងក្តី ប៉ុន្តែវាមិនលើសតម្រូវការទីផ្សារ ឬមានការព្រួយបារម្ភណា​មួយនោះទេ ព្រោះពេលមានការផ្គត់ផ្គង់ទើបមានតម្រូវការ ហើយតម្រូវការកំពុងកើនឡើង ដោយសារកម្ពុជាបានចូលជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកាន់តែ​បើកចំហទៅកាន់ពិភពលោក ដែលធ្វើឲ្យកម្ពុជាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ហើ​យពេលអ្នកវិនិយោគអន្តរជាតិចូលមក តម្រូវការអាផាតម៉ិនសម្រាប់ស្នាក់នៅនឹងកើនជា​ស្វ័យប្រវត្តិ។

លោកបន្តថា ជាមួយនឹងកំនើនអ្នកវិនិយោគ អ្នកជំនាញអន្តរជាតិកាន់តែច្រើនក៏បាន​ចូលមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការផងដែរ ដោយសារកម្ពុជាមានការខ្វះខាតធនធានមនុស្សផ្នែកជំនាញ ហេតុនេះនៅពេលអ្នកជំនាញ ឬអ្នកធ្វើការមកពីបរទេសចូល​មកកម្ពុជា ពួកគេត្រូវការសេវាអាផាតម៉ិនជាចាំបាច់សម្រាប់ស្នាក់នៅ។ ដូច្នេះតម្រូវការអា​ផាតម៉ិនពិតជាកើនឡើងខ្ពស់៕

ប្រយ័ត្ន! ដីកោះរ៉ុងឡើងថ្លៃចាប់ផ្តើមមានក្រុមយកដីគេលក់

0

ដោយដួង ចន្រ្ទា

ភ្នំពេញ៖ ស្របពេលតម្លៃដីធ្លីនៅកោះរ៉ុងឡើងថ្លៃ ចលនានៃការលួចដីគេយកទៅលក់ក៏កំពុងកើតមានយ៉ាងច្រើនផងដែរ ដោយសារមានការឃុបឃិតមួយចំនួនពីអាជ្ញាធរ​មូលដ្ឋាន។

ប្រភពព៌តមានច្បាស់ការណ៍មួយ ដែលគេហទំព័រ Propertyarea.asia ទទួលបាន​កាលពីព្រឹកថ្ងៃទី១០ មេសានេះបានឲ្យដឹងថា ចលនានៃការយកដីគេលក់ និងមានការស៊ីញ៉េបំពានលើប្លង់ដី ដែលមានម្ចាស់ច្បាស់លាស់រួចហើយពីសំណាក់អាជ្ញាធរ បាននិងកំពុងធ្វើឲ្យមានភាពរញេរញ៉ៃ នៅលើកោះដ៏ស្រស់ស្អាតនេះ។ ប្រភពដដែលបានបន្តថា អ្នកទិញដីគួរបង្កើនការប្រុងប្រយ័ត្ន ដើម្បីធ្វើឲ្យប្រាកដថា ដីដែលខ្លួនបានទិញ មិនមែនជាដី ដែលមានម្ចាស់ឬជាន់ប្លង់កម្មសិទ្ឋអ្នកដទៃ។

លោកបន្តដោយព្រមានថា “ប្រជាពលរដ្ឋក៏ដូចគ្នា គួរកុំអនុវត្តន៍នយោបាយចាញ់បានលុយ ឈ្នះបានដី ប្រយ័ត្នមានបញ្ហាទៅថ្ងៃក្រោយ”។

រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បាននិងកំពុងរៀបចំរចនាសម្ព័ន្ឋតំបន់កោះរ៉ុង​ជាទីក្រុងមួយ ដើម្បីងាយស្រួលលើការគ្រប់គ្រង ពិសេសជំរុញការអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព។

ប្រភពខាងលើបានបន្តថា លោកបានស្គាល់មុខក្រុមអ្នកយកដីគេលក់ និងបំពុលព៌តមានហើយ ប្រសិនជាមិនរាងចាល ឈ្មោះរបស់ពួកគេនឹងត្រូវលាតត្រដាងជាសាធារណៈមិនខាន ហើយអាជ្ញាធរមូលដ្ឋាន ពិសេសអ្នកស៊ីញ៉េបំពានលើប្លង់កម្មសិទ្ឋអ្នកដទៃ ដើម្បីលក់ដីបន្តទៅឲ្យអ្នកផ្សេង ក៏គួរអនុវត្តន៍តាមនិតិវិធីឲ្យបានត្រឹមត្រូវផងដែរ ដើម្បីបញ្ចៀសបញ្ហាទៅថ្ងៃអនាគត។

ប្រភពព៌តមានដែលបានបន្តថា បច្ចុប្ប​ន្នដីនៅតំបន់កោះរ៉ុង និងកោះរ៉ុងសន្លឹមកំពុងមានការឡើងថ្លៃយ៉ាងខ្លាំង ដោយសារសកម្មភាពនៃការអភិវឌ្ឈ កំនើនភ្ញៀវទេសចរណ៍ បានទៅទស្សនានៅតាមបណ្តាកោះទាំងនេះកើនឡើងយ៉ាងខ្លាំង។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេស​ចរណ៍កម្ពុជា លោកហូ វណ្ឌីបានជំរុញឲ្យអាជ្ញាធរ​បង្កើនការយកចិត្តទុកដាក់លើបរិស្ថាន ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ព្រោះប្រ​សិនជាការអភិវឌ្ឍមិនបានគិតគូដល់បរិស្ថាន វានឹងបំផ្លាញអ្វីៗទាំងអស់នាពេលអនាគត ហើយអ្នកពាក់ព័ន្ឋទាំងអស់ នឹងខាតបង់ផងប្រយោជន៍រួមផងដែរ៕

ដំណឹងល្អ! BW Arena មជ្ឈមណ្ឌលកំសាន្តតម្លៃ ១០លានដុល្លារនឹងបើកដំណើរការចុងឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  មជ្ឈមណ្ឌល BW Arena តម្លៃ១០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Worldbridge Group នឹងបើកដំណើរការនៅចុងឆ្នាំនេះ ដែលស្ថិតនៅស្របនឹងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

WB Arena រួមមាន ​ហាង​លក់​ទំនិញ​ហាង​លក់​ចំណី​អាហារ កន្លែង​សម្រាក​លម្ហែ និង​កន្លែង​កម្សាន្ត​ជាច្រើន​ ថែម​ទាំង​មាន​សាល​មហោស្រព ​ដែល​អាច​អង្គុយ​បាន​ដល់​ទៅ​ ៤០០ ​​​នាក់​សម្រាប់​កម្មវិធី​នាពេល​រាត្រី​ទៀត​ផង​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Worldbridge Land លោក Tan Teck Kee បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា លោក​រំពឹង​ថា ​គម្រោង​នៅ​មាត់​ទន្លេ​នេះ ​នឹង​ក្លាយ​ជា​ គោលដៅ​កន្លែង​សម្រាប់ ​លម្ហែ​សម្រាប់​ក្រុមគ្រួសារ​នាពេលអនាគត ​នៅពេល​គម្រោង​នេះ ​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។លោក​បន្ត​ថា ​វា​នឹង​ក្លាយ​ជា​គោលដៅ​កម្សាន្ត​នៅ​មាត់​ទន្លេ​សម្រាប់​ប្រជាជន​ក្នុង​ ស្រុក ជនបរទេស និង​ភ្ញៀវទេសចរ​ផង​ដែរ​។ យើង​បាន​សាងសង់​នូវ​កន្លែង​សម្រាប់​ប្រកួត​កីឡា ​ដែល​នឹង​មាន​បើក​ស្វាគមន៍​ ទទួល​ការប្រកួត​ និង​ការ​ប្រារព្ធ​កម្មវិធី​ជាច្រើន​ទៀត​។

ជាមួយគ្នានេះ ក្រុមហ៊ុនមានគំរោង​នឹង​ធ្វើ​ព្រឹត្តិការណ៍​នានា ​ដោយផ្តោតលើមនុស្សគ្រប់​វ័យ​ផង​ដែរ​»​។

គម្រោង​នេះ​ត្រូវ​បាន​ឌីសាញ​ឡើង ​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​នៅ​ប្រទេស​ សិង្ហបុរី Chin Kam and Associates (CK&A) ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Worldbridge Group និង​ដៃគូ​វិនិយោគ​របស់​ខ្លួន​គឺ Oxley International Holdings ជួល​ឲ្យ​រចនា​ប្លង់​គម្រោង The Bridge និង The Peak​។ WB Arena ត្រូវ​បាន​គេ​រចនា​ស្រដៀង​គ្នា​នឹង Clarke Quay នៅ​សិង្ហបុរី​។ យ៉ាង​ណា​មិញ​ការ​រចនា​ប្លង់​នេះ​ត្រូវ​បាន​រចនា​យ៉ាង​ផិ្ចតផ្ចង់​ដើម្បី​ឱ្យ ​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​កន្លែង​កម្សាន្ត​បែប​ខ្មែរ​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​។

លោក Simon Griffiths នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Urban Asset Solutions ដែល​ជា​ភ្នាក់ងារ​ទទួល​បន្ទុក​ការជួល និង​ជួប​អតិថិជន​របស់​គម្រោង WB Arena បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​ផ្ទៃ​សរុប​៦០០០ម៉ែត្រការ៉េ ដែលក្រុមហ៊ុននឹងបែងចែក​តំបន់​ផ្សេងៗ​គ្នា​សម្រាប់​ហាង​លក់ទំនិញ ហាង​លក់​ចំណី​អាហារ និង​ភេសជ្ជៈ និង​កន្លែង​កម្សាន្ត​។

លោក Simon Griffiths បាន​និយាយ​ថា ​យើង​ចង់​ធ្វើ​អ្វីៗ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិមកកំសាន្តនៅតំបន់នេះ​។

គម្រោង​នេះ ​នឹង​មាន​ស្តង់​ដែល​បម្រី​អាហារ​ព្រម​ទាំង​ភេសជ្ជៈ​ជាច្រើន​ មុខ​សម្រាប់​អ្នក​ទៅ​កម្សាន្ត​ ក៏​ដូចជា ​កន្លែង​ពិសា​អាហារ​មាត់​ឆ្នេរ​ក្រោម ​ម្លប់​ដើមត្នោត​ប្រប​មាត់​ទន្លេ​ផង​ដែរ​។ ភោជនីយដ្ឋាន​ជាច្រើន​ ត្រូវបាន​កក់​ស្តង់​មួយ​ចំនួន​រួច​ទៅ​ហើយ។

លោក Griffiths បានថ្លែង​ថា “​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​យើង​ចង់​បង្កើត​នូវ​រោងកុន​មួយ ប៉ុន្តែ​យើង​សាងសង់​មហោស្រព​ជំនួស​វិញ ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង ប៉ុន្តែ​យើង​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​រីករាយ​ជាមួយ​កម្មវិធី​នេះ​”​។

ដោយ​រចនា​ជា «​គោលដៅ​ទាក់ទាញ​» ​និង​អាច​ទៅ​កម្សាន្ត​តាម​ផ្លូវ​គោក​ក៏​បាន ឬ​ទន្លេ​ក៏​បាន WB Arena គឺជា​គម្រោង​ ១ ​ដែល​គេ​បង្កើត​ឡើង​ដើម្បី​បំពេញ​ចន្លោះ​ក្នុង​ទីផ្សារ​ទេសចរណ៍​ក្នុង​ទីក្រុង​នេះ​។

គំរោងWB Arena កំពុង​តែ​ត្រូវ​បាន​សាងសង់ ហើយ​បើ​តាម​ផែនការ​នឹង​រួចរាល់​ក្នុង​ខែ​មិថុនា​ដែល​ម្ចាស់​ស្តង់​លក់​អាហារ និង​ភេសជ្ជៈ​នឹង​ចូល​មក​រៀបចំ​បើក​ដំណើរការ​ក្នុង​ខែ​កក្កដា​៕

អ្នកជំនាញ៖ បែបបទនៃការរស់នៅក្នុងក្រុងភ្នំពេញនឹងផ្លាស់ប្តូរនៅ១០ឆ្នាំខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ កំនើនប្រជាសាស្រ្តក្នុងទីក្រុង ការកើនឡើងនូវការកកស្ទះចរាចរ និងកំនើន​នៃការប្រើប្រាស់បច្ចេកវិទ្យា នឹងធ្វើឲ្យវជនសម័យថ្មីនឹងរស់នៅតាមអាគារខុនដូ  កណ្តាលទីក្រុង ជំនូសឲ្យការចេញទៅរស់នៅជាយរាជធានីភ្នំពេញ។

លោកងួន ឆាយលាង តំណាងគំរោងខុនដូ Urban Loft បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗ​នេះថា ជាមួយនឹងកំនើនសេដ្ឋកិច្ចនឹងបន្តរីកចំរើនរយៈពេលវែង ចរន្តរីកចំរើន​នៃបច្ចេកវិទ្យា ដូចជាការផ្ញើរលុយតាមទូរស័ព្ទដៃ ការហៅឬកុំម៉ង់ទំនិញ ទិញអាហារ ជាមួយម៉ូតូឌុប តុកៗ និងតាក់ស៊ី តាមរយៈទូរស័ព្ទដៃនឹងបន្តរីកចំរើន និងមានការប្រើប្រាស់កាន់តែច្រើន និងការកកស្ទះចរាចរណ៍កាន់តែខ្លាំង រំខានដល់​ការធ្វើដំនើរ សេវាសាធារណៈកាន់តែរីកចំរើន និងកង្វះចំណតយានយន្ត លោកជឿថា នឹងមានការវិនិយោគលើចំណតយានយន្ត សម្រាប់ជួលកាន់តែច្រើននាពេ​លអនាគត។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់៤លាននាក់ឬច្រើនជាងនេះនៅឆ្នាំ២០៣០ ហើយនិន្នារស់នៅតាមខុនដូនឹងកើនឡើង ពីសំណាក់ក្រុមយុវជនដែលបច្ចុប្បន្នមានវ័យក្មេង និងដល់វ័យសកម្មក្នុងការងារនាឆ្នាំនោះពួកគេនឹងជ្រើសរើសរស់នៅតាមខុនដូ ដោយសារការកើនឡើងនូវក្រុមអ្នកមានជីវភាពមធ្យម និងការប្រើប្រាស់សេវាកម្ម សម្រាប់រស់នៅប្រចាំថ្ងៃកាន់តែ​មានការរីកចំរើន។

លោកងួន ឆាយលាងបានបន្តថា “ដោយសារនិន្នាការខាងលើនេះ ខ្ញុំគិតថាយុវជនសម័យថ្មី នឹងជ្រើសរើសរស់​នៅតាមខុនដូ ដែលមានទីតាំងនៅជិតកន្លែងធ្វើការងាររបស់ពួកគេ”។លោកបន្តថា “យុវជនវ័យក្មេងនឹងក្លាយជាអ្នកសកម្ម ក្នុងការងារនៅ​ឆ្នាំ២០៣០ ពួកគេជាក្រុមមនុស្សស៊ីវិល័យ និងជាអ្នកប្រើប្រាស់បច្ចេកវិទ្យា។ ពួកគេនឹងសម្រេចចិត្តរស់នៅក្នុងទីក្រុង ហើយអ្នកអភិវឌ្ឍន៍ខុនដូដែលផ្តោតលើក្រុម​មនុស្សវ័យនេះនឹងទទួលបានផលប្រយោជន៍”។

នាពេលអនាគតរដ្ឋាភិបាល នឹងរៀបចំបែងចែកតំបន់ឧស្សាហកម្ម តំបន់លំនៅដ្ឋានដាច់ពីគ្នា ជាក់ស្តែងបច្ចុប្បន្នការលក់គ្រឿងចក្រធុនធ្ងន់ ការលក់គ្រឿង​ម៉ាស៊ីនធំៗ និងរោងចក្រមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង។

លោកងួន ឆាយលាងបានបន្តថា តាមបរិបទទីក្រុងរីកចំរើននានាដូចជាទីក្រុងហុងកុង ទីក្រុងញូយ៉ក ទីក្រុងបាងកក ប្រទេសសឹង្ហបុរីជាដើម ពួកគេកំពុងរស់នៅតាមខុនដូនៅកណ្តាលក្រុង ជាជាងទៅរស់នៅជាយក្រុង ហើយពេលអនា​គត ក្រុមយុវជនស៊ីវិល័យ ពួកគេនឹងសម្រេចចិត្តរស់នៅក្នុងទីក្រុង ជាជាងចេញទៅរស់នៅតំបន់ជាយក្រុង។

តាមការសិក្សាបានរកឃើញថា នៅកម្ពុជាក្រុមយុវជនអាយុចាប់ពី៣០ឆ្នាំ​ចុះក្រោមមាន៦០ភាគរយនៃប្រជាពលរដ្ឋសរុប។

លោកវ៉ា វីរៈអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment ដែលទើបទទួលវិញ្ញាបនបត្រទទួលស្គាល់ ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលំដាប់អន្តរជាតិ ពី National Association Realtor បានថ្លែងយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបាន​មានប្រសាសន៍ថា “ខ្ញុំយល់ស្របនឹងការលើកឡោះងខាងលើនេះ ព្រោះនៅ​ឆ្នាំ២០៣០ចំនួនប្រជាជនរស់នៅក្នុងទីក្រុង នឹងកើនដល់៤លាននាក់ ពួកគេនឹង​ប្រឈមបញ្ហាជាច្រើន ដូចជាការកកស្ទះចរា​ចរ ការបំពុលបរិស្ថាន ហើយបច្ចេកវិទ្យានឹងចូលរួមដោះស្រាយបញ្ហាទាំងនោះ”។

លោកបន្តថា និន្នាការប្រជាពលរដ្ឋនឹងចូលមករស់នៅជាយក្រុង និងក្នុងទី​ក្រុងកាន់តែច្រើន ហេតុនេះ១០០ភាគរយប្រជាពលរដ្ឋវ័យក្មេង នឹងជ្រើសរើសរស់​នៅតាមខុនដូ ដូចប្រទេសថៃ វៀតណាម សាំងហ្កាពួរ កុងកុងជាដើម។ វាជា​ជម្រើសមួយ ដែលផ្តល់អត្ថប្រយោជន៍ច្រើន ចំណេញច្រើន ពិសេសលើពេលវេ​លា ។

លោកបន្តថា “ក្រុមយុវជនវ័យក្មេងដែលធ្លាប់សិក្សានៅបរទេស ពួកគេនឹងជ្រើសរើសរស់នៅតាមខុនដូ ព្រោះវាមានទីតាំងនៅជិតហាងកាហ្វេ ផ្សារទំនើប កន្លែងហាត់​ប្រាណ និងកន្លែងធ្វើការរបស់ពួកគេ”។លោកបន្តថា “ការធ្វើដំនើរ​នឹងកាន់តែលំបាក ពេលវេ​លាជាមាសប្រាក់ ខុនដូនឹងជាជម្រើសរបស់ពួកគេ ដែលជាកន្លែងមានផាសុខភាព មានសន្តិសុខ២៤ម៉ោង មានសេវាកម្មសំអាតអនាម័យជាដើម”។

តាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អំពី​ក្របខ័ណ្ឌយុទ្ឋសាស្រ្តអភិវឌ្ឍន៍ទីក្រុង នៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជន​រស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ២០១៤ មានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ និងបន្តកើនឡើងដល់៧,៩២លាននាក់នៅឆ្នាំ២០៣០ ស្មើនឹង៤៤ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

សេដ្ឋវិទូកម្ពុជាលោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹ​ក្សា​សេដ្ឋកិច្ចជាតិបានថ្លែងថា ប្រទេសកាលណាមានការអភិវឌ្ឍន៍ ទីក្រុងកាន់​តែរីកធំមានមនុស្សរស់នៅច្រើនជារឿងធម្មតា ហើយនៅពេលទីក្រុងកាន់តែធំ តម្រូវការហេដ្ឋារចនាសម្ព័ន្ឋកាន់តែមានភាពចាំបាច់។ ហេតុនេះប្រសិនជារដ្ឋាភិបាលគិតទុកជាមុន ជាការល្អប្រសើរ ដើម្បីបន្ឋូរបន្ថយបញ្ហា ទោះជាដោះស្រាយ​មិនបានទាំងស្រុងក្តី។លោកបន្តថា ការដោះស្រាយបញ្ហាច្បាប់ ដើម្បីសម្រួលចរា​ចរណ៍ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ និងសេវាសាធារណៈ ជាអ្វីដែលរដ្ឋាភិ​បាលត្រូវវិនិយោគច្រើនជាងមុន។

លោកបន្តថា “ពេលទីក្រុងកាន់តែរីកចំរើន គុណភាពជីវិតនឹងកាន់តែលំបា​កទៅៗ ហេតុនេះការមានបច្ចេកវិទ្យាស្មាតហ្វូន និងបច្ចេកវិទ្យាអាចជួយបាន តែមិនជួយបានច្រើនទេ”។លោកបន្តថា “ខ្ញុំមិនជឿថាប្រព័ន្ឋបច្ចេកវិទ្យាអាចជួយបាន​១០០ភាគរយទេ ហើយវាជារឿងអនាគត ពិបាកប្រមើលមើលណាស់”។

លោកចន ណារិទ្ឋប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ដែលទើបបានទិញខុនដូក្នុងគំរោងលំនៅដ្ឋានអ៊ិលភ្នំពេញ (L Resident) នៅតំបន់បឹងត្របែកបានថ្លែងថា ការសម្រេចចិត្តទិញខុនដូរស់នៅ ដោយសារលោកចង់ឲ្យការរស់នៅមាន​ផាសុខភាព មិនបារម្ភពីសុវត្ថិភាព ព្រោះការរស់នៅខុនដូមានសន្តិសុខ២៤ម៉ោង មានក្លឹបហាត់ប្រាណ មានផ្សារ និងសេវាកម្មជាច្រើនទៀត ដែលធ្វើឲ្យជីវិតមាន​ភាពស៊ីវិល័យ។លោកបន្តថា ការពិតលោកមានផ្ទះរស់នៅរួចហើយ តែការសម្រេ​ចចិត្តទិញខុនដូ ព្រោះលោកចង់ផ្លាស់ប្តូរបរិយាកាសក្នុងការរស់នៅ។

លោកបន្តថា “បច្ចុប្បន្នខ្ញុំឃើញគេទិញខុនដូច្រើនព្រោងព្រាត ហើយខ្ញុំគិត​ថាមនុស្សរស់នៅខុនដូកាន់តែកើនឡើងនាពេលអនាគត ព្រោះបើសាងសង់មិន​ជោគជ័យគេមិនវិនិយោគជាបន្តបន្ទាប់នោះទេ”។លោកបន្តថា “ខ្ញុំមានកូន ខ្ញុំគិតថា​នាពេលអនាគត ពួកគេនឹងពេញចិត្តរស់នៅខុនដូ ហេតុនេះទើបខ្ញុំទិញសម្រា​ប់លំហែរ និងសម្រាប់ពួកគេនាពេកអនាគត”៕

តើគួរចាប់មុខជំនួញអ្វី ពេលសេដ្ឋកិច្ចកាន់តែរីកចម្រើន?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលសេដ្ឋកិច្ចកាន់តែរីកចំរើន មុខជំនួញបង្កើតថ្មីៗកាន់តែច្រើន ការប្រកួតប្រជែងក៏កំពុងកើនឡើងផងដែរ។ ហេតុនេះតើ លោក អ្នកមានគំនិតចង់បង្កើតមុខជំនួញអ្វី ក្នុងបរិបទបច្ចុប្បន្ននេះ?

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា មុនសួរថាតើយើងគួររកស៊ីអ្វី? យើងត្រូវយល់ពីប្រទេសខ្មែរយើង ដែលជាប្រទេសមាន​កំនើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍។ ជាប្រទេសប្រកាន់យករបបទីផ្សារសេរី និងជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន ដែលអ្នកមានអាយុក្រោម៣៨ឆ្នាំ មាន៦៩ភាគរ​យនៃប្រជាជនសរុប។

លោកបន្តថា ហេតុនេះនៅពេលនិយាយពីការចាប់មុខរបរឬមុខជំនួញ គឺទី១ ត្រូវបើកសាលារៀន ព្រោះប្រជាជនវ័យក្មេងជាង៦០ភាគរយវ័យក្រោម៣៩ឆ្នាំ សុទ្ឋតែមានគ្រួសារ និងត្រូវមានកូនដែល​ត្រូវការការសិក្សាជាចាំបាច់ ព្រោះគ្មានអ្នកណាម្នាក់មិនឲ្យកូនទៅរៀននោះទេ។ ប៉ុន្តែការបើកសាលារៀន មិ​នប្រាកដជោគជ័យនោះទេ ប៉ុន្តែដើម្បីជោគជ័យ អ្នកវិនិយោគលើសាលារៀន ត្រូវតែជាសាលាមានគុណភាពក្នុងការគ្រប់គ្រង គុណភាពនៃកម្មវិធីសិក្សា គុណភាពរបស់គ្រួ និងបរិស្ថានសិក្សាល្អ។

ទី២ ដោយសារសេដ្ឋកិច្ចកើនឡើង ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏កើនឡើង ហេតុនេះពួកគេ​ត្រូវការការលំហែរកំសាន្ត និងទទួលទានច្រើន ហេតុនេះការបើកលក់ចំណីអាហារ សេវាកម្មកំសាន្តផ្សេងៗភាគច្រើនទទួលបានជោគជ័យ ព្រោះបច្ចុប្បន្នមានភោជនីយដ្ឋាន ក្លឹបកំសាន្តមានភ្ញៀវចូលពេញៗ ដែលនៅកម្ពុជាអ្នកបើកភោជនីយដ្ឋាន១០ មាន៧ជោគជ័យហើយ តែនៅប្រទេសគេអត្រាជោគជ័យមានតិច​ជាងនេះ។

ទី៣ ពីមុនមនុស្សឈឺដោយសារអត់របស់ទទួលទាន តែបច្ចុប្បន្នមានមុខម្ហូបច្រើនពេកសារធាតុគីមីច្រើន ធ្វើឲ្យប្រជាជនមានបញ្ហាប្រឈមផ្នែកសុខភាពច្រើន ដូចជា លើសឈាម លើសជាតិស្ក លើសខ្លាញ់ជាដើម។ ហេតុនេះមុខរបរត្រូវប៉ាន់មួយទៀត បើកមន្ទីរពេទ្យលំដាប់អន្តរជាតិ។ បើទោះជាបច្ចុ​ប្បន្នមានមន្ទីរពេទ្យច្រើននៅកម្ពុជា តែមន្ទីរពេទ្យលំដាប់អន្តរជាតិ លំដាប់តំបន់មិនទាន់មាននៅឡើយទេ បើមានក៏ជាមន្ទីរពេទ្យ ដែលគ្រាន់តែជាការិយាល័យតំណាងប៉ុណ្ណោះ។

លោកគីម ហ៊ាងបានបន្តថា អ្នករកស៊ីបើកសាលាក៏ដោយ បើកកន្លែងកំសាន្តក៏ដោយ បើកភោជ​នីយដ្ឋាន ឬបើកមន្ទីរពេទ្យក៏ដោយ ភាគច្រើននៃមុខរបរនេះ មិនមែនជាមុខរបរសម្រាប់ធ្វើមហាសេដ្ឋីនោះទេ គឺជាមុខរបរធ្វើអ្នកមានខ្នាតមធ្យមប៉ុណ្ណោះ ប៉ុន្តែមានមុខរបរមួយទៀត ដែលអាចក្លាយជាសេដ្ឋីបាន នោះគឺមុខរបរទី៤ ការវិនិយោគវិស័យអចលនទ្រព្យ និងមុខរបរបើកធនាគារដែលជាមុខរបរទី៦។

លោកបន្តថា នៅពេលប្រទេសកំពុងរីកចម្រើន អ្នកមានចំណូលមធ្យមកើនឡើង គឺគេត្រូវការដើមទុន នៅពេលមានតម្រូវការដើមទុនច្រើន មុខរបរទី៥ត្រូវលេចឡើង គឺការបើកមីក្រូហិរញ្ញវត្ថុ ឬធនា​គារ ដែលជាវិស័យផ្តល់ចំណេញច្រើន។ ហេតុនេះមហាសេដ្ឋី បើពួកគេមានគំរោងអភិវឌ្ឍន៍បុរី ឬខុនដូ ឬសណ្ឋាគារ ពួកគេក៏តែងគិតពីការបើកធនាគារ ហើយពេលមានធនាគារហើយ ពួកគេត្រូវមានក្រុមហ៊ុនធានារ៉ាប់រងមួយទៀត ព្រោះបុគ្គល​ណាមានក្រុមហ៊ុនទាំងបីផ្នែកនេះ នៅក្នុងដៃជាអ្នកមានឬជាសេដ្ឋីហើយ៕

ការចរាចរ និងដាក់ប្រាក់បញ្ញើរជាប្រាក់រៀលមានកំនើនល្អប្រសើរ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ដំណឹងរីករាយសម្រាប់រូបិយប័ណ្ណជាតិ ដោយបច្ចុប្បន្ននេះការចរាចរប្រាក់រៀល​និង​ការ​ដាក់ប្រាក់បញ្ញើរជាប្រាក់រៀល បានកើនឡើងនៅក្នុងចរន្តសេដ្ឋកិច្ច និងតាមគ្រឹះស្ថានហិរញ្ញ​វត្ថុ​នា​នា​។នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានអះអាងក្នុងពិធីសម្ពោ​ធដាក់ឱ្យ​ប្រើ​ប្រា​ស់​ជាផ្លូវការអគារធនាគារជា​តិនៃ​កម្ពុជា សាខាខេត្ដ​ព្រៃវែង នៅថ្ងៃទី៩ ខែ​មេសា​នេះថា ការប្រើប្រាស់ និងការចាយវាយ​ប្រាក់រៀល​កាន់​តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបាន​ផលចំណេញ ផ្នែកសេដ្ឋកិច្ច​កាន់តែ​ច្រើន​ដល់​ប្រទេស​ជាតិ ហើយ​ជួយ​ពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុន​របស់​កម្ពុជា។ ជួយពង្រឹងប្រសិទ្ធភាព​គោលនយោ​បាយ​រូបបិយវត្តុ ពង្រឹងប្រសិទ្ធភាពគោលនយោបាយអត្រាប្តូរប្រាក់ បង្កើនចំណូលពីការបោះ​ពុម្ពក្រ​ដា​សប្រាក់ និងពង្រឹង​អធិបតេយ្យ​ភា​​ព​​រូបិយវត្ថុជាដើម។

លោកបន្តថា “រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រាក់រៀល និង​លើក​កម្ពស់​ប្រាក់រៀល តាមរយៈការដាក់ចេញវិធានការមួយចំនួន ដែលជំរុញឱ្យមានកំណើន នៃការប្រើប្រាស់​ប្រាក់​រៀលកាន់តែ​មាន​ការកើនឡើង”។

លោកជា ចាន់តូក៏បានទទួលស្គាល់ថា កន្លងមកកម្ពុជាក៏ទទួល​ស្គាល់​ប្រាក់​ដុល្លារ ព្រោះតែវា​មាន​​តួនា​ទីសំខាន់ នៃដំណាក់កាលដំបូងដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ និងការបើក​ទូលាយ​សេដ្ឋ​កិច្ច។ ប៉ុន្ដែទោះបីយ៉ាងណា​នៅពេល​ដែល​ទំហំ​សេដ្ឋកិច្ចកម្ពុជាកាន់តែធំ ដុល្លាររូបនីយកម្មបាន​ក៏ងា​យ​បង្កឲ្យសេដ្ឋកិច្ចកម្ពុជារងគ្រោះផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះ បញ្ហាដុល្លារូបនីយកម្ម នៅតែជា​បញ្ហាប្រឈមក្នុងធនាគារ និង​ហិរញ្ញវត្ថុ​នៅកម្ពុជា ហើយកន្លងមក​រាជ​រដ្ឋាភិបាល ក៏ដូចជាធនាគារ​ជាតិ​នៃកម្ពុជា បានដាក់ចេញនូវការលើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀលជាបន្ដបន្ទាប់ ដែល​មានការចូលរួ​ម​ពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ និងបានធ្វើឱ្យ​កំណើន​នៃការ​ប្រើប្រាស់​ប្រាក់​រៀលបានកើន​ឡើង​​គួរ​ឱ្យកត់សម្គាល់។

ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាសិក្សាការអភិវឌ្ឍន៍លោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ការចរា​ចរប្រាក់រៀល​ក្នុង​សេដ្ឋកិច្ចកម្ពុជាជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែដើម្បីឲ្យគេទុកចិត្ត និងចាយវាយប្រាក់​រៀល​យើងត្រូវសួរថាតើប្រាក់រៀល​ផ្តល់អ្វីទៅឲ្យពួកគេ តើប្រាក់រៀលផ្តល់ទំនុកចិត្តយ៉ាងដូចម្តេចនៅ​ក្នុង​ទីផ្សារ​។លោកបន្តថា ហេតុនេះការធ្វើបដិដុល្លារនី​យកម្ម ទាមទារឲ្យមានការប្រុងប្រយ័ត្ន និងធ្វើមួ​យ​ជំហ៊ានម្តងៗ មិនអាចបង្ខំបានទេ ព្រោះវានឹងមានផលប៉ះពាល់ដល់​សេដ្ឋកិច្ចជាតិ។

លោកបន្តថា “ដើម្បីលើកកំពស់អត្តសញ្ញាណ និងមោទនភាពជាតិ ការប្រើប្រាស់ប្រាក់​រៀល​ជា​រឿងត្រូវធ្វើ ហើ​យដើម្បីចំណេញដល់សេដ្ឋកិច្ចរបស់យើងនាពេលអនាគត ការប្រើប្រាស់ប្រាក់រៀល​ជា​រឿង​ដែលចាំបាច់មិនអាចខ្វះ​បាន”៕

ដំណឹងល្អ! ផ្សារបន្លែ និងពាណិជ្ជកម្មនៅក្រុងពោធិសាត់ជិតបញ្ចប់ការសាងសង់ហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងពោធិសាត់ ព្រោះរហូតមកទល់ពេលនេះការសាងសង់ផ្សារបន្លែ និងផ្សារលក់ទំនិញចម្រុះនៅកណ្តាលក្រុង នៃខេត្ត​ភាគពាយ័ព្យនេះ នឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំនេះហើយ។

លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង និងជាប្រធានសម្ព័ន្ឋសមាគមរោង​ម៉ាស៊ីនកិនស្រូវកម្ពុជា ដែលបានវិនិយោគបុរីនៅក្នុងក្រុងពោធិសាត់ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៩ មេសានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងមមាញឹកសាងសង់ផ្សារបន្លែ ដែលអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ ក្នុងខេត្តមកលក់បន្លែឥតគិតថ្លៃ និងផ្សារលក់ទំនិញចម្រុះ កំពុងសាងសង់យ៉ាងសកម្ម ដែលលោកគិតថា ផ្សារទាំងពីរនេះនឹងបញ្ចប់ការសាង​សង់ និងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំនេះ។

លោកបន្តថា “ក្រុមហ៊ុនបាននិងកំពុងសាងសង់បុរីនៅលើផ្ទៃដី៥០ហិកតា ក្នុងក្រុង ពោធិសាត់ ដោយបច្ចុប្បន្នការសាងសងើលំនៅដ្ឋានដំណាក់កាលទី១ ជិតបញ្ចប់ហើយ និងគំរោងដំណាក់កាលទី២ នឹងចាប់ផ្តើមនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ​នេះ”។លោកបន្តថា “ប្រជាពលរដ្ឋខេត្តពោធិសាត់ ភាគច្រើនមានជីវភាពមធ្យម ដែល​ជាសក្តានុពលមួយសម្រាប់ការវិនិយោគ”។

លំនៅដ្ឋានក្នុងបុរីភួ ពុយក្រុងពោធិសាត់លក់ក្នុងតម្លៃចន្លោះពី៣៤,០០០ដល់ជាង​៦០,០០០ដុល្លារអាមេរិក ក្នុងមួយល្វែង។ តម្លៃលំនៅដ្ឋាននេះមានភាពខុនសគ្នា អាស្រ័​យលើទីតាំង ម៉ូត និងទំហំផ្ទះនិមួយៗ។

លោកឧកញ៉ាភួ ពុយបានបន្តថា ជាមួយនឹងការកើនឡើងនូវជីវភាពប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិសាត់ និងដោយសារខេត្តនេះមានផ្សារតែមួយ ប្រជាពលរដ្ឋពិបាករកកន្លែងប្រកបអាជីវកម្ម ទើបលោកវិនិយោគផ្សារនេះឡើង និងរំពឹងទទួលបានជោគជ័យតាមការគ្រោងទុក។

ទោះជាយ៉ាងណាអ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ក្រុងនៃទីរួមខេត្តពោធិសាត់ មិនទាន់មានការរីកចម្រើន និងសក​ម្ម​ភាពពាណិជ្ជកម្មរសរវើកនៅឡើយ ធៀបនឹងក្រុងបាត់ដំបងដែលមានភាពរីកចម្រើនខ្លាំង និងសកម្មភាពពាណិជ្ជកម្មរសរវើកជាងគេ បើធៀបនឹងបណ្តាខេត្តស្ថិតនៅភូមិភាគពាយ័ព្យដទៃទៀត។

លោកបន្តថា “ខ្ញុំគិតថាខេត្តពោធិសាត់ មិនទាន់មានសក្តានុពលសំរាប់សកម្មភាព ពាណិជ្ជកម្មមមាញឹកទេ វាទាមទារពេលវេលាបន្ថែមទៀត”៕

ដំណឹងល្អ! រថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងដាក់ដំណើរនៅថ្ងៃស្អែកនេះ

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងថា រថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងរថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនិងប្រព្រឹត្តិទៅនៅ ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៦:៣០ នាទីព្រឹក នៅស្ថានីយរថភ្លើងភ្នំពេញ។

សម្រាប់ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ ៣០ នាទីក្នុងការដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និង អាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយនិងអ្នកឈរ ប្រមាណ ១០០នាក់ ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមយកព័ត៌មាន និងចុះទៅផ្តិតយកទិដ្ឋភាព នៃពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងរថភ្លើងនេះដោយផ្ទាល់៕

ដំណឹងល្អៈ កម្ពុជា និងឥណ្ឌូនេស៊ីនឹងមានជើងហោះហើរត្រង់ក្នុងខែមេសានេះ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ក្រុមហ៊ុនអាកាសចរណ៍ដែលឈ្មោះថា Lion Airline នឹងបើក​ដំណើរ​ការដឹកអ្នកដំណើរតាមផ្លូវអាកាសហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ី នៅក្រោយថ្ងៃបុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ​ឆ្នាំ២០១៨​នេះ​តទៅ។

ថ្លែងក្នុងពីធីរំលឹកខួប២២ឆ្នាំថ្ងៃបង្កើតសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅថា CATAកាលពីចុងសប្តាហ៍មុន​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា បន្ទាប់ពីកម្ពុជា ឥណ្ឌូនេស៊ី​ផ្អាកការ​ហោះ​ហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ី អស់រយៈពេលជិត៥០ឆ្នាំមក។ នាពេលនេះមានក្រុមហ៊ុនអាកាសចរណ៍​មួយ ​ដែល​ឈ្មោះថា Lion Air បានសម្រេច បើកជើងហោះហើរត្រង់ទៅមករវាងទីក្រុងភ្នំពេញ និងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ឡើងវិញ ចាប់ពី​ក្រោយថ្ងៃ​បុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ​២០១៨​នេះ។

លោកបន្តថា “ការសម្រេចបើកជើងហោះហើរត្រង់រវាងកម្ពុជា ឥណ្ឌូនេស៊ី​របស់ក្រុមហ៊ុនអាកាសចរណ៍​មួយ​នេះ បានធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរនៅប្រទេសឥណ្ឌូនេស៊ីជាច្រើន បានមកទស្សនានៅកម្ពុជា មានកើន​ឡើង​ច្រើនជា​លំដាប់”។ លោកបន្តថា “សូមក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នានានៅកម្ពុជា ​ត្រូវពង្រឹង​ការ​ផ្តល់​សេវាអោយបានល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកស្នាក់នៅយូរ និងមកទស្សនានៅកម្ពុជាកាន់តែច្រើនថែមទៀត”។

បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន ប្រមាណតែ១២៥លាននាក់ ពោល​គឺស្មើនឹង៤០​ភាគរយ គឺបានធ្វើ​ដំ​ណើ​​រទស្សនាចរណ៍នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានខ្លួនឯង។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយស៊ីវលីនបានថ្លែងថា វាជាដំណឹងដ៏ល្អ ដែលវានឹងធ្វើ​អោយ​ទីផ្សារទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​រីកចំរើនខ្លាំង។ ម្យ៉ាងទៀត ដោយសារប្រជាពលរដ្ឋឥណ្ឌូនេស៊ី មានប្រពៃ​ណី​វប្បធម៌ ស្រដៀងគ្នា​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ហេតុនេះលោកស្រីរំពឹងថា ភ្ញៀវទេសចរឥណ្ឌូនេស៊ី នឹងមកលេងកម្សាន្ត និងមាន​ភាពងាយស្រួលច្រើន។

ក្នុងនៅចំណោមបណ្តាប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន គឺមានប្រទេសចំនួន៩ ដែលមាន​បើកជើងហោះហើរ​ត្រង់មកកាន់ប្រទេសកម្ពុជា ខណៈប្រទេសមីយ៉ាន់ម៉ាមានក្រុមហ៊ុន Myanmar Airline បានហោះត្រង់មកកម្ពុជា​និង​មាន​ក្រុម​ហ៊ុនអាកាសចរណ៍​ Emirate Airline បាន​​ហោះត្រង់ពីក្រុងឌុយបៃ ចុះចតយកភ្ញៀវនៅរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា រួចបន្តដំណើរមកប្រទេសកម្ពុជា ចំណែក​ឯប្រទេសប្រ៊ុយណេ គឺនៅមិនទាន់មានជើងហោះត្រង់មកកាន់កម្ពុជាផងដែរ៕

ក្រុមហ៊ុនវៀតណាមចាប់ផ្តើមប្រឡូកក្នុងទីផ្សារការិយាល័យរួមនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យវៀតណាម Tong បានត្រៀមខ្លួនឈានជើងចូលទីផ្សារការិយា​ល័យនៅកម្ពុជា ដែលជាទីផ្សារត្រូវបានក្រុមហ៊ុននេះមើលឃើញថា កំពុងមានសក្តានុពលសម្រាប់ការិ​យាល័យធ្វើការរួម។

ស្ថាបនិក និងជានាយកគ្រប់គ្រងការិយាល័យធ្វើការរូមគ្នា នៃក្រុមហ៊ុន Toong លោក Duong Do បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនលោកនឹងមានវត្តមាននៅទីក្រុងភ្នំពេញ នាពេលឆាប់ៗ​ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនរបស់លោក បានមានវត្តមាននៅប្រទេសវៀតណាម និងប្រទេសឡាវរួចមក។ លោកអះអាងថា ក្រុមហ៊ុនលោកមានអតិថិជនក្នុងដៃច្រើនរួចទៅហើយ។លោកបន្តថា ការិយាល័យធ្វើការរូមនៅប្រទេសកម្ពុជា ស្ថិតនៅលើផ្ទៃដី៧០០ម៉ែត្រការ៉េ ប៉ុន្តែយ៉ាងណាក៏ដោយលោក​មិនបង្ហើបឲ្យដឹងពីទុនវិនិយោគរបស់ខ្លួននៅឡើយទេ។

ក្រុមហ៊ុននេះបានវិនិយោគជាលើកតំបូង ដោយបោះទុន៣០ម៉ឺនដុល្លារអាមេរិកនភប្រទេសវៀតណាមកាលពីឆ្នាំ២០១៥។

បច្ចុប្បន្នការិយាល័យធ្វើការរូមគ្នាបែបនេះ កំពុងតែមានប្រជាប្រិយភាពនៅទីក្រុងភ្នំពេញ និង​ខេត្តសៀមរាប ដែលការិយាល័យទាំងនោះមានដូចជា Impack Hub Phnom Penh, Small World, Kolab,សម្រាប់ទីក្រុងភ្នំពេញ និងខេត្តសៀមរាបមានដូចជា The 1961C0-working&art space និង Angkir Hub។

ទោះជាយ៉ាងណាការិយាល័យធ្វើការរួមបែបនេះ នឹងកើនឡើងខ្លាំងនៅទីក្រុងភ្នំពេញនាឆ្នាំ២០១៨នេះ ដោយសារវត្តមាននៃក្រុមហ៊ុនថ្មីៗបានចូលមកកាន់ទីផ្សារនេះ៕