ដោយគង់ សូរិយា
ភ្នំពេញ៖ អភិបាលស្រុកអង្គស្នួលបានជំរុញឲ្យអ្នកពុះដីឡូត៍លក់គោរពឲ្យបានតាមនិតិវិធី ខណៈអាជីវកម្មពុះដីឡូត៍នៅក្នុងស្រុកអង្គស្នូល បានកំពុងកើតឡើងជាច្រើននិងយ៉ាងផុសផុល។
លោកនឹម នារណែត អភិបាលស្រុកអង្គស្នូល បានលើកឡើងសិក្ខាសាលាផ្សព្វផ្សាយការអភិវឌ្ឍន៍ដី ការគ្រង់គ្រងដីធ្លី និងសំណង់ នៅស្រុកអង្គស្នូល ខេត្តកណ្តាលកាលពីដើមសប្តាហ៍នេះថា នៅស្រុកអង្គស្នូលការពុះដីឡូត៍លក់ គឺកំពុងមានការផុលផុសហេតុនេះដើម្បីធានាដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើអាជីវកម្មដីធ្លី ការប្រើប្រាស់ដីធ្លីឲ្យចំគោលដៅ និងធានាសុវត្ថភាពដីធ្លី ដោយឡែកការគ្រប់គ្រង កាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនបានចុះបញ្ជីផងដែរនោះ គឺត្រូវទាមទារឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយល់ដឹងពីនីតិវិធី អំពីការអនុវត្តន៍ច្បាប់នៅលើដីធ្លីនេះ។
លោកបន្តថា “ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុក ជាពិសេសប្រជាពលរដ្ឋនៅឃុំក្រាំងម្នាក់ គួររៀបចំនីតិវិធីប្តូរយកប្លង់ដីរឹង ដែលជាប្រព័ន្ធអនុគ្រោះរបស់រដ្ឋ ជាពិសេសការធានាដល់សិទ្ធកាន់កាប់ដីធ្លីរបស់ខ្លួន ក្នុងការស្វែងរកចំណូលនានាតាមការដែលអាចទៅបាន ក្នុងនោះចំពោះភូមិ-ឃុំ ដែលចង់ឲ្យក្រុមការងារចុះធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ត្រូវរៀបចំនីតិវិធីស្នើរសុំ មកអាជ្ញារធរពាក់ព័ន្ធ ដើម្បីចុះធ្វើប្លង់ដីជូនដល់ពួគគាត់”។
ប្រធាមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ខេត្តកណ្តាលលោកបណ្ឌិតវ៉ាន់ វ៉ាតបានមានប្រសាសន៍ឲ្យដឹងថា ការផ្សព្វផ្សាយនៃការអភិវឌ្ឍន៍ដី ការគ្រង់គ្រងដីធ្លី និងសំណង់ គឺជាការធានាការអភិវឌ្ឍន៍ដែនដី និងនគរូបនីយកម្ម ប្រកបដោយប្រសិទ្ធភាព ក្នុងនោះការគ្រប់គ្រងអភិវឌ្ឍន៍ និងបំបែកក្បាលដី ជាពិសេសដីឡូត៍សម្រាប់លក់ ឬសាងសង់លំនៅឋានផ្សេងៗ អគារឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ត្រូវមានការស្វែងយល់ឲ្យច្បាប់អំនីតិវិធីនេះផងដែរ។
លោកបន្តថា ក្រោយពីច្បាប់ផ្សព្វផ្សាយអំពីការគ្រង់គ្រងដីធ្លី និងសំណង់នេះទៅ មន្រ្តីជំនាញនឹងចុះត្រួតពិនិត្យអំពីបញ្ហាដីធ្លី ជាពិសេសការពុះដីឡូត៍សម្រាប់លក់ និងការសាងសង់សំណង់ផ្សេងៗឲ្យបានជាប្រចាំទៅតាមនីតិវិធី ដែលមានស្រប ដូច្នេះសូមបងប្អូនទាំងអស់នៅទូទាំងខេត្ត ត្រូវសហការអាជ្ញាធរឬមន្រ្តីជំនាញ ដើម្បីជម្រុញការគ្រប់គ្រងដីធ្លី និងសំណង់ឲ្យបានស្របច្បាប់ និងធានាសុវត្ថិភាពក្នុងការរស់នៅ៕