កម្ពុជាបន្តជំរុញនិងទាក់ទាញការវិនិយោគរបស់ចិនមកកម្ពុជាបន្ថែមទៀត

0

ដោយនៅ វឌ្ឈនា

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានលើកយកវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ បង្ហាញជូនវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩

វេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនសរុបជាង៨០០នាក់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ បានជម្រាបជូនសម្តេចតេជោ និងអង្គវេទិកាទាំងមូល អំពីទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិនដែលបានប្រារពធ្វើកាលពី​ថ្ងៃទី២២ មករាកន្លងមកនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មដែលកម្ពុជា ចិនសម្រេចបាន កាលពីឆ្នាំ២០១៧ ដែលសម្រេចបានទឹកប្រាក់៥ពាន់លានដុល្លារ តាមផែនការកំណត់ ហើយប្រទេសទាំងពីរគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់៦ពាន់លានដុល្លារ នៅឆ្នាំ២០២០ និង១០ពាន់លានដុល្លា នៅត្រឹមឆ្នាំ២០២៣។

លើសពីនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតាមទីក្រុងធំៗនៃប្រទេសចិន ដូចជា៖ ក្វាងចូវ, ហាយនីង, ស៊ីអាន និងហុងកុង ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ ដល់ការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទាំងពីរ ហើយនៅថ្ងៃខាងមុខ ក្រសួងពាណិជ្ជកម្ម ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលនេះថែមទៀត នៅទីក្រុងប៉េកាំង, គុនមីង, និងទីក្រុងផ្សេងៗទៀតផងដែរ។

វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគកម្ពុជា-ចិន គឺជាជំនួបល្អបំផុតសម្រាប់វិស័យឯកជន ដើម្បីទទួលបានអនុសាសន៍ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយក៏ជាឱកាសសម្រាប់វិនិយោគិនចិន ក្នុងការស្វែងយល់អំពីគោលនយោបាយ និងវិស័យសក្ដានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើពាណិជ្ជកម្ម និងវិនិយោគទុន ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។

កន្លងមក ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះជាច្រើនលើក នៅតាមទីក្រុងធំៗនៃប្រទេសចិន ដូចជា៖ ណាននីង, ប៉េកាំង, ហានចូវ, ម៉ាកាវ, ធានជីន, ហុងកុង និងក្វាងចូវ។ នៅក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិយោគកម្ពុជា-ចិន ចំនួនបីលើក គឺ៖ លើកទី១ នៅទីក្រុងណាននីង (ឆ្នាំ២០១៦) លើកទី២ នៅទីក្រុងប៉េកាំង (ឆ្នាំ២០១៧) និងលើកទី៣ នៅទីក្រុងប៉េកាំង ដដែល (ឆ្នាំ២០១៩) ដែលបាននឹងកំពុងប្រព្រឹត្តិទៅនាពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here