ASEAN TODAY ថា វិនិយោគិនចិនកំពុងចាប់ប្រមូលយកទីផ្សារអចលនទ្រព្យនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ ពេលបច្ចុប្បន្ននេះអ្នកទិញជនជាតិចិន កំពុងប្រមូលទិញអចនលទ្រព្យស្ទើតែទាំងអស់នៅទូទាំងប្រទេស ខណៈក្រុមហ៊ុនសំណង់ចិនកំពុងមមា​ញឹកសាងសង់ និងការអភិវឌ្ឍលំនៅដ្ឋានខ្ពស់ៗដើម្បីបំពេញតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព៌តមាន ASEAN TODAY។

គេហទំព័រ propertyarea.asia ដែលផ្តោតលើព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជាសូមបកប្រែក្រៅផ្លូវការនូវអ្វី ដែលសារព៌តមាន ASEAN TODAYបានសរសរ។ សារព៌តមាននេះបានលើកឡើងថា មានគម្រោ ងចិនជាច្រើន កំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ក្រុមហ៊ុន Prince Central Plaza បាននិងកំពុងសាងសង់បញ្ចប់ គម្រោងរបស់ខ្លួនដែលមានអគារកំពស់៣៧ជាន់ និងមានលំនៅដ្ឋានជាង១០០០ខ្នង។ គំរោងនេះនឹងបញ្ចប់នៅក្នុងខែឧសភា។

អគារ Prince Modern Plaza  អគារ Diamond 1 និងThe Bridge នឹងផ្តល់ឱកាសវិនិយោគស្រដៀងគ្នា។

ភ្នាក់ងារលក់អចនលទ្រព្យ Prince Central Plaza លោកស្រី Chen Jingjing បាននិយាយថា អ្នកទិញភាកច្រើន គឺជាជនជាតិចិនគឺមកពីទីក្រុងសៀងហៃ  ទីក្រុ​ងShenzhen  ទីក្រុង Fujian និងខេត្ត Zhejiang ។ ដូចគ្នានេះដែរ វិនិយោគនចិនកំពុងតែទិញអចលនទ្រព្យ នៅតាមបណ្តាទីក្រុងនានាក្នុងប្រទេសកម្ពុជា។ នៅខេត្តព្រះសីហនុ មានកាស៊ីណូខុនដូនិងសណ្ឋាគារចំនួន៦៥ភាគរយ ជារបស់ចិន។

ហេតុអ្វីចិនមានការផ្លាស់ប្តូរឥរិយាបទក្នុងការទិញ?

ខុនដូប្រណីតថ្មីៗជាច្រើនប្រមាណជា១២ភាគរយ មានគម្រោងវិនិយោគមកវិញប្រចាំឆ្នាំ ។ ការត្រឡប់មកវិញនេះ បានផ្តល់នូវផលចំណេញដ៏រឹងមាំមួយ។ប៉ុន្តែនេះមិនមែនជាហេតុផលចម្បង ដែលអ្នកវិនិយោគចិន ដែលមានទ្រព្យសម្បត្ដិដ៏ច្រើន កំពុងប្រគល់សាច់ប្រាក់របស់ពួកគេ មកលើការទិញអចលទ្រព្យនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកស្រី Chen Jingjing បានពណ៌នាអំពីរបៀប ដែលអ្នកទិញជនជាតិចិនជាងពាក់កណ្តាលបង់ប្រាក់ជាសាច់ប្រាក់។ នេះរួមជាមួយនឹងបទបញ្ញត្តិផ្សេងរបស់ធនាគារមានលក្ខណៈធូរស្រាល ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលល្អបំផុតសម្រាប់ការវិនិយោគ។

មូលហេតុមួយទៀតគឺថារដ្ឋាភិបាលចិន កំពុងវិនិយោគយ៉ាងខ្លាំងនៅកម្ពុជា។ គោលនយោបាយ One Belt One Road បាននាំមកនូវការវិនិយោគជាង៧ ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា។ ការស្ថាបនាផ្លូវហាយវ៉េថ្មី រវាងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញកំពុងដំណើរការរៀបចំ។

លោក Chen Li អ្នកគ្រប់គ្រងផ្នែកលក់នៅ Blue Bay development នៅក្រុងព្រះសីហនុមានជំនឿថា នេះជាមូលហេតុចំបង សម្រាប់ការកើនឡើងនៃការអភិវឌ្ឍលំនៅដ្ឋាននៅក្នុងតំបន់។

តើអ្វីនឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជា?

ការហូរចូលនៃអ្នកទិញជនជាតិចិន នឹងជំរុញកំណើនអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨នឹងកើនឡើង។ នៅឆ្នាំ ២០១៧ មានលំនៅដ្ឋានចុងក្រោយថ្មីចំនួន ៣៤៨៨បានដាក់លក់ក្នុងទីផ្សារ ក្នុងរាជធានីភ្នំពេញ។ តួលេខនេះអាចនឹងកើនឡើងខ្ពស់រហូតដល់១៥,៦៨៨យូនីតក្នុងឆ្នាំ២០១៨។

តម្លៃដីធ្លីបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្រុងព្រះសីហនុតម្លៃក្នុងមួយម៉ែត្រការ៉េ បានកើនឡើងចាប់ពី ៧០០ ដុល្លារទៅដល់១១០០ដុល្លារ​។អ្នកទិញមានឥទ្ធិពលចរចាកាន់តែច្រើន នៅពេលដែលតម្រូវការកើនឡើងខ្ពស់។

ដោយសារតម្លៃដីធ្លីកើនឡើង ប្រជាជនក្នុងតំបន់នេះប្រឈមបញ្ហានឹងទីផ្សារ។ មានសញ្ញានៃតម្លៃឡើងខ្ពស់បំផុត។

ស្លាកសញ្ញាដែលនៅពីមុខរដ្ឋសភា ជាកម្មសិទ្ធិរបស់ Prince’s Real Estate។ ភាសាទាំងពីរគឺភាសាចិន និងភាសាខ្មែរនេះ បានផ្តល់ព័ត៌មានលំអិតអំពីជម្រើ​សដល់មានហិរញ្ញវត្ថុ ក្នុងការទិញខុនដូដែលនៅទំនេ។ ប៉ុន្តែគោលដៅនៃការផ្សា​យពាណិជ្ជកម្ម ដែលចង់បានមិននិយាយភាសាខ្មែរទេ។ ពួកគេនិយាយភាសាចិនកុកងឺ។ នៅពេលពួកគេមើលរូបភាពខុនដូប្រណីត គេឃើញម៉ាស៊ីនបោកគក់ ដែលតាំងបង្ហាញ ដើម្បីផ្តល់កាដូដល់អតិថិជន។

ការឆ្លើយតបពីចេតនាអាក្រក់របស់លោកខាងលិច

កាសែតនេះក៏បានព្យាយាមទាញ និងបន្តុះបង្អាប់កម្ពុជា និងចិនថា អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាច្រើន ដោយសារកម្ពុជាងាយស្រួលក្នុងការលាងលុយខ្មៅ។

ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរីបានថ្លែងថា កម្ពុជាមានច្បាប់ បទបញ្ញត្តិគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការលាងលុយកខ្វក់ ហើយការលើកឡើងរបស់សារព៌តមាន និងលោកខាងលិច ជាការច្រណែ​ននឹងការរីកចម្រើននៃទំនាក់ទំនងកម្ពុជា ចិន។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកស្យង់ បូបានថ្លែងក្នុងសន្និសីទសារព៌ត​មានដ៏កម្រមួយនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងកម្ពុជា ចិនបានឈា​នដល់កម្រិតកំពូល ហើយរដ្ឋាភិបាលចិន មិនលើកទឹកចិត្តអ្នកវិនិយោគចិន មកលាងលុយកខ្វក់ និងមកបង្កើតកាស៊ីណូ ឬទីក្រុងចិននៅកម្ពុជាទេ ដោយសារភាពជាមិត្តភាពជាប្រពៃណី បានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរមានភាពយល់ យោគគ្នា និងមានទំនាក់ទំនងល្អប្រសើរជាប្រពៃណីយូរលង់ណាស់មកហើយ។

លោកបន្តថា “ការលើកឡើងពីអ្នកវិនិយោគចិន មកលាងលុយកខ្វក់នៅកម្ពុជា ជាការច្រ​ណែ​​​នពីពួកលោកខាងលិច ដែលឃើញទំនាក់ទំនងចិន និងកម្ពុជាល្អប្រសើរ និងការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរមានការរីកចម្រើនលឿន”៕

ប្រជាជនកម្ពុជាចំណាយប្រាក់ចន្លោះពី ៣០០ទៅ ៥០០លានដុល្លារដើរកម្សាន្តនៅក្រៅប្រទេស

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ប្រជាជនកម្ពុជាចំ ណាយប្រាក់ចន្លោះពី៣០០ ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងការធ្វើដំនើរកំសា​ន្តទៅកាន់បណ្តាប្រទេសនានា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងឲ្យដឹងកាលពីពេលថ្មី​ៗនេះថា ប្រជាជនកម្ពុជាបានចេញដើរកំសាន្តនៅក្រៅប្រទេសជាង១លាននាក់​កាលពីឆ្នាំមុន ហើយបើយើងគិតពីការចំណាយជាមធ្យម ក្នុងមនុស្សម្នាក់ចន្លោះពី​៣០០ទៅ៥០០ដុល្លារ មានន័យថាចំនួនប្រាក់ចំណាយមានទំហំដូចខាងលើនេះ។លោកបន្តថា ដោយសារជីវភាពប្រជាជនកើនឡើង ទើបពួកគេមានឳកាស​ដើរកំសាន្តនៅក្រៅប្រទេសកាន់តែច្រើន ព្រោះបើគ្មានលុយ ពួកគេមិនមានឳកា​សចេញដើរកំសាន្តនោះទេ។

លោកបន្តថា “ការចេញដើរកំសាន្តនៅក្រៅប្រទេសជារឿងធម្មតា ព្រោះប្រ​ជាជនប្រទេសដទៃ ក៏បានធ្វើដំនើរមកកាន់កម្ពុជាច្រើនផងដែរ”។លោកបន្តថា “វា​មិនមែនជាការចាក់បង្ហូរលុយ ឬសេដ្ឋកិច្ចទៅប្រទេសគេនោះទេ ប៉ុន្តែពួកគេក៏មានឳកាសចេញទៅសិក្សារៀនសូត្រ និងបង្កើតឪកាសធ្វើជំនួញផងដែរ”។

ប្រទេសដែលប្រជាជនចេញដើរកំសាន្តច្រើនជាងគេ រួមមានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី អារ៉ាប់រួម ជប៉ុ​ន និងទៅកាន់បណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុប។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោក ធួន ស៊ីណាន បានថ្លែងថា កំនើននៃការដើរចេញកំសាន្តនៅក្រៅប្រទេស ដោយសារមានកត្តាពីរ ទី១ ការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទី២ ដោយសារការរីកចម្រើននៃ​ប្រព័ន្ឋបច្ចេកវិទ្យា បណ្តាញសង្គមហ្វេសបុកជាដើម ព្រោះប្រជាជនតែងតែផ្សព្វ​ផ្សាយពីការដើរកំសាន្តរបស់ពួកគេ ដែលជានិន្នាការជម្រុញឲ្យមានការធ្វើតាមគ្នា ស្របពេលដែលកំនើនសេដ្ឋកិច្ចកើនឡើងនៅក្នុងប្រទេស។

លោកបន្តថា “ការដើរកំសាន្តនៅក្រៅប្រទេស មានផលចំណេញច្រើនណា​ស់ ព្រោះវាអាចឲ្យប្រជាជនរៀនសូត្រ ពីប្រទេសគេទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពួកគេអាចបង្កើតឳកាសធ្វើជំនួញ ដោយនាំចូលផលិតផល​នានាពីបរទេសមកកម្ពុជា នៅពេលពួកគេរកឃើញថា ទីផ្សារកម្ពុជាមិនទាន់មាន​ផលិត​ផលទាំងនោះ”។

ក្នុងចំណោមប្រជាជនកម្ពុជាសរុប ប្រជាជនប្រមាណ១០ភាគរយបានចេញ​ដើរកំសាន្តនៅក្រៅប្រទេស៕

ដំណឹងល្អ! សណ្ឋាគារ ១០០០បន្ទប់ទៀតក្នុងខេត្តព្រះសីហនុនឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ស្របពេលការព្រួយបារម្ភកង្វះបន្ទប់ស្នាក់នៅ អ្នកវិនិយោគជាតិនិងអន្តរជាតិកំពុងសាងសង់សណ្ឋាគារជាច្រើនទៀត នៅក្នុងខេត្តព្រះសីហនុដើម្បី​បំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នខេត្តព្រះសីហនុមាន​សណ្ឋាគារ និងផ្ទះសំណាក់ជិត១ម៉ឺនបន្ទប់ ប៉ុន្តែចំនួនបន្ទប់នេះតែងតែមិនអាច​បំ ពេញតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅកំឡុងពិធីបុណ្យផ្សេ​ងៗ និងចុងសប្តាហ៍ ដោយសារចិនបានជួលសណ្ឋាគារជាច្រើនធ្វើកាស៊ីណូ និង​កំនើនភ្ញៀវទេសចរណ៍អន្តរជាតិនានា។

លោកបន្តថា ឆ្លើយតបនឹងបញ្ហានេះ អ្នកវិនិយោគនានាបាននិងកំពុងវិនិយោគ​សណ្ឋាគារចាប់ពីកម្រិតផ្កាយពីរ ដល់ផ្កាយ៥ជិត២០ទីតាំង ហើយយើងរំពឹងថា សណ្ឋាគារប្រមាណ១០ មានបន្ទប់ចំនួនប្រហែល១០០០នឹងបញ្ចប់ហើយដាក់ឲ្យ​ដំណើរការនៅឆ្នាំនេះ។ លោកបន្តថា ក្រៅពីសណ្ឋាគារថ្មីៗទាំងនេះ សណ្ឋា​គារលំដាប់ផ្កាយ៥ជា​ច្រើនទៀត ក៏អាចនឹងបញ្ចប់នៅឆ្នាំនេះឬឆ្នាំ២០១៩ខាងមុខ ដោយសណ្ឋាគារនិ​មួយៗ មានបន្ទប់រហូតដល់៥០០ទៅ៦០០បន្ទប់។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងអំពាវ​នា​វម្តងហើយម្តងទៀតឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាវិនិយោគសណ្ឋា គារបន្ថែមនៅខេត្តព្រះសីហនុ និងបណ្តាខេត្តនៅតាមតំបន់ឆ្នេរនានា ដើម្បីបំពេ​ញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានកើនឡើងជាប់ជា​ប្រចាំនៅតាមបណ្តាខេត្តក្នុងតំបន់ឆ្នេរ។

ខេត្តជាប់តំបន់ឆ្នេរកម្ពុជាត្រូវបានក្រុមហ៊ុន ប្រតិបត្តិករទេសចរណ៍នានាហៅថា​តំបន់K4​ ដែលពាក្យK4 សំដៅដល់ខេត្តទាំងនោះផ្តើមចេញពីអក្សរ K នៅពី​មុខដូចជា Kampongsom, Kampot, Kep, និងពាក្យ Koh Kong៕

វិភាគ៖ ការសាងសង់អាគារកំពស់ ៦០០ម៉ែត្រនឹងជាមោទនភាពរបស់កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញជាមួយនឹងការដើរចេញពីប្រទេសក្រីក្រ មកកាន់ប្រទេសមានប្រាក់​ចំណូមមធ្យមកម្រិតទាប និងឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិ​តខ្ពស់នាឆ្នាំ២០៣០ កម្ពុជាក៏បាននិងកំពុងបង្ហាញកិត្យានុភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ អាគារកប់ពពកលំដាប់ពិភពលោក ដើម្បីបង្ហាញកិត្យា​នុភាពនៃដែនដីដែលធ្លាប់ធ្លាក់ក្នុងឳនភាពនេះ មកជាប្រទេសថ្មីមួយដែលមានភាព ស៊ីវិល័យ និងអរិ​យធ៌ម។

គម្រោងមហិមា

Royal Group និងក្រុមហ៊ុន Thai Bunrong កំពុងបង្ហាញមហិច្ឆតាប្រែក្លាយជាក្រុមហ៊ុនយក្សនៅកម្ពុជា ដោយកាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីបានបង្ហើបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានស្នើសុំការសាងសង់ អាគារពាណិ​ជ្ជកម្មកំពស់៦០០ម៉ែត្រ នៅទីតាំងសណ្ឋា​គារកាំបូឌីយ៉ាណាសព្វថ្ងៃនេះ ជាដំណឹ​ងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈអាគារពា​ណិ​ជ្ជកម្មភ្លោះ Thai Bunrong Twin Tower កំពស់៥៦០ម៉ែត្រ ដែលគ្រោងសាងសង់នៅក្បែរនោះហាក់ស្ងៀមស្ងាត់ មិនទាន់មានព៌តមានអ្វីនៅឡើយ ទាក់ទងនឹងពេលវេលាសាងសង់ជាក់លាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ​ថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ាគិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​កាំបូឌីយ៉ាណា ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​សាងសង់​ អគារ​មួយ​ដែល​មាន​កម្ពស់​៦០០​ម៉ែត្រ​។

លោក​ថ្លែង​បន្តថា «​ ​វា​គ្រាន់​តែ​ជា​ផែនការ​ប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បាន​ស្នើសុំ​រដ្ឋាភិបាល​នូវ​សិទ្ធិ​សម្រាប់​គម្រោង​នេះ​»​។ លោក​បន្ត​ថា​ តាមគំរោង​ក្រុមហ៊ុន Royal Group គ្រោងវាយកម្ទេស​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ហើយ​ក្រុមហ៊ុន​នេះ​នឹង​សាងសង់​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​​នៅ​ទី​នោះ​»​។

ពេលវេលានឹងបង្ហាញ

ជាមួយគ្នានេះដែរ ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែល​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន​ក៏​បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការ​សាងសង់​អគារ​មួយ​ដែល​ មាន​កម្ពស់​៥៦០​ម៉ែត្រ​នៅ​ទីតាំង​ជិត​នោះ​ផង​ដែរ។

លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករ ដែលចូលរួមរចនាប្លង់ស្ថាប​ ត្យកម្មអាគារពាណិជ្ជកម្ម THai Bunrong Twin Tower ធ្លាប់បានថ្លែងឲ្យដឹងកាលពី ពេលថ្មីៗនេះថា ការសាងសង់អាគារពាណិជ្ជកម្មលំដាប់ពិភពលោកនេះ នឹងមិន​មានការផ្លាស់ប្តូរនោះទេ ដោយសារបច្ចុប្បន្ននេះក្រុមហ៊ុនមានមូលដ្ឋានលុយរ៉ឹង​មាំ និងបានត្រៀមទុនរួចហើយ ដើម្បីសាងសង់អាគារនេះឲ្យទទួលបានជោគ​ជ័យតាមការគ្រោងទុក។

លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំ ឌីសាញប្លង់អាគារនេះឡើងវិញ ដោយមានការចូលរួមពីស្ថាបត្យករ វិស្វករលំដាប់ពិភពលោក ដែលមានបទពិសោធន៍សាងសង់អាគារខ្ពស់ៗចូលរួម រចនាគំរោងនេះ”។លោកបន្តថា “នៅពេ​លអាគារនេះសាងសង់ហើយ វានឹងជា Landmark មួយសម្រាប់រាជធានីភ្នំពេញ ហើយនឹងធ្វើឲ្យកម្ពុជា កាន់តែទាក់ទាញបាននូវអ្នកវិនិយោគអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក មកតាំងការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញកាន់តែច្រើនថែមទៀត”។

តាមគម្រោងអាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Towerគ្រោងនឹងប្រើប្រាស់ចម្រុះដូចជា ផ្សារទំនើបលំដាប់អន្តរជាតិ សណ្ឋាគារ​កម្រិតផ្កាយ៦ អាផាតម៉ិនសម្រាប់អភិជន ខុនដូប្រណីត ភោជនីយដ្ឋាន ការិយាល័​យលំដាប់ពិភពលោកជាដើម។នេះបើតាមលោកទួស សាភឿនបញ្ជាក់ឲ្យដឹង។

លោកបន្តថា ក្រោយពេលសាងសង់ចប់ ក្រុមហ៊ុនគ្រោងចំណាយទុន​៣០០០លានដុល្លារថែមទៀត ដើម្បីធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្មនេះដំណើរកា​រដោយរសរវើក និងទទួលបានជោគជ័យ។

មហិច្ឆតាយក្ស

ជាមួយគ្នានេះដែរ កម្ពុជាក៏គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់​៦០០ម៉ែត្រ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញផងដែរ ដោយគំរោងនេះស្ថិតនៅក្នុងទីក្រុងនាគរាជសម្តេចតេជោហ៊ុន សែន ដែលស្ថិតនៅស្របតាមបណ្តោយ​ផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៥ ស្របគ្នានឹងដងទន្លេមេគង្គនិងទន្លេសាប។

គំរោងទីក្រុងនេះគ្រោងចំណាយប្រាក់៨០ពាន់លានដុល្លារអាមេរិក ប៉ុន្តែគំ​រោងនេះស្ថិតនៅក្នុងផែនការនៅឡើយ ដោយសាររដ្ឋាភិបាលកំពុងរង់ចាំដៃគូវិនិយោគអន្តរជាតិនានា ពិសេសប្រទេសចិន។

លោកភឿង សុភ័ណ្ឌរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ធ្លាប់បានថ្លែងថា គំរោងនេះលោកបានដាក់ឆ្លងសម្តេចតេជោរួចហើយៗ សម្តេចតេជោបានស្នើសុំឲ្យមានការសិក្សាលំអិតបន្ថែមទៀត មុនពេលគំរោងនេះ​ទទួលបានការយល់ព្រមពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។លោក​បន្តថា ទីក្រុងនាគរាជសម្តេចតេជោ ស្ថិតនៅលើផ្ទៃដីជាង៣០០០០ហិកតា ជាទីក្រុងមួយដែលសាងសង់ឡើង ដើម្បីដឹងគុណដល់សម្តេចដែលហ៊ានពលីជីវិត ដើម្បីនាំមកនូវសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិ។

លោកបន្តថា “កម្ពុជាខកខានសាងសង់ទីក្រុង៥៨០ឆ្នាំមកហើយ ហេតុនេះកម្ពុជាគួរតែសាងសង់ទីក្រុងថ្មី ដោយសារទីក្រុងភ្នំពេញជាទីក្រុងចាស់ និងមាន​មនុស្សរស់នៅកកកុញរួចទៅហើយ”។លោកបន្តថា“ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ​មានទាំងផ្លូវក្រោមដី ផ្លួវទឹក ផ្លូវគោក និងផ្លូវអាកាសដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរាប់រយឆ្នាំ”។

រដ្ឋលេខាធិការរូបនេះបានស្នើសុំរដ្ឋាភិបាលចិន និងអ្នកវិនិយោគចិនគាំទ្រគំរោងនេះ ព្រោះសម្តេចតេជោតែងតែគាំទ្រចិននៅលើឆាកអន្តរជាតិ និងប្រកាន់​យកគោលនយោបាយចិនតែមួយ ជាអ្វីដែលសម្តេចបានខិតខំពូនជ្រុំនូវទំនាក់ទំ​នង និងផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។

មូលដ្ឋានសេដ្ឋកិច្ចរ៉ឹងមាំ

ជាមួយនឹងផែនការ និងគោលនយោបាយច្បាស់លាស់ កម្ពុជាបានក្លាយជា​ដែនដីនៃការវិនិយោគ ដោយសារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋពីមួយ​ឆ្នាំទៅមួយឆ្នាំ តាមរយៈកំនើនសេដ្ឋកិច្ចជាង៧ភាគរយប្រចាំឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដែលធ្វើឲ្យធនាគារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋិនាមកម្ពុជា “ជាខ្លាសេដ្ឋកិច្ច”ថ្មីមូយនៅក្នុងតំបន់នេះកាលពីឆ្នាំមុន។ ស្របពេលជាមួយគ្នានេះកម្ពុជាកំពុងប្រែក្លាយពី​ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ សំដៅប្រទេសដែល​ប្រជាជនម្នាក់ៗ មានប្រាក់ចំណូលចាប់ពីជាង៤,៨០០ ដល់១២,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ការកើនឡើងនូវប្រាក់ចំណូលជារៀងរាល់ឆ្នាំ និងកំណើនសេដ្ឋកិច្ច ពិសេ

សការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នឹងធ្វើឲ្យកម្ពុជាកាន់​តែរំលេចខ្លួន និងក្លាយជាប្រទេសដែលមានភាពទាក់ទាញ អ្នកវិនិយោគអន្តរជាតិបន្ថែមទៀត តាមរយៈកំនើននៃកំលាំងទិញកើនឡើង ដែលធ្វើឲ្យសកម្មភាពពាណិជ្ជកម្មកាន់តែរសរវើក។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីលោកអ៊ិន ចាន់នីបាន​ថ្លែងថា ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម នឹងធ្វើឲ្យកម្ពុជាកាន់តែទាក់ទាញអ្នកវិនិយោគអន្តរជាតិថ្មីៗបន្ថែមទៀត ព្រោះកំលាំងទិញមានការកើនឡើង ហើយអ្នកវិនិយោគមុនទៅកាន់ប្រទេសណាមួយ ពួកគេតែងតែមើលពីសក្តានុព​លសេដ្ឋកិច្ច ស្ថិរភាពនយោបាយរបស់ប្រទេសនោះ។

លោកបន្តថា “បើប្រទេសណាមួយក្រីក្រ ពួកគេមិនអាចរកប្រាក់ចំណេញបាន ពួកគេនឹងសម្លឹងទៅកាន់​ប្រទេសមានប្រាក់ចំណូលកើនឡើង ព្រោះពួកគេ​អាចលក់ទំនិញដាច់ ហើយការវិនិយោគរបស់ពួកគេទទួលបានផលចំណេញ”។​លោកបន្តថា “ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម ធ្វើឲ្យកម្ពុជាឈរនៅទីតាំងថ្មីមួយ ដែលអ្នកវិនិយោគចាប់អារម្មណ៍ និងមកបោះទុនវិនិយោគ”។

ហេតុនេះការសាងសង់អាគារខ្ពស់ៗ នៅក្នុងស្ថានភាពទីផ្សារនិងសេដ្ឋកិច្ច​ល្អប្រសើរបែបនេះ ទំហំសេដ្ឋកិច្ចកម្ពុជានៅតូចបែបនេះ តើការសាងសង់អាគារទាំងនោះ អាចលើសតម្រូវការដែរឬទេ? ចម្លើយវាអាស្រ័យ​លើអ្នកឈរនៅលើមូលដ្ឋានអ្វី? ក្នុងការវិភាគពិចារណា ប៉ុន្តែយើងសូមលើកយកមូលដ្ឋានសម្រាប់ពិ​ចារណាលើពីរចំណុច។

ទី១ រង់ចាំពេលមានតម្រូវការ

ប្រសិនជារង់ចាំពេលមានតម្រូវការទើបសាងសង់ ពេលអ្នកវិនិយោគចូល​មកពួកគេមិនមានសេវាកម្ម និងសេវាស្នាក់នៅ ប៉ុន្តែកម្ពុជាមិនមានអ្វីដើម្បីឆ្លើយ​តបនឹងតម្រូវការរបស់ពួកគេ តើពួកគេនឹងរង់ចាំឬពួកគេបង្វែរទៅកាន់ទីផ្សារដទៃទៀត ដែលប្រទេសបណ្តាប្រទេសនានាកំពុងព្យាយាមទាក់ទាញយក?។

នៅក្នុងវដ្តនៃវិស័យអចលនទ្រព្យ វាមានសណ្ឋានដូចទឹករលក មានឡើង​ចុះជារឿងធម្មតា ប៉ុន្តែបើផ្អែកលើកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើន​សេដ្ឋកិច្ចរយៈពេលវែងនៅកម្ពុជា ការវិនិយោគលើអាគារកំពស់រាប់រយម៉ែត្របែប​នេះ ទំនងជាគ្មានបញ្ហាក្នុងទីផ្សារនោះទេ។

ទី២ ផ្គត់ផ្គង់រង់ចាំតម្រូវការ

នៅក្នុងទស្សនវិស័យ ប្រកបដោយសុទិដ្ឋិនិយមរបស់បុគ្គលជោគជ័យ ក្នុងវិស័យអចលនទ្រព្យ និងជំនួនដទៃទៀត ពួកគេតែងតែលើកឡើងថា “នៅពេល​មានការផ្គត់ផ្គង់តម្រូវការនឹងកើតមានជាស្វ័យប្រវត្តិ”។

ពិតហើយនៅពេលកម្ពុជា មានវត្តមានអាគារខ្ពស់ៗកំពស់៥០០ទៅ៦០០ម៉ែត្រ ពិភពលោកនឹងភ្ញាក់ផ្អើល។ អ្នកវិនិយោគនានានឹងសម្លឹងមកកម្ពុជា ហើយ​នឹងឈានជើងមកកាន់ទីផ្សារនេះកាន់តែច្រើន ខណៈបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនយក្សប្រមាណ១០០ហើយ ក្នុងចំណោមក្រុមហ៊ុនយក្សទាំង៥០០ដែលបាន​មកវិនិយោគនៅកម្ពុជា។

អ្វីៗរង់ចាំតែពេលវេលាប៉ុណ្ណោះថា តើពេលណាអាគារទាំងពីរ ទាំងបីនឹង​សាងសង់ និងបញ្ចប់ដោយជោគជ័យយ៉ាងដូចម្តេច?។ ការបញ្ចប់ការសាងសង់ដោយជោគជ័យ កម្ពុជានឹងក្លាយជាដែកឆក់ដ៏ខ្លាំងមួយ ដើម្បីបង្ហាញពីអំណាចនៃ​សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្ហាញនិងបង្អួតពិភពលោកថា កម្ពុជាពិតជាខ្លាសេដ្ឋកិច្ច​ដ៏រ៉ឹងមាំមួយ កម្ពុជាមិនស្ថិតក្នុងអន្ឋកាលដូចពីមុននោះទេ។

ពិភពលោកនឹងមើលមកកម្ពុជា ក្នុងរូបភាពជាប្រទេសមួយថ្មី ដែលមានភាពស៊ីវិល័យ និងអនាគតរ៉ុងរឿងមួយ៕

ដំណឹងល្អ! ERA ក្រុមហ៊ុនយក្សនៅតំបន់អាស៊ាន ឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញក្រុមអ្នកវិនិយោគក្នុងស្រុកមួយចំនួន បានរួមគ្នាទិញយកនូវ Master Franchise នៃក្រុមហ៊ុនអចលនទ្រព្យ ERA មកកាន់ទីផ្សារកម្ពុជា ដែលការចុះកិច្ច ព្រមព្រៀងបានធ្វើនៅប្រទេសសឹង្ហបុរីកាលពីសប្តាហ៍មុន។

ក្រុមហ៊ុននេះត្រូវបានបង្កើតនៅឆ្នាំ១៩៧១​ ដោយលោក Jim Jackson ហើ​យក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានពង្រីកខ្លួន ស្ទើរទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសធំៗដទៃទៀតនៅលើពិភពលោក។

ភាគហ៊ុននិកនៃក្រុមអ្នកវិនិយោគកម្ពុជា បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេ​ញឈ្មោះថា ក្រុមហ៊ុននេះកំពុងត្រូវការបុគ្គលិក ធ្វើការក្រៅម៉ោងចន្លោះពី២០០ទៅ៣០០នាក់។ ក្រុមហ៊ុននេះមានមានបុគ្គលិក ឬភ្នាក់ងាររបស់ខ្លូនចំនួន​៦៥០០នាក់នៅសឹង្ហបុរី នៅឥណ្ឌនេស៊ីចំនួន៧០០០នាក់ ជប៉ុនមានជាង២០០០​នាក់ វៀតណាមមានចំនួនជាង៣០០នាក់ នៅប្រទេសថៃមានជាង២០០០នាក់ និងមានការិយាល័យសរុបចំនួន៤៨នៅតំបន់អាស៊ី។

នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាតិ អន្តរជាតិជាង២០០​ក្រុមហ៊ុន ដែលបាននិងកំពុងធ្វើការក្នុងវិស័យ ដែលកំពុងមានភាពរីកចម្រើនយ៉ាង​ឆាប់រហ័សនេះ៕

អស្ចារ្យ! ក្រុមហ៊ុនយក្សចិនគ្រោងវិនិយោគ ១០០ប៊ីលានដុល្លារបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិន គ្រោងបោះទុនវិនិយោគ១០០ប៊ីលានដុល្លារអាមេរិក ដើម្បីសាងសង់​កំពស់ផែ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រុមហ៊ុន Asia Pacific Finance Free Trade Zone Development Co,Ltd មកពីប្រទេស​ចិនជាអ្នក​បង្កើតនូវគំរោងដ៏អស្ចារ្យនេះ ដែលស្ថិតនៅលើផ្ទៃដី៣០០០ហិចតា។

លោក ជីន ឡុង ប្រធានអគ្គនាយកក្រុមហ៊ុន Asia Pacific Finance Free Trade Zone Development Co,Ltd មកពីប្រទេស​ចិន បានបញ្ជាក់កាលពីថ្ងៃទី១៥ខែកុម្ភៈកន្លងមកថា កាលពីឆ្នាំ២០១៧​​ក្រុមហ៊ុន នេះត្រូវបានចុះបញ្ជីជា​ផ្លូវ​ការ​​ដោយ​រាជរដ្ឋាភិបាល។ ​លោកបានបន្តថា “ការសម្រេចមកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែ និងមជ្ឈ​មណ្ឌលពាណិជ្ជកម្មអន្តរជាតិនេះ ដោយ​សារមានការផ្តួចផ្តើម​របស់​ប្រធានា​ធិបតី ស៊ី ជិនពីង។

លោកបញ្ជាក់ថា ការជ្រើសយកស្រុកស្ទឹងហាវដើម្បីវិនិយោគនេះ ព្រោះតំបន់នោះមានឆ្នេរខ្សាច់ និងកំពង់ផែ​​ដែល​​ងាយ​ស្រួល​​ក្នុងការដឹកជញ្ជូន និងផលិតផងដែរ។

លោកបន្តថា គំរោងដ៏ធំនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច ក៏​ដូច​ជា​​ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។

បច្ចុប្បន្នខេត្តព្រះសីហនុបានក្លាយជាខេត្តមួយ ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគចិនជាច្រើន ចូលទៅវិនិ​យោគនៅទីនោះ ដោយសារខេត្តនេះស្ថិតក្នុងគំរោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន ក៏ដូចជា ស្របតាមផែនការរបស់រដ្ឋាភិ​បាល ដែលបានដាក់ខេត្តនេះទាំងមូលជាតំបន់ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់​រដ្ឋាភិបាល ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកាលពីខែតុលា ឆ្នាំ២០១៥។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កំនើននៃការវិនិយោគរបស់​ចិន​នៅកម្ពុជា ដោយសារទំនាក់ទំនងល្អ​រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោ​យ ស្របពេលចិនក៏ចង់ពង្រីកផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ហើយចិនអាចឈរជើង និងអាចយកកម្ពុជាជាចំ​ណ​ត​មួយ ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ហើយពេលចិនមិនអាចឈ​រជើងជាមួយ​វៀត​ណាម ថៃ មីយ៉ាន់ម៉ា ដោយសារប្រទេសទាំងនោះជាកូនក្រមុំ ក៏ដូចជាបានងាកទៅរកអាមេរិក។

លោកបន្តថា “ពីមុនមកចិនបានចាប់ដៃជាមួយមីយ៉ាន់ម៉ា ប៉ុន្តែពេលនេះមីយ៉ាន់ម៉ាបានងាកទៅអាមេរិក ដូច្នេះមាន​តែ​កម្ពុជាទេ ដែលចិនអាចឈរជើងបាន​”។លោកបន្តថា “ប្រវត្តិសាស្រ្តកម្ពុជា និងចិនក៏មានភាពយូរអង្វែង ស្របពេលចិន​បានដាក់ចេញគោលនយោបាយផ្លូវសូត្រ និងចិនមានប្រជាជនច្រើ​ន លុយច្រើន គាត់ក៏បង្ហូរមកកាន់អាស៊ី និងអាហ្រ្វិក ដើម្បីផ្តល់ការងារនិងផលប្រយោជន៍សេដ្ឋ​កិច្ចដល់គាត់”។

លោកបណ្ឌិតហុង វណ្ណៈបានបន្តថា ស្របពេលកំលាំងធនធានរបស់កម្ពុជាមានកម្រិត ហេតុនេះយើ​ងត្រូវទទួល​ជំនួយរបស់គេ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេ​ស តែបើគិតអវិជ្ជមានជារឿងផ្សេងតែបើគិតពីវិជ្ជមាន គឺយើងមានតម្រូវការ​ធន​​ធាន និងការវិនិយោគ ដើម្បីយកមកកសាងប្រទេស។ លោកបន្តថា បើនិយា​យពីចិន វិនិយោគនៅខេត្តព្រះសីហនុវិញ គឺចិនចូលចិត្តតំបន់សមុទ្រ តំបន់សមុទ្រជាគោលដៅរបស់ពួកគេ និងជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច៕

ដំណឹងល្អ!!! រដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីទី៦

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅតំបន់រង្វង់មូលចោមចៅ ជាស្ពានអាកាសទី៦នៅមុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅតំបន់នេះ ដើម្បីកាត់បន្ថយការកកស្ទះ និងថ្នាក់ចរារចណ៍ស្របពេល ដែលទីក្រុងភ្នំពេញនានាពេលបច្ចុប្បន្ននេះ ត្រូវបានាគេមើលឃើញថា ​មានការមមាញឹក និងកើនឡើងនូវចំនួនយានយន្ត និងរថយន្តដឹកញ្ជូនយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យបណ្តាផ្លូវសំខាន់នានា មានការកកស្ទះចរាចរណ៍ ជាពិសេសខណៈដែលតំបន់នេះក្នុងមួយថ្ងៃៗ កាន់តែកើនឡើងនូវការកកស្ទះចរាចរណ៍នានា។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តីបានថ្លែងឲ្យដឹង​នាព្រឹកថ្ងៃទី១៥ កុម្ភៈកន្លងមកថា ស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ ពេលបច្ចុប្បន្នជាពិសេស នៅចំណុចរង្វង់មូលចោមចៅ មានការកកស្ទះចរាចរណ៍ច្រើន ហើយម្យ៉ាងទៀតចរាចរណ៍នៅផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវចោមចៅ និងមហាវិថីសហព័ន្ធរុស្ស៊ី ចេញចូលមករាជធានីភ្នំពេញមានការកកស្ទះច្រើន។

លោកបន្តថា “តំបន់ចោមចៅ បើសិនជាមិនមានការគិតគូរក្នុងលទ្ធភាពដោះស្រាយបញ្ហាចរាចរណ៍ គឺរិតតែនឹងមានការកកស្ទះច្រើនជាងពេលនេះ ។ ដូច្នេះហើយ ទើបអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញ ដើម្បីបន្តគិតគូរទៅលើការស្ថាបនា សាងសង់ស្ពានអាកាសចោមចៅ ដែលជាគម្រោងបានសិក្សា អស់រយៈពេលជាច្រើនខែកន្លងមកហើយនោះ”។

លោកភក្តីបានបន្ថែមថា នៅក្នុងផែនការនេះរដ្ឋបាលរាជធានី គ្រោងនឹងបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឲ្យបានមុនចូលឆ្នាំប្រពៃណីខ្មែរនាខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ។ ជាលទ្ធផល នៃកិច្ចប្រជុំពិភា​ ក្សានេះ បានឯកភាពទៅលើជម្រើសក្នុងការពិចារណាពីខាងដើម ដែលមានចំនួន៧គម្រោង ដោយបានឯកភាពយកជម្រើសមួយចុងក្រោយ ដែលក្នុងជម្រើ​សនោះមានផលប៉ះពាល់តិចតួចបំផុត ក្នុងចំណោមជម្រើសផ្សេងៗ ហើយអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់ចោមចៅបាន។

បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៥កន្លែង គឺ​ស្ពានអា​កាស​ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ​ស្តុប​ពេទ្យលោកសង្ឃ និងស្ពានអាកាស ៥មករា ស្ថិតនៅស្ដុបតិចណូ ហើយបច្ចុប្បន្នសំណង់ស្ពានអាកាសមួយនៅស្តុបផ្សារដីហុយក៏ស្ថាបនាជិតរួចរាល់ហើយដែរ៕

អភិបាលខេត្តព្រះសីហនុអះអាងថាការអភិវឌ្ឍន៍ខេត្តមិនមានតុល្យភាព

0

ដោយវុត្ថា

ភ្នំពេញ ដោយសារតែកំណើនប្រជាពលរដ្ឋ អ្នកវិនិយោគ និងសន្ទុះនៃការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ឧស្សាហកម្មបានធ្វើឲ្យល្បឿននៃការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ឋមិនមានតុល្យភាពគ្នានោះទេ។

អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានថ្លែងក្នុហកិច្ចប្រជុំស្ដីពីលទ្ធផលការងារគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីម្សិលម៉ិញនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ឆ្នេរ និងបរិស្ថានដែលកំពុងទទួ​លរងការគំរាមកំហែង និងថយចុះនូវគុណភាព និងបរិមាណដោយការបង្ហូរសំ​ណល់រឹង រាវចូលសមុទ្រដោយផ្ទាល់ និងដោយប្រយោល។ ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ កោះមិនទាន់បានល្អស្របតាមច្បាប់ និងបទដ្ឋានដែលបានកំណត់។ ម្យ៉ាងថវិកាគាំទ្រអភិវឌ្ឍន៍តំបន់ឆ្នេរនៅមានកម្រិត ខ្វះមធ្យោបាយចុះតាមដាន និងពិនិត្យគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាកោះនានា។

លោកបានបញ្ជាក់ថា កោះក្នុងខេត្តព្រះសីហនុ បានក្លាយជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិ មានសណ្ឋាគារ  ម៉ូតែល បឹងហ្កាឡូ និងផ្ទះសំណាក់ប្រណិតៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកកម្សាន្ត។ កោះទាំង៣២ នៅខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលធ្វើកិច្ចសន្យាឱ្យក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិធ្វើការវិនិយោគ។ ប៉ុន្តែក្រុមហ៊ុនវិនិយោគមួយចំនួន មិនទាន់បានអនុវត្តន៍តាមកិច្ចសន្យា ហើយកោះខ្លះត្រូវបានវិនិយោគសម្រេចបាន១០០ភាគរយ ដូចជាកោះអូន និងកោះបង ចំណែកកោះខ្លះកំពុងសិក្សា វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដូចជា កោះត្រេះ កោះប្រឺស មួយផ្នែកកោះរ៉ុង និងមួយផ្នែកកោះឫស្សី។ ដោយឡែកកោះក្របីកំពុងដំណើរការសាងសង់ គម្រោងវិនិយោគលើវិស័យទេសចរណ៍ យ៉ាងមមាញឹកដោយរក្សាបរិស្ថានព្រៃធម្មជាតិ  ។

អភិបាលខេត្តរូបនេះបានបញ្ជាក់ទៀតថា ដើម្បីឱ្យការគ្រប់គ្រងតំបន់ឆ្នេរ និងកោះឱ្យមាននិរន្តរភាព យើងត្រូវពង្រឹងអនុវត្តន៍សារាចរណែនាំលេខ០១ សរ​ណស្ដីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃកម្ពុជា បន្តសហការជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សិក្សាអនុវត្តន៍ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមលក្ខណៈបច្ចេកទេស ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យនានា នៅតាមតំបន់ឆ្នេរ កោះ ត្រួតពិនិត្យអាងសម្អាតទឹកកខ្វក់នៅតាមបណ្ដោយឆ្នេរ និងកោះឱ្យមានសោភណភាព  ដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។

លោកហូ​ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់បានលើកឡើងជារឿយៗនូវបញ្ហានេះ ដោយស្នើសុំឲ្យការអភិវឌ្ឍន៍ ត្រូវដើរស្របគ្នា​នឹងនិន្តរភាពបរិស្ថាន ព្រោះប្រសិនជាការអភិវឌ្ឍន៍មិនគិតគូពីបញ្ហាបរិស្ថាន វានឹង​បំផ្លាញទាំងអស់គ្នា វានឹងធ្វើឲ្យការអភិវឌ្ឍនៅតំបន់នេះមិនមាននិរន្តរភាព។

លោកបន្តថា “បច្ចុប្បន្នបញ្ហាបរិស្ថាន និងកាកសំណល់ កំពុងក្លាយជាបញ្ហាប្រឈម ដែលទាមទារការគិតគូរជាបន្ទាន់ ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនធ្លាប់បានសម្តែងកង្វល់ទាក់ទង​នឹងបញ្ហានេះ ដោយលោកបានស្នើឲ្យក្រសួង ពាក់ព័ន្ឋចូលរូមដោះស្រាយបញ្ហានេះ ព្រោះក្រសួងទេសចរណ៍តែឯងមិនអាចធ្វើបានជោគជ័យនោះទេ៕

សណ្ឋាគារ និងផ្ទះសំណាក់នៅតំបន់ឆ្នេរ និងខេត្តសៀមរាបពេញអស់ហើយ!!!

0

ដោយ ដែន ចែងចាំង

ភ្នំពេញ: សណ្ឋាគារនិងផ្ទះសំណាក់នៅតំបន់ឆ្នេរ នៃប្រទេសកម្ពុជាត្រូវបានភ្ញៀវ​ទេសចរណ៍ជាតិ និងអន្តរជាតិកក់ពេញអស់ហើយ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្តើមពីថ្ងៃទី១៥ដល់១៧ កុម្ភៈខាងមុខនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោកសយ ស៊ីណុលបានថ្លែងឲ្យដឹងតាម​ទូរស័ព្ទនាព្រឹកថ្ងៃទី១៥ កុម្ភៈនេះថា សណ្ឋាគារនិងផ្ទះសំណាក់ ដែលមានប្រមាណ៣០០០បន្ទប់ក្នុងខេត្ត ត្រូវបានភ្ញៀវកក់បណ្តើរៗហើយ ប៉ុន្តែដោយសារ​ថ្ងៃនេះជាថ្ងៃសែន ការកក់បន្ទប់មិនទាន់ពេញទេ តែចាប់ពីថ្ងៃស្អែកបន្ទប់ទាំងអស់នឹងពេញហើយ។លោកបន្តថា ខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងទេសចរណ៍កែច្នៃចំនួន១៧កន្លែង ដោយមន្ទីរបែងចែកជាបួនតំបន់ ដូចជា តំ​បន់ស្រែអំបិល តំបន់ព្រៃភ្នំចំការម្រេច តំបន់មាត់ព្រែកកំពង់បាយ និងតំបន់សំ​ណ​ង់បេតិកភ័ណ្ឌ ដែលសល់ពីសម័យអាណានិគមបារាំង។

លោកបន្តថា យើងរំពឹងថា ខេត្តនឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្តក្នុងខេត្តកើនឡើង ហើយបាតុភាពនៃការឡើងថ្លៃបន្ទប់ឬម្ហូបអា​ហារ មិនដែលចោទជាបញ្ហាក្នុងខេត្តនោះទេ។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបាន​ថ្លែងឲ្យដឹងផងដែរថា បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារត្រូវបានកក់ពេញតាំងពីរ ពីសប្តាហ៍មុន ដោយសារកំនើនភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកទស្សនាខេត្តនេះកើនឡើងជាប្រចាំ។ លោកបន្តថា បច្ចុប្បន្ន​ខេត្តមានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ជិត១ម៉ឺនបន្ទប់ និងរំពឹងកើនឡើង១០០០បន្ទប់ទៀតនៅដំណាច់ឆ្នាំនេះ។ លោកបន្តថា ជាមួយនឹងតម្រូវការយ៉ាង​ខ្ពស់ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិតម្លៃបន្ទប់ស្នាក់នៅមានការឡើង​ថ្លៃតិច ឬច្រើនជារឿងធម្មតាក្នុងរដូវបុណ្យទានបែបនេះ។

លោកបន្តថា រហូតមកទល់ពេលនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានថាចំនួន​ភ្ញៀវកើនឡើងច្រើនជាងឆ្នាំមុនឬយ៉ាងណាឡើយ ដោយនៅរង់ចាំប្រមូលស្ថិតិជា​មុនសិន។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​ថ្លែងថា សណ្ឋាគារ និងផ្ទះសំណាក់នៅតំបន់ឆ្នេរ និងខេត្តសៀមរាបពិតជាត្រូវបានកក់ពេញអស់ហើយ ដោយសារកំនើនភ្ញៀវទេសចរណ៍ចិន និងកំណើនភ្ញៀវ​អន្តរជាតិដទៃទៀត ដែលបានមកទស្សនានៅកម្ពុជា ក្នុងរដូវHigh Seasonនេះកើនឡើងច្រើនជាងឆ្នាំមុន ដោយសារការភ្ជាប់ជើងហោះហើរកាន់តែច្រើន ហើ​យ​ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅក្រៅប្រទេសកាន់តែមានភាពទូលំទូលាយ៕

ដំណឹងរីករាយ! ឆ្នាំ២០២០គ្រប់ភូមិទូទាំងប្រទេសមានអគ្គិសនីទៅដល់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីមកដល់ដើមឆ្នាំ២០១៨នេះ កម្ពុជាមានខ្សែបញ្ជូនសម្រាប់ការផ្គត់ផ្គង់នៅតាមភូមិបានចំនួន៨១ភាគរយនៅទូទាំងប្រទេស។ ចំណែកផ្ទះប្រជាជន ដែលបានតភ្ជា​ប់អគ្គិសនីបានកើនដល់ចំនួនជាង៦៨ភាគរយ និងមានផែនការបញ្ចុះថ្លៃអគ្គិសនីចាប់​ពីឆ្នាំ២០១៥​-២០២០ ហើយនៅឆ្នាំ២០២០គ្រប់ភូមិទាំងអស់ នៅទូទាំងប្រទេសនឹងមានខ្សែភ្លើងទៅដល់ ហើយ៧៥ភាគរយនៃលំនៅដ្ឋានទូទាំងប្រទេសនឹងមានភ្ជាប់អគ្គិសនីប្រើប្រាស់។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយ ឯកឧត្តម Ingo Karsten ឯកអគ្គ​រដ្ឋទូតអាឡឺម៉ង់ នៅទីស្តីការក្រសួងកាលពីថ្ងៃម្សិលម៉ិញនេះថា ដោយមានការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល និងក្រសួងប្រតិបត្តិការងារនេះផ្ទាល់ មកដល់បច្ចុប្បន្ននេះកម្ពុជាមានប្រភពវារីអគ្គិសនី៧កន្លែង បាននិងកំពុងដំណើរការ ដែលអាចផ្តល់ថាមពលបានជាង១៣២៩មេហ្គាវ៉ាត់ ក្នុងនោះប្រភពចេញពីធ្យូងថ្មមាន៥៣៨មេហ្គាវ៉ាត់។

បច្ចុប្បន្នកម្ពុជាទទួលបានប្រភពម កពីរោងចក្រដុតប្រេងខ្មៅ២៥១មេហ្គាវ៉ាត់។ ប្រភពថាមពលកកើតឡើងវិញជាង៧២មេហ្គាវ៉ាត់  និងប្រភពអគ្គិសនី ចែកចាយអគ្គិសនីតូចៗមាន១០មេហ្គាវ៉ាត់។ សរុបទាំងអស់កម្ពុជាមានថាមពលដែលកំពុងផ្គត់ផ្គង់ជាង២២០១ មេហ្គាវ៉ាត់ នៅដើមឆ្នាំ២០១៨នេះ ។

លោកស៊ុយ សែមបានបន្តថា “គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងជម្រុញឲ្យអគ្គិសនីឲ្យមានស្ថិរភាព គុណភាព សុវត្ថិភាព និងមានអគ្គិសនីគ្របដណ្តប់ ទូទាំងប្រ​ទេស មានតម្លៃទាប និងការគិតគូរខ្ពស់អំពីបរិស្ថាន  ដែលបានជម្រុញឲ្យវិស័យអគ្គិសនីនៅកម្ពុជា ទទួលបានជោគជ័យមួយយ៉ាងធំ សម្រាប់បំពេញតម្រូវការប្រើប្រាស់ ជាពិសេ​សការផ្តល់ផលប្រយោជន៍ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល”។

ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា Ingo Karsten បានលើកឡើងថា វិស័យថាមពលមានសារៈសំខាន់ណាស់ ដើម្បីផ្គង់ផ្គង់ដល់សកម្មភាពនៃការអភិវឌ្ឍន៍ ហើយសម្រាប់អ្នកសេដ្ឋកិច្ចអាឡឺម៉ង់ ក៏ដូចអ្នកវិនិយោគដទៃទៀតនៅកម្ពុជា ពិតជាត្រូវការណាស់លើថាមពលអគ្គិសនី ជាពិសេសអគ្គិសនីដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីបម្រើនៅក្នុងតម្រូវការ នៃការអភិវឌ្ឍន៍របស់ពួកគេ៕