អ្នកជំនាញ​ព្រមាន ៖ អ្នក​ចំណាយលុយ​ចង់ទៅ​រស់នៅ​ក្រៅប្រទេស​ប្រយ័ត្ន​ចាញ់បោក​អ្នករត់​ការ

0

ជាទូទៅ​សម្រាប់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​នានា តែង​បង្ហាញ​ពី​ភាព​ទំនោរ​ចង់​ចាក​ចេញទៅ​ជ្រកកោន​នៅ​ប្រទេស​ទី2 ឬ​ទី3 ដែលមាន​ការអភិវឌ្ឍ ឬ​មាន​សេដ្ឋកិច្ច​ល្អប្រសើរ ដោយ​ស្របច្បាប់ និង​មានការ​ទទួលស្គាល់​ពី​ម្ចាស់​ប្រទេស ដើម្បី​ងាយស្រួល​ក្នុងការ​រកបាន​ចំណូល​ច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញូ​វ​ហ្សា​លែ​ន បារាំង និង​បណ្តា​ប្រទេស​មួយចំនួនទៀត​ដែល​ស្ថិតនៅក្នុង​សហគមន៍​អឺរ៉ុប​ជាដើម។

ជាក់ស្ដែង​កាលពីពេល​កន្លងទៅ ក៏ដូចជា​ពេល​បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​អ្នក​ដែល​ប្រាថ្នា​ចង់​ចាក​ចេញទៅ​រស់នៅ និង​ប្រកបការងារ ដើម្បី​ស្វែងរក​ចំណូល​ឱ្យបាន​ក្រាស់ក្រែល​ផងដែរ ដែល​ក្នុងនោះ​ភាគច្រើន​ធ្វើតាម​រយៈ​ការដាក់​ពាក្យស្នើសុំ​ទៅ​ស្ថាប័ន​ស្ថានទូត​ដោយផ្ទាល់​ដើម្បី​បាន​សម្ភាសន៍​ដោយមាន​អ្នក​ជ្រកកោន​ស្របច្បាប់​នៅក្នុង​ប្រទេស​គោលដៅ​ជា​អ្នកធានា, ការតម្កល់​ទ្រព្យ​បញ្ចាំ​នៅក្នុង​ប្រទេស​គោលដៅ​ជា​សំអាង , ការដាក់​ពាក្យ​ផ្សងសំណាង​តាមរយៈ​ការចាប់​ឆ្នា​ត ជាពិសេស​ការចំណាយ​ជួល​ថវិកា​យ៉ាង​ក្រាស់ក្រែល​ទៅឱ្យ​ឈ្មួញ​ជើងសារ ឬ​ជា​ភ្នាក់ងារ​រៀបចំ​ឯកសារ ដើម្បី​រត់ការ​ជាដើម។ ក្នុង​រូបភាព​ទាំងអស់​ដូច​បាន​រៀបរាប់​ជូន​ខាងលើនេះ ត្រូវបាន​អ្នកជំនាញ​ព្រមាន​ថា វា​ជាការ​ប្រថុយប្រថាន និង​ផុយស្រួយ ងាយ​នឹ​ជួប​ហានិភ័យ (ភាគរយ​បរាជ័យ​ខ្ពស់) ជាពិសេស ងាយ​នឹង​ចាញ់បោក​ខាតបង់​ទ្រព្យ​ជាខ្លាំង ដែល​អ្នក​ទាំងនោះ​គួរតែ​ងាក​មក​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​អំពី​នីតិវិធី​ច្បាប់ យល់ដឹង​អំពី​ការរៀបចំ​ឯកសារ​សំខាន់ និង​លក្ខខណ្ឌ​អនុញ្ញាត​ពី​ប្រទេស​គោលដៅ​ជា​រឿង​ដែល​សំខាន់។

លោក Bastien Trelcat អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​អន្តោរ​ប្រវេសន៍ និង​ពាណិជ្ជកម្ម (HLG) ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា ៖ រាល់​សកម្មភាព​ខាងលើនេះ គឺអាច​លទ្ធភាព​សម្រេច​បំណង ប៉ុន្តែ​វា​មាន​អត្រា​ទាប​បំផុត បើ​ប្រៀប​ជាមួយនឹង​ហានិភ័យ​ដែល​អាច​កើតមាន។ លោក​បាន​លើកឡើងថា ៖ «តាម​បទពិសោធន៍ និង​តាម​លក្ខខណ្ឌ​ច្បាប់​ដែល​លោក​ធ្លាប់បាន​អនុវត្ត​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​អន្តោរ​ប្រវេសន៍ និង​ពាណិជ្ជកម្ម (HLG) ដែលមាន​ប្រភព​នៅ​ប្រទេស​កាណាដា និង​មាន​អាយុកាល​ជាង25ឆ្នាំ​កន្លងទៅនេះ បានកត់សម្គាល់​យ៉ាង​ដូច្នេះ​ថា ៖ « យើង​ទទួលស្គាល់ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ការចង់​ចាកចេញ​ទៅ​ជ្រក​នៅ​ប្រទេស​ទី2 ឬ​ទី3 ដោយ​ស្របច្បាប់ គឺត្រូវធ្វើ​ឡើង​ដូច​រូបភាព​ខាងលើ ក៏ប៉ុន្តែ​វា​គឺជា​រឿង​មួយ​ដែល​ប្រថុយប្រថាន ងាយ​នឹង​ជួប​ហានិភ័យ។

លោក​បាន​បន្តទៀតថា ៖ «បច្ចុប្បន្នេះ គេ​មិន​អនុវត្តតាម​រូបភាព​ទាំងនេះ​ទៀត​ទេ។ មុនពេល​សម្រេចចិត្ត អ្នក​ដែលមាន​បំណង​ស្វែងរក​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេរីភាព និង​ភាពល្អប្រសើរ​ក្នុង​ទទួលបាន​សញ្ជាតិ​ដោយ​ស្របច្បាប់​នៅតាម​បណ្តា​ប្រទេស​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា គឺ​ត្រូវតែមាន​ការយល់ដឹង​ឱ្យបាន​ច្បាស់​ពី​លក្ខ​ណ្ខ​ផ្លូវច្បាប់ ជាពិសេស​លទ្ធភាព​រប​ស់​ខ្លួន​ស្របទៅនឹង​តម្រូវការ​របស់​ប្រទេស​គោលដៅ​ទាំងនោះ ហើយ​ប្រសិន​មិន​យល់ច្បាស់​អាចមក​ប្រឹក្សា​ដោយ​ឥត​គិត​សេវា​ជាមួយ​អ្នកជំនាញ (HLG) ប្រចាំ​នៅ​កម្ពុជា ។ ជា​ការជួយ​សម្រួល​ដល់​ការសម្រេច​បំណង​ក្នុងការ​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ជ្រកកោន​នៅក្នុង​ប្រទេស​គោល ពេលនេះ (HLG) ប្រចាំ​នៅ​កម្ពុជា បានផ្តល់​ជូន​នូវ​កម្ម​ពិសេស​មួយ គឺ​ការទទួលបាន​សញ្ជាតិ​តាមរយៈ​ការវិនិយោគ ដែល​គម្រោង និង​កម្មវិធី​នេះ មាន​អត្រា​ជោគជ័យ​ខ្ពស់បំផុត និង​មិន​ខាតបង់​ទ្រព្យធន​នោះឡើយ»។ លោក​បាន​ថ្លែង​ទៀតថា ៖ «ក្នុងនាម​ជា​ប្រជាជាតិ​នៅលើ​ពិភពលោក ការវិនិយោគ​លើ​សញ្ជាតិ​ទី2អាច​ផ្តល់នូវ​សេរីភាព​ក្នុងការ​ធ្វើដំណើរ​យ៉ាង​ពេញលេញ ។ ចំពោះ​ការវិនិយោគ​នេះ​គេ​អាច​ធ្វើឡើង​បាន2របៀប ពោលគឺ​តាមរយៈ​ការវិនិយោគ​ដើម្បី​ទទួលបាន​ព្រ​ទ្យ​ធន​វិលត្រឡប់​មកវិញ និង​ការធ្វើ​ការបរិច្ចាក ដែល​វិធី​ទាំងពីរ​សុទ្ធ​តែមាន​ប្រសិទ្ធ​ភាពដូចគ្នា ទាស់​ត្រង់​ថា​ចំនួន​នៃ​ទ្រព្យ​វិនិយោគ និង​ចំនួន​នៃ​ការបរិច្ចាក​មាន​ទំហំ​ខុសគ្នា​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ » ។

នៅ​ប្រទេស ដូ​មី​នី​កា កម្មវិធី​ផ្តល់​សញ្ជាតិ គឺមាន​តម្លៃ​ចាប់ពី10ម៉ឺន​ដុល្លារ​ឡើងទៅ ដែល​វា​ជា​កម្មវិធី​បរិច្ចាក​មូល​ធន​មានឈ្មោះ​ល្បី​ជាងគេ​សម្រាប់​មូល​នី​ធី​សាធារណៈ។ ជនជាតិ​នេះ អាចធ្វើ​ដំណើរ​បាន 118 ប្រទេស​ដោយ​គ្មាន​ទិដ្ឋាការ ចំណែកឯ​សញ្ជាតិ វ៉ា​ណា​ទូ វិញ អាចធ្វើ​ដំណើរ​បាន126ប្រទេស ដោយ​គ្មាន​ទិដ្ឋាការ ដែល​នៅ​ក្នុងនោះ​រួមមាន ចក្រភព​អង់គ្លេស អឺរ៉ុប ហុងកុង សាំង​ហ្គា​ពួរ និង រុស្សី ជាដើម ។ វិនិយោគិន ក៏​អាចមាន​សិទ្ធិ​ទិញ​អចលនទ្រព្យ​សម្រាប់​វិនិយោគ​បន្ត ឬ​ស្នាក់នៅ ក្រោយពេល​ចូលនិវត្តន៍​ក៏បាន ៕

ជប៉ុននឹងសាងសង់អគារឈើខ្ពស់កប់ពពកទី១នៅលើលោក

0

ប្រែសម្រួល វុត្ថា

ភ្នំពេញ៖ ប្រទេសជប៉ុន ដែលប្រជាជនប្រទេសនេះ តែងតែមានគំនិតច្នៃប្រឌិតបាន និងកំពុងសាងសង់អាគារធ្វើពីឈើខ្ពស់ជាងគេនៅលើពិភពលោក។

យោងតាមសារព័ត៌មាន CNN ហើយគេហទំព័រ propertyarea.asia បកប្រែក្រៅផ្លូវការបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោង នឹងសាងសង់អគារខ្ពស់កប់ពពក សាងសង់ពីឈើលើកដំបូងបំផុតក្នុងពិភពលោក ដែលមានកំពស់ប្រមាណជា ជិត៣៥០ម៉ែត្រ ដោយគ្រោងចំណាយទុនសាងសង់ចំនួន៥,៦ពាន់លានដុល្លារអាមេរិក។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុន Sumitomo Forestry របស់ប្រទេសជប៉ុន។

តាមផែនការអគារខ្ពស់ដែលសាងសង់ពីឈើនេះ នឹងបញ្ចប់នៅក្នុងឆ្នាំ ២០៤១ ក្នុងគោលបំណងដ៏ធំបំផុត គឺដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី៣៥០ របស់ក្រុមហ៊ុន។

អគារថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា W350 មាន៧០ជាន់ ក្នុងនោះ៩០ភាករយនៃអាគារនេះធ្វើពីឈើសុទ្ធសាធ។ ឯផ្នែកខាងក្រោមនឹងប្រើប្រព័ន្ធដែកថែបពិសេសក្នុងការទប់លំនឹងអគារ ដើម្បីបញ្ចៀសពីការរញ្ជួយដី ដែលតែងកើតមានជាញឹកញយក្នុងទីក្រុងតូក្យូ។

យ៉រនៃអគារផ្ទៃខាងក្នុង និងខាងក្រៅត្រូវបានគេគិតគូពីបរិស្ថាន ដោយមានដាំស្មៅ និងរុក្ខជាតិ ដើម្បីបង្កើតសម្រស់បៃតង ក្នុងគោលបំណងបង្កើតទីក្រុងអោយបមានបរិស្ថាន តាមរយៈការបង្កើនការប្រើប្រាស់ស្ថាបត្យកម្មឈើ សម្រាប់អគារខ្ពស់ៗ។

រដ្ឋាភិបាលជប៉ុនកំពុងព្យាយាមលើកទឹកចិត្ត ឲ្យអ្នកអភិវឌ្ឍន៍ជាច្រើនឱ្យប្រើប្រាស់ឈើ ក្នុងការសាងសង់អគារនានា។ អគារនេះ ត្រូវបានគេអនុម័តក្នុងការសាងសង់នៅក្នុងឆ្នាំ២០១០ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ឈើនៅតាមអគារសាធារណៈនានា ក្នុងនោះអគាររដ្ឋាភិបាលទាំងអស់ ដែលមានកម្ពស់បីជាន់ឡើង ត្រូវសាងសង់ដោយឈើឬប្រើប្រាស់ឈើ។

អគារខ្ពស់កប់ពពកដែលសាងសង់ពីឈើ មិនមែនមានតែនៅក្នុងប្រទេសជប៉ុនមួយនោះទេ នៅក្នុងប្រទេកាណាដាក៏មានអាគារមួយឈ្មោះថា Brock Commons Tallwood House ដែលមានកំពស់១៨ជាន់ និងបានបំបែកកំណត់ពិភពលោករហូតដល់បច្ចុប្បន្នក៏សាងសង់ពីឈើផងដែរ។

ជាមួយគ្នានេះដែរ ប្រទេស Norway ក៏មានអគារឈើផងដែរ Treet in Central Bergenមានកំពស់១០ជាន់ ​ក៏បានបំបែកកំណត់ត្រាពិភពលោក ។ ប្រទេ​សអូស្ត្រាលី ក៏បានសាងសង់អគារពីឈើមួយដែរ ឈ្មោះ Melbourne’s Victoria Harbour បានសាងសង់បញ្ចប់ក្នុងឆ្នាំ ២០១២ កន្លងទៅនេះ៕

ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​ថ្មី​មួយ​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទន្ទឹមនឹង​ការរីកចំរើន​នៃ​វិស័យ​អចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​ជប៉ុន Japan Valuers Co., Ltd ដែលមាន​ការិយាល័យ​នៅ​ប្រទេស​ជប៉ុន បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​ហើយ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​របស់ខ្លួន​ឈ្មោះ Japan Valuers (Cambodia) Co., Ltd ។

Japan Valuers (Cambodia) Co., Ltd ត្រូវបាន​បង្កើតឡើង​រួមគ្នា​ដោយ​លោក ហ៊ី​រ៉ូ​យូគី អ៊ី​សូ​បេ ជាមួយ​លោក​ស៊ឹម ហ៊ុយ​ឈ័​ង។

លោក​ហ៊ី​រ៉ូ​យូគី អ៊ី​សូ​បេ​បាន​ថ្លែងថា “ ខ្ញុំ​មាន​សេចក្តី​រីករាយ​ជំរាបជូន​ថា ខ្ញុំ​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​ថ្មី​មួយទៀត នៅ​ប្រទេស​កម្ពុជា មាន​ឈ្មោះថា Japan Valuers (Cambodia) Co., Ltd ។លោក​បន្តថា “យើង​មាន​គោលបំណង​ក្លាយជា​ក្រុមហ៊ុន​មួយ​ដ៏​ល្អ ក្នុងប្រទេស​កម្ពុជា​ក្នុង​វិស័យ​អចលនទ្រព្យ ទាំង​ផ្នែក​វាយតម្លៃ ប្រឹក្សា​យោបល់ និង​ស្រាវជ្រាវ។

ជាមួយគ្នានេះ លោក​បាន​សម្តែង​នូវ​សេចក្តី​ថ្លែង​អំណរ​អគុណ ដល់​អតិថិជន​របស់​លោក​ចំពោះ​ការគាំទ្រ​កន្លងមក និង​រំពឹងថា បានទទួល​ការគាំទ្រ​ជា​បន្តបន្ទាប់​ទៀត” ។ លោក​បាន​បន្តទៀតថា បទពិសោធ​ន៏ និង​ចំណេះដឹង​ជា​សាកល​របស់លោក​ទាក់ទង​នឹង​ប្រព​ន្ធ័​វាយតម្លៃ និង​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ នឹង​ជួយ​ពង្រឹង​ស្ថេរភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​នៅក្នុង​ទីផ្សារ​កម្ពុជា។

លោក ស៊ឹម ហ៊ុយ​ឈ័​ង អ្នកជំនាញ​ផ្តល់​សេវាកម្ម​វាយតម្លៃ និង​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ និង​គម្រោង​វិនិយោគ​ក្នុងស្រុក ដែលមាន​បទពិសោធ​ន៏​ជាច្រើន​ក្នុង​ទីផ្សារ។

លោក​បន្តថា “ខ្ញុំ​មាន​សេចក្តីសោមនស្ស​ជា​អនេក ដែល​បាន​ចូលរួម​ជាមួយ​លោក ហ៊ី​រ៉ូ​យូគី អ៊ី​សូ​បេ បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័ Japan Valuers (Cambodia) នេះ​ឡើង។លោក​បន្តថា “ខ្ញុំ​ជឿជាក់ថា ការចាប់ផ្តើម​នៃ​ក្រុមហ៊ុន​របស់​យើង​នឹង​កាន់តែ​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​យើង ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ។

លោក​បន្តថា ជាងនេះទៀត វា​ក៏​អាចជួយ​សម្រួល​លំហូរ​វិនិយោគ​បរទេស​ផងដែរ ដោយសារតែ​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​យើង ក្នុង​ការគោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការធ្វើ​ឲ្យ​កាន់​តែមាន​ភាពប្រសើ​ឡើង​នៃ​ស​ង្គ​ត​ភាព តម្លាភាព និង​ភាព​អាច​ប្រៀបធៀប​គ្នា​បាន នៃ​បទដ្ឋាន​វាយតម្លៃ​អចលនទ្រព្យ និង​គម្រោងផ្សេង។ យើង​ក៏​អាចជួយ​ទាក់ទាញ​វិនិយោគិន​បរទេស និង​ជួយ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​អចលនទ្រព្យ​ផងដែរ។

លោក​ស៊ឹម ហ៊ុយ​ឆ័ង​បាន​បន្ថែមថា “ការមកដល់​នៃ​ក្រុមហ៊ុន Japan Valuers Co., Ltd ក៏បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​បម្រើ​អតិថិ​ជិន​ឲ្យ​កាន់តែ​ប្រសើរ តាមរយៈ​ការបង្កើត​ការិយាល័យ និង​ក្រុមហ៊ុន​នៅ​ប្រទេសផ្សេង។ យើង​ជា​ក្រុមហ៊ុន​ដែល​អាច​ផ្តល់​ពត៌មាន និង​គុណភាព​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ។ ការគោរព​ក្រមសីលធម៌ និង​សមត្ថភាព​វិជ្ជាជីវៈ គឺជា​ការកំណត់​នូវ​ភាពជោគជ័យ​របស់​យើង​ក្នុង​រយៈពេល​វែង។

លោក ហ៊ី​រ៉ូ​យូគី អ៊ី​សូ​បេ​ដែល​បាន​បង្កើត​ក្រុមហ៊ុន HIRO & Associates Inc. ក្នុង​ឆ្នាំ១៩៨៣ និង​ក្រុមហ៊ុន REAS Network Co., Ltd ក្នុង​ឆ្នាំ១៩៩៨។  បន្ទាប់ពី​បានរួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ HIRO & REAS Network  ក្នុង​ឆ្នាំ២០០២ ក្រុមហ៊ុន​ថ្មី​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះថា Japan Valuers Co., Ltd  នៅក្នុង​ឆ្នាំ ២០១០ ដែលមាន​លោក​ហ៊ី​រ៉ូ​យូគី​អ៊ី សូ​បេ​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចុប្បន្ន។ ក្រុមហ៊ុន Japan Valuers Co., Ltd មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូ​ក្យូ និង​ណា​គូ​យ៉ា​ប្រទេស​ជប៉ុន និង​មាន​បទពិសោធ​ន៏​យ៉ាងច្រើន លើ​ការវាយតម្លៃ​អចលនទ្រព្យ និង​អាជីវកម្ម និង​លើ​ការផ្តល់​ប្រឹក្សា​លើ​វិស័យ​អចលនវត្ថុ​ផងដែរ។

ចាប់តាំងពី​ឆ្នាំ២០១០មក ក្រុមហ៊ុន Japan Valuers Co., Ltd មាន​គោលបំណង​បង្កើត​បណ្តាញ​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​ជា​សាកល ដើម្បី​បម្រើ​សេវាកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ទាំង​អតិថិជន​ជា​ក្រុមហ៊ុន​ជប៉ុនធំៗ និង​ក្រុមហ៊ុន​បរទេស​ផ្សេងទៀត។ ក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន Japan Valuers (Myanmar) Co., Ltd ត្រូវបាន​បង្កើតឡើង ក្នុងប្រទេស​ភូមា ហើយ​នៅពេលនេះ Japan Valuers (Cambodia) Co., Ltd ក៏​ត្រូវបាន​បង្កើតឡើង​ឡើង​ផងដែរ៕

ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមូយទៀតកំពុងសាងសង់នៅក្រុងភ្នំពេញ

0

ប្រែសម្រួលដោយ ៖ វុត្ថា

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយឈ្មោះ MIDTOWN MALL បាន និងកំពុងសាងសង់នៅតាម​បណ្តោយ​ផ្លូវលេខ ២០០៤ ដែលជាផ្សារទំនើបផ្តោតលើសហគមន៍សម្រាប់ឱកាសលក់រាយនៅក្រុងភ្នំពេញ។ ផ្សារទំនើបនេះ មិនត្រឹមតែផ្តោតលើគុណភាពនោះទេ តែផ្តោតលើការទិញទំនិញ សម្រាប់យកទៅប្រើប្រាស់​នៅគេហដ្ឋាន ឬស្វែងរកមើលសម្ភារៈទំនើប ទំនិញលក់រាយ គឺជាការសំខាន់សម្រាប់ជីវិតគ្រួសារ និងជា​លក្ខណៈបុគ្គល ដែលមានទីតាំងនៅក្នុងតំបន់ទឹកថ្លា ជិតសាលារៀនអន្ដរជាតិ លំនៅដ្ឋាន ការិយាល័យធ្វើការ និងផ្លូវហាយវេសំខាន់ៗ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្រុមហ៊ុន Kao Cheng International Enterprise Co. Ltd ជាក្រុមហ៊ុនអភិ​វឌ្ឍ មានមូលដ្ឋាននៅកោះតៃវ៉ាន់ ដែលមានបទពិសោធន៍ខ្ពស់ជាមួយនឹងកំណត់ត្រា ដែលមានរយៈពេលជាង២៥ ឆ្នាំមកហើយ។ ការរចនា​ស្ថាបត្យកម្មត្រូវបានដឹកនាំដោយក្រុមហ៊ុនហត្ថាកសិករ និងដៃគូរបស់ខ្លួន ដែលជាអ្នកជំនាញប្រកប​ដោយភាព​ច្នៃប្រឌិតនិងបទពិសោធន៍។

 

MIDTOWN MALL មិនត្រឹមតែមានបំណងផ្តល់ជូន នូវជម្រើសអាហារពេលល្ងាច សេវាកម្ម និងការកម្សាន្តដែល​មានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងបង្កើតអារម្មណ៍ជាក់ស្តែងដល់សហគមន៍ និងភាពងាយស្រួល​ដើម្បីបង្កើ​នបទពិសោធន៍ នៃការដើរទិញដូរសម្រាប់ទាំងអស់គ្នា។

តាមរយៈការបង្កើតបរិយាកាសសម្រាក ដោយមានទីធ្លាបៃតង និងបរិក្ខារឈើ ដែលមានលក្ខណៈស្ថាបត្យកម្ម​ទំនើប ដើម្បីបង្កើតនូវបទពិសោធន៍លក់រាយចុងក្រោយសម្រាប់អតិថិជន។ តំបន់ធំៗត្រូវបានគេកំណត់ ដោយ​មាន​ទាំង កន្លែ​ងសំដែង និងការកម្សាន្ត ដើម្បីបង្កើនបរិយាកាសទាក់ទាញដែលអតិថិជនអាចរីករាយនឹង​បទពិសោធន៏ ដោយមិនមានអារម្មណ៍ថាពួកគេស្ថិតនៅក្នុងផ្សារទំនើ​បមួយនោះទេ។

 

សូម្បីតែឈ្មោះក៏ត្រូវបានកំណត់ ជាទស្សនៈរបស់អ្នកអភិវឌ្ឍន៍ ដោយបានជ្រើសរើស និងពិចារណាយ៉ាង​ហ្មត់ចត់​អំពីគោលបំណង និងទីកន្លែងនៃការអភិ​វឌ្ឍន៍។ MIDTOWN តំណាងឱ្យឈ្មោះផ្លូវ Maida Street និងជាយក្រុងឬទីប្រជុំជននៃធម្មជាតិ។ ឈ្មោះនេះក៏តំណាងឱ្យ ‘Middle Place’ ដើម្បីបង្ហាញថាវាជាកន្លែង​ដែលសហគមន៍និងអតិថិជនអាចរួបរួមបានដោយងាយ។

ផ្សារទំនើបនេះ ទទួលបានបទពិសោធន៍ពីអ្នកអភិវឌ្ឍន៍ ដែលមានការគោរពខ្ពស់ជាមួយនឹងអ្នកច្នៃប្រឌិត និងអ្នក​ពិគ្រោះយោបល់សំណង់ ប្រកប​ដោ​យ​ការច្នៃប្រឌិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា ក៏ដូចជា ចំណេះដឹង​និងការបញ្ចូ​លចំណេះដឹងពីអ្នកជំនាញ ដែលកំពុងឈានមុខគេនៅក្នុងទីផ្សារលក់រាយនៅក្នុងទីក្រុងភ្នំពេញ។

 

ការរៀបចំចុះកិច្ចសន្យាជួល និងការរៀបចំការគ្រប់គ្រង ដែលកំពុងដំណើរការត្រូវបានរចនា និងអភិវឌ្ឍ​ដោយក្រុមអ្នកជំនាញផ្នែកលក់រាយ និងគ្រប់គ្រងដោយ ក្រុមហ៊ុនCBRE Cambodia ដើម្បីធានាដល់ការ​បង្កើត​បរិយាកាសការងារថិតថេរ និងធានានូវប្រតិបត្តិការដែលកំពុងដំណើរការ។ ក្រុមហ៊ុន CBRE Cambodia មានការ​ទំនាក់ទំនងរួចហើយជាមួយអ្នកលក់រាយអន្តរជាតិ និងក្នុងស្រុកមួយចំនួន ដែលបានបង្ហាញ​ពីចំណាប់​អារម្មណ៍យ៉ាងខ្លាំងនៅក្នុងគំរោង MiDTOWN MALL៕

រដ្ឋមន្រ្តីជំរុញឲ្យសមាគមកម្មសិទ្ឋបញ្ញា និងគណមេធាវីពង្រឹងសមត្ថភាពដើម្បីដោះស្រាយវិវាទកម្មសិទ្ឋបញ្ញា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិល្បកម្ម លោក ចម ប្រសិទ្ធ ក៏បានស្នើឲ្យសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងគណៈមេធាវីកម្ពុជា ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ឲ្យក្លាយជា​ឯកទេសកម្ម ផ្នែកដោះស្រាយវិវាទកម្មសិទ្ធិបញ្ញានៅកម្ពុជា ដើម្បីទាក់ទាញទំនុកចិត្តការវិនិយោគពីខាងក្រៅ ដែលត្រូវការកិច្ចការពារស្នាដៃ ជារបបគំហើញ និងភាពច្នៃប្រឌីតរបស់ពួកគេ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដែលសហការរៀបចំដោ​យ​ក្រសួងនេះ ជាមួយសមាគមភ្នាក់ងារកម្មសិទ្ធិបញ្ញាជប៉ុន និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាកាលពីម្សិលម៉ិញនេះថា ក្រសួងឧស្សាហកម្ម តែងតែរៀបចំឲ្យមានសិក្ខាសាលានានា ពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា សម្រាប់ផ្តល់ចំណេះដឹងដល់ស្ថាប័នមន្ត្រីពាក់ព័ន្ធ។ បច្ចុប្បន្នក្រសួ​ង​នៅតែធ្វើកិច្ចសហប្រតិបត្តិការ លើការងារទាំងនេះបន្តទៀត ដើម្បីពង្រីកចំនេះដឹងផ្នែកកម្មសិទ្ធិបញ្ញា ជាពិសេសប្រកាសនីយ​បត្រតក្កកម្ម (Patent) ដែលជាចំណេះដឹងមួយត្រូវការពេលវេលា និងការសិក្សាស្វែងយល់យូរអង្វែង។

លោកបានបន្តថា “ច្បាប់កម្មសិទ្ធិបញ្ញាមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រឲ្យមានការបង្កើតថ្មីកាន់តែច្រើនឲ្យមានការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មដោយស្មោះត្រង់ និងការវិនិយោគទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងផ្តល់ផលប្រ​យោ​ជន៍ដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គម”។

ច្បាប់កម្មសិទ្ធិបញ្ញាកម្ពុជា បានអនុវត្តន៍ជាង១០ឆ្នាំមកហើយនៅកម្ពុជា ហើយកម្ពុជាក៏បានចូលជាសមាជិកសិទ្ធិសញ្ញាអង្គការអន្តរជាតិ ផ្នែកកម្មសិទ្ធិបញ្ញាជាយូរមកហើយ ជាពិសេ​សក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកនេះ ក្រសួងបានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នាជាបន្តបន្ទាប់ស្តីពី កិច្ចសហប្រតិបត្តិការ និងទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្ម ជាមួយប្រទេសមួយចំនួន ដូចជា ជប៉ុន សឹង្ហបុរី និងសហគមន៍អឺរ៉ុបជាដើម៕

អស្ចារ្យ! អាគារ Thai Bunrong Twin Tower នឹងត្រូវដំឡើងកំពស់ដល់ ៥៦៤ម៉ែត្រ

0
ប្លង់ចាស់ និងប្លង់ថ្មី

ដោយ គង់ សូរិយា

ភ្នំពេញ៖ អស្ចារ្យ! នៅទីបំផុតព័ត៌មាននៃការចាប់ផ្តើមសាងសង់អាគារ Thai Bunrong Twin Tower លំដាប់ពិភពលោកបានបង្ហាញជាក់លាក់ហើយ ដោយក្រុមវិស្វករ និងស្ថាត្យករនៃគំរោងនេះ បានសម្រេចចុងក្រោយថា “អាគារនេះនឹងត្រូវដំឡើងដល់កំពស់​ ៥៦៤ម៉ែត្រ”។

ជាប្លង់អាគារចាស់

លោកសាស្រ្តាចារ្យ ទួស សាភឿន ស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះបាន​មាន​ប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋអនឡាញកាលពីថ្ងៃច័ន្ទថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិង​ក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦៤ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូតដល់ជាង៣០០០លានដុល្លារអាមេរិក និងជាង​៣០០០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ធ្វើឲ្យអាគារនេះដំណើរការដោយរសរវើក។

នេះជាប្លង់ស្ថាបត្យកម្មអាគារនេះចុងក្រោយ

លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិន​មានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅ​លើពិភពលោក”។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាព​សាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះ ឡើយ”។

ក្រុមការងារកំពុងធ្វើការសិក្សាបញ្ចប់ប្លង់ស្ថាបត្យកម្មអាគារ

លោកទួស សាភឿនបានបន្តថា នាពេលនេះយើងកំពុងរៀបចំប្លង់បច្ចេក ទេស ដោយសារការងារនេះមិនអាចធ្វើរយៈពេលខ្លីបាននោះទេ ហើយក្រុមការ​ងារ​បច្ចេកទេសកំពុងដុតដៃដុតជើងធ្វើការងារនេះ និងពេលថ្មីៗក្រុមហ៊ុនបានអនុញ្ញា​ ត្តឲ្យក្រុមហ៊ុនមួយវាយជញ្ជាំងទប់ដី ដើម្បីកុំឲ្យបាក់ដីនៅក្នុងគំរោងនេះរាលដាលទៅដីអ្នកជិតខាងនៅពេលគំរោងនេះចាប់ផ្តើមសាងសង់។ ចំណែកការធ្វើតេស្តដីបានបញ្ចប់ហើយ។

លោកបន្តថា “យើងកំពុងប្រឹងប្រែងធ្វើឲ្យអាគារនេះ មានភាពភាពអស្ចារ្យ មិនមែនរាប់បញ្ចូលអង់តែននោះទេ គឺកំពស់ជាង៥០០ម៉ែត្រនេះ ជា​អាគារដែលអាចប្រើប្រាស់បានដល់ចំណុចកំពូល”។

ក្រុមការងារកំពុងធ្វើការសិក្សាបញ្ចប់ប្លង់ស្ថាបត្យកម្មអាគារនេះ

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីពេលវេលាជាក់លាក់នៃការ​ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការទេ ដោយបានថ្លែងថា ក្រុមហ៊ុនកំពុងជ្រើសរើសរកពេលវេលាសមស្របមួយ។

ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​នេះដែលមានទីតាំងនៅទល់មុខសណ្ឋា​គារ និងកាស៊ីណូណាហ្កាទី១ (អតីតសួនកម្សាន្តឌ្រីមលែនដ៏)។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបា​នថ្លែងថា ការសាងសង់អាគារដ៏ធំនេះ ជារឿងល្អមួយ ប៉ុន្តែបើគិតពីទំហំសេដ្ឋ​កិច្ច និងពាណិជ្ជកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ ទំហំមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ វាហាក់ធំពេក ប៉ុន្តែបើគិតពីការរីកចម្រើននៃសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មកម្ពុជា​សម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទំហំអាគារនេះមិនធំនោះទេ។

អ្នកនាងបន្តថា “វាជាមោទនភាពសម្រាប់កម្ពុជា បើសិនជាអាគារនេះសាង​សង់បានដោយជោគជ័យ”។

លោកងួន ឆាយលាងអគ្គនាយកក្រុមហ៊ុន Ratanaka Realty បានថ្លែងថា វាពិតជាល្អប្រសិនជាអាគារនេះត្រូវបានសាងសង់ ប៉ុន្តែប្រសិនជាមើលប្លង់ស្ថាបត្យ​កម្មរបស់អាគារ(រូបភាពអាគារចាស់) លោកមិនមើលឃើញមានអ្វីដែលហាក់អស្ចារ្យនោះទេ ហេតុនេះ​ក្រុមហ៊ុនគួរសិក្សា និងគូប្លង់ស្ថាបត្យកម្មអាគារនេះឲ្យមានភាពអស្ចារ្យ ដើម្បីបង្អួត និងបង្ហាញភាពទាក់ទាញទៅកាន់ពិភពលោក៕

ក្រុមហ៊ុន​យក្ស​របស់​ចិន ចាប់ផ្តើម​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នៅ​ខេត្ត​ព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ប្រទេស​ចិន Price Real Estate Group បាននិងកំពុង​ចាប់ផ្តើម​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ។

យោងតាម​ព៌​ត​មាន​ដែល​បង្ហាញ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​បាន ឲ្យ​ដឹងថា គំរោង​នេះ​មានឈ្មោះ​ព្រី​ន ខូ​លី​ណាន បេ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ខេត្ត​ព្រះសីហនុ ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប១៦ម៉ឺន​ម៉ែត្រការ៉េ។ គំរោង​នេះ ជា​បណ្តុំ​នូវ​មុខងារ​ជាច្រើន សម្រាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ស្តង់ដា​អន្តរជាតិ​នេះ រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ អាគារ​ស្នាក់នៅ​រួម(ខុន​ដូ) អាគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប អាហា​រដ្ឋា​ន និង​កន្លែង​សម្រាកលំហែរ​កាយ។

ជាមួយគ្នានេះ ក្រុមហ៊ុន​នេះ​នឹងដាក់​ឲ្យ​ដំណើរការ​សណ្ឋាគារ​ផ្កាយ៥មួយ ទៀត​ឈ្មោះ ព្រី​នស៍ ថា​ម ដែលមាន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ ក្នុងឆ្នាំនេះ​ផងដែរ។

តាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា សណ្ឋាគារ​នេះ​ស្ថិតនៅ​ក្បែរ​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​ជា​សណ្ឋាគារ​បំពាក់​នូវ​សេវា​គ្រប់គ្រង បែប​ខ្ពស់បំផុត​លំដាប់​អន្តរជាតិ​ផងដែរ។

ក្រុមហ៊ុន Prince Real Estate Group ជា​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មួយ​របស់​ប្រទេស​ចិន ដែល​បាននិងកំពុង​អភិវឌ្ឍន៍​គំរោង​ជាច្រើន នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ នៅ​ទីក្រុង​ភ្នំពេញ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​រួចហើយ​នូវ​ខុន​ដូ​ប្រណីត Diamond One នៅ​ទីក្រុង​កោះ​ពេជ្រ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន Prince Plaza ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម និង​គំរោង​ជាច្រើន​ទៀត​នៅ​ទីក្រុង​កោះ​ពេជ្រ៕

កូរ៉េខាងត្បូងចាប់ផ្តើមពង្រីកអំណាចសេដ្ឋកិច្ចមកកាន់តំបន់អាស៊ាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូងបាន និងកំពុងធ្វើដំណើរឆ្ពោះមកតំបន់ភាគខាងត្បូង ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងនិងពង្រីកឥទ្ឋិពល និងបង្កើនទំហំពាណិជ្ជកម្មជាមួយតំបន់អាស៊ាន។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាលោក Oh Nak Young បានថ្លែងក្នុងជំនួបជាមួយលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា នយោបាយបាយរបស់កូរ៉េ កំពុងឆ្ពោះមក កាន់ទិសខាងត្បូង ដែលសុទ្ធសឹងតែជាគោលនយោបាយ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងល្អ ជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ជាដើម ដែលត្រូវពង្រីកពីកម្រិតរដ្ឋមន្រ្តីការបរទេស ឲ្យទៅជាកម្រិតរដ្ឋាភិបាល។

អាស៊ានមានសមាជិកចំនួន១០ប្រទេស និងមានប្រជាពលរដ្ឋប្រមាណជាង៦៣០លាននាក់។ ចំណែកសាធារណៈរដ្ឋកូរ៉េខាងត្បូង មានប្រជាពលរដ្ឋប្រមាណជា៥១លាននាក់។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងផងដែរថា កូរ៉េបាន និងកំពុងចាប់ដៃគូពាណិជ្ជកម្ម និងបង្កើនការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម ព្រមទាំងបង្កើនទេសចរណ៍ ឲ្យកើនឡើងទ្វេរដងរវាងអាស៊ាន កូរ៉េ ចាប់ពីឆ្នាំនេះតទៅ ដើម្បីឈានទៅសម្រេចតាមផែនការពាណិជ្ជកម្មរបស់ខ្លួនក្នុងតំបន់ឲ្យកើននូវទឹកប្រាក់២០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២០ និងមានភ្ញៀវទេសចរណ៍កូរ៉េមកទស្សនានៅក្នុងតំបន់នេះ ឲ្យកើនដល់១០លាននាក់ក្នុងមួយឆ្នាំៗ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំនៅសាធារណៈកូរ៉េខាងត្បូងបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមរបស់លោកថា “ពេលបាយថ្ងៃត្រង់ជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ និងបណ្តាទូតអាស៊ានថ្ងៃនេះ កូរ៉េបានប្តេជ្ញានឹងបង្កើន ការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងកូរ៉េ និងអាស៊ានក្នុងឆ្នាំ២០២០នេះឲ្យដល់២០០ពាន់លានដុល្លា (បច្ចុប្បន្ន ១២០ពាន់លានដុល្លា) និងជម្រុញភ្ញៀវទេសចរណ៍កូរ៉េ មកអាស៊ានឲ្យបាន១០លាននាក់ក្នុងមួយឆ្នាំ (បច្ចុប្បន្ន ៧លាននាក់ ក្នុងមួយឆ្នាំ)។

លោកបន្តថា “នេះជាសក្តានុពលមួយបន្ថែមទៀត សម្រាប់តំបន់របស់យើង ដូច្នេះកម្ពុជាត្រូវខឹតខំប្រឹងប្រែងទៀត ដើម្បីស្រូបយកប្រយោជន៏ពីកិច្ចសហការតំបន់នេះឲ្យបានច្រើនជាអតិបរមា”៕

កូរ៉េ​កាន់តែ​បើកភ្លើងខៀវ​ដល់​កម្ពុជា

0

ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​សន្យា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា បេសកកម្ម​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពី​ឲ្យ​កាន់តែ​ល្អ និង​ដើម្បី​ជំរុញ​អ្នកវិនិយោគទុន​កូរ៉េ​អោយមក​វិនិយោគ​នៅ​កម្ពុជា​អោយ​កាន់តែ​ច្រើនឡើង។

ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ នា​វិមាន​រដ្ឋសភា លោក Oh Nak Young ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំ២០១៨ នេះ គឺ​រដ្ឋាភិបាល​កូ​រ៉​នឹង​ជំរុញអោយមាន​ទំនាក់ទំនង​រវាង​ប្រជាជន​កូ​ញ​រ៉េ និង​ប្រជាជន​កម្ពុជា​អោយ​កាន់​តែមាន​ទំណាក់ទំនង​ល្អ​នឹង​គ្នា រួមជាមួយ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​លើ​វិស័យ​វប្ប​ធ​ម៍ និង​សន្តិភាព​ផងដែរ។

ឯកអគ្គរដ្ឋទូត​ថ្មី​រូបនេះ បន្ថែមទៀតថា នយោបាយ​ឆ្ពោះទៅកាន់​ទិស​ខាងត្បូង របស់​កូរ៉េ​នោះ​គឺ​សុទ្ធសឹងតែ​ជា​គោលនយោបាយ​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមទាំង​កិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ជាដើម ដែល​ត្រូវ​ពង្រីក​ពី​កម្រិត​រដ្ឋមន្ត្រីការបរទេស​អោយទៅជា​កម្រិត​រដ្ឋាភិបាល។

លោក​អគ្គរដ្ឋទូត​បាន​មើលឃើញ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​និង​រីកចម្រើន​យ៉ាងខ្លាំង គឺ​ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរីកលូតលាស់​រប​ស់​កម្ពុជា គឺមាន​ការចូលរួមចំណែក​យ៉ាងច្រើន​ពី​ប្រទេស​កូរ៉េ។ ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី​ពេញចិត្ត​និង​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ការជួយ​សម្របសម្រួល​យ​ក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​កូរ៉េ​ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​បាន​នាំមក​នូវ​ប្រាក់ចំណូល​យ៉ាង​ច្រើស​ម្រា​ប់​អភិវឌ្ឍន៍​សង្គម​គ្រួសារ​នៅ​កម្ពុជា និង​បាន​អបអរសាទរ​និង​ស្វាគមន៍​ផងដែរ​ចំពោះ​ដំណើរការ​សាងសង់​អាគា​រ៤២ជាន់​ឡើងវិញ ដែល​បាន​ទុកចោល​អស់​រយៈពេល​ដ៏​យូរ​មកហើយ​នោះ។

ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី បាន​ស្នើសុំ​ប្រទេស​កូរ៉េ​ជួយ​កសាង​ស្ពាន​មិត្តភាព​កូរ៉េ-កម្ពុជា​នៅ​កម្ពុជា ព្រោះ​កន្លងមក​គឺមាន​ស្ពាន​មិត្តភាព​កម្ពុជា-ចិន, និង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ដែល​បាន​កសាង​រួចហើយ។ លោក​អគ្គរដ្ឋទូត Oh Nak Young បាន​បញ្ជាក់ថា ពេលនេះ​រដ្ឋាភិបាល​កូរ៉េ​កំពុង​យក​សំណើ ទៅ​សិក្សា​លើ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព ដែល​នឹងត្រូវ​សាងសង់​អោ​បានល្អ​បំផុត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើរ​អោយ​លោក​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​រូបនេះ​ជួយ​ផ្សព្វផ្សាយ​គៀងគរ និង​ជំរុញ​ទេសចរណ៍ និង​អ្នកវិនិយោគ​កូរ៉េ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​ប្រទេស​កម្ពុជា​អោយ​កាន់តែច្រើន៕

កម្ពុជានាំទំនិញទៅកាន់ទីផ្សារអាម៉េរិក ៣០៦៤លានដុល្លារកើនឡើង៩ភាគរយ

0

ដោយ វុត្ថា

ភ្នំពេញៈ អាមេរិកនៅតែជាទីផ្សារដ៏ធំរបស់កម្ពុជា ដោយទំហំនាំចេញរបស់​កម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់៣០៦៤លានដុល្លារ កើនឡើងជិត​៩ភាគរយកាលពីឆ្នាំមុន។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបានកាលពីថ្ងៃម្សិ​លម៉ិញបានបង្ហាញថា ប្រទេសកម្ពុជា​បាននាំ​ចេញ​មុខទំនិញ​នានាទៅលក់នៅសហរដ្ឋអាមេរិក បានកើនពី២.៨១៤លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០១៦ ដល់​ចំនួន៤០៦៤លានដុល្លារនៅឆ្នាំ២០១៧ កើនឡើង៨,៨៨ភាគរយ។

ទិន្នន័យដដែលបានបង្ហាញថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិក ភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រម​ទាំង​ប្រភេទ​ទំនិញ កាបូប​យួរសម្រាប់អ្នកដំណើរជាដើម។ ដោយឡែកការនាំចូលមុខ​ទំនិញ​នានា​របស់​កម្ពុជាពីសហរដ្ឋ​អាមេរិក​វិញ មានតម្លៃទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាម៉េរិក កើនឡើង១១ភាគរយ ពីទំហំទឹកប្រាក់​៣៦០លានដុល្លារអាម៉េរិក។

មុខទំនិញ​សំខាន់ៗដែលកម្ពុជា នាំចូលពី​សហរដ្ឋអាមេរិក​មាន ​ដូចជា​ គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។ សហរដ្ឋអាមេរិក ​គឺជា​ទីផ្សារ​ធំបំផុត​​លំដាប់ទី២​សម្រាប់កម្ពុជា ​បន្ទាប់​ពីទីផ្សារ​សហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិក​ បានស្រូប​យក​ក្នុងរង្វង់​ពី​២០​ ទៅ៣០​ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

កាលពីឆ្នាំ្ម​មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពាណិជ្ជកម្មពន្ធទាំងស្រុងដល់ប្រទេសកម្ពុជា សម្រាប់​ប្រភេទ​កាបូបយូរអ្នកដំណើរចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលនេះគឺជា​ផ្នែកមួយជំរុញ ឱ្យការនាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក មានសន្ទុះកើនឡើង។

យោងតាមស្មារតីនៃសេចក្តីប្រកាសរួម របស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សន្យាថា​ នឹងផ្តល់ឱ្យប្រទេសអភិ​វ ឌ្ឍន៍តិចតួច ក្នុងនោះរួមមានកម្ពុជាផងដែរ នូវការអនុគ្រោះ​ពន្ធនាំចូល​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ឱ្យបានយ៉ាងតិច៩៧ភាគរយ ក្នុងលក្ខខណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភពលោក។ប៉ុន្តែគិតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិក​បានផ្តល់​នូវការអនុគ្រោះ​ពន្ធដល់​កម្ពុជា​ត្រឹមតែ៨២,៦ភាគរយតែប៉ុណ្ណោះ។

រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ចេញ​គោល​នយោ​បា​យស្តីពី ការធ្វើពាណិជ្ជកម្មប្រកួតប្រជែង មានលក្ខណៈស្មើភាពគ្នា ខណៈ​សហរដ្ឋ​អាមេរិក​ មាន​ឱនភាព​​ពាណិជ្ជកម្ម​ជាមួយបណ្តាប្រទេសមួយចំនួន ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា ម៉ិកស៊ិក ឥណ្ឌូណេស៊ី​ ថៃឡង់ដ៏ និងវៀតណាម ដែលមានតម្លៃចាប់ពី១០ ដល់៣០ប៊ីលានដុល្លារអាម៉េរិក។

សហរដ្ឋអាមេរិក​នឹងធ្វើការចរចាឡើងវិញ នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយបណ្តា​ប្រទេស​ដៃគូរបស់​ខ្លួន​ទាំងនេះ។​

បើតាមការបញ្ជាក់​ពីមន្ត្រីជាន់ខ្ពស់អាមេរិក បាន​លើកឡើង​នាពេល​កន្លង​មកថា​ សហរដ្ឋអាមេ​រិក គ្មានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សា​ស្ថាន​ភាពទាក់​ទងពាណិជ្ជកម្ម​ដដែល​ ព្រោះទំហំពាណិជ្ជកម្មដែលកម្ពុជា បាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី២០០០ទៅ៣០០០លានដុល្លារអាមេ រិក​តែប៉ុណ្ណោះ៕