Prince Real Estate គ្រោងវិនិយោគគំរោងយក្សថ្មីមូយនៅភ្នំពេញ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស មានមូលដ្ឋាននៅប្រទេសចិន Prince Real Estate Group បាន និងកំពុងត្រៀមវិនិយោគគំរោងដ៏ធំមួយទៀតនៅកណ្តា​លរាជធានីភ្នំពេញ។

យោងតាមព័ត៌មានដែលក្រុមហ៊ុននេះបង្ហាញនៅលើគេហទំព័ររបស់ខ្លួនបានឲ្យដឹងនាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈនេះថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គ្រោងនឹងបណ្តាក់ទុនសាងសង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលមានផ្ទៃក្រទ្បាសំណង់ សរុបជាង ២០ម៉ឺន ម៉ែត្រការ៉េ ស្ថិតលើផ្ទៃដី ២,៨ហិកតា តាមបណ្តោយមហាសហព័ន្ធរុស្សី ដែលជាគម្រោងអគារពហុមុខងារបណ្តុំនូវសេវាកម្មធុរកិច្ច អគារស្នាក់នៅ ការទិញទំនិញ និងលំហែកាយ ដែលជាមជ្ឈមណ្ឌលទីក្រុងអន្តរជាតិច្រកចេញចូលតែមួយ។

ជាមួយគ្នានេះ កាលពីថ្ងៃទី ១២ ខែកុម្ភៈកន្លងមក ក្រុមហ៊ុននេះក៏បានប្រកាស​សាងសង់គំរោងព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រ ដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។-ល។

លោកឧកញ៉ា ចេន ហ្សី នាយកប្រតិ​បត្តិក្រុមហ៊ុន Prince Real Estate Group ប្រចាំកម្ពុជាបានថ្លែងថា “កម្ពុជា និងចិនក្នុងនាមជាមិត្តល្អ និងជាដៃគូដ៏ល្អក្នុងរយៈពេលជាច្រើនឆ្នាំ កម្ពុជាបានទទួលនូវសមិទ្ធផលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនឆ្នាំមកហើយ”។

លោកបន្តថា “នៅឆ្នាំនេះស្របពេលនឹងខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងចិន គោលនយោបាយល្អជាច្រើន នឹងធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរទ្បើងមួយកំរិតទៀត”៕​

ការសាងសង់កំពង់ផែដឹកជញ្ជូនជិតបញ្ចប់ជាមួយនឹងផែនការចំណាយ២លានដុល្លារ

0

ដោយគង់ ៖ សូរិយា

ភ្នំពេញ ៖ មន្រ្តីជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា បច្ចុប្បន្នការសាងសង់កំពង់ផែ ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹកបានជិតបញ្ចប់ហើយ ដោយរដ្ឋាភិបាលបានចំណាយលើគំរោងនេះប្រមាណ២លានដុល្លារអាមេរិក។

ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ឋផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួ​ង​សាធារណៈការ និងដឹកជញ្ជូនលោក រស់ សោភ័ណា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កុម្ភៈនេះថា ការសាងសង់កំពង់ផែ បាននិងកំពុងធ្វើយ៉ាងសកម្ម ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីធ្វើឲ្យប្រាកដថា គំរោងនេះនឹងដំណើរការបានមុនចូលឆ្នាំខ្មែរ។លោក​បន្តថា បច្ចុប្ប​ន្នកំពស់ផែចំនួន៤ ក្នុងចំណោមចំណតកំពង់ផែ៦កន្លែង បានបញ្ចប់​ហើយដូចជា កំពង់ផែស្ថិតនៅក្បែរទីលានប្រជាធិបតេយ្យ កំពង់ផែនៅមុខផ្សាររា​ត្រី កំពង់ផែនៅក្បែរកាស៊ីណូណាហ្កា និងកំពង់ផែច្បារអំពៅ ព្រមទាំងកំពង់ផែ​នៅព្រែកព្នៅ និងក្រុងតាខ្មៅ មិនទាន់រកបានទីតាំងនៅឡើយទេ។

លោកបន្តថា “គំរោងនេះនឹងប្រើប្រាស់កាណូតល្បឿនលឿន ដូចគ្នានឹងកា​ណូតដឹកភ្ញៀវពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបផងដែរ ហើយក្រសួងបាន​បញ្ជាទិញកាណូតពីរគ្រឿងពីបរទេសផងដែរ ប៉ុន្តែកាណូតនោះមកដល់ពេល​ណា​យើងមិនដឹងនោះទេ។លោកបន្តថា “យើងប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យគំរោងនេះ​អាចដំណើរការឲ្យខានតែបាន នៅមុនពិធីបុណ្យចូលឆ្នាំខាងមុខនេះ”។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានថ្លែងឲ្យដឹងផងដែរថា ក្រសួងសេដ្ឋកិច្ចបានទំលាក់ថវិកាប្រមាណ២លានដុល្លារ សម្រាប់រៀបចំការធ្វើដំណើរតាមផ្លូវទឹក ដោយថវិ​កា​នេះ នឹងប្រើប្រាស់សម្រាប់ ចំណាយទៅលើការសាងសង់កំពង់ផែ និងកាណូតសម្រាប់ដឹកជញ្ជូន។ លោកបន្តថា​ ប្រសិនជាលើសឬខ្វះខាត ក្រសួងសាធារណៈការនឹងធ្វើការងារជាមួយក្រសួងហិរញ្ញវត្ថុបន្តទៀត។

លោកបន្តថា “ការរៀបចំកំពង់ផែ និងកាណូតដឹកជញ្ជូននេះ បាននិងកំពុងធ្វើឡើងយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លួវទឹក អាចដំណើរ​ការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ”៕

ទោះបីមានព្រលានយន្តហោះនៅជិតក៏ផ្ទះតម្លៃសមរម្យមិនឡើងថ្លៃនោះទេ

0

ដោយដែន ៖ ចែងចាំង

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន World Bridge Land Home បានថ្លែងថា ទីតាំងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ទោះបីបច្ចុប្បន្នមានទីតាំងស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញក្តី ក៏គំរោងនេះមិនឡើងថ្លៃតាមតម្លៃដីធ្លីនៅក្នុងតំបន់នេះឡើយ។

លោកយក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនវើលដ៏ប៊្រីដហូមបានថ្លែងឲ្យដឹងក្នុងសន្និសីទសារព៌តមានកាលពីម្សិលម៉ិញនេះថា ទោះតំបន់ត្រូវសាងសង់លំនៅឋាននោះ មានការអភិវឌ្ឍខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនមិនឆ្លៀតឱកាសកេងចំណេញ ពីបងប្អូនប្រជាពលរដ្ឋឡើយ ពោលគឺនៅតែឈរលើគោលការណ៍ក្រុមហ៊ុន ដែលបានប្រកាសលក់តម្លៃផ្ទះចាប់ពី២៥.០០០ដុល្លារអាមេរិកឡើង ដោយគ្មានអ្វីប្រែប្រួលនោះទេ។

លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលប្រិដ៍ ឡេន ហូមមានទីតាំងស្ថិតនៅ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល។ ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់ មានចំនួនសរុបជាង២៤០០ល្វែង ចែកជាពីរប្រភេទ គឺផ្ទះប្រភេទទី១ មានទំហំដី ៤ម៉ែត្រគុណ១០.៥ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង២។ និងផ្ទះប្រភេទទី២ មានទំហំដី៦ម៉ែត្រ គុណ១០.៥ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣។

លោកឧកញ៉ា នូន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលទទួលសិទ្ឋលក់ផ្តាច់មុខនៃគំរោងនេះបានថ្លែងថា ផ្អែកតាមសំណូមពរជាច្រើ​នរបស់អតិថិជន ដែលបានមកចុះឈ្មោះទិញលំនៅដ្ឋានពីក្រុមហ៊ុន និងបា​នទន្ទឹងរង់ចាំទទួលប្រាក់កក់ ក៏ដូចជាប្រាប់ពីគោលការណ៍ផ្សេងៗនោះ ភាពយឺតយ៉ាវនេះ ដោយសារក្រុមហ៊ុនរង់ចាំការដ្ឋានចាក់បំពេញដី ឲ្យបានតាមគម្រោងផែនការ និងពិនិត្យគូសវាសទៅលើការដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ មុនពេលដំណើរការកសាងហេដ្ឋរចនាសម្ព័ន្ធ។

សម្រាប់ទីតាំងការិយាលក់លំនៅដ្ឋាននេះ ស្ថិតនៅសង្កាត់ ចាក់ចង្រេក្រោម ខ័ណ្ឌជ័យ ទល់មុខសាលាសង្កាត់ ចាក់អង្រែក្រោម រាជធានីភ្នំពេញ។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា គំរោងលំនៅដ្ឋានតម្លៃសមរម្យ រហូតមកទល់ពេលនេះអស់អស់ជិត២០ភាគរយ​ហើយ ក្នុងចំណោមលំនៅដ្ឋានសរុបចំ​នួនជាង២៤០០ល្វែង។ ទីតាំងគំរោងនេះ កំពុងមានភាពរីកចម្រើនដោយសារមាន​គំរោងព្រលានយន្តហោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន ហើយលើសពីនេះក្រុមហ៊ុនក៏បានសាងសង់ផ្សារនៅក្នុងគំរោងនេះ សម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនរស់នៅក្នុងគម្រោងនេះផងដែរ៕

តើទីក្រុងកោះពេជ្រមានគំរោងអ្វីខ្លះសម្រាប់អំណួតក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ តើទីក្រុងកោះពេជ្រ នឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនា​ពេលអនាគតឬទេ? ប្រសិន​ជា​​មើលមួយភ្លេត ទីក្រុងរណបដែលមានផ្ទៃដីប្រមាណ៨០ហិកតានេះ បាននិងកំពុងរះឡើង សម្រាប់អំណួតទីក្រុងភ្នំពេញទៅកាន់ឆាកអន្តរជាតិ។

ក្រៅពីអាគារសន្និបាត សម្រាប់រៀបចំពិព័រណ៍ និងទទួលការលាងសាយភោ ជន៍នៃកម្មវិធីអាពាហ៍ពិពាហ៍ របស់ក្រុមអ្នកអភិជន ទីក្រុងនេះកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន រួមមាន គម្រោង ID RIVIERA ដែលបានទិញយកដោយក្រុមហ៊ុន Greenland Group មានមូលដ្ឋានមកពីប្រទេសចិន។ គំរោងElysee ដែលបាននិងកំពុងសាងសង់ និងបោះទុនវិនិយោគប្រមាណ៥០០លា​ន​ដុល្លារអាមេរិក។ គំរោងខុនដូ និងផ្ទះអាជីវកម្ម Diamond One, ដែលវិនិយោគដោ​យក្រុមហ៊ុន Prince Real estate Group និងគំរោងមួយចំនូនទៀត ដែលនឹងវិនិយោគដោយក្រុមហ៊ុន Prince Real Estate។

ក្រៅពីខុនដូទាំងនេះ នៅមានគំរោងខុនដូជាច្រើនទៀត ដូចជា Ca &Sa, គំរោងខុនដូ Casa Meridian,គំរោង La Sen និងគំរោងខុនដូ Diamond Tween Towerផងដែរ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោ គនៅទីក្រុងកោះពេជ្របានថ្លែងថា បច្ចុប្បន្នទីក្រុងកោះពេជ្រ ទទួលចំនួនមនុស្សច្រើនលើសការរំពឹងទុក ដែលក្រុមហ៊ុនមិនចង់បាន ហើយក្រុមហ៊ុនមិនអនុញ្ញាត្ត​ឲ្យមានការសាងសង់ស្ពានចេញពីចំណុចកោះនរា ឆ្ពោះទៅតំបន់នេះនោះទេ។

លោកបន្តថា “តាមគំរោងក្រុមហ៊ុននឹងរើសាពិព៌ណ និងសន្និបាតចេញពីទី​ក្រុងនេះ ទៅកាន់ទីក្រុងរណបជ្រោយចង្វារនាពេលខាងមុខ ប៉ុន្តែខ្ញុំមិនអាចបញ្ជាល់ពីពេលវេលាជាក់លាក់នៅឡើយទេ”។

លោក Michael S. Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Group បានថ្លែងថា ទីក្រុងកោះពេជ្រមានការរីកចម្រើនយ៉ាងលឿន ប៉ុន្តែទីក្រុងនេះមិនទាន់ក្លាយជាមណ្ឌលមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់អន្តរជាតិនោះទេ។លោកបន្តថា យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើឲ្យទីក្រុងរណប និងតំបន់ជុំវិញនេះ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់អន្តរជាតិ។

លោកបន្តថា “តំបន់ជុំវិញទីក្រុង និងទីក្រុងកោពេជ្រនឹងក្លាយជាមជ្ឈមណ្ឌ​លពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិនៅរយៈពេលពី៥ទៅ១០ឆ្នាំទៀត”៕

តើអគារសកលវិទ្យាល័យប្រទេសណាខ្ពស់ជាងគេនៅលើពិភពលោក?

0

ដោយ វុត្ថា

ភ្នំពេញ មិនថាមានការប្រកួតប្រជែងផ្នែកអគារពាណិជ្ជកម្ម សូម្បីតែអគារអប់រំ នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ក៏មានការប្រកួតប្រជែ​ងផងដែរ។

បើយោងតាមការចុះផ្សាយពីគេហទំព័រ Best Value School បានចុះផ្សាយថា មានគារអប់រំខ្ពស់កប់ពពកចំនួន១០ នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដោយមានកំពស់ចាប់ពី២០០ម៉ែត្រចុះក្រោម ក្នុងចំណោមអគារអប់រំខ្ពស់កប់ពពកនោះ គេហទំព័រ propertyarea.asia ដែលជាគេហទំព័រល្បីល្បាញផ្នែកព័ត៌មានអចលនទ្រព្យ និងសេដ្ឋកិច្ច សូមបង្ហាញនូវអគារអប់រំដែលខ្ពស់ជាងគេបំផុងនៅលើពិភពលោក។

អគារសកលវិទ្យាល័យ Moscow State មានកំពស់រហូតដល់២៤០ម៉ែត្រ និង៣៦ជាន់ ស្ថិតនៅតំបន់Sparrow ក្នុងទីក្រុងនៃប្រទេសរុស្សី។ អគារសាកលវិទ្យាល័យដ៏ល្បីល្បាញនេះ មាននាយដ្ឋានអបរំផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងគណិតវិទ្យា។ មិនត្រឹមតែប៉ុណ្ណោះ សាកលវិទ្យាល័យនេះ ក៏មានបង្រៀនមុខវិជ្ជាជាច្រើនផងដែរដូជា សារព័ត៌មាន ភូមិវិទ្យា សេដ្ឋកិច្ច និងសីល្បៈ។

អគាសាកលវិទ្យាល័យនេះ ត្រូវបានចុះបញ្ជីរថា ជាអគារអប់រំខ្ពស់បំផុតក្នុងតំបន់អឺរ៉ុបនិងពិភពលោក។ អគារនេះមានប៉ម៦ ដែលគូប្លង់ដោយវិស្វករល្បីល្បាញ លោក Josept Stalin និងសាងសង់ដោយលោក Lev Vladimrovich Rudnev។

អគារនេះបានសាងសង់នៅក្នុងឆ្នាំ១៩៤៩ និងបញ្ចប់នៅក្នុងឆ្នាំ១៩៥៣ ។​បច្ចុបន្បន្ននេះ វាមិនត្រឹមតែបំរើសម្រាប់ការសិក្សានោះទេ ប៉ុន្តែបំរើដល់សេវាកម្មរដ្ឋបាល សារមន្ទីរ កន្លែងសំដែងដន្ត្រី រោងមហោស្រប អាងហែលទឹក និងទីជ្រកកោណរបស់និស្សិតផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ សញ្ញារូបផ្កាយនៅលើកំពូលនៃអគារដែលមានទម្ងន់១២តោន ដែលក្រុមស្ថាបត្យករបានរចនាឡើង៕

តើអាផាតម៉ិន និងខុនដូមានភាពខុសគ្នាដូចម្តេច?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យថ្មីចំនួនពីរគឺអាផាតម៉ិន និងខុនដូបានលេចឡើងនៅក្នុងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនមួយចំនួនមិនទាន់យល់ច្បាស់ថាអាផាតម៉ិន និងខុនដូមានភាពខុសគ្នាដូចម្តេចនោះទេ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia ដែលនាំមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចសូមលើកយកចំណេះដឹងខ្លះៗ មកជម្រាបជូនមិត្តអ្នកអាន។

១/ អាផាតម៉ិន

អាផាតម៉ិន សំដៅដល់អាគារខ្ពស់ឬទាបមានច្រើនបន្ទប់ ដែលអ្នកវិនិយោគ

​សាងសង់ឡើងសម្រាប់ជួល និងមានប្រព័ន្ឋគ្រប់គ្រងច្បាស់លាស់ឬមានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជំនាញ ជាអ្នកគ្រប់គ្រងអាផាតម៉ិននោះ ដើម្បីផ្តល់សេវាកម្មឲ្យអ្នកស្នាក់នៅមានអារម្មណ៍កក់ក្តៅ និងផាសុខភាព។

អាផា​តម៉ិនមាន​បំពាក់សម្ភារៈ បរិក្ខាចាំបាច់មួយចំនួន រហូតដល់មានអាងហែលទឹក កន្លែងហាត់​ប្រាណ ស្ទីម សោណា និងហាងកាហ្វេជាដើម។

អាផាតម៉ិនមានភាពស្អាតជាង ដោយសារអ្នកវិនិយោគសាងសង់ឡើងក្នុង គោលបំណងជួលដល់អតិថិជន ហេតុនេះទើបអ្នកវិនិយោគបានគិតគូពីគុណភា ពសេវាកម្ម និងការរចនាមានភាពប្រណីត ហើយតម្លៃក៏ជួលបានខ្ពស់ជាងខុនដូផងដែរ។

អាផាតម៉ិនមានម្ចាស់តែម្នាក់ប៉ុណ្ណោះ គឺអ្នកវិនិយោគសាងសង់អាគារនោះ​សម្រាប់ជួល។

/ ខុនដូ

អាគារខុនដូ មានសណ្ឋានដូចគ្នានឹងអាផាតម៉ិន ប៉ុន្តែអ្នកវិនិយោគខុនដូសាងសង់ឡើងសម្រាប់លក់ផ្ទះ ឬបន្ទប់នៅក្នុងអាគារនោះដល់អតិថិជន ដែលគេ​និយមហៅអាគារខុនដូថា ជាអាគារបែបសហកម្មសិទ្ឋ ដោយសារខុនដូនិមួយៗ​មានម្ចាស់​ច្រើន និងប្រើប្រាស់សេវាកម្មរួម ជាការរស់នៅបែបសហគមន៍រួមមួយ។

ដោយសារសម័យកាលកាន់តែរីកចម្រើន និងការប្រកួតប្រជែងគ្នាកើនឡើង បានធ្វើឲ្យអ្នកវិនិយោគខុនដូកាន់តែមានគំនិតច្នៃប្រឌិត លើគំរោងវិនិយោគ​របស់ពួកគេ ដើម្បីទាក់ទាញអ្នកទិញខុនដូរបស់ខ្លួនផង និងដើម្បីរកប្រភពចំណូ​លបន្ថែមផង។

បច្ចុប្បន្ននេះ អ្នកវិនិយោគខ្លះបានសាងសង់ផ្សារទំនើប មានសេវាកម្មការិ​យាល័យ និងភោជនីយដ្ឋានផ្សេងៗ ដើម្បីធ្វើឲ្យគំរោងរបស់ខ្លួនកាន់តែមានភាទាក់ទាញផងដែរ៕​

ហេតុអីអ្នកវិនិយោគចិនមិនចាប់អារម្មណ៍ខេត្តសៀមរាប?

0

ដោយ ដូង ចន្រ្ទា

ភ្នំពេញ ខេត្តសៀមរាបជាប៉ូលទេសចរណ៍លំដាប់ទី១នៅកម្ពុជា ប៉ុន្តែខេត្តនេះមិនទាន់ទាក់ទាញអ្នកវិនិយោ​គចិន ចូលទៅបោះទុនវិនិយោគជាដុំកំភួននៅ នៅឡើយទេ។

លោកចៅ សេងថៃ អគ្គនាយកក្រុមហ៊ុន Goal Property Service ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានមាន​ប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បច្ចុប្បន្ន​មិនទាន់មានក្រុមហ៊ុនចិនច្រើន បានចូលមកវិនិយោគនៅខេត្តសៀមរាប ក្រៅពី​ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុកសូត្រនិគមនោះទេ។ លោកបន្តថា យ៉ាងណាមានក្រុមហ៊ុនចិនមួយចំនួន បានចាប់ដៃជាមួយអ្នក​វិនិយោគក្នុងស្រុក បានទិញដីពុះឡូត៍លក់ ហើយគំរោងបង្កើត China Town នៅក្នុងឃុំបាគង ក្នុងស្រុកបាគង ខេត្តសៀមរាប ហាក់មិនមានសកម្មភាពអ្វីនោះទេ។

លោកបន្តថា “ខ្ញុំលឺមានគំរោងវិនិយោគចិន ប៉ុន្តែដូចជាពួកគេមកទិញដីចោល មិន​មានសកម្មភាពអ្វីនោះទេ”។លោកបន្តថា “ទោះជាយ៉ាងណាតម្លៃដីបានកើនឡើង នៅក្បែរព្រលានយន្តហោះថ្មី និងនៅតំបន់អង្គរ ឃ្យុងយូរជាយក្រុងសៀមរាប ដែ​លតម្លៃដីនៅតាមផ្លូវធំៗ មានតម្លៃរហូតដល់១០០០ដុល្លារ និងផ្លូវតូចៗមានតម្លៃ៥០០ ទៅ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

ចំណែកតម្លៃដីនៅក្នុងតំបន់កណ្តាលក្រុង មានតម្លៃចន្លោះពី១០០០ទៅ១៥០០ដុល្លារ សម្រាប់តំបន់ពាណិជ្ជកម្ម និងនៅតំបន់តាមផ្លូវតូចៗមានតម្លៃចន្លោះពី៣០០ ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើកលែងតែតំបន់ Pub Street ​ដីមានតម្លៃចន្លោះពី២០០០ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នេះបើ​តាមលោកចៅ សេងថៃ។

លោកបន្តថា បច្ចុប្បន្នការវិនិយោគលើអាផាតម៉ិន ដែលមានតម្លៃចន្លោះពី​៣០០ទៅ៥០០ដុល្លារក្នុងមួយយូនីត ក្នុងមួយខែមានដំណើរការល្អ ដោយសារ​មានតម្រូវការច្រើនពីភ្ញៀវ និងអ្នកធ្វើការចម្រុះជាតិសាសន៍។

​អគ្គនាយកក្រុមហ៊ុ​នអចលនទ្រព្យ Khmer Foundation Appraisals លោកឧកញ៉ានួន រិទ្ឋីបានថ្លែងស្រដៀងគ្នាថា ចិនបានចូលទៅខេត្តសៀមរាបបណ្តើរៗ តែមិនមានចំនួនច្រើននៅឡើយទេ ប៉ុន្តែពួកគេបានទៅទិញដីទុកច្រើន ដើម្បីសា​ងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនៅទីតាំងព្រលានយន្តហោះ ខេត្តសៀមរាបថ្មីលើផ្ទៃដីទំហំប្រមាណ១០០០ហិកតានាពេលខាងមុខ​នេះ។

លោកបន្តថា “ស្របពេលចំនួនភ្ញៀវទេសចរណ៍ចិន មកទស្សនាខេត្តសៀម​រាបច្រើន សកម្មភាពពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មនានាពីអ្នកវិនិយោគចិននឹងកើនឡើងច្រើននាពេលខាងមុខ”។

អ្នកតំណាងរាស្រ្តប្រចាំខេត្តសៀមរាប លោកឧកញ៉ាសៀង ណាំបានថ្លែង ឲ្យដឹងផងដែរថា ខេត្តសៀមរាបមានទេសចរណ៍ចិនច្រើន ប៉ុន្តែមិនទាន់ឃើញមានការសាងសង់សំណង់ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ពីសំណាក់អ្នកវិនិយោ​គចិនធំៗនៅឡើយទេ ប៉ុន្តែមានក្រុមហ៊ុនទេសចរណ៍ចិនច្រើន បានមកបើកការិ​យាល័យនៅក្នុងក្រុងសៀមរាប។ លោកបន្តថា ក្រៅពីក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋានចិន​ជាច្រើន ក៏បានបើកនៅក្នុងក្រុងនេះផងដែរ។

នៅពេលសាកសួរពីក្រុងចិនឬ China Town ក្នុងខេត្តសៀមរាប តំណាង​រាស្រ្តរូបនេះបានថ្លែងថា “ក្រុមហ៊ុននេះបានរត់បាត់ទៅហើយ មិនដឹងទៅណានោះទេ ហើយគំរោងនេះគ្មានសកម្មភាពនោះទេ រហូតមកទល់ពេលនេះ”។

ការអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា ចិនចូលចិត្តវិនិយោគនៅតំបន់ជាប់មាត់សមុទ្រច្រើនជាង ដូចជាខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់សម្បូរបែ​បទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដែលងាយស្រួលដឹកទំនិញ និងតភ្ជាប់សកម្មភាពាណិជ្ជកម្មជាមូយតំបន់ និងប្រទេសចិនបានងាយស្រួ។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ចិនចូលចិត្តសមុទ្រ ដោយសារជាតំបន់ដែលងាយតភ្ជាប់ និងមាន​លក្ខខ័ណ្ឌអាកាសធាតុ និងភូមិសាស្រ្តល្អប្រសើរសម្រាប់តភ្ជាប់សកម្មភាពពាណិ ជ្ជកម្ម​ និងទេសចរណ៍។លោកបន្តថា ចិនមានគោលនយោបាយ សម្រាប់អភិវឌ្ឈ ន៍នៅតាមតំបន់និមួយៗខុសៗគ្នា ប៉ុន្តែអ្វីដែលគេផ្តោតជាពិសេស គឺតំបន់ជាប់មាត់សមុទ្រ៕

អ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលពន្លឿនការរៀបចំប្លង់គោលនៅតាមក្រុងនីមួយៗ

0

ដោយ គង់ សូរិយា

ភ្នំពេញ អ្នកជំនាញក្នុងវិស័យអចលនវត្ថុកម្ពុជា និងមន្រ្តីជំនាញផ្នែកនគរូបនីយកម្មបានជម្រុញឲ្យរដ្ឋាភិបាល បង្កើនល្បឿនរៀបចំប្លង់គោលនៅតាមទីក្រុង​និមួយៗ ដើម្បីកាត់បន្ថយបញ្ហាប្រឈមជាច្រើននៅពេលអនាគត។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL លោកឧកញ៉ា ចេង ខេង បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា រដ្ឋាភិបាលគួរពន្លឿនរៀបចំ​ប្លង់គោលនៅតាមទីក្រុងនិមួយៗ ដើម្បីសម្រួលបញ្ហាកកស្ទះចរាចរណ៍ ការរំលោ ភចិញ្ចើមផ្លូវ និងបញ្ហាសណ្តាប់ធ្នាប់សាធារណៈដទៃទៀត។លោកបន្តថា នៅពេ​លប្រជាជនកាន់តែមានជីវភាពធូរធារ បញ្ហាសង្គម ការកកស្ទះចរាចរណ៍នឹងកើន​ឡើង ហេតុនេះវានឹងធ្វើឲ្យមានបញ្ហាសតិអារម្មណ៍ និងឈឺក្បាលច្រើននៅពេល​ធ្វើដំណើរ។

លោកបន្តថា “យើងមិនអាចនៅបន្តរឿងឈឺក្បាល ដោយសារទីក្រុងគ្មាន​ចិញ្ចើមថ្នល់សម្រាប់ដើរ មានការកកស្ទះចរាចរណ៍ស្ទើរគ្រប់ពេលវេលាបានទេ”។​ លោកបន្តថា “រដ្ឋាភិបាលគួររៀបចំប្លង់គោល ប្លង់អភិវឌ្ឍន៍មួយឲ្យបានច្បាស់លា​ស់ ដើម្បីសង្គមរបស់យើង ប្រទេសរបស់យើងមានរបៀបរៀបរយ”។

អ្នកជំនាញផ្នែកនគរូបនីយកម្ម លោកបណ្ឌិតវ៉ាន់ វ៉ាតបានថ្លែងថា ការរៀប​ចំប្លង់គោលមានសារៈសំខាន់ណាស់ ដើម្បីយើងអាចដឹងថាតំបន់ណាគួរប្រើប្រាស់ដីបែបណា ឬដីទីតាំងណាគួរប្រើសម្រាប់វិស័យកសិកម្ម សម្រាប់វិស័យលំ​នៅដ្ឋាន ក៏ដូចជាវិស័យឧស្សាហកម្ម។ លោកបន្តថា ការរៀបចំនិងអនុវត្តន៍តាមប្លង់គោល ធ្វើឲ្យកយើងដោះស្រាយបញ្ហាប្រឈមចំពោះមុខបានច្រើន ទាំងការប្រើប្រាស់ដីលំអិតនៅតាមមូលដ្ឋាន ការរៀបចំស្ថាបនាផ្លូវគួរមានទំហំប៉ុណ្ណាសម្រាប់​អនាគត ក៏ដូចជាការប្រើប្រាស់ និងជួយលើបញ្ហាបរិស្ថានយ៉ាងដូចម្តេច។

លោកបន្តថា “នៅពេលមិនមានការប្រើប្រាស់ប្លង់គោល រដ្ឋាភិបាលនឹងមិ​ន​អាចដោះស្រាយបញ្ហាបានងាយស្រួលឡើយ គឺនៅតែមានបញ្ហា និងត្រូវដោះ​ស្រា​​យបញ្ហាមិនចេះចប់មិនចេះហើយ”។

នៅរាជធានីភ្នំពេញមានប្លង់គោល សម្រាប់អនុវត្តន៍ចាប់ពីឆ្នាំ២០១៥ ដល់​២០៣៥ ប៉ុន្តែការអភិវឌ្ឍន៍រាជធានីភ្នំពេញសព្វថ្ងៃ មិនគោរពបានតាមប្លង់គោលបានល្អប្រសើរនៅឡើយទេ៕

ជប៉ុននឹងនឹងធ្វើឲ្យតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាមកំរើកឡើង

0

ដោយ វុត្ថា

ភ្នំពេញ ប្រទេសជប៉ុនបានសម្រេចលូកដៃចូលតំបន់ត្រីកោណអភិវឌ្ឈន៍ ខណៈតំបន់ដែលស្ថិតនៅព្រំប្រទល់ដែនរវាងកម្ពុជា វៀតណាម ឡាវនេះមិនសូវ​មានសកម្មភាពសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាដុំកំភួននៅឡើយ។

អ្នកនាំពាក្យព្រឹទ្ធសភា លោកម៉ម ប៊ុននាង បានមានប្រសាសន៍ឲ្យដឹងក្រោ​យកិច្ចប្រជុំព្រឹទ្ធសភានីកាល៣ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨នេះថា ប្រទេសជប៉ុន នឹងចូលខ្លួនមកជួយអភិវឌ្ឍន៍តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោយពីប្រទេសកម្ពុជា អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមនេះ។

ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ ឲ្យដឹងពីទំហំទុនវិនិយោគដែលជប៉ុននឹងផ្តល់ជាជំនួយសម្បទាន ឬជម្រុញឲ្យក្រុមហ៊ុនឯកជនរបស់ខ្លួនចូលទៅវិនិ​យោគនៅតំបន់នេះនៅឡើយទេ។ គ្រាន់តែបញ្ជាក់ប្រទេសកម្ពុជា ត្រូវតែមានកិច្ចព្រមព្រៀង ដើម្បីងាយស្រូលដល់ការអភិវឌ្ឍន៍តំបន់នេះ ឲ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រុំដែននៃប្រទេសទាំង៣។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ទី១ បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម ទី២បង្កើតបរិយាសធុរកិច្ចល្អប្រសើរ  ទី៣ សម្រួលបំលាស់ទីរបស់ប្រជាជន យានយន្ត និងទំនិញនៃប្រទេសទាំងបីក្នុងតំបន់ត្រីកោណ ទី៤ បង្កើន​ លក្ខ​ខណ្ឌអនុគ្រោះដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ។

លោកបន្តថា “កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅរកការអភិវឌ្ឍ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ប្រកបដោយនិរន្តភាព និងគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ និងគម្លាតផ្នែកសេដ្ឋកិច្ច សង្គម និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ប្រសើរឡើង”។ លោកបន្តថា កិច្ចព្រមព្រៀងនេះក៏ផ្តល់ កិច្ចសហប្រតិបត្តិការទូលំទូលាយ ក្នុងចំណោមប្រទេសទាំងបី ដែលត្រូវបង្កើតឡើងដោយផ្អែក លើចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព ដែលមានផលប្រ​យោ​ជន៍ទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ”។

សេចក្តីព្រាងច្បាប់នេះត្រូវបានព្រឹទ្ធសភាកម្ពុជា ធ្វើការអនុម័តយល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ក្នុងសម្លេងគាំទ្រចំនួន៤៥ សម្លេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ដំណឹងល្អ!!! សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើន ៧% សម្រាប់ឆ្នាំនេះ និងឆ្នាំ២០១៩

0

ដោយ គង់ សូរិយា

ភ្នំពេញសេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំណើនល្អប្រសើរ ដោយកម្ពុជានឹងរក្សាបានកំនើនសេដ្ឋកិច្ច៧ភាគរយនៅឆ្នាំនេះ និងឆ្នាំ២០១៩ខាងមុខនេះ ដោយ​សារការជំរុញពីវិស័យបីសំខាន់ៗ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុតបានថ្លែង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីធ្វើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាកាលពីម្សិលម៉ិញនេះថា នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ខាងមុខនេះ តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់៧ភាគរយ ក្នុងនោះវិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តកំណើនក្នុងរង្វង់១,៨ភាគរយ វិស័យឧស្សាហកម្ម នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១០ភាគរយ និងវិស័យសេវាកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនខ្ពស់ក្នុងរង្វង់ប្រមាណ៧ភាគរយផងដែរ។

លោក​បន្តថា  “ទោះបីយ៉ាងណាក៏ដោយសេដ្ឋកិច្ចកម្ពុជា នឹងត្រូវជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ទាំងដែលបណ្តាមកពីតក្តាខាងក្រៅ និងខាងក្នុង ដូច្នេះយើងចាំបាច់ត្រូវមានអប្បមាទជាប់ជាប្រចាំ ព្រោះការមិនប្រុងប្រយ័ត្ននៅពេលមិនទាន់មានបញ្ហាកើតឡើង គឺជាហានិភ័យដ៏គ្រោះថ្នាក់មួយសម្រាប់យើង”។

លោកបន្តថា ​កម្ពុជាគួរត្រូវបន្តធ្វើទំនើបកម្ម មូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ទៅរកសេដ្ឋកិច្ច ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងក្លាយជាសេដ្ឋកិច្ចបង្កើតតម្លៃក្នុងរយៈពេលវែងខាងមុខ ដែលកម្ពុជាត្រូវដាក់ចេញនូវវិធានការណ៍ គោលនយោបាយចាំបាច់មួយចំនួននៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ឱ្យបន្តសម្រេចបានក្នុងរង្វង់៧ភាគរយ តាមរយៈការបន្តអភិវឌ្ឍន៍លើ​កកម្ពស់ក្បាលម៉ាស៊ីនសេដ្ឋកិច្ច ប្រពៃណីដែលមានស្រាប់ និងបង្កើតក្បាលម៉ាស៊ី​នសេដ្ឋកិច្ចថ្មីៗផងដែរ ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​បានយល់ស្របនឹងការលើកឡើងនេះ ដោយលោកបានថ្លែងថា តាមធម្មតាយើង​ឃើញសេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាវិជ្ជមាន ប៉ុន្តែវាទាមទារឲ្យកម្ពុជាខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាក្រវ៉ាត់(កំនើន)នេះ ព្រោះនៅពេលទំហំសេដ្ឋកិច្ចយើងកាន់តែធំ ទំហំនៃកំនើនអាចថយចុះ ប៉ុន្តែទំហំទឹកប្រាក់នឹងបន្តកើនឡើង។​លោកបន្តថា ផ្ទុយទៅវិញបើយើងខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយយើងអាច​បន្តរក្សាកំនើនសេដ្ឋកិច្ចបាន៧ភាគរយបន្តទៀត ជារឿងអបអរសាទរសម្រាប់ទាំងអស់គ្នា។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជាមានបញ្ហាប្រឈមដដែលៗ ប៉ុន្តែការងារនេះ​រដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើបណ្តើរៗហើយ ព្រោះវិស័យអ្វីមួយមិនអាចធ្វើមួ​យថ្ងៃទេ វាត្រូវការពេលវេលាសមស្របមួយ”៕