ដំណឹងល្អ៖ អនាគត កម្ពុជានឹងតភ្ជាប់ផ្លូវគោកជាមួយប្រទេសឥណ្ឌា

0

ដោយ វុត្ថា

ភ្នំពេញ៖ នៅក្នុងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាមួយតំបន់ និងពិភព លោក បណ្តាប្រទេសក្នុងតំបន់នានាកាន់តែខិតជិតគ្នាបន្ថែមទៀត ដែលនាពេលអនាគតនឹងមានផ្លូវហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងត្រូវតភ្ជាប់មកកម្ពុជា ។

ប្រមុខរដ្ឋាភិបាលកម្ពុជា និងឥណ្ឌាក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ របស់សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចប្រឹងប្រែងធ្វើការតភ្ជាប់ក្នុងតំបន់ ដូចជាផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងបានឯកភាពរិះរកលទ្ធភាព ដើម្បីពង្រីកបន្តផ្លូវហាយវ៉េនេះឲ្យមកដល់កម្ពុជា និងហួសពីកម្ពុជាទៅទៀត។

ផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ គឺតភ្ជាប់ពីក្រុង Moreh ក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌារហូតដល់ក្រុង Mae Sot ប្រទេសថៃ ដោយឆ្លងកាត់ប្រទេ​សមីយ៉ាន់ម៉ា ហើយបើតាមគម្រោងផ្លូវហាយវ៉េនេះ នឹងពង្រីកដល់កម្ពុជា ឡាវ និងវៀតណាម។

រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌា លោក Nitin Gadkari បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ផ្លូវហាយវ៉េឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងអាចដំណើរការបាននៅខែធ្នូ ឆ្នាំ២០១៩ ដែលផ្លូវប្រវែងប្រហែល១៤០០គីឡូម៉ែត្រនេះ ដែលនឹងជួយជំរុញដល់វិស័យពាណិជ្ជកម្ម សុខភាព អប់រំ និងទេសចរណ៍ ក្នុងប្រទេសទាំង៣នេះ៕

ស្វែងយល់បន្ថែមពីហត្ថលេខាឌីជីថលជាមួយអ្នកជំនាញ

0
លោក អ៊ូ ផាន់ណារិទ្ធ

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ មនុស្សកាន់តែរវល់ច្រើន បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលធ្វើឲ្យពួកគេមានពេលវេលាកាន់តែតិច សម្រាប់ការចុះហត្ថលេខាលើលិខិតស្នាមនានា ជំនួសវិញពួកគេអាចប្រើប្រាស់ឬចុះហត្ថលេខាជាមួយប្រព័ន្ឋឌីជីថល ដែលកាន់តែទំនើប និងកាត់បន្ថយការចំណាយពេលវេលា។

ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍លោក អ៊ូ ផាន់ណារិទ្ធ បានលើកឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ហត្ថលេខាឌីជីថលនាព្រឹកថ្ងៃទី ៣០ខែមករាឆ្នាំ២០១៨ថា ហត្ថលេខាឌីជីថលនេះ មានសារៈសំខាន់យ៉ាងខ្លាំងណាស់ ចំពោះរដ្ឋាភិបាល និងវិស័យឯកជន ដែលប្រតិបត្តិការប្រព័ន្ធអ៊ីនធឺណែត។ លោកបន្ថែមថា ហត្ថលេខាឌីជីថលនេះ នឹងធានាបានភាពត្រឹមត្រូវ សុច្ច​រិតភាព រក្សាការសម្ងាត់ និងការមិនអាចបដិសេធបាន។

លោកបន្តថា “ហត្ថលេខាឌីជីថលនឹងដើរតួយ៉ាងសំខាន់ សម្រាប់កិច្ចការផ្សេងៗលើទំនាក់ទំនងលើគ្រប់វិស័យ សម្រា​ប់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដើម្បីធានាបានសុវត្ថិភាពខ្ពស់ ទាំងក្នុងកិច្ចការរដ្ឋាភិបាលនិងវិស័យឯកជន”។លោកបន្ថែមថា “ស្ថិតក្នុងដំណាក់កាលនេះ ក្រសួងប្រៃសណីយ៍កំពុងធ្វើការផ្សព្វផ្សាយពីអនុក្រឹត្យហត្ថលេខាឌីជីថល ដើម្បីឲ្យមានការយល់ដឹងពីសារៈសំខា​ន់របស់វា ហើយដើម្បីទទួលបានហត្ថលេខាឌីជីថល ត្រូវតែមានការស្នើសុំមកក្រសួងក្រសួងប្រៃសណីយ៍ត្រឹមត្រូវ ទៅតាមលក្ខណ្ឌកំណត់ទើបអាចទទួលបាន ហត្ថលេខាឌីជីថលបាន”។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក បានលើកឡើងក្នុងសិក្ខាសាលាដដែលថា អនុក្រឹត្យហត្ថលេខាឌីជីថលនេះ នឹងក្លាយជាធាតុផ្សំមួយសំខាន់ ក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងភាពទុកចិត្តបាននៃប្រតិបត្តិការ តាមប្រព័ន្ធអ៊ីនធរណេត ទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកប្រើប្រាស់។

លោកបន្ថែមថា “វាជាចំណុចដំបូងនៃក្របខណ្ឌសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្នុងការកសាងមជ្ឈដ្ឋាននៃការប្រើប្រាស់អ៊ីនធណេតនៅកម្ពុជា ប្រកបដោយទំនុកចិត្ត និងសន្តិសុខ សម្រាប់កិច្ចការធុរកិច្ច សម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ”៕

ទីក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងម៉ាកាវទី២ ក្នុងរយៈពេល ៥ឆ្នាំទៅ១០ឆ្នាំទៀត?

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុងព្រះសីហនុដែលនៅជាប់ឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា មានចំងាយប្រមាណ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ បានក្លាយជាទីក្រុងមួយកំពុងក្រសោបយកការវិនិយោគ និងការចាប់អារម្មណ៍របស់អ្នកវិនិយោគជាតិ និងអន្តរជាតិចាប់ពីដើមឆ្នាំ ២០១៦រហូតមកទល់ពេលនេះ។

មានការរីកចម្រើនគ៏អោយកត់សម្គាល់ ទាំងវិស័យហេដ្ឋារចនាសម្ពន្ធ អគារខុនដូ និងអគារខ្ពស់ថ្មីៗជាច្រើនបាន និងកំពុងសាសង់យ៉ាងសកម្មព្រោងព្រាតនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ មិនចាញទីក្រុងភ្នំពេញនោះទេ ។ ការររីកចម្រើនយ៉ាងលឿង និងសាងសង់សំណង់យ៉ាងសកម្មនៅក្នុងតបន់នេះ ត្រូវបានគេមើលឃើញថា ទីក្រុងនេះនឹងក្លាយទៅទីក្រុងម៉ាកាវទី២របស់កម្ពុជា ក្នុងរយៈពេល៥ទៅ១០ ទៅមុខទៀត។

ស្ទើរតែគ្រប់ទីន្លែងនៅក្នុងខេត្តនេះ ត្រូវបានគេលឺសូសម្លេងសាងសង់បុកគ្រឹះ សំណង់អគារខុនដូ សណ្ឋាគារខ្ពស់ៗយ៉ាងគគ្រឹកគគ្រេង និងឃើញស្លាកសញ្ញាជាភាសាចិនធំ និងតូចនៅលើសំណង់នីមួយៗថែមទៀត ។ តំបន់នេះ គឺជាតំបន់ដែលអ្នកវិនិយោគិនចិន បានចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកឧញ្ញា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនhottun CPLបានថ្លែងថា ក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន មានសក្កដានុពលផ្នែកសេដ្ឋកិច្ច និងការរីកម្រើនយ៉ាងខ្លាំង ក្នុងចំណោមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ការការរីកចម្រើនយ៉ាងដូច្នេះ ដោយសារតែមានអ្នកការវិយោគបរទេសជាច្រើនបានចាប់អារម្មណ៍មកវិនិយោគក្នុងទីក្រុងនេះ ហើយជាពិសេសភ្ញៀវទេសចរណ៍បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧកញ៉ាបន្តថា “ការរីកចម្រើនលឿនរបស់ក្រុងព្រះសីហនុនេះ ដោ​យសារតែមាន ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ជាច្រើនបានចាប់អារម្មណ៍វិនិយោគលើលវិស័យដីធ្លី សាងសង់ខុនដូរ និងកាស៊ីណូ ព្រមទាំងសំណង់អគារផ្សេងៗជាច្រើន”។ លោកបន្តថា “ក្នុងរយៈពេល៥ទៅ១០ទៀត តំបន់នេះនឹងក្លាយទៅជាតំបន់រីកចម្រើនដូចទីក្រុងម៉ាកាវទី២ បើសកម្មភាពនៃការសាងសង់មិនត្រូវបានរេរាំង”។

កញ្ញាJessica អ្នកអភិវឌ្ឍន៍គំរោងខុនដូប្រណីតSea Gate Suite បានថ្លែងថា ការសម្រេចិត្តមកសាងសង់ខុនដូនៅតំបន់នេះ ដោយសារតែតំបន់នេះ នៅជាប់ឆ្នេរដ៏ស្រស់ស្អាត ហើយជាប់ជាឆ្នេរស្រស់ស្អាតលំដប់ពិភភលោក និងមានអាហារសមុទ្រស្រស់ៗ ហើយជាខេត្តមានសក្កដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាជាគោលដៅនៃគោលនយោបាយរបស់ចិន (One Belt One Road) ដែលបានដាក់ចេញ ក្នុងការអភិវឌ្ឍន៍តំបន់នេះឲ្យរីកចម្រើន។

កញ្ញាបន្តទៀតថា “មិនតែប៉ុណ្ណោះក្រុងព្រះសីហនុ មានកំពង់ផែសម្រាប់ដឹកទំនិញឆ្លង់ទៅកាត់អន្តរជាតិ” ។

អនុប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកស្រីតាំង ហួរបានថ្លែងថា ទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន មានការខុសប្លែកច្រើនដោយសារមមានគម្រោងសាងសង់ខុនដូ និងការវិនិយោគលើវិស័យដីធ្លីជាច្រើន ការនេះ បានធ្វើឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើតើមិនមិនស្មានដល់”។

លោកស្រីបន្តថា “ការសាងស់នូវអគារចំនួនច្រើន នឹងធ្វើអោយប្រជាពល​រដ្ឋក្នុងតំបន់នេះ មានឪកាសទទួលបានការងារធ្វើ ព្រមទាំងទទួលបានប្រាក់ចំណូ​លសមរម្យ”។លោកស្រីបន្តថា ទោះជាយ៉ាងណាក៏មានបញ្ហាមួយចំនួនកើតឡើង ស្របពេលជាមួយនឹងការការរីចម្រើននេះដែរ តែមិនមានអ្វីជាបញ្ហាចោទខ្លាំងក្លានោះទេ”។

ជាអ្នកលក់បបរ និងបាយកញ្ចប់តាមម៉ូតូនៅបណ្តោយឆ្នេរអូឈើទាល និងជាអ្នករស់នៅក្នុងខេត្តព្រះសីហនុនេះ ប្រមាណជា៧ ឆ្នាំ អ្នកស្រីសុខ គាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុងព្រះសីហនុមានការរីកចម្រើន គួរឲ្យកត់សម្គា​ល់ស្ទើរតែគ្រប់ផ្នែក ជាពិសេសមានសណ្ឌាគារ ខុនដូ និងសំណង់ផ្សេងៗបាននឹងសាងសង់ដោយក្រុមហ៊ុនចិន។

លោកស្រីបន្តថា “តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះមានតែភ្ញៀវទេចរណ៍ និងវិនិយោគិនចិនមករកស៊ី និងស្នាក់នៅក្នុងក្រុងព្រះសីហនុច្រើនជាងគេ។ចំណែ​កអ្នកទេសចរណ៍អឺរ៉ុបមានការធ្លាក់ចុះទៅវិញ”។

ក្រុងព្រះសីហនុត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់ជាតំបន់គោលទេសចរណ៍ដែលមានឆ្នេរស្រស់ស្អាត និងការអភិវឌ្ឍន៍លើវិស័យសំណង់អគារ ព្រមទាំងជាតំបន់កំពង់ផែដឹកទំនិញផងដែរ។ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានចុះហត្ថលេខាជួសជួលផ្លូវល្បឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ ក្នុងតំលៃ១៩០០លានដុល្លារដុល្លារអាមេរិក៕

ដំណឹងល្អ៖ Rosewood នឹងបើកដំណើរការនៅចុងខែកុម្ភៈខាងមុខនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹងល្អៈសណ្ឋាគារ Rosewood កម្រិតផ្កាយប្រាំលំដាប់ពិភពលោក នឹងបើកដំណើរការនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨ កុម្ភៈខាងមុខនេះហើយ បន្ទាប់ពីការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លូនបានដោយជោគជ័យ។

សណ្ឋាគារ Rosewood ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះនឹងបើក​ដំណើរការនៅផ្នែកនៃជាន់ខាងលើអាគារ Vattanac Capital ដែលជាអាគារដ៏ទាក់ទាញ និងទទួលបានពានរង្វាន់ជាច្រើននៅទីក្រុងភ្នំពេញ។

អ្នកនាង Hanny Wahyuni Gunawan នាយកផ្នែកទំនាក់ទំនងនៃសណ្ឋាគារ Rosewood នៅកម្ពុជា បានថ្លែងឲ្យដឹងតាមអ៊ីម៉េលកាលពីពេលថ្មីៗនេះថា សណ្ឋា​គារនេះមានបន្ទប់ចំនួន១៧៥ ក្នុងនោះមានបន្ទប់បែបVIPចំនួ​ន៣៧បន្ទប់ ដែលរចនាដោយគោរពតាមបរិបទវប្បធ៌មកម្ពុជា ដែលបន្ទប់និមួយៗអាចគយ​គន់ទេ​ស​ភាពក្រុងភ្នំពេ​ញបាន។ អ្នកនាងបន្តថា កម្ពុជាជាទីតាំងដែលមានសក្តានុពល​សម្រាប់វិស័យទេសច​រណ៍ ដែលកំពុងមានការកើនឡើងនៅប្រទេសនេះ ហើយការ​មកដល់នូវសេវាកម្ម ដែលមានកេរ្ត៍ឈ្មោះល្បីៗពីបរទេសកាន់តែច្រើននឹងជួយលើកមុខមាត់ប្រទេ​សនេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ផ្លូវអាកាសកាន់តែ​មានភាពប្រសើរឡើង។

សណ្ឋាគារនេះ ត្រូវបាននាំមកដោយអ្នកវិនិយោគអចលនទ្រព្យកម្ពុជា គឺក្រុមហ៊ុន Vattanac Properties និងគ្រប់គ្រងដោយ Rosewood ភ្នំពេញ។

អ្នកនាង Hanny Wahyuni Gunawan បានបន្តថា “ឧស្សាហកម្មសណ្ឋាគារ​ក្នុងប្រទេសកម្ពុជាកំពុងមានការរីកចំរើន ដែលធ្វើឲ្យអត្រាប្រើប្រាស់បន្ទប់នៅតែមាន​ការកើនឡើង”។អ្នកនាងបន្តថា “ការចូលមកដល់នូវអចលនទ្រព្យ ដែលមានភា​ពស៊ីវិល័យកំពុងត្រូវបានពង្រីក នៅតាមផ្នែកមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងរួមចំណែកធ្វើឲ្យប្រទេសនេះ លេចមុខលេចមាត់លើការធ្វើ​ដំនើរ និងស្តង់ដាបដិសណ្ឋារកិច្ចកាន់តែមានកម្រិតខ្ពស់”។

បន្ទប់សណ្ឋាគារ និងរមណីយដ្ឋាន Rosewood មានតំលៃចាប់ពី២៥០ដុល្លារឡើងទៅ ដោយមិនរួមបញ្ចូលនូវពន្ឋនៅឡើយទេ។

Rosewood មានទំនុកចិត្តចំពោះទីផ្សារនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចល នទ្រព្យកម្ពុជា Vattanak Capital នឹងដំណើរការសណ្ឋាគារ Rosewood &Resorts នៅខេត្ត​សៀមរាបក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែ​ងថា ការមកដល់នូវសណ្ឋាគារ Rosewood ជាការបង្ហាញនូវជំនឿទុកចិត្ត និង​ការសម្លឹ​ង​មើលឃើញសក្តានុពល និងការមានអតិថិជនក្នុងដៃស្រាប់របស់អ្នកវិនិយោគ ហើយការចូលមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ បរិ​យាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងច្បាប់វិនិយោគនៅកម្ពុជាកាន់តែ​មានភាពទាក់ទាញ។

លោកបន្តថា “ការប្រកួតប្រជែងតែងតែមាន ប៉ុន្តែនៅរាជធានីភ្នំពេញម្ចាស់អចលនទ្រព្យនានា បានគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ខុសពីក្រុងសៀមរាបដែលការប្រកួតប្រជែងធ្វើឡើងដោយមិនសូវមានសីលធ៌ម”។

លោកហូ វណ្ឌីបានបន្តថា “ការមកដល់របស់ Rosewood នឹងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជាបន្ថែមទៀត”។លោកបន្តថា “យើង​គួរតែមានមោទនភាព និងរីករាយ ប៉ុន្តែអ្វីសំខាន់គឺយើងមិនត្រឹមតែឲ្យភ្ញៀវទេសចរណ៍ ត្រឹមតែមកឃើញកម្ពុជាទេ សំខាន់គឺត្រូវឲ្យគេស្គាល់ ដើម្បីពួកគេមកកម្ពុជាម្តង​ហើយម្តងទៀត”។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានថ្លែងស្រដៀងគ្នាថា ការមកដល់នៃសណ្ឋាគារនេះ វាមានសញ្ញាវិជ្ជមានជាច្រើនដែលធ្វើឲ្យមានទំនុកចិត្តថែមទៀត ដល់អ្នកទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិនានាមកលើប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយនៅកម្ពុជា។ លោកបន្តថា មានប្រទេសមួយចំនួនបានផ្តល់ដី ដល់ក្រុមហ៊ុនអន្តរជាតិបែបនេះ ដើម្បីឲ្យពួកគេមកវិនិយោគនៅប្រទេសរបស់ពួកគេ ព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសរបស់ខ្លួន។

លោកបន្តថា “ការមកដល់នៃ Rosewood វាជាសក្ខីភាពនៃការរីកចម្រើននិងទំនុកចិត្តនៃទីផ្សារកម្ពុជា ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ”។លោក​បន្តថា “ការមកដល់របស់ Rosewood នឹងបង្កើនកំនើនភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត”៕

កម្ពុជាចាប់ផ្តើមឈានជើងចូលក្នុងកម្មវិធីនៃហត្ថលេខាឌីជីថល

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំង ការចុះហត្ថលេ​ខាលើលិខិតស្នាមនានា ត្រូវបានធ្វើឡើងតាមប្រព័ន្ឋកុំព្យូរទ័រ ដោយប្រើប្រាស់ប ច្ចេកវិទ្យា និងធានាបាននូវសុច្ចរឹតភាពសម្រាប់ការប្រើប្រាស់ផងដែរ។

ឆ្លើយតបនឹងបដិវត្តន៍បច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម ក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យហត្ថលេខាឌីជីថល ដោយមានការចូលរួមពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករ និងបុគ្គ​លពាក់ព័ន្ធ និងវិស័យទូរគមនាគមន៍ ប្រតិបត្តិករវិស័យហិរញ្ញវត្ថុ និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍បានចែកជូនអ្នកសារព៌តមាននាព្រឹកថ្ងៃទី៣០ មករានេះបានឲ្យដឹងថា ហត្ថលេខាឌីជីថល ប្រៀបបានទៅនឹងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ប្រតិបត្តិការអនឡាញ ឬអ៊ីនធឺណែត។ ហត្ថលេខាឌីជីថល ជាធាតុផ្សំសំខាន់ក្នុងការធ្វើឲ្យមានសន្តិសុខ និងសុវត្ថិភាព តាមរយៈយន្តការការបញ្ជាក់ពីភាពត្រឹមត្រូវ សុច្ចរិតភាពរក្សាការសម្ងាត់ និងការមិនអាចបដិសេធបាន។

រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍លោកត្រាំ អ៊ីវតឹកបានថ្លែងក្នុង ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ហត្ថលេខាឌីជីថល នាព្រឹកថ្ងៃទី ៣០ខែមករាថា អនុក្រឹត្យហត្ថលេខាឌីជីថលនេះ នឹងក្លាយជាធាតុផ្សំមួយសំខាន់ ក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងភាពទុកចិត្តបាននៃប្រតិ​បត្តិការតាមប្រព័ន្ធអ៊ីនធរណេត ទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកប្រើប្រាស់។

លោកបន្ថែមថា “វាជាចំណុចដំបូងនៃក្របខណ្ឌសន្តិសុខបច្ចេកវិទ្យា គមនា​គមន៍ និងព៌តមាន ក្នុងការកសាងមូលដ្ឋាន នៃការប្រើប្រាស់អ៊ីនធណេតកម្ពុជា ប្រកបដោយទំនុកចិត្ត និងសន្តិសុខ សម្រាប់កិច្ចការធុរកិច្ច សម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ”។

អនុក្រឹត្យហត្ថលេខាឌីជីថលត្រូវបានរដ្ឋាភិបាល សម្រេចដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ៕

ជប៉ុនកាន់តែបង្កើនមូលដ្ឋានរ៉ឹងមាំសម្រាប់វិនិយោគនៅកម្ពុជា

0

​ដោយដួង ចន្រ្ទា

ភ្នំពេញ៖ កំនើននៃការវិនិយោគ និងការមកដល់នៃអ្នកទេសចរណ៍ជប៉ុន បាន​ផ្តល់ជាមួលដ្ឋានរ៉ឹងមាំ សម្រាប់ជប៉ុនឈានជើងមួយជំហ៊ានទៀត មកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

ការបើកស្ថានកុងស៊ុលថ្មីនៅខេត្តសៀមរាប ឆ្លុញបញ្ចាំងពីការតភ្ជាប់ស្ពាននៃមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរ៉ឹងមាំ និងអាចធ្វើដំណើររយៈពេលវែងជាមួយគ្នា ខណៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានសន្យាជំរុញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ប៉ុន្តែបានស្នើសុំមន្រ្តីជាន់ខ្ពស់កម្ពុជាជួយ​ការពារជនជាតិខ្លួនដែលបានរស់នៅ និងធ្វើការនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី២៩ មករានេះ លោកKazuyuki Zakane អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានស្នើរ ឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តីជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលមកទស្សនានៅកម្ពុជាបន្ថែមទៀត ខណៈជប៉ុន បានសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាបនោះ។លោកបន្តថា ទាំងអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុននៅកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នំា។

លោកបន្តថា “ជប៉ុនសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀម​រាប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏ដើម្បីបញ្ជា​ក់​នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ”។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា មានរហូតដល់ជាង២៥០ក្រុមហ៊ុន។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុនគឺជា មិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជាពិតជាអគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុ​ ប្បន្ននេះ។ យ៉ាងណាក៏ដោយសម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា ចាំបាច់បំផុតគឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ។

សម្តេចបន្តថា ការដាក់សម្ពោធការិយាល័យកុងស៊ុលរបស់ជប៉ុន នៅក្នុងទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២៨ខែមករានេះ គឺជាការបង្ហាញពីការជឿជាក់របស់ភាគីជប៉ុនអំពីស្ថានការណ៍ប្រទេសកម្ពុជា ក៏ដូចជាការជំរុញឲ្យវិស័យទេស​ចរណ៍មានការរីកចម្រើនកាន់តែខ្លាំងផងដែរ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែលសម្រេចបានកំនើនល្អប្រសើរ គួបផ្សំនឹងស្ថិរភា ពនយោបាយ និងលំហូរFDIកើនឡើងជាបន្តបន្ទាប់ ជាផ្នែកយ៉ាងសំខាន់ក្នុងការ ទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន ចូលមកវិនិយោគនៅកម្ពុជា។លោកបន្តថា បច្ចុប្បន្នជប៉ុនបានវិនិយោគស្ទើរគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសំរាប់ធ្វើ​ការ និងរស់នៅរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “អ្នកវិនិយោគជប៉ុនពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែងតែស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ នេះជាមូលហេតុដែលពួកគេសិក្សារយៈពេលវែង មុនមកវិនិយោគនៅកម្ពុជា”៕

អស្ចារ្យ!!! អតិថិជនឈ្នះរង្វាន់រហូតដល់ ២០០០០ដុល្លារ ពីបុរី The Mekong Royal

0

ដោយ ដែន ចែងចាំង

ភ្នំពេញ បុរីប្រណីត និងប្រកបដោយគុណភាព The Mekong Royal បានផ្តល់រង្វាន់ចំនួន២០,០០០ដុល្លារ ដល់អតិថិជរបស់ខ្លួន ដែលបានកក់លំនៅដ្ឋានក្នុងគំរោងរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឈន៍យ៉ាងលឿន នៅតំបន់ជ្រោយចង្វារ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦អា។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ឲ្យដឹង​នាព្រឹកថ្ងៃទី២៩ មករានេះថា អតិថិជនដែលមានសំណាងចាប់បានរង្វាន់ដ៏អស្ចារ្យ ជាទឹកប្រាក់បញ្ចុះតម្លៃ 20,000ដុល្លា ស្រ៊ុន រដ្ឋសាឌី លេខទូរស័ព្ទ 017 67 25 47 ដែលបានមកកក់ផ្ទះនៅថ្ងែទី28 ខែមករា ឆ្នាំ 2018 ក្នុងឱកាសប្រូម៉ូសិនកាន់តែកក្រើក។ រង្វាន់រឹតតែអស្ចារ្យពីបុរី ឌឹមេគង្គរ៉ូយ៉ាល់ ផ្តល់ជូនអតិថិជននៅរង្វាន់ពិតៗជាមួយនឹងគុណភាពសំណង់ សោភ័ណភាព ការចនាដ៏ទាក់ទាញ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានផាសុខភាព និងទីតាំងគំរោងស្ថិតនៅស្របមាត់ទន្លេសាប និងទន្លេមេគង្គ គំរោងលំនៅដ្ឋាននៃបុរី The Mekong Royal សមស្របនឹងលំនៅដ្ឋានសម្រាប់មនុស្សសម័យថ្មី បុរី The Mekong Royalបានទទួល ជោគជ័យយ៉ាងឆាប់រហ័ស។

អតិថិជនអាចមកទស្សនាផ្ទះគំរូដោយផ្ទាល់ និងសាកសួរព័ត៌មានបន្ថែម ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ដែលមានចម្ងាយពីស្ពានជ្រោយចង្វារចម្ងាយ6គីឡូម៉ែត្រ ស្ថិតខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង 010 86 87 88, 078 86 87 88, 097 9868788៕

អ្នកជំនាញអចលនទ្រព្យនិយាយពីការអភិវឌ្ឍន៍ទីក្រុងព្រះសីហនុ

0

 

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមអ្នកជំនាញនិងអ្នកអភិវឌ្ឍអចនទ្រព្យលើកឡើងថា ក្រុងព្រះសីហនុ មានការរីកចម្រើនគ៏អោយកត់សម្គាល់ ទាំងវិស័យហេដ្ឋារចនាសម្ពន្ធ អគារខុនដូរ និងអគារខ្ពស់ថ្មីៗជាច្រើន ដែលបាននិងកំពុងសាសង់យ៉ាងសកម្មព្រោងព្រាតនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ។

អ្នកនៅក្នុងឧស្សាហកម្មនេះបានលើកឡើងស្រដៀងគ្នាថា ក្រុងព្រះសីហនុនាពេលបច្ចុប្បន្នមានសក្កដានុពលផ្នែកសេដ្ឋកិច្ច និងការរីកម្រើនយ៉ាងខ្លាំងក្នុងចំណោមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ។ ការការរីកចម្រើនយ៉ាងដូច្នេះ ដោយ​សារតែមានអ្នកការវិយោគបរទេសជាច្រើន បានចាប់អារម្មណ៍មកវិនិយោគក្នុងទីក្រុងនេះ ហើយជាពិសេសភ្ញៀវទេសចរណ៍បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧកញ៉ាចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងឲ្យដឹងក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍មុនបានថ្លែងថា ការរីកចម្រើនលឿនរបស់ក្រុងព្រះសីហនុនេះ ដោយសារតែមានក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនជាច្រើន បានចាប់អារម្មណ៍វិនិយោគលើលវិស័យដីធ្លី សាងសង់ខុនដូរ ព្រមទាំងសំណង់អគារផ្សេងៗជាច្រើន។ លោកឧកញ៉ាបានបន្តថា ខេត្តមួយនេះបានជាប់ជាសមាជិកក្លឹបឆ្នេរស្អាតជាងគេងក្នុងពិភលោក ដូច្នេះហើយបានជាអ្នកវិយោគិនចាប់រម្មណ៍។

លោកបានបន្តថា “ក្នុងរយៈពេល៥ទៅ១០ទៀតតំបន់នេះ នឹងក្លាយទៅជាតំបន់រីកចម្រើនដូចប្រទេជិតខាង”។

កញ្ញា Jessica អ្នកអភិវឌ្ឍន៍គំរោងខុនដូប្រណីត Sea Gate Suite បានថ្លែងថា ការសម្រេចិត្តមក​សាងសង់​ខុនដូនៅតំបន់នេះ ដោយតែតំបន់នេះនៅជាប់ឆ្នេរដ៏ស្រស់ស្អាត និងអាហារសមុទ្រស្រស់ៗ ហើយជាខេត្តមានសក្កដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។

លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានដឹកនាំសមាជិកខ្លួនប្រមាណជិត១០០នាក់ មកទស្សនកិច្ចសិក្សាគំរោងសាងសង់ខុនដូ Sea Gate Suite ដែលវិនិយោគតម្លៃ២០០លានដុល្លារអាមេរិកនោះបានថ្លែងឲ្យដឹងផងដែរថា ទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្នមានការខុសប្លែកច្រើន ដោយសារមមានគម្រោងសាងសង់ខុនដូ និងការវិនិយោគលើវិស័យដីធ្លីជាច្រើន។ ការណ៍នេះបានធ្វើឲ្យខេត្តនេះ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើតើមិនមិនស្មានដល់។

ក្រុងព្រះសីហនុត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់ជាតំបន់ឧស្សាហកម្មនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥៕

ព័ត៌មានលម្អិតបន្ថែមពីអាគារ Gold Tower42 ដែលកំពុងរៀបចំសាងសង់ឡើងវិញ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ មានហេតុផលចំនួនបួន ស្ថិតនៅពីក្រោយការចាប់ផ្តើមសាងសង់អាគារកំពស់៤២ជាន់ Gold Tower42 ឡើងវិញ ជាអាគារដែលបានផ្អាកការសាងសង់អស់រយៈពេលជិត១០ឆ្នាំ។

ឥឡូវនេះ ក្រុមហ៊ុនវិនិយោគ YUNWOO Cambodia ​សហការជាមួយក្រុមហ៊ុន Hongtao Decoration Co.,Ltd និង H T W M Engineering Cambodia Co., Ltdកាលពី​ថ្ងៃ​ម្សិលម៉ិញ ប្រកា​សបើកឲ្យដំណើរការសាងសង់អគារ៤២ជាន់ឡើងវិញ ដែលបោះទុនវិនិយោគក្នុងរង្វង់ ទឹកប្រាក់​ប្រមា​ណ២៤០​លានដុល្លារសហរដ្ឋអាមេរិក ។

លោក Liu Nianxin អគ្គនាយក​ក្រុមហ៊ុន Hongtao Decoration Co., Ltd និង HTWM Engineering Cambodia Co,Ltd បានលើកឡើងក្នុងពិធីប្រកាសបើកការ​ដ្ឋានសាងសង់អាគារ Gold Tower42ឡើងវិញកាលពីថ្ងៃម្សិលម៉ិញនេះថា ការសម្រេចចិត្តដាក់ទុនវិនិយោគបន្ត លើគម្រោងអគារ៤២ជាន់ គឺមានចំនុចសំខាន់៤ ដូចជា ទី១ ក្រុមហ៊ុន Hongtao មានប​ទ​ពិសោធន៍ក្នុងរយៈពេលជាង៣០ឆ្នាំ ទៅលើគម្រោងសាងសង់អគារខ្ពស់ៗ ដែលល្បីៗបំផុតក្នុងប្រទេសចិន។ ទី២ គោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគោលការណ៍របស់ប្រទេសចិន ដែលលោកជឿជាក់ថា គោលការណ៍ខាងលើនេះ នឹងធ្វើឲ្យអគារ​៤២ជាន់ស​ម្រេចបានជោគជ័យ។

ទី៣ទីតាំងអគារ៤២ជាន់នេះជាទីតាំងមានហាងឆេងល្អ ស្ថិតនៅចំកណ្តាលរាជធានីភ្នំ​ពេ​ញ និងស្ថិតនៅទីប្រជុំរវាងមហាវិថីធំៗចំនួនពីរ គឺមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ និងជាតំបន់ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ។ និងទី៤.សំណង់អគារ៤២ជាន់នេះរឹងមាំ និងមានគុណភាពខ្ពស់ស្របតាម​ស្តង់ដាអន្តរជាតិ។

លោក Liu Nianxin បានបន្តថា “ខ្ញុំសោកស្តាយមែនទែន នៅពេលឃើញអគារមួយនេះត្រូវបានគេបោះបង់​ចោល ដូចនេះទើបក្រុ​មហ៊ុនរបស់លោកត្រឡប់មកសហការគ្នា ដើម្បីសាងសង់អគារនេះឡើងវិញ ជាពិសសរំពឹងខ្ពស់ថា ក្រុមហ៊ុនទាំងពីរនឹង​អាច​រក​បា្រក់កំរៃយ៉ាងច្រើនពីអគារមួយនេះ”។

លោក Kim Tae Yeon អគ្គនាយក​ក្រុមហ៊ុន YUNWOO CAMBODIA Co.,LTD បានថ្លែងឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​បន្ថែម​ទុន១៤០​លាន​ដុល្លារ​លើ​គម្រោ​ងGolden Tower មួយ​នេះ បន្ទាប់ពីបាន​បោះទុន​ចំនួន​១០០​លាន​ដុល្លាររួចមកហើយ​។លោកបន្តថា បន្ទាប់ពីអគារ Gold Tower 42 នេះសម្រេចការសាងសង់ជាស្ថាពរ វានឹងក្លាយជា​សមិទ្ធ​ផល​អគារ​ពាណិជ្ជកម្មថ្មីមួយទៀត ស្ថិតនៅកណ្តាល រាជធានីភ្នំពេញ ដែលនេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើន ព្រមទាំង​បានរួម​ចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាតទៅអនាគត ។

លោកឧបនាយករដ្ឋមន្រី្ត យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុងពិធីបានថ្លែងថា ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សូមអបអរសាទរជាមួយ​ក្រុម​ហ៊ុន​ទាំងពីរ ដែលបានចាប់ដៃគ្នារវាងក្រុមហ៊ុនចិន និងកូរ៉េ ដើម្បីកសាងអគារ៤២ជាន់នេះឲ្យទទួលបានជោគជ័យ នេះជា​ចំនុចមួយដ៏ល្អប្រសើរ។

លោកបន្តថា “នេះជាឱកាសមួយដ៏ល្អ ​ដែលក្រុមហ៊ុនទាំងពីរបានសម្រេចចិត្តវិនិយោគ ហើយ​ពង្រីកការ​វិនិយោគ​ដ៏ធំមួយ ដើម្បីសាងសង់អគារ៤២ជាន់ នៅលើទឹកដីកម្ពុជា នាកណ្តាលរាជធានីភ្នំពេញ”។ លោកបន្តថា “នេះសបញ្ជា​ក់ឲ្យ​ឃើញថា ក្រុមហ៊ុនទាំងពីរមានជំនឿជឿជាក់យ៉ាងរឹងម៉ាំ មកលើរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសក៏ដូចជាក្នុងការ ការពារនូវសុខសន្តិភាព និងបរិស្ថានអំ​ណោ​យផលយ៉ាងសំបូរបែប”៕

ក្រុមហ៊ុនចំនួនបី គ្រោងចំណាយប្រាក់ ១០ប៊ីលានដុល្លារបង្កើតទីក្រុងរណបចំនួន ២នៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនពហុជាតិចំនួនបី គ្រោងវិនិយោគទឹកប្រាក់ ១០ប៊ីលានដុល្លារអាមេរិក ដើម្បីបង្កើតទីក្រុងរណបចំនួនពីរនៅកម្ពុជា ដែលមានមូលដ្ឋាននៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាម។

យោងតាមសេចក្តីប្រកាសព៌តមានដែលបានចែកជូនអ្នកសារព៌តមាន ដែលបានចែកជូនបណ្តាញអ្នកសារព៌តមានកាលពីម្សិលម៉ិញបានឲ្យដឹងថា ក្រុមហ៊ុនចំនួនបីនោះរួមមាន ក្រុមហ៊ុនឆៃណា ប៉ៃជីង របស់សាធារណៈរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Zhuhai New Century របស់វៀតណាម និងក្រុមហ៊ុនរដ្ឋសាឌី Development របស់កម្ពុជា។ ក្រុមហ៊ុនទំាង៣ បានចុះកិច្ចព្រមព្រៀមជាមួយគ្នានៅរាជធានីភ្នំពេញ។

លោកឧកញ៉ា ហួត ឌី នាយកក្រុមហ៊ុនរដ្ឋសាឌី Development បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងបង្កើតទីក្រុងរណបចំនួន២ ដែលមានទីតំាងនៅខេត្តកណ្តាលមួយកន្លែង និងខេត្តកំពង់ចាមមួយកន្លែង លើទំហំផ្ទៃដីនៃទីក្រុងថ្មីទំាងពីរជិត២ម៉ឺនហិកតា។ លោកឧកញ៉ាបន្តទៀតថា ទីក្រុងរណបទំាងពីរនេះ គ្រោងនឹងចំណាយថវិកាប្រមាណជាង១០ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលគ្រោងចាប់ផ្តើមឆាប់ៗខាងមុខនេះ។

លោកឧកញ៉ា ហួត ឌី បន្តទៀតថា ពេលទីក្រុងរណបទំាងពីរនេះដំណើរការ នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ពលរដ្ឋកម្ពុជា ពិសេសគឺកំណើនសេដ្ឋកិច្ចពលរដ្ឋកម្ពុជាផ្ទាល់តែម្តង ដូចនេះលោកឧកញ៉ាសំណូមពរឱ្យបណ្តាដៃគូរផ្សេងៗទៀត ពិសេសគឺមន្ត្រីរាជរដ្ឋាភិបាលមេត្តា ជួយសហការជាមួយនឹងក្រុមហ៊ុនវិនិយោគទំាង៣ ដែលទទួលសិទ្ធពីរាជរដ្ឋាភិបាល ក្នុងការជួយបង្កលក្ខណៈឱ្យមានភាពរលូន ដើម្បីបង្កើតទីក្រុងរណបទំាងពីរនៅកម្ពុជានេះ ទទួលបានភាពជោគជ័យ។

ប្រធាននាយកដ្ឋានរដ្ឋបាលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកសារ សំបូរ បានលើកឡើងថា ការបង្កើតទីក្រុងរណបនេះជាតម្រូវការ និងការចង់បានរបស់ពលរដ្ឋកម្ពុជា ក៏ដូចជាការចង់បានរបស់​រជរដ្ឋាភិបាលកម្ពុជាផងដែរ ដូចនេះឯកឧត្តមស្នើឱ្យក្រុមហ៊ុនទំាង៣ រួមសហការគ្នាបង្កើតទីក្រុងរណបថ្មីនេះឱ្យទទួលបានភាពជោគជ័យ ដើម្បីផលប្រយោជន៍ពលរដ្ឋកម្ពុជាក្នុងសម័យថ្មី។

គម្រោងសាងសង់ទីក្រុងរណបថ្មីទំាងពីរនេះ គ្រោងនឹងបង្កើតក្នុងអំឡុងឆ្នាំ២០១៨ឆាប់ៗខាងមុខនេះ៕