ដោយ គង់ សូរិយា
ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីសម្រាប់អាណត្តិឆ្នាំ២០១៩២០២០ នៅថ្ងៃទី១៤ ធ្នូខាងមុខនេះ។
បេក្ខជនបីរូបដែលមានស្នាដៃ និងបទពិសោធន៍ក្នុងវិស័យនេះ បានដាក់ពាក្យជាបេក្ខភាពសម្រាប់ ឲ្យសមាជិកសមាគមបោះឆ្នោតជ្រើសរើស ជាប្រធានសមាគមនេះក្នុងអាណត្តិថ្មីនេះ។
បេក្ខជនទាំងនោះ រួមមាន លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ស៊ុត វីរៈ អគ្គនាយកក្រុមហ៊ុន Hutton CPLនិងលោកវ៉ន់ ចាន់ថន អគ្គនាយកក្រុមហ៊ុន Towncity Real Estate។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21Mekong ដែលជាបេក្ខភាពមួយរូបឈរឈ្មោះសម្រាប់ តំណែងប្រធានសមាគមអាណត្តិថ្មីបានមានប្រសាសន៍ថា សមាគមមួយរីកចម្រើនទៅបាន គឺទាមទារឲ្យថ្នាក់ដឹកនាំមានសមត្ថភាពចំណេះ ជំនាញ និងឆន្ទៈធ្វើការងារជាក្រុម។

លោកបន្តថា ការឲ្យតម្លៃនៃការធ្វើការងារជាក្រុម គឺគុណវុឌ្ឍិរបស់ថ្នាក់ដឹកនាំ ការធ្វើការងារជាក្រុមអាចមានចីរភាពទៅបាន ទាមទារឲ្យមានយុទ្ឋសាស្ត្រដូចខាងក្រោម ដូចជា “ទី១ កាត់បន្ថយនិងលុបបំបាត់ជំងតួឯក ទី២ ពង្រឹងវប្បធ៌មនៃការធ្វើការងារតាមរយៈ យើងរៀនជាមួយគ្នា យើងរកស៊ីប្រកបដោយសីលធ៌មទាំងអស់គ្នា យើងរីកចម្រើនទាំងអស់គ្នា។

ចំណែកលោក ស៊ុត វីរៈ បានលើកឡើងផងដែរថា ប្រសិនជាយើងមានសមត្ថភាពខ្ពស់ យើងនឹងធ្វើការងារបានល្អ ហេតុនេះសូមជ្រើសរើសយកម្នាក់ ហើយគាំទ្រគាត់ដោយគ្មានលក្ខខ័ណ្ឌ ដើម្បីយើងធ្វើឲ្យបានល្អប្រសើរទាំងអស់គ្នា និងដើម្បីក្រុមការងាររបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
រីឯបេក្ខភាពមួយរូបទៀតលោក វ៉ន ចាន់ថន ហៅចនបានមានប្រសាសន៍ឲ្យដឹងផងដែរថា លោកនឹងពង្រឹងផ្ទៃក្នុងសមាគមនិងពង្រឹង និងពង្រីកទំនាក់ទំនងទៅកាន់អន្តរជាតិ ពិសេសជាមួយសមាគមដែលជាដៃគូសមាគមចាស់។លោកបន្តថាការធ្វើឲ្យសមាជិកខ្លាំង នឹងធ្វើឲ្យសមាគមខ្លាំង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា បេក្ខជនទាំងបី ដែលឈរឈ្មោះជាប្រធានសមាគមអាណត្តិថ្មី មានសមត្ថភាពប្រហាក់ប្រហែលគ្នា មានកម្រិតប្រជាប្រិយប្រហាក់ប្រហលគ្នា ហេតុនេះអ្នកណាជាប់ជាប្រធានសមាគមនឹងបង្ហាញនៅថ្ងៃបោះឆ្នោត។
លោក គីម ហ៊ាង បានដឹកនាំសមាគមនេះ ក្នុងរយៈពេលជិតពីរអាណត្តិកន្លងមកនេះ និងបាននាំសមាគមនេះទៅឆ្ងាយ ដោយបានចូលជាសមាជិកសមាគមអ្នកជំនាញដីធ្លីអាមេរិក សមាគមអចលនទ្រព្យអាស៊ានជាដើម៕