ក្រុមហ៊ុនCentury 21 Dream Propertyចាប់ផ្តើមពង្រីកសក្តានុពលទីផ្សារថ្មី

ដោយស៊ីវ ម៉េង
​ភ្នំពេញ: វិស័យអចលនវត្ថុនៅកម្ពុជា នឹងនៅបន្តកំណើនយ៉ាងលឿនទៅមុខទៀត ដោយសារវិនិយោគគិនធំៗចិន កូរ៉េ ជប៉ុន តៃវ៉ាន់ សិង្ហបុរី និងកម្ពុជាហាក់មិនបានបង្ហាញនូវការរារែក ឬថមថយចំពោះការវិនិយោគនោះទេ ពិសេសគំរោងធំៗទាំងអាគារពាណិជ្ជកម្ម ផ្សារទំនើប ខុនដូទំនើប ឬបុរីដែលមានតម្លៃខ្ពស់ តម្លៃមធ្យម តម្លៃទាប នៅតែបន្តការសាងសង់ និងចេញលក់គម្រោងថ្មីជាបន្តបន្ទាប់។

ជាក់ស្តែងក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property បាននិងកំពុងដំណើរការលើសេវាទិញ-លក់-ជួលអចលនវត្ថុចាប់តាំងពីឆ្នាំ២០១៥មក បច្ចុប្បន្នមានការិ​យាល័យនៅក្នុងខណ្ឌសែនសុខជិតផ្សារទំនើបអ៊ីអន២ មានបុគ្គលិកបម្រីការងារជាង២០រូប ធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ជាពិសេសតំបន់សែនសុខ ច្បារអំពៅ និងជ្រោយចង្វារ។ ដោយសារមើលឃើញពីសក្តានុពល ភាពមមាញឹកក្នុងការផ្តល់សេវានៅតំបន់ច្បារអំពៅ និងការធ្វើដំណើរត្រូវចំណាយពេលយូរ (ពីការិយាល័យសែនសុខទៅច្បារអំពៅចំណាយពេលចន្លោះពី១ម៉ោងទៅ១ម៉ោងកន្លះ) និងដោយឈរលើទស្សនះវិស័យ “ផ្តល់សេវាលឿន និង​ល្អបំផុត ប្រកបដោយទំនុកចិត្ត ផលចំណេញ និង​គុណភាព ដល់អតិថិជន” Century 21 Dream Property គឺជា Franchise Office ដំបូងគេបង្អស់ដែលពង្រីកសាខា ហើយបានជ្រើសរើសយកសាខាទី១របស់ខ្លួននៅក្នុងខណ្ឌច្បារអំពៅ។

ក្រុមហ៊ុនCentury 21 Dream Property ជាមួយនឹងម៉ូដែលអាជីវកម្ម ដែលផ្តោតលើ Re-saleផ្ទះក្នុងបុរី ហើយតំបន់ច្បារអំពៅជាពិសេសបុរីប៉េង ហ៊ួត បឹងស្នោរ បច្ចុប្បន្នកំពុងមានប្រតិបត្តិការទិញលក់ច្រើន ហើយតំបន់ជុំវិញនោះបាននឹងកំពុងក្លាយជាតំបន់ពាណិជ្ចកម្មយ៉ាងមមាញឹករួចទៅហើយ។


ផ្សារទំនើបEco-Mall និងខុនដូ នៃបុរីប៉េង ហួតកំពុងសាងសង់គឺដូចគ្នានឹងតំបន់សែនសុខកាលពីឆ្នាំ២០១៦ ដូចនេះយើងអាចព្យាករណ៍ថា តម្លៃផ្ទះនឹងនៅបន្តកើនឡើងទៀតនៅពេលដែលផ្សារទំនើបនេះសាងសង់រួច។

ការបើកសាខាថ្មីនេះ វាក៏ជាផ្នែកមួយនៃផែនការជាយុទ្ឋសាស្រ្ត នៃការលើកទឹកចិត្តបុគ្គលិកឆ្នើម ឲ្យក្លាយជាអ្នកគ្រប់គ្រងសាខា។ ជាមួយនឹងទីតាំងសាខាថ្មីនេះ យើងអាចពង្រីកតំបន់ប្រតិបត្តិការទូទាំងខណ្ឌ និងខណ្ឌនៅជិតនោះរួមមានតំបន់ផ្លូវ៦០ម៉ែត្រ តំបន់ប៉ែកខាងកើតនិងខាងត្បូង។ ក្រៅពីលក់ផ្ទះនៅក្នុងបុរីប៉េងហ៊ួត យើងក៏ទទួលលក់ផ្ទះនៅក្នុងបុរីផ្សេងៗទៀត លក់ដី និង លក់គម្រោងផងដែរ។

​ការរីកចម្រើននេះ ក៏មិនអាចកាត់ផ្តាច់ចេញពីកំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេ​ចបានជាង៧%ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ កត្តាសំខាន់មួយទៀតគឺសេ្ថរភាពនយោបាយមានស្ថេរភាព សំបូរដោយយុវជនវ័យក្មេង និងពេញកម្លាំង ទីតាំងភូមិសាស្រ្តនៅកណ្តាលអាស៊ាន ប្រទេសកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ និងផ្លូវសំខាន់ៗនានា ផ្លូវទំនប់កប់ស្រូវ ផ្លូវលេខ៥១ ការពង្រីកផ្លូវជាតិនានារួមមានផ្លូវជាតិលេខ២ លេខ៣ និង​លេខ៥ ស្ពានឆ្លងទន្លេ ផ្លូវរថភ្លើង និង កំណើនប្រជាជនមកនៅទីក្រុងជាដើម។

​ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodia លោកគុយ វ៉ាតបានមានប្រសាសន៍ថា ភាពខ្លាំងនៃក្រុមហ៊ុនCentury21 Dream Property និងក្រុមគ្រួ​សារCentury21 ដោយសារពួកគេមានឳកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេសពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានលឺ១០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។

លោកបន្តថា ចាប់តាំងពីនាំ Franchiseក្រុម​ហ៊ុនCentury21 មកកម្ពុជារយៈពេល៤ឆ្នាំមកនេះ យើងបានរៀបចំផែនការ គន្លឹះ បច្ចេក​ទេស និងយុទ្ឋសាស្រ្តជាច្រើន ដើម្បីសម្រេចបានជោគជ័យ។

​លោកបន្តថា “ ក្រុមហ៊ុននេះរីកចម្រើនខ្លាំង ដែលធ្វើឲ្យខ្ញុំគិតមិនដល់ និងមិននឹងស្មានដល់”។លោកបន្តថា “ថ្នាក់ដឹកនាំសំខាន់គឺពួកគាត់មានឳកាសចូលរួម សហការគ្នា​ចែករំលែកគ្នា នឹងទទួលបានជោគជ័យ ព្រោះនៅមានការងារច្រើនណាស់ ដែលយើងធ្វើ​មិនអស់ និងមានផលប្រយោជន៍ជាច្រើនទៀត ដែលយើងមិនទាន់ទាញយកអស់សក្តានុ​ពល”។

​លោកគុយ វ៉ាតបានបន្តទៀតថា បច្ចុប្បន្នសមាជិកក្រុមគ្រួសារCentury21 បានដឹងពីខ្យល់ ឬនិន្នាការទីផ្សារកំពុងបក់ទៅណា ហេតុនេះនៅពេលពួកគេសហការគ្នា ចែករំលែកគ្នា និងប្តេជ្ញាចិត្តរួមគ្នា នឹងធ្វើឲ្យពួកគេទទួលបានជោគជ័យ៕

រឿង​គួរ​ដឹង៖ ស្វែងយល់​ពី​សុពលភាព​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ចំនួន៦

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ វិញ្ញាបនបត្រ​សម្គាល់​អ​ចលនទ្រព្យ ឬ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ មាន​សារៈសំខាន់​ណាស់ ដើម្បី​យកមកប្រើ​ប្រាស់​ជា​មូលដ្ឋាន​ច្បាប់ និង​ប្រើប្រាស់​ជា​ឯកសារ​ទិញ​លក់​អចលនទ្រព្យ​នានា ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​លើកយក​នូវ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ចំនួន៦ ដែល​នៅមាន​ការប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ។

ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាប់​កាប់​ប្រើប្រាស់​ដីធ្លី និង​ប្លង់​ស្លាបមាន់

ប័ណ្ណ​នេះ​គឺជា​ប្លង់​បញ្ជាក់​ពី​ការកាន់កាប់ ដែល​បានផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដំបូង​គេ ក្រោយពី​សម័យ​សង្គ្រាម បន្ទាប់ពី​ការចេញ​នូវ​សេចក្តីណែនាំ​អនុវត្តន៍​លេខ០៣ ស​ណន ចុះ​ថ្ងៃទី៣ មិថុនា ឆ្នាំ១៩៨៩។ ប័ណ្ណ​នេះ​បានចេញ​ឲ្យ​ប្រើប្រាស់​នៅ​ចន្លោះ​ឆ្នាំ១៩៨៩ ដល់​ឆ្នាំ១៩៩៣ ដោយ​អាជ្ញាធរ​សូ​រិ​យោ​ដី​របស់​រដ្ឋ​កម្ពុជា។ ប័ណ្ណ​នេះ​ផងដែរ គឺ​នៅមាន​សុពល​ភាព​អាច​កាន់កាប់ ប្រើប្រាស់ ចាត់ចែង លក់ដូរ ផ្ទេរ​កម្ម​សិ​ទ្ឋ​បាន​ស្របតាម​ច្បាប់។

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ

ប្លង់​ឬ​ប័ណ្ណ​នេះ គ៏​ជា​ប្លង់​បញ្ជាក់​ពី​សិ​ទ្ឋ​កាន់កាប់​របស់​ម្ចាស់​ដីធ្លី​ដែរ ហើយ​ប្លង់​នេះ​ភា គ​ច្រើន​គេ​ឃើញ​មានប្រើ​ប្រាស់​នៅក្នុង​ឆ្នាំ១៩៩២ ដោយ​អាជ្ញាធរ​សូ​រិ​យោ​ដី​របស់​រដ្ឋ​កម្ពុជា​ផងដែរ។ ប្លង់​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​ទេ ហើយ​ប័ណ្ណ​នេះ​ជា​ប័ណ្ណ​មួយ​ប្រភេទប្លង់​ឬ​ប័ណ្ណ​នេះដែរ វា​មាន​ចំណងជើង​ស្រដៀង​គ្នា​នឹង​ប័ណ្ណ​L Map ដែល​វា​ធ្វើ​ឲ្យ​មានការ​ច្រឡំ​គ្នា ប្រសិនជា​យើង​មិន​បានឃើញ​រូបភាព ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុសគ្នា​ពី​ប្លង់​អិ​ល​ម៉ាប ព្រោះ​ប្លង់​នេះ វា​មាន​ទម្រង់​ជា​ប័ណ្ណ​បញ្ជាក់​កម្ម​សិទ្ឋិ​កាប់​កាប់​តែប៉ុណ្ណោះ។

ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​អចលនវត្ថុ​ឬ​ប្លង់​ដាច់​ដោយ​ដុំ

ប័ណ្ណ​សម្គាល់​សិ​ទ្ឋ​កាន់កាប់​អចលនវត្ថុ ឬ​ប្លង់​ដាច់​ដោយ​ដុំ គឺជា​ប័ណ្ណ​បញ្ជាក់​ពី​សិទ្ឋិ​កាន់កាប់​មួយ​ប្រភេទ ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត។ ប្លង់​នេះ​យើង​ឃើញ​ភាគច្រើន​ចេញ​ឲ្យ​ប្រើប្រាស់​ពី​ឆ្នាំ១៩៩៨ មកដល់​បច្ចុប្បន្ន។ ប័ណ្ណ​ឬ​ប្លង់​រ៉ឹង​ប្រភេទ​នេះ វា​កើតចេញពី​ការស្នើសុំ​ធ្វើ ដោយ​ម្ចាស់​កម្ម​សិ​ទ្ឋ​ឯកជន​ដោយឡែក​តែម្នាក់ឯង ដើម្បី​យកទៅ​ប្រើប្រាស់​តាម​គោលបំណងរៀងៗខ្លួន។

សោហ៊ុយ​ឬ​ការចំណាយ​ក្នុងការ​ធ្វើ​ប្លង់​នេះ ជា​បន្ទុក​របស់​ម្ចាស់​កម្ម​សិ​ទ្ឋ​ឯកជន។

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ឬ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​រួម

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ឬ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​រួម គឺជា​ប្រភេទ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ថ្មី​មួយ ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ២០១០ រហូតមកដល់​បច្ចុប្បន្ន​នេះ។ ប័ណ្ណ​កម្ម​សិ​ទ្ឋ​នេះ គឺជា​ប្លង់​បញ្ជាក់​ពី​សិ​ទ្ឋ​កម្ម​សិ​ទ្ឋ​លើ​ចំណែក​ឯកជន​របស់​អ្នកស្នាក់នៅ លើ​អាគារ​សហកម្ម​សិ​ទ្ឋ(ខុន​ដូ)។ ប្លង់​នេះ​ជា​ទម្រង់​ថ្មី​មួយ នៃ​កម្ម​សិ​ទ្ឋ​ហើយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​កាន់កាប់​អចលនទ្រព្យ ដោយ​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា​បាន ចាប់ពី​ជាន់​ទី១ឡើងទៅ។

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឬ​ប្លង់​រ៉ឹង

វា​ជា​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ពេញលេញ ហើយ​មាន​ភាព​រ៉ឹង​មាំ​ផ្នែក​ផ្លូវច្បាប់​ជា​ប័ណ្ណ​ផ្សេងទៀត​ទាំងអស់ និង​ជា​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដែល​ផ្តល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ស្របតាម​គោល​នុ​បាយ​របស់​រដ្ឋាភិបាល។

ប័ណ្ណ​ឬ​ប្លង់​នេះ វា​ជា​ប័ណ្ណ​ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ចុងក្រោយ​គេ បង្អស់ និង​ទំនើប​ជាងគេ។

វិញ្ញាបនបត្រ​សម្គាល់​អ​ចលនវត្ថុ​មានភ្ជាប់ Q Code    

នៅ​ថ្ងៃទី១ មករា ឆ្នាំ២០១៩ខាងមុខ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នឹង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ថ្មី​មួយទៀត ដែលមាន​ដាក់បញ្ចូល Q Code នៅលើ​សន្លឹក​ប័ណ្ណ​ជំនួស​ប្លង់​កម្ម​សិ​ទ្ឋ​ចាស់​ទាំងអស់ ដែល​បានចេញ​ជាច្រើន​ដំណាក់កាល​នាពេល​កន្លងមក។

លោក​មេធាវី​ឡុង សុវិជ្ជា​មាន​មានប្រសាសន៍​ឲ្យ​ដឹងថា ប័ណ្ណ​សម្គាល់​កម្ម​សិ​ទ្ឋ​អចលនវត្ថុ​ទាំង៦ខាងលើ​សុ​ទ្ឋ​តែមាន​សុពលភាព​ខាង​ផ្លូវច្បាប់ ព្រោះ​រដ្ឋាភិបាល​មិនទាន់​បានធ្វើ​មោឃភាព​លើ​ប័ណ្ណ​ឬ​ប្លង់​ណាមួយ​នោះទេ ប៉ុន្តែ​ប័ណ្ណ​ឬ​ប្លង់​កម្ម​សិ​ទ្ឋ​មិនមែន​ប័ណ្ណ​អិ​ល ម៉ាប ជា​ប័ណ្ណ​ដែល​ម្ចាស់​អចលនវត្ថុ​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​ផ្លូវច្បាប់ ច្រើនជាង​ប័ណ្ណ​អិ​ល ម៉ាប ឬ​ប្លង់​រ៉ឹង ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​នាពេល​បច្ចុប្បន្ននេះ៕

ដំណឹង​ល្អ! អ្នកប្រើប្រាស់​អិន​ធើ​ណិ​ត​នៅ​កម្ពុជា បាន​កើន​ដល់​ជាង ១២លា​ននាក់

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ប្រព័ន្ធ​អិន​ធើ​ណិ​ចំនួន១២ លា​នាក់ បើ​ប្រៀប​ធៀ​ត កាលពី​ឆ្នាំ ២០១៧មាន​ត្រឹមតែ ១០លាន៨សែន​នាក់​ពោលគឺ​មានការ​កើនឡើង​ច្រើន​គួរអោយកត់សម្គាល់។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក ហ៊ុយ សា​រ៉ាវុធ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​មួយ​ស្តីពី សុ​វត្តិភាព​ក្នុងការ​ប្រើប្រាស់​អ៊ិន​ធើ​ណែ​ត និង​បណ្តាញ​ទំនាក់ទំនង​សង្គម នៅ​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨នេះ​ថា ការកើនឡើង​នេះ បានធ្វើអោយ​ការរីកចម្រើន​ផ្នែក​សេវាកម្ម​របស់ ក្រុមហ៊ុន​ចល័ត​តាម​ជនបទ​ដោយ​ក្នុងនោះ​ចំនួន អ្នកប្រើប្រាស់​ហ្វេ​សបុ​កមាន​ចំនួន៧លាន​នា​ន់​នៅ​ក្នុ​ប្រទេស​កម្ពុជា ដែល​កាលពី​កន្លងទៅ​មាន​ត្រឹមតែ៤,៨លាន នាក់ ក្នុងនោះ​អ្នក​ដែល​ត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត បាន​កើន​ឡើងដល់​ជាង១៩លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៨ នេះ រីឯ​ឆ្នាំ ២០១៧ មាន​ជាង១៨លាន​នាក់។

លោក​បន្តថា “ការកើនឡើង​វិស័យ​បច្ចេកវិទ្យាថ្មីៗកន្លងមកនេះ ក៏បង្ក​កើន​មាន​បញ្ហា​ជាច្រើន​ក្នុងសង្គម​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចូល​លួច​ទិន្ន័យផ្សេងៗពី​ជនអនាមិក ដែល​បង្ករ​អោយមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម និង​កិត្តិយស​ល់​បុគ្គល​អ្នកប្រើប្រាស់​ផ្ទាល់​តែម្តង។លោក​បន្ថែមថា “កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​បាន​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​បង្កើតអោយមាន​ទូរស័ព្ទ ស្មា​ត​ហ្វុ​ន​ថ្មី និង​បច្ចេកវិទ្យាថ្មីៗ ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការហៅ​ទូរស័ព្ទ និង​ប្រើ​អិន​ធើ​ណិ​ត​មានតម្លៃ​សមរម្យ។

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា លោក Vu Quang Minh  បាន​ថ្លែង​អោយដឹង​ដែរ​ថា  មាន​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ បាន​រៀនសូត្រ​ពី​កម្ពុជា ក្នុងការ​អនុវត្ត និង​ផ្តល់​សេវ​កម្ម​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ប្រើស​ប្រព័ន្ធ​អិ​ធើ​ណេ​ត ដែល​បង្ករ​អោយមាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មានការ​កើនឡើង​ជាខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក​ទូត​បន្ថែមថា “ប្រទេស​កម្ពុជា​បាន​ដោះស្រាយបាន​យ៉ាង​ល្អ នូវ​បញ្ហា​សុវត្ថិ​សភាព បណ្តាញ​សង្គម និង Hackers ដែល​បាន​ចូល​លួច​ទិន្ន័យ​អ្នកល្បី​ល្បាញ​របស់​កម្ពុជា ដូច​នាពេល​កន្លងមក​ក៏មាន​ជនអនាមិក​ចូល​គ្រប់គ្រង ទិន្ន័យ​ហ្វេ​ស​បុក​សម្តេច​តេ​ជោ​បាន​ផងដែរ ដែល​បង្ករ​អោយមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ប៉ះពាល់​ដល់​សង្គម​កម្ពុ​ជា​ទាំងមូល”៕

លោកច្រឹក សុខនីមៈ វិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនរយៈពេល១០ឆ្នាំទៀត

ដោយស៊ីវ ម៉េង
​ភ្នំពេញ: ស្របពេលស្ថានភាពនយោបាយមានភាពល្អប្រសើរ និងកំនើនសេដ្ឋកិច្ចនៅតែបន្តមានភាពរ៉ឹងមាំរយៈពេលវែងបន្តទៀត លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានឹងបន្តរីកចម្រើនរយៈពេល១០ឆ្នាំបន្តទៀត។


​លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ ធ្នូនេះថា វិស័យនេះ​នៅមានឳកាសរីកចម្រើនរយៈពេលវងបន្តទៀត និងក្រុមហ៊ុនភ្នាក់ងារក្នុងវិស័យនេះនឹងមានឳកាសរីកចម្រើន និងទទួលបានផលប្រយោជន៍កាន់តែច្រើនបន្តទៀត ដោយសារការរីកចម្រើនក្នុងវិស័យនេះ ប៉ុន្តែទាមទារឲ្យពួកគេធ្វើការរួមគ្នា និងពង្រឹងសមត្ថភាពបន្ថែ​មដើម្បីមានឳកាសកាន់តែច្រើនទទួលកាលានុវត្តន៍ភាព នៃការរីកចម្រើនក្នុងវិស័យនេះ។


​លោកបន្តថា “ដើម្បីទទួលបានឳកាសរីកចម្រើន យើងត្រូវរួបរួមគ្នា និងពង្រឹងការ​បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ”។លោកបន្តថា “មានការលើកឡើងថាការនាំចូលមកនៃសិទ្ឋអាជីវកម្មពីក្រុមហ៊ុននៅបរទេស ជារបាំង ប៉ុន្តែវាមិនមែនជារបាំងទេ តែវាជាគុណសម្បត្តិ ដែលផ្តល់គុណតម្លៃក្នុងវិស័យនេះ”។


​លោកច្រឹក សុខនីមបានថ្លែងបន្តថា លោកនឹងជួយពង្រឹងវិស័យនេះ និងបន្តផ្តល់គុណតម្លៃដើម្បីជំរុញការរីកចម្រើនក្នុងវិស័យនេះបន្តទៀត។


​សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងវេទិកាធុរកិច្ចនៅប្រទេ​សវៀតណាមកាលពីចុងសប្តាហ៍មុនថា សេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបានកំនើន៧,៣ភាគរយក្នុងឆ្នាំ២០១៨នេះ។


​ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបន្ទរកាលពីដើមសប្តាហ៍នេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧,៣ភាគរយក្នុងវិស័យនេះ ដោយសារភាពរ៉ឹងមាំនៃវិស័យសំណង់ និងអចលនទ្រព្យ ការរីកចម្រើននៃវិស័យវាយណភ័ណ្ឌ ឧស្សាហកម្ម សេវាកម្មទេសចរណ៍ ដោយកម្ពុជាសម្រេចបានកំនើនទេសច​រណ៍ខ្ពស់ និងការរីកចម្រើនវិស័យកសិកម្ម។


​ប្រធានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា លោកស្រីSuniya Durrani Jamalបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងបន្តសម្រេចបានកំនើន៧ភាគរយរយៈពេលវែងបន្តទៀត៕

អ្នកវិនិយោគ​ក្នុងស្រុក​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ចនិង​ការិយាល័យ​ទំនើប


ដោយ វុត្ថា

ភ្នំពេញ៖ អ្នកវិនិយោគ​ក្នុងស្រុក​បានសម្រេច​ចិត្ត បោះទុន​វិនិយោគ​ជាច្រើន​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​ការិយាល័យ​ជួល​នៅតាម​មហាវិថី​ម៉ៅ សេទុង​ក្រុងភ្នំពេញ។

អគ្គនាយក​ក្រុមហ៊ុន 3DSProperty Management លោក​ផូ​រ សុធា​រៈ​ដែលជា​អ្នកវិនិយោគ​គំរោង​ដែលមាន​ឈ្មោះ​The Point នេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​គំរោង​នេះ​នា​ព្រឹក​ថ្ងៃទី១២ធ្នូ​នេះ​ថា The Point ត្រូវបាន​រចនា​ឡើងជា គោលដៅ​សម្រាប់​ជា​កន្លែង​ទិញ​ទំនិញពិសារ​ភោ​ជនី​អាហារ  និង​សួន​លំហែរ​ដែលមាន​ដើមឈើ​ធំ​ព័​ទ្ឋ​ជុំវិញ​ទៅដោយ​អាគារខ្ពស់។លោក​បន្តថា គំរោង​នេះ​មាន​កំពស់៦ជាន់ និង​ផ្ទៃក្រឡា​ទំហំ​ជាង១០១៨៧ម៉ែត្រការ៉េ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន១០០០នាក់និង​អាច​ចត​យានយន្ត​បាន២០០គ្រឿង។

លោក​បន្តថា “ការសាងសង់​គំរោង​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់ លើ​អាគារ​ការិយាល័យ​សម័យ​ថ្មី ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា និង​ប្រ​ព័​ន្ឋ​សុវត្ថិ​ភាពទំនើប​មាន​ផាសុខភាព។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ឳ​កាស​នោះបាន​មានប្រសាសន៍ថា ក្រុមហ៊ុន 3DS PROPERTY MANAGMENT ដែល​វិនិយោគ​លើ​ទីផ្សារ​អចលនទ្រព្យ ជា​អាគារ​សម្រាប់​ជួល និង​ទិញ​ទំនិញ ហាង​អាហារ នេះ​ពិតជា​ល្អប្រសើរ ខណៈដែល​ការជជែក​ពិភាក្សា​អំពី​ជំនួញ កាន់​តែមាន​ភាពងាយស្រួល ដោយសារ​មាន​ទីតាំង​អំណោយផល មាន​ភាពងាយស្រួល​សម្រាប់​ចត​យានយន្ត ពិសារ​អាហារ ថែមទាំង​អាច​ដើរ​ទិញ​ទំនិញ​សម្បូរបែប។

លោក​បន្តថា ជាក់ស្តែង​គំរោង The Point ដែល​នឹង​បើក​ដំណើរការ​នៅពេលឆាប់ៗខាងមុខ មាន​ភាពខុសប្លែក​គេ ដែល​អ្នក​ទៅកាន់​គំរោង​នេះ​មិនបាច់​ចំណាយពេល​ធ្វើដំនើរ

ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នោះទេ ព្រោះ​គំរោង​នេះ​មាន​ផលិតផល​ចម្រុះ​ទាំង​ការិយាល័យ​ធ្វើការ ហាង​លក់ទំនិញ និង​ហាង​លក់​អាហារ៕

ដំណឹង​ល្អ!ស្ពាន​ជ្រោយចង្វារ​ចាស់​ជិត​បញ្ចប់​ការជួសជុល​ហើយ


ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្ពាន​ជ្រោយចង្វារ​ទី១ ដែលជា​ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន​បាន​ឈានទៅ​បញ្ចប់​ការជួសជុល​នៅពេលឆាប់ៗនេះ ដោយ​បច្ចុប្បន្ន​ការជួសជុល​សម្រេចបាន​ជាង៩២ភាគរយ​ហើយ។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​ឈឹម ផល្លារ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១២ ធ្នូ​នេះ​ថា តាម​គំរោង​ស្ពាន​នេះ​នឹង​បញ្ចប់​ការជួសជុល​នៅ​កំឡុង​ខែកញ្ញា​ឆ្នាំ២០១៩ ប៉ុន្តែ​ជាក់ស្តែង​រហូតមកទល់​ពេលនេះ ការជួសជុល​សម្រេចបាន​លឿន​ជាង​ផែនការ ដោយសារ​ក្រុមការងារ​បច្ចេកទេសរ​បស់​ជប៉ុន បាន​ព​ន្លឿ​ន​ការងារ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កើនឡើង​នៅ​តំបន់​នេះ។

ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​OCICសាងសង់​ស្ពា​បេ​ឡេ​ថ្មី​មួយ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍ ប៉ុន្តែ​ជាល​ទ្ឋ​ផល​ស្ពាន​នេះ​មិនអាច​ដោះស្រាយ​បញ្ហា​កកស្ទះ​បាន​ច្រើន​នោះទេ។

លោក​ឈឹម ផល្លា​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការជួសជុល​ឡើងវិញ​នូវ​ស្ពាន​នេះ ត្រូវចំ ណាយ​អស់​ថវិកា​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់ JICA ។

លោក ឈឹម ផល្លា បាន​បន្តថា“ស្ពាន​នេះ​ត្រូវ​សាងសង់​ថ្មី​នៅ​គល់ស្ពាន​ទាំងសងខាង ប៉ុន្តែ​ចំណុចកណ្តាល​ស្ពាន​នៅមាន​ភាពល្អ និង​ជាប់​មាំ ហេតុនេះ​ក្រុមការងារ​ជប៉ុន​មិន​សាងសង់​ឡើងវិញ​ទេ គ្រាន់តែ​ជួសជុល​ឡើងវិញ​តាម​លក្ខ​ខ័​ណ្ឌ​បច្ចេកទេស​ពិសេស​មួយ។លោក​បន្តថា “ការសាងសង់​ស្ពាន​ឡើងវិញ​នេះ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ចំណាយ​ទឹកប្រាក់៣០លាន​ដុល្លារ​អាមេរិក។

ស្ពាន​ជ្រោយចង្វារ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​លើកដំបូង​នៅ​ឆ្នាំ១៩៦២ និង​ត្រូវ​កាត់ផ្តាច់​ដោយ​គ្រាប់បែក​ក្នុង​កំឡុង​ឆ្នាំ១៩៧២ ។ ស្ពាន​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​ឆ្នាំ១៩៩១ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជាថ្មី​នៅ​ឆ្នាំ១៩៩៣ ៕

ព្រមាន៖ អភិបាល​ព្រះសីហនុ​បាន​ព្រមាន​នឹង​ចាត់វិធានការ​ក្តៅ​ចំពោះ​ការដ្ឋានសំណង់​មិន​គោរព​ច្បាប់


ដោយ វុត្ថា

ភ្នំពេញ៖ អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​បាន​ព្រលាន​ចំពោះ​ម្ចាស់​ការដ្ឋាន​ន​សំណង់​នានា ដែល​មិន​គោរព​ច្បាប់ និង​បង្ក​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយនា​រសៀល​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ព្រមានធ្ងន់ៗថា ចាប់ពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ​ទៅ បើ​ម្ចាស់​ការដ្ឋាន​សំណង់​ណា ដែល​ល​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​បន្តធ្វើ​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់ នឹង​ចាត់វិធានការ​ក្តៅ និង​អាច​ឈានដល់​បិទ​ការដ្ឋាន​តែម្តង។

លោក​បន្តថា កន្លងមក រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចំណាយពេល​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់ នៅតែមាន​ម្ចាស់​ការដ្ឋាន​សំណង់​ខ្លះ ហាក់​មិនបាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​សោះ។ ហេតុនេះ ចាប់ពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ​តទៅ នឹង​ប្រើ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត តែម្តង ដើម្បី​ចាត់​ការលែង​យោគយល់​ទៀតឡើយ។

ជាមួយគ្នានេះ​អភិបាលខេត្ត​រូបនេះ ក៏បាន​រំលឹក​អោយ​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រួមគ្នា​បំពេញការងារ​នេះ អោយបាន​ពេញដៃពេញជើង​ដើម្បី​ធានា​ប្រសិទ្ធភាព​ខ្ពស់។

ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដោយសារ​កំនើន​នៃ​ការវិនិយោគ​របស់​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន និង​អ្នកវិនិយោគ​អន្តរជាតិ​ដទៃទៀត ព្រម​ជាមួយនឹង​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក​ផងដែរ។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក​ធួន ស៊ីណាន​បាន​មានប្រសាសន៍ថា ធម្មតា​នៅពេល​តំបន់​ណាមួយ​មានការ​អភិវឌ្ឍ​លឿន ដូច​ក្រុងព្រះសីហនុ តែងតែមាន​ផលប៉ះពាល់ខ្លះៗ ទាក់ទង​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ហេតុនេះ​ប្រជាពលរដ្ឋ​គួរតែ​យោគយល់​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ជាមួយគ្នា​នោះអាជ្ញាធរ​មូលដ្ឋាន​ក៏​គួរ​ពង្រឹង​ការអនុវត្ត​ច្បាប់​ផងដែរ។

លោក​បន្តថា “ជាមួយនឹង​កំនើន​ទេសចរណ៍ និង​អ្នក​ធុរជន​បានធ្វើ​ឲ្យ​ក្រុងព្រះសីហនុ​បាន​រីកចម្រើន​យ៉ាង​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ហើយ​នេះ​ជា​អ្វីដែល​យើង​គួរ​រីករាយ​ទាំងអស់គ្នា ព្រោះ​ប្រសិនជា​ចិន​មិន​មក​វិនិយោគ ក្រុងព្រះសីហនុ​ក៏​មិន​រីកចម្រើន និង​ផ្តល់​ផល​ចំណូឡ​ដល់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នោះទេ”៕

រយៈពេល១១ខែអគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង២០៥៥លាន​ដុល្លារ


ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្នុង​រយៈពេល១១ខែ ឆ្នាំ២០១៨ ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចំនួន២០៥៥លាន​ដុល្លារ​អាមេរិក កើនឡើង១៣២លាន​ដុល្លារ​អាមេរិក ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ស្មើ​ជាង១០៦ភាគរយ​នៃ​ផែនការ​កំណត់ដោយ​ច្បាប់។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល​បាន​ថ្លែង​ឲ្យ​ដឹង នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធប្រចាំខែ​វិច្ឆិការ ឆ្នាំ២០១៨ កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារសំរាប់តែ​ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ ទទួលបាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូលបាន (តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល Online ត្រូវ​ប្រមាណ១៨៧លាន​ដុល្លារ​អាមេរិកស្មើនឹង៩,៧៥ភាគរយ​នៃ​ផែនការ​ច្បាប់ បើ​ប្រៀបធៀប​ទៅនឹង​ចំណូល​ខែវិច្ឆិកា​ឆ្នាំមុនការប្រមូល​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ Online ដូចគ្នា​បានឃើញ​ថា ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ ក្នុង​ខែវិច្ឆិកាឆ្នាំ២០១៨ កើនឡើង​ប្រមាណ​ជាង៤៣លាន​ដុល្លារ​អាមេរិក ស្មើនឹង៣០,៤៧ភាគរយ។

លោក​បន្តថា សម្រាប់​ឆ្នាំ២០១៨ នេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការប្រមូល​ចំណូល​ពន្ធ និង​ឈានទៅ​សម្រេច​ឱ្យបាន​លើស​ផែនការ​ជា​អតិបរិមា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​កែទម្រង់​ស៊ី​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា ការបន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត សម្រាប់​ឆ្នាំ​ចុងក្រោយ​នេះ នូវ​យុទ្ធសាស្ត្រ​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម របស់​រាជរដ្ឋាភិបាល​ឆ្នាំ២០១៤-២០១៨ ការសហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ២០១៩-២០២៣ ក៏ដូចជា​គោលនយោបាយ​សារពើពន្ធ​នានា សម្រាប់​អនុវត្ត​នាពេល​ខាងមុខនេះ ការបន្ត​រៀបចំ​កែសម្រួល​តម្លៃ​អចលនទ្រព្យ ដែលជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ ការរៀបចំ​កែសម្រួល​យន្តការ​នៃ​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម សម្រាប់​ស្ថានទូត សហគ្រាស​អាជីវកម្ម និង​ការគិតគូរ​ដល់​ការស្នើសុំ​បង្វិល​សង​របស់​ភ្ញៀវទេសចរ​បន្ត​កែទម្រង់​ធនធានមនុស្ស។

លោក​ គង់ វិបុល​ បាន​បន្តថា“អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​នឹង​បន្ត​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កំណែទម្រង់សំខាន់ៗការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ការលើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​ពន្ធដារនិង​ការ​ជម្រុញ​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ​ទាំងអស់ ត្រូវ​ពង្រឹង​បន្ថែម​លើ​ការតាមដាន​ការដាក់​លិខិត​ប្រកាស​របស់​អ្នក​ជាប់ពន្ធ”៕

ម្តងទៀតៈសេដ្ឋកិច្ចកម្ពុជាត្រូវបានចាត់ចូលជាឯគ្គតករកំនើនក្នុងលោក


ដោយគង់ សូរិយា

ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានចាត់បញ្ចូលជាក្រុមប្រទេសឯតទគ្គករកំណើន មួយក្នុងចំណោមប្រទេសនានាលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំ ដោយកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិត ជូ វិជិត្ត បានថ្លែងក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី វប្បធម៌សារពើពន្ធ ដល់វិស័យយុត្តិធម៌ នៅទីស្តីការក្រសួង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះថា សេដ្ឋកិច្ចកម្ពុជាបានឈានដល់ដំណាក់កាលនៃបរិការណ៍អភិវឌ្ឍន៍ថ្មីមួយ គឺការឈានឆ្ពោះទៅសម្រេចឱ្យបាន ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងបោះជំហានទៅមុខក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលបរិការណ៍នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នៃចំណូលសារពើពន្ធនេះ រួមមានចំណូលពន្ធដារ និងពន្ធគយ បាននិងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។

លោកបន្តថា “ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសារពើពន្ធ គឺតម្រូវឱ្យមានការចូលរួមជាអន្តរសកម្មរវាងតួអង្គពាក់ព័ន្ធ ដោ​យ​ត្រូវបង្កើនការចូលរួមគោរព និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យសារ​ពើ​ពន្ធ”។ លោកបន្ថែមថា “មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីរាជការសាធារណៈ, ក្រុមហ៊ុន, សាធារណជនទូទៅ, អង្គការសង្គមស៊ីវិល, មេធាវី, សារការី ត្រូវចូលរួមគោរពបទប្បញ្ញត្តិគតិយុត្តជាធរមាន និងត្រូវតាមដានវឌ្ឍនភាពជាប្រចាំនូវលិខិតបទដ្ឋានគតិយុត្តដែលបានដាក់ចេញ ដើម្បីជៀសវាងនូវកង្វះខាតនៃការអនុវត្ត”។ 

ចំណែកការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលអ្នកជាប់ពន្ធទាំងអស់ ត្រូវចូលរួមបំពេញកាតព្វកិច្ចពន្ធដោយស្ម័គ្រចិត្ត និងសម្តែងនូវភាពពេញចិត្តនឹងការបង់ពន្ធ ពោលគឺក្នុងទិសដៅទប់ស្កាត់ និងលុបបំបាត់ការគេចវេះពន្ធ ការលួចបន្លំតាមគ្រប់រូបភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះគ្រប់ធុរជន ក្នុងគោលដៅប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

លោកជូ វិជិត្តបានបន្តថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសារពើពន្ធ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនឆន្ទៈ ការប្តេជ្ញា ភាពជាម្ចាស់ និងការទទួលខុសត្រូវនៅគ្រប់កម្រិតចំពោះការកែទម្រង់ ដែលជាកត្តាសំខាន់ និងចាំបាច់ សម្រាប់ការអនុវត្តទិសដៅយុទ្ធសាស្ត្រ នៃការងារកែទម្រង់នយោបាយសារពើពន្ធនេះ ប្រកបដោយភាពជោគជ័យ ក្នុងនោះមន្ត្រីសារពើពន្ធគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងត្រូវបង្កើតនូវបរិយាកាសល្អ ក្នុងការងារផ្តល់កិច្ចសហការ ជាមួយនឹងអ្នកជាប់ពន្ធជាអតិបរមា និងអ្នកជាប់ពន្ធត្រូវផ្តល់កិច្ចសហការដូចគ្នាផងដែរ ពោលគឺត្រូវប្រ​កា​​ន់គោលការណ៍តម្លាភាព និងស្មោះត្រង់៕

អ្នកវិនិយោគអន្តរជាតិកំពុងហូរទៅក្នុ្នងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន


ដោយវុត្ថា

ភ្នំពេញ: លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) បាននិងកំពុងតែស្រោចស្រពទៅក្នុងទីផ្សារអចលនទ្រព្យ របស់ប្រទេសជប៉ុនកាន់តែច្រើនខ្លាំងឡើងៗ ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ។

យោងតាមតួលេខរបស់វិទ្យាស្ថានអចលនទ្រព្យជប៉ុន (Japan Real Estate Institute) បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើអចលនទ្រព្យពីសំណា​ក់អ្នកវិនិយោគបរទេស មកកាន់ប្រទេសជប៉ុនបានកើនឡើងរហូតដល់១១.៤ពាន់លាដុល្លារក្នុងឆ្នាំ២០១៧កន្លងនេះ ពោលគឺមានចំនួនច្រើនលើសលប់ចាប់តាំងពីឆ្នាំ ២០០៧។

លោក  Koji Naito ប្រធានសិក្សាស្រាវជ្រាវទីផ្សាមូលធនរបស់ប្រទេសជប៉ុន បានថ្លែងថា កាលានុវត្តភាពហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានផ្តល់នូវអំណោយផលទាក់ទាញអ្នកវិនិយោគបរទេស។ លោកបន្តថា  ក្នុងករណីខ្លះ រូបិយប័ណអន្តរជាតិហូរចូលទៅក្នុងទីផ្សារជប៉ុនដោយសារតែក្រុមហ៊ុនវិនិយោគអចលនទ្រព្យ មានភាពជឿជាក់លើទីផ្សារអច​លនទ្រព្យក្នុងប្រទេសជប៉ុន មានប្រវត្តិល្អ និងទទួលបានផលចំណេញ។

លោកបន្ថែមថា ក្រុមហ៊ុនវិនិយោគភាពច្រើនមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងសឹង្ហបុរី ដែលមានតម្លៃជាទឹកប្រាក់ចំនួន១០០ពាន់លានយេន សម្រាប់ប្រទេសនីមួយៗ ។ ជាមួយគ្នានោះប្រទេសសឹង្ហបុរី បានសាងសង់អគារពាណិជ្ជកម្មមួយមានឈ្មោះ Croesus Shinsaibashi  នៅក្នុងតំបន់Osaka។

សកម្មភាពនានានៃទីផ្សារអលចនទ្រព្យ នៅក្នុងប្រទេសជប៉ុន គឺជាផ្នែកមួយនៃការរីកលូតលាស់ទីផ្សាអលចនទ្រព្យពិភពលោក ដោយទំហំទឹកប្រាក់បានកើនឡើងរហូតដល់៥៣០.៤ ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ពោលកើនឡើង៤៧ភាគរយ៕