ដោយស៊ីវ ម៉េង
ភ្នំពេញ: ស្របពេលស្ថានភាពនយោបាយមានភាពល្អប្រសើរ និងកំនើនសេដ្ឋកិច្ចនៅតែបន្តមានភាពរ៉ឹងមាំរយៈពេលវែងបន្តទៀត លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានឹងបន្តរីកចម្រើនរយៈពេល១០ឆ្នាំបន្តទៀត។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ ធ្នូនេះថា វិស័យនេះនៅមានឳកាសរីកចម្រើនរយៈពេលវងបន្តទៀត និងក្រុមហ៊ុនភ្នាក់ងារក្នុងវិស័យនេះនឹងមានឳកាសរីកចម្រើន និងទទួលបានផលប្រយោជន៍កាន់តែច្រើនបន្តទៀត ដោយសារការរីកចម្រើនក្នុងវិស័យនេះ ប៉ុន្តែទាមទារឲ្យពួកគេធ្វើការរួមគ្នា និងពង្រឹងសមត្ថភាពបន្ថែមដើម្បីមានឳកាសកាន់តែច្រើនទទួលកាលានុវត្តន៍ភាព នៃការរីកចម្រើនក្នុងវិស័យនេះ។
លោកបន្តថា “ដើម្បីទទួលបានឳកាសរីកចម្រើន យើងត្រូវរួបរួមគ្នា និងពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ”។លោកបន្តថា “មានការលើកឡើងថាការនាំចូលមកនៃសិទ្ឋអាជីវកម្មពីក្រុមហ៊ុននៅបរទេស ជារបាំង ប៉ុន្តែវាមិនមែនជារបាំងទេ តែវាជាគុណសម្បត្តិ ដែលផ្តល់គុណតម្លៃក្នុងវិស័យនេះ”។







