ដំណឹង​ល្អ! ចិន​ផ្តល់​ហិរញ្ញប្បទាន ១៨២២លាន​យ័ន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា

ដោយ​គង់ សូរិយា

ភ្នំពេញ៖  ប្រទេស​ចិន​បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន១៨២២លាន​យ័ន សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កម្ពុជា​កាន់តែ​ប្រសើរឡើង។

ឥណទាន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​នេះ ត្រូវបាន​ចុះ​ហត្ថ​កេ​ខា​ដោយ​លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Deng Boqing អនុប្រធាន​ទីភ្នាក់ងារ​ចិន សម្រាប់​កិច្ចសហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ល្ងាច​ថ្ងៃទី១៣ ធ្នូ​កន្លងមកនេះ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន ដែល​បាន​ចែក​ដល់​បណ្តាញ​សារ​ព៌​ត​នា​ន​កាលពី​ថ្ងៃទី១៣ ធ្នូ​កន្ង​លម​កបាន​ឲ្យ​ដឹងថា ក្នុងចំណោម​ហិរញ្ញប្បទាន១៨២២លាន​យ័ន​នោះ មាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន១,២០០លាន​យ័ន សម្រាប់​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់។ ចំណែក​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​ចំនួន៦២២លាន​យ័ន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង ខេត្តព្រះវិហារ  ។

លោក​អូន ព័​ន្ឋ​មុនី​រ័ត្ន​បាន​ថ្លែងថា ពិធី​ចុះហត្ថលេខា​នាពេលនេះ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា-ចិន ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ចិន បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងការ​ជម្រុញ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណើនសេដ្ឋកិច្ច និង​កំណើន​ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

គិត​ត្រឹម​ថ្ងៃទី១៣ ខែធ្នូ​ឆ្នាំ២០១៨ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្តល់ជូន​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥,៨០០លាន​ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន​សម្បទាន មាន​សរុប​ចំនួន​ប្រមាណ៤,៤០០លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ១,៤០០លាន​ដុល្លារ​អាមេរិក៕

មោទនភាព! ឆ្នេរកែប​ទទួល​ជ័យលាភី “ឡា​ប៊ែ​ល​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត”

ដោយ វុត្ថា

ភ្នំពេញ៖ ឆ្នេរកែប​របស់​ប្រទេស​កម្ពុជា​ទទួល​ជ័យលាភី “ឡា​ប៊ែ​ល​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត” ក្រោយពី​បំពេញ​តាម​គ្រប់​លក្ខ​ខ័​ណ្ឌ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ លោក ជា សុផារ៉ា កាលពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ម្សិលមិញ​នេះ​ចាប់​ឆ្នាំ ២០១៨ដល់​ឆ្នាំ២០២០ខាងមុខ។

កែប​ជា​ខេត្ដ​មួយ ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ និង​ឆ្នេរ​ខ្សាច់ ដែលជា​កត្ដា​យ៉ាងសំខាន់​សម្រាប់​លើកស្ទួយ​វិស័យសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ ពិសេស​ជា​ផលរបរ​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ ក​ម្រឹត​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​ខេត្ត។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ភាគ​ច្រើ ន​ប្រក​បរបរ​ប្រចាំថ្ងៃ​ពឹងផ្អែក​លើ​ធនធានធម្មជាតិ ដែល​បានផ្តល់​ផល​អនុគ្រោះ ដូចជា​សេវាកម្ម​ទេសចរណ៍ ការនេសាទ​សមុទ្រ ការធ្វើ​ស្រែអំបិល និង​ធ្វើ​ស្រែចំការ​ជាដើម។

ក្រៅពីនេះ ខេត្ត​កែប​ក៏មាន​សក្ដានុពល​សេដ្ឋកិច្ច​យ៉ាងច្រើន សន្ធឹកសន្ធាប់​ដូចជា៖ ព្រៃកោងកាង​មាន​ចំនួន៣កន្លែង មាន​ផ្ទៃក្រឡា១,០០៥ហិកតា ស្មៅ​សមុទ្រ​មាន​ផ្ទៃក្រឡា ៣,០៩៥ហិកតា ផ្កាថ្ម មាន​ផ្ទៃក្រឡា ៥២.៥ហិកតា ធនធានធម្មជាតិ​មានដូចជា ត្រី​ផ្សោត ជ្រូក​ទឹក អណ្ដើក​សមុទ្រ ត្រី​សេះ ក្ដាមសេះ ក្ដាមថ្ម និង​មច្ឆាផ្សេងៗជាច្រើន​ទៀត រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​សសៀរ រមណីយដ្ឋាន​ភ្នំ​វ​ល្លិ៍ (ម្រេច ធុ​រេ​ន) ឧទ្យាន​ជាតិ​កែប មាន​ទំហំ ១០៥២ហិកតា កំពង់ផែ​តាម​បណ្ដា​កោះ ស្ថានីយ៍​រថភ្លើង ស្រែអំបិល មាន​ទំហំ ១០៤០ហិកតា និង​ដំណាំ​ស្វាយ និង​ដំណាំ​កសិកម្មផ្សេងៗទៀត។

ខេត្ត​កែប​ក៏បាន​ជាប់​ជាទី​ក្រុង​ស្អាត និង​មាន​ភាព​បៃតង​របស់​អាស៊ាន​ផងដែរ​កាលពី​ឆ្នាំមុន ដោយសារ​ខេត្ត​នេះ​មាន​ដី​ស្អាត ទឹកស្អាត និង​ខ្យល់អាកាស​ស្អាត។

លោក​កែន ស​ត្ថា​អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា កែប​ជា​ខេត្ត​មួយ​ដែលមាន​ឧទ្យាន​ជាតិ​នៅ​កណ្តាល​ក្រុង ក្នុងចំណោម​ទីក្រុង​នានា​នៅ​កម្ពុជា ហើយ​ស្ទើរតែ​ទូទាំង​បណ្តា​ទីក្រុង​នានា​នៅក្នុង​អាស៊ាន ដែល​អំណោយផល​ដល់​ការរស់នៅ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស​រណ៍​កម្ពុជា លោកជំទាវ​ឧកញ៉ា​ឆាយ ស៊ីវ​លីន​បាន​មានប្រសាសន៍ថា ខេត្ត​កែប ជា​ខេត្ត​មាន​លក្ខណៈពិសេស​មួយ ដែលមាន​ធម្មជាតិ​ស្រស់បំព្រង និង​ជា​ខេត្ត​មាននូវ​អ្វីមួយ​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍ ពេល​យើង​ទៅ​កំសាន្ត​ហើយ​មិន​ចង់​ត្រលប់​មកវិញ។លោកជុំទាវ​បាន​បន្តថា ហេតុនេះ​ក្នុងនាម​ប្រតិបត្តិ​ករ​ទេសចរណ៍​សូម​ស្នើរ​សុំ​រដ្ឋាភិបាល​រក្សា​ខេត្ត​នេះ ឲ្យ​មាន​ធម្មជាតិ​ស្រស់បំព្រង និង​ធ្វើយ៉ាងណា​រក្សា​ខេត្ត​នេះ​ជា​ខេត្ត​ពិសេស​មួយ ដោយ​កុំ​ឲ្យ​មាន​ឧស្សាហកម្ម​កាស៊ីណូ​នៅ​ទីក្រុង​នេះ។

លោកជំទាវ​បន្តថា “ខេត្ត​កែប​ពិតជា​ពិសេស និង​ទាក់ទាញ​ទេសចរណ៍ ហើយ​ជលផល​ពី​សមុទ្រ​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ”៕

អស់​បារម្ភ! ក្រុមហ៊ុន​បរទេសមួយ​មាន​លុយរាប់​រយ​លាន​ដុល្លារ​ដើម្បី​ស្វែងរក​ដៃគូសហការ​វិនិយោគ

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន KYLLA ដែលជា​ក្រុមហ៊ុន​ធំ​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូ​ឡង់​បាន​អះអាងថា ខ្លួន​មាន​ទុន​វ​និ​យោគ​ប្រមាណ៣ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់ទុន​ដល់​អ្នក​ចង់រ​ក​ស៊ី​ថ្មីថ្មោង​ង ទាំង​ខ្នាតតូច មធ្យម និង​ធំ ក៏ដូចជា​វិនិយោគ​លើ​វិស័យផ្សេងៗជា​ច្រើ និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​កាន់តែ​ធំ​បន្ថែមទៀត។

លោក SOK PRAKOB តំណាង​ក្រុមហ៊ុន KYLLA  ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​បទ​បង្ហាញ​ពី​គម្រោង​វិនិយោគ ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ជិត៥០រូប ដែល​មក​ចូលរួម​ស្តាប់​ទៅលើ​គម្រោង​វិនិយោគ នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ នេះ​ថា ក្រុមហ៊ុន KYLLA  មាន​លុយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់អោយ​អ្នកវិនិយោគ និង​ក្រុមហ៊ុន​នានា​ក្នុងន័យ​ធ្វើការ​សហការគ្នា​វិនិយោគ ទៅលើ​វិស័យ​ជាច្រើន រួមមាន វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សំណង់ អចលនទ្រព្យ អគ្គិសនី​យ៍ សណ្ឋាគារ  និង​សេវាកម្ម​ផ្សេងទៀត​ជាច្រើន​ផ្សេងទៀត លើកលែងតែ​អាជីវកម្ម​ណា​ដែល​ប៉ះពាល់​ដល់​រួមមាន កា​ជួញដូរ​មនុស្ស អាវុធ គ្រឿងញៀន ខារ៉ាអូខេ ក្លឹប និង​កាស៊ីណូ​ជាដើម។

ការផ្តល់​ថវិកា​នេះ គឺ​ក្នុង​គោលដៅ​សហការ និង​ចាប់​ជា​ដៃគូ​វិនិយោគ ហើយ​មាន​ភាពងាយស្រួល​ជាង​ការ​ខ្ចីលុយ ធនាគារ​យកមក​វិនិយោគ ព្រោះ​បើ​ខ្ចីលុយ​ធនាគារ​ត្រូវមាន​ការដាក់​របស់​ប្រចាំ តែ​សម្រាប់​ក្រុមហ៊ុន​នេះ ផ្តល់​ថវិកា សម្រាប់​ក្រុមហ៊ុន​ណា​ដែលមាន​ច្បាប់​ត្រឹមត្រូវ និង​ផែនការ​ច្បាស់លាស់។

លោកស្រី តាំ​ហួរ​អគ្គនាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd បាន​មានប្រសាសន៍​ឲ្យ​ដឹងថា  ដើម្បីអោយ​ទទួលបាន​ជោគជ័យ​ទៅលើ​ការវិនិយោគ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ ក្រុមហ៊ុន​អចលនទ្រព្យ នឹង​ទទួលបាន​ផលចំណេញ​ច្រើន ព្រោះ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង តែ​រីកចម្រើន​ខ្លាំង​ក្នុងចំណោម​វិស័យ​ផ្សេងទៀត។

លោកស្រី​បញ្ជាក់ ព្រឹត្តិការណ៍​ជួបជុំ​ជាមួយនឹង​វិនិយោគិន ក្នុងស្រុក​នៅពេលនេះ មាន​ទំហំ​តូច តែ​នៅក្នុង​ព្រឹត្តិការណ៍​លើក ក្រោយ​ក្រុមហ៊ុន​នឹងធ្វើ​អោយ​កមាន​ទំហំ​ធំ​ដោយ​ប្រមូល​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ចូលរួម​ស្តាប់​ដើម្បី ចាប់យក​ឪ​កាស​វិនិយោគ​អោយ​ជំនួញ​របស់ខ្លួន​ទទួលបាន​ជោគជ័យ​បន្ថែមទៀត៕

ក្រុមហ៊ុនផ្សារទំនើបធំៗចាប់ផ្តើមប្រកួតប្រជែងគ្នានៅក្នុងខ័ណ្ឌសែនសុខ

ដោយស៊ីវ ម៉េង

ភ្នំពេញ: ក្រុមហ៊ុនផ្សារទំនើបធំៗជាច្រើន បាននិងកំពុងចាច់ផ្តើមប្រកួតប្រជែងគ្នាលើទឹកដីខ័ណ្ឌសែនសុខ ដែលជាតំបន់រីកចម្រើនយ៉ាងលឿន នៃភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញ។

ការទៅដល់នៃផ្សារទំនើប AEON MALL2 ផ្សារទំនើប MAKRO ផ្សារទំនើបនៃក្រុមហ៊ុនឌីហ្វេសអាយឡាក់គី ផ្សារ Global House និងផ្សារទំនើបនៃក្រុមហ៊ុនជីព ម៉ុងបានធ្វើឲ្យតំបន់នេះមានភាព​រីកចម្រើនខ្លាំង និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិសាងសង់បុរីជាច្រើននៅតំបន់នេះផងដែរ។

លោក Stephane Pariente នាយកប្រតិបត្តិក្រុមហ៊ុនផ្សារទំនើប Lucky ​និងហ្កាឌៀនបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធសាខាផ្សារទំនើបរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុនឌីហ្វេសអាយឡាក់គី មានសាខាផ្សារទំនើបចំនួន១៧ និងហ្គាឌៀន​ចំនួន​១០។​ ដោយមានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពីបុគ្គលិក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ក្រុមហ៊ុនឌីហ្វេសអាយឡាក់គី និងប្តេជ្ញាថែរក្សារជាផ្សារទំនើបដែលឈានមុខគេនៅប្រទេសកម្ពុជា។

លោកបន្តថា “ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញ ដែលមានគុណភាពល្អបំផុតនិងផលិតផលគ្រប់ប្រភេទ ដែលមានកត្តានុភាពសំរាប់ប្រើប្រាស់ដល់អតិថិជន”។

លោកបន្តថា “ក្រុមហ៊ុនឌីហ្វេសអាយឡាក់គី មានមោទនភាព​និងមានភាពរីករាយជាខ្លាំង នូវការនាំមកនូវផ្សារទំនើបឡាក់គី និងហ្គាឌៀនសាខាសែនសុខ”។

បច្ចុប្បន្នមានបុរីជាច្រើននៅតំបន់នេះ ដូចជាបុរីភ្នំពេញថ្មី បុរីវិមានភ្នំពេញ បុរីប៉េង ហួត បុរីពិភពថ្មី បុរីអង្គរភ្នំពេញ បុរីARATAដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនជាដើម។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា ផ្សារទំនើបតូច ធំចំនួន១៣ គ្រោងបើកដំណើរការនៅឆ្នាំ២០១៨នេះ ប៉ុន្តែក្នុងចំណោមគំរោងទាំងនោះ មានគំរោងផ្សារទំនើបមួយចំនួនបានពន្យាពេល ដោយសារការសាងសង់មិនទាន់ពេលវេលា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ការរីកចម្រើនផ្សារទំនើបនៅកម្ពុជាឆ្លុះបញ្ចាំងពីកំនើនអំណាចនៃការទិញ ដោយ​សារការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសអ្វីដែលយើងមើលឃើញគឺចំនួនផ្សារទំ​នើបដែលមានបច្ចុប្បន្នមិនទាន់ច្រើននោះទេ ធៀបនឹងទំហំផ្សារនិងចំនួនប្រជាពលរដ្ឋរស់​នៅទីក្រុងនេះ ប៉ុន្តែប្រសិនជាផ្សារទំនើបកាន់តែច្រើនឡើងត្រូវបានបង្កើតបន្ថែមទៀត វា​នឹងធ្វើឲ្យទីផ្សារមានបញ្ហា ដោយសារការផ្គត់ផ្គង់អាចលើសតម្រូវការ។

លោកវ៉ា វីរៈអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រ​សាសន៍ឲ្យដឹងផងដែរថា តំបន់ស្ថិតនៅក្នុងខ័ណ្ឌសែនសុខ មានការរីកចម្រើនលឿន និង​មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ហេតុនេះអ្នកវិនិយោគដែលចូលមកវិនិយោគតំបន់នេះ​ពួកគេពិតជាបានសិក្សាទីផ្សាររួមហើយ ទើបពួកគេវិនិយោគ។លោកបន្តថា អ្នកវិនិយោគមើលឃើញអំណាចនៃការទិញកើនឡើង ទើបពួកគេចូលទៅវិនិយោគតំបន់នេះ ដោយសា​រលំហូរប្រជាជនចូលទៅរស់នៅតំបន់នេះច្រើន ព្រោះបច្ចុប្បន្នមានបុរីជាង១០ហើយ បាននិងកំពុងវិនិយោគនៅតំបន់នេះ។

លោកបន្តថា “បើយើងមើលមួយភ្លេតគឺផ្សារហាក់មានចំនួនច្រើន ប៉ុន្តែបើយើងមើលកំ​នើនប្រជាជន និងការចាប់យកចំណែកទីផ្សារខុសៗគ្នា ពីអ្នកវិនិយោគនៅតំបន់នោះ ចំនួនផ្សារទាំងនោះមិនច្រើននោះទេ”៕

ក្រុមហ៊ុន​ចិន​គ្រោង​បោះទុន១៧០០លាន​ដុល្លារ​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្មនៅ​ខេត្ត​បី​របស់​កម្ពុជា

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ដ៏​ធំ​មួយ គ្រោង​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជាង១៧០០លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តោតលើ​សហគ្រាស​សម្ព័ន្ធ​មាន​លក្ខណៈ​អន្តរជាតិ និង​ពហុ​វិស័យ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហេង​ហ៊ី គ្រុប លោក​ស៊ូ ឡាំង​ស៊ឹង​បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅក្នុង​ពិធី​សម្ពោធ​ដាក់​គម្រោង​ទីក្រុង​មួយ ដែល​ដាក់ឈ្មោះថា ហេង​ហេង នៅ​ក្រុង​បាវិត កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា ក្រុមហ៊ុន​ហេង ហ៊ី គ្រុប​បង្កើតឡើង​ដើម្បី​ធ្វើ​អាជីវកម្ម វិនិយោគ​លើ​វិស័យ​អចលនវត្ថុ ដែល​គ្របដណ្តប់​ទៅលើ​អចលនវត្ថុ ពាណិជ្ជកម្ម ការគ្រប់គ្រង​អចលនវត្ថុ ការវិនិយោគ​ហិរញ្ញវត្ថុ សណ្ឋាគារ ភោជនីយដ្ឋាន ការកម្សាន្ត ការអភិវឌ្ឍ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម។

លោក​បន្តថា “ក្រុមហ៊ុន​នឹង​ប្រើប្រាស់​ទ្រព្យសកម្ម​សរុប របស់​ក្រុមហ៊ុន​សម្ព័ន្ធ​ចំនួន១៧០០លាន​ដុល្លារ លើ​ផ្ទៃដី​ប្រមាណ២ពាន់​ហិកតា នៅ​ខេត្ត​ព្រះសីហនុ ពោធិ៍សាត់ និង​ខេត្តស្វាយរៀង។

លោក​ស៊ូ ឡាំង​ស៊ឹង​បាន​បញ្ជាក់ថា ដោយឡែក​ទីក្រុង​ហេង ហេង​នេះ ជា​គម្រោង​កម្មសិទ្ធិ​អចលវត្ថុ​អចិន្ត្រៃយ៍​មួយ ដែល​ក្រុមហ៊ុន​បាន​បណ្តាក់ទុន​ជាច្រើន​លាន​ដុល្លារ លើ​ផ្ទៃដី​សរុប៧ហិកតា។ គំរោង​នេះ​រួមមាន​ការសាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ កាស៊ីណូ អគារ​ការិយាល័យ អា​ផាត​មិន ព្រមទាំង​ផ្ទៃដី​បំរុង​ទំហំ៣ពាន់​ម៉ែត្រការ៉េ សម្រាប់​សង់​ផ្សារ​ទំនើប​និង​ហាង​កែស​ម្ជ​ស្ស ដែល​អាចបំពេញ​តម្រូវកា​រ​គ្រប់​ជ្រុងជ្រោយ នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក​សេង សិលា អភិបាលក្រុង​បាវិត​បាន​មានប្រសាសន៍ថា ស្របតាម​គោលនយោបាយ​បើកចំហរ​ជើងមេឃ នឹង​គៀងគរ​វិនិយោគ​គិ​នប​រទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ហើយ​ក្រុង​បាវិត ក៏បាន​ទទួល​ស្វា​គម​អ្នកវិនិយោគ​ជាច្រើន ជាពិសេស​អ្នក​វិ​និ​យោ​គិ​មកពី​ប្រទេស​ចិន បាន​ចូលមក​បណ្តាក់​ទុនវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ក្នុងនោះ​រួមមាន អគាខ្ពស់ៗ សណ្ឋាគារ ការ​ស៊ី​ណូ លំដាប់ថ្នាក់​អន្តរជាតិ ប្រណីតៗ ជាច្រើន​បានកើត​ឡើងជា​ហូរហែរ។

លោក​បន្តថា “បច្ចុប្បន្ន​មាន​សណ្ឋាគារ និង​កាស៊ីណូ​ចំនួន៤ បាននិងកំពុង​សាងសង់ ហើយ​ក៏មាន​គម្រោង​សាងសង់​មួយចំនួនទៀត ដែល​គ្រោង​នឹង​ស្ថាបនា​ជា​បន្តបន្ទាប់​នាពេលខាងមុខ”៕

ក្រសួង​សាធារណៈ​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋរាយការណ៍​ពី​ផ្លូវ​ខូច​នៅថ្ងៃនេះ

ដោយ វុត្ថា

ភ្នំពេញ៖ ចាប់ពីពេលនេះ​តទៅ​ប្រជាពលរដ្ឋ​ទាំងអស់ អាចធ្វើ​ការរាយការណ៍​ដោយផ្ទាល់​ពី​ផ្លូវ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច​ទៅកាន់​អាជ្ញាធរ ដើម្បី​ធ្វើការ​ជួសជុល​បាន​ទាន់ពេលវេលា​តាមរយៈ “កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)”  ដែល​ក្រសួង​សាធារណៈការ នឹង​ដឹកជញ្ជូន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ និង ជា​កម្មវិធី​ថ្មី​មួយ​ដែល​អាច​ទាញយក​ដោយ​ឥតគិតថ្លៃ នៅលើ App Store និង Play Store ក្នុង​ទូរ​សព្ទ​ដៃ។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) អាច​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ដោយផ្ទាល់​ពី​ស្ថានភាព​ជង្ហុក​សំបុកមាន់ ឬ​ផ្លូវ​ខូច​ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ជួសជុល​បាន​ទាន់ពេលវេលា។

លោក​បន្តថា ព័ត៌មាន​ទាំងអស់​អំពី​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ដែល​ត្រូវបាន​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ តាមរយៈ​ការ​បង្ហោះ​ជា​រូបថត និង​វីដេអូ​នៅក្នុង​កម្មវិធី​ថែទាំ​ផ្លូវ នឹង​ត្រូវបាន​បញ្ជូន ទៅកាន់​ក្រុមការងារ​ទទួលបន្ទុក​របស់​ក្រសួង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំង២៥ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី ធ្វើការ​ជួសជុល។ កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងគុណភាព​ផ្លូវ ដែល​ទាមទារ​ឲ្យ​មានការ​ជួសជុល និង​ថែទាំ​ទូទាំងប្រទេស តាមរយៈ​ការរាយការណ៍​ពី​ស្ថានភាព​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច​ដោយ​អ្នកប្រើប្រាស់។

លោក​ស៊ុន ចាន់ថុល​បន្ថែមថា ដោយ​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការកសាង និង​ថែទាំ​ផ្លូវថ្នល់​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ សម្រាប់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ “កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)”  នឹង​ក្លាយជា​កិច្ចខិតខំ​ប្រឹងប្រែង រួមគ្នា​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ជួសជុល​ថែទាំ​ផ្លូវ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង២។ កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​គ្របដណ្តប់​ទៅលើ​ការជួសជុល​ថែទាំ​ផ្លូវជាតិ​ទាំង៧៥ខ្សែ គ្រប់​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ និង ផ្លូវ​ក្នុង​ក្រុង​របស់​ខេត្ត​ទាំង២៤ ។

លោក​រដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់ថា កម្មវិធី​ថែទាំ​ផ្លូវ​នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ដោយសារ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព៕

វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុង​កើនឡើង​ខ្លាំង​នៅក្នុង​ក្រុង​កំពត

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុងមាន​ការកើនឡើង​យ៉ាង​លឿន​នៅក្នុង​ក្រុង​កំពត ខេត្តកំពត ដោយសារ​កំនើន​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ព្រមទាំង​លំហូរ​ភ្ញៀវ​ទេសចរណ៍។

យោងតាម​របាយការណ៍​របស់​ក្រុង​កំពត បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៣ ធ្នូ​នេះ​ថា កំណើន​ការដ្ឋាន​អគា​សំណង់ធំៗ បាន​កើនឡើង​យ៉ាងខ្លាំង សម្រាប់​ឆ្នាំនេះ ដោយ​គិត​ត្រឹម​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្រុង​កំពត​មាន១០៥ការដ្ឋាន ខណៈដែល​ឆ្នាំ២០១៧ មាន​ត្រឹមតែ៦៦ការដ្ឋាន​ប៉ុណ្ណោះ។

លោក​លាង រឿន​សុ​ទ្ធី អភិបាលក្រុង​កំពត​បានបញ្ជាក់​ឲ្យ​ដឹងថា ស​ន្ទ​ស្សន៍​នៃ កំនើន​សំណង់ធំៗ និង​កាន់តែ​កើនឡើង​ថែម ព្រោះ​ខេត្តកំពត​មាន​សក្តានុពល​លើ​គ្រប់​វិស័យ ពិសេស​ការអភិវឌ្ឍន៍ បង្កើត​ឲ្យ​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ និង​ឆ្នេរ​ខ្សាច់​កម្សាន្ត​របស់​ខេត្តកំពត ដែល​កំពុងតែ​សាងសង់​នឹង​គ្រោង​ឲ្យ​រួចរាល់ នៅមុន​ថ្ងៃបុណ្យ​សមុទ្រ​ឆ្នាំ២០១៩ខាងមុខ។

លោក​បន្តថា “វិនិយោគ​គិ​ន​ក្នុង និង​ក្រៅប្រទេស បាន​ចូលមក​បណ្តាក់​ដាក់ទុន​វិនិយោគ ជាហេតុ​ធ្វើ​ឲ្យ​ក្រុង​នេះ​មានការ​អភិវឌ្ឍន៍​មានការ​ហក់​ឡើង​ខ្ពស់ និង​ឆាប់រហ័ស។លោក​បន្តថា “ក្រុង​កំពត​ដែលជា​ក្រុង​ទេសចរ​ទិស​នារ​តី​មាន​វ័យ​ចំណាស់​មួយ បាន​នឹង​កំពុង​ទាក់ទាញ​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ និង​កំពុងមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​កើនឡើង​ជាប្រចាំ។

លោក​លាង រឿន​សុ​ទ្ឋី​បាន​បន្ត​ឲ្យ​ដឹងថា ការកើនឡើង​នៃ​ចំនួន​ការដ្ឋាន​សំណង់ធំៗទាំងនេះ សបញ្ជាក់​ឲ្យ​ឃើញ​ជា​កំណើនសេដ្ឋកិច្ច​មួយ​ដ៏​ខ្ពស់ ហើយ​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​របស់​ខេត្ត ដើម្បី​គៀងគរ​ទាក់ទាញ​វិនិយោគ​គិ​ន។ អ្វីដែល​លោក​ចាប់អារម្មណ៍​មួយទៀត​នោះ គឺ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ទិសដៅ​របស់​ខេត្ត ដែលជា​ចំណុច​សំខាន់ និង​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកវិនិយោគ និង​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ។

កាលពីពេល​ថ្មី​នេះ ក្រុមហ៊ុន​ចិន​ដ៏​មួយ​បានប្រកាស​ពី​គំរោង​វិនិយោគ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ខេត្តកំពត ប៉ុន្តែ​គំរោង​នេះ​ស្ថិតនៅក្នុង​ការសិក្សា​នៅឡើយ។

ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក​ជាវ តា​យ​អភិបាល​ខេត្តកំពត​កាលពីពេលថ្មីៗនព លោក​ហុង ងៀ​ន ប្រធាន​ប្រតិភូ​ចិន និង​ជា​ស្ថាប​នឹក​ក្រុមហ៊ុន​សៀង​ហៃ ហុង​ងៀ​ន​ក៏បាន​ប្រាប់​ឲ្យ​ដឹង​អំពី​គោលបំណង នៃ​ទស្សនៈកិច្ច​របស់ខ្លួន​ថា ក្រោយ​បាន​ជួបពិភាក្សា​រួច ក្រុមហ៊ុន​មានបំណង​មក​ដាក់ទុន​រកស៊ី​នៅ​ខេត្តកំពត និង​មាន​មហិច្ឆតា​ចង់​ប្រែក្លាយ​ខេត្តកំពត ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា និង​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច ពោល គឺ​ចង់អោយមាន​ការអភិវឌ្ឍ​ជឿនលឿន ដូច​នៅក្នុង​ខេត្ត​ស៊ិន ចូ​វប្រ​ទេស​ចិន ឬក៏​ដូច​នៅ​សិង្ហ​បុរី ព្រោះ​តាម​ការ​សំឡឹងមើល​នៅ​កម្ពុជា ពុំទាន់​មាន​គម្រោង​ដូចនេះ​នៅឡើយ​ទេ។

លោក​ហុង ងៀ​ន​បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​របស់លោក​គ្រោង​វិនិយោគ​វិស័យ​គមនាគមន៍ ដូចជា​ការធ្វើ​កំពង់ផែ ព្រលានយន្តហោះ ផ្លូវ​រថភ្លើង​ល្បឿន​លឿន កំពត​ភ្នំពេញ-កំពត​ខេត្ត​ព្រះសីហនុ និង​គម្រោង​ជាច្រើន​ទៀត។

ប្រធាន​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ចិន ក៏​ស្នើអោយ​អាជ្ញាធរខេត្ត ឬ​ជំនាញ​ពាក់ព័ន្ធ មានការ​សហការ​គាំទ្រ ព្រមទាំង​ថែម​ការធានា​ទាំង​សន្តិសុខ និង​ផ្លូវច្បាប់​គ្រប់គ្រាន់​ផង​ដរ៕

ដំណឹង​ល្អ! UN សន្យា​វិភាជន៍​ថវិកា​ជិត ៥៧៨លាន​ដុល្លារ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​រយៈពេល៤ឆ្នាំ

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC  បាន​ឲ្យ​ដឹងថា អង្គការសហប្រជាជាតិ UN បាន​សន្យា នឹង​វិភាជន៍​ថវិកា​ប្រមាណ ៥៧៧.៦លាន​ដុល្លា​អាមេរិក ដើម្បី​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​សាធារណៈ​នៅ​កម្ពុជា រយៈពេល៤ឆ្នាំ​ចាប់ពី ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២៣ ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​CDC នៅ​ថ្ងៃទី១២ ខែវិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១២ ធ្នូ​កន្លងមក​ថា អង្គការសហប្រជាជាតិ (UN) តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​នានា​របស់ខ្លួន នឹង​ផ្តល់​ថវិកា​ដល់​កម្ពុជា​ប្រមាណ ៥៧៧.៦លាន​ដុល្លា​អាមេរិក ដែល​ថវិកា​នោះ​នឹងមាន​ប្រមាណ ១១៥លាន​ដុល្លា​អាមេរិក​ក្នុងមួយឆ្នាំៗ  ហើយ​ជំនួយ​នេះ​នឹង​ប្រើប្រាស់​សម្រាប់ ការវិនិយោគ​អភិវឌ្ឍន៍​វិស័យ​សាធារណៈ ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍ នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ នៅ​ទីស្តីការ CDC នៅ​ថ្ងៃ​ដដែល ក្រោម​ការដឹកនាំ​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​អគ្គលេខា​ធិ​ការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ជំនួយ​ហិរញ្ញប្បទាន​របស់​UN នឹងត្រូវ​ផ្តល់​មក​កម្ពុជា បន្ទាប់ពី​កម្ពុជា ដាក់​ឯកសារ​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​ជូន​អង្គការសហប្រជាជាតិ​នៅ​ចុងខែ​មករា​ឆ្នាំ២០១៩នេះ ។

លោក​បន្តថា ជំនួយ​UNដែល​នឹង​ផ្តល់​មក​កម្ពុជា​នេះ នឹងធ្វើ​ការអភិវឌ្ឍន៍​វិស័យ​អាទិភាព​ចំនួន៥ រួមមាន៖ ១. ការអភិវឌ្ឍន៍​វិស័យ​សង្គម សេដ្ឋកិច្ច​តាមរយៈ​ការពង្រីក​សេវាសាធារណៈ ២. ការពង្រីក​ឱកាស​ការងារ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា ៣. កិច្ចការពារ​អភិវឌ្ឍន៍​បរិស្ថាន និង​តុល្យភាព​អេកូឡូស៊ី ៤. ការពង្រឹង ប្រព័ន្ធ​តម្លាភាព និង​គណនេយ្យភាព​សម្រាប់​វិស័យ​យុត្តិធម៌  និង​អភិបាលកិច្ច ទី៥ ការគ្រប់គ្រង​នគរូបណីយកម្ម។

គិត​ចាប់ពី​ឆ្នាំ១៩៩២ រហូតមកដល់​ឆ្នាំ២០១៨នេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​នានា​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ បានផ្តល់​ហិរញ្ញប្បទាន​មក​កម្ពុជា មាន​ប្រមាណ​ជាង ១២០០លាន​ដុល្លា​អាមេរិក ស្មើនឹង៦.៥ភាគរយ​នៃ​ទំហំ​ហិរញ្ញប្បទាន​សរុប ដែល​UNផ្តល់​បណ្តា​ប្រទេស​ដៃគូ​អភិវឌ្ឍ​ទាំងអស់។

ដោយឡែក​នៅក្នុង​ឆ្នាំ២០១៨នេះ ប្រព័ន្ធ​UN បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មក​កម្ពុ​ជាមាន​ប្រមាណ ៥៧លាន​ដុល្លា​អាមេរិក ថយចុះ​បន្តិច​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៧កន្លងទៅ៕

លោកគុយ វ៉ាតបង្ហាញគន្លឹះនៃភាពជោគជ័យសំរាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ

ដោយស៊ីវ ម៉េង
​ភ្នំពេញ: ជាថ្នាក់ដឹកនាំមួយរូបដែលមានបទពិសោធន៍យូរឆ្នាំ និងជាអ្នកយុទ្ឋសាស្រ្ត​ផ្នែកទីផ្សារលោកគុយ វ៉ាតដែលជាប្រធាជាប្រធានក្រុមហ៊ុន Century 21 Cambodiaបានបង្ហាញពីគន្លឹះ ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឲ្យទទួលបានជោគជ័យ។

​លោកគុយ វ៉ាតដែលក៏ជាអគ្គនាយកក្រុមហ៊ុនVTRUST GROUPបានមានប្រសា​សន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១២ ធ្នូកន្លងមកថា ជាថ្នាក់ដឹកនាំក្រុមហ៊ុន ពិតជាតួនាទីសំខា​ន់ណា​ស់ អ្វីកាន់តែសំខាន់នោះគឺពួកគាត់មានឳកាសចូលរួម ពិសេសសិក្សាស្វែងយល់ពីបទពិសោធន៍នៅបរទេស។

លោកបន្តថា ការសហការគ្នា​ចែករំលែកគ្នា នឹងទទួលបានជោគ​ជ័យ ព្រោះនៅមានការងារច្រើនណាស់ ដែលយើងធ្វើ​មិនអស់ និងមានផលប្រយោ​ជន៍ជាច្រើនទៀត ដែលយើងមិនទាន់ទាញយកអស់សក្តានុ​ពល។

​លោកបន្តថា “ការសិក្សាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទទួលបានបទពិសោ ធន៍ផង និងចំណេះដឹងថ្មីៗផង ហើយអ្នកជោគជ័យតែងតែសិក្សាជាប់ជាប្រចាំ”។

​លោកគុយ វ៉ាតបានបន្តថា មានអ្នកលើកឡើងថាការយកFranchiseពីក្រៅប្រទេ​ស នាំឲ្យទីផ្សារមានបញ្ហាច្រើន និងប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ ប៉ុន្តែការពិតមិនដូច្នេះទេ អ្វីសំខាន់គឺការរួមគ្នា និងចេះចែករំលែ​កគ្នា ទើបយើ​ងទទួលបានជោគជ័យ។


លោកបន្តថា “ចាប់តាំងពីនាំ Franchiseក្រុម​ហ៊ុនCentury21 មកកម្ពុជារយៈពេល៤ឆ្នាំមកនេះ យើងបានរៀបចំផែនការ គន្លឹះ បច្ចេក​ទេស និងយុទ្ឋសាស្រ្តជាច្រើន ដើម្បីសម្រេចបានជោគជ័យ”។

លោកបន្តថា​លោកគុយ វ៉ាតបានបន្តទៀតថា ពេលមកដល់ដំបូង និងពេលពួកគេ​ទិញFranchiseដំបូង ពួកគេប្រឈមមុខនឹងបញ្ហាច្រើន ប៉ុន្តែបន្ទាប់ពីពួកគេបានចេញទៅ​ក្រៅប្រទេសច្រើន បច្ចុប្បន្នសមាជិកក្រុមគ្រួសារCentury21 បានដឹងពីខ្យល់ ឬនិន្នាការទីផ្សារកំពុងបក់ទៅណា និងកំពុងទទួលបានជោគជ័យ។
លោកបន្តថា “ហេតុនេះនៅពេលពួកគេសហការគ្នា ចែករំលែកគ្នា និងប្តេជ្ញាចិត្តរួមគ្នា នឹងធ្វើឲ្យពួកគេទទួលបានជោគជ័យ”៕

តើវិស័យសំណង់និងអចលនទ្រព្យឆ្នាំ២០១៨ដែលនឹងបញ្ចប់ទៅសម្រេច បានសមិទ្ធផលអ្វីខ្លះ

ដោយវុត្ថា
ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នូវសមិទ្ធិផលធំៗជាច្រើនដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាអោយមានការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមលំហូរទុនក្នុងវិស័យនេះកើនឡើងនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងនេះបានបង្ហាញថា ក្រសួងបានធ្វើការចុះបញ្ជីដី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ មកដល់ពេលនេះនេះបានចំនួន៥,០៧លានប័ណ្ណ ស្មើ៧២,៤% នៃផែនការចំនួន៧លានក្បាលដីនៅទូទាំងប្រទេសកម្ពុជា។ ចំណែកការចុះបញ្ជី នៃចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន២៤,៦៨ ចំណែកឯកជន (កម្មសិទ្ធិករជាជនបរទេសមានចំនួន៧៣៣ប័ណ្ណ)។


ទុនវិនិយោគក្នុងវិស័យសំណង់នៅឆ្នាំ​ ២០១៧ មានចំនួនប្រមាណ៦៤០០ លានដុល្លារអាមេរិក និងបានផ្តល់ការងារធ្វើប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់។ ទីក្រុងរណប បុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈជាបុរីចំនួន២៣០ទីតាំង។ សំណ​ង់​អគារខ្ពស់ចាប់ពី ៥ ជាន់ឡើងទៅមានចំនួន​១១០០អគារ។


ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្មសិក្សាគម្រោងប្លង់ មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។

ប្រទេសមកវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាចំនួន១៨ តាមលំដាប់លេខរៀងទំហំវិនិយោគរួម​មាន ១.ប្រទេសចិន ២.កូរ៉េ ៣.ជប៉ុន ៤. ថៃ ៥.សិង្ហបុរី ៦.តៃវ៉ាន់ ៧. អង់គ្លេស ៨ ម៉ាឡេស៊ី ៩. រុស្សី ១០. កាណាដា ១១. ឡាវ ១២.​ វៀតណាម ១៣.​ ឥណ្ឌូនេស៊ី ១៤. បារាំង ១៥. ឥណ្ឌា ១៦.អាមេរិក ១៧. ហូឡង់ និង១៨. ប៊ែលហ្សិក៕