តោះទៅមើលគំរោងយក្សទាំង១០ ដែលបង្ហាញខ្លួននៅ៥ឆ្នាំខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទន្ទឹមនឹងកំនើនអាគារខ្ពស់ៗ ដែលបានរីកដូចផ្សិតនៅទីក្រុងភ្នំពេ​ញនាពេលបច្ចុប្បន្ននេះ ទីក្រុងមួយនេះនឹងសាងសង់អាគារខ្ពស់ដ៏អស្ចារ្យជាច្រើនទៀត ដែលនឹងអាចឲ្យទីក្រុងនេះកាន់តែរំលេចខ្លួន និងក្លាយជាមជ្ឈម​ណ្ឌលពា​ណិ​ជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់ពិភពលោក។

ថ្ងៃនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច Propertyarea.asia សូមបង្ហា​ញ​នូវអាគារចំនួន១០ដែលនឹងសាងសង់ ហើយនឹងបញ្ចប់ការសាងសង់នា​រយៈពេល៥ឆ្នាំខាងមុខ។ ប្រសិនជាអ្វីៗមិនមានការប្រែប្រួលទេនោះ។

/ អាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងកំពស់៦០០ម៉ែត្រ

អាគារពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោក Thai Bunrong Twin Towerកំពុងស្ថិតក្នុងការឌីសាញឡើងវិញ និងធ្វើតេស្តដី ដោយក្រុមវិស្វករ និងស្ថាបត្យ​ករជំនាញលំដាប់ពិភពលោក។ អាគារនេះគ្រោងចំណាយពេល៥ឆ្នាំ ដើម្បីបញ្ចប់​ការសាងសង់ និងអាចចាប់ផ្តើមសាងសង់នៅពេលណាមួយក្នុងឆ្នាំនេះ។

សម្តេចតេជោហ៊ុន សែនបានបង្ហើបពីការសាងសង់អាគារនេះ នាពេលខាងមុខកាលពីពេលថ្មីៗនេះ ដែលអាគារនេះមានចំនួន១៣៣ជាន់ និងកំពស់សរុប៦០០ម៉ែត្រ ។ ទីតាំងនៃការសាងសង់អាគារនេះ ស្ថិតនៅក្នុង​សង្កា​ត់ចតុមុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុនថៃ ប៊ុនរ៉ុងនឹងសហការជាមួយក្រុមហ៊ុ​នចិនចំនួនពីរ ដើម្បីសាងសង់អាគារនេះ ដោយគ្រោងចំណាយទុន២១០០លាន​ដុល្លារអាមេរិក។

យោងតាមកាសែត THE SUN ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបា

នឲ្យដឹងថា អាគារ Thai Bunrong Twin Tower ក្រោយពេលសាងសង់ចប់ វានឹង​ក្លាយជាអាគារពាណិជ្ជកម្មភ្លោះធំជាងគេ និងខ្ពស់ជាងគេនៅលើពិភពលោក។

/ អាគារ The Glory

អាគារពាណិជ្ជកម្ម THE Glory កំពុងស្ថិតក្នុងការរៀបចំដីសាញឡើងវិញផងដែរ អាគារនេះមានកំពសរហូតដល់៧៨ជាន់ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមក (ស្ថិតនៅខាងក្រោយអាគារ The Bridge)។ អាគារនេះគ្រោងនឹងសាងសង់នៅចុងឆ្នាំនេះ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន​ក្រុមហ៊ុន យាន ឆ័ង។

បើតាមលោក ផូ ប៊ីលសម្បត្តិ តំណាងក្រុមហ៊ុនយាន ឆ័ងប្រចាំកម្ពុជាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសាងសង់​អាគារ​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០១៨ ព្រោះបច្ចុប្បន្នក្រុមហ៊ុនកំពុងឌីសាញរូបរាងអាគារ និងគ្រឿង​បង្គុំរបស់អាគារដ៏ធំនេះឡើងវិញ។ ដោយសារវាជាអាគារខ្ពស់ ​ទើប​ក្រុមហ៊ុន​បាននិងកំពុង​គិតគូ​រ យ៉ាង​យកចិត្តទុកដាក់​ពី​មូលដ្ឋានគ្រឹះ និង​គ្រឿង​បង្គុំ​របស់​អាគារ​នេះ​ដោយ​ម៉ត់ចត់​បំផុត ដើម្បី​បញ្ចៀស​ហានិភ័យផ្សេងៗ។

តាមគំរោងការសាងសង់អាគារដ៏ខ្ពស់នេះ គ្រោងចំណាយទឹកប្រាក់២០០​លានដុល្លារអាមេរិក។

/ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនៅជ្រោយចង្វារ

គំរោងនេះ ត្រូវបានឌីសាញរួចហើយ ប៉ុន្តែការសាងសង់ជាក់លាក់នៅពេល​ណាមិនទាន់ត្រូវបានបង្ហាញ ដោយក្រុមហ៊ុនសុខានៅឡើយទេ ព្រោះការ​សាងសង់អាគារដ៏អស្ចារ្យទាំងនេះ កំពុងស្ថិតក្នុងការសិក្សាពីគុណភាពដី សិក្សាពីទីផ្សារនៅកម្ពុជា ប៉ុន្តែវាទំនងជាមិនយូរទេ អាគារនេះនឹងសាងសង់។

/ អាគារពាណិជ្ជកម្មរបស់ The Prince Real Estate Group

ស្ថិតនៅទីតាំងកន្ទុយកោះពេជ្រ និងជាទីតាំងច្រមុះជ្រូកនៃទឹកដីកោះ ដែល​កំពុងទទួលបានការអភិវឌ្ឍន៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន Prince Real Estate Group ​នឹងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានភ្លោះដ៏អស្ចារ្យមួយទៀត ដែលនឹងធ្វើឲ្យទីក្រុងកោះពេជ្រកាន់តែលេចធ្លោ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​លំដាប់ពិភពលោកនាពេលអនាគត។

ទោះជាយ៉ាងណាក្រុមហ៊ុន Prince Real Estate Group មិនទាន់បញ្ជាក់ឲ្យដឹងពីការសាងសង់ និងកំពស់អាគារភ្លោះនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅប្រទេសចិននេះ នឹងមិនពន្យាពេលសាងសង់នោះទេ។

/ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោករបស់ R&F

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយទៀត ឈ្មោះ A&F Property Co, Ltd បាននិងកំពុងវិនិយោគទឹកប្រាក់ ៧០០លានដុល្លារ ស្ថិតនៅតាមបណ្តោ​យមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានការសាងសង់អាគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន ផ្សារទំនើប ក្លឹបកីឡាកំពស់ចាប់ពីជាង១០ជាន់រហូតដល់៦០ជាន់។គំរោងនេះសាងសង់លើផ្ទៃដីជាច្រើនហិកតា ស្ថិតនៅសង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

/ អាគារកំពស់ ៦៥ជាន់នៃគំរោង Olympia CITY

ជាមួយនឹងភាពឈានមុខគេ នៃក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក ក្រុមហ៊ុន OCIC នឹងសាងសង់អាគារពាណិជ្ជកម្មលំដាប់អន្តរជាតិកំពស់៦៥ជាន់ ដែលបច្ចុប្បន្នការសាងសង់អាគារនេះ បានចាប់ផ្តើមហើយ ជាមួយសកម្មភាពបុកគ្រឹះ​យ៉ាងមមាញឹក។ តាមគំរោងអាគារនេះនឹងប្រើប្រាស់ជាសណ្ឋាគារផ្កាយ៥ ការិយា​ល័យ អាផាតម៉ិនប្រណីតជាដើម។

គំរោង Olympia City ស្ថិតនៅលើផ្ទៃដីជាង៦ហិកតា និងបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ដោយគ្រាន់តែចំណាយលើផ្នែកសំណង់អស់ទឹកប្រាក់ប្រមាណ៥០០លានដុល្លារ។

គំរោងនេះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីហ្សាលដឺហ្គោល មហាវិថីទេពផន មហាវិថីព្រះមុនីរ៉េត ពោលគឺស្ថិតនៅទល់មុខអតីតរង្វង់មូលនាងគង្ហីង។

/ សណ្ឋាគារកំពស់ ៦០ជាន់របស់ The Prince Real Estate

អាគារលំនៅដ្ឋាន និងផ្សារទំនើប The Prince Real Estate ដែលដាក់ឈ្មោះ The Prince Plaza ស្ថិតនៅស្របតាមមហាវិថីព្រះនរោត្តម ខាងត្បូងក្រសួងមហាផ្ទៃបានជិតបញ្ចប់ហើយ។ ជាមួយនឹងមហិច្ឆតាដ៏ធំ និងមានសុទិដ្ឋិនិយមពី គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group បានបង្ហើបថា ក្រុមហ៊ុននឹងសាងសង់សណ្ឋាគារលំដាប់ពិភពលោ​ក​កំពស់៦០ជាន់ថ្មីមួយទៀត ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម (ក្បែរThe Prince Plaza)។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទំហំទុនវិនិយោគក្នុងគំរោងថ្មីនេះទេ និងពេលវេលាសាងសង់ជាក់លាក់ឡើយ។

/ គំរោង KOWLOON Bay

ក្រុមហ៊ុន World Bridge Group បានសហការជាមួយក្រុមហ៊ុនចិន ដើម្បី​សាងសង់អាគារពាណិជ្ជកម្ម លំនៅដ្ឋាន ផ្សារទំនើបភ្លោះកំពស់៥៩ជាន់ ដែលនឹង​សាងសង់ក្រោយការបោះឆ្នោតឆ្នាំ២០១៨។ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ ស្ថិតនៅលើផ្លូវសុធារស ក្បែរផ្សារទំនើប AEON MALL1។

/ គំរោង The PeAK

ក្រុមហ៊ុន World Bridge Group សហការជាមួយក្រុមហ៊ុនយក្សមានមូលដ្ឋាន​នៅប្រទេសឹង្ហបុរី គឺ Oxley Holding Group បាននិងកំពុងសាងសង់មជ្ឈមណ្ឌ​​លលំនៅដ្ឋាន អាគារពាណិជ្ជកម្ម និងសណ្ឋាគារ Shangri-La កំពស់៥៥ជាន់ចំនួន​៣​អាគារ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ក្បែរទីក្រុងកោះពេជ្រផងដែរ។

លោកឧកញ៉ា សៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងថា អាគារនៃគំរោង The PeAk នឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ ដែលបច្ចុប្បន្នការលក់ខុនដូក្នុងគំរោងនេះ លក់បានយ៉ាងជោគជ័យ។

គំរោងនេះគ្រោងចំណាយទុនវិនិយោគ៥០០លានដុល្លារអាមេរិក ហើយ​វានឹងក្លាយជា Landmark ថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ។

១០/ អាគារលំនៅដ្ឋានរបស់ EASTONE បឹងកេងកង១

ក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀត ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់​បានវិនិយោគរួចហើយនូវអាគារខុនដូ East One នៅតាមបណ្តោយផ្លូវប៉ាស្ទ័រ ក្នុង​ខ័ណ្ឌដូនពេញ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន Eastland ចំនួន៥អាគារជាប់គ្នានៅលើមហាវិថីព្រះនរោត្តម ដែលនឹងបញ្ចប់ការសាងសង់នៅចុង​ឆ្នាំនេះ។

ជាមួយនឹងភាពសុទិដ្ឋិនិយមនៃទីផ្សារនៅកម្ពុជា ក្រុមហ៊ុននេះក៏បាននិងកំពុងឌីសាញប្លង់បញ្ចប់ ដើម្បីសាងសង់អាគារខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅក្នុងសង្កាត់បឹងកេងកងមួយ ដែលមានកំពស់កប់ពពកផងដែរ ប៉ុន្តែគំរោងនេះនឹងអាចចាប់ផ្តើមក្រោយការបោះឆ្នោត។

ក្រុមហ៊ុន East Land Group កំពុងរៀបចំឯកសារ និងនិតិវិធីពាក់ព័ន្ឋ ដើម្បី​បោះលក់មូលបត្រ ក្នុងផ្សារហ៊ុនកម្ពុជានាពេលខាងមុខផងដែរ៕

ដំណឹងល្អ៖ ធនាគារពិភពលោក ផ្តល់ឥណទានចំនួន ៦០លានដុល្លារសម្រាប់ការថែរទាំផ្លូវ

0

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីសម្បទានពីធនាគារពិភពលោក គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់២ ចំនួន៦០លានដុល្លាអាមេរិកសម្រាប់ធ្វើការលើកកម្រិត និងថែទាំផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរេញ និងផ្លូវជាតិលេខ៧កំណាត់ថ្នល់ទទឹង (ផ្លូវជាតិលេខ១១) ទៅដល់ក្រុងក្រចេះមានប្រវែ​ង​សរុ​ប២១៨ គ.ម។

គម្រោងកំណាត់ផ្លូវជាតិទាំងពីរនេះ នឹងធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូDBSTបច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនិងធ្វើការស្ថាបនាលូសង​ខាងផ្លូវដើម្បីរំដោះទឹកភ្លៀងចេញ ។ កំណាត់ផ្លូវទាំងពីរនេះនឹងធ្វើការលើកកម្រិត​ដោយការងារ ស្ថាបនាក្រាលកៅស៊ូ AC រយៈពេល១៨ខែ ហើយបន្តថែទាំរយៈពេល៣៦ខែ ដែលនឹងចាប់ផ្ដើមការដ្ឋាន ពីខែមេសាឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd លើកំណាត់ផ្លូវនៃកញ្ចប់ទី១ និងទី៣ដែលមានប្រវែងសរុប១១១.៣ គ.ម មានទឹកប្រាក់សរុបចំនួនជិត១៧លានដុល្លារអាមេរិក។

នៅក្នុងគម្រោង RAMP-II ដដែលនេះ រាជរដ្ឋាភិបាលបានស្នើទៅធនាគារពិភពលោក ដើម្បីខ្ចីហិរញ្ញប្រទានសម្បទានចំនួន១១០លានដុល្លាអាមេរិកបន្ថែមទៀត សម្រាប់លើកកម្រិតផ្លូវជាតិលេខ៤ ដោយក្រាលកៅស៊ូA/C, ស្ថាបនាចិញ្ចើ​មកៅស៊ូA/C និងបន្ថែមនូវប្រព័ន្ធប្រឡាយដែលចាំបាច់ ដើម្បីធានាឱ្យផ្លូវជាតិលេ​ខ៤អាចធ្វើដំណើរបានគ្រប់រដូវ ។

បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោកកំពុងរៀបចំឯកសារបច្ចេកទេស សម្រាប់ហិរញ្ញប្រទាន១១០លានដុល្លាអាមេរិកនេះ ហើយនឹងដាក់ជូនក្រុមប្រឹក្សានាយកធនាគារពិភពលោក សម្រេចក្នុងខែមិថុនា ឆ្នាំ២០១៨ ដែលការបើកដ្ឋានសាងសង់ អាចដំណើរការនាដើមឆ្នាំ២០១៩៕

វិភាគ៖ ការឈានមកកាន់ដំណាក់កាលថ្មីរបស់កម្ពុជាក្នុងកាលានុវត្តន៍ភាពមាស

0

ដោយ លាងគង់ យិន ស្ថាបនិកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញ៖ កាលពីពីរឆ្នាំមុន ប្រទេសកម្ពុជាបានដើរចេញពីភាពទុរភឹក្សមួយ ក្នុងនាមជាប្រទេសក្រីក្រ តោកយ៉ាក មកកាន់ប្រទេសមួយដែលមានប្រាក់ចំណូ​លមធ្យមកម្រិតទាប វាវឌ្ឍនភាពមួយដែលប្រទេសនេះត្រូវបានពិភពលោកមើល​ឃើញក្នុងរូបភាពថ្មី និងជាប្រទេសមួយ ដែលស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ។​

ជាលទ្ឋផលនៃការខិតខំប្រឹងប្រែង ដោយគ្មានការនឿយហត់របស់សម្តេចតេជោហ៊ុន សែន ជាអ្វីដែលសម្រេចបានធ្វើឲ្យសុបិនរបស់លោក ដែលបានលើកឡើងក្នុងសៀវភៅ “ហ៊ុន សែនបុរសខ្លាំង” បានសម្រេចជោគជ័យក្នុងភាពប្រាកដនិយមមួយ និងមានតម្លៃជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន ដោយកាលពីឆ្នាំមុនធនា​គារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋិនាមកម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី។

ធនាគារពិភពលោក ក៏បានចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ជាអ្វីដែលមេដឹកនាំកម្ពុជាបានពុះពារនិងខិតខំប្រឹងប្រែងដោយគ្មានការនឿយហត់ ដើម្បីរំដោះប្រទេសចេញពីភាពក្រីក្រ។

ការទទួលបានងារថ្មីជា ”ខ្លាសេដ្ឋកិច្ចអាស៊ី” និងឋានៈជាប្រទេសមានប្រាក់​ចំណូលមធ្យមកម្រិតទាប មិនមែនជារឿងចៃដន្យទេ ប៉ុន្តែគឺកើតឡើងដោយការប្រើប្រាស់បញ្ញាញ្ញាណដ៏វាងវៃរបស់សម្តេច និងថ្នាក់ដឹកនាំជាន់ខ្ពស់នានារបស់រាជរដ្ឋាភិបាល។

ការមកឈានឆ្ពោះ ក្នុងដំណើរកម្ពុជាដ៏ស្វាហាប់ មកកាន់ដំណាក់កាលថ្មីនេះ កម្ពុជាមានទាំងបញ្ហាប្រឈម និងកាលានុវត្តន៍ភាពមាស។ អ្វីជាបញ្ហាប្រឈ​ម គឺដោយសារកម្ពុជាអាចរស់ដោយខ្លួនឯងបាន បានធ្វើឲ្យដៃគូអភិវឌ្ឍន៍នានា កាត់ផ្តាច់ជំនួយពីប្រទេសនេះខ្លះៗ ដើម្បីយកទៅជួយប្រទេសក្រីក្រដទៃទៀត។

ចំណែកកាលានុវត្តន៍ភាពមាស គឺកម្ពុជាបានក្លាយជាកូនក្រមុំមួយ ស្ថិតក្នុង​ក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដោយលំហូរទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ជាក់ស្តែងគ្រាន់តែវិស័យសំ ណង់និងអចលនទ្រព្យមួយ លំហូរទុនវិនិយោគបានកើនឡើងជាង៦២០០លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ កើនឡើង២២ភាគរយធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ដោយឡែកគិតចាប់ពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៤ ចិនបានក្លាយជាអ្នកវិនិយោគនាំមុខគេ ធំជាងគេលើគ្រប់វិស័យ ដោយទំហំទុនវិនិយោគបានកើនដល់ប្រមាណ២០ពាន់លានដុល្លារអាមេរិក។

លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក បានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ជាការផ្លាស់ប្តូរមិនគួរឲ្យជឿសម្រាប់អ្នកវិនិយោគអន្តរជាតិ។

ការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ជាបន្តបន្ទាប់ និងការដាក់ចេ​ញ​​នូវច្បាប់ស្របតាមទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ការធ្វើកំណែទម្រង់​របស់រដ្ឋាភិបាលលើវិស័យជាអាទិភាពជាបន្តបន្ទាប់ ពិសេសច្បាប់វិនិយោគដ៏ល្អ​របស់កម្ពុជាបានធ្វើឲ្យប្រទេសនេះ ក្លាយជាកាលានុវត្តន៍ភាពមាសសម្រាប់អ្នកវិនិយោគអន្តរជាតិ។

ច្បាប់ គោលនយោបាយប្រាកដនិយម លំហូរទុនវិនិយោគក្នុងស្រុកនិងអន្តរជាតិកំពុងក្រាលគ្របគ្រប់ទីកន្លែងនៅទូទាំងប្រទេស ប្រៀបបាននឹងហេមៈនារដូវប្រាំង បានធ្វើឲ្យស្នាមញញឹមដ៏ដ៏បរិសុទ្ឋលេចលើផ្ទៃមុខប្រជាជាតិនេះជាថ្មី  ក្រោយពីភ្លើងសង្រ្គាមបានបញ្ចប់។

ប្រជាជនម្នាក់ៗមានសម្ភារៈប្រើប្រាស់ មានរថយន្ត ម៉ូតូគ្រប់ៗគ្នា គឺដោយ​សារកំនើនប្រាក់ចំណូលប្រជាជនម្នាក់ៗបានកើនឡើងជារៀងរាល់ឆ្នាំ។

ជាក់ស្តែងនៅឆ្នាំ២០១៧នេះ ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗកើនដល់១៤៣៥ដុល្លារក្នុងម្នាក់​ៗ និងរំពឹងកើនដល់១៩០០ដុល្លារក្នុងឆ្នាំ២០២០ សម្រាប់ប្រជាជនម្នាក់ក្នុងមួយឆ្នាំ។

កត្តាទាំងអស់នេះហើយ ទើបរំលេចចេញនូវវត្តមានអាគារខ្ពស់ៗ ហាងទំនើបៗ ហាងកាហ្វេល្បីៗរាប់រយ ដែលសុទ្ឋតែមានតមលៃ២ដុល្លារអាមេរិកឡើងក្នុងមួយកែវ (គិតជាមធ្យម) ព្រមទាំងផលិតផ​លល្បីៗមកពីជុំវិញពិភពលោក បានចូលមកកម្ពុជាបណ្តាក់គ្នាដូចខ្យង ដោយ​សារ​ហេតុផលជាច្រើន ទី១ កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ និងជាស្ថិរភាពមានរយៈពេលវែង ទី២ កំនើនសេដ្ឋកិច្ចកម្ពុជាដែលសម្រេចបានក្នុងរង្វង់ ជាង៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ ទី៣ ច្បាប់ បទដ្ឋានគតិយុត្តិនានាសុទ្ឋតែមានអំណោយផល និងលើកទឹកចិត្តដល់អ្នកវិនិយោគនានា ទី៤ ច្បាប់ពន្ឋរបស់កម្ពុជាមានភាពសមស្រប និងមិនបានបែងចែកខុសគ្នា នៃគោលនយោបា​យសារពើពន្ឋរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេសឡើយ។

លោកបណ្ឌិកសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា “ក្រៅពីប្រទេសសឹង្ហបុរី គឺមានតែកម្ពុជាប៉ុណ្ណោះ ដែលបានបើកចំហរគោលនយោ​បាយ ច្បាប់នានា ដើម្បីផ្តល់ឳកាស និងលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិ​នានា”។លោកបន្តថា “រហូតមកទល់ពេលនេះកម្ពុជា មានច្បាប់បទដ្ឋានគតិយុត្តិ​នានាស្ទើរតែគ្រប់គ្រាន់ហើយ ដើម្បីការពារ និងលើកទឹកចិត្តអ្នកវិនិយោគ”។

ងាកមកមើលចរន្តពាណិជ្ជកម្មកម្ពុជា កាន់តែរសរវើក ជាមួយនឹងការមកដល់នូវវត្តមានហាងទំនើបៗ ផ្សារទំនើបៗល្បីឈ្មោះដូចជា AEON Mall, MAKRO​, Phnom Penh Mega Mall, E Mart, The Bridge Commercial, និងផ្សារទំនើបជាច្រើនទៀត មិនមែនជាការស្រម័យតែមួយយប់នោះទេ ប៉ុន្តែវាជាលទ្ឋ​ផលនៃការក្រាលផ្លូវមាសមួយពីរដ្ឋាភិបាល ពិសេសការជំរុញកម្ពុជាមកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ព្រោះអ្នកវិនិយោគធំៗ ពួកគេនឹងមិន​មកកាន់ប្រទេសក្រីក្រ ដែលកំលាំងទិញមានចំនួនតូចនោះទេ។

កំលាំងទិញនៅកម្ពុជា ពិតជាកើនឡើងយ៉ាងឆាប់រហ័ស ដោយសារកំនើនទេសចរណ៍ កំនើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជា ការរក្សាបាន​នូងសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ពិតជាចំណុចទាក់ទាញសម្រាប់​អ្នកវិនិយោគជាតិ និងអន្តរជាតិ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីលោកអ៊ិន ចាន់នីដែល​បានដឹកនាំធនាគារធំជាងគេ ដោយជោគជ័យនៅកម្ពុជា បានមានប្រសាសន៍ថា អ្នកវិនិយោគមុនទៅកាន់ប្រទេសណាមួយ ពួកគេមើលសំខាន់លើកត្តាចំនួនបី គឺសុខសន្តិភាព ស្ថិរភាពសង្គមរយៈពេលវែង និងកំនើនសេដ្ឋកិច្ចរបស់ប្រទេសនោះ។

លោកបន្តថា ការឈានមកកាន់ដំណាក់កាលថ្មី ក្នុងនាមជាប្រទេសមាន​ប្រាក់ចំណូលមធ្យមកម្រិតទាប ពិតជាបានផ្តល់កាលានុវត្តន៍ភាពសំខាន់ណាស់សម្រាប់កម្ពុជា ដោយសារទី១ អ្នកវិនិយោគពួកគេកាន់តែចាប់អារម្មណ៍ ព្រោះពេលពួកគេមកវិនិយោគនៅប្រទេសណាមួយ ពួកគេមើលកំលាំងទិញនៅប្រទេ​សនោះ ទី២ អ្នក​វិនិយោគពួកគេនឹងមិ​នទៅកាន់ប្រទេសក្រីក្រទេ ព្រោះពួកគេពិបាករកប្រាក់ចំណេ​ញត្រលប់មកវិញ (Return Of Investment) ទី៣ កម្ពុជាកាន់តែបង្កើនកិត្យា​នុភាពលើឆាកអន្តរជាតិ  ក្នុងនាមជាប្រទេសថ្មីមួយ ដែលមានភាពអំណោយផល​ដល់ការវិនិយោគ ទី៤ ជាប្រទេសដែលអ្នកវិនិយោគអាចរកប្រាក់ចំណេញបាន និងមានភាពកក់ក្តៅ ទី៥ កម្ពុជាមានច្បាប់ បទដ្ឋានគតិយុត្តិនានាដែលផ្តល់ការការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគនានា។

ជាមួយគ្នានេះ តាមរយៈការខិតខំកែទម្រង់ ការប្រមូលចំណូលរបស់រាជរ  ដ្ឋាភិបាលបានធ្វើឲ្យ​កម្ពុជាមានលទ្ឋភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងការចំណាយចរន្តដោយខ្លួនឯងបាន និងមានលទ្ឋភាពចំណាយលើការវិនិយោគសាធារណៈ២ភាគ៣ ជាមួយនឹងផលទុនជាតិសរុបកើនឡើង ដល់ប្រមាណ២០ពាន់លានដុល្លារនៅឆ្នាំ២០១៧នេះ។

ក្នុងកាលានុវត្តន៍ថ្មី ជាមួយនឹងការក្រឡេកមើលត្រលប់នូវអ្វី ដែលជាលទ្ឋផលសម្រេចបានរបស់រដ្ឋាភិបាល កម្ពុជានាពេលនេះកំពុងដោះស្រាយបញ្ហាប្រ​ឈមមួយចំនួនផងដែរ ដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ឋ កង្វះធនធានមនុស្សជំនា​ញដែលអាចឆ្លើយតបនឹងទីផ្សារបាន តម្លៃអគ្គិសនីថ្លៃ សុទ្ឋតែជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុង​ប្រឈមនិងត្រូវដោះស្រាយចំពោះមុខ។

ប៉ុន្តែកាលពីខែតុលាឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ​​បាយ ”អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥”ជាអ្វីដែលរដ្ឋាភិបាល​បានដាក់ចេញ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី ជាដំណាក់កាលដែលផ្លាស់ប្តូរកំលាំងពលកម្មក្នុងប្រទេសនេះ ពីអតិពល​កម្ម ទៅជាកំលាំងពលកម្មដែលមានជំនាញ ដែលផ្តល់ប្រាក់កម្រៃខ្ពស់ ជាអ្វីដែល ជាការតភ្ជាប់ខ្សែសង្វាក់គោលនយោបាយដ៏ប៉ិនប្រសព្វមួយ របស់សម្តេចតេជោហ៊ុន សែនគឺនាំកម្ពុជាទៅកាន់ប្រទេស មាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដែលចំណាត់ថ្នាក់នេះ គឺសំដៅប្រទេសដែលប្រជាជនម្នាក់ៗមានប្រាក់ចំណូលចាប់ពី៤៨០០ដុល្លារ ដល់១២,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់។

ឈរលើគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ និងគោលនយោបាយ ដ៏ដូចជាច្បាប់នានាតែងតែធ្វើបច្ចុប្បន្នភាព ជាមួយនឹងស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំរយៈពេលវែង កម្ពុជាពិតជា​កំពុងឆ្ពោះទៅរកអនាគតភ្លឺស្វាងមួយ ក្នុងនាមជាប្រទេសចាកចេញពីភាពអន្ឋ​កាល មកកាន់ប្រទេសមួយដែលរះចែងចាំងក្នុងឆាកអន្តរជាតិ និងផ្តល់វិបុលភាព​សម្រាប់ជាតិនៃកម្ពុជាទាំងមូល៕

ខ័ណ្ឌសែនសុខនឹងក្លាយជាតំបន់ពាណិជ្ជកម្មធំទី៥នៃក្រុងភ្នំពេញ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ បន្ទាប់ពីខ័ណ្ឌធំៗ ដែលជាតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុង ខ័ណ្ឌសែនសុខកំពុង តែមានភាពលេចធ្លោចាប់ពីដើមឆ្នាំ២០១៧កន្លងមកនេះ ដោយ​សារលក្ខខ័ណ្ឌល្អប្រសើរមួយចំនួន។

ខ័ណ្ឌធំៗទាំងបួនកណ្តាលក្រុងភ្នំពេញ រួមមាន ខ័ណ្ឌចំការមន ដូនពេញ មករា និងខ័ណ្ឌទួលគោក ជាតំបន់មួយដែលសម្បូរ ដោយមជ្ឈមណ្ឌលពាណិជ្ជ​កម្ម ប៉ុន្តែបច្ចុប្បន្នខ័ណ្ឌសែនសុខ កំពុងលេចធ្លោមួយបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ មករានេះថា ខ័ណ្ឌសែនសុខ ពិតជាមានការីកចម្រើនលឿន ដោយសារមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានជាច្រើនបានវិនិយោគនៅតំបន់នោះ។ ខ័ណ្ឌនេះមានលក្ខខ័ណ្ឌអំណោយផលល្អ ដូចជា ទី១ ហេដ្ឋារចនាសម្ព័ន្ឋកំពុងអភិវឌ្ឍន៍ និងមានភាពល្អប្រសើរ សណ្ឋានដី ល្អ មិនចាំបាច់ចំណាយលើការចាក់ដី សម្រាប់អភិវឌ្ឍន៍ ទី៣ ជាតំបន់ដែលមិនមានការបំពុល ដោយសារតំបន់នេះមិនមានរោងចក្រ សហគ្រាសនានាឡើយ។

លោកបន្តថា “លក្ខខ័ណ្ឌអំណោយផលទាំងនេះ បានធ្វើឲ្យខ័ណ្ឌសែនសុខ សមស្របសម្រាប់ការអភិវឌ្ឍគំរោងលំនៅដ្ឋាននានា ពិសេសលំនៅដ្ឋានសម្រាប់ អ្នកមានប្រាក់ចំណូលមធ្យម”។

បច្ចុប្បន្នខ័ណ្ឌសែនសុខ មានក្រុមហ៊ុនវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានានាប្រមាណ២០ ដែលបាននិងកំពុងវិនិយោគនៅតំបន់នោះ។ មជ្ឈមណ្ឌលពា ណិជ្ជកម្មលំដាប់អន្តរជាតិមួយចំនួនទៀត បានបើកដំណើរការដូចជាផ្សារបោះដុំ MAKRO, AEON Mall2 និងផ្សារទំនើបមួយចំនួនទៀតនឹងបើកនៅក្នុងឆ្នាំនេះ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរដែល​ទើបបានបើកសម្ភោធគំរោងទី៨ នៃបុរីវិមានភ្នំពេញលើផ្ទៃដីប្រមាណ២០ហិកតា បានមានប្រសាសន៍ថា ខ័ណ្ឌសែនសុខពិតជាមានការរីកចម្រើនលឿន ដោយសា​រមានគំរោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ហេតុនេះទើប​លោកបាន និងកំពុងងវិនិយោគសាងសង់បុរីនៅតំបន់នេះ ខណៈទីផ្សារបុរីនៅតែ​បន្តមានភាពល្អប្រសើរ ដោយអត្រាលក់នៅតែមានកំនើនខ្ពស់។

លោកបន្តថា “ហេដ្ឋារចនាសម្ព័​ន្ឋល្អប្រសើរ ការមិនបំពុលពីផ្សែងរោងចក្រ សហគ្រាសនានា និងកត្តាសណ្ឋានដីល្អប្រសើរ ជាកត្តាជំរុញល្បឿនអភិ​វឌ្ឍន៍​នៅ​តំបន់នេះ”។

លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Hutton CPL បានលើកឡើងស្រដៀងគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ ការចូលទៅដល់នៃហាងកាហ្វេ ភោជនីយដ្ឋានទំនើបៗ និងហាងកាហ្វេឆ្ងាញ់ៗ ជាច្រើនបានចូលទៅតំបន់នេះ ដែលបានធ្វើឲ្យតម្លៃដីធ្លីនៅតាមតំបន់លំនៅដ្ឋាន​ពីមុនមានតម្លៃត្រឹមចន្លោះពី៦០ទៅ៩០ដុល្លារ កើនឡើងដល់៣០០ទៅ៤០០ដុល្លារនាពេលបច្ចុប្បន្ននេះ។

ពិសេសដីនៅជុំវិញតំបន់ផ្សារទំនើប AEON MALL2 ពីមុនមានតម្លៃត្រឹម៤០០ទៅ៥០០ដុល្លារ បច្ចុប្បន្នបានកើនដល់១០០០ទៅ១២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “តំបន់នេះមានការរីកចម្រើនសមស្រប នឹងស្ថានភាពជាក់ស្តែង និងសក្តានុពលដែលតំបន់នេះមាន ហើយកំនើនប្រជាសាស្រ្តក៏បានកើនឡើងខ្ពស់ផងដែរ”៕

ដំណឹងរីករាយ៖ ក្រុមហ៊ុនជប៉ុន ១១៥៤ហើយ កំពុងវិនិយោគនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាបានកើនឡើងដល់១១៤៥ក្រុមហ៊ុនហើយ បានវិនិយោគនៅកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ២០១៧ កើនឡើងជាង១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមកនេះ។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីដែល​ជាធនាគារដើរតួនាទី ជាអ្នកទូទាត់សាច់ប្រាក់ជាមួយក្រុមហ៊ុនជប៉ុន ដែលបានវិនិយោគភាគច្រើន​នៅកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៥ កុម្ភៈនេះថា គិតត្រឹមដំណាច់ឆ្នាំ២០១៧កន្លងមកនេះ មានសាជីវកម្មធំៗជប៉ុនចំនួន៣៤៤ កើនឡើង១៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានសាជីវកម្មចំនួនត្រឹម២៨៩ និងក្រុមហ៊ុនលក្ខណៈឯកទកម្មចំនួន៨១០ កើនឡើង១៩,៤៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានក្រុមហ៊ុនឯកទជនចំនួនត្រឹម៦៧៨ក្រុមហ៊ុន។

លោកបន្តថា “ក្រុមហ៊ុនជប៉ុនវិនិយោគកាន់តែច្រើននៅកម្ពុជា និងវិនិយោគស្ទើរគ្រប់វិស័យ ទាំងភោជនីយដ្ឋាន សេវាកម្ម ធនាគារ សណ្ឋាគារ ខុនដូ អាផាតម៉ិនជាដើម”។លោកបន្តថា “មុនមកវិនិយោគនៅកម្ពុជា ជប៉ុនសិក្សាយូរណាស់ ហើយនៅពេលពួកគេ ទៅវិនិយោគនៅប្រទេសណាហើយ ពួកគេមិនងាយចាកចេញនោះទេ”។

លោកអ៊ិន ចាន់នីបានបន្តថា មុនទៅវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគអន្តរជាតិតែងសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ទី១ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ទី២ កត្តាសេដ្ឋកិច្ច គឺសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនរយៈពេ​លវែង និងរ៉ឹងមាំ និងទី៣ កត្តាស្ថិរភាពសង្គមរយៈពេលវែង ហើយកម្ពុជាមានកត្តាសំខាន់ៗទាំងបីនេះ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងស្រដៀងគ្នាថា ការចូលមកវិនិយោគនៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនជប៉ុនកាន់តែច្រើនជារឿង​ល្អប្រសើរណាស់ ព្រោះពួកគេសិក្សាពីកត្តាច្បាប់វិនិយោគ ច្បាប់ពន្ឋ និងបទបញ្ញត្តជាច្រើនទៀត ទើបពួកគេមកវិនិយោគ បើពួកគេរកឃើញថា ច្បាប់​និងបទបញ្ញត្តផ្សេងៗដែលកម្ពុជាផ្តល់ជូនមានភាពអំណោយផល។

លោកបន្តថា “ជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ឆ្លុះបញ្ចាំងពីទំនុក​ចិត្តក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមា​នភាពល្អប្រសើរ”។លោកបន្តថា “ជប៉ុនបានវិនិយោគលើមូលដ្ឋានសំខាន់ៗ សំ​រា​ប់ការស្នាក់នៅ និងវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ”៕

ចំណុចត្រូវគិត មុនពេលទិញផ្ទះសម្រាប់លក់បន្តយកចំណេញ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ស្ថិតនៅក្នុងបរិបទនៃភាពពុះកញ្ជ្រោល លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាវិស័យនេះមានការរីកដុះដា​លគ្រប់ទីកន្លែង ជាពេលដែលអ្នកមានធនធានបានវិនិយោគលើផ្នែកផ្សេងៗក្នុងវិស័យនេះ ដូចជាទិញផ្ទះ ទិញដី ទិញខុនដូទុកលក់យកចំណេញជាដើម។

អ្នកវិនិយោគមានក្ដីរំពឹងទទួលបានភាគលាភ និងប្រាក់ចំណេញនៅថ្ងៃអនាគត ខណៈដែលអ្នកវិនិយោគមួយចំនួន បានធ្វើឡើងទាំងភាពប្រថុយប្រថាន។ ចង់ដឹងទេថា តើគួរសិក្សា និងពឹងផ្អែកទៅលើចំណុចគន្លឹះអ្វីខ្លះ ទើបអាចទទួលបានប្រាក់ចំណេញពីការវិនិយោគ និងគេចផុតពីការខាតបង់ ? សូមស្វែងយល់នូវគន្លឹះខ្លីៗ តែមានប្រយោជន៍ដូចខាងក្រោមជាមួយគេហទំព័រអចលនទ្រ ព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា www.propertyarea.asia។

-​សិក្សា​ទៅលើ​ទីតាំង

មិនថាលោកអ្នកទិញ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ  ឬទិញសម្រាប់ការវិនិយោគបន្តនោះទេ ចំណុចដែលគួរពិចារណាមុនគេនោះ គឺគួរតែ​សិក្សា​ឱ្យ​បាន​លម្អិត​អំពី​ទីតាំង​ជា​មុន​សិន។ ត្រូវដឹងពីព័ត៌មាននានា​ឱ្យ​បាន​ច្រើន​បំផុត ​ដូច​ជា បរិយាកាស​ទូទៅ កត្តាប្រជាសាស្រ្ត និងកម្រិតជីវភាពក្នុងតំបន់ ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស ​សេវា​សាធារណៈ ដូច​ជា​ សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។

-​ប្រៀបធៀប​ព័ត៌មាន

នៅពេល​បាន​សិក្សា​លម្អិត និង​ទទួល​បាន​ព័ត៌មានពាក់ព័ន្ធទាំងអស់ ដូចបានរៀបរាប់ខាង​នេះហើយ លោកអ្នក ​អាច​យក​ព័ត៌មាន​ទាំងនោះ​ទៅពិចារណា​ ដោយធ្វើការប្រៀបធៀបគ្នាជាមួយទីតាំងផ្សេងទៀត ដែ​លស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកថា តើតំបន់ ឬទីតាំង​ណាមួយ ​ដែល​មានភាពទាក់ទាញ​ មានការ​ចាប់អារម្មណ៍​ច្រើន​ជាង ដោយដោយសំអាងទៅលើចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ផ្ទាល់ ដែលជាចំណុច​សំខាន់។

– ភាពចាំបាច់​នៃ​ការ​ទិញ​លំនៅ​ដ្ឋាន

ការ​ទិញ​​លំនៅដ្ឋាន​សម្រាប់វិនិយោគដើម្បីទទួលបានចំណេញ ប្រសិនបើលោកអ្នកមានធនធានគ្រប់គ្រាន់ លើការទិញទុកវិនិយោគនោះ ដូចជា មិនសូវបញ្ហានោះទេ ប៉ុន្តែបើចំពោះអ្នកវិនិយោគដោយការបង់រំលស់ ឬពឹងផ្អែកទៅលើកម្ចីពីស្ថាប័នហិរញ្ញវត្ថុ គួរតែ​គិត​ឱ្យ​បាន​ដិត​ដល់​ ដែលវាអាចជាពី​បញ្ហាហានិភ័យខ្ពស់ និងអាចកើតមានជាយថាហេតុដោយប្រការណាមួយ។

ដូច្នេះលោក អ្នកគួរតែមានការត្រៀមទុក នូវដំណោះស្រាយលើផ្នែកហិរញ្ញវត្ថុឱ្យបានរួចរាល់ជាស្រេច។​ចំណុច​សំខាន់ និងចាំបាច់មួយចំណុចទៀត គឺប្រភពចំណូលដែលត្រៀមបង់រំលស់ប្រកបដោយស្ថិរភាព។

-​ពិគ្រោះ​យោបល់​ជាមួយអ្នកជំនាញ

ដើម្បីជួយ​ឱ្យ​ការ​ទិញសម្រាប់វិនិយោ​គរបស់លោក អ្នកអាចមានភាពរលូនទៅបាន លោក អ្នកគួរ​តែរក​អ្នកជំនាញផ្នែកវិស័យនេះ ដើម្បី​ជួយ​ផ្តល់​ជាយោបល់មុនពេលសម្រេចចិត្តទិញ ពីព្រោះ​ថាការសុំពិគ្រោះពីសំណាក់អ្នកជំនាញ ក្រៅពី​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ហើយ​នោះ ថែម​ទាំង​ធ្វើ​ឱ្យ​ការ​ទិញ​ ​លក់​លំនៅ​ដ្ឋានរបស់លោក អ្នក​មានភាព​ជឿជាក់​ និងប្រាកដថាការសម្រេចចិត្ត មិនត្រូវធ្វើឡើងទាំងភាពប្រថុយប្រថាននោះទេ៕

កាសែត The Sun៖ អគារភ្លោះ Thai Bun Rong នឹងបំបែកឯកទត្តកកម្មជាអគារភ្លោះខ្ពស់ជាងគេក្នុងលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ កាសែត The Sun ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស (UK) បានចុះផ្សាយនាពេលថ្មីៗនេះថា អគារភ្លោះ ដែលមានកំពស់១៣៣ជាន់ ដែលគ្រោងសាងសង់ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នឹងបំបែកឯទត្តកកម្មពិភពលោកជាអគារភ្លោះខ្ពស់ជាងគេក្នុងតំបន់អស៊ាន។

អគារភ្លោះដែលខ្ពស់កប់ពពក និងធំជាងគេនៅក្នុងតំបន់អាស៊ាន នឹងដុះឡើងនៅតាមបណ្តោយមាត់ទន្លេងមេគង្គ ក្នុងរាជធានីភ្នំពេញនាពេលខាងមុខ ដែលអគារភ្លោះនេះ នឹងត្រូវចំណាយពេលសាងសង់៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រ​មា​ណជា២.៧ពាន់លានដុល្លារ។ ដែលអាគារនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដូចជាផ្សារទំនើប អាផាតមិន រោងភាពយន្ត សណ្ឋាគារ ការិយាល័យធ្វើការ ភោជនីដ្ឋាន និងកន្លែងតាំងពិព័រណ៍ជាដើម។

សារព័ត៌មាននេះចុះផ្សាយថា នៅពេលសាងសង់បញ្ចប់ អគារនេះនឹងជាប់ជាអគារភ្លោះខ្ពស់ជាងគេ ក្នុងពិភពលោកបន្ទាប់ពីអគារ Petronas Twin Towers របស់ប្រទេស ម៉ាឡេស៊ីដែលមានកំពស់ត្រឹមតែ៤៥២ ម៉ែត្រ។

ក្រុមហ៊ុនសាងសង់ចិនចំនួន២ នឹងសាងសង់អគារនេះ ដែលត្រូវចំណាលពេល៥ឆ្នាំលើទំហំដី១.៥លានម៉ែត្រការ៉េ។ អគារនេះនឹងក្លាយទៅជាអគារមជ្ឈ​មណ្ឌលពាណិជ្ជកម្មធំបំផុតនៅអាស៊ីអាគ្នេយ៍ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបធៀបនឹងអាគារខ្ពស់បំផុតនៅលើពិភពលោកបានទេ គឺអគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃបានដែរ ដែលជាប់កំណត់ត្រាមានកម្ពស់២,៧១៧ ហ្វីត  បន្ទាប់មកអគារ Shangai Tower in China នៅក្នុងប្រទេសចិន និងអាគារ Abraj Al-Bait Clock Tower នៅទីក្រុងមេកាសាប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កាលពីឆ្នាំមុនផែនការសាងសង់អគារខ្ពស់ កប់ពពកក្នុងតំលៃ៨00លានដុល្លារនៅទីក្រុងឡុងដ៍ត្រូវបានគេដាក់បង្ហាញដែរ ដែលគ្រោងសាងសង់ដោយក្រុមហ៊ុន Spire London ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ។ អគារនេះ ត្រូវបានគេសាងសង់ទៅជាផ្ទះល្វែងដ៏ប្រណីតជាច្រើន សម្រាប់អ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះ ។ អគារនេះ នឹងត្រូវគេសាងសង់ក្នុងកម្រិតកំពស់៧៧០ ម៉ែត្រនឹងក្លាយជាអគារលំនៅដ្ឋានខ្ពស់បំផុតនៅអឺរ៉ុបខាងលិច ដែលគ្រោងបញ្ចប់នៅក្នងឆ្នាំ២០២០។

ប្រសិនជាសាងសង់បញ្ចប់ និងធ្វើឡើងតាមគំរោងដើម អាគារពាណិជ្ជកម្ម​លំដាប់ពិភពលោក Thai Bunrong Twin Tower មិនត្រឹមតែមានជាអាគារខ្ពស់ចំនួនពីរនោះទេ ប៉ុន្តែមានអាគាររណបកំពស់៤៥ជាន់ ចំនួន៤នៅជុំវិញបន្ថែមទៀត ដែលវានឹងក្លាយជាអាគារឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ ក្នុងតំបន់អា​ស៊ាន និងពិភពលោកផងដែរ៕

អស្ចារ្យ!!! ក្រុមហ៊ុនចិនប្រមាណ១០០ នឹងមកសិក្សាពីការធ្វើធុរកិច្ចនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ កម្ពុជាស័ក្តិសមជាទឹកដីនៃការវិនិយោគ ខណៈប្រទេសនេះបានស្ថិតក្នុងក្រសែភ្នែកអ្នកធុរកិច្ចអន្តរជាតិ ជាក់ស្តែងមេដឹកនាំក្រុមហ៊ុនចិនចំនួន១០០ក្រុមហ៊ុនបន្ថែមទៀត កំពុងស្វែងរកឳកាសវិនិយោគនៅកម្ពុជា។

ប្រធានសហព័ន្ឋសមាគមឧស្សាហកម្មខេត្តក្វាងទុង លោក Gong Shaolin  កាលពីពេលថ្មីនេះ បានដឹកនាំប្រតិភូអ្នកវិនិយោគចិនមកទស្សនកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពល នៃកាវិនិយោគនៅកម្ពុជាបានឲ្យដឹងថា សមាជិករបស់សហព័ន្ធមានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ E-Commerce វិស័យទេសចរណ៍ និងកសិកម្ម ជាពិសេសចង់នាំយកអង្ករកម្ពុជាទៅដាក់លក់នៅក្នុងសណ្ឋាគារនានាក្នុងប្រទេសចិន។

លោក Gong Shaolin ក៏មានបំណងដឹកនាំគណៈប្រតិភូវិនិយោគចិនប្រមាណ១០០ក្រុមហ៊ុន មកទស្សនកិច្ចស្វែងយល់ពីការធ្វើធុរកិច្ចនៅកម្ពុជា។ ជា​មួយគ្នានោះ សមាជិកនៃសហព័ន្ឋសមាគមឧស្សាហកម្ម ខេត្តក្វាងទុង បានអញ្ជើ​ញឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ដើម្បីដឹកនាំប្រតិភូកម្ពុជា ចូលរួមវេទិកាឆ្នៃប្រឌិតថ្មី នៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការគាំទ្រជាខ្លាំង ដែលក្រុមហ៊ុនចិនមានបំណងវិនិយោគលើវិស័យ E-Commerce នៅកម្ពុជា ព្រោះថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងខិតខំជំរុញវិស័យនេះជាខ្លាំង។ ជាមួយគ្នានោះលោក បានជម្រាបភាគីចិនថា កម្ពុជាមានកសិផលជាច្រើន ដូចជា ផ្លែមៀន ស្វាយ ក្រូចឆ្មារ ស្វាយចន្ទី ដំឡូងមី ពោត កៅស៊ូ។ល។ ដែលផលិតផលទាំងនេះ ត្រូវការទីផ្សារ និងរោងចក្រកែច្នៃ ដើម្បីនាំចូលមកប្រទេសចិន។ ក្រៅពីនេះ វិស័យទេសចរណ៍កម្ពុជា ក៏ពោរពេញទៅដោយសក្តានុពលផងដែរ ដោយក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរបានមកកំសាន្តនៅកម្ពុជា សរុបចំនួនប្រមាណ៦ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនប្រមាណ១លាននាក់។

លោកបន្តថា “ក្រសួងពាណិជ្ជកម្មនឹងរង់ចាំស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធសមាគមឧស្សាហកម្មខេត្តក្វាងទុង មកកាន់ប្រទេសកម្ពុជា ហើយនឹងជួយសម្របសម្រួលឲ្យប្រតិភូចិន បានជួបពិក្សាការងារជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ឋ”៕

ដំណឹងល្អៈផ្ទះតម្លៃទាបតំបូងគេចាប់ផ្តើមទទួលប្រាក់កក់ជាផ្លូវការ

0

ដោយគង់ សូរិយា

ភ្នំពេញ រឿងដែលគេទន្ទឹងជាយូរមកហើយ មានដំណឹងល្អ ដោយផ្ទះ​មានតម្លៃសមរម្យតំបូងគេ បានប្រកាសទទួលកក់ប្រាក់ជាផ្លូវការពីអតិថិជនហើ​យ។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisal​(KFA )ដែលទទួលសិទ្ឋលក់គំរោងនេះ ជាផ្លូវការបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មករានេះថា ក្រុមហ៊ុនបានបើកទទួលការកក់ប្រាក់ពីអតិថិ​ជនហើយ ដោយផ្ទះក្នុងគំរោងនេះមានតម្លៃចាប់ពី២៥,០០០ដុល្លារ ដល់ជាង៣០,០០០ដុល្លារអាមេរិក។ លោកបន្តថា អតិថិជនអាចកក់ប្រាក់ចន្លោះពី៥ទៅ៣០ភាគរយ និងទទួលបានការអនុគ្រោះ មិនយកការប្រាក់រយៈពេល២៤ខែ និងបន្ទាប់ពីនេះ អតិថិជនអាចប្រើប្រាស់ឥណទានធនាគារ ដោយក្រុមហ៊ុនជាអ្នកជួយសម្របសម្រួលជូន។

អតិថិជនអាចស្វែងរកការិយាល័យ ស្ថិតនៅដីឡូត៍លេខ៦៤៤បេ ភូមិទួល​រកា សង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកគំរោងលំ​នៅដ្ឋាននេះស្ថិតនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុនWorld Bridge កំពុង​ចាប់ផ្តើមសាងសង់លំនៅដ្ឋាននេះហើយ ដែលមានផ្ទះសរុបចំនួន២៤៥៧ផ្ទះ ស្ថិតនៅលើផ្ទៃដីជាង២០ហិកតា និងគ្រោងចំណាយពេលសាងសង់រយៈពេលចំនួន២០ខែ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនវើលដ័ប្រីដ ហូមឯកដែ​លជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនWorld Bridge Groupបានឲ្យដឹងថា ដើម្បីជួយសម្រួលបន្ទុកនការបង់ប្រាក់កក់របស់អតិថិជន សម្រាប់គំរោងលំនៅដ្ឋានតម្លៃស​មរម្យ របស់ក្រុមហ៊ុនរបស់យើងខ្ញុំ ក្រុមហ៊ុននឹងអនុញ្ញាត្តឲ្យអតិថិជនបង់ប្រាក់កក់​តំបូងតែ៥ភាគរយ ឬ១០ភាគរយនៃតម្លៃផ្ទះប៉ុណ្ណោះ ហើយអាចបង់បង្រ្គប់ឲ្យគ្រប់​ចំនួន២០ភាគរយ ឬ២៥ភាគរយ ឬ៣០ភាគរយរហូតដល់២៤ខែ ដោយគ្មានការ​ប្រាក់អ្វីទាំងអស់ជាមួយក្រុមហ៊ុន។

ក្នុងន័យនេះអតិថិជន នឹងត្រូវបង់ប្រាក់ចន្លោះពី១០៥ដុល្លារអាមេរិក ទៅ២៤៤​ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ អាស្រ័យតាមតម្លៃផ្ទះនិងជម្រើសបង់ប្រាក់កក់។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា អតិថិជន​ដែលមានបំណងទិញលំនៅដ្ឋានក្នុងគំរោងនេះ ត្រូវភ្ជាប់ឯកសារចំនួន៣ គឺទី១ ពាក្យស្នើសុំទិញលំនៅដ្ឋាន​​តម្លៃសមរម្យជាមួយក្រុមហ៊ុន ទី២ អត្តសញ្ញាណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់មន្រ្តីរាជការ និងទី៣ សំបុត្រអាពាហ៍ពិពាហ៍ឬសៀវ​ភៅស្នាក់នៅ និងសៀវភៅគ្រួសារ៕

ទោះជាចំនួនកើនឡើងតែតម្លៃជួលការិយាល័យនៅមានស្ថិរភាព

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេលការផ្គត់ផ្គង់កើនឡើង ធ្វើឲ្យចំនួនទំហំការិយាល័យកើន​ឡើងក្តី ប៉ុន្តែទីផ្សារជួលនៅតែមានតម្លៃល្អប្រសើរនៅឡើយ ដោយសារកំនើននៃ​ការវិនិយោគ។

ការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុន CBRE Cambodia ដែលទើបបានបង្ហាញកាលពីសប្តាហ៍មុនបានរកឃើញថា យោងទៅលើការព្យាករណ៍សម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ និងចំនួនអាគារការិយាល័យមានការកើនឡើង ដោយមានការិយាល័យចំនួន៥​ នៅក្នុងទីក្រុងភ្នំពេញត្រូវបានបញ្ច​ប់​ការសាងសង់នៅក្នុងឆ្នាំ២០១៧ និង​មាន​ការិយាល័យចំនួន៩គំរោង សម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩។

ការសិក្សាដដែលបានរកឃើញថា ក្នុងការរំពឹងគិតតម្លៃជួលនៅមានស្ថេ​រភាពដូចធម្មតាដដែល។ ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០១៨​នេះ នឹងមានការផ្គត់ផ្គង់អាគារការិយាល័យ ដែលមានកម្មសិទ្ធចំណែកឯកជន៦០,០០០ម៉ែត្រការ៉េថែមទៀត ដែលនឹងដាក់ចូលទីផ្សារផងដែរ។

ការិយាល័យដែលនៅតែមានប្រជាប្រិយភាពជាងគេ នៅរាជធានីភ្នំពេញ នៅតែជាអាគារការិយាល័យកម្រិតB និងអាគារការិយាល័យC ដែលតម្លៃជួល​មាន​ភាពសមរម្យ សម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មីៗ និងសម្រាប់ក្រុមហ៊ុនមានខ្នាតមធ្យម ដែលពួកគេមិនចង់ចំណាយច្រើនលើការិយាល័យរបស់ខ្លួន។នេះបើតាមការឲ្យដឹងពីលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia៕