រោងចក្រស៊ីម៉ងត៍តម្លៃ ២៦២លាន រួមចំណែកកាត់បន្ថយការនាំចូលសម្ភារៈសំណង់

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ជីព ម៉ុង និងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសថៃ នឹងធ្វើឲ្យកម្ពុជាកាន់តែអាចកាត់បន្ថយបានការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេស។

រោងចក្រនេះ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងត្រូវបានដាក់សម្ភោធនាព្រឹកថ្ងៃនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។

ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់ សុទ្ធតែត្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជា អគារបុរីលំនៅ   ដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះ បានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុនជីប ម៉ុងគ្រុបរបស់កម្ពុជា ចំនួនទឹកប្រាក់៦០ភាគ​រយនិងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេន របស់ប្រទេសថៃចំនួនទឹកប្រាក់៤០ភាគរយ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអញ្ជើញជាអធិប​តីក្នុងពិធីសម្ភោធន៍រោងចក្រនេះ នាព្រឹកថ្ងៃទី៨ កុម្ភៈនេះ បានមានប្រសាសន៍ថា “ខេត្តកំពតគឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយឈ្នះឈ្នះដែលរាជរដ្ឋាភិបាល បានដាក់ចេញហើយពេលនេះខេត្តកំពត បានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍ រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ” ។សម្តេចបន្តថា “ កំពតក៏ជាខេត្ត ដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។

តាមរយៈការបង្កើតរោងចក្រនេះ ក៏បានផ្តល់ការងារមួយចំនួនដល់ពលរដ្ឋកម្ពុជាប្រមាណជាង៤០០នាក់ផងដែរ ជាពិសេសអ្នកដែលនៅខេត្តកំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ ដើម្បីធ្វើការនាំចេញផងដែរ ដូចច្នេះកម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ។

លោកឧកញ៉ាលាង ឃុនអគ្គនាយកក្រុមហ៊ុនជីប ម៉ុងបានថ្លែងថា កត្តាសន្តិ​ភាព ការរីកចម្រើសេដ្ឋកិច្ច និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម បានទាក់ទាញអ្នកវិនិយោគទាំងតូច ទាំងធំមកវិនិយោគក្នុងប្រទេស និងប្រកបអាជីវកម្មនៅកម្ពុជា ហើយនេះជាមូលហេតុចម្បង ដែលធ្វើឲ្យរោងចក្រផលិតស៊ីម៉ងត៍អ៊ិនស៊ី នេះចាប់កំណើតក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយ​ជំ​រុញឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងកាត់បន្ថយភាពក្រីក្រផង តាមរយៈការបង្កើត​ផលិតផលក្នុងស្រុក និង​បង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ។

ស៊ីម៉ងត៍ដែលផលិតចេញពីរោងចក្រនេះមានបីប្រភេទ គឺស៊ីម៉ងត៍អូដ្ឋព៌ណ​ទឹកក្រូច ស៊ីម៉ងត៍អូដ្ឋព៌ណបៃតង និងស៊ីម៉ងត៍ពេជ្រ។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបាន​ថ្លែងថា រហូតមកទល់ពេលនេះ បូកទាំងរោងចក្រថ្មីនេះគឺកម្ពុជាមានរោងចក្រ​ផលិតស៊ីម៉ងត៍ចំនួន៤ហើយ ប៉ុន្តែនៅតែមិនអាចឆ្លើយតបបានតាមតម្រូវការនៅឡើយ ព្រោះបច្ចុប្បន្នមានតមម្រូវការស៊ីម៉ងត៍ច្រើនណាស់ ពិសេសវិស័យសំណ​ង់ ដោយសារកម្ពុជាកំពុងសាងសង់អាគារខ្ពស់ៗច្រើន និងវិស័យដទៃទៀត ក៏មាន​ការប្រើប្រាស់ស៊ីម៉ងត៍ច្រើនផងដែរ។

លោកឧកញ៉ាបានបន្តថា “ទោះជាមិនអាចផ្គត់ផ្គង់បានគ្រប់ក្តី ប៉ុន្តែខ្ញុំគិតថា វាអាចរួមចំណែកកាត់បន្ថយ ការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសបានច្រើន”៕

វិភាគ៖ តើកម្ពុជាគួរប្រកៀងស្មាជាមួយចិនយ៉ាងដូចម្តេច ដើម្បីវិបុលភាពរបស់ខ្លួន

0

ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

តើមហាអំណាចសេដ្ឋកិច្ចទី២ ពិភពលោកពិតជាកំពុងផ្តល់វិបុលភាពដល់កម្ពុជា? នេះជាសំណួរធំមួយ ដែលប្រជាជនកម្ពុជានិងអ្នកជំនាញមួយចំនួនកំពុងលើកជាសំណួររាល់ថ្ងៃ។

តាមរយៈការបង្ហូរទុនវិនិយោគ និងឥណទានសម្បទានរាប់ពាន់លានដុល្លា​រដល់​កម្ពុជាក្នុងមួយឆ្នាំៗ តើពិតជាប្រទេសចិនកំពុងលេបកម្ពុជា ឬផ្តល់ភាពរ៉ុងរឿងដល់កម្ពុជា សម្រាប់ដើមសតវត្សរ៍ទី២១នេះមែនឬ? វាទាមទារនូវការបកស្រាយតាមបែបវិទ្យាសាស្រ្តមួយ។

ការកសាងគ្រឹះនៃប្រទេសទាំងពីរ

ការចាប់ដៃជាមួយចិន តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោ​យរវាងប្រទេសទាំងពីរ ដែលពូនជ្រុំដោយអតីតព្រះមហាក្សត្រកម្ពុជាសម្តេចព្រះ​បរមរតនកោដិ នរោត្តម សីហនុ និងបន្តពូនជ្រុំដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងធ្វើឲ្យមានប្រតិកម្មចម្រុះ ទាក់ទងនឹងការងាក​ចាប់ដៃជាមួយចិន ហើយឃ្លាតឆ្ងាយពីលោកខាងលិច ដែលខ្ញុំនឹងបកស្រាយបន្តិចទៀតនេះក្នុងទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយ។

ស្របពេលខួបនៃទំនាក់ទំនងកាទូត៦០ឆ្នាំ សម្រាប់ទំនាក់ទំនងកម្ពុជា ចិន ដែលមានភាពស្អិតរមួតជាមួយគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រសួងពាក់ព័ន្ឋរៀបចំខ្លួនជាពិសេស ដើម្បីប្រារពខួបនៃទំនាក់ទំនង ដែលប្រៀបដូចដែកថែបនេះឲ្យស័ក្តិសមនឹងតម្លៃ និងភាពជាដៃគូនៃយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៃ ប្រទេសទាំងពីរ។

រយៈពេល៦០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងប្រទេសទាំងពីរបានដើរលើផ្លូវរលាក់ផង និងផ្លូវក្រាលកម្រាលព្រុំដ៏ក្រហមឆ្អិនឆ្អៅផង ប៉ុន្តែអតីតកាលជារឿងអតីតកាល ហើយចិននិងកម្ពុជាកំពុងដើរលើផ្លូវបច្ចុប្បន្នភាព តាមរយៈការពូនជ្រុំនូវការកសាងភាពទុកចិត្តគ្នា តាមរយៈការគាំទ្រគ្នាទៅវិញទៅមក នៅលើគ្រប់របៀបវារៈកាទូតអន្តរជាតិ។

ប្រធានាធិបតីចិន លោកហ្សី ជីនពីងដែលបានមកទស្សនកិច្ចកម្ពុជាកាលពីខែ ឧសភា ឆ្នាំ២០១៧ លោកបានផ្ញើរសារដ៏វែងមួយ ដែលបញ្ជាក់ពីទំនាក់ទំនងដ៏រ៉ឹងមាំ ទាំងផ្នែកវបប្បធ៌ម ប្រវត្តិសាស្រ្ត ទំនាក់ទំនងកាទូត និងការគាំទ្ររបស់កម្ពុជា។

សារដ៏រញ្ជួយចិត្តរបស់ប្រធានាធិបតីចិនហ្សី ជីនពីងបានលើកឡើងថា “កម្ពុជា ជាមិត្តដ៏អាចទុកចិត្តបានរបស់ចិន ហើយចិននឹងចូលរួមចំណែកការពារអធិប​តេយ្យភាព បូរណៈភាពទឹកដី និងចូលរួមអភិវឌ្ឍន៍កម្ពុជា”។

សារប្រកបដោយអត្ថន័យនេះ បានធ្វើឲ្យកម្ពុជាកាន់តែមានភាពកក់ក្តៅ ដោយសារប្រទេសដ៏តូចមួយនេះ មានមហាអំណាចមួយនៅពីក្រោយ។ ជាមួយ​នឹងសារប្រកបដោយអត្ថន័យរាប់ពាន់នេះ ប្រមុខមេដឹកនាំចិន បាននិងកំពុង​ចាក់បង្ហូរទុនវិនិយោគជាង២០ពាន់លានដុល្លារ ចាប់ពីទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៧​។ ចំនួនទឹកប្រាក់នេះ មិនទាន់រាប់បញ្ចូលឥណទានសម្បទាន ដែលបាននិងកំពុងប្រើប្រាស់ដោយរាជរដ្ឋាភិបាល ក្នុងការវិនិយោគភាគច្រើនលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ឋ សម្រាប់កសាងនិងពង្រឹងមូលដ្ឋាន នៃការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។

មូលដ្ឋានសេដ្ឋកិច្ច

ការមកដល់នៃអ្នកវិនិយោគចិនដូចទឹកបាក់ទំនប់ នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាផ្តើមចេញពីមូល ដ្ឋាន ដែលកម្ពុជាបានរៀបចំខ្លួនឯងរួចជាស្រេច ដើម្បីទទួលយកអ្នកវិនិយោគទាំងនោះ ព្រោះទោះកម្រិតទំនាក់ទំនងនយោបាយល្អបែបណាក្តី ប៉ុន្តែប្រសិនជាកម្ពុជាខ្លួនឯង មិនមានភាពទាក់ទាញ និងគេមិនអាចរកប្រាក់ចំណេញបាននៅទីនេះ ក៏គេមិនមកវិនិយោគនៅកម្ពុជាដែរ។

ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលដ្ឋានសំខាន់ៗ ដែលមិនអាចខ្វះបាន រួចទៅហើយ ទី១ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ទី២កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ ទី៣ ច្បាប់វិនិយោគដ៏ល្អ សម្រាប់ផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគអន្តរជាតិនានា និងច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ។ទី៤ អនុញ្ញាត្តិឲ្យជន​បរទេសមានសិទ្ឋវិនិយោគ១០០ភាគរយនៅកម្ពុជា ទី៥ ការផ្ទេរសាច់ប្រាក់ចេញពីកម្ពុ ជាមិនមានភាពស្មុគ្រស្មាញ។ ទី៦ ការប្រើប្រាស់ប្រាក់ដុល្លារចាយវាយយ៉ាងទំលំទូលា​យក្នុងសកម្មភាពពាណិជ្ជកម្ម ដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់អ្នកវិនិយោគ និងទី៧ ច្បាប់សហកម្មសិទ្ឋ ដែលផ្តល់ការអនុញ្ញាត្តឲ្យ​ជនបរទេស គ្រប់គ្រងផ្ទះចាប់ពីជាន់ទី១ឡើងទៅ សុទ្ឋតែជាមូលដ្ឋានដ៏សំខាន់មិន​អាចខបដិ​សេធបាន សម្រាប់កាលានុវត្តន៍ភាពនៃកម្ពុជា ហើយកម្ពុជាបានក្លាយជា “កូនក្រមុំដ៏ស្រស់ស្អាតមួយ” ក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ។

ចំណុចពិសេសមួយទៀត គឺការឈានឡើងរបស់កម្ពុជាពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឆ្ពោះទៅកាន់ប្រទេ​សមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ជាដែកឆក់មួយទៀត ដែ​លទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ល្បីៗ ពីជុំវិញពិភពលោកមកកាន់កម្ពុជា ដោ​យសារពួកគេមើលឃើញកំលាំងទិញកើនឡើង ដែលពួកគេអាចរកប្រាក់ចំណេ ញបានពីទីនេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បាននាំកម្ពុជាមកកាន់កោះ “សន្តិភាព” ដោយឆ្លងកាត់ថ្លុកឈាម និងទឹកភ្នែក និងគំនរឆ្អឹងរាប់រយកន្លែងនៅទូទាំងប្រទេស ហេតុនេះកម្ពុជាត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រទេស ព្រោះសន្តិភាពជាមូលដ្ឋាននៃអ្វីៗគ្រប់យ៉ាងសំរាប់ការរីកចម្រើន និងវិបុលភាពកម្ពុជា។

សម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងក្នុងជំនួប​ជាមួយកម្មករ កម្ការិនី១៦,០០០នាក់នៅតំបន់ទំនប់កប់ស្រូវ ភាគខាងជើងរាជ ធានីភ្នំពេញកាលពីម្សិលម៉ិញនេះថា “ខ្ញុំនឹងមិនឲ្យអ្នកណាមកបំផ្លាញសន្តិភាពនៅ​កម្ពុជានោះទេ ដរាបណាខ្ញុំនៅទីនេះ”។ សម្តេចបន្តថា “ ខ្ញុំមិនព្រមទេ”។

(រូបតំណាង)

ការវិនិយោគរបស់ចិននៅកម្ពុជា

បច្ចុប្បន្នមានក្រុមហ៊ុនចិនជាង២០០០ បាននិងកំពុងវិនិយោគនៅកម្ពុជានិងក្រុមហ៊ុនជាច្រើនទៀត ដែលបាននិងកំពុងត្រៀមខ្លួនចូលមកប្រទេសនេះ ដោយកាលពីឆ្នាំមុន មានទឹកប្រាក់ជាង៤០០០លានដុល្លារ ដែលប្រទេសចិនបាន​បង្ហូរមកកាន់កម្ពុជា តាមរយៈឥណទានសម្បទា​ន(កម្ចីការប្រាក់ទាប) និងទឹកប្រាក់វិនិយោគរបស់អ្នកវិនិយោគចិន ចំនួន១៤០០លានដុល្លារអាមេរិក ដែលបាន​វិនិយោគស្ទើរគ្រប់វិស័យនៅកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនយក្សជាច្រើនរបស់ចិន បានចូលមកវិនិយោគនៅកម្ពុជា​លើវិស័យសំណង់ និងអចលនទ្រព្យដូចជា ក្រុមហ៊ុន The Prince Real Estate Group, ក្រុមហ៊ុនអចលនទ្រព្យ R&F Property Co, Ltd, ក្រុមហ៊ុន Greenland Group ក្រុមហ៊ុន Union Development Group ជាដើម ដែលក្រុមហ៊ុនទាំងនេះបាន​បោះទុនវិនិយោគរាប់ពាន់លានដុល្លារ។

ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះជាទីក្រុងខ្មោច និងមានមនុស្សតែ៧០​នាក់ បច្ចុប្បន្នបានក្លាយជាទីក្រុងមួយ ដែលមានប្រជាជនរស់នៅប្រមាណ៣លាន​នាក់ និងកំពុងប្រែក្លាយជាទីក្រុងនៃមជ្ឈមណ្ឌលជាពាណិជ្ជកម្ម និងហិរញ្ញ វត្ថុអន្តរជាតិ ដោយបច្ចុប្បន្នមានអាគារពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងលំ​នៅដ្ឋានប្រមាណ ៧០០អាគារ ដែលមានកំពស់ចាប់ពី៥ជាន់ រហូតដល់ជាង៦០ជា​ន់កំពុងសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ។

ក្រៅពីវិនិយោគលើវិស័យសំណង់ និងអចនវត្ថុ ក្រុមហ៊ុនចិនក៏ឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ ថាមពលអគ្គិសនី និងវិស័យនាំមុខជា​ច្រើនទៀត។

ភ្ញៀវទេសចរណ៍ចិនជាង២,១លាននាក់ បានមកទស្សនាកម្ពុជាកាលពីឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ១ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ ចិនចំនួន១៧បាន និងកំពុងហោះហើរត្រង់មកកាន់ទីក្រុងភ្នំពេញ ដែលនាំមកនូវ​អ្នកវិនិយោគ ទេសចរណ៍មកពីទីក្រុងជាច្រើននៃប្រទេសចិនមកទស្សនាកម្ពុជា។

ទំនាក់ទំនងអន្តរជាតិ

ក្នុងទំនាក់ទំនងអន្តរជាតិ ផលប្រយោជន៍ជារឿងទី១ ព្រោះគ្មានអ្នកណាជួយយើង ដោយមិនគិតផលប្រយោជន៍ខ្លួនឯងនោះទេ។ មានផលប្រយោជន៍ទើបមានទំនាក់ទំនងល្អ នេះជារឿងធម្មតាក្នុងវិស័យកាទូត និងទំនាក់ទំនងអន្តរ​ជាតិ។

ក្នុងសមរភូមិកាទូត និងចំណេះដឹង កម្ពុជាបានដើរតួនាទីកាន់តែសកម្មលើ​ឆាកអន្តរជាតិ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាមានសម្លេងមួយនៅ​លើឆាកអន្តរជាតិដូចប្រទេសធំៗដែរ ហើយក្នុងការបោះឆ្នោត ឬការបញ្ចេញសម្លេងអ្វីមួយ កម្ពុជាតែងតែនៅខាងចិន ដើម្បីក្លាយជាមិត្តដ៏ល្អ និងអាចទុកចិត្ត​បានរបស់ចិន។

ភូមិសាស្រ្តនយោបាយ

នៅពេលនិយាយពីផលប្រយោជន៍ យើងត្រូវមើលកត្តាភូមិសាស្រ្តនយោ​បាយ ដែលមិនអាចមើលរំលងបាន។ ចិនបាននិងកំពុងពង្រីកឥទ្ឋិពលរបស់ខ្លួន​មកកាន់តំបន់អាស៊ី អាហ្រ្វិក តាមរយៈការផ្តល់ជំនួយឥតសំណងផង ជំនួយហិរញ្ញប្បទាន​ផង និងជំរុញអ្នកវិនិយោគនៅតាមបណ្តាប្រទេសនានា ដែលខ្លួនអាចពង្រីកឥទ្ឋ ពលបាន។ និយាយជារួម។

និយាយដោយឡែកជាមួយកម្ពុជា ចិនបានចាប់ដៃកម្ពុជា និងជួយអភិវឌ្ឍន៍ កម្ពុជា ដោយសារចិនចង់ពង្រីកឥទ្ឋិពលនៅក្នុងតំបន់ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាក៏មានសម្លេងមួយ នៅលើឆាកអន្តរជាតិដូចប្រទេសធំដែរ។ ផ្ទុយទៅវិញ ចិនមិនអាចជ្រៀតចូលពង្រីកឥទ្ឋិពលនៅបណ្តាប្រទេសជិតខាងកម្ពុ ជានោះទេ ដោយសារប្រទេសទាំងនោះ ជាមានជម្លោះផលប្រយោជន៍ជាប្រវត្តិ​សាស្រ្តជាមួយចិន និងជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងជាមួយវៀតណាម ហ្វី លីពីន ម៉ាឡេស៊ី ហើយប្រទេសទាំងនោះរូមទាំងថៃ និងភូមាផងបានក្លាយជាសម្ព័​ន្ឋមិត្តអាមេរិករួចទៅហើយ។

ហេតុនេះ ក្នុងក្របខ័ណ្ឌអាស៊ានកម្ពុជា អាចធ្វើជាមិត្តស្លាប់រស់របស់ចិន ដែលចិនអាច​ទុកចិត្តបាន ទើបចិ​នបានផ្តល់ជំនួយ និងជំរុញអ្នកវិនិយោគរាប់ពាន់ក្រុមហ៊ុនមក​វិនិយោគនៅកម្ពុជា។

ជាប្រតិកម្មថ្មីៗ មិនធ្លាប់មាន លោកស្យង់ បូឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំ​កម្ពុជាបានឲ្យដឹងថា គិតរហូតម​កទល់ពេលនេះ មានក្រុមហ៊ិនចិនជាង២០០០ កំពុងវិនិយោគនៅកម្ពុជា ដោយគិតត្រឹមតែឆ្នាំ២០១៧ ទឹកប្រាក់វិនិយោគរបស់ចិនជាប់ចំណាត់ថ្នាក់លេខ១ ដែលមាន១៤០០លានដុល្លារអាមេរិក ប៉ុន្តែបើគិតបញ្ចួលទាំងហិរញ្ញប្បទានវិញ ចិនបានផ្តល់ជាង៤០០០លានដុល្លារ នៅកម្ពុជាសម្រា​ប់តែឆ្នាំ២០១៧។

ជាមួយគ្នានេះ ចិនក៏បានផ្តល់សារដ៏ច្បាស់លាស់មួយថា“ចិនវិនិយោគនៅកម្ពុជា មិនមែនជាការលាងលុយកខ្វក់ទេ ហើយការលើកឡើងរបស់​លោកខាងលិចកន្លងមក គឺជាការច្រណែនពីភាពជាដៃគូ និងការរីកចម្រើនរបស់ប្រទេសទាំងពីរ”។

សរុបមកវិញការចាប់ដៃជាមួយចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដោយ​ផ្ទាល់ និងប្រយោលនោះទេ ប៉ុន្តែចិនបានក្លាយជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដែល​ជួយអភិវឌ្ឍន៍កម្ពុជាផង ជួយការពារឯករាជ្យ អធិបតេយ្យភាពដល់កម្ពុជាផង និងនាំកម្ពុជាឆ្ពោះទៅរកវិបុលភាពនាពេលអនាគត ប៉ុន្តែការចាប់ដៃជាមួចិន ហើយ​បោះបង់លោកខាងលិច អាចជារឿងគ្រោះថ្នាក់មួយ។

ជាមួយនឹងទំនាក់ទំនងកាទូតដ៏ឈ្លាសវៃមួយ និងជាបុរសដែលត្រូវបានគេ​ប្រសិទ្ឋនាមថា “ជាបុរសខ្លាំងរបស់កម្ពុជា” សម្តេចតេជោមានសុបិនដ៏ធំមួយគឺប្រែ​ក្លាយកម្ពុជា “ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់” ដូច្នេះការបោះបង់លោកខាងលិច មិនមែន​ជាជម្រើសរបស់សម្តេចតេជោទេ ទោះជាកម្ពុជាបានចាប់ដៃជាមួយចិនមិនអាចព្រលែងបានក៏ដោយ ក៏កម្ពុជាមិនព្រមលែងដៃលោកខាងលិច ដែលផ្តល់នូវទីផ្សា​រសម្រាប់នាំចេញទំនិញដ៏សម្បូរបែបពីកម្ពុជានោះទេ។

“ចិន ជាអ្នកផ្តល់ស្រូវ និងសាបព្រួសដល់កម្ពុជា ហើយលោកខាងលិច ជាអ្នកប្រមូលផលឲ្យកម្ពុជា ដើម្បីយកអង្ករមកចំអិនទទួលទានខ្លួនឯង”៕

ដំណឹងរីករាយ៖ សំណង់សណ្ឋាគារខ្មោចក្លាយជាសណ្ឋាគារដ៏ប្រណីត

0

ដោយ វុត្ថា

ភ្នំពេញ៖ សំណង់អគារប្រវត្តិសាស្ត្រ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង និងត្រូវបានគេបោះបោះចោលរាប់ទសវត្សរ៍ ត្រូវបានគេជួសជុលកែលម្អឡើងវិញ ប្រែក្លាយពី“អគារខ្មោច”ទៅជាសណ្ឋាគារដ៏ល្អប្រណិត និងរងចាំទទួលស្វាយគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលស្ថិតនៅលើកំពូលភ្នំបូកគោដ៏ល្បីល្បាញរបស់កម្ពុជានៅក្នុងខេត្តកំពត បានបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះ។

សណ្ឋាគារដែលធ្លាប់មានឈ្មោះ ឡឺ បូកគោ ត្រូវបានបើកដំណើរការនៅដើមឆ្នាំ១៩៦២ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលផ្តល់សេវាកម្មជូនមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏ជាកន្លែងវិស្សមកាលដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលចិត្តជាទីបំផុត។

ស្ថិតនៅច្រាំងថ្មចោតនៃកំពូលភ្នំបូកគោ សណ្ឋាគារប្រវត្តិសាស្ត្រមួយនេះ  ផ្តល់នូវទេសភាពដ៏ស្រស់ត្រកាល ដែលត្រូវបានជនជាតិបារាំងហៅថា ឆ្នេរសមុទ្របៃតង។

អាកាសធាតុនៅលើកំពូលភ្នំបូកគោ មានចន្លោះពី១៧ ដល់២៤ អង្សាសេ ពេញមួយឆ្នាំ។ ភ្នំបូកគោមិនត្រឹមតែជាគោលដៅទេសចរណ៍ សម្រាប់ភ្ញៀវបុណ្ណ៉ោះទេ ហើយវាក៏ជារមណីយដ្ឋានសុខភាព ដែលព្យាបាលដោយធម្មជាតិ រួមមានឥទ្ធិពលទៅលើសួត ការដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធប្រសាទ ការស្តារឡើងវិញនៃចលនាឈាម និងការបង្កើនកម្លាំង។

សណ្ឋាគារឡឺ បូកគោផាឡេស គឺជាអគារបួនជាន់ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ជាមួយនឹងវត្តមានដ៏មានអានុភាព មានរានហាល និងជណ្តើរថ្មើរ​ជើងបែបអ៊ីតាលី។

សព្វថ្ងៃនេះសណ្ឋាគារ ឡឺបូក គោផាឡេស ត្រូវបានជួសជុលឡើងវិញដោយក្រុមហ៊ុន Sokha Hotels & Resort ។

អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារនេះ លោក FRUGERE F. Philippe បានឲ្យដឹងថា “ឡឺ បូកគោ ផាឡេស ជាសណ្ឋាគារប្រវត្ដិសាស្ត្រ និងជារតនសម្បត្ដិរបស់ប្រទេសយើង។ ក្រុមហ៊ុនបានជួសជុលសំណង់អគារនេះសារជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញនូវរចនាប័ទ្មផ្ទៃខាងក្នុងបែបអាណានិគម ជាមួយនឹងគ្រឿងបំពាក់បន្ទប់ទឹក ដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិតដែលនាំចូលពីប្រទេសអេស្ប៉ាញ។

ក្រោយពីជួសជុលរួចរាល់ សំណង់អគារអាណានិគមដ៏ធំស្កឹមស្កៃនេះ នឹងត្រូវបានបើកសម្ពោធនៅដើមឆ្នាំ២០១៨ ដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណិតចំនួន៣៦បន្ទប់ ភោជនីយដ្ឋានចំនួន២ ដែលបង្ហាញនូវប្រណិតភាពនៃសណ្ឋាគារនេះនាសម័យអតីតកាល ចុងភៅជនជាតិស្វីស និងខ្មែរ បានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយនឹងបន្លែសរីរាង្គ និងគ្រឿងផ្សំថ្មីស្រស់ ដែលដាំនៅក្បែរចំការបន្លែ។

ឈ្មោះសណ្ឋាគារ ឡឺ បូកគោ ផាឡេស ត្រូវបានរក្សាទុកក៏ដូចជាការរក្សាទុកនូវប្រវត្តិសាស្ត្រនៃអាណានិគម និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។

សំណង់អគារអាណានិគមសេសសល់ ដែលនៅតែអាចមើលឃើញនាពេលបច្ចុប្បន្ន រួមមាន ផ្ទះជប៉ុន ព្រះវិហារកាតូលិក វត្តសំពៅប្រាំ ដំណាក់ស្លាខ្មៅ ដំណាក់ស្តេច សាលាក្រុង និងសំណង់អគារអាណានិគមជាច្រើនទៀត ដែលមានស្ទើរតែគ្រប់ទីកន្លែង និងតែងតែត្រូវបានគ្របដណ្តប់ដោយអ័ព្ទ។

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលស្នាក់នៅសណ្ឋាគារ ឡឺ បូកគោ ផាឡេស ដែលត្រូវបានគេស្គាល់ថា ជារមណីយដ្ឋានសុខភាពបែបធម្មជាតិ ក៏អាចទៅទស្សនាបឹងលើភ្នំដ៏ស្រស់ត្រកាល ទឹកជ្រោះពពកវិលដ៏ស្រស់ស្អាត ថ្មដែលបង្កើតជារូបរាងខុសៗគ្នាជាច្រើននៅវាលស្រែ១០០ និងរូបរាងដ៏អស្ចារ្យនៃនិមិត្តរូបច្រកទ្វាររវាងឋានសួគ៌ និងឋានមនុស្ស។

ការតាំងសមាធិ ត្រូវបានគេណែនាំឲ្យធ្វើនៅលើភ្នំបូកគោ ជាពិសេសវាលស្រែ៥០០។ ភ្នំបូកគោ ជាកន្លែងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានផ្កាបំពង់ក្រឡោម ដែលត្រូវបានអ្នកស្រុកយកមកប្រើប្រាស់ជាឱសថ៕

ក្រុមហ៊ុនចិនគ្រោងបើករោងចក្រផលិតជាស័ង្កសីនៅកម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ក្រុមហ៊ុនអន្តរជាតិមួយ មានគោលបំណងចង់នាំចូលវត្ថុធាតុដើម ប្រភេទកំហាប់រ៉ែសំណ មកផលិតជាស័ង្កសី និងរបស់ប្រើប្រាស់ជាលោហៈផ្សេង​ៗ ដើម្បីបង្កើតជារោងចក្រផលិតស័ង្កសីនៅកម្ពុជា។

លោក Yang Xihui ប្រធានក្រុមហ៊ុន Yunnan Xiangyun feilong Resources Recycling នៃសាធារណៈរដ្ឋចិន បានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួ​យ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងកាលពីថ្ងៃទី៧ កុម្ភៈកន្លងមកថា ក្រោយពីឃើញសក្តានុពល និងតម្រូ​វ​ការខ្ពស់នៅកម្ពុជា ក្រុមហ៊ុនមានគោលបំណងចង់នាំចូលវត្ថុធាតុដើម ប្រភេទកំហាប់រ៉ែសំណ មកផលិតជាស័ង្កសី និងរបស់ប្រើប្រាស់ជាលោហៈផ្សេងៗ ដើម្បីបង្កើតរោងចក្រផលិតស័ង្កសីនៅកម្ពុជា ខណៈដែលវិស័យឧស្សាហកម្មមួយចំនួ​នក្រៅពីរោងចក្រ លោហៈធាតុបាននិងកំពុងដំណើរយ៉ាងល្អ នៅក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកចម ប្រសិទ្ឋបានស្នើដល់ប្រធានក្រុមហ៊ុនធ្វើបញ្ជីរបញ្ជាក់ ឲ្យបានច្បាស់​លា​ស់ពីសារធាតុទាំងឡា​យ នៅក្នុងកំហាប់រ៉ែទាំងនោះថា តើវាជាប្រភេទសារធាតុគីមីហាមឃាត់ដែរឬទេ? ហើយក្រោយពីចម្រាញ់រួចតើកាកសំណល់ប្រភេទណា មានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស។

លោកទេសរដ្ឋមន្រ្តី ក៏បានស្នើដល់ប្រធានក្រុមហ៊ុន ជួយផ្តល់ជាគំរូផលិត​ផល ក៏ដូចជាវត្ថុធាតុដើម  ដែលក្រុមហ៊ុនត្រូវនាំចូលពីក្រៅប្រទេ​ស ដូចជា ការនាំចូលពីប្រទេសអូស្ត្រាលីជាដើម ដែលកំពុងយកមកផលិតក្នុងខេត្តយូណាន ប្រទេ​សចិន នៅក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយក្រសួងនឹងផ្តល់បញ្ជីរជូនទៅវិញ ទាក់ទងនិងសារធាតុគីមីហាមឃាត់ ដែលកម្ពុជាកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ននេះ៕

ដំណឹងល្អ!!! ក្រុមហ៊ុនចិនច្រើនជាង ២ពាន់ក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ របាយការណ៍របស់ស្ថានទូតចិននៅកម្ពុជាបានបង្ហាញថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនចិនជាង២០០០ក្រុមហ៊ុន ដែលបានវិនិយោគនៅប្រទេសកម្ពុជាលើវិស័យជាច្រើន ហើយឆ្នាំ២០១៧កន្លងមកនេះ ចិនបានវិនិយោ គទឹកប្រាក់ជាង១៤០០លានដុល្លារនៅប្រទេសនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកស្យង់ បូបានថ្លែងឲ្យដឹងក្នុងសន្និសីទសារព៌ត​មាន​កាលពីព្រលប់ថ្ងៃម្សិលម៉ិញស្ដីពី ស្ថានភាពនៃវិនិយោគចិន និងប្រជាជនចិនរស់នៅកម្ពុជាថា តាមទិន្នន័យដែលស្ថានទូតទទួលបានៗបញ្ជាក់ថា ក្រុមហ៊ុនចិនច្រើនជាង២ពាន់ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ក្នុងទំហំប្រមាណជា១២ពាន់៥រយលានដុល្លារអាមេរិក ជាពិសេសអ្នកវិនិយោគចិន ដែលគ្រោងបណ្ដា​ក់ទុនទុននៅកម្ពុជា តែងតែទាក់ទងតាមស្ថានទូតជារៀងរាល់ថ្ងៃ។

លោកបន្តថា “ចំនួនក្រុមហ៊ុនចិន និងទំហំវិនិយោគអាចមានចំនួនជាងនេះ ដោយសារក្រុមហ៊ុនមួយចំនួន មិនបានមកតាមស្ថានទូតនោះទេ ដោយពួកគេបាន​ទាក់ទងផ្ទាល់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”។

លោកស្យង់ បូបន្ថែមថា គម្រោងវិនិយោគធំៗនៅកម្ពុជាបច្ចុប្បន្នរបស់ក្រុមហ៊ុនចិន មានដូចជា វារីអគ្គីសនី ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបជាឥណទានសប្បទានវិស័យកសិកម្ម វិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដោយមានរហូតដល់៧០ភាគរយ នៃក្រុមហ៊ុនសរុបក្នុងវិស័យនេះនៅកម្ពុជា ហើយសព្វថ្ងៃអ្នកវិនិយោគចិន ក៏កំពុងបណ្ដាក់ទុនលើវិស័យទេស​ចរណ៍ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកំពុងទាក់ទាញអ្នកវិនិយោគចិនផងដែរ។

កាលពីឆ្នាំ២០១៧កន្លងទៅប្រទេសចិន បានវិនិយោគនៅ​កម្ពុជាក្នុងទំហំទឹកប្រាក់ ប្រមាណជា១ពាន់៤រយលានដុល្លារអាមេរិក ដោយស្មើនឹង២៧,៥ភាគរយ នៃការវិនិយោគសរុបនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់បន្ថែមថា ចំនួនទឹកប្រាក់នេះ មិនទាន់រាប់បញ្ចូលឥណទានសម្បទាននៅឡើយទេ ប៉ុន្តែបើរាប់បញ្ចូ​លនោះទំហំទឹកប្រាក់នេះ ទំហំទឹកប្រាក់នឹងកើនដល់ប្រមាណជា៤ពាន់លានដុល្លារអាមេរិក។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កំនើននៃការវិនិយោគរបស់ចិននៅកម្ពុជា ដោយសារទំនាក់ទំនងល្អ​រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោ​យ ស្របពេលចិនក៏ចង់ពង្រីកផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ហើយចិនអាចឈរជើង និងអាចយកកម្ពុជាជាចំណតមួយ ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ហើយពេលចិនមិនអាចឈរជើងជាមួយវៀតណាម ថៃ មីយ៉ាន់ម៉ា ដោយសារប្រទេសទាំងនោះជាកូនក្រមុំ ក៏ដូចជាបានងាកទៅរកអាមេរិក។

លោកបន្តថា “ពីមុនមកចិនបានចាប់ដៃជាមួយមីយ៉ាន់ម៉ា ប៉ុន្តែពេលនេះមីយ៉ាន់ម៉ាបានងាកទៅអាមេរិក ដូច្នេះមានតែកម្ពុជាទេ ដែលចិនអាចឈរជើងបាន​”។លោកបន្តថា “ប្រវត្តិសាស្រ្តកម្ពុជា និងចិនក៏មានភាពយូរអង្វែង ស្របពេលចិន​បានដាក់ចេញគោលនយោបាយផ្លូវសូត្រ និងចិនមានប្រជាជនច្រើ​ន លុយច្រើន គាត់ក៏បង្ហូរមកកាន់អាស៊ី និងអាហ្រ្វិក ដើម្បីផ្តល់ការងារនិងផលប្រយោជន៍សេដ្ឋ​កិច្ចដល់គាត់”។

លោកបណ្ឌិតហុង វណ្ណៈបានបន្តថា ស្របពេលកំលាំងធនធានរបស់កម្ពុជា មានកម្រិត ហេតុនេះយើងត្រូវទទួលជំនួយរបស់គេ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេ​ស តែបើគិតអវិជ្ជមានជារឿងផ្សេង តែបើគិតពីវិជ្ជមាន គឺយើងមានតម្រូវការធន​ធាន និងការវិនិយោគ ដើម្បីយកមកកសាងប្រទេស។លោកបន្តថា បើនិយា​យពីចិន វិនិយោគនៅខេត្តព្រះសីហនុវិញ គឺចិនចូលចិត្តតំបន់សមុទ្រ តំបន់សមុទ្រជាគោលដៅរបស់ពួកគេ និងជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច៕

ក្រសួងមហាផ្ទៃគ្រោងបង្កើតក្រុងនៅតាមស្រុកនីមួយៗនាពេលខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃបានថ្លែងថា រដ្ឋាភិបាលគ្រោងបង្កើតក្រុងនៅតាមស្រុកនីមួយៗ ដើម្បី​ងា​យស្រួលផ្តល់សេវាសាធារណៈ និងអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន។

សម្តេចក្រឡាហោម ស ខេងបានថ្លែងលើកឡើងនៅក្នុងការបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧  និងលើកទិសដៅឆ្នាំ២០១៨  នៅសាលាខេត្តកណ្តាល ថ្ងៃទី៧ ខែកុម្ភៈនេះថា គម្រោងបង្កើតទីក្រុងនៅតាមស្រុកនីមួយៗនេះ គឺមានប្រយោជន៍ច្រើនណាស់ដូចជា ការផ្សព្វផ្សាយបញ្រ្ជាបព័ត៌មាន ការផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសការបម្រើសេវាសាធារណៈ ដល់វិស័យឧស្សាហកម្ម និងសិប្បកម្មដែលមានតម្រូវការច្រើន។

សម្តេចបន្តថា “ការបង្កើតឲ្យមានសេវារបៀបនេះ និងអាចផ្តល់ភាពជោគ​ជ័យច្រើនដល់ម្ចាស់ឧស្សាកម្ម និងសិប្បកម្ម លើការអភិវឌ្ឍន៍របស់ខ្លួន និងជួយដល់កម្មករដែលរស់នៅក្នុង មូលដ្ឋានមានការងារធ្វើនៅជិតផ្ទះសម្បែង ជាពិសេ​សជាផ្នែកមួយចូលរួម កាត់បន្ថយចំណាក់ស្រុករបស់ប្រជាពលរដ្ឋ មករស់នៅទីក្រុង”។

សម្តេចបានបន្តថា នៅពេលដែលរាជរដ្ឋាភិបាល បង្កើតទីក្រុងបន្ថែមកាន់​តែច្រើន  យើងនឹងជម្រុញការផ្តល់សេវាសាធារណៈកា​ន់តែខិតជិត ក្នុងនោះនៅទីកន្លែងណា ដែលអាចបង្កើតច្រកចេញចូលតែមួយបាន គឺយើងត្រូវតែអនុវត្តន៍ ព្រោះសម្រាប់អ្នកមានតម្រូវការនៅលើការផ្តល់សេវា ពួកគេមិនចំណាយពេលវេលាច្រើន ក្នុងការដើរស្វែងរកការផ្តល់សេវា ដូចនេះការជម្រុញផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺជាជម្រុញដល់ការ អភិវឌ្ឍទាំងវិស័យឯកជន និងសង្គមជាតិទាំងមូល ។ សម្តេចបន្តថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺត្រូវតែអនុវត្តន៍ឲ្យបានគ្រប់ទីកន្លែង ជាពិសេសការបន្តពង្រីកច្រកចេញចូលតែមួយ ឲ្យបានដល់ឃុំ-សង្កាត់បន្ថែមទៀត ក្នុងនោះនៅតាមបណ្តាស្រុកនីមួយៗ ដែលមានទីប្រជុំជន ក៏គ្រោងប្រែក្លាយទីប្រជុំជនក្នុងស្រុកនោះ ទៅជាសង្កាត់ផងដែរ ព្រោះទីប្រជុំជនស្រុក ក៏ជាកូនទីក្រុងមួយ ក្នុងការចូលរួមចំណែ​ក ដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ៕

ក្រសួងប្រៃសណីយ៍នឹងពង្រីកបណ្តាញអ៊ីនធើណេតល្បឿនលឿនទៅកាន់ស្រុកចំនួន៧

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈមូលនិធិទទួលបានពីប្រតិបត្តិករទូរគមនាគមន៍ នឹងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ឋអ៊ីនធើណេតល្បឿនលឿន ទៅកាន់ស្រុកចំនួន៧នៅឆ្នាំនេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនា​គមន៍នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកតុល ញ៉ក់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា កម្ពុជានឹងប្រើប្រាស់មូលនិធិចំនួនពីរ ដើម្បីកាត់បន្ថយគម្លាតនៃការទទួលបានសេវាទូរគមនាគមន៍ និ​ងបច្ចេកវិទ្យារវាងទីក្រុង និងជនបទ ហើយរួមចំណែកអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច ដោយធ្វើការសាងសង់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ ទូរគមនាគន៍សម្រាប់អ៊ីនធរណែតល្បឿនលឿន នៅតំបន់អាទិភាពមួយចំនួន ដែលតំបន់អទិភាពមួយទាំងនោះ មានដូចជា ស្រុកទឹកផុស ស្រុកកំពង់លែង ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកស្អាង ស្រុកកំពង់សិលា និងមួយផ្នែកទៀត ក្នុងតំបន់អារ៉ែង ដែលប្រជាជននៅខ្វះទាំងសេវាទូរសព័្ទនិងសេវាអ៊ីនធរណែត។

លោកបន្តថា “មូលនិធិសេវាសកលវិស័យទូរគមនាគមន៍ រួមចំណែកធ្វើឲ្យសេវាទូរគ​មនាគមន៍ គ្របដណ្ដប់ឲ្យទូលំទូលាយជាមួយតម្លៃសមរម្យ”។លោកបន្តថា “មូលនិធិនេះក៏ទទួលបានថវិកាពីប្រតិបត្តករ ទូរគ​មនាគមន៍នៅកម្ពុជាផងដែរ ដែលប្រតិ​បត្តិករទាំងនោះត្រូវបង់វិភាគទាន២ភាគរយ នៃប្រាក់ចំណូលដុលរៀងរាល់ឆ្នាំរបស់ខ្លួន”។

លោកបន្តថា ក្នុងដំណាក់កាលទី១ នៃការបង់វិភាគទាន មានទំហំទឹកប្រាក់ជិត៣លានដុល្លារ ហើយថវិកាអាចកើនដល់ជាង១០លានដុល្លារ ក្នុងការបង់វិភាគទានដំណាក់កាលទី៣ក្នុងមួយឆ្នាំ។

ការពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ឋទូរគមនាគមន៍នេះ ស្ថិតក្រោមគំរោងនៃមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមូលនិធិសេវាសកលវិស័យទូរគមនាគមន៍។

លោកជុន វ៉ាតអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យានិងព័តមាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងផងដែរថា គម្រោងទាំងពីរនេះ ទទួលបានការបង់វិភាគទានពីបណ្ដាក្រុមហ៊ុន ប្រតិបត្តករទូរគមនាគមន៍ ដែលធ្វើអជីវកម្មនៅកម្ពុជា នឹងប្រើប្រាស់ដើម្បីអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យានៅកម្ពុជា។ លោកបន្តថា មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានទទួលបានថវិការ១ភាគរយ នៃប្រាក់ចំណូលដុលរៀងរាល់ឆ្នាំរបស់ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា ដោយពេលនេះមានថវិកាសរុបចំនួនជាង១,៧លានដុល្លារអាមេរិក និងជិត៩លានរៀល។

លោកបន្តថា ថវិកានៃមូលនិធិនេះ នឹងប្រើប្រាស់ក្នុងគោលដៅ ដូចជាជំរុញការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យខាងលើ និងជំរុញអាជីវកម្មថ្មីៗផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

ក្រុមហ៊ុនពីរវិនិយោគ ១០០លានដុល្លារបង្កើតរោងចក្រចម្រាញ់ប្រេងពីដើមចន្ទន៍​ក្រស្នា​

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយ និងក្រុមហ៊ុនអន្តរជាតិ First Capital Global Co, Ltd បានសម្រេចបោះទុនវិនិយោគរួមគ្នា នូវទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រ កែច្នៃ និងចម្រាញ់ប្រេងចេញពីដើមចន្ទន៍ក្រស្នាលើកតំបូងនៅកម្ពុជា។

មានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព៌តមាន បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀ​ងក្រុមហ៊ុនធូបច័ន្ទក្រស្នាខ្មែរ និងក្រុមហ៊ុន First Capital Global Co, Ltd នាព្រឹក ថ្ងៃទី៧ កុម្ភៈនេះ លោកស្រី កែវ សុគន្ធាបានមានប្រសាសន៍ថា កត្តាដែលជម្រុញឲ្យមានការវិនិយោគ និងគម្រោងបង្កើតរោងចក្រនេះឡើង ដោ​យសារមើលឃើញពីប្រ​ជាកសិករខ្មែរ នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ កំពត និងខេត្តកោះ​កុង បានដាំដើមច័ន្ទក្រស្នា ប៉ុន្តែមិនមានលទ្ឋភាពបង្កើត រោងចក្រកែច្នៃដើមឈើប្រភេទកំរ៉នេះ ទើបក្រុមហ៊ុនបានព្រមព្រៀង សហការជាមួយម្ចាស់ចំការនៅកម្ពុជា ដើម្បីធ្វើការពង្រឹងគុណភាព និងសហការបង្កើតគម្រោងនានាពាក់ព័ន្ធនិងខ្លឹមច័ន្ទគ្រឹះស្នានៅកម្ពុជា។

លោកស្រីបន្តថា “រោងចក្រចម្រាញ់ប្រេងច័ន្ទក្រស្នាកម្ពុជា នឹងជាផលិតផ​លប្រេងមានគុណភាពខ្ពស់ ហើយនឹងធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានឈ្មោះបោះសម្លេង ក្នុងការផលិតប្រេងប្រភេទនេះនៅក្នុងទីផ្សារអន្តរជាតិ”។

ម្ចាស់ចំការដើមខ្លឹមច័ន្ទគ្រឹះស្នា ខេត្តព្រះសីហុ លោកស្រី ងួន ប៊ុនណាបានអះអាងថា ក្នុងរយៈពេល១០ឆ្នាំមកនេះ មានដើមច័ន្ទក្រឹស្នារ១លានដើមត្រូវបានដាំ ប៉ុន្តែការពង្រឹងគុណភាពនៅមានកម្រិតនៅឡើយ ដោ​យសារតែធន​ធានសម្រាប់ប្រើប្រាស់នៅមានកម្រិត។ លោកស្រីបន្តថា អ្នកដាំដើមនេះមួយចំនួនក៏មានការធ្លាក់ទឹកចិត្ត ដោយសារតែការលូតលាស់របស់ឈើ​ប្រភេ​ទនេះ ត្រូវប្រើពេលយូរ ហើយគុណភាពទទួលបាននៅមានកម្រិតទាប ដែលមិនអាចផ្គត់ផ្គង់តម្រូវការក្នុងទីផ្សារប្រកបដោយនិរន្តភាព។

រដ្ឋមន្រ្តីក្រសួ​ងពាណិជ្ជកម្មលោកប៉ាន សូស័ក្តិបានថ្លែងថា តាមរយៈគម្រោ​ងបង្កើនគុណភាពនេះនឹងជួយឲ្យកម្ពុជា ក្លាយជាប្រទេសនាំចេញដើមច័ន្ទន៍ក្រ​ស្នាមួយ ក្នុងចំណោមប្រទេសដទៃទៀតនាថ្ងៃអនាគត ហើយនឹងជួយបង្កើនយី​ហោ សម្រាប់ដើមច័ន្ទក្រស្នានៅកម្ពុជា៕

កម្ពុជារៀបចំគោលនយោបាយសម្រាប់បង្កើតធុរកិច្ចឌីជីថល

0

ដោយ ច្រាយ ចំណាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍បាន និង​កំពុងបង្កើតគោលនយោបាយ សម្រាប់សេដ្ឋកិច្ចបែបឌីជីថល ដែលជាវិស័យថ្មីមួយនៃសេដ្ឋកិច្ចបែបឌីជីថល។

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាន ច័ន្ទមេត្តាបានមានប្រសា​សន៍ក្នុងពិធីបើក សិក្ខាសាលាដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំគោលនយោបាយ សម្រាប់ការបង្កើតធុរកិច្ចឌីជីថលនាព្រឹ​ក​ថ្ងៃទី ៦ខែកុម្ភៈថា គោលនយោបាយនេះ នឹងជួយឲ្យយុវជនកម្ពុជាមានសមត្ថភាព មានចំណេះដឹងបច្ចេកវិទ្យា មានឱកាសកាន់តែច្រើនក្នុងការបង្កើតអជីវកម្មថ្មី ជាពិសេសប្រែក្លាយអជីវកម្មប្រពៃណី មកជាអាជីវកម្មឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្តមបន្តថា ទាំងយុវជនកម្ពុជា ទាំងសហគ្រាសធនតូចនិងមធ្យម នឹងអាចទាក់ទាញអ្នកវិនិយោគខាងក្រៅមកបណ្ដាក់ទុនបន្ថែម។

លោកបន្តថា “ការរៀបចំសិក្ខាសាលាព្រឹកនេះ គឺជាវេទិការដំបូង ដែលផ្ដល់ឱកាសដល់ដៃគូរពាក់ព័ន្ធ ធ្វើការពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានា ដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថលជូនដល់អ្នករៀបចំគោលនយោបាយ ដើម្បីកំណត់ជាវិធាន ការគាំទ្រ ការជំរុញការវិនិយោគ និងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់សម្រាប់សហគ្រិនក្នុងវិស័យឌីជីថល។

លោកកាន ច័ន្ទមេត្តាបានបន្តថា បញ្ហានេះរដ្ឋាភិបាលតែម្ខាង មិនអាចដោះស្រាយបាននោះទេ ហេតុនេះបានជាសិក្ខាសាលានេះ បានអញ្ជើញឲ្យអ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ធ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន រវាងរដ្ឋាភិបាល វិស័យឯកជន ធនាគារ សហគ្រិន និងក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច និងអ្នកសិក្សាជាដើម។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ជានិន្នាកា​រ សេដ្ឋកិច្ចតាមបែបប្រព័ន្ឋឌីជីថល កំពុងធ្វើដំណើរទៅមុខ មិនអាចទប់បាននោះទេ ប៉ុន្តែយើងត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្ន និងត្រូវសួរថាតើប្រព័ន្ឋឌីជីថលនេះស្ថិតនៅកន្លែងណា គឺទាក់ទងនឹងការទូទាត់លុយ ការប្រាស្រ័យទាក់ទងគ្នា និងការចែកចាយព៌តមានជាដើម។

លោកបន្តថា “យើងអាចប្រឈមនឹងបញ្ហា ប្រសិនជាយើងយល់ពីវាមិនបានច្បាស់​លា​ស់ឬធ្វើឡើងសើរៗ ហើយបើយើងរត់តាមគេ និងធ្វើមិនបានស៊ីជម្រៅ និងមិនផ្តល់ផលប្រយោជន៍ច្រើ​ន​នោះឡើយ”៕

សេដ្ឋវិទូ និងអ្នកជំនាញនិយាយពីការប្រើប្រាស់លុយយ័នក្នុងការទូទាត់ពាណិជ្ជកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ប្រទេសចិនបានបង្ហាញចេតនាចង់ឲ្យកម្ពុជា ប្រើប្រាស់លុយយ័ន ក្នុងកាតទូទាត់សកម្មភាព ពាណិជ្ជកម្មជាមួយកម្ពុជា ប៉ុន្តែសេដ្ឋវិទូនានាលើកឡើងថា វានឹងបង្កការលំបាកច្រើនប្រសិនជាមានការប្រើប្រាស់រូបិយ​ប័ណ្ណចម្រុះបែបនេះ។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ និងសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងឲ្យដឹតតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះ​ថា ប្រសិនជាកម្ពុជា​ប្រើប្រាស់លុយយ័ន ក្នុងការទូទាត់ពាណិជ្ជ កម្មបន្ថែមទៀត វានឹងធ្វើឲ្យកាន់តែស្មុគ្រស្មាញ ក្នុងការគ្រប់គ្រងរូបិយប័ណ្ណ បើទោះជាការចរាចរលុយ័នមិនលំបាកក្តី ប៉ុន្តែការរៀបចំ​គោល​នយោបាយ ដើម្បីគ្រប់គ្រងប្រាក់យ័នក្នុងម៉ា​ក្រូសេដ្ឋកិច្ចពិតជាលំបាក។ លោកបន្តថា បច្ចុ​ប្បន្ន​ចិនបានវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើន ដែលជំរុញឲ្យ​កា​រធ្វើការទូ​ទាត់​ប្រាក់យ័នបានលឿន ប៉ុន្តែប្រទេសមួយ ប្រើប្រាស់រូបិយប័ណ្ណចម្រុះបែបនេះ វានឹងជារឿង​លំបាកស្មុគ្រ​ស្មា​ញ​​មួយ។

លោកបន្តថា “ភាពស្មុគ្រស្មាញនឹងជៀសមិនផុត តែវាក៏ផ្តល់ភាពវិជ្ជមានច្រើនដែរ តែ រឿងអវិជ្ជមាន គឺធ្វើឲ្យគោល​នយោ​បាយជំរុញការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណ ជាតិកាន់តែលំបាក”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានថ្លែង ស្រដៀងគ្នាថា ក្នុងការទូទា​ត់​ពាណិជ្ជកម្ម តែងតែមានការទូទាត់លុយចម្រុះ ប៉ុន្តែកម្ពុជាមាន លុយរបស់ខ្លួនឯង។ ដូច្នេះបើយើងយកលុយរបស់គេ​ចូល​វានឹងមានផលប៉ះពាល់ ព្រោះលុយ ដូចជាទំនិញមួយ ដូច្នេះបើបើកឲ្យចរាចរណ៍ វានឹងមានស្ថិរភាពជាងលុយរបស់យើង ហើយ នៅពេលយើងប្រើលុយរបស់គេយូរៗទៅ វានឹងធ្វើឲ្យលុយរៀលរបស់យើងកាន់តែអស់តម្លៃ។

លោកបន្តថា “លុយរៀលជាអត្តសញ្ញាណជាតិ អត្តសញ្ញាណជាតិសំខាន់ណាស់ ហេតុ នេះយើងបណ្តែតបណ្តោយ វានឹងមានបញ្ហា ហេតុនេះយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំថា “កុំ”។លោ កបន្តថា “បច្ចុប្បន្នមានការចរាចរលុយយ័ននៅជុំវិញផ្សារ​អូរឡាំពិករួចទៅហើយ ដោយមិន បានឆ្លងកាត់ធនាគារនោះឡើយ ដែលធ្វើឲ្យរដ្ឋាភិបាលខាតបន្ឋ ហេតុនេះការរឹតបន្តឹងជា​ការ ប្រសើរណាស់”។

ក្នុងពេលជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងជម្រុញការប្រើប្រាស់​លុយ​រៀលនៅក្នុងការទូទាត់ពាណិជ្ជកម្មរបស់ខ្លួនផងដែរ តាមរយៈការដាក់ចេញនូវគោលន​យោបាយជាច្រើន ដើម្បីលើកកំពស់រូបិយប័ណ្ណ ដែលជាអត្តសញ្ញាណជាតិរបស់ខ្លួន។

ទោះជាយ៉ាងណាលោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី​បានមានសុទិដ្ឋិនិយមជាងនេះ ដោយលោកបានថ្លែងថា នៅក្នុងគោលការណ៍ទីផ្សាសេរី វាអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ នៅពេលមានតម្រូវការ ការផ្គត់ផ្គង់នឹងកើតមាន​ហើយច្បាប់របស់ធនាគារជាតិនៃកម្ពុជា ក៏មិនបានហាមឃាត់ចំពោះការចរាចរណ៍ប្រាក់​យ័ន​ក្នុងទីផ្សារផងដែរ។ លោកបន្តថា វិនិយោគិនចិនបានបោះទុនវិនិយោគជាច្រើននៅកម្ពុជា ពិសេ​សវិស័យរោងចក្រ សហគ្រាសនានា និងវិស័យលំនៅដ្ឋាននាពេលបច្ចុប្បន្ននេះ ហើយ​ពេលពួកគេនាំចេញ គឺនាំចេញទៅអាមេរិក ក៏មានការយកត្រលប់នូវប្រាក់ដុល្លារ ហេតុនេះអ្វី ៗវាស្ថិតនៅលើតម្រូវការ និងការផ្គត់ផ្គង់។

លោកបន្តថា “ការទូទាត់ប្រាក់យ័ន វានឹងមិនធ្វើឲ្យបាត់លុយរៀលរបស់យើងទេ ព្រោះ​ការទូទាត់លុយយ័ន វាស្ថិតនៅក្នុងក្របខ័ណ្ឌជញ្ជីងពាណិជ្ជកម្មយើងប៉ុណ្ណោះ”៕