កម្ពុជារៀបចំគោលនយោបាយសម្រាប់បង្កើតធុរកិច្ចឌីជីថល

0

ដោយ ច្រាយ ចំណាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍បាន និង​កំពុងបង្កើតគោលនយោបាយ សម្រាប់សេដ្ឋកិច្ចបែបឌីជីថល ដែលជាវិស័យថ្មីមួយនៃសេដ្ឋកិច្ចបែបឌីជីថល។

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាន ច័ន្ទមេត្តាបានមានប្រសា​សន៍ក្នុងពិធីបើក សិក្ខាសាលាដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំគោលនយោបាយ សម្រាប់ការបង្កើតធុរកិច្ចឌីជីថលនាព្រឹ​ក​ថ្ងៃទី ៦ខែកុម្ភៈថា គោលនយោបាយនេះ នឹងជួយឲ្យយុវជនកម្ពុជាមានសមត្ថភាព មានចំណេះដឹងបច្ចេកវិទ្យា មានឱកាសកាន់តែច្រើនក្នុងការបង្កើតអជីវកម្មថ្មី ជាពិសេសប្រែក្លាយអជីវកម្មប្រពៃណី មកជាអាជីវកម្មឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្តមបន្តថា ទាំងយុវជនកម្ពុជា ទាំងសហគ្រាសធនតូចនិងមធ្យម នឹងអាចទាក់ទាញអ្នកវិនិយោគខាងក្រៅមកបណ្ដាក់ទុនបន្ថែម។

លោកបន្តថា “ការរៀបចំសិក្ខាសាលាព្រឹកនេះ គឺជាវេទិការដំបូង ដែលផ្ដល់ឱកាសដល់ដៃគូរពាក់ព័ន្ធ ធ្វើការពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានា ដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថលជូនដល់អ្នករៀបចំគោលនយោបាយ ដើម្បីកំណត់ជាវិធាន ការគាំទ្រ ការជំរុញការវិនិយោគ និងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់សម្រាប់សហគ្រិនក្នុងវិស័យឌីជីថល។

លោកកាន ច័ន្ទមេត្តាបានបន្តថា បញ្ហានេះរដ្ឋាភិបាលតែម្ខាង មិនអាចដោះស្រាយបាននោះទេ ហេតុនេះបានជាសិក្ខាសាលានេះ បានអញ្ជើញឲ្យអ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ធ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន រវាងរដ្ឋាភិបាល វិស័យឯកជន ធនាគារ សហគ្រិន និងក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច និងអ្នកសិក្សាជាដើម។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ជានិន្នាកា​រ សេដ្ឋកិច្ចតាមបែបប្រព័ន្ឋឌីជីថល កំពុងធ្វើដំណើរទៅមុខ មិនអាចទប់បាននោះទេ ប៉ុន្តែយើងត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្ន និងត្រូវសួរថាតើប្រព័ន្ឋឌីជីថលនេះស្ថិតនៅកន្លែងណា គឺទាក់ទងនឹងការទូទាត់លុយ ការប្រាស្រ័យទាក់ទងគ្នា និងការចែកចាយព៌តមានជាដើម។

លោកបន្តថា “យើងអាចប្រឈមនឹងបញ្ហា ប្រសិនជាយើងយល់ពីវាមិនបានច្បាស់​លា​ស់ឬធ្វើឡើងសើរៗ ហើយបើយើងរត់តាមគេ និងធ្វើមិនបានស៊ីជម្រៅ និងមិនផ្តល់ផលប្រយោជន៍ច្រើ​ន​នោះឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here