តើ Property Management មានសារៈសំខាន់ដូចម្តេចសម្រាប់អ្នកវិនិយោគ

0

គង់ សូរិយា
ភ្នំពេញ ស្របពេលកម្ពុជាមិនទាន់មានក្រុមហ៊ុន​ច្រើន មានជំនាញខាងការគ្រប់គ្រងអចលនទ្រព្យ(property Management) អ្នកអភិវឌ្ឈន៍មួយចំនួនមិនសូវ​មានការយល់ដឹង ពីផ្នែកដ៏មានសារៈសំខាន់នេះនោះទេ ខណៈសេវាគ្រប់គ្រងអច​លនទ្រព្យ គឺជាសេវាមួយដែលបានជួយផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគ។


នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលម៉ិញ បន្ទាប់ពីក្រុមហ៊ុនអន្តរជាតិមួយនេះ ទទួលបានសិទ្ឋគ្រប់គ្រងអាគារDiamond Twin Towerនៅទីក្រុងកោះពេជ្រថា បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នក​ជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើឲ្យអចលនទ្រព្យកើនឡើង និងធ្វើឲ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអាគារនោះ។

អ្នកនាងបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអច​លនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលន​ទ្រព្យបែបនេះច្រើននៅឡើយ”។

អ្នកនាងអាន សុធីតាបានបន្តថា ការផ្តល់សេវាគ្រប់គ្រងអាគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុន​គ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើ​យថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ៕

ជប៉ុនផ្តល់លុយ ២.៨៤០លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍កម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទាន២៨៤០លានដុល្លារអា​មេរិក គិតពីទសវត្សរ៍ទី៩០ រហូតដល់ដំណាច់ឆ្នាំមុន និងគ្រោងផ្តល់ហិរញ្ញប្បទានសរុបប្រមាណ១៦៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឈន៍កម្ពុជា។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានបង្ហា​ញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅក្នុងនាមប្រទេសជាមិត្ត ប្រទេសជប៉ុន នឹងជួយពន្លឿន ការកាត់បន្ថយនូវភាពក្រីក្រនៅកម្ពុជា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ការបន្តផ្តល់ហិរញ្ញប្បទានដ៏សន្ធឹកសន្ធាប់នេះ គឺបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត ស្របតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងនោះបើគិតត្រឹមឆ្នាំ២០១៧ភាគីជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានសរុប ប្រមាណជា២.៨៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យអទិភាពខាងលើនៅកម្ពុជារួចហើយ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយស្តីពី ហិរញ្ញប្បទានស​ហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ លោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយ​ករដ្ឋមន្រ្តី និងភាគីជប៉ុនតំណាងដោយ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ភាគីទាំងពីរបានពិភាក្សា ការផ្លាស់ប្តូរយោបល់ រួមគ្នាលើវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈម ក្នុងការអនុវត្តន៍គម្រោងសហប្រតិបត្តិការកន្លងមក និងការបន្តការពង្រីកប្រសិទ្ធភាព នៃការអនុវត្តន៍គម្រោងទៅពេលអនាគត ដោយភាគីទាំងពីក៏បានឯកភាពពង្រីងកិច្ចសហប្រតិបត្តិការ តាមរយៈការ អនុវត្តន៍គោលនយោបាល គឺផ្តោតទៅលើការងារអទិភាពចំនួន៣រួមមាន ការគាំទ្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល។

លោកឯកអគ្គរដ្ឋទូតជប៉ុនបានឲ្យដឹងថា “រាជរដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទាន សរុបប្រមាណ១៦៨លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអទិភាពជាច្រើន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើ ឲ្យបានសម្រេចតាមវឌ្ឍនភាពអភិវឌ្ឍន៍”។ លោកបន្តថា ការផ្តល់ហិរញ្ញប្បទានទៅពេលអនាគត នឹងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈការអនុវត្តគម្រោងថ្មីៗទៅតាមប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា បន្ទាប់ពីដំណើរទស្សនកិច្ច ជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅប្រទេសជប៉ុន ដែលរួមមាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងចរាចរក្នុងក្រុង គម្រោងធ្វើឲ្យប្រសើប្រព័ន្ធភស្តុភាកម្មនៅកម្ពុជា និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបម្រើវិស័យ ឧស្សាហកម្ម “។

នៅក្នុងឆ្នាំ២០១៧រាដ្ឋាភិបាល ប្រទេសទាំងពីរបានចុះហត្ថលេខា លើឯកសារផ្តល់ហិរញ្ញប្បទានចំនួន២ គឺគម្រោងអភិវឌ្ឍន៍ផែរកុងតីន័រថ្មី គម្រោងធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ គម្រោងធ្វើឲ្យប្រសើឡើងនូវកំណាត់ផ្លូវជាតិលេខ៥ខាងត្បូង ក្នុងជំហានទី២ គម្រោងសាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងគម្រោងសាងសង់វិទ្យាស្ថានគរុគោសល្យនៅភ្នំពេញ និងបាត់ដំបង សរុបជាទឹកប្រាក់ប្រមាណ៤៥២លា​ន​ដុល្លារ៕

ក្រឡាប់ចាក់៖ អាគារកំពស់ ៦០០ម៉ែត្រជារបស់ Royal Group, មិនមែន Thai Bunrong ទេ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អាថ៌កំបាំងបានបញ្ចេញច្បាស់លាស់ហើយ ដោយ​ការសាងសង់អាគារកំពស់៦០០ម៉ែត្រ ដែលបានប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងសាងសង់នៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោកសេង ឡូតបានឲ្យបានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា នឹងសាងសង់អាគារកំពស់៦០០​ម៉ែត្រ ស្មើនឹង១៣៣ជាន់នាពេលខាងមុខនេះ។ អាគារសណ្ឋាគារកាំបូឌីយ៉ាណា នឹងត្រូវកម្ទេចចោលហើ​យជំនួសវិញ ដោយអាគារកំពស់៦០០ម៉ែត្រ ដែលលោកមិនដឹងពីការចាប់ផ្តើម ការ​ចំណាយទុនវិនិយោគ និងការបញ្ចប់ការសាងសង់នៅពេលណានៅឡើយ​ទេ។

ព៌តមាននេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមស្តីពី ការលុបចោលការសាងសង់​អាគារពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោក Thai Bunrong Twin Tower ដែលស្ថិតនៅជាប់សណ្ឋាគារនេះ អាចក្លាយ​ជាការពិត ខណៈអ្នកឌីសាញគំរោង Thai Bunrong Twin Tower លោកសាស្រ្តាចារ្យទួស សាភឿន មិន​បានតបនឹងការសុំអត្ថាធិប្បាយជាច្រើនដង។

គេហទំព័រ Propertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី​លោកសេង ឡូតបាននោះទេ បន្ទាប់ពីលោកបានបង្ហើបព៌តមាននេះប្រាប់ដល់​កាសែតភ្នំពេញប៉ុស្ត៍រួចមក។

ក្រុមហ៊ុន Royal Group អាចចាត់ទុកជាក្រុមហ៊ុនយក្សមួយ នៅក្នុងស្រុក ដែលបានវិនិយោគលើវិស័យជាច្រើន ដូចជា វិស័យទូរគមនាគមន៍នាំមុខគេ វិស័​យសោតទស្សន៍ វិស័យធានារ៉ាប់រង វិស័យបដិសណ្ឋារកិច្ច វិស័យហិរញ្ញវត្ថុជាដើម ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបានលើកស្លាក ដើម្បីសាងសង់អា​គារពាណិជ្ជកម្មភ្លោះកំពស់៦១ជាន់ ដាក់ឈ្មោះ Royal One, ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីផងដែរ៕

ដំណឹងល្អ!! ប្រជាជនក្នុងខេត្តចំនួន១៤ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី

0

ដោង គង់ សូរិយា

ភ្នំពេញ​៖ ប្រជាជនកម្ពុជាទំនងជាមិនសូវត្អូញត្អែរ ពីតម្លៃអគ្គិសនីទៀតនោះទេ ខណៈអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងបន្ថយថ្លៃលក់អគ្គិសនីថ្មី នៅតាមបណ្តាខេត្តចំនួន១៤ ជាតំបន់ដែលកំពុងចែកចាយអគ្គិសនីនៅក្រៅទីរួមខេត្ត សម្រាប់ ឆ្នាំនេះ។

យោងតាមប្រកាសក្រសួងរ៉ែ និងថាមពល ស្តីពីការកែសម្រួលយុទ្ធសាស្រ្តបន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅកម្ពុជាសម្រាប់ការអនុវត្តន៍ ឆ្នាំ២០១៧-២០២០ និងយោងតាមការពិនិត្យវិភាគថ្លៃអគ្គិសនីចែកចាយ ដែលបានធ្វើការគណនា ក្នុងផែនការយុទ្ធសាស្រ្តកាត់បន្ថយថ្លៃសម្រាប់ខួបនៃឆ្នាំ២០១៨  និងយោ​​ងតាមអនុក្រិត្យស្តីពី គោលការណ៍វាយតម្លៃភាពត្រឹមត្រូវ នៃការចំណាយក្នុងអាជីវកម្មអគ្គិសនី និងបទប្បញ្ញត្តិស្តីពី គោលការណ៍កំណត់ថ្លៃលក់អគ្គិសនីកម្ពុជា ដែលគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ Propertyarea.asia ទើប​ទទួលបាននាព្រឹកថ្ងៃទី៩ កុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងបន្ថយថ្លៃលក់អគ្គិសនី នៅក្នុងខេត្តចំនួន១៤ សម្រាប់តំបន់ដែលកំពុងចែកចាយអគ្គិសនីនៅក្រៅទីរួមខេត្ត គឺចាប់ពីដើមខែមេសា ឆ្នាំ២០១៨នេះ។

ខេត្តទាំង១៤ ដែលគ្រោងបន្ថយថ្លៃលក់អគ្គិសនី រួមមាន ទីរួមខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ តាកែវ កំពត បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគីរី។ សម្រាប់លំនៅដ្ឋានពលរដ្ឋកម្ពុជា ដែលរស់នៅក្រៅទីរួមខេត្តខាងលើ អាជ្ញាធរអគ្គិសនី​បានកំណត់ថា ប្រជាពលរដ្ឋប្រើប្រាស់មិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ គឺលក់ក្នុងតំលៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ប្រជាពលរដ្ឋប្រើប្រាស់ចាប់ពី១១គីឡូ ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ក្នុងតម្លៃ៦១០រៀល ក្នុង១គឺឡូវ៉ាត់ម៉ោង។ ចំណែកប្រជាពលរដ្ឋប្រើលើសពី៥១គីឡូ ក្នុងមួយខែឡើងទៅ គឺបានចុះពី៧៩០រៀល មកនៅ៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងមួយខែវិញ។

ដោយឡែកអតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេ​សគ្រប់ទំហំប្រើប្រាស់មានតម្លៃចាប់ពី៧៩០រៀល មកនៅ៧៧០រៀលក្នុងគីឡូវ៉ាត់ម៉ោង និងការបូមទឹកកសិកម្មនៅពេលយប់ ពីម៉ោង៩យប់ដល់៧ព្រឹក ក្នុង១គីឡូ​វ៉ាត់ម៉ោងតម្លៃ៤៨០រៀលផងដែរ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា ចំណែកគម្រោងបន្ថយថ្លៃអគ្គិសនី នៅក្នុងតំបន់ចែកចាយភ្នំពេញ និងក្រុងតាខ្មៅវិញ អាជ្ញាធរអគ្គិសនីបានធ្វើការកំណត់ថា អត្រាប្រើមិនលើស៥០គឺឡូវ៉ាត់ម៉ោងក្នុង១ខែ គឺរក្សាក្នុងតម្លៃ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ ការប្រើប្រាស់លើសពី៥០ ទៅដល់២០០គឺឡូវ៉ាត់ម៉ោងតម្លៃ៧២០រៀល ក្នុងគីឡូវ៉ាត់ម៉ោង និងការប្រើប្រាស់លើស២០០គឺឡូវ៉ាត់ម៉ោង បានចុះពីតម្លៃ៧៧០រៀល មកនៅ៧៥០រៀល ក្នុងគីឡូវ៉ាត់ម៉ោងវិញ។

សម្រាប់ការអនុវត្តនិតិវិធីកំណត់របស់ច្បាប់ អគ្គិសនីកម្ពុជាសូមដាក់បន្ថយថ្លៃលក់អគ្គិសនីនេះ នឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈ ជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្នាន និងអ្នកប្រើប្រាស់អគ្គិសនី ដែលស្ថិតនៅក្នុងខេត្តទាំង១៤ ចាប់ពីការជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបន្ទាប់ពីការពិគ្រោះយោបល់រួច ឯកសារថ្លៃលក់អគ្គិសនីថ្មីនេះ នឹងត្រូវចាត់ទុកឆ្លងកាត់ពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនី កម្ពុជា នឹងធ្វើការពិនិត្យ និងអនុម័តថ្លៃលក់អគ្គិសនីនេះ ទៅតាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីកម្ពុជា ៕

កូរ៉េជាប់លំដាប់ថ្នាក់លេខ៥ ដែលបានវិនិយោគនៅប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

0
រូបតំណាង

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ អ្នកវិនិយោគកូរ៉េបានឈរចំណាត់ថ្នាក់ទី៥ នៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាប្រទេសមួយដែលបានវិនិយោគច្រើន ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា លោកសុខ ចិន្តាសោភា បានថ្លែងក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ ជាមួយលោក Yun Kang-hyeon អនុរដ្ឋមន្រ្តីក្រសួងការបរទេសសាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី៩ កុម្ភៈនេះ។ ភាគីទាំងពីរបានបានពិភាគ្សាផ្តោតលើការត្រួតពិនិត្យរួមគ្នាលើវឌ្ឍនភាព នៃការអនុវត្តការងារ ដែលភាគីតទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចប្រជុំលើកទីមួយកន្លងមកនេះ និងបានពិភាក្សាបន្ថែមលើ ប្រធានបទសំខាន់ៗ រួមមាន ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ក្នុងក្របខណ្ឌនៃគោលនយោបាយភាគខាងត្បូងថ្មី ក្នុងគោ​ល​បំណងលើកកម្ពស់ ទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េឲ្យកាន់តែមានភាពជិត ស្និទ្ធបន្ថែមទៀត។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាទាក់ទងពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងពហុភាគីក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ អាស៊ានបូក៣។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការស្តីពី E-government និងកិច្ចព្រមព្រៀ​ងស្តីពីជៀសវាងការយកពន្ធត្រួតស៊ីគ្នាផងដែរ។

រហូតមកទល់ពេលនេះកូរ៉េ បានវិនិយោគប្រមាណ២០៨គម្រោង ដោយមានទុនវិនិយោគសរុប៤៧០០លានដុល្លារអាមេរិក ជាចំនួនកើនឡើងជាលំដាប់ ជាពិសេសនៅក្នុងឆ្នាំ២០១៧ កន្លងមកនេះ អ្នកវិនិយោគទុនកូរ៉េបានបោះទុនវិនិយោគនៅកម្ពុជា មានចំនួនរហូតដល់២០២លានដុល្លារអាមេរិក។

លោកសុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់សាធារណៈកូរ៉េ ដែលជានិច្ចកាលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា ជាពិសេសដល់អ្នកវិនិយោគទុនកូរ៉េ ដែលបានវិនិយោគនៅកម្ពុជា ដែ​លជាការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងសូមគាំទ្រចំពោះការដាក់ចេញគោលនយោបាយភាគខាងត្បូងថ្មី របស់សាធារណៈរដ្ឋកូរ៉េ។

លោកបន្តថា “គោលនយោបាយថ្មីមួយនេះ នឹងក្លាយជាចលករយ៉ាងសំ​ខាន់ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទ្វេភាគី ជាពិសេសការជម្រុញទាក់ទាញអ្នកវិនិយោគកូរ៉េ ឲ្យបណ្តាកទុករកស៊ីកាន់តែច្រើនថែមទៀត”៕

អគារពាណិជ្ជកម្មតម្លៃ ៦០លានដុល្លារថ្មីមួយទៀត នឹងបើកដំណើរការក្នុងឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អាគារពាណិជ្ជកម្មកប់ពពកនៅទីក្រុងភ្នំពេញ បានបញ្ចប់ជាបណ្តើរ​ៗហើយ ក្នុងនោះអាគារពាណិជ្ជកម្ម Diamond Twin Tower តម្លៃ៦០លានដុល្លារ នឹងសម្ភោធដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ។

លោក លី ឈុនឡេង អគ្គនាយករង នៃអាគារ Diamond Twin Tower ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនចៅជី គ្រុប បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីចុះកិច្ចព្រមព្រៀង ដើម្បីផ្តល់សេវាគ្រប់គ្រងអាគារនេះដល់ក្រុមហ៊ុន CBRE Cambodia​ នាព្រឹកថ្ងៃទី៩ ខែកុម្ភះនេះថា អគារភ្លោះថ្មីនេះមានកំពស់៣២ជាន់ ដែលមានបន្ទប់ស្នាក់ នៅទំនើប៣២៨បន្ទប់ និង១៦០ទៀតជាការិយាល័យលំដា​ប់​ថ្នាក់អន្តរជាតិ។

លោ​កបានបន្តថា Diamond Twin Tower នឹងក្លាយជាការអភិវឌ្ឈន៍ដំបូងបង្អស់នៅកម្ពុជា ដែលបញ្ចូលទាំងឆ្នេសិប្បនិម្មិត ដោយអាចទស្សនាទន្លេ និងរាជធានីភ្នំពេញពីលើអគាកប់ពពក ដែលគ្រោងនឹងសម្ពោធនាពេលខាងមុខឆាប់ៗនេះ”។

លោកលី ឈុនឡេងបានឲ្យដឹងទៀតថា ក្នុងគោលបំណងផ្តល់សិទ្ធិគ្រប់​គ្រងលក់ និងជួលនៃអគារនេះ ទៅដល់ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនអន្តរជាតិមួយដ៏ល្បីឈ្មោះក្នុងតំបន់។ លោកសង្ឃឹមនិងជឿជាក់ថា ក្រោយចុះកិច្ចព្រមព្រៀងក្រុមហ៊ុននេះ អាគារនេះនឹងទាក់ទាញជួយនាំយកនូវក្រុមហ៊ុនល្បីៗ និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីចូលមកធ្វើការនិងរស់នៅក្នុងអគារនេះ។

លោកបានបញ្ជាក់ទៀតថា មកដល់ពេលនេះអគារ Diamond Twin Towerលក់បានជាង៩០ភាគរយហើយ សម្រាប់អាគារការិយាល័យ។ ដោយឡែកអគារខុនដូវិញ បានលក់ចេញប្រមាណជាង៣០ភាគរយហើយ៕

កម្ពុជាបន្តទទូចឲ្យឥណ្ឌាឲ្យមានជើងហោះហើរត្រង់ ខណៈទេសចរណ៍នៅមានកម្រិត

0

ដោយ វុត្ថា

ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ជាថ្មីម្តងទៀតបានទទូចឲ្យប្រទេសឥណ្ឌាហោះហើរត្រង់មកកាន់កម្ពុជា ខណៈដែលចំនួនភ្ញៀវទេសចរណ៍មកទស្ស​នាកម្ពុជាកាលពីឆ្នាំមុនមានប្រមាណ៥០,០០០នាក់ប៉ុណ្ណោះ។

ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា លោកស្រី ម៉ានីកា ជេន  ប្រធានរដ្ឋភាកម្ពុជាសម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិនបានស្នើឲ្យប្រទេសឥណ្ឌាមានប្រជាជនប្រមាណជា១២០០លាននាក់ បើកជើងហោះហើរត្រង់នោះរវាងប្រ​ទេសទាំងពីរ ដែលនឹងធ្វើឲ្យមានការកើនឡើងទ្វេរដងនូវចំនួនភ្ញៀវទេសេចរណ៍ វិនិយោគ និងការពាណិជ្ជកម្ម។

សម្តេចពញ្ញាចក្រីហេង សំរិន បានរំពឹងថា ឥណ្ឌានឹងជម្រុញលើកកម្ពស់លវិស័យពាណិជ្ជកម្ម វិនិយោគទេសចរណ៍ សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន (IT) ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតក្នុងប្រទេសកម្ពុជា។

លោកស្រី ម៉ានីកា ជេន  (H.E.Ms. Manila Jain) បានមានប្រសាសន៍ថា ក្នុងអាណត្តិការងាររបស់លោកស្រី ក្នុងប្រទេសកម្ពុជា លោកស្រីនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីជម្រុញឲ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា។ បន្ថែមពីនេះ លោកស្រីបានបញ្ជាក់ថា នាពេលខាងមុខនេះ រដ្ឋាភិបាលឥណ្ឌាប្តេជ្ញាប    ង្កើន គម្រោងវិនិយោគវិស័យ៥ទៅ១០គម្រោងរយៈពេល១ឆ្នាំ ដោយក្នុងគម្រោងនីមួយៗមានទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារ ដែលនឹងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកស្រីបន្ថែមថា “ប្រទេសឥណ្ឌា នឹងជម្រុញបន្ថែមទៀតលើវិស័យឯកជនចូលរួមអភិវឌ្ឍន៍កម្ពុជា លើផ្នែកសុខាភិបាល អប់រំ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា”។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពា​ណិ​ជ្ជកម្មរវាងប្រទេសកម្ពុជា-ឥណ្ឌានៅមានកម្រិតនៅឡើយ ក្នុងនោះប្រទេសកម្ពុជា បាននាំសេវាកម្មធុនតូចទៅកាន់ប្រទេសឥណ្ឌា។ ចំណែកប្រទេសឥណ្ឌាបាននាំចូល និងបានវិនិយោគលើវិស័យថ្នំពេទ្យច្រើនក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ មិនមែនតែកម្ពុជានោះទេ ដែលមានទំហំពាណិជ្ជកម្មនៅមានកំរិត សូម្បីតែប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ានរបស់ឥណ្ឌាក៏នៅមានកម្រិតផងដែរ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ទេសចរណ៍ឥណ្ឌាមកទស្សនាកម្ពុជា មានចំនួននៅមានកម្រិតនៅឡើយ ដោយ​មួយឆ្នាំភ្ញៀវទេសចរណ៍ឥណ្ឌា ដែលបានមកទស្សនាកម្ពុជាចំនួនជាង៥០,០០០នាក់ប៉ុណ្ណោះ ហើយភ្ញៀវទេសចរណ៍កម្ពុជា ទៅទស្សនាឥណ្ឌាក៏មានចំនួនតិចផង​ដែរ ដែលពួកគេភាគច្រើនទៅទស្សនាឥណ្ឌាក្នុងរូបភាពវប្បធ៌ម និងទៅលេង​កំសាន្តតិចតួច។

លោកបន្តថា “ភ្ញៀវទេសចរណ៍ទៅទស្សនាប្រទេសថៃ មានចំនួនច្រើនណា​ស់  ហើយពួកគេភាគច្រើនចូលចិត្តទិញទំនិញ និងចាយប្រាក់ច្រើន ហេតុនេះប្រ​សិនជាមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ យើងជឿជាក់ថាទំហំភ្ញៀវទេសចរណ៍ និងពាណិជ្ជកម្មនឹងមានការកើនឡើងខ្ពស់”៕

សម្តេចតេជោ ផ្ដល់កាដូធំមួយដល់អ្នកកំពង់ចាម និងត្បូងឃ្មុំ

0

ដោយ វុត្ថា

ភ្ណំពេញ៖ នៅព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត (ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ក្រូចឆ្មា) ដែលបានតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។

គម្រោងសាងសង់ស្ពាននេះ គ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ក្រូចឆ្មា នេះនឹងចាប់ផ្តើមពីត្រើយខាងលិច ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

យោតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក៕

CBRE Cambodia បានទទួលសិទ្ឋិគ្រប់គ្រងអចលនទ្រព្យនៃគំរោង Diamond Twin Tower

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia ត្រូវបានតែងតាំងជាផ្លូវការ ដោយក្រុមហ៊ុន DTT Property Management Co.,Ltd ជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យ សម្រាប់ការិយាល័យធ្វើការ ក្នុងអគារ Diamond Twin Tower នៅកោះពេជ្រ ដែលស្ថិតនៅក្នុង អគារ Phoenix Bridge នៅទីក្រុងកោះពេជ្រ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន CBRE CAMBODIAបានឲ្យដឹងនាល្ងាចថ្ងៃទី៨ កុម្ភៈនេះថា ក្រុមហ៊ុនទាំងពីរនឹងចុះ ហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ នៅកន្លែងដាក់តាំងបង្ហាញអគារ Diamond Twin Tower ។ លោកស្រី Borapich Dan ប្រធានក្រុមហ៊ុន DTT Property Management Co.,Lted បានចុះកិច្ចព្រមព្រៀង ក្នុងនាមជាប្រតិបត្តិករអគារ។ ចំណែកលោក ស្រី Sothida Ann ជាប្រធាន និងជាតំណាងក្រុមហ៊ុនCBRE Cambodia។

Diamond Twin Tower បានកាន់កាប់ទីតាំងសំខាន់ ស្ថិតនៅជាប់ផ្លូវចូលច្រាំងទន្លេកោះពេជ្រ និងរួមទាំងអគារចំនួន២ ដែលរួមបញ្ចូលទាំងអគារកំពស់ ៣២ជាន់ ដែលផ្តល់សេវាផ្នែកអាផាតមិន៣៥២Unites និងអគារការិយាល័យចំនួន៣០ជាន់ ជាទីតាំងសម្រាប់ជួល ដែលមានបំពាក់នូវបរិក្ខាទាំងនៅបន្ទប់ទទួលភ្ញៀវ និងចំណតរថយន្តផ្ទាល់ដី។ គម្រោងនេះ នឹងចាប់ផ្តើមដំណើរចាប់ពីឆ្នាំ ២០១៨នេះតទៅ។

លោកស្រី Sothida Ann នាយកប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ថា ក្រុមហ៊ុនរីករាយក្នុងការអនុវត្តគម្រោងនេះ ដោយបានលើកឡើងថា ក្រុមហ៊ុនCBRE Cambodia មានការរីករាយ ដែលត្រូវបានជ្រើសរើស ដើម្បីជួយ ក្នុងការសម្ភោធអគារ Diamond Twin Towerមួយ ដែលមានប្រវត្តិល្បីល្បាញរបស់ភ្នំពេញដោយប្រើប្រាស់ការអភិវឌ្ឍន៍រួមគ្នា។

អ្នកនាងបន្តថា “តាមរយៈការផ្តល់នូវសេវារៀបចំ ពួកយើងបានធ្វើការងារ តាមបែបស្តង់ដារអន្តរជាតិ” ។ អ្នកនាងបន្ថែមថា “ក្រុមហ៊ុន CBRE Cambodia របស់យើងជឿជាក់ថា យើងអាចបង្កើតអត្ថប្រយោជន៍ សម្រាប់អ្នកកាន់កាប់អគារ Diamond Twin Tower ដោយធានាថា នឹងអាចក្លាយទៅជាកន្លែងដែលគួរអោយចង់បាន សម្រាប់អ្នកកាន់កាប់ពាណិជ្ជកម្ម ក្នុងសង្កាត់ទន្លេបាសាក់ដែលមានការរីកចម្រើនយ៉ាងលឿននេះ”៕

រដ្ឋាភិបាលសម្រេចដាក់កោះចំនួន៧ជាតំបន់ឧទ្យានជាតិ

0

ដោយ​ ដួង ចន្រ្ទា
ភ្នំពេញ៖ ក្នុងគោលដៅអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់កោះចំនួន៧ ជាតំបន់ឧទ្យានជាតិ ដែលចុះហត្ថលេខាដោយ​សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី៨ កុម្ភៈនេះ។


​កោះចំនួន៧ ដែលត្រូវបានដាក់បញ្ចូល ក្នុងតំបន់ឧទ្យានជាតិនោះ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀនម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងដែនសមុទ្រជុំវិញ ដែលមានផ្ទៃក្រឡាសរុបទំហំជាង៥ម៉ឺនហិកតា។

​គោលដៅនៃការអភិរក្សនេះ ដើម្បីចូលរួមអភិរក្ស និងការពារសោភ័ណភាព ចម្រុះបស់កោះទាំងនោះ ជីវៈចម្រុះលើកោះ និងដែនសមុទ្រជុំវិញ ពិសេសធនធា​នធម្មជាតិ ប្រកបដោយនិរន្តរភាព។ ការអភិរក្សនេះ ក៏មានគោលដៅកាត់បន្ថយ ការឡើងកំដៅផែនដី ក៏ដូចជា ព្រមទាំងលើកកំពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដើម្បីចូលរួមថែររក្សា និងអភិរក្ស ដោយប្រើប្រាស់ធនធានធម្មជាតិទាំងនេះ ប្រកបដោយនិរន្តរភាព។
​លោកហូ​ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាតែងតែអំពាវ​នាវឲ្យមានការថែរទាំ និងអភិរក្សធនធានធម្មជាតិទាំងនោះ ដើម្បីថែររក្សានិរន្តរភាពបរិស្ថាន ដោយធ្វើយ៉ាងណាត្រូវធ្វើការអភិរក្ស និងអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា ព្រោះប្រសិនជាមិនមានការគ្រប់គ្រងច្បាស់លាស់ និងមានការបំពុលបរិស្ថាននឹង ធ្វើឲ្យធនធានធម្មជាតិទាំងនោះ ប្រឈមនឹងការបំផ្លិចបំផ្លាញ ហើយនៅពេលធន​ធានធម្មជាតិរងការបំផ្លាញ អ្វីៗទាំងអស់នឹងរងការបំផ្លាញ។

​លោកបន្តថា “ដើម្បីថែររក្សា និងធានានិរន្តរភាពទេសចរណ៍ ការថែររក្សាបរិស្ថានមាន​សារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍វិស័យនេះបានជោគជ័យ និងទទួ​ល​បានផលប្រយោជន៍ទាំងអស់គ្នា”៕

E-3B3A63DD3F21.jpeg” alt=”” width=”688″ height=”960″ class=”alignnone size-full wp-image-3305″ />