ដោយវុត្ថា
ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានសុខភាពល្អប្រសើរ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀតជាពិសេស អគារអាផាតម៉ិន និងខុនដូរនៅក្នងរាជធានីភ្នំពេញ នឹងកើនឡើងលើសទ្វេរដងនៅត្រឹមឆ្នាំ២០៣០ខាងមុខ។
យោងតាមការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុន Vtrust Appraisal បានរកឃើញដែលបានធ្វើបទបង្ហាញនៅសណ្ឋាគារ Raffle Le Royal នាព្រឹកថ្ងៃទី១៨ធ្នូនេះបានឲ្យដឹងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នឹងនៅតែបន្តកើនឡើងលើសទ្វេរដងនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ខណៈអាផាតម៉ិននៅកម្ពុជាបច្ចុប្បន្នមានចំនួន៩០២១យូនីត ស្មើនឹង៣៥៥គំរោង ប៉ុន្តែចំនួនអាផាតម៉ិននឹងកើនដល់២៨០០០យូនីតនៅត្រឹមឆ្នាំ២០៣០ ជាការកើនឡើងក្នុងសេនារីយោធម្មតា បើពិនិត្យមើលពីចំនួននៃការផ្គត់ផ្គង់បច្ចុប្បន្ន។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vtrust Group បានមានប្រសាសន៍ឲ្យដឹងថា របាយការស្តីពីអចលនទ្រព្យដែលត្រូវបានបង្ហាញនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអចលនមានតំណើការល្អ និងនិរន្តរភាព ព្រមទាំងជួយទាក់ទាញវិស័យផ្សេងៗទៀតមានការរីកចម្រើនផងដែរ។
លោកបន្តថា “រហូតមកទល់ពេលនេះ យើងមិនទាន់ឃើញសញ្ញាអ្វីមួយគួរឲ្យបារម្ភនោះទេ ដោយសារកម្ពុជានៅតែរក្សាបានកំនើនសេដ្ឋកិច្ច ពិសេសស្ថេរភាពនយោបាយ និងស្ថេរភាពសង្គមរយៈពេលវែងបន្តទៀត។
លោក ច្រឹក សុខនីម អគ្គនាយក្រុមហ៊ុន Century 21 Mekong ដែលទើបជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរល្អប្រសើរសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ និងនៅឆ្នាំបន្តបន្ទាប់ទៀត ជាពិសេសនៅក្នុងក្រោមខណ្ឌនៅក្នុងរាជធានីភ្នំពេញ ដោយសារកំណើនអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើនកំពុងតែរកស៊ីក្នុងវិស័យនេះកាន់តែច្រើន ស្របទៅនឹងការសិក្សានេះបានរកឃើញថា ខ័ណ្ឌចំការមនខ័ណ្ឌទួលគោក ខ័ណ្ឌ៧មករា និងខ័ណ្ឌដូនពេញដែលមានចំនួនអាផាតម៉ិនច្រើនជាងគេ។
របាយការណ៍សិក្សាខាងលើបានឲ្យដឹងទៀតថា នៅក្នុងដំណាច់ត្រីមាសទី៤នេះ អាផាតម៉ិនចំនួន៧៦០០យូនីតត្រូវបានជួល ស្មើនឹងអត្រាគ្របដណ្តប់ការប្រើប្រាស់សរុប៨៤ភាគរយ នៅទូទាំងរាជធានីភ្នំពេញ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមអាផាតម៉ិនទាំងនោះ អាផាតម៉ិន១បន្ទប់គេងមានការផ្គត់ផ្គង់ច្រើនជាងគេក្នុងទីផ្សារ ស្មើនឹង៥៥ភាគរយនៃអាផាតម៉ិនសរុប និងអាផាតម៉ិន២បន្ទប់គេងស្មើនឹង៣៤ភាគរយនៃចំណែកទីផ្សារសរុប៕