ដោយស៊ីវ ម៉េង
ភ្នំពេញ: ស្របពេលហេដ្ឋារចនាសម្ព័ន្ឋធំ”ជាច្រើនកំពុងសាងសង់ អ្នកជំនាញផ្នែកអចលនៈទ្រព្យ ក្នុងខេត្តកំពតបានអះអាងថា មកដល់ពេលនេះតម្លៃទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីនៅមិនទាន់ឈានឡើងដល់ចំណុចកំពូល ឬនៅទ្រឹងនៅឡើយទេ ហើយវានៅតែឡើងថ្លៃជាបន្តបន្ទាប់ទៀត។
ភ្នាក់ងារផ្នែកលក់ របស់ក្រុមហ៊ុនអចលនៈទ្រព្យBlue Starsលោកងៀប វ័យគៀរ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ ធ្នូកន្លងមកថា លោកបានសង្កេតឃើញថា ទីផ្សារដីក្នុងខេត្តឡើងថ្លៃជាដំណាក់កាលៗ ហើយមានការធ្លាក់ចុះបន្តិចកាលពីឆ្នាំ២០០៩ និងដើមឆ្នាំ២០១០ ដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកល ប៉ុន្តែចាប់ពីឆ្នាំចុងឆ្នាំ ២០១០មក សេដ្ឋកិច្ចបានងើបឡើងវិញ ហើយទីផ្សារដីបានកើនឡើងជាលំដាប់ទាប ឬខ្ពស់អាស្រ័យទៅតាមតំបន់ដែលមានសកត្តានុពល និងតំបន់ដាច់ស្រយ៉ាលជាដើម។
លោកបានបន្តថា “ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ តម្លៃដីធ្លីបានកើនឡើងខ្ពស់ខ្លាំងខុសគ្នារាប់រយដង ព្រោះកាលមុនតម្លៃដីក្នុងក្រុងល្អៗ មួយការ៉េតម្លៃចន្លោះពី២០ទៅ៣០ដុល្លា ប៉ុន្តែបច្ចុប្បន្នដីឲ្យតែនៅក្នុងក្រុងតម្លៃចន្លោះពី៥០០ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោកបន្តថា “ទោះជាតម្លៃនេះបានហក់ខ្ពស់ក៏ពិតមែន ប៉ុន្តែមិនទាន់ឡើងដល់ចំណុចកំពូល ឬចំណុចទ្រឹងនៅឡើយទេ ដីនឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ទៀត តាមដំណាក់កាលៗតទៅមុខទៀត”។
យោងតាមស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា និយាយដោយឡែក និងការអភិវឌ្ឍន៍របស់ខេត្តកំពតផ្ទាល់ ជាកត្តាជំរុញដល់តម្លៃទីផ្សារដីឡើងថ្លៃបន្តទៀត ដោយសារខេត្តកំពតមានកំពុងផែនអន្តរជាតិទឹកជ្រៅ ដែលកប៉ាល់នាវាធំៗអាចចូលចតបាន មានកំពុងផែនទេសចរអន្តរជាតិ មានរោងចក្រផលិតស៊ីម៉ងតិ៍ធំជាងគេ មានទំនប់វារីអគ្គីសនី មានតំបន់ឆ្នេរកម្សាន្តដែលទើបនឹងបង្កើតថ្មី ពិសេសការពង្រីកផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កំពត-ព្រះសីហនុ។ នេះយើងមិនទាន់និយាយដល់សកត្តានុពលលើវិស័យផ្សេងៗជាច្រើនទៀតផង។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកនៃក្រុមហ៊ុនKhmer Foundation Appraisalបានមានប្រសាសន៍ថា ដីធ្លីនៅក្នុងក្រុងកំពតនៅតែមានតម្រូវការខ្ពស់ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើងទ្វេរដងក្នុងរយៈពេល៦ខែចុងក្រោយនេះ។ លោកបន្តថា កំនើនតម្លៃដីធ្លីនៅខេត្តកំពតដោយសារកត្តាសំខាន់ៗចំនួនពីរ ទី១ ស្ថានភាពនយោបាយមានភាពល្អប្រសើរ កំនើនសេដ្ឋកិច្ចរ៉ឹងមាំ ធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង និងទី៣ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ដនិងសក្តានុពលរបស់ខេត្តដែលកំពុងសាងសង់កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍អន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេសនានា។
លោកបន្តថា “បើធៀបខេត្តកំពត និងខេត្តព្រះសីហនុ មានសក្តានុពលប្រហាក់ប្រហែលគ្នា ហើយខេត្តកំពតមានចម្ងាយជិតជាងខេត្តព្រះសីហនុ បើគិតពីរាជធានីភ្នំពេញ ប៉ុន្តែតម្លៃដីនៅខេត្តកំពតនៅមានកម្រិតទាបនៅឡើយ ធៀបជាមួយខេត្តព្រះសីហនុ”។លោកបន្តថា “ហេតុនេះនៅពេលផ្លូវជាតិលេខ៣ពង្រីករួច តម្លៃដីនៅខេត្តកំពតនឹងហក់ឡើងបន្ថែមទៀត”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា សក្តានុពលរបស់ខេត្តកំពត ក៏មានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ដែលងាយស្រួលក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ជាមួយគ្នា ហេតុនេះដែនដីកម្ពុជា ដែលគេហៅថា ដែនដីសុវណ្ណភូមិពិតជាត្រឹមត្រូវ ស្របពេលនឹងកំនើនប្រជាពលរដ្ឋ អ្នកវិនិយោគជាតិ អន្តរជាតិនឹងធ្វើឲ្យខេត្តកំពតផ្លាស់ប្តូរមុខមាត់យ៉ាងលឿននាពេលអនាគត។
អភិបាលក្រុងកំពត លោក លាង រឿនសុទ្ធី បានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសារស្ថេរភាពនយោបាយមានលក្ខណៈល្អប្រសើរ សន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់សង្គមល្អ ធ្វើឲ្យកំណើនសេដ្ឋកិច្ចឆ្ពោះទៅមុខជានិច្ច ជាពិសេសតម្លៃអចលនៈទ្រព្យដីធ្លី នៅខេត្តកំពតនៅតែបន្តកើនឡើងទៀតនាពេលអនាគត៕