វិភាគ៖ តើកម្ពុជាគួរប្រកៀងស្មាជាមួយចិនយ៉ាងដូចម្តេច ដើម្បីវិបុលភាពរបស់ខ្លួន

0

ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

តើមហាអំណាចសេដ្ឋកិច្ចទី២ ពិភពលោកពិតជាកំពុងផ្តល់វិបុលភាពដល់កម្ពុជា? នេះជាសំណួរធំមួយ ដែលប្រជាជនកម្ពុជានិងអ្នកជំនាញមួយចំនួនកំពុងលើកជាសំណួររាល់ថ្ងៃ។

តាមរយៈការបង្ហូរទុនវិនិយោគ និងឥណទានសម្បទានរាប់ពាន់លានដុល្លា​រដល់​កម្ពុជាក្នុងមួយឆ្នាំៗ តើពិតជាប្រទេសចិនកំពុងលេបកម្ពុជា ឬផ្តល់ភាពរ៉ុងរឿងដល់កម្ពុជា សម្រាប់ដើមសតវត្សរ៍ទី២១នេះមែនឬ? វាទាមទារនូវការបកស្រាយតាមបែបវិទ្យាសាស្រ្តមួយ។

ការកសាងគ្រឹះនៃប្រទេសទាំងពីរ

ការចាប់ដៃជាមួយចិន តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោ​យរវាងប្រទេសទាំងពីរ ដែលពូនជ្រុំដោយអតីតព្រះមហាក្សត្រកម្ពុជាសម្តេចព្រះ​បរមរតនកោដិ នរោត្តម សីហនុ និងបន្តពូនជ្រុំដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងធ្វើឲ្យមានប្រតិកម្មចម្រុះ ទាក់ទងនឹងការងាក​ចាប់ដៃជាមួយចិន ហើយឃ្លាតឆ្ងាយពីលោកខាងលិច ដែលខ្ញុំនឹងបកស្រាយបន្តិចទៀតនេះក្នុងទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយ។

ស្របពេលខួបនៃទំនាក់ទំនងកាទូត៦០ឆ្នាំ សម្រាប់ទំនាក់ទំនងកម្ពុជា ចិន ដែលមានភាពស្អិតរមួតជាមួយគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រសួងពាក់ព័ន្ឋរៀបចំខ្លួនជាពិសេស ដើម្បីប្រារពខួបនៃទំនាក់ទំនង ដែលប្រៀបដូចដែកថែបនេះឲ្យស័ក្តិសមនឹងតម្លៃ និងភាពជាដៃគូនៃយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៃ ប្រទេសទាំងពីរ។

រយៈពេល៦០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងប្រទេសទាំងពីរបានដើរលើផ្លូវរលាក់ផង និងផ្លូវក្រាលកម្រាលព្រុំដ៏ក្រហមឆ្អិនឆ្អៅផង ប៉ុន្តែអតីតកាលជារឿងអតីតកាល ហើយចិននិងកម្ពុជាកំពុងដើរលើផ្លូវបច្ចុប្បន្នភាព តាមរយៈការពូនជ្រុំនូវការកសាងភាពទុកចិត្តគ្នា តាមរយៈការគាំទ្រគ្នាទៅវិញទៅមក នៅលើគ្រប់របៀបវារៈកាទូតអន្តរជាតិ។

ប្រធានាធិបតីចិន លោកហ្សី ជីនពីងដែលបានមកទស្សនកិច្ចកម្ពុជាកាលពីខែ ឧសភា ឆ្នាំ២០១៧ លោកបានផ្ញើរសារដ៏វែងមួយ ដែលបញ្ជាក់ពីទំនាក់ទំនងដ៏រ៉ឹងមាំ ទាំងផ្នែកវបប្បធ៌ម ប្រវត្តិសាស្រ្ត ទំនាក់ទំនងកាទូត និងការគាំទ្ររបស់កម្ពុជា។

សារដ៏រញ្ជួយចិត្តរបស់ប្រធានាធិបតីចិនហ្សី ជីនពីងបានលើកឡើងថា “កម្ពុជា ជាមិត្តដ៏អាចទុកចិត្តបានរបស់ចិន ហើយចិននឹងចូលរួមចំណែកការពារអធិប​តេយ្យភាព បូរណៈភាពទឹកដី និងចូលរួមអភិវឌ្ឍន៍កម្ពុជា”។

សារប្រកបដោយអត្ថន័យនេះ បានធ្វើឲ្យកម្ពុជាកាន់តែមានភាពកក់ក្តៅ ដោយសារប្រទេសដ៏តូចមួយនេះ មានមហាអំណាចមួយនៅពីក្រោយ។ ជាមួយ​នឹងសារប្រកបដោយអត្ថន័យរាប់ពាន់នេះ ប្រមុខមេដឹកនាំចិន បាននិងកំពុង​ចាក់បង្ហូរទុនវិនិយោគជាង២០ពាន់លានដុល្លារ ចាប់ពីទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៧​។ ចំនួនទឹកប្រាក់នេះ មិនទាន់រាប់បញ្ចូលឥណទានសម្បទាន ដែលបាននិងកំពុងប្រើប្រាស់ដោយរាជរដ្ឋាភិបាល ក្នុងការវិនិយោគភាគច្រើនលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ឋ សម្រាប់កសាងនិងពង្រឹងមូលដ្ឋាន នៃការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។

មូលដ្ឋានសេដ្ឋកិច្ច

ការមកដល់នៃអ្នកវិនិយោគចិនដូចទឹកបាក់ទំនប់ នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាផ្តើមចេញពីមូល ដ្ឋាន ដែលកម្ពុជាបានរៀបចំខ្លួនឯងរួចជាស្រេច ដើម្បីទទួលយកអ្នកវិនិយោគទាំងនោះ ព្រោះទោះកម្រិតទំនាក់ទំនងនយោបាយល្អបែបណាក្តី ប៉ុន្តែប្រសិនជាកម្ពុជាខ្លួនឯង មិនមានភាពទាក់ទាញ និងគេមិនអាចរកប្រាក់ចំណេញបាននៅទីនេះ ក៏គេមិនមកវិនិយោគនៅកម្ពុជាដែរ។

ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលដ្ឋានសំខាន់ៗ ដែលមិនអាចខ្វះបាន រួចទៅហើយ ទី១ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ទី២កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ ទី៣ ច្បាប់វិនិយោគដ៏ល្អ សម្រាប់ផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគអន្តរជាតិនានា និងច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ។ទី៤ អនុញ្ញាត្តិឲ្យជន​បរទេសមានសិទ្ឋវិនិយោគ១០០ភាគរយនៅកម្ពុជា ទី៥ ការផ្ទេរសាច់ប្រាក់ចេញពីកម្ពុ ជាមិនមានភាពស្មុគ្រស្មាញ។ ទី៦ ការប្រើប្រាស់ប្រាក់ដុល្លារចាយវាយយ៉ាងទំលំទូលា​យក្នុងសកម្មភាពពាណិជ្ជកម្ម ដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់អ្នកវិនិយោគ និងទី៧ ច្បាប់សហកម្មសិទ្ឋ ដែលផ្តល់ការអនុញ្ញាត្តឲ្យ​ជនបរទេស គ្រប់គ្រងផ្ទះចាប់ពីជាន់ទី១ឡើងទៅ សុទ្ឋតែជាមូលដ្ឋានដ៏សំខាន់មិន​អាចខបដិ​សេធបាន សម្រាប់កាលានុវត្តន៍ភាពនៃកម្ពុជា ហើយកម្ពុជាបានក្លាយជា “កូនក្រមុំដ៏ស្រស់ស្អាតមួយ” ក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ។

ចំណុចពិសេសមួយទៀត គឺការឈានឡើងរបស់កម្ពុជាពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឆ្ពោះទៅកាន់ប្រទេ​សមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ជាដែកឆក់មួយទៀត ដែ​លទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ល្បីៗ ពីជុំវិញពិភពលោកមកកាន់កម្ពុជា ដោ​យសារពួកគេមើលឃើញកំលាំងទិញកើនឡើង ដែលពួកគេអាចរកប្រាក់ចំណេ ញបានពីទីនេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បាននាំកម្ពុជាមកកាន់កោះ “សន្តិភាព” ដោយឆ្លងកាត់ថ្លុកឈាម និងទឹកភ្នែក និងគំនរឆ្អឹងរាប់រយកន្លែងនៅទូទាំងប្រទេស ហេតុនេះកម្ពុជាត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រទេស ព្រោះសន្តិភាពជាមូលដ្ឋាននៃអ្វីៗគ្រប់យ៉ាងសំរាប់ការរីកចម្រើន និងវិបុលភាពកម្ពុជា។

សម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងក្នុងជំនួប​ជាមួយកម្មករ កម្ការិនី១៦,០០០នាក់នៅតំបន់ទំនប់កប់ស្រូវ ភាគខាងជើងរាជ ធានីភ្នំពេញកាលពីម្សិលម៉ិញនេះថា “ខ្ញុំនឹងមិនឲ្យអ្នកណាមកបំផ្លាញសន្តិភាពនៅ​កម្ពុជានោះទេ ដរាបណាខ្ញុំនៅទីនេះ”។ សម្តេចបន្តថា “ ខ្ញុំមិនព្រមទេ”។

(រូបតំណាង)

ការវិនិយោគរបស់ចិននៅកម្ពុជា

បច្ចុប្បន្នមានក្រុមហ៊ុនចិនជាង២០០០ បាននិងកំពុងវិនិយោគនៅកម្ពុជានិងក្រុមហ៊ុនជាច្រើនទៀត ដែលបាននិងកំពុងត្រៀមខ្លួនចូលមកប្រទេសនេះ ដោយកាលពីឆ្នាំមុន មានទឹកប្រាក់ជាង៤០០០លានដុល្លារ ដែលប្រទេសចិនបាន​បង្ហូរមកកាន់កម្ពុជា តាមរយៈឥណទានសម្បទា​ន(កម្ចីការប្រាក់ទាប) និងទឹកប្រាក់វិនិយោគរបស់អ្នកវិនិយោគចិន ចំនួន១៤០០លានដុល្លារអាមេរិក ដែលបាន​វិនិយោគស្ទើរគ្រប់វិស័យនៅកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនយក្សជាច្រើនរបស់ចិន បានចូលមកវិនិយោគនៅកម្ពុជា​លើវិស័យសំណង់ និងអចលនទ្រព្យដូចជា ក្រុមហ៊ុន The Prince Real Estate Group, ក្រុមហ៊ុនអចលនទ្រព្យ R&F Property Co, Ltd, ក្រុមហ៊ុន Greenland Group ក្រុមហ៊ុន Union Development Group ជាដើម ដែលក្រុមហ៊ុនទាំងនេះបាន​បោះទុនវិនិយោគរាប់ពាន់លានដុល្លារ។

ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះជាទីក្រុងខ្មោច និងមានមនុស្សតែ៧០​នាក់ បច្ចុប្បន្នបានក្លាយជាទីក្រុងមួយ ដែលមានប្រជាជនរស់នៅប្រមាណ៣លាន​នាក់ និងកំពុងប្រែក្លាយជាទីក្រុងនៃមជ្ឈមណ្ឌលជាពាណិជ្ជកម្ម និងហិរញ្ញ វត្ថុអន្តរជាតិ ដោយបច្ចុប្បន្នមានអាគារពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងលំ​នៅដ្ឋានប្រមាណ ៧០០អាគារ ដែលមានកំពស់ចាប់ពី៥ជាន់ រហូតដល់ជាង៦០ជា​ន់កំពុងសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ។

ក្រៅពីវិនិយោគលើវិស័យសំណង់ និងអចនវត្ថុ ក្រុមហ៊ុនចិនក៏ឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ ថាមពលអគ្គិសនី និងវិស័យនាំមុខជា​ច្រើនទៀត។

ភ្ញៀវទេសចរណ៍ចិនជាង២,១លាននាក់ បានមកទស្សនាកម្ពុជាកាលពីឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ១ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ ចិនចំនួន១៧បាន និងកំពុងហោះហើរត្រង់មកកាន់ទីក្រុងភ្នំពេញ ដែលនាំមកនូវ​អ្នកវិនិយោគ ទេសចរណ៍មកពីទីក្រុងជាច្រើននៃប្រទេសចិនមកទស្សនាកម្ពុជា។

ទំនាក់ទំនងអន្តរជាតិ

ក្នុងទំនាក់ទំនងអន្តរជាតិ ផលប្រយោជន៍ជារឿងទី១ ព្រោះគ្មានអ្នកណាជួយយើង ដោយមិនគិតផលប្រយោជន៍ខ្លួនឯងនោះទេ។ មានផលប្រយោជន៍ទើបមានទំនាក់ទំនងល្អ នេះជារឿងធម្មតាក្នុងវិស័យកាទូត និងទំនាក់ទំនងអន្តរ​ជាតិ។

ក្នុងសមរភូមិកាទូត និងចំណេះដឹង កម្ពុជាបានដើរតួនាទីកាន់តែសកម្មលើ​ឆាកអន្តរជាតិ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាមានសម្លេងមួយនៅ​លើឆាកអន្តរជាតិដូចប្រទេសធំៗដែរ ហើយក្នុងការបោះឆ្នោត ឬការបញ្ចេញសម្លេងអ្វីមួយ កម្ពុជាតែងតែនៅខាងចិន ដើម្បីក្លាយជាមិត្តដ៏ល្អ និងអាចទុកចិត្ត​បានរបស់ចិន។

ភូមិសាស្រ្តនយោបាយ

នៅពេលនិយាយពីផលប្រយោជន៍ យើងត្រូវមើលកត្តាភូមិសាស្រ្តនយោ​បាយ ដែលមិនអាចមើលរំលងបាន។ ចិនបាននិងកំពុងពង្រីកឥទ្ឋិពលរបស់ខ្លួន​មកកាន់តំបន់អាស៊ី អាហ្រ្វិក តាមរយៈការផ្តល់ជំនួយឥតសំណងផង ជំនួយហិរញ្ញប្បទាន​ផង និងជំរុញអ្នកវិនិយោគនៅតាមបណ្តាប្រទេសនានា ដែលខ្លួនអាចពង្រីកឥទ្ឋ ពលបាន។ និយាយជារួម។

និយាយដោយឡែកជាមួយកម្ពុជា ចិនបានចាប់ដៃកម្ពុជា និងជួយអភិវឌ្ឍន៍ កម្ពុជា ដោយសារចិនចង់ពង្រីកឥទ្ឋិពលនៅក្នុងតំបន់ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាក៏មានសម្លេងមួយ នៅលើឆាកអន្តរជាតិដូចប្រទេសធំដែរ។ ផ្ទុយទៅវិញ ចិនមិនអាចជ្រៀតចូលពង្រីកឥទ្ឋិពលនៅបណ្តាប្រទេសជិតខាងកម្ពុ ជានោះទេ ដោយសារប្រទេសទាំងនោះ ជាមានជម្លោះផលប្រយោជន៍ជាប្រវត្តិ​សាស្រ្តជាមួយចិន និងជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងជាមួយវៀតណាម ហ្វី លីពីន ម៉ាឡេស៊ី ហើយប្រទេសទាំងនោះរូមទាំងថៃ និងភូមាផងបានក្លាយជាសម្ព័​ន្ឋមិត្តអាមេរិករួចទៅហើយ។

ហេតុនេះ ក្នុងក្របខ័ណ្ឌអាស៊ានកម្ពុជា អាចធ្វើជាមិត្តស្លាប់រស់របស់ចិន ដែលចិនអាច​ទុកចិត្តបាន ទើបចិ​នបានផ្តល់ជំនួយ និងជំរុញអ្នកវិនិយោគរាប់ពាន់ក្រុមហ៊ុនមក​វិនិយោគនៅកម្ពុជា។

ជាប្រតិកម្មថ្មីៗ មិនធ្លាប់មាន លោកស្យង់ បូឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំ​កម្ពុជាបានឲ្យដឹងថា គិតរហូតម​កទល់ពេលនេះ មានក្រុមហ៊ិនចិនជាង២០០០ កំពុងវិនិយោគនៅកម្ពុជា ដោយគិតត្រឹមតែឆ្នាំ២០១៧ ទឹកប្រាក់វិនិយោគរបស់ចិនជាប់ចំណាត់ថ្នាក់លេខ១ ដែលមាន១៤០០លានដុល្លារអាមេរិក ប៉ុន្តែបើគិតបញ្ចួលទាំងហិរញ្ញប្បទានវិញ ចិនបានផ្តល់ជាង៤០០០លានដុល្លារ នៅកម្ពុជាសម្រា​ប់តែឆ្នាំ២០១៧។

ជាមួយគ្នានេះ ចិនក៏បានផ្តល់សារដ៏ច្បាស់លាស់មួយថា“ចិនវិនិយោគនៅកម្ពុជា មិនមែនជាការលាងលុយកខ្វក់ទេ ហើយការលើកឡើងរបស់​លោកខាងលិចកន្លងមក គឺជាការច្រណែនពីភាពជាដៃគូ និងការរីកចម្រើនរបស់ប្រទេសទាំងពីរ”។

សរុបមកវិញការចាប់ដៃជាមួយចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដោយ​ផ្ទាល់ និងប្រយោលនោះទេ ប៉ុន្តែចិនបានក្លាយជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដែល​ជួយអភិវឌ្ឍន៍កម្ពុជាផង ជួយការពារឯករាជ្យ អធិបតេយ្យភាពដល់កម្ពុជាផង និងនាំកម្ពុជាឆ្ពោះទៅរកវិបុលភាពនាពេលអនាគត ប៉ុន្តែការចាប់ដៃជាមួចិន ហើយ​បោះបង់លោកខាងលិច អាចជារឿងគ្រោះថ្នាក់មួយ។

ជាមួយនឹងទំនាក់ទំនងកាទូតដ៏ឈ្លាសវៃមួយ និងជាបុរសដែលត្រូវបានគេ​ប្រសិទ្ឋនាមថា “ជាបុរសខ្លាំងរបស់កម្ពុជា” សម្តេចតេជោមានសុបិនដ៏ធំមួយគឺប្រែ​ក្លាយកម្ពុជា “ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់” ដូច្នេះការបោះបង់លោកខាងលិច មិនមែន​ជាជម្រើសរបស់សម្តេចតេជោទេ ទោះជាកម្ពុជាបានចាប់ដៃជាមួយចិនមិនអាចព្រលែងបានក៏ដោយ ក៏កម្ពុជាមិនព្រមលែងដៃលោកខាងលិច ដែលផ្តល់នូវទីផ្សា​រសម្រាប់នាំចេញទំនិញដ៏សម្បូរបែបពីកម្ពុជានោះទេ។

“ចិន ជាអ្នកផ្តល់ស្រូវ និងសាបព្រួសដល់កម្ពុជា ហើយលោកខាងលិច ជាអ្នកប្រមូលផលឲ្យកម្ពុជា ដើម្បីយកអង្ករមកចំអិនទទួលទានខ្លួនឯង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here