ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ក្រុមហ៊ុនអន្តរជាតិមួយ មានគោលបំណងចង់នាំចូលវត្ថុធាតុដើម ប្រភេទកំហាប់រ៉ែសំណ មកផលិតជាស័ង្កសី និងរបស់ប្រើប្រាស់ជាលោហៈផ្សេងៗ ដើម្បីបង្កើតជារោងចក្រផលិតស័ង្កសីនៅកម្ពុជា។
លោក Yang Xihui ប្រធានក្រុមហ៊ុន Yunnan Xiangyun feilong Resources Recycling នៃសាធារណៈរដ្ឋចិន បានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងកាលពីថ្ងៃទី៧ កុម្ភៈកន្លងមកថា ក្រោយពីឃើញសក្តានុពល និងតម្រូវការខ្ពស់នៅកម្ពុជា ក្រុមហ៊ុនមានគោលបំណងចង់នាំចូលវត្ថុធាតុដើម ប្រភេទកំហាប់រ៉ែសំណ មកផលិតជាស័ង្កសី និងរបស់ប្រើប្រាស់ជាលោហៈផ្សេងៗ ដើម្បីបង្កើតរោងចក្រផលិតស័ង្កសីនៅកម្ពុជា ខណៈដែលវិស័យឧស្សាហកម្មមួយចំនួនក្រៅពីរោងចក្រ លោហៈធាតុបាននិងកំពុងដំណើរយ៉ាងល្អ នៅក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។