ដំណឹងល្អ!!! ក្រុមហ៊ុនចិនច្រើនជាង ២ពាន់ក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ របាយការណ៍របស់ស្ថានទូតចិននៅកម្ពុជាបានបង្ហាញថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនចិនជាង២០០០ក្រុមហ៊ុន ដែលបានវិនិយោគនៅប្រទេសកម្ពុជាលើវិស័យជាច្រើន ហើយឆ្នាំ២០១៧កន្លងមកនេះ ចិនបានវិនិយោ គទឹកប្រាក់ជាង១៤០០លានដុល្លារនៅប្រទេសនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកស្យង់ បូបានថ្លែងឲ្យដឹងក្នុងសន្និសីទសារព៌ត​មាន​កាលពីព្រលប់ថ្ងៃម្សិលម៉ិញស្ដីពី ស្ថានភាពនៃវិនិយោគចិន និងប្រជាជនចិនរស់នៅកម្ពុជាថា តាមទិន្នន័យដែលស្ថានទូតទទួលបានៗបញ្ជាក់ថា ក្រុមហ៊ុនចិនច្រើនជាង២ពាន់ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ក្នុងទំហំប្រមាណជា១២ពាន់៥រយលានដុល្លារអាមេរិក ជាពិសេសអ្នកវិនិយោគចិន ដែលគ្រោងបណ្ដា​ក់ទុនទុននៅកម្ពុជា តែងតែទាក់ទងតាមស្ថានទូតជារៀងរាល់ថ្ងៃ។

លោកបន្តថា “ចំនួនក្រុមហ៊ុនចិន និងទំហំវិនិយោគអាចមានចំនួនជាងនេះ ដោយសារក្រុមហ៊ុនមួយចំនួន មិនបានមកតាមស្ថានទូតនោះទេ ដោយពួកគេបាន​ទាក់ទងផ្ទាល់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”។

លោកស្យង់ បូបន្ថែមថា គម្រោងវិនិយោគធំៗនៅកម្ពុជាបច្ចុប្បន្នរបស់ក្រុមហ៊ុនចិន មានដូចជា វារីអគ្គីសនី ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបជាឥណទានសប្បទានវិស័យកសិកម្ម វិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដោយមានរហូតដល់៧០ភាគរយ នៃក្រុមហ៊ុនសរុបក្នុងវិស័យនេះនៅកម្ពុជា ហើយសព្វថ្ងៃអ្នកវិនិយោគចិន ក៏កំពុងបណ្ដាក់ទុនលើវិស័យទេស​ចរណ៍ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកំពុងទាក់ទាញអ្នកវិនិយោគចិនផងដែរ។

កាលពីឆ្នាំ២០១៧កន្លងទៅប្រទេសចិន បានវិនិយោគនៅ​កម្ពុជាក្នុងទំហំទឹកប្រាក់ ប្រមាណជា១ពាន់៤រយលានដុល្លារអាមេរិក ដោយស្មើនឹង២៧,៥ភាគរយ នៃការវិនិយោគសរុបនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់បន្ថែមថា ចំនួនទឹកប្រាក់នេះ មិនទាន់រាប់បញ្ចូលឥណទានសម្បទាននៅឡើយទេ ប៉ុន្តែបើរាប់បញ្ចូ​លនោះទំហំទឹកប្រាក់នេះ ទំហំទឹកប្រាក់នឹងកើនដល់ប្រមាណជា៤ពាន់លានដុល្លារអាមេរិក។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កំនើននៃការវិនិយោគរបស់ចិននៅកម្ពុជា ដោយសារទំនាក់ទំនងល្អ​រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោ​យ ស្របពេលចិនក៏ចង់ពង្រីកផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ហើយចិនអាចឈរជើង និងអាចយកកម្ពុជាជាចំណតមួយ ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ហើយពេលចិនមិនអាចឈរជើងជាមួយវៀតណាម ថៃ មីយ៉ាន់ម៉ា ដោយសារប្រទេសទាំងនោះជាកូនក្រមុំ ក៏ដូចជាបានងាកទៅរកអាមេរិក។

លោកបន្តថា “ពីមុនមកចិនបានចាប់ដៃជាមួយមីយ៉ាន់ម៉ា ប៉ុន្តែពេលនេះមីយ៉ាន់ម៉ាបានងាកទៅអាមេរិក ដូច្នេះមានតែកម្ពុជាទេ ដែលចិនអាចឈរជើងបាន​”។លោកបន្តថា “ប្រវត្តិសាស្រ្តកម្ពុជា និងចិនក៏មានភាពយូរអង្វែង ស្របពេលចិន​បានដាក់ចេញគោលនយោបាយផ្លូវសូត្រ និងចិនមានប្រជាជនច្រើ​ន លុយច្រើន គាត់ក៏បង្ហូរមកកាន់អាស៊ី និងអាហ្រ្វិក ដើម្បីផ្តល់ការងារនិងផលប្រយោជន៍សេដ្ឋ​កិច្ចដល់គាត់”។

លោកបណ្ឌិតហុង វណ្ណៈបានបន្តថា ស្របពេលកំលាំងធនធានរបស់កម្ពុជា មានកម្រិត ហេតុនេះយើងត្រូវទទួលជំនួយរបស់គេ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេ​ស តែបើគិតអវិជ្ជមានជារឿងផ្សេង តែបើគិតពីវិជ្ជមាន គឺយើងមានតម្រូវការធន​ធាន និងការវិនិយោគ ដើម្បីយកមកកសាងប្រទេស។លោកបន្តថា បើនិយា​យពីចិន វិនិយោគនៅខេត្តព្រះសីហនុវិញ គឺចិនចូលចិត្តតំបន់សមុទ្រ តំបន់សមុទ្រជាគោលដៅរបស់ពួកគេ និងជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here