Hattha top Banner

រោងចក្រស៊ីម៉ងត៍តម្លៃ ២៦២លាន រួមចំណែកកាត់បន្ថយការនាំចូលសម្ភារៈសំណង់

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ជីព ម៉ុង និងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសថៃ នឹងធ្វើឲ្យកម្ពុជាកាន់តែអាចកាត់បន្ថយបានការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេស។

រោងចក្រនេះ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងត្រូវបានដាក់សម្ភោធនាព្រឹកថ្ងៃនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។

ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់ សុទ្ធតែត្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជា អគារបុរីលំនៅ   ដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះ បានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុនជីប ម៉ុងគ្រុបរបស់កម្ពុជា ចំនួនទឹកប្រាក់៦០ភាគ​រយនិងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេន របស់ប្រទេសថៃចំនួនទឹកប្រាក់៤០ភាគរយ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអញ្ជើញជាអធិប​តីក្នុងពិធីសម្ភោធន៍រោងចក្រនេះ នាព្រឹកថ្ងៃទី៨ កុម្ភៈនេះ បានមានប្រសាសន៍ថា “ខេត្តកំពតគឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយឈ្នះឈ្នះដែលរាជរដ្ឋាភិបាល បានដាក់ចេញហើយពេលនេះខេត្តកំពត បានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍ រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ” ។សម្តេចបន្តថា “ កំពតក៏ជាខេត្ត ដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។

តាមរយៈការបង្កើតរោងចក្រនេះ ក៏បានផ្តល់ការងារមួយចំនួនដល់ពលរដ្ឋកម្ពុជាប្រមាណជាង៤០០នាក់ផងដែរ ជាពិសេសអ្នកដែលនៅខេត្តកំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ ដើម្បីធ្វើការនាំចេញផងដែរ ដូចច្នេះកម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ។

លោកឧកញ៉ាលាង ឃុនអគ្គនាយកក្រុមហ៊ុនជីប ម៉ុងបានថ្លែងថា កត្តាសន្តិ​ភាព ការរីកចម្រើសេដ្ឋកិច្ច និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម បានទាក់ទាញអ្នកវិនិយោគទាំងតូច ទាំងធំមកវិនិយោគក្នុងប្រទេស និងប្រកបអាជីវកម្មនៅកម្ពុជា ហើយនេះជាមូលហេតុចម្បង ដែលធ្វើឲ្យរោងចក្រផលិតស៊ីម៉ងត៍អ៊ិនស៊ី នេះចាប់កំណើតក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយ​ជំ​រុញឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងកាត់បន្ថយភាពក្រីក្រផង តាមរយៈការបង្កើត​ផលិតផលក្នុងស្រុក និង​បង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ។

ស៊ីម៉ងត៍ដែលផលិតចេញពីរោងចក្រនេះមានបីប្រភេទ គឺស៊ីម៉ងត៍អូដ្ឋព៌ណ​ទឹកក្រូច ស៊ីម៉ងត៍អូដ្ឋព៌ណបៃតង និងស៊ីម៉ងត៍ពេជ្រ។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបាន​ថ្លែងថា រហូតមកទល់ពេលនេះ បូកទាំងរោងចក្រថ្មីនេះគឺកម្ពុជាមានរោងចក្រ​ផលិតស៊ីម៉ងត៍ចំនួន៤ហើយ ប៉ុន្តែនៅតែមិនអាចឆ្លើយតបបានតាមតម្រូវការនៅឡើយ ព្រោះបច្ចុប្បន្នមានតមម្រូវការស៊ីម៉ងត៍ច្រើនណាស់ ពិសេសវិស័យសំណ​ង់ ដោយសារកម្ពុជាកំពុងសាងសង់អាគារខ្ពស់ៗច្រើន និងវិស័យដទៃទៀត ក៏មាន​ការប្រើប្រាស់ស៊ីម៉ងត៍ច្រើនផងដែរ។

លោកឧកញ៉ាបានបន្តថា “ទោះជាមិនអាចផ្គត់ផ្គង់បានគ្រប់ក្តី ប៉ុន្តែខ្ញុំគិតថា វាអាចរួមចំណែកកាត់បន្ថយ ការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសបានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here