សេដ្ឋវិទូ និងអ្នកជំនាញនិយាយពីការប្រើប្រាស់លុយយ័នក្នុងការទូទាត់ពាណិជ្ជកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ប្រទេសចិនបានបង្ហាញចេតនាចង់ឲ្យកម្ពុជា ប្រើប្រាស់លុយយ័ន ក្នុងកាតទូទាត់សកម្មភាព ពាណិជ្ជកម្មជាមួយកម្ពុជា ប៉ុន្តែសេដ្ឋវិទូនានាលើកឡើងថា វានឹងបង្កការលំបាកច្រើនប្រសិនជាមានការប្រើប្រាស់រូបិយ​ប័ណ្ណចម្រុះបែបនេះ។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ និងសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងឲ្យដឹតតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះ​ថា ប្រសិនជាកម្ពុជា​ប្រើប្រាស់លុយយ័ន ក្នុងការទូទាត់ពាណិជ្ជ កម្មបន្ថែមទៀត វានឹងធ្វើឲ្យកាន់តែស្មុគ្រស្មាញ ក្នុងការគ្រប់គ្រងរូបិយប័ណ្ណ បើទោះជាការចរាចរលុយ័នមិនលំបាកក្តី ប៉ុន្តែការរៀបចំ​គោល​នយោបាយ ដើម្បីគ្រប់គ្រងប្រាក់យ័នក្នុងម៉ា​ក្រូសេដ្ឋកិច្ចពិតជាលំបាក។ លោកបន្តថា បច្ចុ​ប្បន្ន​ចិនបានវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើន ដែលជំរុញឲ្យ​កា​រធ្វើការទូ​ទាត់​ប្រាក់យ័នបានលឿន ប៉ុន្តែប្រទេសមួយ ប្រើប្រាស់រូបិយប័ណ្ណចម្រុះបែបនេះ វានឹងជារឿង​លំបាកស្មុគ្រ​ស្មា​ញ​​មួយ។

លោកបន្តថា “ភាពស្មុគ្រស្មាញនឹងជៀសមិនផុត តែវាក៏ផ្តល់ភាពវិជ្ជមានច្រើនដែរ តែ រឿងអវិជ្ជមាន គឺធ្វើឲ្យគោល​នយោ​បាយជំរុញការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណ ជាតិកាន់តែលំបាក”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានថ្លែង ស្រដៀងគ្នាថា ក្នុងការទូទា​ត់​ពាណិជ្ជកម្ម តែងតែមានការទូទាត់លុយចម្រុះ ប៉ុន្តែកម្ពុជាមាន លុយរបស់ខ្លួនឯង។ ដូច្នេះបើយើងយកលុយរបស់គេ​ចូល​វានឹងមានផលប៉ះពាល់ ព្រោះលុយ ដូចជាទំនិញមួយ ដូច្នេះបើបើកឲ្យចរាចរណ៍ វានឹងមានស្ថិរភាពជាងលុយរបស់យើង ហើយ នៅពេលយើងប្រើលុយរបស់គេយូរៗទៅ វានឹងធ្វើឲ្យលុយរៀលរបស់យើងកាន់តែអស់តម្លៃ។

លោកបន្តថា “លុយរៀលជាអត្តសញ្ញាណជាតិ អត្តសញ្ញាណជាតិសំខាន់ណាស់ ហេតុ នេះយើងបណ្តែតបណ្តោយ វានឹងមានបញ្ហា ហេតុនេះយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំថា “កុំ”។លោ កបន្តថា “បច្ចុប្បន្នមានការចរាចរលុយយ័ននៅជុំវិញផ្សារ​អូរឡាំពិករួចទៅហើយ ដោយមិន បានឆ្លងកាត់ធនាគារនោះឡើយ ដែលធ្វើឲ្យរដ្ឋាភិបាលខាតបន្ឋ ហេតុនេះការរឹតបន្តឹងជា​ការ ប្រសើរណាស់”។

ក្នុងពេលជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងជម្រុញការប្រើប្រាស់​លុយ​រៀលនៅក្នុងការទូទាត់ពាណិជ្ជកម្មរបស់ខ្លួនផងដែរ តាមរយៈការដាក់ចេញនូវគោលន​យោបាយជាច្រើន ដើម្បីលើកកំពស់រូបិយប័ណ្ណ ដែលជាអត្តសញ្ញាណជាតិរបស់ខ្លួន។

ទោះជាយ៉ាងណាលោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី​បានមានសុទិដ្ឋិនិយមជាងនេះ ដោយលោកបានថ្លែងថា នៅក្នុងគោលការណ៍ទីផ្សាសេរី វាអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ នៅពេលមានតម្រូវការ ការផ្គត់ផ្គង់នឹងកើតមាន​ហើយច្បាប់របស់ធនាគារជាតិនៃកម្ពុជា ក៏មិនបានហាមឃាត់ចំពោះការចរាចរណ៍ប្រាក់​យ័ន​ក្នុងទីផ្សារផងដែរ។ លោកបន្តថា វិនិយោគិនចិនបានបោះទុនវិនិយោគជាច្រើននៅកម្ពុជា ពិសេ​សវិស័យរោងចក្រ សហគ្រាសនានា និងវិស័យលំនៅដ្ឋាននាពេលបច្ចុប្បន្ននេះ ហើយ​ពេលពួកគេនាំចេញ គឺនាំចេញទៅអាមេរិក ក៏មានការយកត្រលប់នូវប្រាក់ដុល្លារ ហេតុនេះអ្វី ៗវាស្ថិតនៅលើតម្រូវការ និងការផ្គត់ផ្គង់។

លោកបន្តថា “ការទូទាត់ប្រាក់យ័ន វានឹងមិនធ្វើឲ្យបាត់លុយរៀលរបស់យើងទេ ព្រោះ​ការទូទាត់លុយយ័ន វាស្ថិតនៅក្នុងក្របខ័ណ្ឌជញ្ជីងពាណិជ្ជកម្មយើងប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here