សម្តេចតេជោបង្ហាញពីសក្តានុពលនិងគំរោងវិនិយោគនៅខេត្តកោះកុង

0

ដោយវុត្ថា

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញឲ្យដឹងពីសក្តានុពល និងគំរោងធំៗនៅខេត្តកោះកុង ដែលជាគំរោងនឹងលើកកំពស់ការអភិវឌ្ឍនៅខេត្តនេះ​ឲ្យមានភាពរីកចម្រើន និងទាក់ទាញអ្នកវិនិយោគច្រើនថែមទៀតនាពេលអនាគត។

សម្តេចតេជោបានឲ្យដឹងក្នុងពេលអញ្ជើញទស្សនកិច្ចនៅគំរោងអភិវឌ្ឍន៍ដ៏ធំមួយ ក្នុងខេត្តកោះកុង នាថ្ងៃទី១៤ ធ្នូនេះថាខេត្តកោះកុងមានគម្រោងវិនិយោគធំៗជាច្រើន ដូចជាព្រលានយន្តហោះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូបឹងកាឡូ ទីលានវាយកូនគោល អគារការិយាល័មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកំសាន្តខ្នាតអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍ កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។

សម្តេចបន្តថា ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំង ទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយ ក្នុងការនាំទំនិញចេញចូលផងដែរ។ បច្ចុប្បន្នមានមានវិនិយោគិនទាំងជាតិ និងអន្តរជាតិបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះផងដែរ។

សម្តេចតេជោហ៊ុន សែនបានបន្ថែមថា ខេត្តកោះកុងកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍន៍មួយកាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍនានា។ ជាមួយគ្នានោះតាមរយៈកិច្ចសហប្រតិបត្តិការល្អ តាមច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើអោយលំហូរទេសចណ៍មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍជានិច្ច ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។

សម្តេចបញ្ជាក់ថា ដោយសារតែប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ទើបបានធ្វើឲ្យវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគជាបន្តបន្ទាប់ ជាពិសេសវិស័យអេកូទេសចរណ៍នេះ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាអោយមានជីវភាពកាន់តែល្អប្រសើរមកដល់សព្វថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here