ដោយ វុត្ថា
ភ្នំពេញ៖
អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានព្រលានចំពោះម្ចាស់ការដ្ឋាននសំណង់នានា
ដែលមិនគោរពច្បាប់ និងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ថ្លែងក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី១១
ខែធ្នូ ឆ្នាំ២០១៨កន្លងមកលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានព្រមានធ្ងន់ៗថា
ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះទៅ បើម្ចាស់ការដ្ឋានសំណង់ណា ដែលលមិនគោរពតាមបទដ្ឋានបច្ចេកទេស
និងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបន្តធ្វើប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់
នឹងចាត់វិធានការក្តៅ និងអាចឈានដល់បិទការដ្ឋានតែម្តង។
-->
លោកបន្តថា កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ
បានចំណាយពេលអប់រំណែនាំជាបន្តបន្ទាប់ នៅតែមានម្ចាស់ការដ្ឋានសំណង់ខ្លះ ហាក់មិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសោះ។
ហេតុនេះ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ នឹងប្រើកំលាំងគណៈបញ្ជាការឯកភាពខេត្ត
តែម្តង ដើម្បីចាត់ការលែងយោគយល់ទៀតឡើយ។
ជាមួយគ្នានេះអភិបាលខេត្តរូបនេះ
ក៏បានរំលឹកអោយមន្ត្រីមានសមត្ថកិច្ច ត្រូវរួមគ្នាបំពេញការងារនេះ អោយបានពេញដៃពេញជើងដើម្បីធានាប្រសិទ្ធភាពខ្ពស់។
ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស
ដោយសារកំនើននៃការវិនិយោគរបស់អ្នកវិនិយោគមកពីប្រទេសចិន និងអ្នកវិនិយោគអន្តរជាតិដទៃទៀត
ព្រមជាមួយនឹងការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកផងដែរ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក
លោកធួន ស៊ីណានបានមានប្រសាសន៍ថា ធម្មតានៅពេលតំបន់ណាមួយមានការអភិវឌ្ឍលឿន ដូចក្រុងព្រះសីហនុ
តែងតែមានផលប៉ះពាល់ខ្លះៗ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋ ហេតុនេះប្រជាពលរដ្ឋគួរតែយោគយល់ចំពោះបញ្ហានេះ
ប៉ុន្តែជាមួយគ្នានោះអាជ្ញាធរមូលដ្ឋានក៏គួរពង្រឹងការអនុវត្តច្បាប់ផងដែរ។
លោកបន្តថា “ជាមួយនឹងកំនើនទេសចរណ៍
និងអ្នកធុរជនបានធ្វើឲ្យក្រុងព្រះសីហនុបានរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ
ហើយនេះជាអ្វីដែលយើងគួររីករាយទាំងអស់គ្នា ព្រោះប្រសិនជាចិនមិនមកវិនិយោគ
ក្រុងព្រះសីហនុក៏មិនរីកចម្រើន និងផ្តល់ផលចំណូឡដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋនោះទេ”៕