បីចំណុចដែលត្រូវដឹងមុនសម្រេចចិត្តវិនិយោគលើភាគហ៊ុននិងមូលបត្របំណុល

ដោយស៊ីវ ម៉េង

ភ្នំពេញ: ស្របពេលកម្ពុជារៀបចំវេទិកាសញ្ញាប័ណ្ណអាស៊ានបូកបី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ការស្វែងយល់ពីទីផ្សារសញ្ញាប័ណ្ណ ឬមូលបត្របំណុល និងការបោះលក់មូលបត្រមានសារៈសំខាន់ណាស់ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។

តើអ្វីទៅជាបោះលក់មូលបត្រឬការបោះលក់ភាគហ៊ុន និងមូលបត្របំណុលគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ Propertyarea.asiaសូមលើកយកចំណេះដឹងខ្លះៗទាក់ទងនឹងវិស័យនេះ។
ការលក់ភាគហ៊ុន និងការលក់មូលបត្របំណុលជាផលិតផលពីរផ្សេងគ្នា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណកម្មការមូលបត្រកម្ពុជា។


លោកស៊ូ សុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្បន្នគណៈកម្មការមូលបត្រកម្ពុជា បាននិងកំពុងធ្វើការជាមួយទីផ្សារមូលបត្រកម្ពុជា ដោយបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៥ បោះផ្សាយលក់មូលបត្រ ដែលក្រុមហ៊ុនទាំងនោះរួមមាន រដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ កំពង់ផែស្វយ័ត្នក្រុងភ្នំពេញ កំពង់ផែស្វយ័ត្ន ខេត្តព្រះសីហនុ រោងចក្រកាត់ដេរហ្រ្គេនធ្វីន និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

អ្វីជាទីផ្សារមូលបត្រ
ទីផ្សារមូលបត្រ ជាកន្លែងជួបគ្នារវាងអ្នកទិញ និងអ្នកលក់ដែលមានការព្រ
មព្រៀងគ្នា ដើម្បីបោះលក់មូលបត្រ ឬភាគហ៊ុននៃក្រុមហ៊ុនរបស់ខ្លួនដល់សាធារ ណៈជន ដែលសាធារណៈជនអាចទិញភាគហ៊ុនវិនិយោគ ហើយអ្នកទិញបានក្លាយជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននោះ។

អ្នកវិនិយោគលើភាគហ៊ុន ឬមូលបត្រដែលបោះលក់ ដោយក្រុមហ៊ុនណាមួយ អាចទទួលបានប្រាក់ចំណេញឬខាត អាស្រ័យលើក្រុមហ៊ុននោះរកស៊ីខាតឬចំណេញ។ អ្នកវិនិយោគអាចលក់ហ៊ុនរបស់ខ្លួន នៅពេលតម្លៃភាគហ៊ុននោះឡើងថ្លៃ ហើយអាចទទួលបានផលចំណេញ ប៉ុន្តែបើភាគហ៊ុនក្រុមហ៊ុនដែលខ្លួនបានវិនិយោគនោះធ្លាក់ចុះ អ្នកវិនិយោគត្រូវខាតបង់។
ប៉ុន្តែអ្នកវិនិយោគក៏មិនខាតបង់ដែរ ប្រសិនជាអ្នកវិនិយោគទិញភាគហ៊ុននោះ រក្សាទុកភាគហ៊ុនរបស់ខ្លួន រង់ចាំរហូតដល់ភាគហ៊ុននោះឡើងថ្លៃ ចាំលក់អ្នកវិនិយោគនោះមិនរងការខាតបង់នោះទេ ប៉ុន្តែជាការកប់នូវដើមទុនដែលខ្លួនវិនិយោគផងដែរ។

សញ្ញាបណ្ណឬមូលបត្របំណុល
ទីផ្សារសញ្ញាប័ណ្ណ ឬមូលបត្របំណុល មិនទាន់បានចាប់ផ្តើមនៅកម្ពុជានៅ ឡើយទេ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយបោះលក់មូលបត្របំណុល ឬសញ្ញាប័ណ្ណនៅឡើយទេ បើទោះជាគណៈកម្មការមូលបត្រកម្ពុជាបានបញ្ចប់ការរៀបចំបទដ្ឋានគតិយុត្តិ ឬសៀវភៅឯកសារពាក់ព័ន្ឋរួចហើយក៏ដោយ។

អ្វីជាមូលបត្របំណុល?
មូលបត្របំណុលជាការបោះផ្សារលក់មូលបត្ររបស់ក្រុមហ៊ុនមួយ ដើម្បីប្រមូលទុនទៅវិនិយោគឬពង្រីកក្រុមហ៊ុនរបស់ខ្លួន។ សាធារណៈជនអាចចូលរួមទិញមូលបត្របំណុលពីក្រុមហ៊ុនណាមួយនោះ និងទទួលបានអត្រាការប្រាក់ក្នុងចំនួនថេរមួយ ស្របតាមបទបញ្ញត្តិដាក់ចេញរវាងក្រុមហ៊ុន និងគណៈកម្មការមូលបត្រកម្ពុជា និងអ្នកវិនិយោគ ដែលស្ម័គ្រចិត្តទិញមូលបត្របំណុលនៃក្រុមហ៊ុនណាមួយនោះ៕

ផ្សារបណ្តែតទឹកលើកដំបូងរបស់កម្ពុជាជាប់គាំងឬ?

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: រហូតមកទល់ពេលនេះគម្រោងសាងសង់ផ្សារបណ្តែតទឹកជាលើកតំបូងនៅកម្ពុជា ដែលគ្រោងវិនិយោគដោយក្រុមហ៊ុនSKYLAND សហការជាមួយក្រុមហ៊ុនជំនាញមកពីប្រទេសថៃ ហាក់មានភាពស្ងប់ស្ងាត់ តើគំរោងនេះជាប់គាំងឬ?។

លោកឧកញ៉ាស្រី ចាន់ថនអគ្គនាយកក្រុមហ៊ុនSKYLANDធ្លាប់បានថ្លែងឲ្យដឹងកាលពីឆ្នាំមុនថា ផ្សារបណ្តែតទឹកនេះ គ្រោងរៀបចំលើផ្ទៃដី៥០ហិកតា ដោយជំហ៊ានទី១ធ្វើឡើងលើផ្ទៃដី២០ហិកតា ជំហ៊ានទី២លើផ្ទៃដី១០ហិកតានិងរួមទាំងចំណតយានយន្តសរុបផ្ទៃដីទាំងមូល នៃគំរោងនេះស្មើនឹង៥០ហិកតា។ អ្នកជំនាញមកពីប្រទេសថៃនឹងមកជួយរៀបចំប្លង់មេ និងរៀបចំបែបបទនិតិវិធី ដើម្បីរៀបចំផ្សារបណ្តែតទឹកនេះ ដែលនៅទីបញ្ចប់គំរោងនេះអាចគ្របដណ្តប់លើផ្ទៃដីរហូតដល់៣០ហិកតា។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីទំហំនៃការចំណាយ និងក្រុមហ៊ុនដែលបានសហការជាមួយSKYLANDនៅឡើយ។

លោកឧកញ៉ាស្រី ចាន់ថនបានបន្តថា “យើងចង់ធ្វើអ្វីមួយឲ្យមានភាពច្បាស់លាស់តែមួយម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុប អាស៊ីពេលមករាជធានីភ្នំពេញពួកគេទៅទស្សនាផ្សារបណ្តែតទឹក និងផ្សាររាត្រីកុងទីណ័រ ហើយបើទៅសៀមរាប គឺពួកគេទៅទស្សនានៅអង្គវត្ត”។

ផ្សារបណ្តែតទឹកនេះនឹងរៀបចំឲ្យមានទូកលក់ទំនិញ និងផ្ទះដែលរៀបចំនិងរចនាឡើងតាមរចនាបទខ្មែរសុទ្ឋ និងទូកធំៗអាចមានប្រវែងរហូតដល់៤០ម៉ែត្រ។លោកបន្តថា ក្រុមហ៊ុនរៀបចំគំរោងនេះធំ ដោយអាចទទួលមនុស្សទៅកំសាន្តចន្លោះពី១ ទៅ២ម៉ឺននាក់ អាចទៅទស្សនានៅតំបន់នោះនាពេលសាងសង់រួច ដោយសារស្រុកខ្មែរ មិនទាន់មានផ្សារបណ្តែតទឹកបែបនេះនៅឡើយទេ ហើយអ្វីដែលលោករៀបចំគឺធ្វើឡើងដោយច្នៃប្រឌិត និងមានចំណែកខ្លះក្រុមហ៊ុនយកលំនាំមកពីប្រទេសថៃ។

ទោះជាយ៉ាងណាសកម្មភាពសាងសង់បានស្ងប់ស្ងាត់ ហើយការទាក់ទងលោកឧកញ៉ាស្រី ចាន់ថនដើម្បីសុំការពន្យល់មិនអាចទាក់ទងបាននៅឡើយទេ។
អគ្គលេខាធិការសមាគមសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាលោកហូ វណ្ឌីធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ភាពជោគជ័យរបស់គំរោងនេះ អាស្រ័យលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ភាពទាក់ទាញ សន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់នោះ ដែលក្រុមហ៊ុនបាននិងកំពុងរៀបចំបណ្តើរៗហើយ។ បច្ចុប្បន្នក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារៈ បរិក្ខាមានភាពទាក់ទាញជាច្រើន គួបផ្សំនឹងបរិស្ថានមានភាពអំណោយផលនៅទីនោះ ពិតជាទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាន់តែច្រើនទៅទស្សនានៅតំបន់នោះនាពេលអនាគត។

លោកបន្តថា “តំបន់នោះមានភាពទាក់ទាញ ឬមានសក្តានុពលសម្រាប់ទាក់ទាញ ដោយសារតំបន់នោះមានព្រែកជីក និងស្ទឹងធម្មជាតិ ដែលមានភាពអំណោយផលលើបរិស្ថាន”។លោកបន្តថា “ប្រសិនជាស្ពានឆ្លងកាត់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំបានសាងសង់រួចរាល់ នឹងធ្វើឲ្យតំបន់នោះនៅជិតទីក្រុងភ្នំពេញ និងធ្វើឲ្យគំរោងនោះទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើន”។

វិភាគ៖ តើកម្ពុជាត្រូវប្រកៀក​ស្មារ​ជាមួយចិន​ដើម្បី​វិបុលភាព​របស់​ខ្លួន​ឬទេ?

ដោយ លោក លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

ភ្នំពេញ​៖​ ​តើ​មហាអំណាច​សេដ្ឋកិច្ច​ទី២ ភព​លោក​ពិតជា​កំពុង​លេប​កម្ពុជា​?​ ​នេះ​ជា​សំណួរ​ធំ​មួយ​ ​ដែល​ប្រជាជន​កម្ពុជា​និង​អ្នកជំនាញ​មួយចំនួន​កំពុង​លើក​ជា​សំណួរ​រាល់ថ្ងៃ​។​

តាមរយៈ​ការ​បង្ហូរ​ទុន​វិនិយោគ​ ​និង​ឥណទាន​សម្បទាន​រាប់ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​ ​តើ​ពិត​ទេ​ដែល​ប្រទេស​ចិន​កំពុង​លេប​កម្ពុជា​ ​ឬ​ផ្តល់​ភា​ពរ៉ុ​ងរឿង​ដល់​កម្ពុជា​ ​សម្រាប់​ដើម​សតវត្សរ៍​ទី២១នេះ​មែន​ឬ​?​ ​វា​ទាមទារ​នូវ​ការ​បកស្រាយ​តាម​បែប​វិទ្យាសាស្រ្ត​មួយ​។​

ការ​កសាង​គ្រឹះ​នៃ​ប្រទេស​ទាំងពីរ​

ការ​ចាប់ដៃ​ជាមួយ​ចិន​ ​តាមរយៈ​ការ​ដាក់​ចេ​ញនូ​វយុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ២០១២​ ​និង​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ ​សម្តេច​ ​ព្រះ​បរម​រតន​កោដិ​នរោត្តម​ ​សីហនុ​ ​និង​បន្ត​ពូន​ជ្រុំ​ដោយ​ ​សម្តេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​បាន​ ​និង​កំពុង​ធ្វើឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ ​ទាក់ទង​នឹង​ការ​ងាក​ចាប់ដៃ​ជាមួយ​ចិន​ ​ហើយ​ឃ្លាតឆ្ងាយ​ពី​លោកខាងលិច​ ​ដែល​ខ្ញុំ​នឹង​បកស្រាយ​បន្តិចទៀត​នេះ​ ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ភូមិ​សាស្រ្ត​នយោបាយ​។​

ស្រប​ពេល​ខួប​នៃ​ទំនាក់ទំនង​កា​ទូត៦០ឆ្នាំ​ ​សម្រាប់​ទំនាក់ទំនង​កម្ពុជា​ ​ចិន​ ​ដែល​មាន​ភាព​ស្អិតល្មួត​ជាមួយគ្នា​ ​ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​រៀបចំខ្លួន​ជាពិសេស​ ​ដើម្បី​ប្រា​រ​ព្វ​ខួប​នៃ​ទំនាក់ទំនង​ ​ដែល​ប្រៀប​ដូច​ដែកថែប​នេះ​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ​ ​និង​ភាពជា​ដៃគូ​នៃ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​។​

រយៈពេល៦០ឆ្នាំ​កន្លងមក​នេះ​ ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ដើរ​លើ​ផ្លូវ​រលាក់​ផង​ ​និង​ផ្លូវ​ក្រាលកម្រាល​ព្រុំ​ដ៏​ក្រហមឆ្អិន​ឆ្អៅ​ផង​ ​ប៉ុន្តែ​អតីតកាល​ជា​រឿង​អតីតកាល​ ​ហើយ​ចិន​ ​និង​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​រួម​មួយ​នា​ពេល​បច្ចុប្បន្ន​ ​ដើម្បី​សមាហរណកម្ម​​អនាគតកាល​រួមគ្នា​ ​តាមរយៈ​ការ​ពូន​ជ្រុំ​នូវ​ការ​កសាង​ភាព​ទុកចិត្ត​គ្នា​ ​តាមរយៈ​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ ​នៅ​លើ​គ្រប់​របៀបវារៈ​កា​ទូត​អន្តរជាតិ​។​

ប្រធានាធិបតី​ចិន​ ​លោក​ ​ហ្សី​ ​ជី​នពីង​ ​ដែល​បាន​មក​ទស្សនកិច្ច​កម្ពុជា​កាលពី​ខែឧសភា​ ​ឆ្នាំ២០១៧​ ​លោក​បាន​ផ្ញើ​សារ​ដ៏​វែង​មួយ​ ​ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​រ៉ឹង​មាំ​ ​ទាំង​ផ្នែក​វប​ប្ប​ធ៌ម​ ​ប្រវត្តិ​សាស្រ្ត​ ​ទំនាក់ទំនង​កា​ទូត​ ​និង​ការ​គាំទ្រ​របស់​កម្ពុជា​។​សារ​ដ៏​រញ្ជួយ​ចិត្ត​របស់​ប្រធានាធិបតី​ចិន​ ​ហ្សី​ ​ជី​នពីង​ ​បាន​លើកឡើង​ថា​ ​“​កម្ពុជា​ ​ជា​មិត្ត​ដ៏​អាច​ទុកចិត្ត​បាន​របស់​ចិន​ ​ហើយ​ចិន​នឹង​ចូលរួម​ចំណែក​ការពារ​អធិបតេយ្យ​ភាព​ ​បូរណៈ​ភាព​ទឹកដី​ ​និង​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​”​។​

សារ​ប្រកបដោយ​អត្ថន័យ​នេះ​ ​បាន​ធ្វើឲ្យ​កម្ពុជា​កាន់តែ​មាន​ភាព​កក់ក្តៅ​ ​ដោយសារ​ប្រទេស​ដ៏​តូច​មួយ​នេះ​ ​មាន​មហា​អំណាច​​មួយ​នៅ​ពីក្រោយ​។​ ​ជាមួយនឹង​សារ​ប្រកបដោយ​អត្ថន័យ​រាប់ពាន់​នេះ​ ​ប្រមុខ​មេដឹកនាំ​ចិន​ ​បាន​និង​កំពុង​ចាក់​បង្ហូរ​ទុន​វិនិយោគ​ជាង ២០ពាន់​លាន​ដុល្លារ​ ​ចាប់ពី​ទសវត្សរ៍​ទី៩០​ ​ដល់​ឆ្នាំ២០១៧​។​ ​ចំនួន​ទឹកប្រាក់​នេះ​ ​មិនទាន់​រាប់បញ្ចូល​ឥណទាន​សម្បទាន​ ​ដែល​បាន​និង​កំពុង​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​វិនិយោគ​ភាគច្រើន​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ​សម្រាប់​កសាង​ ​និង​ពង្រឹង​មូលដ្ឋាន​នៃ​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅឡើយ​ទេ​។​

មូលដ្ឋានសេដ្ឋកិច្ច

ការ​មកដល់​នៃ​អ្នក​វិនិយោគ​ចិន​ដូច​ទឹកបាក់​ទំនប់​នៅ​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ​ប៉ុន្តែ​វា​ផ្តើម​ចេញពី​មូលដ្ឋាន​ ​ដែល​កម្ពុជា​បាន​រៀបចំខ្លួន​ឯង​រួចជាស្រេច​ ​ដើម្បី​ទទួលយក​អ្នក​វិនិយោគ​ទាំងនោះ​ ​ព្រោះ​​ទោះ​កម្រិត​ទំនាក់ទំនង​នយោបាយ​ល្អ​បែប​ណា​ក្តី​ ​ប៉ុន្តែ​ប្រសិនជា​កម្ពុជា​ខ្លួនឯង​ ​មិន​មាន​ភាព​ទាក់ទាញ​ ​និង​គេ​មិន​អាច​រក​ប្រាក់ចំណេញ​បាន​នៅ​ទីនេះ​ ​ក៏​គេ​មិន​មក​វិនិយោគ​នៅ​កម្ពុជា​ដែរ​។​

ជា​ការ​ឆ្លើយតប​ ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​មូលដ្ឋាន​សំ​ខាន់​ៗ​ ​ដែល​មិន​អាច​ខ្វះ​បាន​ ​រួច​ទៅ​ហើយ​ ​ទី១​ ​កត្តា​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ទី២ កំណើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​ ​ទី៣​ ​ច្បាប់​វិនិយោគ​ដ៏​ល្អ​ ​សម្រាប់​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​នានា​ ​និង​ច្បាប់​ពន្ធ​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​។ ​ទី៤​ ​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​វិនិយោគ ១០០ ភាគរយ​​នៅ​កម្ពុជា​ ​ទី៥​ ​ការផ្ទេរ​សាច់ប្រាក់​ចេញពី​កម្ពុជា​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​។​ ​

ទី៦​ ​ការប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ចាយ​វាយ​​យ៉ាង​​ទំ​លំ​ទូលាយ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ ​ដែល​ផ្តល់​ភាព​កក់ក្តៅ​ ​និង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​ ​និង​ទី៧​ ​ច្បាប់​សហកម្មសិទ្ធិ​ដែល​ផ្តល់​ការអនុញ្ញាត​ឱ្យជនបរទេស​ ​គ្រប់គ្រង​ផ្ទះ​ចាប់ពី​ជាន់ទី១ ឡើង​ទៅ​ ​សុទ្ធតែ​ជា​មូលដ្ឋាន​ដ៏​សំខាន់​មិន​អាចប​ដិ​សេ​ធ​បាន​ ​សម្រាប់​កាលានុវត្តន៍​ភាព​នៃ​កម្ពុជា​ ​ហើយ​កម្ពុជា​បាន​ក្លាយជា​ ​“​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​”​ ​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​អន្តរជាតិ​។​

ចំណុច​ពិសេស​មួយទៀត​ ​គឺ​ការ​ឈានឡើង​របស់​កម្ពុជា​ពី​ប្រទេស​ក្រីក្រ​ ​មក​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ​និង​កំពុង​ឆ្ពោះទៅ​កាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​ក៏​ជា​ដែក​ឆក់​មួយទៀត​ ​ដែល​ទាក់ទាញ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ ​ល្បី​ៗ​ ​ពី​ជុំវិញ​ពិភពលោក​មកកាន់​កម្ពុជា​ ​ដោយសារ​ពួកគេ​មើលឃើញ​កំលាំង​ទិញ​កើនឡើង​ ​ដែល​ពួកគេ​អាច​រក​ប្រាក់ចំណេញ​បាន​ពីទី​នេះ​។​ប្

រមុខ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​នាំ​កម្ពុជា​មកកាន់​កោះ​ ​“​សន្តិភាព​”​ ​ដោយ​ឆ្លងកាត់​ថ្លុកឈាម​ ​និង​ទឹកភ្នែក​ ​និង​គំនរ​ឆ្អឹង​រាប់​រយ​កន្លែងនៅ​ទូទាំង​ប្រទេស​ ​ហេតុនេះ​កម្ពុជា​ត្រូវតែ​រក្សា​ឲ្យបាន​នូវ​សុខ​សន្តិភាព​ ​សម្រាប់​ប្រទេស​ ​ព្រោះ​សន្តិភាព​ជា​មូលដ្ឋាន​នៃ​អ្វី​ៗ​គ្រប់យ៉ាង​សំរាប់​ការ​រីកចម្រើន​ ​និង​វិបុលភាព​កម្ពុជា​។​ សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​កម្មករ​ ​កម្មការិនី​នៅ​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​“​ខ្ញុំ​នឹង​មិនឱ្យយ​អ្នកណា​មក​បំផ្លាញ​សន្តិភាព​​នៅ​កម្ពុជា​នោះ​ទេ​ ​ដរាបណា​ខ្ញុំ​នៅ​ទីនេះ​”​។​ ​សម្តេច​បន្ត​ថា​ ​“​ ​ខ្ញុំ​មិនព្រម​ទេ​”​។​

ការវិនិយោគរបស់ចិននៅកម្ពុជា

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ជាង ២០០០​ ​បាន​​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ ​ដែល​បាន​និង​កំពុង​ត្រៀម​ខ្លួន​ចូល​មក​ប្រទេស​នេះ​ ​ដោយ​កាលពី​ឆ្នាំមុន​ ​មាន​ទឹកប្រាក់​ជាង ៤០០០លាន​ដុល្លារ​ ​ដែល​ប្រទេស​ចិន​បាន​បង្ហូរ​មក​កាន់​កម្ពុជា​ ​តាមរយៈ​ឥណទាន​សម្បទាន ​(​កម្ចី​ការប្រាក់​ទាប​)​ ​និង​ទឹកប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​ចិន​ ​ចំនួន ១៤០០​លាន​ដុល្លារ​អាមេរិក​ ​ដែល​បាន​វិនិយោគ​ស្ទើរគ្រប់​វិស័យ​នៅ​កម្ពុជា​។​

បច្ចុប្បន្ន​ក្រុមហ៊ុន​យក្ស​ជាច្រើន​របស់​ចិន​ ​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ដូចជា ក្រុមហ៊ុន​ The​ ​Prince​ ​Real​ ​Estate​ ​Group​ ក្រុមហ៊ុន​អចលនទ្រព្យ R​&​F​ ​Property​ ​Co​,​ ​Ltd​,​ ​ក្រុមហ៊ុន Greenland​ ​Group​ ​ក្រុមហ៊ុន Union​ ​Development​ ​Group ជាដើម​ ​ដែល​ក្រុមហ៊ុន​ទាំងនេះ​បាន​បោះទុន​វិនិយោគ​​រាប់ពាន់​លាន​ដុល្លារ​។​

ទីក្រុង​ភ្នំពេញ​ ​ដែល​ធ្លាប់​មានឈ្មោះ​ជាទី​ក្រុង​ខ្មោច​ ​និង​មាន​មនុស្ស​តែ ៧០នាក់​ ​បច្ចុប្បន្ន​បាន​ក្លាយជា​ទីក្រុង​មួយ​ ​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ៣លាន​នាក់​ ​និង​កំពុង​ប្រែក្លាយ​ជាទី​ក្រុង​នៃ​មជ្ឈមណ្ឌល​ជា​ពាណិជ្ជកម្ម​ ​និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដោយ​​បច្ចុប្បន្ន​មាន​អាគារ​ពាណិជ្ជកម្ម​ ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​លំនៅ​ដ្ឋាន​ប្រមាណ ៧០អាគារ​ ​ដែល​មាន​កំពស់​ចាប់ពី ៥​ជាន់​​ ​រហូតដល់​ជាង ៦០ជាន់ ​កំពុង​សាងសង់​យ៉ាងសកម្ម​ជា​រៀងរាល់ថ្ងៃ​។​

ក្រៅពី​វិនិយោគ​លើ​វិស័យ​សំណង់​ ​និង​អ​ចន​វត្ថុ​ ​ក្រុមហ៊ុន​ចិន​ក៏​ឈានមុខ​គេ​ ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ ​ថាមពល​​អគ្គិសនី​ ​និង​វិស័យ​នាំមុខ​ជាច្រើន​ទៀត​។​ ភ្ញៀវ​ទេសចរ​ចិន​ជាង ១,១លាន​នាក់​ ​បាន​មក​ទស្សនា​កម្ពុជា​កាលពី​ឆ្នាំមុន​ ​និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១​ ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១៧បាន​ ​និង​កំពុង​ហោះហើរ​ត្រង់​មកកាន់​ទីក្រុង​ភ្នំពេញ​ ​ដែល​នាំមក​នូវ​អ្នក​វិនិយោគ​ ​ទេសចរណ៍​មក​ពីទី​ក្រុង​ជាច្រើន​នៃ​ប្រទេស​ចិន​មក​ទស្សនា​កម្ពុជា​។​

ទំនាក់ទំនងអន្តរជាតិ

ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ ​ផលប្រយោជន៍​ជា​រឿង​ទី១​ ​ព្រោះ​គ្មាន​អ្នកណា​ជួយ​យើង​ ​ដោយ​មិន​គិត​ផលប្រយោជន៍​ខ្លួនឯង​នោះ​ទេ​។​ ​មានផល​ប្រយោជន៍​ទើប​មាន​ទំនាក់ទំនង​ល្អ​ ​នេះ​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​កា​ទូត​ ​និង​ទំនាក់ទំនង​អន្តរជាតិ​។​ ក្នុង​សមរភូមិ​កា​ទូត​ ​និង​ចំណេះដឹង​ ​កម្ពុជា​បាន​ដើរតួ​នាទី​កាន់តែ​សកម្ម​លើឆាកអន្តរជាតិ​ ​ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី​ ​ប៉ុន្តែ​កម្ពុជា​មានសំឡេង​មួយ​នៅ​លើឆាកអន្តរជាតិ​ដូច​ប្រទេស​ធំៗ​ដែរ​ ​ហើយ​ក្នុង​ការបោះឆ្នោត​ ​ឬ​ការ​បញ្ចេញ​សំឡេង​អ្វីមួយ​ ​កម្ពុជា​តែងតែ​នៅ​ខាង​ចិន​ ​ដើម្បី​ក្លាយជា​មិត្ត​ដ៏​ល្អ​ ​និង​អាច​ទុកចិត្ត​បាន​របស់​ចិន​។​

ភូមិសាស្រ្តនយោបាយ

នៅពេល​និយាយ​ពី​ផលប្រយោជន៍​ ​យើង​ត្រូវ​មើល​កត្តា​ភូមិ​សាស្រ្ត​នយោបាយ​ ​ដែល​មិន​អាច​មើល​រំលង​បាន​។​ ​ចិន​ បាន​​និង​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​មកកាន់​តំបន់​អាស៊ី​ ​អាហ្រ្វិក​ ​តាមរយៈ​ការ​ផ្តល់​ជំនួយឥតសំណង​ផង​ ​ជំនួយ​ហិរញ្ញប្បទាន​ផង​ ​និង​ជំរុញ​អ្នក​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​នានា​ ​ដែល​ខ្លួន​អាច​ពង្រីក​ឥទ្ធិពល​បាន​។​ ​និយាយ​ជា​រួម​។​ និយាយដោយឡែក​ជាមួយ​កម្ពុជា​ ​ចិន​បាន​ចាប់ដៃ​កម្ពុជា​ ​និង​ជួយ​អភិវឌ្ឍន៍​​កម្ពុជា​ ​ដោយសារ​ចិន​ចង់​ពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់​ ​ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី​ ​ប៉ុន្តែ​កម្ពុជា​ក៏​មានសំឡេង​មួយ​ ​នៅ​លើឆាកអន្តរជាតិ​ដូច​ប្រទេស​ធំ​ដែរ​។​

​ផ្ទុយទៅវិញ​ ​ចិន​មិន​អាច​ជ្រៀតចូល​ពង្រីក​ឥទ្ធិពល​នៅ​បណ្តា​ប្រទេសជិតខាង​កម្ពុ​ ​ជា​នោះ​ទេ​ ​ដោយសារ​ប្រទេស​ទាំងនោះ​ ​ជា​​មាន​ជម្លោះ​ផលប្រយោជន៍​ជា​ប្រវត្តិ​សាស្រ្ត​ជាមួយ​ចិន​ ​និង​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​វៀតណាម​ ​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​ហើយ​ប្រទេស​ទាំងនោះ​រួម​ទាំង​ថៃ​ ​និង​ភូមា​ផង​ដែរ​ ​បាន​ក្លាយជា​សម្ព័ន្ធ​មិត្ត​អាមេរិក​រួច​ទៅ​ហើយ​។​

ហេតុនេះ​ ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​កម្ពុជា​ ​អាច​ធ្វើជា​មិត្ត​ស្លាប់រស់​របស់​ចិន​ ​ដែល​ចិន​អាច​ទុកចិត្ត​បាន​ ​ទើប​ចិន​បាន​ផ្តល់​ជំនួយ​ ​និង​ជំរុញ​អ្នក​វិនិយោគ​រាប់ពាន់​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា​។ ​ជា​ប្រតិ​កម្ម​ថ្មី​ៗ​ ​មិនធ្លាប់​មាន​ ​លោក​ ​ស្យង់​ ​បូ​ ​ឯកអគ្គ​រដ្ឋ​ទូត​​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​គិត​រហូត​មកទល់​ពេលនេះ​ ​មាន​ក្រុមហ៊ុន​ចិន​ជាង ២០០០​ ​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គិត​ត្រឹមតែ​ឆ្ នាំ២០១៧​ ​ទឹកប្រាក់​វិនិយោគ​របស់​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ១​ ​ដែល​មាន ១៤០០​លាន​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​បើ​គិត​បញ្ចូល​ទាំង​ហិរញ្ញប្បទាន​វិញ​ ​ចិន​បាន​ផ្តល់​ជាង ៤០០០លាន​ដុល្លារ​ ​នៅ​កម្ពុជា​សម្រាប់​តែ​ឆ្នាំ២០១៧​។​

ជាមួយគ្នា​នេះ​ ​ចិន​ក៏បាន​ផ្តល់​សារ​ដ៏​ច្បាស់លាស់​មួយ​ថា ​“​ ចិន​វិនិយោគ​នៅ​កម្ពុជា​ ​មិនមែន​ជា​ការ​លាងលុយកខ្វក់​ទេ​ ​ហើយ​ការ​លើកឡើង​របស់​លោកខាងលិច​កន្លងមក​ ​គឺជា​ការ​ច្រណែន​ពី​ភាពជា​ដៃគូ​ ​និង​ការ​រីកចម្រើន​របស់​ប្រទេស​ទាំងពីរ​”​។​

សរុប​មកវិញ​ការ​ចាប់ដៃ​ជាមួយ​ចិន​ ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ ​និង​ប្រយោល​នោះ​ទេ​ ​ប៉ុន្តែ​ចិន​បាន​ក្លាយជា​មិត្ត​ដ៏​ល្អ​មួយ​របស់​កម្ពុជា​ ​ដែល​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ផង​ ​ជួយការ​ពារ​ឯករាជ្យ​ ​អធិបតេយ្យ​ភាព​ដល់​កម្ពុជា​ផង​ ​និង​នាំ​កម្ពុជា​ឆ្ពោះទៅ​រក​វិបុលភាព​នា​ពេល​អនាគត​ ​ប៉ុន្តែ​ការ​ចាប់ដៃ​ជាមួយ​ចិន​ ​ហើយ​បោះបង់​លោកខាងលិច​ ​អាច​ជា​រឿង​គ្រោះថ្នាក់​មួយ​។​

ជាមួយនឹង​ទំនាក់ទំនង​កា​ទូត​ដ៏​ឈ្លាសវៃ​មួយ​ ​និង​ជា​បុរស​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ ​“​ជា​បុរស​ខ្លាំង​របស់​កម្ពុជា​”​ ​សម្តេច​ ​តេជោ​ ​មាន​សុបិន​ដ៏​ធំ​មួយ​គឺ​ប្រែក្លាយ​កម្ពុជា​ ​“​ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់​”​ ​ដូច្នេះ​ការបោះបង់​លោកខាងលិច​ ​មិនមែន​ជា​ជម្រើស​របស់​សម្តេច​ ​តេជោ​ ​ទេ​ ​ទោះជា​កម្ពុជា​បាន​ចាប់ដៃ​ជាមួយ​ចិន​មិន​អាច​ព្រលែ​ង​បាន​ក៏ដោយ​ ​ក៏​កម្ពុជា​មិនព្រម​លែងដៃ​លោកខាងលិច​ ​ដែល​ផ្តល់​នូវ​ទីផ្សារ​សម្រាប់​នាំចេញ​ទំនិញ​ដ៏​សម្បូរ​បែប​ពី​កម្ពុជា​នោះ​ទេ​។ ​“​ចិន​ ​ជា​អ្នក​ផ្តល់​ស្រូវ​ ​និង​សាប​ព្រួស​ដល់​កម្ពុជា​ ​ហើយ​លោកខាងលិច​ ​ជា​អ្នក​ប្រមូល​ផល​ឲ្យ​កម្ពុជា​ ​ដើម្បី​យក​អង្ករ​មក​ចំអិន​ទទួលទាន​ខ្លួនឯង​”​៕​

សមាគមអ្នកជំនាញអចលនទ្រព្យបានទទួលការគាំទ្រពីស្ថាប័នជាច្រើននៅសឹង្ហបុរី

ដោយគង់ សូរិយា

ភ្នំពេញ: សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានទទួលការគាំទ្រពីស្ថាប័នធ្វើការទាក់ទងនឹង វិស័យអចលនទ្រព្យជាច្រើននៅប្រទេសសឹង្ហបុរី ដោយពួកគេជំរុញឲ្យសមាគមនេះធ្វើការឲ្យបានសកម្ម ដើម្បីជំរុញការលើកកំពស់វិស័យនេះនៅកម្ពុជា និងក្នុងតំបន់។

លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងថ្នាក់ដឹកនាំសមាគមនេះ បានទស្សនកិច្ចនៅប្រទេសសឹង្ហបុរីកាលពីចុងសប្តាហ៍មុនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ តុលានេះថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីកម្មវិធីសិក្សាទាក់ទង នឹងវិស័យអចលនទ្រព្យនៅប្រទេសរីកចម្រើនមួយនេះ ដើម្បីយើងអាចដកស្រង់កម្មវិធីសិក្សា និងបទពិសោធន៍ទាក់ទងនឹងការបណ្តុះបណ្តាល យកមកបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌសមាគមនៅកម្ពុជា។


លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានជួបជាមួយ ថ្នាក់ដឹកនាំសមាគមSingapore Real Estate Agents Association, Real Center Network, និងPropEase Singapore ដើម្បីបង្ហាញពីការរីកចម្រើននិងដំនើរវិវត្តន៍នៃវិស័យអចលនទ្រព្យកម្ពុជា។ ជាលទ្ឋផលថ្នាក់ដឹកនាំស្ថាប័នខាងលើនេះបានគាំទ្រការបង្កើតសមាគមថ្មីនេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត។

ទាក់ទងកម្មវិធីបណ្តុះបណ្តាលវិញ លោកឃាង ពុទ្ឋីបានបន្តឲ្យដឹងថា សមាគមនឹងចាប់ផ្តើមបណ្តុះបណ្តាលជំនាញអចលនទ្រព្យ ចាប់ពីថ្ងៃទី២០ តុលានេះ នៅការិយាល័យរបស់សមាគម ដែលមានទីតាំងស្ថិតក្នុងគំរោងOne Park ស្ថិតក្នុងមជ្ឈមណ្ឌលភ្នំពេញឬ Phnom Penh City Center(ប្លុកបឹងកក់)។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឆ្លើយតបនឹងកង្វះធនធានមនុស្សនៅក្នុងវិស័យនេះ ដែលជាវិស័យមានការរីកចម្រើនយ៉ាងលឿននៅកម្ពុជា។
លោកបន្តថា “ក្រោយចប់ការបណ្តុះបណ្តាល សមាគមនឹងធានាផ្តល់ការងារដល់សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល ដែលនឹងបង្រៀនដោយអ្នកជំនាញជាតិ និងអន្តរជាតិនៅក្នុងវិស័យនេះ”៕

អ្នកជំនាញ​ព្រមាន៖ ការ​ពុះ​ដី​ឡូ​តិ៍ មាន​ភាពល្អប្រសើរ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​នឹង​ក្លាយជា​របាំង​នៃ​ការអភិវឌ្ឍន៍​នាពេល​អនាគត

ដោយ រ៉ាវី

ភ្នំពេញ៖ នៅពេល​បច្ចុប្បន្ននេះ សម្រាប់​ការ​ពុះ​ដី​ឡូ​តិ៍លក់ ត្រូវបាន​ក្លាយជា​ផ្នែក​ដ៏​ពេញនិយម​បំផុត​សម្រាប់​អ្នកវិនិយោគ ដែលមាន​ឱកាស​ទទួល​បាន​ប្រយោជន៍ និង​ផលចំណេញ​ខ្ពស់​គួរឱ្យកត់សម្គាល់។

ប៉ុន្តែ​ជាមួយនឹង​ភាព​ពុះកញ្ជ្រោល​នៃ​វិស័យ​ដីធ្លី​មួយ​នេះ វា​នឹង​អាច​ជះ​ជា​ឥទ្ធិពល​អវិជ្ជមាន​ទៅដល់​ប្រជាពលរដ្ឋ ដែលជា​អ្នកទិញ ហើយ​អាច​បង្ក​ជា​របាំង​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​ការ​ពុះ​ដី​ឡូ​តិ៍​របស់​អ្នកវិនិយោគ មិន​ត្រូវបាន​ធ្វើឡើង​ស្របតាម​បទដ្ឋាន និង​ច្បាប់​ភូមិបាល​ដែល​ដាក់ចេញ​ដោយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisals បានលើកឡើង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា ជាទូទៅ​នៅពេលដែល​គេ​បង្កើតជា​តំបន់​លំនៅដ្ឋាន ឬ​ជា​សហគមន៍ ដំបូង​ឡើយ​អ្នក​អភិវឌ្ឍ​ត្រូវ​គិតពី​ចំនួន​លំនៅដ្ឋាន​សរុប ជាមួយនឹង​ទំហំ​ដី​ដែល​ត្រូវ​អភិវឌ្ឍ ហើយ​ក្រៅពី​មានការ​កសាង​ជា​ផ្លូវ​ទំហំ​ធំ មាន​បណ្តាញ​លូ​ត្រឹមត្រូវ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី គឺ​ត្រូវមាន​ទុក​ចំណីផ្លូវ ទី​លំហរ ឬ​សួន​បៃតង​សាធារណៈ​ដែល​អាច​ផ្តល់​ផាសុកភាព​ដល់​អ្នករស់នៅ​ក្នុង​តំបន់ ជាពិសេស​ការរៀបចំ​ហេ​ដ្ឋា​រចនា​ជា​ប្រព័ន្ធ​ដែលមាន​ការទទួលស្គាល់​ពី​ច្បាប់ និង​ក្រសួង​ពាក់ព័ន្ធ។

លោក​បន្តថា “ការអភិវឌ្ឍ ដោយ​ចាប់​ផ្តើមចេញពី​ការ​ពុះ​ដី​ឡូ​តិ៍​ឡើង​ទៅនោះ វា​អាច​នឹង​ក្លាយជា​បញ្ហា​នៅ​ថ្ងៃ​អនាគត ព្រោះ​អ្នកខ្លះ​ដើម្បី​តែ​ចង់ល​ក់ដី​ឡូ​តិ៍​ឱ្យបាន​ដាច់​ច្រើន​បាន​ប្រើប្រាស់​មធ្យោបាយផ្សេងៗជាច្រើន ដូចជា​ចាក់​ផ្លូវ​បេតុង​ត្រឹម​ទំហំ6ម៉ែត្រ បង្កប់​បណ្តាញ​លូ​ត្រឹម​ទំហំ​មុខកាត់​កន្លះ​ម៉ែត្រ និង​គ្មាន​កន្លែង​បញ្ចេញ​ចោល ឬ​ត្រឹម​ជាការ​បោះបង្គោល​បណ្តាញ​អគ្គិសនី​ជាដើម។

អ្នកវិនិយោគ​ខ្លះទៀត បាន​ប្រើ​មធ្យោបាយ​ផ្សព្វផ្សាយ​បំប៉ោង ទៅលើ​គម្រោង​អភិ​វ ឌ្ឍ​ន៍​របស់ខ្លួន ទាំង​ដែល​មិនមាន​ប្លងគោល​ចេញពី​ថ្នាក់ជាតិ (បញ្ចោ​ត​អតិថិជន) ដើម្បី​ធ្វើយ៉ាងណា​ឱ្យតែ​លក់បាន​ឆាប់​ដាច់ ។ ចំណុច​ទាំងអស់នេះ វា​អាច​នឹង​ជា​បញ្ហា​ធំ​សម្រាប់​ប្រជាពលរដ្ឋ ដែលជា​អ្នកទិញ​ក្នុង​គោលបំណង សាងសង់​លំនៅដ្ឋាន​នៅ​ថ្ងៃ​អនាគត​យ៉ាង​ប្រាកដ។ ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​សោភ័ណភាព រឹតតែ​មិនមាន​ថែមទៀត ដោយហេតុថា ការសាងសង់​លំនៅដ្ឋាន​អាចធ្វើ​ឡើ​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ ដែល​ធ្វើតាម​ការចង់បាន និង​ចំណូលចិត្ត​របស់​អ្នកស្នាក់នៅ ដែល​មើលទៅ​គ្មាន​សណ្តាប់ធ្នាប់​នោះឡើយ។

លោក​ឧកញ៉ា​បាន​បន្តា “ចំណុច​អវិជ្ជមាន​ទាំងអស់នេះ វា​នឹង​ក្លាយទៅជា​របាំង​រាំងស្ទះ​ដល់​គម្រោង​អភិវឌ្ឍ​ថ្នាក់ជាតិ​ជាក់​ជាមិនខាន។

យ៉ាងណាក៏ដោយ លោក​ឧកញ៉ា នួន រឹទ្ធី ក៏បាន​ក្រើនរំលឹក​ចំពោះ​អ្នក​ដែលមាន​បំណង​ចង់​ទិញ​ដី​ពុះ​ឡូ​តិ៍ ត្រួវ​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ស្វែងរក​ព័ត៌មាន​ឱ្យបាន​ច្បាស់​ពី​គម្រោង​មុន​ឈានដល់​ការសម្រេចចិត្ត​ទិញ ចៀសវាង​មានការ​ស្តាយក្រោយ និង​រងគ្រោះ​ចាញ់បោក​គេ។

កាលពីពេល​កន្លងទៅនេះ ពាក់ព័ន្ធ​ទៅនឹង​ការទិញ​ដី​ពុះ​ឡូ​តិ៍ ក៏​ធ្លាប់មាន​ករណី​ប្តឹងផ្តល់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ចាញ់បោក​ឈ្មួញ​ខិលខូច ដែល​យក​ដី​អ្នកដទៃ​មក​ផ្សព្វផ្សាយ​ពុះ​ដី​ឡូ​តិ៍លក់ ហើយ​ប្រមូល​យកលុយ​រត់​បាត់ស្រមោល​តែម្ដង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គីម ហ៊ាង បាន​អះអាង​ស្រដៀង​គ្នា​កាលពីពេលថ្មីៗនេះ​ថា ចរន្ត​ពុះ​ដីឡូត៍​លក់​ដែល​កក្រើក​នាពេល​បច្ចុប្បន្ន​នេះ​នឹង​រារាំង​សកម្មភាព​អភិវឌ្ឍន៍ ខណៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ចេញ​សេចក្តីប្រកាស​ពី​ការអភិវឌ្ឍ​ដី គឺ​ជួយ​បាន​មួយចំណែក​តែ​មិនទាន់​គ្រប់គ្រាន់​នោះទេ វា​ប្រៀប​បីដូច​ជា​គោ​ដាច់​ហើយ ទើប​យក​គោ​មក​ចង​ក្នុង​របង​វិញ។

លោក​បន្តថា “ការ​ពុះ​ដីឡូត៍​នៅ​ជាយ​រាជធានី​ភ្នំពេញ នឹង​រារាំង​ការអភិវឌ្ឍ ព្រោះ​ដី​មួយ​ហិកតា​មាន​ម្ចាស់១០០នាក់ ឬ​ច្រើនជាង​នេះ ដែល​នាំ​ឲ្យ​អ្នកវិនិយោគ​មានការ​លំបាក​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​រប​ស់​ពួកគេ។

លោក ឃាង ពុ​ទ្ឋី ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ផងដែរ​ថា ដីឡូត៍​មួយផ្នែក​ជាការ​ជួយ ឲ្យ​អ្នកមាន​ជីវភាព​ក្រោម​មធ្យម​អាច​សន្សំ​លុយ​ទិញ​បាន និង​សន្សំ​លុយ​សាង​សង់ផ្ទះ​បាន​នាពេល​អនាគត ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ដីឡូត៍ គួរ​គិតពី​ការពង្រីក​គំរោង​ឲ្យ​ធំ ឬ​លក់​ដីឡូត៍​ក្នុង​ទំហំ​ធំ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប និង​គួរ​គិតគូរ​ពី​បរិស្ថាន ដោយ​ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​នោះ​មាន​ដាំ​ដើមឈើ មាន​ប្រ​ព័​ន្ឋ​ទឹក ភ្លើង​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា លំនៅដ្ឋាន​ដែល​សាងសង់​នាពេល​អនាគត​មិន​រកេតរកូត តែមាន​ភាពស្រស់ស្អាត និង​ផាសុខភាព​សម្រាប់​អ្នករស់នៅ៕

តោះ ! ទៅស្វែងយល់ពីរមណីយដ្ឋានសង់ពីដើមឬស្សីលើភ្នំហាន់ជ័យ ទឹកដីខេត្តកំពង់ចាម មានអ្វីទាក់ទាញ?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កាច្នៃប្រឌិតប្រកបដោយភាពស្រមើស្រម៉ៃមួយ បានលេចចេញជារូបរាង​ដែល​បង្កើតបានជារមណីយដ្ឋានកែច្នៃពីដើមឬស្សីស្ទើរទាំងស្រុង នៅលើភ្នំហាន់ជ័យ​ខេត្តកំពង់ចាម ដែលបោះទុនវិនិយោគទឹកប្រាក់ជាង៥០ម៉ឺនដុល្លារអាមេរិក ចាប់ផ្តើម​បើកអោយដំណើរការទទួលភ្ញៀវទេសចរ ពីថ្ងៃទី១៥ តុលានេះតទៅ។

លោក ឆន គឹមពិចេដ្ឋ អ្នកគ្រប់គ្រងទូទៅ នៃរមណីយដ្ឋាន ដែលមានសញ្ញាផ្កាឈូក​បានប្រាប់សារព៌តមានក្នុងស្រុកមួយឲ្យដឹងថា រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ ដែល​មាន​ឈ្មោះជាភាសាអង់គ្លេស HANCHEY BAMBOO-RESORT បានបើកសម្ពោធជា​ផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងបើកអោយភ្ញៀវចូលទស្សនា​និង​ស្នាក់នៅចាប់ពីថ្ងៃទី១៥ ខែតុលាតទៅ។

លោកបន្តថា រមណីយដ្ឋាននេះមានផ្តល់ សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាល។ លោកបានបន្តថា រមណីដ្ឋាននេះបានបង្រៀនប្រជាពលរដ្ឋ ក្នុងសហគមន៍ជុំវិញ​តំបន់​ភ្នំហាន់ជ័យ អោយក្លាយជាបុគ្គលិកបម្រើការ ក្នុងរមណីយដ្ឋាននេះតែម្តង ដើម្បីកាត់​បន្ថយភាពគ្មានការងារធ្វើ និងជួយបង្កើនប្រាប់ចំណូល ដល់ប្រជាពលរដ្ឋដែល​រស់​នៅ​ជុំវិញតំបន់នេះ។

លោកស្រី ឌីរ៉ូ អាយុ២៨ ឆ្នាំ ដែលបាននាំបងប្អូន និងមិត្តភក្តីចំនួនពីររថយន្ត ចូលទស្សនា​រមណីយដ្ឋាន HANCHEY BAMBOO-RESORT បានអោយដឹងថា រមណីយ   ដ្ឋាននេះពិតជាមានលក្ខណៈស្រស់ស្អាត មានខ្យល់ឱកាសល្អបរិសុទ្ធ ហើយធ្វើអោយមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់នូវទុក្ខកង្វល់ ពេលដែលបាន​ទៅដល់តំបន់នេះ។

ចំណែកលោកថន វណ្តុង នាយកប្រតិបត្តិរបស់អង្គការសកម្មភាពព្រះពុទ្ធសា​ស​នា ដើម្បីអភិវឌ្ឍន៍សង្គមបានអោយដឹងដែរថា រមណីយដ្ឋានឬស្សី មានខ្យល់អាកាស​បរិសុទ្ធ ភ្ញៀវអាចគយគន់ទេសភាព របស់ដងទន្លេមេគង្គ ពិសេសមានការ​សាងសង់​អគារ​ពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលបានរចនាចេញពីផ្កាឈូក។

HANCHEY BAMBOO-RESORT សាងសង់លើដីទំហំ៥ហិកតា ស្ថិតនៅជាប់រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត ភ្នំហាន់ជ័យ ក្នុងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ២៤គីឡូម៉ែត្រពីក្រុងកំពង់ចាម។ រមណីយដ្ឋាននេះ សង់ពីដើមឬស្សី ដែលមានអាគារសរុបចំនួន១៥ គឺសង់ពីដើម​ឬស្សីស្រុក ឬស្សីស្រុកចិន និងឬស្សីពីងពង់ ក្នុងនោះមានជាអគារបឹងគីឡូ អគារ​ទទួលភ្ញៀវ ភោជនីយដ្ឋាន អគារសមាធិ អគារអន្តេវាសិក អគារបុគ្គលិក អគារធ្វើ​សរសៃ និងអាងហែលទឹកជាដើម។

រមណីយដ្ឋាន HANCHEY BAMBOO-RESORT បានបើកឲ្យដំណើរការសាកល្បង​រយ:ពេលជិតមួយខែហើយ គឺមានភ្ញៀវមកចូលទស្សនា នៅតំបន់រម្មណីយដ្ឋាន​នេះជាហូហែរ ចាប់ពី១០០នាក់ ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ៕

និម្មិត​សញ្ញា Century21 ប្រចាំ​កម្ពុជា​ផ្តោតលើ​ការកសាង​ទំនុកចិត្ត​រវាងម្ចាស់ទ្រព្យ និង​អ្នកទិញ

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​ការិយាល័យ​សរុប​របស់​ក្រុមហ៊ុន Century21 Cambodia បាន​កើន​ដល់១៨ រាជធានី ខេត្ត ការកសាង​ទំនុកចិត្ត និង​គុណភាព​សេវាកម្ម​រវាង​ម្ចាស់ទ្រព្យ និង​អតិថិជន​បាននិងកំពុង​បន្ត ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១២ តុលា​នេះ​ថា យើង​បាន​ចូលរួម​កសាង​ទំនុកចិត្ត និង​កសាង​និម្មិត​សញ្ញា Century21 Cambodia យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា ស្របពេល​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មាន​ភាព​រីកចម្រើន បានធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ប្រៀបដូចជា​ការធ្វើ​សង្គ្រាម​មួយ ប៉ុន្តែ​មិនមែនជា​សង្គ្រាម​ប្រើប្រាស់​អាវុធ​ទេ តែ​ជា​សង្គ្រាម​ដោយ​ប្រើ​បេះដូង និង​ទឹកចិត្ត​ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន ដូច្នេះ​ក្រុមហ៊ុន​ទាំង១៨ ដែល​ប្រើប្រាស់​និម្មិត​សញ្ញា Century21 Cambodia បាន​កសាង​ទំនុកចិត្ត និង​ពង្រីក​ទីផ្សារ​យ៉ាង​ទូលំទូលាយ​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា។

អ្នកនាង​បន្តថា “ដោយសារ​ជំនាញ និង​បទពិសោធន៍​នៃ​ការគ្រប់គ្រង​របស់​ម្ចាស់​ក្រុមហ៊ុន នៃ​ការិយាល័យ​ក្រុមហ៊ុន​ទាំង១៨ បានធ្វើ​ឲ្យ​ទំនុកចិត្ត​ក្នុង​ទីផ្សារ​កាន់តែ​មានការ​កើនឡើង។អ្នកនាង​បន្តថា “ពួកគេ​សុ​ទ្ឋ​តែមាន​គោលដៅ​វែងឆ្ងាយ និង​យូរអង្វែង​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ ពិសេស​ពួកគេ​កសាងបាន​នូវ​ទំនុក​ចិត្តបាន​ជាមួយ​អតិថិជន ដែល​នេះ​ជា​ភាពខ្លាំង​របស់​ពួកគេ។

បើ​ក្រលេកមើល​ការអភិវឌ្ឍន៍​នៅ​កម្ពុជា មិន​ថា​សេវាកម្ម​ឬ​សេវាកម្ម​ម្ហូបអាហារ​នោះទេ អ្វី​សំខាន់​គឺ​គេ​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​និម្មិត​សញ្ញា ដែលជា​មូលដ្ឋាន​នៃ​ការកសាង​ទំនុកចិត្ត។ ហេតុនេះហើយ​ទើប Century21 Cambodia បាន​កសាង​ទំនុកចិត្ត​កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

អ្នកនាង Grace Rachny Fong បាន​បន្តថា ជាមួយនឹង​សេវាកម្ម​ដែល​ផ្តល់​ឲ្យ​អតិថិជន ជាមួយ​ភាព​ឳ​ន​លំទោន រួសរាយ​រាក់ទាក់ គោរព​ស្រលាញ់ ស្មោះត្រង់ និង​យល់​ពី​តម្រូវការ ព្រមទាំង​អាចឆ្លើយតប​នឹង​តម្រូវការ​អតិថិជន​ជា​កញ្ចប់ ដែល​ម្ចាស់ទ្រព្យ​និង​អតិថិជន​មិនចាំបាច់​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ។ អ្នកនាង​បន្តថា សេវាកម្ម​សំខាន់​របស់​យើង​ផ្តោតលើ​ការទិញ លក់ ជួល​គ្រប់ ពិសេស​យើង​មាន​ក្រុមការងារ​ជំនាញ​ផ្នែក​ដីធ្លី បុរី សេវា​អា​ផាត​ម៉ិ​ន ការគ្រប់គ្រង​អាគារ ការប្រឹក្សា​យោបល់ ការវិនិយោគ​នៅក្រៅ​ប្រទេស​ដើម្បី​ទទួលបាន​សញ្ជាតិ​ជាដើម។

អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ អាចទាក់ទង​នឹង​ការងារ​ខាងលើនេះ​អាចទាក់ទង​បាន​តាមរយៈ​គេហទំព័រ www.century21.com.kh។

អ្នកនាង​បន្តថា “ក្នុង​ការឈាន​ជើង​ចូល​ទីផ្សារ​នេះ​រយៈពេល៤ឆ្នាំ យើង​បានធ្វើ​ការងារ​យ៉ាងច្រើន ក្នុង​ការជំរុញ​ទំនុកចិត្ត ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកបដោយ​ចីរភាព”៕

ការសិក្សា​សាងសង់​រថភ្លើង​អាកាស​នៅ​ក្រុងភ្នំពេញ មិនទាន់​បញ្ចប់

ដោយ គង់ សូរិយា

ភ្នំពេញ៖  ជាថ្មី​ម្តងទៀត​ក្រុមមន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​អះអាងថា រហូតមកទល់​ពេលនេះ ការសិក្សា​ដើម្បី​សម្រេច​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកា ស​ដោយ​អ្នកជំនាញ​ជប៉ុន​មិនទាន់​បញ្ចប់​នៅឡើយ​ទេ។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន លោក ឈឹម ផល្លា បាន​មាន​ប្រសា​ន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៣ តុលា​កន្លងមក​ថា ក្រុម​អ្នក​ជំនា ញ​ជប៉ុន​កំពុង​សិក្សា ពី​គម្រោង​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ហេតុនេះ​យើង​មិនដឹងថា តើ​ការសាងសង់​នឹង​ចាប់  ផ្តើម​នៅពេលណា និង​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​រយ​លាន​ដុល្លារ​នៅឡើយ​ទេ។

លោក​បន្តថា “គំរោង​នេះ​ជា​គំរោង​ត្រូវ​វិនិយោគ​លុយ​ច្រើន ហេតុនេះ​យើង​មិនទាន់​ដឹងថា​រដ្ឋាភិបាល​នឹង​វិនិយោគ ឬ​ប្រគល់ជូន​ក្រុមហ៊ុន​ឯកជន​វិនិយោគ តាម​លក្ខណៈ​បង់ប្រាក់ (BOT) នៅឡើយ​ទេ។

លោក​បណ្ឌិត ​វ៉ាន់ វ៉ាត ​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែងថា ការសាងសង់​រថភ្លើង​លើ​អាកាស ជា​ជម្រើស​ល្អ​មួយនា​ពេលអនាគត ព្រោះ​វា​ជួយ​សម្រួលការ​ដឹកជញ្ជូន និង​ការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​រថភ្លើង​លើ​អាកាស​នឹង​ជា​ជម្រើស​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ខណៈ​ការដឹកជញ្ជូន​តាម​រថ​យន្ត​ក្រុង​សាធារណៈ​របស់​សាលាក្រុង​ភ្នំពេញ ចាប់ផ្តើម​មាន​ប្រជាប្រិយភាពបណ្តើរៗហើយ។

លោក​បន្តថា “រថភ្លើង​អាកាស ក៏​នឹងចូលរួម​ចំណែក​លើក​កំពស់​សោភ័ណភាព និង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ផងដែរ ប៉ុន្តែ​ការសិក្សា​លើ​បណ្តាញ​នេះ​ទាមទារ​ឲ្យ​មាន​ភាពច្បាស់លាស់ ដើម្បី​ទទួលបាន​សោភ័ណភាព​ផង និង​មិន​ប៉ះពាល់​បរិស្ថាន​ផង”៕

NBC នឹង​ធានា​នូវ​មូលដ្ឋាន​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់​អាណត្តិ​ថ្មី

ដោយ គង់ សូរិយា

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​បន្ត​គោលនយោបាយ​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​រឹងមាំ និង​ជម្រុញ​ការគ្រប់គ្រង​ត្រួតពិនិត្យ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ជាពិសេស​ការ​ជម្រុញ​ព​ង្រឹ​ក​វិស័យ​ធនាគារ​បន្ថែម ក្នុង​គោលដៅ​គៀងគរ​រក​ធនធាន​ហិរញ្ញវត្ថុ​នៅក្នុង​ស្រុក ។

យោងតាម​ឯកសារ​គោលនយោបាយ និង​វិធានការ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំ​ណា ក់​កាល​ទី៤នេះ​ដែល​បាន​ឲ្យ​ដឹងថា ធនាគារជាតិ​នៃ​កម្ពុជា  បានបង្ហាញ​នូវ​គោ​លន​យោ​បា យ​លើ​ការបន្ត​ពង្រីក​តួនាទី​វិស័យ​ធនាគារ ការសិក្សា និង​ការរៀបចំ​គោលនយោបាយ ដើ ម្បី​ពង្រីក​វិសាលភាព​សេវា​ហិរញ្ញវត្ថុ និង​ការពង្រីក​គោលការណ៍​គាំពារ​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន និង​ការ​ជម្រុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បន្ថែម ជាពិសេស​ជម្រុញ​លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ នៅក្នុង​ប្រតិបត្តិការ​ធនាគារ​ឲ្យ​កាន់តែ​ទំនើប មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ។

ចំណែក​ការប្រើប្រាស់​ប្រាក់រៀល​វិញ ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​លើកកម្ពស់​ឲ្យ​កាន់តែ​ទូលាយ តាមរយៈ​ការបង្កើន​គោលនយោបាយ​ថ្នាក់ជាតិ ដែល​បង្កើន​ការចូលរួម​ពី​គ្រប់ភាគី នឹង​ការលើកកម្ពស់​ការយល់​ដឹង​របស់​ប្រជាជន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ សំដៅ​បង្កើន​ប្រសិទ្ធភាព និង​ការចូលរួមចំណែក​រប​ស់​វិស័យ​ហិរញ្ញវត្ថុ ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​យើង។

អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោក​ជា ចាន់តូ​ធ្លាប់បាន​មានប្រសាសន៍ ក្នុង​វេទិការ​ស្តីពី អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ និង​ធានារ៉ាប់រង​កាលពីពេលថ្មីៗនេះ​ថា  ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​មាន​ទំហំ​ប្រមាណ១៦០ភាគរយ នៃ​ផលទុនជាតិ​សរុប​ក្នុងនោះ​ឥណទាន​ក្នុង​វិស័យ​ឯកជន​មាន​កម្រិត១០០នៃ​ផ.ស.ស និង​មាន​ប្រាក់​បញ្ញើ​កម្រិត ៩៣ភាគរយ​នៃ​ផ.ស.ស ផងដែរ។ លោក​បន្តថា ដោយឡែក​ទុនបម្រុង​អន្តរជាតិ​វិញ បាន​បន្ត​ពូន​ជ្រំ​ជា​លំដាប់ ដែល​បច្ចុប្បន្ន​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​បាន​ប្រមាណ​រយៈពេល៦ខែ ស្មើរ​នឹង២ដង​នៃ​កម្រិត ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ដែលមាន​ត្រឹមតែ៣ខែ​ប៉ុណ្ណោះ ៕

ផ្លូវជាតិ​លេខ២បញ្ចប់​ការសិក្សា និង​គ្រោង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​អះអាងថា ការសិក្សា​ដើម្បី​ពង្រីក និង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ២បានបញ្ចប់​ហើយ និង​គ្រោង​បើក​ការ ដ្ឋា​ន​សាងសង់​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១២ តុលា​នេះ​ថា ការសិក្សា​ពី​គំរោង​សាងសង់​ផ្លូវ​នេះ​បានបញ្ចប់​ហើយ។ បច្ចុប្បន្ន​ការដោះស្រាយ​ផលប៉ះពាល់​ពី​ការពង្រីក និង​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ បាននិងកំពុង​ចាប់ផ្តើម​ហើយ។លោក​បន្តថា គំរោង​នេះ​ជា​កម្ចី​មានការ​ប្រាក់​ទាប​របស់​រដ្ឋាភិបាល​កូរ៉េ ហេតុនេះ​ការសាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។

ទោះជា​យ៉ាងណា​លោក​សូ​រិ​យ៉ា មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់ ដែល​ត្រូវ​ចំណាយ​លើ​ការសាងសង់​ផ្លូវ​នេះ​ទេ។

លោក​ឈឹម ផល្លា​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​ឈានទៅ​ធ្វើការ​ដេញថ្លៃ​សាងសង់​ផ្លូវ​នេះ ដែល​តំបន់​ខ្លះ​ត្រូវ​ពង្រីក​ពីរ​គន្លង​ទៅមក និង​តំបន់​ខ្លះ​មាន​ទំហំ​សម្រាប់​រថយន្ត​បើកបរ​មួយ​គន្លង​ទៅមក​ប៉ុណ្ណោះ។លោក​បន្តថា រហូតមកទល់​ពេលនេះ មានការ​ឯកភាព​ជាគោលការណ៍​ពី​រដ្ឋាភិបាល​កូរ៉េ​ហើយ ហេតុនេះ​យើង​រំពឹងថា​ការដេញថ្លៃ​សាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅពេលឆាប់ៗនេះ។

លោក​បន្តថា “ការសាងសង់​ផ្លូវ​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩ នៅពេល​និតិ​វិធី​នានា​បញ្ចប់​តាម​ផែនការ។

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា ខេត្តតាកែវ​មាន​សក្តានុពល​ក្នុងការ​ពង្រីក​រោងចក្រ សហគ្រាស​បានល្អ​នាពេល​អនាគត ដោយសារ​ខេត្ត​នេះ​មាន​សណ្ឋាន​ដី​ល្អ មាន​ទីតាំងនៅ​កៀក​នឹង​រាជធានី​ភ្នំពេញ និង​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត​ភ្ជាប់​ខ្វាត់ខ្វែង។

ការពង្រីក​និង​សាងសង់​ផ្លូវជាតិ​លេខ២ឡើងវិញ នឹងធ្វើ​ឲ្យ​តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​នេះ​ឡើងថ្លៃ​កាន់តែខ្លាំង​នាពេល​អនាគត ស្របពេល​ដី​នៅតាម​ផ្លូវ​នេះ​នៅមាន​តម្លៃ​សមរម្យ​នៅឡើយ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ដី​នៅតាម​បណ្តោយ​ផ្លូវ​នេះ ដែល​ស្ថិតនៅ​កៀក​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ខ្ពស់​រួចទៅហើយ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត​គីម ហ៊ាង​បាន​ថ្លែងថា តម្លៃ​អចលនទ្រព្យ​កើនឡើង​ដោយសារ​កត្តា​ជាច្រើន ក្នុងនោះ​ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង។ចំណែក​កត្តា​ដទៃទៀត​មានដូចជា កត្តា​ប្រជាសាស្ត្រ កំនើនសេដ្ឋកិច្ច កំនើន​សកម្មភាព​អាជីវកម្ម និង​ការរីកចម្រើន​នៅ​មូលដ្ឋាន​នោះ​ផ្ទាល់​ផងដែរ៕