កម្ពុជា និង​កាណាដា ជំរុញ​ការលើក​កំពស់ និង​សម្របសម្រួល​ពាណិជ្ជកម្ម

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​កាណាដា បាន​ឯកភាព​បន្ត​កិច្ចព្រមព្រៀង​ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទេ្វ​ភាគី ដោយ​ឈរ​មូលដ្ឋាន​ឈ្នះ-ឈ្នះ ខណៈ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​នឹង​ផុត សុពលភាព​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។

ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោក ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងមក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាប​ភាគី​កាណាដា អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​កម្ពុជា ដែល​បានមកពី​ការចូលរួម​នៃ​វិស័យ​សំណង់ វាយ​ន​ភណ្ឌ ទេសចរណ៍ និង​កសិកម្ម។ នៅក្នុង​នោះ ទឹកប្រាក់​នៃ​ឧស្សាហកម្ម​កាត់ដេរ (ឆ្នាំ២០១៧) មាន​ចំនួន​ប្រមាណ៧ពាន់​លាន​ដុល្លា​អាមេរិក ហើយ​ឧស្សាហ​កម្មនេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន៧៦ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​នៅតាម​តំបន់​ជនបទ។

លោក ប៉ាន សូរ​ស័​ក្កិ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​វិស័យ​វាយ​ន​ភណ្ឌ តាមរយៈ​ការបន្ត​ស្វែងរក​ទីផ្សារ​សក្តានុពល​បន្ថែម និង​ការបង្កើន​ប្រាក់បៀវត្ស​អតិបរមា​ជូន​កម្មករ-និយោជិត ចាប់ពី១៤០ដុល្លារ ក្នុង​ឆ្នាំ២០១៦ ដល់ ១៧០ដុល្លារ​ក្នុង​ឆ្នាំ២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ឱ្យបាន១៨២ដុល្លារ នៅ​ឆ្នាំ២០១៩ ខាងមុខ​ថែមទៀត។

លោក​បាន​បន្តថា“រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​កាតព្វកិច្ច​ការងារ ដែល​អង្គការ ILO បានកំណត់​តាំងពី​ឆ្នាំ១៩៩៩ និង​បាន​គាំទ្រ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​រោងចក្រ​កម្ពុជា (Better Factory Cambodia) ដើម្បី​លើកស្ទួយ​លក្ខខណ្ឌ​ការងារ និង​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ។

ជាការ​ឆ្លើយតប លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រឹងប្រែង និង​ប្រកាន់​និយាម​ការងារ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​ភាព​ឈ្នះ-ឈ្នះ ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ហើយ​លោកជំទាវ នឹង​ពិនិត្យ​លទ្ធភាព​ជួយ​កៀរគរ​វិនិយោគិន​កាណាដា ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុធាតុដើមសំខាន់ៗ ដើម្បី​បម្រើការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម នៅ​កម្ពុជា។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា​កាលពី​ឆ្នាំមុន សម្រេចបាន​ទឹកប្រាក់​សរុប១,០៤ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​អត្រាកំណើន​ប្រចាំឆ្នាំ គិត​ជា​មធ្យម ១១ភាគរយ។ ក្នុងនោះ​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា​ទៅ​កាណាដា មាន​ចំនួន១ពាន់​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន៤០លាន​ដុល្លារ​អាមេរិក។ ចំពោះ​ផលិតផល​សក្តានុពល​នាំចេញ​របស់​កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ​យានយន្ត គ្រឿង​សង្ហា​រឹម ផ្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម៕

អន្តរក្រសួង នឹង​ជំរុញ​ការលើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួង​ពាក់ព័ន្ធ​ចំនួន៣ នឹង​បន្ត​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងទិសដៅ​ជម្រុញ​ការផលិត​ក្នុងស្រុក​ជំនួស​ការនាំ​ចូល តាមរយៈ​ការតភ្ជាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅនឹង​ក្រុមហ៊ុន​វិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ជម្រុញ​ការនាំចេញ​ផលិតផល​មាន​សក្តានុពល​ជាដើម។

យោងតាម​ឯកសារ​ពាក់​ព័​ន្ឋ នឹង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​នូវ​គោលនយោបាយ និង​វិធានការ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ គឺ​ការបន្ត​ពង្រីក​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​គោលដៅ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ការ​ជម្រុញ​រៀបចំ​និង​អនុវត្តន៍​ជម្រើស​ហិរញ្ញប្បទាន​នានា រួមទាំង​ការគ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ផងដែរ។

ក្រសួង​បី​គ្រោង​សហការគ្នា​នេះ​រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងផែនការ។

ឯកសារ​គោក​នយោបាយ​ដដែល​បាន​ឲ្យ​ដឹងថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏បាន​បង្ហាញ​ពី​ការបន្ត អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​លើកកម្ពស់​សហគ្រិនភាព និង​សហគ្រាស​បង្កើត​ថ្មី ក្នុងទិសដៅ​ជម្រុញ​ការផលិត​ក្នុងស្រុក​ជំនួស​ការនាំ​ចូល ការតភ្ជាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅនឹង​ក្រុមហ៊ុន​វិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ជម្រុញ​នាំចេញ​ផលិតផល​មាន​សក្តានុពល ជាពិសេស​ក្នុង​វិស័យ​កសិកម្ម ការកែច្នៃ​ម្ហូបអាហារ និង​កសិឧស្សាហកម្ម​ជាដើម។

ក្រៅពី​គំរោង​ខាងលើនេះ ក្រសួង​នឹង​ពង្រីក​បន្ថែម​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ធ​គាំទ្រ ដូចជា មន្ទីរពិសោធន៍ ថ្នាក់ជាតិ ការកែលម្អ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការកែលម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទឹ​ក ព្រមទាំង​ការបន្ត​លើកកម្ពស់​ទឹកចិត្ត និង​ការ​ទាក់ ទាញ​ក្រុម​អ្នកវិនិយោគទុន ដើម្បី​បង្កើត​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការពង្រីក​អនុលោម​លក្ខខណ្ឌ​អនាម័យ ភូតគាម​អនាម័យ និង​ស្តង់ដារ ព្រមទាំង​ការលើកកម្ពស់​នវានុវត្តន៍ តាមរយៈ​ការការពារ​កម្ម​សិទ្ធ​បញ្ញា និង​ការផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម​ជាដើម។

ជាមួយគ្នានេះ​ក្រសួងផែនការ នឹង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ចាប់យក​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់ ទាញយក​កាលានុវត្តន៍​សម្រាប់​ជួយ អភិវឌ្ឍន៍​សហ គ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជា​ឱកាស​ឈោង​ចាប់យក​វិស័យសេដ្ឋកិច្ចថ្មីៗ ព្រមទាំង​លើកកម្ពស់​ផលិតភាព និង​ប្រសិទ្ធ ភាព​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ។

ប្រមុខ​រដ្ឋាភិបាល​កាលពីដើម​ឆ្នាំនេះ បានប្រកាស​វិនិយោគ​ទឹកប្រាក់១០០លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ប៉ុន្តែ​រហូតមកទល់​ពេលនេះ ធនាគារ​ទាំងនេះ​មិនទាន់​បើក​ដំណើរការ​នៅឡើយ​ទេ។

លោក​ឧកញ៉ា​តែ តាំង​ប៉​ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ថ្លែងថា វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​សហគ្រាស​ភាគច្រើន​នៅ​ជួប​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​មូលដ្ឋាន​ផលិតកម្ម​របស់​ពួកគេ​នៅឡើយ ដោយសារ​ស្ថាប័នហិរញ្ញវត្ថុ​នានា​នៅតែមាន​ការដាក់​លក្ខ​ខ័​ណ្ឌ​តឹងរ៉ឹង ចំពោះ​ការផ្តល់​ឥណទាន​ដល់​សហគ្រាស​ទាំងនោះ៕

កម្ពុជា​ត្រៀម​ឈាន​មួយ​ជំ​ហ៊ាន​ទៀត ជាមួយ​ឥណ្ឌូនេស៊ី​លើ​វិស័យ​ពាណិជ្ជកម្ម

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី នៅលើ​វិស័យ​អទិភាពផ្សេងៗ រាប់​ចាប់តាំងពី​ពាណិជ្ជកម្ម វប្បធម៌ រហូតដល់​បច្ចេកវិទ្យា ដើម្បី​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​របស់​ប្រទេស​ទាំងពីរ។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក Sudirman Hase ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី និង​ភាពស៊ីសង្វាក់​គ្នា​នៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ប្រទេស​ទាំងពីរ តួយ៉ាង​ដូចជា ភាសា អក្សរសាស្ត្រ និង​ចម្លាក់​បុរាណ។

លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ភាគី​ឥណ្ឌូនេស៊ី នូវ​សក្តានុពល​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​របស់​កម្ពុជា ដែល​កំពុង​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​ពិពិធ​កម្ម (ពង្រីក) នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក។ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ និង​បានស្នើ​ឱ្យមាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ក៏ដូចជា​ការពង្រឹង​កិច្ចសហការ​វាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការផ្លាស់ប្តូរ​បទពិសោធន៍​លើ​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​នវានុវត្តន៍ (គំនិត​ច្នៃប្រឌិត) ដែលជា​គន្លឹះ​ក្នុងការ​លើកស្ទួយ​សហគ្រិន​ភាព សំដៅ​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

ជាការ​ឆ្លើយតប លោក​ឯកអគ្គ​រដ្ឋ​ទី​ត​ឥណ្ឌូនេស៊ី​បាន​ថ្លែងថា​ឥណ្ឌូនេស៊ី​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេងទៀត​ជាមួយ​កម្ពុជា ហើយ​នៅ​សប្តាហ៍​ក្រោយ ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី នឹង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ធុរជន​កម្ពុជា ដែល​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ទីក្រុង​Bandung នៃ​ខេត្ត​ចា​វ៉ា​ខាងលិច។

លោក​បាន​បន្ថែមទៀតថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កំពុង​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​ពី​កម្ពុជា និង​បាន​ជំរុញ​ពាណិជ្ជករ​ឥណ្ឌូនេស៊ី ចូលរួម​ព្រឹត្តិការណ៍​ពិ​ព​រ័​ណ៍​ភូមិ១ ផលិតផល១ ដែល​គ្រោង​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១១ ខែធ្នូ​ខាងមុខ ដើម្បី​ជំរុញ​កិច្ចសហការ​និង​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​អតិបរមា។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំមុន​សម្រេចបាន​ទឹកប្រាក់​សរុប ៥៣៩លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោលគឺ​បាន​កើនឡើង​ជាង២០ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៦ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន​ទឹកប្រាក់២៦លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន៥១៤លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ដោយឡែក នៅក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន​ទឹកប្រាក់៣១៨លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង៨ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៧៕

ស្វែងយល់​ពី​អាស៊ាន! ឡាវ​កំពុង​បង្ហាញ​ម​ច្ឆិ​តា​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្មកប់​ពពក​ជា​លើកដំបូង

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​ឡាវ​កំពុងតែ​សាងសង់​អគារ​ពាណិជ្ជកម្ម ខ្ពស់​ក​ពពក​មួយ​មាន​ឈ្មោះថា World Trade Centre ដែលមាន​កំពស់១៥០ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង​វៀង​ច័ន្ទ ឆ្លើយតប​ចំពោះ​កង្វះ​ការិយាល័យ​ធ្វើការ និង​ដើម្បី​ផ្សារភ្ជាប់​សេដ្ឋកិច្ច​ប្រទេស​នេះ​ទៅកាន់​ពិភពលោក​អោយបាន​កាន់តែ​ទំ​លំ​ទូ​លា​ជាង​បច្ចុប្បន្ន។

យោងតាម​កាសែត Bangkok Post ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ថា ការសាងសង់​អគារ​ពាណិជ្ជ​កម្មនេះ ស្របតាម​តម្រូវការ​កា​រិ​យា​ល័​ធ្វើការ​នៅក្នុង​ទីក្រុង​ខ្វះខាត និង កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កំពុងតែ​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ របស់​ប្រទេស​ឡាវ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ មិន​សម្បូរ​អគារ​ការិយាល័យ​ធ្វើការ​ដូច​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នោះទេ។ ហេតុនេះ​បានជា​រដ្ឋាភិបាល បាន​ខិតខំ​អូសទាញ​អ្នក​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ប្រ​ទេ​សាងសង់​អគារ​ការិយាល័យ​បន្ថែមទៀត ដើម្បី​ដើរ​អោយទាន់​កំណើន​សេដ្ឋ​កិ​ខ្ច​ពិភពលោក ដោយ​ក្នុងនោះ​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​វិ​និ​គិ​នប​រទេស បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ភាគខាងត្បូង​នៃ​ប្រទេស។

ផលិតផល​ក្នុងស្រុក​របស់​ប្រទេស​ឡាវ បាន​រីកចម្រើន​ក្នុង​រង្វង់៨ភាគរយ​អស់​រយៈពេល៥ឆ្នាំ​មកហើយ។ វិនិយោគិន​បរទេសសំខាន់ៗ នៅក្នុង​ប្រទេស​ឡាវ​មកពី​ប្រទេសជិតខាង ដោយ​ក្នុងនោះ​ប្រទេស​វៀតណាម​មាន​ទំហំ​ពាណិជ្ជកម្ម ៤,៧៧ពាន់​លាន​ដុល្លារ ប្រទេស​ចិន៣,៤៣ពាន់​លាន​ដុល្លារ និង​ប្រទេស​ថៃ២,៨៥ពាន់​លាន​ដុល្លារ។ នៅពេលដែល​ក្រុម​ប្រទេស​ទាំងនេះ បង្កើន​ពាណិជ្ជកម្ម រោងចក្រ និង​វិនិយោគ  កំ​ណើ​តម្រូវកា​រិ យា​ល័យ​ធ្វើការ​ក៏​កើនឡើង​ផងដែរ។

អគារ World Trade Centre ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុម​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​ឡាវ ក្នុង​គោលបំណង​ផ្តល់នូវ Gold Office Building ហើយក៏​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អគារ​នេះ ក៏មាន​ផ្សារ​ទំនើប កន្លែង​ស្នាក់នៅ និង សណ្ឋាគារ​លំដាប់​ផ្កាយ៥ផងដែរ។

សហប្រធាន​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Colliers International ផ្តល់​សេវា​អចលនទ្រព្យ​ប្រចាំ​ទីក្រុង​បាងកក លោក Surachet Kongcheep បានអោយដឹងថា ការសាងសង់​អគារ​ការិយាល័យ និងរ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​ថ្មី នៅក្នុង​ទីក្រុង​វៀង​ច័ន្ទ មិនមាន​ការរីកចម្រើន​ចាប់តាំងពី ឆ្នាំ ២០១០ រហូតដល់​ឆ្នាំ ២០១២ ទើប​គេ​ឃើញ​មានការ​ចាប់ផ្តើម​មាន​តម្រូវការ​ខ្លះ។ ដូច្នេះ​នៅពេលដែល​សាងសង់​អគា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (World Trade Centre) នេះ​បញ្ចប់ ទើប​មាន​ការិយាល័យ​ធ្វើការ​ដាក់ចូល​ទៅក្នុង​ទីផ្សារ​សារជាថ្មី ព្រោះ​វា​ជា​គម្រោង​ដ៏​ធំ៕

អ្នកវិនិយោគទុនអន្តរជាតិ គ្រោងបោះទុន 250លានដុល្លារ សាងសង់រម្មណីយដ្ឋាននៅខេត្តសៀមរាប

ដោយ វុត្ថា

ភ្នំពេញ៖ ម្ចាស់កោះ Song Saa Private Island នៅក្នុងខេត្តព្រះស៊ីហនុ បានប្រកាសវិនិយោគគម្រោងថ្មីមួយទៀតនៅក្នុខេត្តសៀមរាបតម្លៃ ២៥០ លានដុល្លារ លើទំហំដី ១២៥ហិកតា ក្រោយពីទទួលបានភាពជោគជ័យលើការវិនិយោគរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុក។

លោក Rory Hunter អគ្គនាយក និងសហស្ថាបនិក Song Saa Collectives បានថ្លែងអោយដឹង ថា ការប្រកាសវិនិយោគគម្រោងថ្មីមួយទៀតនៅក្នុខេត្តសៀមរាបតម្លៃ ២៥០ លានដុល្លារ នេះ ក្រោយពីមើលឃើញខេត្តមួយនេះ កំពុងមានសក្កដានុពលទេសចរណ៍ កំណើនសេដ្ឋកិច្ចមានការរីកចម្រើន និង វិស័យអចលនទ្រព្យល្អប្រើសើរ។


លោកបន្តថា គម្រោងថ្មីនេះ មានឈ្មោះថា Song Saar Reserve នឹងវិយោគទៅជាកន្លែងបដិសណ្ឋារកិច្ច ផ្តល់នូវកន្លែងស្នាក់នៅ និងកន្លែងកម្សាន្តនានាជូនដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តក្នុងខេត្តសៀមរាប ។
លោក ស្រី អាន ធីតា នាយិកានៃក្រុមហ៊ុន CBRE ដែលទទួលបានសិទ្ធិក្នុងការលក់គម្រោងនេះ បានអោយដឹងដែរថា ក្រុមហ៊ុនប្រកាសវិនិយោគនៅក្នុងខេត្តសៀមរាបនេះ គឺជាគម្រោងទី ២ បន្ទាប់កោះសង្សារនៅក្នុងខេត្តព្រះសីហនុត្រូវបានគេទទួលស្គាល់ស្នាដៃ និង ការគ្រប់គ្រងល្អ ពីអ្នកវិនិយោគបរទេសជាច្រើនមកពីតំបន់អឺរ៉ុប និង អាស៊ី ហើយនេះគឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាដែលបានប្រែក្លាយកោះទៅជាកន្លែងទេសចរណ៍ល្អស្អាតបែបនេះ ។

លោកស្រី បន្តថាការអភិវឌ្ឍន៍នូវគម្រោងថ្មីនៅក្នុងតំបន់បឹង ដែលគេហៅតថា បឹងឈូកបន្ទាយស្រី នាខេត្តសៀមរាបនេះ ត្រូវបានពិនិត្យរួចរាល់ហើយ សម្រាប់ដាក់លក់អោយអ្នកវិនិយោគជាតិ និងបរទេសអោយមកសហការវិនិយោគតំបន់នេះ។បើតាមការរំពឹងក្នុងរយៈ ៣ ទៅ ៥ ឆ្នាំ ខាងមុខ គម្រោងនេះ នឹងអាចេញជារូបរាង្គ ជា Luxury Resort ដែលទាក់ទាញ និងធ្វើអោយទីក្រុងសៀមរាបក្លាយជា ចំណាប់អារម្មណ៍ទេសចរណ៍បន្ថែមទៀត៕

អាជ្ញាធរ​ក្រុងភ្នំពេញ មាន​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុង​ជា​តំបន់​បៃតង

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជួបប្រទះ និង​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​នោះ ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ក៏ត្រូវ​បានគិត​គូ​រប​ន្ថែ​ម ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ជា​តំបន់​បៃតង។

ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​វិស័យ នៅ​រាជធានី​ភ្នំពេញ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ យន្តការ​ជាច្រើន​ត្រូវបាន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​ដើម្បី​អនុវត្ត។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លើកឡើង កាលពីដើម​ឆ្នាំនេះ​ថា តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ​នៃ​ការអភិវឌ្ឍ​ធំ​មួយ ដូច្នេះហើយ​ទើប​សាលាក្រុង​ប៉ារីស​ដែលជា​ទីក្រុង​មានបទពិសោធន៍  នៃ​ការរៀបចំ​ទីក្រុង​ឲ្យ​មាន​ភាពស្រស់​បំព្រង ចង់​ឲ្យ​តំបន់​នោះ ក្លាយជា​តំបន់​បៃតង​ដែលមាន​បរិស្ថាន​ល្អ។ លោក​បន្តថា រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើនប្រជាជន​ទីក្រុង ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់៣.២៥% ក្នុងឆ្នាំ។

លោក​បន្តថា “បច្ចុប្បន្ន​ចំនួន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូតដល់១.៧លាន​នាក់ គឺ​ប្រមាណ​ជា៥៦ភាគរយ នៃ​ប្រជាពលរដ្ឋ​ទីក្រុង ដែលជា​អ្នក​ចំណាកស្រុក ចូលមក​សិក្សា​និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ។

លោកស្រី អេ​ឡូ​ឌី គុយ​អង់កា តំណាង​សាលាក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង បាន​ថ្លែងថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព នៃ​ការអភិវឌ្ឍ​ទីក្រុង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជួបប្រទះ គឺមាន​ការងារ​ពីរ ត្រូវបាន​ដាក់​ឲ្យ​សិក្សា ទី១ គឺ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង​ទី២ការពង្រឹង​ការរំដោះ និង​ការគ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី ព្រះស៊ីសុវត្ថិ។

លោកស្រី​បន្តថា ដើម្បី​ធ្វើ​ការងារ​ខាងលើ​ឲ្យ​បាន​ជោគជ័យ គឺមាន​វិធីសាស្ត្រ​មួយ​ត្រូវបាន​ស្នើឡើង​ជាពិសេស តាមរបៀប​វាស់វែង​ជាក់ស្តែង ទុកជា​មូលដ្ឋាន​ក្នុងការ​កែតម្រូវ​ឲ្យ​ត្រូវ​នឹង​តថភាព​ជាក់ស្តែង​ក្នុង​តំបន់​នោះ។ វិធីសាស្ត្រ​នោះ​តម្រូវ​ឲ្យ​យើង​ប្រើ​ទស្សនទាន​អន្តរ​វិស័យ និង​ពហុ​វិស័យ ដោយមាន​ការងារ​រួម​ចម្រុះ ដែល​ទាមទារ​ឲ្យ​អោយ​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ជាមួយគ្នា ជាអាទ៍​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មន្ទីរ​នានា​ទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និង​រដ្ឋបាលផ្សេងៗ ទៀត​របស់​រាជធានី​ភ្នំពេញ៕

ដំណឹង​ល្អ៖ ក្រុងភ្នំពេញ​នឹងមាន​កន្លែង​ដើរ​កំសាន្ត និង​ទិញ​ទំនិញ​ដ៏​ធំ​ជា​លើកដំបូង

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុងភ្នំពេញ​នឹងមាន​កន្លែង​ដើរ​កំសាន្ត និង​ទិញ​ទំនិញ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង ដែល​ផ្តល់​ឲ្យ​ទីក្រុង​នេះ កាន់​តែមាន​ភាពរសរវើក​នាពេល​អនាគតឆាប់ៗនេះ។

TCC នឹង​ជា​មជ្ឈមណ្ឌល​លក់ទំនិញ និង​ផ្សារ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​សាងសង់​លើ​ផ្ទៃដី១០ហិកតា និង​គ្រោង​បោះ​ទូ​ន​វិនិយោគ១០០០លាន​ដុល្លារ​អាមេរិក។គំរោង​នេះ​ជា​ផ្នែក​មួយ នៃ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដែល​នឹង​ផ្តល់ប្រាក់២០០០ដុល្លារ​អាម​រិ​ក សម្រាប់​ស្តង់​ឬ​តូប​លក់ទំនិញ​មួយ។

ទីតាំង​គំរោង​នេះ​ស្ថិតនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខ័​ណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

យោងតាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា TCC TRIUMPH ជា​មជ្ឈមណ្ឌល​លក់ទំនិញ​អន្តរជាតិ​បោះ​ដុំ​ដ៏​ធំ​បំផុត​នៅ​ទូទាំងប្រទេស ហើយក៏​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​កន្លែង​កំសាន្ត​ធំជាងគេ​បំផុត​ផងដែរ។ វា​ជា​វិថី​ថ្មើ​ជើង​លំដាប់​អន្តរជាតិ ដែលមាន​រចនាបទ​ចំនួន១០ប្លែក​ពីគ្នា​នៅ​តំបន់​នេះ ដោយមាន​វិថី​អាហារ​លំដាប់​ពិភពលោក អាច​ញុំ​ា​អាហារ​មកពី​គ្រប់​ប្រទេស​ទាំងអស់ មជ្ឈមណ្ឌល​សេវាកម្ម​ទេសចរណ៍​ពិ​ភ ព​លោក និង​ជា​ចំណត​តំបូង​សម្រាប់​ទេសចរណ៍​ពិភពលោក ដែល​មកកាន់​ក្រុងភ្នំពេញ។

TCC TRIUMPH Commercial Center ប្រមូលផ្តុំ​ទៅដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដូចជា ខុន​ដូ​លំដាប់​អន្តរជាតិ ការិយាល័យ​លំដាប់​អន្តរជាតិ ផាប់​ស្ទ្រី​ត​លំដាប់​អន្តរជាតិ២០០០ម៉ែត្រ វិថី​សិល្បៈ២០០០ម៉ែត្រ វិថី​តារា ឆាក​សម្តែង​នៅ​ភ្នំពេញ​ជាដើម។

មានប្រសាសន៍​ក្នុង​ពិធី​សម្ភោ​ធលក់​គំរោង​នេះ កាលពីពេលថ្មីៗនេះ​លោក​ហ៊ី បា​វី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​មានប្រសាសន៍ថា គម្រោង​ពាណិជ្ជកម្ម​ថ្រា​យ​អ៊ឹម ធ្វើឡើង​សមស្រប​ទៅតាម​នឹង​គោលនយោបាយ ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត​មួយ ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​បានលើកឡើង ដែលជា​ស្ពាន​ត​ភ្ជាប់​មិត្តភាព​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា។

លោក​បន្តថា “ក្រោយពេល​គម្រោង​នេះ​សាងសង់​រួចរាល់ វា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​បោះ​ដុំ​ទំនិញ​អន្តរជាតិ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​កម្សាន្ត​ជាតិ អន្តរជាតិ។លោក​បន្តថា “ទីនេះ​ក៏​នឹង​ក្លាយទៅជា​ទីក្រុង​ទេ​សចណ៍​វប្បធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា”៕

ស្វែងយល់​ពី​អាស៊ី! កូរ៉េ​បង្ហាញ​ស្ថាបត្យកម្ម​លេចធ្លោ​នៃ​ដើម​សតវត្សរ៍​ទី២១

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កូរ៉េខាងត្បូង គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី បន្ទាប់ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រទេស​ដែល​ប្រជាជន​រស់នៅ​ប្រមាណ២៥លាន មាន​និរន្តរភាព​សេដ្ឋកិច្ច​បំផុត​នៅក្នុង​ពិសេស​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដោយ​ប្រទេស​នេះ​កំពុង​បង្ហាញ នូវ​អគារ​ពាណិជ្ជកម្ម Lotte World Tower ខ្ពស់កប់ពពក​លំដាប់​ពិភពលោក។

អគារ Lotte World Tower គឺជា​សំណង់​អាគារ​ដែលមាន១២៣ជាន់ និង​កម្ពស់៥៥៤.៥ ម៉ែត្រ មាន​ទីតាំង​តំបន់​ពាណិជ្ជកម្ម និង​វប្បធម៌​នៅក្នុង​ទី​ក្រុ​សេ​អ៊ូ​ល។ អគារ​ដ៏​ខ្ពស់កប់ពពក​នេះ ស្ថិតក្នុង​ចំណោម​អគារ​ផ្សេងទៀត​មួយ​នេះ បានចាប់ផ្តើម​សាងសង់​នៅក្នុង២០១១ និង​បញ្ចប់​នៅ​ថ្ងៃទី២២ ខែធ្នូ​ឆ្នាំ ២០១៦ ព្រមទាំង​បើក​អោយ​ដំណើរការ​ជា​សាធារណៈ​កាលពី​ថ្ងៃទី៣  ខែឧសភា ឆ្នា២០១៧កន្លងទៅនេះ ហើយ​បច្ចុប្បន្ន​វ​ជា​អាគារ​ដែល​ខ្ពស់ បំផុត​លំ​ដាក់​ទី៥ នៅលើ​ពិភពលោក។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ ត្រូវបាន​គេ​សាង​សាង​ជា​កន្លែង​សំដែង​សី​ល្បៈ ហាង​កាហ្វេ សណ្ឋាគារ​ដ៏​ប្រណីត និង​ជាពិសេស​នៅលើ​កំពូល​នៃ​អគារ​នេះ អាច​ដើរ​កម្សាន្ត និង​មើល​ទេសភាព​ទីក្រុង​សេ​អ៊ូ​ទាំងមូល។ វា​ជា​អគារ​ដែលមាន​ការទាក់ទាញ​បំផុត​សម្រាប់​សម្រាប់អ្នកទេសច​រទាំង​ក្នុង និង​ក្រៅ​ស្រុក​មើល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង​សេ​អ៊ូ​ល​ផងដែរ។

ជាមួយគ្នានេះ អគារ Lotte World Tower ដែល​បាន​សាងសង់​បញ្ចប់​កាលពីដើមឆ្នាំ ២០១៧ មាន​ទីតាំង​ស្ថិត​នៅជាប់​នឹង​ប៉ម Avenuel ដែលជា​ហាង​លក់​សម្ភារៈ​ទំនើប ៗ ។ផ្សារ​ទំនើប​ស្ទើរតែ​មាននៅ​គ្រប់​ជាន់​នៅក្នុង​អគារ​នេះ បាន​ទាក់ទាញ​អ្នកទេសចរ​ជាច្រើន​ដែល​មករក​ទិញ​ទំនិញផ្សេងៗ ព្រោះថា​ហាង​ទំនិញ​នៅទីនេះ ឈានមុខ​គេ​មួយ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែលមាន​ម៉ាក​ល្បី​ទាំង​ក្នុងស្រុក​និង​បរទេស​ជាច្រើន។

បើ​យោងតាម​តារាង​អគារខ្ពស់ៗ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មានតែ​អគារ​Lotte World Tower  តែមួយគត់​ដែល​ខ្ពស់​ជាងគេ​ក្នុង​ប្រទេសមួយ​នេះ​នាពេលនេះ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អគារ​បី​ដែលមាន​កំពស់​ចាប់ពី​ជាន់៣០០ម៉ែត្រ​ឡើង បាននិងកំពុង​សាងសង់​ក្នុងនោះ​មាន​អគារ Haeundae LCT The Sharp អគារ Parc1 និង​អគារ Hyudai Global Business Center មាន​កំពស់៥៥៣ ម៉ែត្រ​អាច​នឹង​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២១ខាងមុខ៕

ស្វែងយល់​ពី​អាស៊ាន! ម៉ាឡេស៊ី​កំពុង​សាងសង់​អគារ​ពាណិជ្ជកម្ម​ដ៏​ខ្ពស់បំផុតនៅក្នុង​តំបន់

ដោយ វុត្ថា

ភ្នំពេញ៖ ក្នុង​គោលដៅ​បន្ត​ឧត្តមភាព​របស់ខ្លួន ប្រទេស​ម៉ាឡេស៊ី​កំពុង​សាងសង់​អគារ​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​មួយទៀត នៅ​ចំ​ណ្តា​ល​ទីក្រុង Kuala Lumpur ដែលមាន​កំពស់​រហូត​ដល់៦០៨ ម៉ែត្រ ស្មើនឹង១១០ជាន់ ដែលជា​អគារ​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន។

អគារ​នេះ​មាន​ឈ្មោះថា  Trade winds Square Tower A  ត្រូវបាន​គេ​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​នៅក្នុង​ឆ្នាំ២០១៦  គ្រោង​នឹង​បញ្ចប់​សាងសង់​នៅក្នុង​ឆ្នាំ២០២០ ឬ ២០២២ខាង​មុ​នេះ ។ អគារ​នេះ​ត្រូវបាន​ស្នើរ​សាងសង់ ដោយ​ក្រុមហ៊ុន​Tradewinds Corporation Sdn Bhd  ។ តាម​គម្រោង​អគារ​នេះ សម្រាប់​ប្រើប្រាស់​ចម្រុះ​ដូចជា ការិយាល័យ សណ្ឋាគារ និង​ផ្សារ​ទំនើប​ជាដើម។

បន្ថែម​ពីនេះ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ក៏​បាននិងកំពុង​សាងសង់​គម្រោង​សាងសង់​អគារ​ខ្ពស់កប់ពពក ដែល​បានស្នើរ​ឡើង និង​កំពុង​សាង​សាងសង់​ជាច្រើន​ផងដែរ ដូចជា​មជ្ឈមណ្ឌល​Plaza Rakyat មាន​កំពស់៤០០ម៉ែត្រ។ គម្រោង​មជ្ឈមណ្ឌល Butkit Bintang City Center កំពស់ ៤០០ ម៉ែត្រ​ជា​ប្រភេទ ការិយាល័យ សណ្ឋាគារ និង​កន្លែង​ស្នាក់នៅ ដូចគ្នា គម្រោង សាងសង់​អគារ Landmark Tower មាន​កំពស់៤០០ម៉ែត្រ  និង​គម្រោង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម EkoPark Place ជាដើម។

ទីក្រុង Kuala Lumpur  គឺជា​ទីក្រុង​ដែលមាន​អគារ​ខ្ពស់​ក​ពពក លូតលាស់​ជាច្រើន  ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​មិន​ចាញ់​ទីក្រុង​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន ដូចជា​ទីក​ក្រុង​បាងកក ទីក្រុង​ហូជីមិញ ទីក្រុង​ហ្សា​កាតា និង​ទីក្រុង សឹង្ហ​បុរី​ជាដើម។

ចាប់តាំងពី​ឆ្នាំ ២០១០កន្លងមក ទីក្រុង​កូ​ឡា​ឡាំ​ពួរ គឺជា​កន្លែង​ដែលមាន​សំណង់​អគារ​ខ្ពស់កប់ពពក​រីកលូតលាស់​កើនឡើង ដែលមាន​កំពស់​បំផុត៦០០ម៉ែត្រ ។ ទិសដៅ​សំខាន់​របស់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ គឺ​ក្រោយ​ឆ្នាំ២០២០ខាងមុខនេះ ទីក្រុង​នេះ​នឹងមាន​អគារ​ខ្ពស់​ក​ពពក​ដុះ​ច្រូងច្រាង ខណៈ​មាន​គម្រោង​ជាច្រើន​កំពុងតែ​សាងសង់ ពោលគឺ​មិន​ចាញ់​ទីក្រុង​ឌុ​បៃ ដែល​គេ​ចាត់ទុកថា ជាទី​ក្រុង​ដែលមាន​អគារ​ខ្ពស់កប់ពពក​ដុះ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក​នោះទេ៕

អ្នកជំនាញ​ថា គំរោង​វិនិយោគ​របស់​ចិន នៅតែ​ដំណើរ​ការល្អ ទោះ​ជាមាន​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​កំពុងតែ​ក្តៅ​និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ថម​ថយ​ល្បឿន​ក្តី តែ​អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​អះអាងថា គំរោង​វិនិយោគ​ចិន​នៅ​កម្ពុជា មិនបាន​រង​ផលប៉ះពាល់​ចេញពី​វិបត្តិ​នេះ​ទេ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៥ តុលា​នេះ​ថា គំរោង​របស់​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា នៅតែ​ដំណើរការ​ជាធម្មតា មិនមាន​រង​ផលប៉ះពាល់​ណាមួយ​នៅឡើយ​ទេ ដោយ​អ្នកវិនិយោគ​នៅតែ​បន្ត​គំរោង​របស់​ពួកគេ ប៉ុន្តែ​អ្វី​ជាការ​បារម្ភ​គឺថា​រដ្ឋាភិបាល​ចិន​បានចេញ​គោលនយោបាយ​ថ្មី ដោយ​កម្រិត​លំហូរ​ទុនវិនិយោគ​ទៅកាន់​ក្រៅប្រទេស ប៉ុន្តែ​វា​មិន​កំណត់​សម្រាប់តែ​កម្ពុជា​ទេ គឺ​ធ្វើ​នៅ​ទូទាំង​ពិភពលោក។

អ្នកនាង​បន្តថា “គំរោង​ចិន​នៅតែ​ដំណើរការ​ល្អប្រសើរ ក្រុមហ៊ុន​មាន​បញ្ហា​នៅតែមាន​បញ្ហា តែ​ក្រុមហ៊ុន​ល្អ​នៅតែ​ល្អ។អ្នកនាង​បន្ថែមថា “ទីផ្សារ​ខុន​ដូ​នៅតែ​ល្អ ដោយ​ការលក់​នៅតែ​ជោគជ័យ ហើយ​គំរោង​ដែល​ជោគជ័យ​ឬ​អត់អាស្រ័យ​លើ​គំរោង គុណភាព តម្លៃ និង​ទីតាំង​របស់​គំរោង​នោះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន VTRUST APPRAISAL បាន​រកឃើញថា​ចំនួន​ខុន​ដូ​នៅ​កម្ពុជា បាន​កើន​ឡើងដល់​ជាង៦ម៉ឺន​យូ​នី​ត នៅ​ដំណាច់ឆ្នាំ២០១៧កន្លងមកនេះ។

អ្នកនាង អាន សុធី​តា បាន​បន្តថា គំរោង​វិនិយោគ​របស់​ចិន​ភាគច្រើន ផ្តោតលើ​ទីផ្សារ​នៅក្រៅ​ប្រទេស ពួកគេ​លក់​គំរោង​របស់​ពួកគេ​នៅ​ទីនោះ​ភាគច្រើន។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21Cambodia បាន​ឲ្យ​ដឹងផង​ដែរ​ថា គំរោង​របស់​ចិន​នៅ​កម្ពុជា នៅតែ​ដំណើរការ​ល្អប្រសើរ ដោយ​អ្នកវិនិយោគ​ភាគច្រើន​ផ្តោតលើ​ទីផ្សារ​ក្រៅប្រទេស ជា​អ្វី​ដែលជា​និន្នាការ​វិនិយោគ​របស់​ពួកគេ ខណៈដែល​ប្រជាជន​កម្ពុជា​មិនទាន់​ចង់​រស់​នៅតាម​ខុន​ដូ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ខុន​ដូ៨០ភាគរយ ទិញ​ដោយ​ជនបរទេស និង២០ភាគរយ​វិនិយោគ​ដោយ​ជនជាតិខ្មែរ ប៉ុន្តែ​រយៈពេល១០ឆ្នាំ​ខាងមុខ និន្នាការ​នេះ​នឹង​ដើរ​បញ្ច្រាស​វិញ។

អ្នកនាង​បន្តថា “ចិន​វិនិយោគ​នៅ​កម្ពុជា​ពេលនេះ ជា​ពេល​សមស្រប​ព្រោះ​តម្លៃ​អចលនទ្រព្យ ពិសេស​តម្លៃ​ដីធ្លី​មានតម្លៃ​ទាប ដែល​ពួកគេ​អាច​រកប្រាក់​ចំណេញ​បាន ប៉ុន្តែ​បើ​ពួកគេ​រង់ចាំ​យូរ​តទៅទៀត ការវិនិយោគ​របស់​ពួកគេ​នឹង​យឺត​ពេល។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត ​គីម ហ៊ាង​ បាន​ថ្លែងថា ទីផ្សារ​អចលវត្ថុ​នៅ​កម្ពុជា នៅតែមាន​សញ្ញា​វិជ្ជមាន និង​ការវិនិយោគ​នៅតែ​បន្ត ដោយ​យើង​មិនទាន់​មើលឃើញថា​មាន​ហានិភ័យ ឬ​បញ្ហា​ណាមួយ​កើតឡើង​នោះទេ ពិសេស​គំរោង​របស់​អ្នកវិនិយោគ​ចិន នៅតែ​ដំណើរការ និង​មិន​រង​ផលប៉ះពាល់​ណាមួយ ពី​វិបត្តិ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​នោះឡើយ។

លោក​បន្តថា “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​នេះ និង​នៅតែ​មើលឃើញ​វិស័យនេះ​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្តទៀត”៕