រដ្ឋមន្ត្រី​ទេសចរណ៍៖ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កំពុង​ក្លាយជា​ប៉ូល​ទាក់ទាញ​ដ៏​សំខាន់

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន បាន​បញ្ជាក់ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ក៏​កំពុង​ក្លាយជា​ប៉ូល​ទាក់ទាញ​ដ៏​សំខាន់​មួយទៀត ដោយ​តំបន់​កោះ​មួយចំនួន ក៏​កំពុងធ្វើការ​អភិវឌ្ឍ​ឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍ (Tourism Resort) ដែលមាន​ផលិតផល និង​សេវាកម្ម​កំរិតស្ដង់ដារ​អន្តរជាតិ។

លើសពីនេះ រដ្ឋាភិបាល​បាននិងកំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សម្បូរបែប​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង​ផ្លូវអាកាស ពិសេស​ខេត្ត​នេះ​ក៏មាន​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ដែល​អាចអោយ​ទេសចរ​ធ្វើដំណើរ​តាមផ្លូវ​អាកាស មកពី​រាជធានី​ភ្នំពេញ តំបន់​សៀមរាប​អង្គរ និង​ទីក្រុង​មួយចំនួន​ក្នុង​តំបន់​បាន​យ៉ាង​ងាយស្រួល។

មានប្រសាសន៍​នៅក្នុង​ពិធី​លាង​សោយ​ភោជន៍ ជូន​ដល់​ប្រតិភូ​ជាតិ និង​អន្តរជាតិ ដែល​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី២ ឆ្នាំ២០១៨ ឬ​ហៅ​កាត់​ថា CTM 2018 (Cambodia Travel Mart 2018)នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨កន្លងមក លោក ថោង ខុន ថ្លែងថា ជាមួយគ្នានេះដែរ តំបន់ឆ្នេរ​ក៏​នឹងមាន​ការរៀបចំ ពិធីបុណ្យ​សមុទ្រ (Sea Festival) លើក​ទី៧ ពីថ្ងៃ​ទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅ​ខេត្តកោះកុង ដែលជា​ខេត្ត​មួយ​ដ៏​ស្រស់ស្អាត​នៅ​ភូមិភាគ​នារ​តី​នៃ​ប្រទេស​កម្ពុជា។

ទន្ទឹមនឹងនេះ កម្ពុជា​ពិតជា​នៅ​បន្ត​ត្រូវការ​អ្នកវិនិយោគ ពី​បរទេស​បន្ថែមទៀត​ដើម្បី​ធ្វើការ​វិនិយោគ​លើ​ផលិតផល និង​សម្បទា​ទេសចរណ៍​ចាំបាច់​ជាច្រើន ដូចជា សណ្ឋាគារប្រណីតៗលំដាប់​ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ ហាង​លក់ដូរ​ទំនិញ (Shopping Mall) ទំនើបៗ រមណីយដ្ឋាន មជ្ឈមណ្ឌល​វិស្សមកាល​កម្សាន្ត និង​កីឡា​ទេសចរណ៍ សួន​កម្សាន្ត​របស់​កុមារ​នៅ​តំបន់​ទេសចរណ៍ ទាំង​នៅ​តំបន់​សៀមរាប​អង្គរ ទាំង​តំបន់​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ និង​រួមទាំង​តំបន់​អេកូ។

លោក​ថោង ខុន​បាន​បន្តថា រដ្ឋាភិបាល​បានប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុខសន្តិភាព សុវត្ថិភាព​ក្នុង​តំបន់ សម្រាប់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​គ្រប់ទិសទី​ក្នុង​ពិភពលោក ហើយ​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ។ កម្ពុ​ជាមាន​មរ​ត​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក គឺ​ប្រាសាទអង្គរវត្ត ជា​ផលិតផល​ដ៏​ពិសិដ្ឋ​បំផុត​សម្រាប់​កម្ពុជា ដែល​បាន​ផ្ដល់នូវ​ថាមភាព​យ៉ាងខ្លាំង ក្នុងការ​ទាក់ទាញ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ក្រៅពីនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងទេសចរណ៍ កំពុងតែ​ខិតខំ​បន្ថែមទៀត​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផលិតផល នៅតាម​គោលដៅ​ទេសចរណ៍សំខាន់ផ្សេងៗទៀត ដូចជា តំបន់​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍៕

ស្វែងយល់​ពី​អាស៊ាន! តម្លៃ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នឹង​កើនឡើង១០% នៅ​ឆ្នាំ២០១៩

ដោយ វុត្ថា

ភ្នំពេញ៖ តំលៃ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី អាច​នឹង​កើនឡើង១០ភាគរយ​បន្ថែមទៀត នៅ​បំណាច់​ឆ្នាំ២០១៩ខាងមុខ ហើយនឹង​កើនឡើង​ទ្វេដង​នៅក្នុង២០៣០ ដោយសារ​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ លឿន​ជាង​ឥទ្ធិពល​នៃ​ការទប់ស្កាត់​អចលនទ្រព្យថ្មីៗ និង​អត្រា​ការប្រាក់​ឡើង​ខ្ពស់។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រុមហ៊ុន Morgan Stranley ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

សារព័ត៌មាន Bloomberg បាន​រាយការណ៍​កាលពី​ពេលថ្មីៗនេះ​ថា កំណើនសេដ្ឋកិច្ច នៅក្នុង​ប្រទេស​សឹង្ហ​បុរី​កើន​ឡើ​ន​លឿន និង​តម្រូវ​ការទិញ​លំនៅដ្ឋាន​កាន់តែច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន នឹង​នៅតែមាន​លំនឹង​ទីផ្សារ​អចលនទ្រព្យ។

រដ្ឋាភិបាល​សឹង្ហ​បុរី​បាន​កត់សម្គាល់ថា គោលបំណង​នៃ​ការទប់ស្កាត់​តម្លៃ​លំនៅដ្ឋា​ន គឺ​ធ្វើអោយមាន​ស្ថេរភាព​តម្លៃ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ស្របតាម​មូលដ្ឋាន​សេដ្ឋកិច្ច ។ ក្រុមអ្នកវិភាគ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន Morgan Stanley រំពឹងថា ការ​មាន​អន្តរាគមន៍​តាមរយៈ​គោលនយោបាយ គឺ​ដើម្បីអោយ​មាន​សមភាព ទាំងពីរ គឺ​ទាំង​កើនឡើង និង​ការធ្លាក់ចុះ​តំ​ម្លៃ​លំនៅដ្ឋាន។

ក្រុមអ្នកវិភាគ​មកពី​បុរី​ញូវយ៉ក​ក៏បាន​ទស្ស​ទាយ​ដែរ​ថា ប្រទេស​សឹង្ហ​បុរី​នឹង​នៅតែ​ជាទី​ចាប់អារម្មណ៍​ពី​ក្រុម​មូលធន ចំពោះ​ទីផ្សារ​អចលនទ្រព្យ ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​សាងសង់​ព្រលានយន្តហោះ​ថ្មី Changi Airport ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​សម្រាប់​ប្រកួតប្រជែង និង​ចាប់អារម្មណ៍​ពី​សំណាក់​មូលធន​បរទេស៕

មន្ត្រី​អះអាងថា នឹង​ព្យាយាម​ស្ដារ​មុខមាត់​ខេត្ត​ព្រះសីហនុ​ឡើងវិញ ដើម្បី​ទាក់ទាញ​ទេសចរណ៍​ឡើងវិញ

ដោយ គង់ សូរិយា

ភ្នំពេញ៖ បន្ទាប់ពី​ភ្ញៀវ​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​កំសាន្ត​ធ្លាក់ ចុះ​ប្រមាណ២០ភាគរយ នៅ​ក្រុងព្រះសីហនុ អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័​ន្ឋ​បាន​អះអាងថា​នឹង​រៀបចំ​ស្តារឡើងវិញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​នេះ​ឡើងវិញ។

អភិបាលខេត្ត​ព្រះសីហនុ លោក​យន្ត មីន​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១២ តុលា​នេះ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ស្ដារ​មុខមាត់ ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ឡើងវិញ បន្ទាប់ពី​មានការ​ថមថយ​ចំនួន​ទេសចរ​យ៉ាងគំហុក ក្នុងកំឡុងពេល​ភ្ជុំ បិណ្ឌ​នេះ ដែលជា​ការថយចុះ​មិន​នឹកស្មាន​ដល់។លោក​បន្តថា អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា​កំសាន្ត​មាន​ភាពកក់ក្តៅ ធានាបាន​នូវ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ប្រសើរ។

លោក​បន្តថា “ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​អនាម័យ​ជា​ចំណុច​អាទិភាព ពិសេស​គុណភាព​សេវាកម្ម និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងផង​ដែរ​ថា មន្ទីរ​កំពុង​ខិតខំ ធ្វើយ៉ាងណា ដើម្បី​ផ្សព្វផ្សាយ​ដល់​បណ្ដា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ខិតខំ​ពង្រឹង​សេវា​របស់ខ្លួន​ដើម្បី​ទាក់ទាញ​ទេសចរ។លោក​បន្តថា ទោះជា​ខេត្ត​មាន​បញ្ហា​កង្វះ​បន្ទប់​ស្នាក់នៅជារឿយៗ ដោយ​សារស ណ្ឋា​គារ​ភាគច្រើន ត្រូវបាន​ជួល​សម្រួល​ដល់​អ្នកវិនិយោគ​ចិន​ក្តី ប៉ុន្តែ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ចំនួន​សណ្ឋាគារថ្មីៗបាន​បើក​ដំណើរការ​ជា​បន្តបន្ទាប់។

ខេត្ត​ព្រះសីហនុ នាពេល​កន្លងមក គឺជា​ទីកន្លែង​ពេញនិយម​សម្រាប់​ការកម្សាន្ត​របស់​ទេសច​រ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខណៈដែល​ខេត្ត​នេះ កំពុងមាន​ការអភិវឌ្ឍ​បែ​ជា​រុញច្រាន ចំនួន​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ចេញ​វិញ។ ក្នុងកំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ដែល​បានបញ្ចប់​ទៅនេះ គឺ​ភ្លៀវ​ទេសចរ​រាប់ម៉ឺន​នាក់​បាន​បាត់​វត្តមាន​ពី​មាត់សមុទ្រ​នៃ​ខេត្ត​នេះ។

ទាក់ទង​បញ្ហា​នេះដែរ លោក​ហូ វណ្ឌី​ទឹ​ប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ឡើងវិញ​ឲ្យ​បាន​ច្រើន ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ការងារ​អាទិភាព​ចំនួន៤ ដូចជា បញ្ហា​សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ និង​សេវាកម្ម​ទេសចរណ៍​ឲ្យ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​បន្ទប់​សណ្ឋាគារ​ផ្ទះសំណាក់ និង​សណ្ឋាគារ​បាន​កើនឡើង​ខ្ពស់។

លោក​បន្តថា “វា​ជា​និន្នាការ​ធម្មតា​នៅពេល​តម្រូវ​ការកើនឡើង តម្លៃ​សេវាកម្ម​នឹង​កើនឡើង ប៉ុន្តែ​ការចូលរួម​ទប់ស្កាត់​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មាន​អារម្មណ៍​កក់ក្តៅ និង​ភាពសប្បាយ​រីករាយ”៕

មន្ត្រី​ជំនាញ​ថា កម្ពុជា​នឹង​បង្កើនល្បឿន​រថភ្លើង​ឱ្យបាន​ពី ៨០ទៅ១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ការ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​បង្កើនល្បឿន​ឱ្យបាន​លឿន​បន្ថែមទៀត ដោយ​អាច​រត់​បាន​ចន្លោះ​ពី៨០ទៅ១០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឱ្យ​ដូច​ទៅនឹង​ប្រទេសជិតខាង។

អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក លី បូ​រិ​ន បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ថ្ងៃទី១១ តុលា​កន្លងមក​ថា បច្ចុប្បន្ន ខ្សែ​រថភ្លើង​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​ហើយ តាមរយៈ​ថវិកា ADB និង​ថវិកា​រាជរដ្ឋាភិបាល  រួមទាំង​ក្រុមហ៊ុន Royal Railway តែ​មិនទាន់មាន​ល្បឿន​លឿន​នៅឡើយ​ទេ គឺ​ត្រឹមតែ៣០ទៅ៦០គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុង១ម៉ោង ប៉ុន្តែ​ទៅ​ថ្ងៃ​ខាងមុខ ឆាប់ៗនេះ​រថភ្លើង​នឹង​អាច​រត់​បាន​ល្បឿន​លឿន ដូច​ប្រទេសជិតខាង​ដែរ​គឺ​ពី៨០ទៅ១០០ គីឡូម៉ែត្រ ក្នុង១ម៉ោង។

លោក​បន្តថា កំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ខ្សែ​រត់​ទាំងបី​ខ្សែ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ពលរដ្ឋ ជិះ​ទៅមក​ដោយ​មិន​គិតថ្លៃ​នោះ គឺ​ពុំមាន​អ្នកជិះ​ច្រើន​កុះករ​ទេ ដោយសារតែ​ទន្ទឹមគ្នា​នោះ ក៏មាន​រថយន្ត​ជិះ​ដោយ មិន​គិតថ្លៃ ចំនួន​ជាង២០០គ្រឿង​ដែរ។

លោក​លី បូ​រិ​ន បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ គាំទ្រ​បន្តទៅទៀត និង​មាន​ទំនុកចិត្ត​ខ្ពស់ ព្រោះ​រាជរដ្ឋាភិបាល កំពុង​ខិតខំ​កែលម្អ នូវ​គ្រប់​ខ្សែ​រថភ្លើង​ទាំងអស់ ឱ្យ កាន់តែ​ប្រសើរឡើង និង​មាន​ល្បឿន​លឿន​ជាង​មុន ហើយ​ធ្វើ​ឲ្យ​បាន​ក្នុងពេលឆាប់ៗនេះ។

ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ​ក្រសួង​នេះ​បាន​ឲ្យ​ដឹងថា រថភ្លើង​កម្ពុជា​មិនអាច​រត់​បាន​ល្បឿន​លឿន​នោះទេ ដោយសារ​ផ្លូវ​រថភ្លើង​កម្ពុជា​មិនទាន់មាន​ស្តង់ដា ស្របតាម​ស្តង់ដា​អន្តរជាតិ ពិសេស​ផ្លូវ​រថភ្លើង​មាន​ចំណុច​ឆ្លងកាត់​ច្រើន ដែល​ធ្វើ​ឲ្យ​រថភ្លើង​មិនអាច​រត់​បាន​លឿន​នៅឡើយ៕

ពី​វេទិកា​អាស៊ាន៖ សម្តេច​តេ​ជោ​អះអាងថា កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការកែទម្រង់​ដើម្បី​កំនើនសេដ្ឋកិច្ច

ដោយ គង់ សូរិយា

ភ្នំពេញ៖ ផ្តើមចេញពី​វេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាងថា កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការកែទម្រង់ ដើម្បី​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

សម្តេច​បាន​បន្តថា រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ កម្ពុជា​សម្រេចបាន​កំនើនសេដ្ឋកិច្ច​ជា​មធ្យម៧,៧ភាគរយ​ក្នុង​មួយឆ្នាំ ជាមួយ​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រ៉ឹង​មាំ ជាពិសេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​ជា ប្រទេស​ស្ថិត​ក្នុងចំណោម​ឯ​ក្គ​ទៈ​ពាក់កណ្តាល​នៃ​កំនើន​សេដ្ឋកិច្ចពិភពលោក។សម្តេច​បាន​បន្តថា តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពីពេលថ្មីៗនេះ ហើយ​គុណភាព​ជីវិត​កាន់​តែមាន​ភាពប្រសើរឡើង​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម១០ភាគរយ និង​គម្លាត​ចំណូល​ក្នុងចំណោម​ប្រជាជន ត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប តាមរយៈ​ការបែងចែក​ផល​នៃ​កំនើន​បាន​គ្រប់​ស្រទាប់​ប្រជាជន។

សម្តេច​បន្តថា “ផ្អែក​លើស​មិ​ទ្ឋិ​ផល​ដែល​សម្រេចបាន​កន្លងមក​នេះ រាជរដ្ឋាភិបាល​និតិ​កាល​ទី៦ បាន​ដាក់ចេញ​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ សំដៅ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត ក៏ដូចជា​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​ការនាំ​ឲ្យ​កម្ពុជា​ឈានទៅ​សម្រេចបាន នូវ​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០។

ក្នុង​គោលដៅ​នេះ កម្ពុជា​បាននិងកំពុង​យកចិត្តទុកដាក់​បង្កើត​ឪ​កាស​ការងារ​សម្រាប់​យុវជន លើក​កំពស់​ការទទួលបាន​សេវាសាធារណៈសំខាន់ៗ ប្រកបដោយ​គុណភាព​រួមទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវ័ន្ត សេវា​អប់រំ សុខាភិបាល និង​សេវា​មូលដ្ឋាន​ចាំបាច់ផ្សេងៗ ពិសេស​ធានា​នូវ​តុល្យភាព និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ បន្ត​ខិតខំ​ប្រឹងប្រែង​និង​ពង្រីក​ការតភ្ជាប់​ផ្នែក​ទន់ និង​រ៉ឹង ព្រមទាំង​ព​ន្លឿ​ន​សមាហរណកម្ម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស តំបន់ និង​សាកលលោក។

យោងតាម​ការព្យាករណ៍​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថ​អន្តរជាតិ ដូចជា​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​សុ​ទ្ឋ​តែ​បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេច​រក្សា​កំនើន​ក្នុង​រង្វង់៧ភាគរយ​នៅ​ឆ្នាំនេះ និង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត៕

ក្រសួង​សេដ្ឋកិច្ច៖ កម្ពុជា​បន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដើម្បីរក្សា​កំណើនសេដ្ឋកិច្ច

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​ប្រុងប្រយ័ត្ន និង​ការប្រកាន់យក​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគ​កាន់តែ​ល្អប្រសើរ។

យោងតាម​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានចែង​ក្នុង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្តេជ្ញា​កែលម្អ​បរិយាកាស​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិរភាព​ល្អប្រសើរ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច ការកែលម្អ​បរិយាកាស​ធុរកិច្ច និង​ការរៀបចំ​មូលដ្ឋាន​ចាំបាច់ ដើម្បី​ធានា​ការប្រកួតប្រជែង​ដោយ​ស្មើរ​ភាព នឹង​ការបន្ត​អនុវត្តន៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដោយ​ប្រុងប្រយ័ត្ន ការប្រកាន់យក​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ គោលនយោបាយ​រូបិយវត្ថុ និង​ការកែទម្រង់​រចនាសម្ព័ន្ធ ដែលមាន​លក្ខណៈ​បុ​រេ​សកម្ម​ដោយ​ប្រយ័ត្នប្រយែង ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​កំណើន អតិផរណា​ទាប ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​ជម្រុញ​ដល់​ការវិនិយោគ​ជាដើម។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​យន្តការ​គ្រប់គ្រង​វិបត្តិ និង​ហា​នី​ភ័យ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​កើនឡើង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទាំង​វិស័យ​ធនាគារ និង​វិស័យ​មិនមែន​ធនាគារ វិស័យ​អ​ចនទ្រ​ព្យ និង​វិស័យ​ដ៏ទៃទៀត ជាពិសេស​ការ​ជម្រុញ​រៀបចំ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ចំណូល​ថវិការ​ជាតិ និង​ការបន្ត​សម្រួល​ដល់​ផ្នែក​ពាណិជ្ជកម្ម ការកែសម្រួល​ត្រួតពិនិត្យ​តាម​ព្រំដែន​ឲ្យ​ស្ថិតក្នុង​កម្រិត​អប្បបរមា និង​ការកាត់បន្ថយ​នូវ​នីតិវិធីផ្សេងៗជា​ចាំបាច់ ដែលជា​ឧបសគ្គ​ដល់​ការធ្វើ​ពាណិជ្ជកម្ម។

យោងតាម​ការវាយតម្លៃ​របស់​ក្រុម​បេសកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (Article IV)កាល​ពេលថ្មីៗនេះ បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​មាន​ភា​ព​ល្អប្រសើរ ដោយបាន​ជម្រុញ​កំណើនសេដ្ឋកិច្ច ស្ថិតក្នុង​អត្រាកំនើន៧,២៥ភាគរយ​នៅ​ឆ្នាំ២០១៨នេះ និង​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ត្រឹម២,៥ភាគរយ ស្របពេល​វិស័យ​សារពើពន្ធ​មាន​មូលដ្ឋាន​រ៉ឹង​មាំ ជាពិសេស​គឺ​ការប្រមូល​ចំណូល និង​ការគ្រប់គ្រង​បំណុល​សាធារណៈ​បានល្អ​ប្រសើរ៕

តើ​វេទិកា​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​កោះ​បាលី​និយាយ​ពី​បញ្ហា​អ្វីខ្លះ?

នៅ​រសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ក្រោម​ប្រធានបទ «ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​តាមរយៈ​សក​ម្ម​ភាព​សហប្រតិបត្តិកា​រ​តំបន់ និង​សកល» ដែល​ជំនួប​កំពូល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

នៅក្នុង​ជំនួប​ប្រជុំ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ  ហើយ​ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ចូលរួម​ចែករំលែក​នូវ​ទស្សនវិស័យ​ដែលមាន​សារៈសំខាន់​ចំពោះ​អនាគត​ប្រទេស​យើងទាំងអស់គ្នា ជាពិសេស​សម្រាប់​សហគម​ន៍​អាស៊ាន​ទាំ​មូល។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា អាស៊ាន​គឺជា​តំបន់​មួយ​ដែលមាន​ការរីកចំរើន​ឆាប់រហ័ស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី៦លើ​ពិភពលោក ជាមួយនឹង​ប្រជាជន​ប្រមាណ​ជា ៦៤០លាន​នាក់ និង​ជា​កម្លាំង​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម និង​កំណើន​ពិភពលោក។ ទស្សនៈវិស័យ​អនាគត​អាស៊ាន​មាន​ភាពល្អប្រសើរ​ដោយ​យើង​បានកំណត់​ថា​នឹង​សម្រេច​ឲ្យ​បាន​កំណើន​លើសពី៥%ក្នុងឆ្នាំនេះ នឹង​លើសពី៥%នៅ​ឆ្នាំក្រោយ និង​ក្នុង​រយៈពេល​មធ្យ​មខាង​មុខ។

ជាការ​ពិត​នៅ​ក្នុងនេះ​ក៏មាន​ប្រទេស​មួយចំនួន​សម្រេចបាន​នូវ​កំណើន​ខ្ពស់​លើស​កំរិត​មធ្យម​ដែល​រួមបញ្ចូល​ប្រទេស​កម្ពុជា​ផង​ដែល​កំពុងមាន​កំណើន​លើសពី ៧ %ក្នុង​មួយឆ្នាំ។ ទន្ទឹមនឹងនេះ អាស៊ាន​សម្រេចបាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​លទ្ធផល​ផ្នែក​សង្គម ជាពិសេស​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏ដូចជា​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិធានការសំខាន់ៗនៃ​ការអភិវឌ្ឍ​មនុស្ស សំដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មុនគេ​ផងដែរ។

បច្ចុប្បន្ន​សាកលលោក​កំពុង​វិ​វ​ឌ្ឍ​ទៅរក​ក្របខ័ណ្ឌ​ពហុ​ប៉ូល​ថ្មី ការ​បម្រែបម្រួល​កម្លាំង និង​តុល្យភាព​ព្រមទាំង​កំពុង​ប្រឈម​នឹង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ  ភេរវកម្ម និង​អំពើហិង្សា​ក្នុង​តំបន់ និង​សកលលោក ក៏ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​ភាពមិនប្រាកដប្រជា​ក្នុង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ដោយសារតែ​នយោបាយ​គាំពារ​និយម  សង្គ្រាម​ពាណិជ្ជកម្ម  ការរំលោភ​លើ​ប្រព័ន្ធ​ពហុភាគី​និយម  និង​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សកល​និង​តំបន់។

ជាងនេះទៅទៀត​អាស៊ាន​ក៏​ប្រឈម​នឹង​បញ្ហា​ជាក់ស្ដែង​របស់ខ្លួន​មួយចំនួន​ផងដែរ ដូចជា​កំណើន​នៃ​ភាព​ចាស់ជរា និង​ការថយចុះ​កម្លាំង​ពលកម្ម  គម្លាត​ជំនាញ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម 4.0 គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិក និង​ការបែងចែក​ផ្លែផ្កា​កំណើន​ប្រកបដោយ​សមធម៌ ព្រមទាំង​បញ្ហា​និរន្ត​ភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ។ ក្នុង​បរិការណ៍​នេះ អាស៊ាន​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ដៃគូ​ដែលមាន​ស្រាប់ ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​បន្តធ្វើ​សមាហរណកម្ម​លើ​ការតភ្ជាប់​លើ​គ្រប់​វិស័យ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​អាស៊ាន​ទៅនឹង​ការវិវត្តន៍​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ដូច្នេះ​យើង​ត្រូវ​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គាំពារ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ជាង​ពីរ​ទសវត្សរ៍​មកនេះ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម ៧.៧% ក្នុង​មួយឆ្នាំ  ជាមួយនឹង​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ ជាពិសេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ឯក​ទ​គ្គៈ ពាក់កណ្តាល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក។ កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពីពេលថ្មីៗកន្លងទៅនេះ  ហើយ​មូលដ្ឋាន​កំណើន​កាន់តែ​មានជីវិត​កាន់​ច្រើនឡើង ភាពក្រីក្រ​ក៏​ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម១០%ភាគរយ និង​គម្លាត​ចំណូល​ក្នុងចំណោម​ប្រជាជន​ត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប​តាមរយៈ​បែងចែក​ផល​នៃ​កំណើន​ដល់​គ្រប់​ស្រទាប់​ប្រជាជន។  ជាងនេះទៅទៀត​កម្ពុជា​ក៏​សម្រេចបាន​មុន​កាលកំណត់​នូវ​គោលដៅ​សូចនាករ​ផ្នែក​សង្គមសំខាន់ៗទាំង​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល។

ផ្នែក​លើ​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦បានដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤សំដៅ​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត ក៏ដូចជា​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​បន្ថែម​សម្រាប់​ធានា​នាំ​ឲ្យ​កម្ពុជា​ឈាន​ឆ្ពោះទៅរក​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ខាងមុខ។ ក្នុង​គោលដៅ​នេះ  កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន លើកកម្ពស់​ការទទួល​បាន​សេវាសាធារណៈសំខាន់ៗប្រកបដោយ​គុណភាព​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត, សេវា​អប់រំ,  សេវា​សុខភាព  និង​សេវា​មូលដ្ឋាន​ចាំបាច់ផ្សេៗ  ពិសេស​ធានា​តុល្យភាព​និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​ជនបទ, បន្ត​ខិតខំ​ប្រឹងប្រែង  និង​ពង្រីក​ការតភ្ជាប់​ទាំង​ផ្នែក​ទន់ និង​រឹង​ព្រមទាំង​ព​ន្លឿ​នស​មា​រណកម្ម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស, ក្នុង​តំបន់  និង​សកលលោក។

នៅក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អទិភាព​ខ្ពស់​ទៅលើ​ការកែទម្រង់​ដើម្បី​ជំរុញ​កំណើន ប្រកបដោយ​បរិ​យា​ប័ន្ន​ទី១ តាមរយៈ​កា​រព​ន្លឿ​ន​កែទម្រង់​រចនាសម្ព័ន្ធ​ចាំបាច់​នានា​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​រួមមាន​ការកាត់បន្ថយ​ចំណាយ​ថាមពល​ការលើកកម្ពស់​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន និង​ការដោះស្រាយ​គម្លាត​ជំនាញ​តាមរយៈ​ការកែលម្អ​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​បង្កើន​ការវិនិយោគ​លើ​យុវជន​ដើម្បី​ចាប់យក​ឱកាស​ពី​ឧត្តមភាព​ប្រជាសាស្ត្រ និង​រក្សាបាន​កម្លាំង​ពលកម្ម​ធៀប​នឹង​ប្រជាជន​ទូទៅ​ក្នុង​កម្រិត៦៧% ដល់​ឆ្នាំ ២០៣០ និង​ទី២ តាមរយៈ​ជំរុញ​គោលនយោបាយ​សារពើពន្ធ​ដើម្បី​គាំទ្រ​បរិ​យា​ប័ន្ន​ឲ្យ​កាន់តែ​ប្រសើរ ដោយ​ផ្លាស់ប្ដូរ​ទៅរក​ប្រភព​អ្នកមាន​ចំណូល​កាន់តែ​ខ្ពស់​ស្របគ្នា​ទៅនឹង​រក្សាបាន​នូវ​លំអរ​ថវិកា​ដើម្បី​បង្កើន​ចំណាយ​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យ​សុខភាព និង​វិស័យ​អប់រំ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ដើម្បី​ចាប់យក​សក្តានុពល​ពី​ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ យើង​កំពុងតែ​គិតគូរ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​បន្ថែម ព្រមទាំង​បង្កើន​ផ្នែក​ហិរញ្ញវត្ថុ​ដែល​នឹង​ជួយ​ពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ខណ្ឌ​កម្ពុជា​បាន និង​កំពុង​ជំរុញ​នូវ​គោលដៅ​អភិវឌ្ឍន៍​សកល មកជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​កម្ពុជា ដែល​គ្រោង​នឹង​អនុម័ត​នៅ​ដំណាច់ឆ្នាំ២០១៨នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា លើសពីនេះទៅទៀត យើង​នឹង​កែលម្អ​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច​តាមរយៈ​ការអនុវត្ត​វិធានការ​មុត​ស្រួច​សំដៅ​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ថ្លៃដើម​នៃ​ការធ្វើ​ធុរកិច្ច​សម្រួលការ​បង្កើត និង​ធ្វើ​ធុរកិច្ច ព្រមទាំង​បង្កើន​ការវិនិយោគ និង​ឥណទាន​លើ​ការអភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ​និង​ជំរុញ​កំណើន​អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុងស្រុក៕

ស្វែងយល់​ពី​អាស៊ី! កូរ៉េ​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​កំពស់ ៦៦៥ម៉ែត្រ

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កូរ៉េ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ដ៏​រីកចម្រើន និង​បាន​សាងសង់​អគារ​ខ្ពស់កប់ពពក​ជាច្រើន មិន​ចាញ់​បណ្តា​ប្រទេស​អារ៉ាប់​រួម និង​បណ្តា​ប្រទេស​នានា​នៅក្នុង​ពិភពលោក​នោះ កំពុង​សាងសង់​អាគារ​មួយ​ដែលមាន​ឈ្មោះ​អាគារ​សុបិន ដើម្បី​បង្ហាញ​ពី​ឧត្តមភាព​របស់ខ្លួន។

គេហទំព័រ Propertyarea.asia នឹង​បន្ត​លើកយក​សក្តានុពល​ពី​ការី​កច​ម្រើ​នៃ​អគារ​ខ្ពស់កប់ពពក​មួយទៀត នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង គឺ​អគារ Dream Tower ដែលមាន​រចនាបទ​ដ៏​អស្ចារ្យ។

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លំដាប់​ទី១៣ នៅលើ​ពិភពលោក​នេះ​កំពុង​សាងសង់​អាគារ Dream Tower អគារ​ជា​អគារ​ខ្ពស់កប់ពពក ដែលមាន​កំពស់៦៦៥  ម៉ែត្រ។ អាគារ​នេះ​ត្រូវបាន​សាងសង់ឡើង នៅក្នុង​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ Yongsan ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង។

Dream Tower ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ នឹងត្រូវ​បាន​គេ​ជំនួស​ដោយ​អគារ Triple One Tower ។ អគារ Trip One Tower ត្រូវបាន​គេ​ស្នើរ​សាងសង់​ក្នុង​កម្រិត​កម្ពស់៦២០ម៉ែត្រ ប៉ុន្តែ​ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា​អាគារ​Dream Tower និង​ផ្លាស់ប្តូរ​ប្លង់​របស់​វា​ទាំងមូល។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​នេះ មាន​កម្ពស់​រហូតដល់១៥០ជាន់ ដែល​បាន​សាងសង់​ចំ​កណ្តាល នៃ​តំបន់​ពាណិជ្ជកម្ម Yongsan Dreamhub ដែល​គ្រោង​ចំណា​ថវិកា​សាងសង់​ចំនួន២៨ ទ្រី​លាន​វ៉ុ​ន ស្មើរ​នឹង២២.៦ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​គម្រោង​នានា ហើយនឹង​ត្រូវ​សាងសង់​នៅជាប់​ច្រាំងទន្លេ Han Riverនៅ​ជិត​ស្ថានីយ៍ Yongsan។

អាគារ​ដ៏​អស្ចារ្យ​នេះ បានចាប់ផ្តើម​ឈូសឆាយ​ដី​នៅក្នុង​ឆ្នាំ២០១០ និង​ចាប់ផ្តើម​សាងសង់​បុកគ្រឹះ​ផ្លូវការ​នៅក្នុង​ឆ្នាំ២០១។

អាគារ​ដ៏​អស្ចារ្យ​នេះ នឹង​ប្រើប្រាស់​សម្រាប់​ជា​ផ្សារ​ទំនើប កន្លែង​លេង​កម្សាន្ត សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ​សម្រាប់​ជនបរទេស ស្កា​យ​បារ និង​កន្លែង​ទស្សនា​ទីក្រុង៕

លោកឧកញ៉ា នួន រឹទ្ធី៖ ចង់រកស៊ីវិស័យអចលនទ្រព្យត្រូវមានសសរស្ដម្ភទាំង៤ជាទុន

ដោយ រ៉ាវី

ភ្នំពេញ៖ នៅពេល​បច្ចុប្បន្ននេះ ចំពោះ​ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​ផុលផុស​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ចាប់អារម្មណ៍ និង​ចាប់​ប្រកប​ជា​មុខ​ជំនួញ​ជា​ហូរហែរ ដែល​ក្នុងនោះ​រាប់​ចាប់តាំងពី​ការ​ចងក្រង​បង្កើតជា​ក្រុម​ភ្នាក់ងារ​បម្រើសេវា ដើម្បី​ទទួលបាន​កម្រៃជើងសារ រហូតដល់​ការបង្កើត​ជា​ក្រុមហ៊ុន​លំដាប់​ស្ដង់ដារ ក្នុង​ទ្រង់ទ្រាយ​ធំ ដោយមាន​ការតម្កល់​ដើមទុន​យ៉ាង​សន្ធឹកសន្ធាប់។

យ៉ាងណាក៏ដោយ​នៅក្នុង​ចំណោម​អ្នក ដែល​ចាប់​ប្រកប​លើ​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​មួយ​នេះ មិនមែន​សុទ្ធតែ​ទទួលបាន​ភាពជោគជ័យ​នោះទេ។

ពាក់ព័ន្ធ​ទៅនឹង​មុខ​ជំនួញ​មួយ​នេះ លោក​ឧ​ញ៉ា នួន រឹទ្ធី ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទទួលបាន​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ 2018 បានផ្តល់​ជា​អនុសាសន៍​ថា មុខ​ជំនួញ​អាច​សម្រេច​ជា​លទ្ធផល​ទៅបាន លុះត្រាតែ​មានការ​តាំងចិត្ត​ខ្ពស់ និង​មាន​គម្រោង​ផែនការ​ច្បាស់លាស់ ជាពិសេស​ត្រូវមាន​ចំណុចសំខាន់ៗទាំង៤ជាដាច់ខាត។

ទុន​ថវិកា

ជាមួយនឹង​ការកំណត់​ផែនការ ដែលជា​គោលបំណង ដើមទុន​គឺជា​ចំណុច​សំខាន់ និង​ដំបូង​គេ​បង្អស់ ដែល​ត្រូវតែមាន​ជា​ចាំបាច់ សម្រាប់​ដាក់ឱ្យ​ដំណើរការ​នៃប្រតិបត្តិ​ការ​នៃ​មុខ​ជំនួញ ដែល​ក្នុងនោះ​រាប់​ចាប់តាំងពី​ការចាត់​បែងចែក សម្រាប់​ការ​បង្កើតជា​ទីស្នាក់ការ ចែកជា​ខ្ទង់ចំណាយ​សម្រាប់​បុគ្គលិក សមាជិក ការកសាង​កេរ្តិ៍ឈ្មោះ ដែល​អាច​ធានា​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​យូរអង្វែង។

ទុន​ចំណេះ

ថ្វី​ត្បិត​ទុន​ថវិកា​ជា​ចំណុច​ចាប់ផ្តើម និង​ត្រូវតែមាន​ជាសំខាន់​ក្ដី ប៉ុន្តែ​ចំណេះដឹង​ជា​សាកល ក៏ដូចជា​ជំនាញ​ផ្ទាល់ ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ ក៏​ជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​ផងដែរ។

នៅត្រង់ចំណុច​នេះ លោក​ឧកញ៉ា នួន រឹទ្ធី ក៏បាន​បញ្ជាក់​ផងដែរ​ថា ជំនាញ គឺជា​ទុន​យ៉ាងសំខាន់។ អ្នកមាន​ជំនាញ​ច្បាស់​លើ​វិស័យ​អ​ចនទ្រ​ព្យ ទោះ​ជាមាន​ថវិកា​ជា​ទុន​តិចតួច​ក្ដី ក៏​អាចឱ្យ​ដំណើរការ​នៃ​អាជីវកម្ម​ដើរទៅ​មុខ​បានដែរ បើទោះជា​មិនមាន​ភាព​ធំធាត់​ឆាប់រហ័ស​ដូច​ការចំណាយ​ថវិកា​ជា​គោល​ក្ដី។ ជាក់ស្ដែង នៅលើ​ទីផ្សារ​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មាន​មនុស្ស​មួយចំនួន​បាន​ចាប់ដំណើរការ​អាជីវក​ម្ម ក៏ដូចជា​មុខ​ជំនួញ​មួយ​នេះ​បានជាបណ្ដើរៗ ដោយ​ផ្តើម​ពី​ការងារ​ជា​ភ្នាក់ងារ​លក់ និង​ការសម្រួល​ជា​ឯកសារ​ពាក់ព័ន្ធ​ឡើងទៅ ដើម្បី​ទទួលបាន​ភាគលាភ​ជា​កម្រៃជើងសារ (Commission)។

ទុន​បណ្តាញ 

ការផ្សារភ្ជាប់ និង​បង្កើតជា​ទំនាក់ទំនង​បណ្តាញ គឺជា​ប្រការ​ដែល​សំខាន់​នៅក្នុង​វិស័យ​មួយ​នេះ ។ នៅពេល​អ្នកមាន​ទំនាក់ទំនង​ល្អ ជាមួយ​មនុស្ស​ទូទៅ​ដែល​ស្ថិតនៅ​ជុំវិញខ្លួន ជាពិសេស​ស្ថិតនៅក្នុង​វិស័យ​រួមគ្នា នោះ​អ្នកនឹង​អាច​បំបែក​ពង្រីក​វិសាលភាព​របស់​អ្នក​កាន់តែខ្លាំង ដែល​អាជ​បើក​ជំហរ​ទីផ្សារ​របស់​អ្នក​កាន់តែ​ទូលាយ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ជាមួយនឹង​ទាំ​នក់​ទំនង​ល្អ អ្នក​ក៏​អាច​បញ្ចៀស​នូវ​រាល់​ហានិភ័យ ឬ​អាច​ដោះស្រាយ​បញ្ហា​ទៅតាម​ស្ថាន​ការ​បាន​យ៉ាង​ប្រសើរ​បំផុត។

ស្ថិរភាព​សង្គម

សម្រាប់​ចំណុច​ចុងក្រោយ​នេះ ត្រូវបាន​លោក​ឧកញ៉ា​នួន រឹទ្ធី មានប្រសាសន៍​សង្កត់ធ្ងន់​ថា  មិន​ថា​ចំពោះតែ​ប្រទេស​កម្ពុជា​នោះទេ សេចក្ដីសុខ សន្ដិភាព និង​ស្ថិរភាព​សង្គម​គឺជា​កត្តា​ចម្បង​បំផុត។ នៅពេល​ប្រទេស​មាន​សន្ដិសុខ​ល្អ អ្នកវិនិយោគ ក៏ដូចជា​វិនិយោគិន​បរទេស​នានា នឹង​ងាក​មក​ចាប់អារម្មណ៍​បណ្តាក់ទុន​ជាក់​មិន​ខាន ហើយ​ចំណុច​មួយទៀត ក៏​ជាការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក អាច​រកចំណូលបាន​ខ្ពស់ ហើយនឹង​ឈានទៅរក​ទីជម្រក ដែល​ស្ថិតនៅក្នុង​វិស័យ​មួយ​នេះ៕

ស្វែងយល់អាស៊ី! រដ្ឋាភិបាលកូរ៉េចាប់ផ្តើមធ្វើរឹតបន្តឹងលើប្រតិបត្តិការអចលន ទ្រព្យខុសច្បាប់

ដោយ : វុត្ថា
ភ្នំពេញ: សេវាបង់ពន្ធជាតិ (National Tax Service ) នៅក្នុងប្រទេសកូរ៉េបានចាប់ផ្តើមធ្វើសវនកម្ម ចំនួនប្រតិបត្តិការអចលនទ្រព្យ ដែលបានកត់ត្រាទុកកាលពីឆ្នាំ២០១៧ កន្លងទៅ ក្នុងទិសដៅដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការផ្ទេរអចលនទ្រព្យខុសច្បាប់ និងទប់ស្កាត់ការរំពឹងទុកនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។


បើតាមការចុះផ្សាយរបស់សារព័ត៌មានYonhap ដោយបានដកស្រង់សម្តីរបស់លោក Park Myung-jae មន្ត្រីផ្នែកច្បាប់របស់រដ្ឋាភិបាលកូរ៉េ បានឲ្យដឹងកាលពីពេលថ្មីៗ​នេះថា ទីភ្នាក់ងារបង់ពន្ធបានអនុវត្តសវនកម្ម ទៅលើអចលនទ្រព្យចំនួន៤,៥៤៩ ករណីដែលបានធ្វើប្រត្តិការកាលពីឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ចំនួន៤៥១.៣លានដុល្លារ ដែលមិនបានបង់ពន្ធចូលរដ្ឋ និងបង់ពន្ធផាកពិន័យ។
សារព៌តមាននេះបានឲ្យដឹងទៀតថា តួលេខនេះជាសញ្ញាមួយ នៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ដដែល គិតចាប់តាំងពីសេវាបង់ពន្ធជាតិ (National Tax Service ) បានកត់ត្រាទុកចំនួន៥,០៤៦ករណី កាលពីឆ្នាំ២០១៣។
សេវាបង់ពន្ធជាតិ (National Tax Service ) ក៏បានរកឃើញករណីផ្ទេរអចលនទ្រព្យខុសច្បាប់ចំនួន១០១ករណី រវាងឪពុកម្តាយ និងកូនកាលពីឆ្នាំមុន ដែលជាចំនួនមិនធ្លាប់មានពីមុនមក។ ភ្នាក់ងារនេះបានប្រមូលប្រាក់២០,៤ពាន់លានវ៉ុន ដែលមិនបានបង់ពន្ធរដ្ឋ និងការបង់ថ្លៃពិន័យចំពោះរយៈពេលដូចគ្នា។
NTSបាននឹងកំពុងយកចិត្តទុកដាក់ ត្រួតពិនិត្យលើកិច្ចព្រមព្រៀងអចលនទ្រព្យយ៉ាងទំលំទូលាយចាប់តាំងពីឆ្នាំ២០១៣ ដើម្បីទប់ស្កាត់ទៅនឹងការផ្ទេរខុសច្បាប់។ កាលពីខែឧសភាភ្នាក់ងារនេះបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតចំពោះម្ចាស់ក្រុមហ៊ុនខ្នាតមធ្យម និងអ្នកមានទ្រព្យសម្បត្តិដែលសង្ស័យថា ពួកគេបានផ្ទេរទ្រព្យសម្បត្តិទៅឱ្យកូនៗ របស់ពួកគេ តាមរយៈទីលំនៅពន្ធនិងបណ្តាញខុសច្បាប់ដទៃទៀត៕