លោកឧកញ៉ា នួន រឹទ្ធី៖ ចង់រកស៊ីវិស័យអចលនទ្រព្យត្រូវមានសសរស្ដម្ភទាំង៤ជាទុន

0

ដោយ រ៉ាវី

ភ្នំពេញ៖ នៅពេល​បច្ចុប្បន្ននេះ ចំពោះ​ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​ផុលផុស​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ចាប់អារម្មណ៍ និង​ចាប់​ប្រកប​ជា​មុខ​ជំនួញ​ជា​ហូរហែរ ដែល​ក្នុងនោះ​រាប់​ចាប់តាំងពី​ការ​ចងក្រង​បង្កើតជា​ក្រុម​ភ្នាក់ងារ​បម្រើសេវា ដើម្បី​ទទួលបាន​កម្រៃជើងសារ រហូតដល់​ការបង្កើត​ជា​ក្រុមហ៊ុន​លំដាប់​ស្ដង់ដារ ក្នុង​ទ្រង់ទ្រាយ​ធំ ដោយមាន​ការតម្កល់​ដើមទុន​យ៉ាង​សន្ធឹកសន្ធាប់។

យ៉ាងណាក៏ដោយ​នៅក្នុង​ចំណោម​អ្នក ដែល​ចាប់​ប្រកប​លើ​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​មួយ​នេះ មិនមែន​សុទ្ធតែ​ទទួលបាន​ភាពជោគជ័យ​នោះទេ។

ពាក់ព័ន្ធ​ទៅនឹង​មុខ​ជំនួញ​មួយ​នេះ លោក​ឧ​ញ៉ា នួន រឹទ្ធី ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទទួលបាន​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ 2018 បានផ្តល់​ជា​អនុសាសន៍​ថា មុខ​ជំនួញ​អាច​សម្រេច​ជា​លទ្ធផល​ទៅបាន លុះត្រាតែ​មានការ​តាំងចិត្ត​ខ្ពស់ និង​មាន​គម្រោង​ផែនការ​ច្បាស់លាស់ ជាពិសេស​ត្រូវមាន​ចំណុចសំខាន់ៗទាំង៤ជាដាច់ខាត។

ទុន​ថវិកា

ជាមួយនឹង​ការកំណត់​ផែនការ ដែលជា​គោលបំណង ដើមទុន​គឺជា​ចំណុច​សំខាន់ និង​ដំបូង​គេ​បង្អស់ ដែល​ត្រូវតែមាន​ជា​ចាំបាច់ សម្រាប់​ដាក់ឱ្យ​ដំណើរការ​នៃប្រតិបត្តិ​ការ​នៃ​មុខ​ជំនួញ ដែល​ក្នុងនោះ​រាប់​ចាប់តាំងពី​ការចាត់​បែងចែក សម្រាប់​ការ​បង្កើតជា​ទីស្នាក់ការ ចែកជា​ខ្ទង់ចំណាយ​សម្រាប់​បុគ្គលិក សមាជិក ការកសាង​កេរ្តិ៍ឈ្មោះ ដែល​អាច​ធានា​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​យូរអង្វែង។

ទុន​ចំណេះ

ថ្វី​ត្បិត​ទុន​ថវិកា​ជា​ចំណុច​ចាប់ផ្តើម និង​ត្រូវតែមាន​ជាសំខាន់​ក្ដី ប៉ុន្តែ​ចំណេះដឹង​ជា​សាកល ក៏ដូចជា​ជំនាញ​ផ្ទាល់ ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ ក៏​ជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​ផងដែរ។

នៅត្រង់ចំណុច​នេះ លោក​ឧកញ៉ា នួន រឹទ្ធី ក៏បាន​បញ្ជាក់​ផងដែរ​ថា ជំនាញ គឺជា​ទុន​យ៉ាងសំខាន់។ អ្នកមាន​ជំនាញ​ច្បាស់​លើ​វិស័យ​អ​ចនទ្រ​ព្យ ទោះ​ជាមាន​ថវិកា​ជា​ទុន​តិចតួច​ក្ដី ក៏​អាចឱ្យ​ដំណើរការ​នៃ​អាជីវកម្ម​ដើរទៅ​មុខ​បានដែរ បើទោះជា​មិនមាន​ភាព​ធំធាត់​ឆាប់រហ័ស​ដូច​ការចំណាយ​ថវិកា​ជា​គោល​ក្ដី។ ជាក់ស្ដែង នៅលើ​ទីផ្សារ​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មាន​មនុស្ស​មួយចំនួន​បាន​ចាប់ដំណើរការ​អាជីវក​ម្ម ក៏ដូចជា​មុខ​ជំនួញ​មួយ​នេះ​បានជាបណ្ដើរៗ ដោយ​ផ្តើម​ពី​ការងារ​ជា​ភ្នាក់ងារ​លក់ និង​ការសម្រួល​ជា​ឯកសារ​ពាក់ព័ន្ធ​ឡើងទៅ ដើម្បី​ទទួលបាន​ភាគលាភ​ជា​កម្រៃជើងសារ (Commission)។

ទុន​បណ្តាញ 

ការផ្សារភ្ជាប់ និង​បង្កើតជា​ទំនាក់ទំនង​បណ្តាញ គឺជា​ប្រការ​ដែល​សំខាន់​នៅក្នុង​វិស័យ​មួយ​នេះ ។ នៅពេល​អ្នកមាន​ទំនាក់ទំនង​ល្អ ជាមួយ​មនុស្ស​ទូទៅ​ដែល​ស្ថិតនៅ​ជុំវិញខ្លួន ជាពិសេស​ស្ថិតនៅក្នុង​វិស័យ​រួមគ្នា នោះ​អ្នកនឹង​អាច​បំបែក​ពង្រីក​វិសាលភាព​របស់​អ្នក​កាន់តែខ្លាំង ដែល​អាជ​បើក​ជំហរ​ទីផ្សារ​របស់​អ្នក​កាន់តែ​ទូលាយ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ជាមួយនឹង​ទាំ​នក់​ទំនង​ល្អ អ្នក​ក៏​អាច​បញ្ចៀស​នូវ​រាល់​ហានិភ័យ ឬ​អាច​ដោះស្រាយ​បញ្ហា​ទៅតាម​ស្ថាន​ការ​បាន​យ៉ាង​ប្រសើរ​បំផុត។

ស្ថិរភាព​សង្គម

សម្រាប់​ចំណុច​ចុងក្រោយ​នេះ ត្រូវបាន​លោក​ឧកញ៉ា​នួន រឹទ្ធី មានប្រសាសន៍​សង្កត់ធ្ងន់​ថា  មិន​ថា​ចំពោះតែ​ប្រទេស​កម្ពុជា​នោះទេ សេចក្ដីសុខ សន្ដិភាព និង​ស្ថិរភាព​សង្គម​គឺជា​កត្តា​ចម្បង​បំផុត។ នៅពេល​ប្រទេស​មាន​សន្ដិសុខ​ល្អ អ្នកវិនិយោគ ក៏ដូចជា​វិនិយោគិន​បរទេស​នានា នឹង​ងាក​មក​ចាប់អារម្មណ៍​បណ្តាក់ទុន​ជាក់​មិន​ខាន ហើយ​ចំណុច​មួយទៀត ក៏​ជាការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក អាច​រកចំណូលបាន​ខ្ពស់ ហើយនឹង​ឈានទៅរក​ទីជម្រក ដែល​ស្ថិតនៅក្នុង​វិស័យ​មួយ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here