ក្រុង​ ស្រុក​ចំនួន៣​ក្នុង​ខេត្ត​កំពង់ស្ពឺ​ស្ថិត​នៅ​ក្នុង​ផែន​ការអភិវឌ្ឍន៍ ​សម្រាប់​ឆ្នាំ​២០២៦​ ២០៣០​

ដោយៈ ចំណាន

   កំពង់ស្ពឺៈ ស្រុកចំនួន៣នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាច្រករបៀងសំខាន់នៃផែនការអភិវឌ្ឈ ដែលទទួលឥទ្ធិពលនៃកំណើន និងការរីកចម្រើននៃរាជធានីភ្នំពេញ។

បណ្តាស្រុកទាំងនោះ គឺស្ថិតនៅក្នុងផែនការ Greater Phnom Penh Urban Growth Corridor។

១. ស្រុកសំរោងទង

ស្រុកមួយនេះ បានផ្តោតជាពិសេសផ្លូវជាតិលេខ៤/ខ្សែក្រវ៉ាត់ឧស្សាហកម្មដែលនៅជិតបំផុតនឹងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជាតំបន់ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបប្រទាក់ក្រឡា ដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងបណ្តាញផ្លូវសំខាន់ៗមួយចំនួនទៀតដូចជា ផ្លូវជាតិលេខ៤១ និងផ្លូវលេខ៥១។

២. ក្រុងច្បារមន

ទីក្រុងដែលតំណាងឲ្យខេត្តកំពង់ស្ពឺ ជាតំបន់ដែលស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៤/ផ្លូវជាតិលេខ៥១។

ទីតាំងឧស្សាហកម្ម និងភស្តុភារកម្មដែលតភ្ជាប់ឆ្ពោះទៅផ្លូវជាតិលេខ៤ និងជាច្រករបៀងតំបន់រយៈពេលមធ្យម និងរយៈពេលវែង។

៣. ភ្នំស្រួច

ស្រុកភ្នំស្រួច និងតំបន់ដែលបានជ្រើសរើស នៅជុំវិញផ្លូវជាតិលេខ៤ មានភាពជាចម្បងលើសក្តានុពលឧស្សាហកម្ម ភស្តុភារកម្ម និងកែច្នៃកសិកម្ម ជាជាងនគរូបនីយកម្មក្នុងរាជធានីភ្នំពេញខ្លួនឯង។

ចំណុចសំខាន់មួយ គឺក្រុងច្បារមន គួរតែត្រូវបានបង្ហាញថាជា  “ចំណុចសេដ្ឋកិច្ចផ្កាយរណប” ស្របពេលកំពង់ស្ពឺមានសកម្មភាពឧស្សាហកម្មយ៉ាងច្រើនរួចទៅហើយ រួមទាំងរោងចក្រតាមបណ្តោយផ្លូវជាតិលេខ៤ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

ដូច្នេះសម្រាប់ផែនទីអភិវឌ្ឈន៍នេះ នឹងដើរតាមនិន្នាការអភិវឌ្ឍន៍បែបប្រទាក់ក្រឡា ភ្នំពេញ → កណ្តាល → អង្គស្នួល → សំរោងទង → ច្បារមន → តំបន់ភ្នំស្រួច ផ្លូវជាតិលេខ៤ ដែលបានជ្រើសរើស៕

ក្រសួងពាណិជ្ជកម្ម​បើក​វេទិកា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ឆ្នាំ២០២៦​ ជា​លើក​ដំបូង​

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦”ជាលើកដំបូង។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណង បង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយ អ្នកបញ្ជាទិញសក្តានុពល ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈសំខាន់ៗរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សារទំនើប ថ្នាលពាណិជ្ជកម្មឌីជីថល និងភាគីពាក់ព័ន្ធជាច្រើនទៀតក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការប្រឹក្សាលើការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីការពារម៉ាក សេវាផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល (ច.ប.ផ)។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ គឺជាការរៀបចំលើកទី១ និងជាជំហានសាកល្បងដ៏សំខាន់ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្រួលនិងលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងពាណិជ្ជកម្មក្នុងស្រុក ជាពិសេសការតភ្ជាប់ដោយផ្ទាល់រវាងកសិករ អ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកចែកចាយ អ្នកបញ្ជាទិញ វិនិយោគិន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សេវាបច្ចេកវិទ្យា និងសេវាភស្តុភារកម្ម។ លទ្ធផលវិជ្ជមាននៃវេទិកានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យលទ្ធភាព ពង្រីកកម្មវិធីឱ្យក្លាយជា “ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់ជាតិ” នៅឆ្នាំបន្តបន្ទាប់ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត ការដាំដុះ និងការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទោះជាយ៉ាងណា ភាពមិនទាន់ប្រទាក់ក្រឡាគ្នា ពេញលេញរវាងកសិករ អ្នកកែច្នៃ អ្នកផលិត អ្នកផ្តល់ហិរញ្ញប្បទាន បណ្តាញចែកចាយ និងអ្នកបញ្ជាទិញ នៅតែជាបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ។

ក្នុងន័យនេះ ភារកិច្ចសំខាន់មិនមែនត្រឹមតែជំរុញការផលិត និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតភ្ជាប់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំ និងប្រកបដោយចីរភាព។

វេទិកានេះមានសកម្មភាពស្នូលសំខាន់ៗ រួមមាន៖ការតាំងបង្ហាញផលិតផល និងសេវាកម្ម ការផ្គូផ្គងពាណិជ្ជកម្ម (G2B2B) ការចែករំលែកបទពិសោធន៍ និងករណីសិក្សាអំពីប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ការធ្វើបទបង្ហាញផលិតផល និងអាជីវកម្ម (Pitching) ការបង្ហាត់បង្រៀនអំពីការអភិវឌ្ឍម៉ាកយីហោ (Branding) និងការវេចខ្ចប់ផលិតផល (Packaging) ព្រមទាំងការផ្តល់ប្រឹក្សាអំពីសេវាសាធារណៈពាក់ព័ន្ធនឹងធុរកិច្ចសំខាន់ៗ ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល៕

ធនាគារ AIIB គាំទ្រ​លើ​គម្រោង​តភ្ជាប់​ផ្លូវ​តំបន់​កណ្តាល​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)បាន និងកំពុងគាំទ្រដល់គម្រោងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធតំបន់កណ្តាលនៅក​ម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំនាយករងគម្រោង លោកប្រធានគ្រប់គ្រងគម្រោង លោក-លោកស្រី ជាសមាជិក-សមាជិកាគម្រោង ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនទីប្រឹក្សា និងក្រុមការងារធនគារAIIB ដឹកនាំដោយលោកស្រី Jaishree Jindel , Project Team Leader of AIIB អំពីគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល (Central Region Connectivity Project) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងពីសំណាក់ក្រុមហ៊ុនទីប្រឹក្សា និងជជែកពិភាក្សាលើនីតិវិធីពាក់ព័ន្ធ ដើម្បីពន្លឿនការអនុម័តថវិកាសម្រាប់ការសាងសង់៕

ប្រទេសចិន​គ្រោង​យកពន្ធ​លើ​ទ្រព្យសម្បត្តិ​នៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋចិន​

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការយកពន្ធលើទ្រព្យសម្បត្តិរនៅក្រៅប្រទេសរបស់ពលរដ្ឋចិន ដែលជំរុញឱ្យជនជាតិចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភពិចារណាឡើងវិញអំពីកន្លែង និងរបៀបដែលពួកគេរក្សាទុកទ្រព្យសម្បត្តិ។

ទីក្រុងប៉េកាំងកំពុងអនុវត្តពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញនៅក្រៅប្រទេសដែលរកបានដោយអ្នកជាប់ពន្ធចិន។

នៅចុងខែកក្កដា ប្រទេសចិនបានដាក់ពន្ធលើប្រាក់ចំណូល២០ភាគរយចំពោះបរធនបាលកិច្ចនៅក្រៅប្រទេស ដែលត្រូវបានប្រើប្រាស់ដោយបុគ្គលមានទ្រព្យសម្បត្តិដើម្បីកាន់កាប់ទ្រព្យសម្បត្តិនៅក្រៅប្រទេស។

ភាពមិនប្រាកដប្រជានេះបានលើកឡើងនូវសំណួរអំពីថា តើអ្នកទិញជនជាតិចិនអាចដកខ្លួនចេញពីទីផ្សារអចលនទ្រព្យនៅក្រៅប្រទេស ពិសេសសិង្ហបុរី ដែលពួកគេមានវត្តមានយ៉ាងច្រើនឬអត់។ ជនជាតិចិន បានក្លាយជាក្រុមជនបរទេសដែលបានទិញលំនៅឋានច្រើនជាងគេជាយូរមកហើយនៅសិង្ហបុរី។

រហូតមកដល់ពេលនេះ ក្នុងឆ្នាំ ២០២៦ ទិន្នន័យរបស់កាសែត Knight Frank បានបង្ហាញថា ទឹកប្រាក់ចំនួន ២,១ ពាន់លានដុល្លារអាមេរិកបានហូរចូលទៅក្នុងតំបន់អាសុីប៉ាសុីហ្វិក បើធៀបនឹង ៣,២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ និង ៣,៧ ពាន់លានដុល្លារសិង្ហបុរីក្នុងឆ្នាំ ២០២៤។

ទីផ្សារការិយាល័យបានទាក់ទាញដើមទុនច្រើនជាងគេ ដោយមានទឹកប្រាក់ចំនួន២,៥ ពាន់លានដុល្លារអាមេរិកចន្លោះឆ្នាំ ២០២៣ និង២០២៥ តាមពីក្រោយដោយទីផ្សារអចលនទ្រព្យឧស្សាហកម្មដែលមានទឹកប្រាក់ចំនួន ២,៤ ពាន់លានដុល្លារអាមេរិក និងមជ្ឈមណ្ឌលទិន្នន័យដែលមានទឹកប្រាក់ចំនួន ១,៨ ពាន់លានដុល្លារអាមេរិក៕

តម្លៃ​ផ្ទះ​នៅ​ប្រទេសនូវែលសេឡង់​បាន​ធ្លាក់​ចុះ​ដល់​កម្រិតទាប​បំផុត​ក្នុង​រយៈ​ពេល​ជាង​៣ឆ្នាំ​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសនូវែលសេឡង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង៣ឆ្នាំនៅក្នុងខែសីហា និងជះផលប៉ះពាល់ដល់ទស្សនវិស័យនៃតម្រូវការក្នុងស្រុក ដែលជាកត្តាជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានឱ្យដឹងថា សន្ទស្សន៍តម្លៃផ្ទះបានធ្លាក់ចុះ០,៤ភាគរយធៀបនឹងខែកក្កដា។ តម្លៃផ្ទះនាពេលបច្ចុប្បន្ន មានកម្រិតទាបជាងមុន១៨ភាគរយបើធៀបនឹងកម្រិតកំពូលនៅខែមករា ឆ្នាំ២០២២។

លទ្ធផល​នេះ​បន្ថែម​សម្ពាធទៅលើ​ការចំណាយរបស់គ្រួសារ​ដែល​កំពុងជួបប្រទះនឹង​ការកើនឡើង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ការកើនឡើង​នៃ​អត្រា​គ្មាន​ការងារ​ធ្វើ ដែល​បញ្ជាក់​ថា​ការចំណាយ​របស់​អ្នកប្រើប្រាស់​នឹង​នៅតែ​មាន​កម្រិត​ទាប។

ធនាគារកណ្តាលនូវែលសេឡង់ (RBNZ) នៅសប្តាហ៍នេះបានដំឡើងអត្រាការប្រាក់សម្រាប់កិច្ចប្រជុំលើកទីពីរជាប់ៗគ្នា។ បច្ចុប្បន្ន ការនាំចេញ និងវិស័យទេសចរណ៍របស់ប្រទេសនេះកំពុងរីកចម្រើន ខណៈការប្រើប្រាស់ និងការវិនិយោគកំពុងដើរយឺត។

លោក Kelvin Davidson ប្រធានសេដ្ឋវិទូអចលនទ្រព្យនៅ Cotality បានមានប្រសាសន៍ថា “ទីផ្សារលំនៅឋានស្ថិតក្នុងភាពទ្រឹង ដែលនឹងអូសបន្លាយរហូតដល់ឆ្នាំក្រោយ”។ “ពុំមានសញ្ញានៃការធ្លាក់ចុះយ៉ាងខ្លាំងនោះទេ ប៉ុន្តែក៏មិនមានកាតាលីករសម្រាប់កំណើនដ៏រឹងមាំនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ”៕

ក្រសួងដឹកជញ្ជូន​ពិភាក្សា​ជាមួយ​គយ​ ដើម្បី​ធ្វើ​សេចក្តីព្រាង​អនុក្រិត​ថ្មី​ទាក់​ទង​ការ​ដឹកជញ្ជូន​ឆ្លង​ដែន​

ដោយៈ ម៉ាណា

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងគយ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិ សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ តំណាងលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិ សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ប្រតិភូតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សា ធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងបញ្ចៀសការជាន់សមត្ថកិច្ចរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងធានាប្រសិទ្ធភាពក្នុងការអនុវត្ត៕

ផែនការថ្មីៈ ​រដ្ឋាភិបាល​គ្រោង​ប្រែ​ក្លាយ​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល​ និង​កំពង់ស្ពឺ​សម្រាប់​អភិវឌ្ឍ​ឧស្សាហកម្ម​ ភស្តុភារកម្ម​

ដោយៈ ចំណាន

   កណ្តាល/កំពង់ស្ពឺៈ ការកសាងច្រករបៀងកំណើនទីក្រុងភ្នំពេញដ៏ធំ” ជាតំបន់សេដ្ឋកិច្ច និងកំណើនទីក្រុងដែលមានមុខងារ នឹងផ្តោតលើខេត្តកណ្តាល និងកំពង់ស្ពឺ ដែលងាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាជាមួយរាជធានីភ្នំពេញ។

មានភស្តុតាងល្អសម្រាប់រឿងនេះ ដោយយោងតាមរបាយការណ៍ Knight Frank Cambodia ថ្មីៗនេះបាននិយាយថា ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល គឺជាខេត្តដែលនៅជាប់នឹងទីក្រុងភ្នំពេញ ជាកន្លែងដែលដីឧស្សាហកម្ម នៅតែមានការប្រកួតប្រជែង ហើយរំពឹងថា SEZ នាពេលអនាគតនៅទីនោះ នឹងចាប់យកតម្រូវការផលិតកម្ម និងភស្តុភារកម្ម គាំទ្រដល់ច្រករបៀងឧស្សាហកម្ម/ភស្តុភារកម្មទីក្រុងភ្នំពេញដ៏ទូលំទូលាយ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា បានពិពណ៌នាអំពីការតភ្ជាប់ផ្លូវជាតិលេខ៤ ពីទីក្រុងភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ និងច្បារមន ជាតំបន់អភិវឌ្ឍន៍រោងចក្រ/កសិ-ឧស្សា​ហកម្មដ៏សំខាន់មួយ។

ជាមួយគ្នានេះ យោងតាមការស្រាវជ្រាវរបស់JICA កាលពីពេលថ្មីៗនេះបានបង្ហាញ ពីការកំណត់អត្តសញ្ញាណ ផ្នែកកំណើនទីក្រុងដែលលាតសន្ធឹង ពីទីក្រុងភ្នំពេញដ៏ធំល្វឹងល្វើយ ស្ថិតនៅតាមបណ្តោ​យផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ៕

រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវ​ការ​នូវ​ “កម្មវិធី​អន្តរាគមន៍​គ្រប់ជ្រុង​ជ្រោយ​ឆ្លើយតប​នឹង​សភាព​ការណ៍​ពហុវិបត្តិ​”

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ”។

កម្មវិធីនេះហៅកាត់ខ្លីថា “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” ក្រោមអធិបតីភាពរបស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, តំណាងអង្គទូត, ដៃគូអភិវឌ្ឍន៍, តំណាងគ្រឹះស្ថាន សមាគមឯកជន, ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។

ពិធីនេះមានគោលបំណងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនៃកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ដែលត្រូវបានអនុម័តដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតប នឹងសភាពការណ៍ពហុវិបត្តិ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនេះ​ ត្រូវបានរៀបចំឡើងក្នុងស្មារតីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ទៅនឹងវិបត្តិថាមពល ព្រមទាំងបង្កើតការងារ និងជ្រោមជ្រែងការងើបឡើងវិញនៃធរុកិច្ច ដែលកម្មវិធីនេះត្រូវបានកំណត់គោលដៅចំនួន៤ សំខាន់ៗដូចជា៖ ទី១. រក្សាលំនឹងជីវភាពរបស់ក្រុមប្រជាជនគោលដៅ តួយ៉ាង ប្រជាជនក្រីក្រ គ្រួសារងាយរងហានិភ័យ កសិករ ពលករទេសន្តរប្រវេសន៍ និងគ្រួសារភៀសសឹក និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ជាដើម។

ទី២. លើកកម្ពស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករចម្បងជំរុញកំណើនសេដ្ឋកិច្ចជាតិ, ទី៣. លើកកម្ពស់ការអភិវឌ្ឍជំនាញ, បង្កើតមុខរបរ និងពង្រីកឱកាសការងារ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្មវិធីបង្កើតការងារនៅមូលដ្ឋាន, និង ទី៤. ពង្រឹងការគ្រប់គ្រង និងជំរុញការធ្វើអន្តរកម្ម ព្រមទាំងការបំប្លែងថាមពល ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។

កម្មវិធីនេះ មិនមែនជាការដាក់ចេញវិធានការថ្មី ទាំងស្រុងនោះទេ; ប៉ុន្តែជាការប្រមូលផ្តុំ កែសម្រួល ឬពង្រីកវិធានការដែលមានស្រាប់ និងបន្ថែមវិធានការថ្មីៗតាមការចាំបាច់ ដើម្បីឱ្យការឆ្លើយតបរបស់ រាជរដ្ឋាភិបាលកាន់តែគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងចំគោលដៅ។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ ត្រូវបានបែងចែកចេញជាកញ្ចប់អន្តរាគមន៍ចំនួន ៣ រួមមាន៖ កញ្ចប់អន្តរាគមន៍ទី១ ដែលមានវិធានការសរុបចំនួន១៥វិធានការ ក្នុងការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ។

កញ្ចប់អន្តរាគមន៍ទី២ ដែលមានវិធានការសរុបចំនួន ៤ វិធានការ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ និងកញ្ចប់អន្តរាគមន៍ទី៣ ដែលមានវិធានការសរុបចំនួន ៨ វិធានការ ក្នុងការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។

វិធានការទាំងនេះ នឹងត្រូវអនុវត្តក្នុងពេលដំណាលគ្នា ចាប់ពីឆមាសទី២ ឆ្នាំ២០២៦ នេះតទៅ រហូតដល់កាលបរិច្ឆេទកំណត់ជាក់ស្តែងដែលបានកំណត់ សម្រាប់វិធានការនីមួយៗ លើកលែងតែ វិធានការមួយចំនួនដែលមានចរិត ចូលរួមកសាងភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលមធ្យម និងវែង។៕

ក្រុមហ៊ុនធំ​ជាង​គេ​របស់វៀតណាម​ Vingroup ​ទទួល​បាន​ដី​សម្រាប់​សង់​គម្រោង​ទីក្រុងតម្លៃ​ ១,៥ ​ពាន់លានដុល្លារ​

ដោយ: សហសេវិក
អន្តរជាតិ: សម្ព័ន្ធក្រុមហ៊ុនមួយដឹកនាំដោយក្រុមហ៊ុន Vingroup បានទទួលដីទំហំ១១២ហិកតានៅភាគខាងជើងប្រទេសវៀតណាម ដើម្បីអភិវឌ្ឍគម្រោងទីក្រុងមួយ ដែលមានតម្លៃចំនួន៤១ទ្រីលានដុង (ប្រមាណ១,៥ពាន់លានដុល្លារអាមេរិក)។

តំបន់ទីក្រុងថ្មីភាគពាយ័ព្យ (Northwest New Urban Area) ដែលមានទីតាំងនៅខេត្តបាក់និញ ចម្ងាយ ៤០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងហាណូយ រួមមានផ្ទៃដី ៥០ ហិកតាដែលត្រូវបានអនុម័តសម្រាប់សាងសង់វីឡា ផ្ទះអាជីវកម្ម និងអគារអាផាតមុិន និងដីដែលនៅសល់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា កន្លែងលេងកីឡា ផ្លូវថ្នល់ និងទីធ្លាបៃតង។

ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់ប្រទេសវៀតណាម ត្រូវបានគ្រប់គ្រងដោយលោក Pham Nhat Vuong ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣៤,៥ ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ ៦២ ទូទាំងពិភពលោក។

ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយរបស់តំបន់ភាគខាងជើង ខេត្តបាក់និញ ទទួលបានអត្ថប្រយោជន៍ពីទីតាំងរបស់ខ្លួននៅក្នុងតំបន់ត្រីកោណសេដ្ឋកិច្ចសំខាន់ហាណូយ-ហៃផុង-ក្វាងនិញ និងបម្រើជាច្រកទ្វារភាគឦសានទៅកាន់រដ្ឋធានី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាក់និញ គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការអភិវឌ្ឍខ្លាំងនៅទូទាំងផ្នែកអចលនទ្រព្យជាច្រើនដូចជា លំនៅឋាន តំបន់ទីក្រុង និងសួនឧស្សាហកម្ម។

នៅថ្ងៃទី២០ ខែកញ្ញា រដ្ឋសភាវៀតណាមបានអនុម័តឱ្យខេត្តបាក់និញក្លាយជាទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្តាល រួមជាមួយខេត្តក្វាងនិញនៅតាមព្រំដែនប្រទេសចិន៕

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ត្រៀម​ថវិកា​ជិត៣​ពាន់​លានដុល្លារ​ សម្រាប់​ជំរុញ​ការសាង​សង់​លំនៅដ្ឋាន ​និង​ការ​ទិញផ្ទះ​

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំថវិកាចំនួន ៥០ ទ្រីលានរូពី (២,៨ ពាន់លានដុល្លារ) សម្រាប់ជំរុញការសាងសង់លំនៅដ្ឋាន និងការទិញផ្ទះនៅឆ្នាំ២០២៦។នេះបើយោងតាមការចុះផ្សាយដោយកាសែត Jakarta Globe។

ឥណ្ឌូនេសុីកំពុងស្វែងរកដំណោះស្រាយបញ្ហាកង្វះលំនៅឋានទូទាំងប្រទេស និងពន្លឿនកម្មវិធីសាងសង់ផ្ទះចំនួន ៣ លានខ្នងរបស់លោកប្រធានាធិបតី Prabowo Subianto។

យោងតាមទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានឱ្យដឹងថា ប្រជាជនឥណ្ឌូនេស៊ីចំនួន៩,២៩លានគ្រួសារនៅតែមិនទាន់មានផ្ទះសម្បែង។

លោក Rosan Roeslani នាយកប្រតិបត្តិនៃមូលនិធិទ្រព្យសម្បត្តិរដ្ឋ Danantara Indonesia បានអះអាងថា តួលេខនេះគូសបញ្ជាក់ពីទំហំនៃតម្រូវការលំនៅឋានរបស់ប្រទេស និងភាពបន្ទាន់នៃការពង្រីកការទទួលបានផ្ទះសម្បែងឱ្យបានគ្រប់គ្រាន់។

លោក Rosan បានបន្តថា “តួលេខទាំងនេះបង្ហាញថា តម្រូវការលំនៅឋានពិតជាអាទិភាពចម្បង។ យើងនឹងធ្វើការជាមួយក្រសួងលំនៅឋានដើម្បីធានាថា កម្មវិធីលំនៅឋានត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស និងបំពេញតាមស្តង់ដាររស់នៅសមរម្យ”។

ក្រុមមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការពង្រីក​ស្តុក​លំនៅឋាន​ត្រូវតែ​ដើរទន្ទឹមគ្នានឹង​គម្រោង​ផ្តល់ហិរញ្ញប្បទាន​ដែលសមស្រប​ទៅនឹង​អំណាចទិញ​របស់​គ្រួសារ។

ដូច្នេះ រដ្ឋាភិបាល​កំពុង​ស្វែងរក​ការចូលរួម​កាន់តែច្រើន​ពី​អ្នកអភិវឌ្ឍន៍​ដែលគ្រប់គ្រង​ដោយ​រដ្ឋ និង​ឯកជន ក៏ដូចជា​ធនាគារ​ផងដែរ។ កិច្ចសហការ​បែបនេះ​ត្រូវបានគេរំពឹងថានឹង​ពន្លឿន​ការសាងសង់​លំនៅឋាន និងពង្រីក​ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​អ្នកទិញផ្ទះ៕