ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាកាតាបន្តទទួលបានការចាប់អារម្មណ៍ជាង រដ្ឋធានីថ្មីនាពេលអនាគត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL អះអាងថា បណ្តាវិនិយោគិនបន្តបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអចលនទ្រព្យនៅក្នុងទីក្រុងហ្សាកាតា និងតំបន់ជុំវិញទីក្រុងនេះ ទោះបីជាមានការសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនៅខេត្ត East Kalimantanយ៉ាងណាក្តី។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបន្តថា តំបន់រមណីយដ្ឋានកោះបាលីដ៏ល្បីល្បាញរបស់ឥណ្ឌូនេសុី ក៏បានក្លាយជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញសម្រាប់បណ្តាវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកផងដែរ។

លោក Herully Suherman នាយកជាន់ខ្ពស់ផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន JLL Indonesia លើកឡើងថា“យើងទទួលបានការសាកសួរយ៉ាងច្រើនទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ីក្នុងអំឡុងត្រីមាសទី២ ឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់នៅក្នុងខែកុម្ភៈ”។

អ្នកជំនាញអចលនទ្រព្យរូបនេះបានមានប្រសាសន៍ឱ្យដឹងថា “បណ្តាវិនិយោគិនជាច្រើននៅតែសម្លឹងឃើញសក្តានុពលនៃតំបន់ទីក្រុងហ្សាការតា (Greater Jakarta) ព្រោះនេះជាទីផ្សារដែលបានបង្កើតឡើងរួចហើយ”។

លោកព្យាករណ៍ថា រដ្ឋធានីថ្មីនាពេលអនាគត Nusantara របស់ឥណ្ឌូនេសុីនឹងជះផលប៉ះពាល់តិចតួចបំផុតមកលើទីក្រុងហ្សាកាតា។ លោក​បាន​បន្ថែម​ថា​“ សូម្បី​តែ​រដ្ឋាភិបាល​ក៏​បានចាត់ទុក ទីក្រុង​ហ្សាការតាជា​ការ​អភិវឌ្ឍ​ន៍រយៈពេល​វែង​ផងដែរ”។

លោកបានពន្យល់ថា ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងហ្សាកាតា និងតំបន់ជុំវិញនៅតែមានភាពរឹងមាំ ដោយសារទីផ្សារត្រូវបានជំរុញជាចម្បងដោយការពិចារណាលើផ្នែកពាណិជ្ជកម្ម ជាជាងឥទ្ធិពលខាងក្រៅដូចជាទីក្រុង Nusantara ។

នៅក្នុងត្រីមាសទី២ លោក Herully បានចង្អុលបង្ហាញថា បណ្តាវិនិយោគិនបានផ្តោតចំពោះវិស័យសំខាន់ៗមួយចំនួន រួមមានដូចជា លំនៅដ្ឋានជាប់ដី(Landed residences) អគារការិយាល័យ សណ្ឋាគារ អាផាតមុិន និងសេវាកម្មលក់រាយជាដើម។

វិស័យសណ្ឋាគារ ជាពិសេសនៅក្នុងទីក្រុងហ្សាកាតា និងកោះបាលី នៅតែមានតម្រូវការខ្ពស់ ស្របពេលដែលការផ្គត់ផ្គង់នៅមានកម្រិត ហើយទីផ្សារអាផាតមុិនក៏បានបង្ហាញភាពទាក់ទាញផងដែរ ដោយសារផលចំណេញខ្ពស់។

ជាមួយគ្នានេះ វិស័យលក់រាយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាម៉ាកយីហោអន្តរជាតិល្បីៗ៕ប្រភព: AsiaNews. Network៕

ដំណឹងល្អ: ក្រុមហ៊ុនអាកាសចរណ៍យក្ស Etihad Airways របស់អារ៉ាប់រួមគ្រោងបើកជើងហោះហើរមកកាន់រាជធានីភ្នំពេញនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Etihad Airways របស់ប្រទេសអារ៉ាប់រួម (UAE) នៅសប្តាហ៍នេះ បានប្រកាសពីផែនការបើកជើងហោះហើរថ្មីចំនួន១០ ចាប់ពីឆ្នាំ២០២៥ ដែលក្នុងនោះរួមមានទាំងផ្លូវហោះហើរថ្មីរវាងទីក្រុង Abu Dhabi និងរាជធានីភ្នំពេញ។

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះហើរថ្មីមកកាន់កម្ពុជានឹងចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ខាងមុខ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ជើងហោះហើររវាងទីក្រុង Abu Dhabi ទៅកាន់ទីក្រុងភ្នំពេញ នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំក្រោយ ជាមួយនឹងការបើកជើងហោះហើរចំនួន៥ដងក្នុងមួយសប្តាហ៍ រួមមាននៅថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ និងថ្ងៃសៅរ៍។

ការបើកដំណើរការសេវាកម្មហោះហើរថ្មីនេះ នឹងជះឥទ្ធិពលវិជ្ជមានលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលគ្រោងនឹងចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្មក្នុងឆ្នាំ២០២៥។

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លើកឡើងថា កម្ពុជាជាគោលដៅថ្មីសម្រាប់អ្នកដំណើរមកពីប្រទេសអារ៉ាប់រួម ដោយកត់សម្គាល់ថា រាជធានីភ្នំពេញជាទីក្រុងដ៏រស់រវើក គួបផ្សំជាមួយភាពទាក់ទាញជាប្រវត្តិសាស្ត្រ ដែលមានទីតាំងសំខាន់ៗជាច្រើនដូចជា ព្រះបរមរាជវាំង វត្តព្រះកែវមរកត និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានអះអាងទៀតថា “ដំណើរកម្សាន្តតាមមាត់ទន្លេក្នុងទីក្រុងភ្នំពេញ ទីផ្សារដ៏រស់រវើក និងម្ហូបអាហារដ៏សម្បូរបែប ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាគោលដៅទាក់ទាញសម្រាប់ទាំងអ្នកចូលចិត្តសិក្សាពីប្រវត្តិសាស្ត្រ និងវប្បធម៌”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានតភ្ជាប់ជើងហោះហើរពីតំបន់មជ្ឈឹមបូព៌ាមកកាន់កម្ពុជារួមមាន ក្រុមហ៊ុន Emirates ដែលមានសេវាកម្មហោះហើរពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់តាមរយៈសិង្ហបុរី និងក្រុមហ៊ុន Qatar Airways៕ប្រភព: Etihad Global៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈភាពបរាជ័យរបស់ធនាគារកណ្តាលអាមេរិកក្នុងការទាញទម្លាក់អត្រាអតិផរណាឱ្យត្រឡប់ទៅកាន់គោលដៅ២% រួមជាមួយនឹងការរំពឹងទុកនៃការដាក់ពន្ធខ្ពស់ទៅលើទំនិញនាំចូលពីបរទេសអាចបង្រួមវិសាលភាពនៃការបញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៨ភាគរយដល់២៦៣០,៦៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៥ភាគរយដល់២.៦២៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣៥,៥១ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៣៩,៩០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៨,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,២១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,០៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,០៣%ដល់២៩,៨០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៥%ដល់៩៣៣,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៦%ដល់៩៨៥,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

 

ការទិញអគារអចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងបុមបៃក្លាយជាជម្រើសរបស់បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុធំៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាធនាគារនានា និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មជាច្រើនបានសម្រេចទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ជាជាងការជួលអចលនទ្រព្យទាំងនោះ។

តួយ៉ាង ក្រុមហ៊ុន Nippon Life India Asset Management Ltd ថ្មីៗនេះបានទិញអចលនទ្រព្យពាណិជ្ជកម្មចំនួន២នៅអគារ One Lodha Place ក្នុងតំបន់ Lower Parel នៃទីក្រុងបុមបៃ ក្នុងតម្លៃសរុបប្រមាណ៥៧,៥៥លានដុល្លារអាមេរិក។

ក្រុមអ្នកជំនាញបានលើកឡើងថា និន្នាការដែលបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យពាណិជ្ជកម្មជាជាងការជួលបានឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿយ៉ាងមុតមាំលើបរិយាកាសអាជីវកម្ម និងទំនុកចិត្តលើនិរន្តរភាពនៃប្រព័ន្ធអេកូសេដ្ឋកិច្ចរបស់ឥណ្ឌា។

យោងតាមឯកសារពីភ្នាក់ងារអចលនទ្រព្យ Square Yards បានឱ្យដឹងថា អចលនទ្រព្យពាណិជ្ជកម្មទាំង២យូនីត ដែលទិញដោយក្រុមហ៊ុន Nippon Life India Asset Management មានទំហំផ្ទៃក្រឡាសរុបចំនួន៤៨៤៦,០១ម៉ែត្រការ៉េ។

ដោយឡែក កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន ICICI Prudential Asset Management Limited បានទិញដីទំហំ១.៤៦៤ម៉ែត្រការ៉េ រួមជាមួយអគារពាណិជ្ជកម្មកម្ពស់១២ជាន់ នៅតំបន់ Santacruz East ជិតអាកាសយានដ្ឋានអន្តរជាតិក្រុងបុមបៃ ក្នុងទំហំទឹកប្រាក់ប្រមាណ៣៧,៣លានដុល្លារ។

លោក Anand Moorthy សហស្ថាបនិកនៃភ្នាក់ងារអចលនទ្រព្យ Square Yards បានលើកឡើងថា “ក្នុងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា ទីក្រុងបុមបៃបន្តដើរតួនាទីក្នុងការទាក់ទាញបានទាំងបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនពហុជាតិសាសន៍ ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ទីក្រុងបុមបៃនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា”។

ការសម្រេចចិត្តជ្រើសរើសទិញជាជាងការជួល ក៏បង្ហាញឲ្យឃើញផងដែរពីការប្តេជ្ញាចិត្តរបស់បណ្តាក្រុមហ៊ុននានាចំពោះកំណើន និងស្ថិរភាពរយៈពេលវែងរបស់ទីក្រុងបុមបៃ៕ប្រភព: Hindustan Times៕

ក្រុមមហាសេដ្ឋីចិននៅតែបន្តប្រកាសដាក់លក់ឡាយឡុងផ្ទះប្រណីតផ្ទាល់ខ្លួនក្នុងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាមហាសេដ្ឋីចិនមួយចំនួនបាននិងកំពុងបន្តប្រកាសដាក់លក់ឡាយឡុងផ្ទះរបស់ពួកគេនៅក្នុងទីក្រុងហុងកុង ដែលជាទីផ្សារអចលនទ្រព្យប្រណីតថ្លៃបំផុតមួយរបស់ពិភពលោកនៅឆ្នាំនេះ។

តួយ៉ាង លោក Chen Zhuolin ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Agile Group បានប្រកាសដាក់លក់ឡាយឡុងផ្ទះផ្ទាល់ខ្លួនរបស់លោកទាំង៩យូនីតនៅទីក្រុងហុងកុង បន្ទាប់ពីលោកបានទិញកាលពី៦ឆ្នាំមុន។

យោងតាមភ្នាក់ងារអចលនទ្រព្យ Centaline Property បានឱ្យដឹងថា ផ្ទះឯកជនចំនួន៩យូនីតរបស់មហាសេដ្ឋីចិនវ័យ៦២ឆ្នាំរូបនេះ មានទីតាំងក្នុងគម្រោង Hamburg Villa ស្ថិតនៅលើផ្លូវ Eastbourne ដែលមានតម្លៃ២១៣លានដុល្លារហុងកុង (ប្រហែល២៧,៣លានដុល្លារអាមេរិក)។

ផ្ទះល្វែងទាំងអស់នេះត្រូវបានដាក់លក់ក្នុងការបញ្ចុះតម្លៃចន្លោះពី៥៣ភាគរយទៅ៦៣ភាគរយ។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងដោយសារពត៌មាន South China Morning Post។

ដោយឡែក លោក An Zhifu ប្រធានក្រុមហ៊ុន Fulin Group ដែលមានមូលដ្ឋាននៅទីក្រុង Sichuan បានប្រកាសដាក់លក់ផ្ទះល្វែងប្រណីតមួយនៅក្នុងទីក្រុងហុងកុងក្នុងតម្លៃ៦៥លានដុល្លារហុងកុង។ ចំនួននេះមានការដាំក្បាលចុះ៣៥ភាគរយបើធៀបនឹងតម្លៃដែលលោកធ្លាប់បានប្រកាសដាក់លក់ចំនួន១០១លានដុល្លារហុងកុងក្នុងឆ្នាំ២០១៦។

ស្រដៀងគ្នានេះ លោក Ho Shung Pun អគ្គនាយកក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Kowloon Investment Company ក៏បានប្រកាសដាក់លក់ផ្ទះប្រណីតចំនួន៧យូនីតរបស់លោក ក្នុងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ប៉ុន្តែ​ ការប្រកាសដាក់លក់ឡាយឡុងលំនៅដ្ឋាន​បែប​អឺរ៉ុប​ ដែល​ធ្លាប់​ជាកម្មសិទ្ធិ​របស់​លោក Hui Ka Yan ​អតីត​ប្រធានក្រុមហ៊ុន​អចលនទ្រព្យ​យក្ស China Evergrande ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ម្ចាស់​បំណុលបានរឹបអូសយកទ្រព្យ​សម្បត្តិ​ទាំង​នេះ​ដែលមាន​តម្លៃ​សរុប​ជាង១៩០លាន​ដុល្លារ​អាមេរិក បន្ទាប់​ពី​ក្រុមហ៊ុន​ដួល​រលំ។

ផ្ទះចំនួនមួយក្នុងចំណោមផ្ទះទាំងនោះត្រូវបានលក់ចេញនៅឆ្នាំនេះក្នុងតម្លៃ៥៨លានដុល្លារអាមេរិក បើធៀបនឹងតម្លៃទិញដំបូងចំនួន១៣០លានដុល្លារក្នុងឆ្នាំ២០០៩។ នេះបើយោងតាមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Knight Frank៕ប្រភព: SCMP & Vnexpress៕

ធនាគារ ហត្ថា និង មន្ទីរពហុព្យាបាលអន្តរជាតិខេមា ពួតដៃគ្នាដើម្បីផ្តល់សេវាសុខភាពនិងហិរញ្ញវត្ថុរួមគ្នា កាន់តែពិសេស

0

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរពហុព្យាបាលអន្តរជាតិខេមា។​ នេះជាជំហានដ៏សំខាន់មួយដោយផ្តោតជាអាទិភាពដល់សុខភាព និងសុខុមាលភាពរបស់អតិថិជនរបស់ខ្លួន។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ ហត្ថា មានគោលបំណងពង្រីកអត្ថប្រយោជន៍សុខភាពដ៏ទូលំទូលាយដល់អតិថិជនដ៏មានតម្លៃរបស់ខ្លួន ដោយធ្វើការពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមក្នុងការផ្តល់សេវាថែទាំអតិថិជនរួម។

នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ៣០% លើសេវាថែទាំសុខភាពជាច្រើនប្រភេទនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា រួមមានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពទូទៅ និងសេវាកម្មពិគ្រោះជំងឺក្រៅ (មិនសម្រាកនៅពេទ្យ) ការបញ្ចុះតម្លៃ ២០% លើសេវាកម្មជំងឺសម្រាកពេទ្យ និងការចាក់វ៉ាក់សាំង និងសេវាជាច្រើនទៀត។ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការបន្តស្វែងរកអត្ថប្រយោជន៍ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្តល់ដល់អតិថិជននូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវគុណតម្លៃលើសពីសេវាហិរញ្ញវត្ថុទៅទៀត។ តាមរយៈការផ្តល់ជូនអតិថិជនរបស់យើងនូវការបញ្ចុះតម្លៃសេវាសុខភាពដ៏ពិសេសនេះ យើងមានគោលបំណង​ផ្តល់ឱកាសឱ្យអតិថិជនរបស់យើង​ទទួលបាននូវការថែទាំសុខភាពប្រកបដោយគុណភាព ដោយលើកកម្ពស់សហគមន៍របស់យើងឱ្យកាន់តែមានសុខភាព និងភាពរីករាយជាងមុន ខណៈពេលដែលធានានូវការសន្សំសំចៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ធនាគារ ហត្ថា”។

វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៏ថា “ខ្ញុំមានក្តីរំភើបជាខ្លាំងអំពីភាពជាដៃគូនេះ ដោយខ្ញុំប្រាកដថាទាំងខេមានិងធានាគារ ហត្ថានឹងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមកចេញពីភាពជាដៃគូនេះ ហើយវាក៏នឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុនិងសុខភាពជូនបុគ្គលិក និងអតិថិជនធនាគារ ហត្ថានិងខេមាផងដែរ។ ដើម្បីពង្រឹងភាពជាដៃគូរបស់យើង ខេមានឹងផ្តល់សេវាជូនដៃគូ និងអតិថិជនដោយផ្អែកលើគុណតម្លៃរបស់ខ្លួនគឺ ផ្តល់ការថែទាំដោយការទទួលខុសត្រូវ ដោយការគោរព និងដោយគុណភាព”។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលធនាគារ ហត្ថា ពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងវិស័យថែទាំសុខភាព ដោយឆ្លុះបញ្ចាំងនូវតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តោតលើអតិថិជនជាអាទិភាព ជាមួយនឹងការប្តេជ្ញាចិត្តដល់ការកែលម្អជីវិតរស់នៅរបស់ប្រជាជន និងរួមចំណែកដល់​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែល​ទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយា​ល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាព​ងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

អំពីមន្ទីរពហុព្យាបាលអន្តរជាតិខេមា

មន្ទីរពហុព្យាបាលអន្តរជាតិខេមាគឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេនៅកម្ពុជាដោយមានផ្តល់សេវាឯកទេសជាច្រើនតាមរយៈអ្នកជំនាញវេជ្ជសាស្ត្រដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់។  តាមរយៈការផ្តល់សេវាថែទាំនិងព្យាបាលតាមស្តង់ដាអន្តរជាតិ មានឧបករណ៏ទំនើបៗ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ខេមាបានក្លាយជាអ្នកផ្តល់សេវាលំដាប់កំពូល សម្រាប់អតិថិជនដែលមានជីវភាពមធ្យមកម្រិតខ្ពស់និងអ្នកមានជីវភាពធូរធា។​ ដោយមានការយកចិត្តទុកដាក់ផ្តល់សេវានិងភាពកក់ក្តៅជូនអតិថិជន បទពិសោធរបស់ខេមាផ្តោតលើបដិសណ្ឋារកិច្ច និងគុណភាពនៃការថែទាំ។ អស់រយៈពេលជាងមួយទស្សវត្សទៅហើយ វេជ្ជបណ្ឌិតនិងក្រុមវេជ្ជសាស្ត្រដែលមានបទពិសោធរបស់ខេមា បានផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនប្រជាជនកម្ពុជានិងជនបរទេសដែលស្នាក់នៅនិងប្រកបរបរនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះមន្ទីរពហុព្យាបាលអន្តរជាតិខេមា មានបីសាខានៅរាជធានីភ្នំពេញ ដែលមានគ្រែសរុបចំនួន៧៥គ្រែ។ មន្ទីរពហុព្យាបាល​អន្តរជាតិខេមា ផ្តល់ជូននូវសេវាកម្មសំខាន់ៗដូចជា ព្យាបាលរបួស​ និងសង្រ្គោះបន្ទាន់ ២៤ម៉ោង ពិគ្រោះ​ជំងឺទូទៅ ពិនិត្យ​សុខភាព​​ ​​ គ្លីនិក​កុមារ ទារក និងវ៉ាក់សាំង​​ វះកាត់ទូទៅ ផ្នែកសម្ភពនិងរោគស្រ្តី​​ គ្លីនិក​បេះដូងនិងសរសៃឈាម ក្រពះ ពោះវៀននិងថ្លើម ទឹកនោមផ្អែម លាងឈាម វះកាត់ឆ្អឹងបាក់បែក ប្រព័ន្ធប្រសាទ សេវាថែទាំព្យាបាលជំងឺរ៉ាំរ៉ៃមនុស្សចាស់ក្នុងពេទ្យ​​ សេវាថែទាំជំងឺតាមផ្ទះ​និ ងព្យបាលដោយចលនា។

តើផ្សារហ៊ុនយក្ស Nikkei 225 របស់ជប៉ុនមានទំហំធំកម្រិតណា និងមានឥទ្ធិពលដូចម្តេចនៅក្នុងពិភពលោក?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សព្វថ្ងៃនេះ ទោះជាអ្នកណាក៏អាចទិញភាគហ៊ុនស្ទើរតែគ្រប់ក្រុមហ៊ុន ដែលពួកគេចាប់អារម្មណ៍ ក្នុងរយៈពេលប៉ុន្មានវិនាទី ហើយលោកអ្នកថែមទាំង អាចទិញក្រុមហ៊ុនរាប់សិបក្នុងប្រតិបត្តិការតែមួយ ដើម្បីកាត់បន្ថយហានិភ័យដែ លទាក់ទងនឹងការធ្លាក់ថ្លៃចុះ នៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយ។

តួយ៉ាងផ្សារហ៊ុន Japan 225 ឬជាទូទៅគេហៅថា Nikkei 225 ជាសន្ទស្សន៍ភាគហ៊ុនដែលរួមមាន ក្រុមហ៊ុនធំៗរបស់ប្រ ទេសជប៉ុនចំនួន២២៥ ដែលភាគហ៊ុនរបស់ពួកគេត្រូវបានជួញដូរនៅផ្សារហ៊ុនតូក្យូ។

គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ តម្លៃមូលធនប័ត្រទីផ្សារសរុបរបស់ផ្សារហ៊ុន Nikkei 225 មានទំហំទឹកប្រាក់ចំនួន៧០៩,១៨ទ្រីលានយ៉េន។

ប្រវត្តិនៃការបង្កើតឡើងនូវផ្សារហ៊ុន Nikkei 225

ផ្សារហ៊ុន Nikkei 225 ត្រូវបានបង្កើតជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ១៩៥០ ហើយត្រូវបានគណនាជាបន្តបន្ទាប់ ចាប់តាំងពីពេលនោះមក។  សន្ទស្សន៍ Nikkei 225 ត្រូវបានដាក់ឈ្មោះតាមកាសែត Nihon Keizai Shimbun (Nikkei)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ផ្សារហ៊ុន Nikkei 225 ធ្លាប់បានហកឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុត និងកម្រិតទាបបំផុត ដែលឆ្លុះបញ្ចាំងពីដំណាក់ កាលសេដ្ឋកិច្ចផ្សេងៗ ដែលប្រទេសជប៉ុនបានជួបប្រទះ។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧មក សន្ទស្សន៍នេះ ត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់៥វិនាទីម្តង ក្នុងអំឡុងពេលវគ្គជួញដូរ។

ផ្សារហ៊ុននេះបានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ១៩៨៩ ក្នុងកំឡុងពេលដែលទីផ្សារអចលនទ្រព្យ នៅប្រទេសជប៉ុនជួបប្រះពពុះ។ យ៉ាងណាមិញ បន្ទាប់ពីពពុះបានផ្ទុះ សន្ទស្សន៍Nikkei បានធ្លាក់ថ្លៃចុះវិញ ដោយដាំក្បាលចុះដល់កម្រិតទាបបំផុត ចំនួន៧៦០៣,៧៦ពិន្ទុក្នុងខែមេសា ឆ្នាំ២០០៣។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ ដែលជាថ្ងៃធ្វើការទីពីរ បន្ទាប់ពីមានការរញ្ជួយដី ដ៏ធំនៅភាគឦសាន នៃប្រទេសជប៉ុន សន្ទស្សន៍ Nikkei 225 នេះបានដាំក្បាលចុះជាង១០% ដោយបិទការជួញដូរនៅត្រឹម៨៦០៥,១៥ពិន្ទុ។ចំនួននេះជាការខាតបង់ប្រមាណ១.០១៥ពិន្ទុ។

ដោយឡែក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្របពេលដែលមានការដាំក្បាលចុះ នៃទីផ្សារភាគហ៊ុនសកល ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះជាង៤.២០០ពិន្ទុ។ នៅថ្ងៃបន្ទាប់ សន្ទស្សន៍ Nikkei 225 បានស្ទុះងើបឡើងថ្លៃវិញជាង៣.២០០ពិន្ទុ។

តួនាទីរបស់សន្ទស្សន៍ Nikkei 225 នៅក្នុងសេដ្ឋកិច្ចសកល

ក្នុងនាមជាសន្ទស្សន៍ ភាគហ៊ុនដ៏ធំបំផុតរបស់ជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេមួយ នៅលើពិភពលោក ផ្សារហ៊ុនNikkei 225 ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចពិភពលោក។

ផ្សារហ៊ុននេះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយបណ្តាក្រុមអ្នកវិនិយោគ និងក្រុមសេដ្ឋវិទូនៅទូទាំងពិភពលោក ព្រោះថា សន្ទស្សន៍Nikkei 225 ជារង្វាស់នៃសុខភាពសេដ្ឋកិច្ច និងទំនុកចិត្តនៅលើទីផ្សាររបស់ប្រទេសជប៉ុន។

ការប្រែប្រួលនៃសន្ទស្សន៍ Nikkei 225 អាចជះឥទ្ធិពលដល់ទីផ្សារពិភពលោក។

ជាឧទាហរណ៍ ការដាំក្បាលចុះយ៉ាងគំហុក នៃផ្សារហ៊ុន Nikkei អាចបង្កឱ្យមានការសម្រុក លក់ភាគហ៊ុនចេញនៅក្នុងទីផ្សារផ្សេងទៀត នៅពេលដែលវិនិយោគិន មានប្រតិកម្មចំពោះព័ត៌មានអវិជ្ជមាន។

ផ្ទុយទៅវិញ ប្រសិនបើសន្ទស្សន៍ Nikkei 225 ហក់ឡើងថ្លៃខ្ពស់ នោះការណ៍នេះ អាចបង្កើនទំនុកចិត្តរបស់បណ្តាវិនិយោគិន និងអាចនាំឱ្យភាគហ៊ុន នៅក្នុងទីផ្សារផ្សេងទៀតមានការហក់ឡើងថ្លៃផងដែរ។

អត្ថប្រយោជន៍នៃការជួញដូរលើផ្សារហ៊ុន Nikkei 225

ការជួញដូរលើផ្សារហ៊ុន Nikkei 225 អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ទី១: ផ្សារហ៊ុននេះផ្តល់នូវការឈានជើងចូលទីផ្សារជប៉ុន ដែលជាទ្រព្យសកម្មដ៏ធំបំផុតមួយ នៅក្នុងពិភពលោក។ ការណ៍នេះ អាចជួយដល់ក្រុមពាណិជ្ជករ និងក្រុមអ្នកវិនិយោគ ក្នុងការធ្វើពិពិធកម្មផលបត្ររបស់ពួកគេ។

ទី២: ផ្សារហ៊ុន Nikkei 225 មានទំនាក់ទំនងខ្ពស់ជាមួយសន្ទស្សន៍ផ្សារហ៊ុនសកលសំខាន់ៗផ្សេងទៀត ដែលធ្វើឱ្យ Nikkei ក្លាយជាឧបករណ៍ ដ៏មានប្រយោជន៍ សម្រាប់យុទ្ធសាស្ត្រម៉ាក្រូសកល។ លើសពីនេះ ផ្សារហ៊ុន Nikkei 225 ផ្តល់នូវឱកាសជួញដូរច្រើន ដោយសារភាពប្រែប្រួល និងកត្តាជាច្រើនដែលអាចជះឥទ្ធិពលលើទិសដៅរបស់ផ្សារហ៊ុននេះ៕ប្រភព: TIOmarkets៕

ក្រុមសេដ្ឋវិទូអះអាងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចនឹងដាំក្បាលចុះ ក្រោមរដ្ឋបាលថ្មីរបស់លោកដូណាល់ត្រាំ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Seth Carpenter ប្រធានសេដ្ឋវិទូសកលនៃធនាគារ Morgan Stanley បានអះអាងថា ពន្ធដែលបានស្នើឡើងដោយប្រធានាធិបតីជាប់ឆ្នោត លោកដូណាល់ត្រាំនឹងកា ត់បន្ថយកំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកដល់ឆ្នាំ២០២៦។

ជាក់ស្ដែង លោកត្រាំមានគោលបំណង ដាក់ពន្ធចាប់ពី១០% ទៅ២០% លើគ្រប់មុខទំនិញទាំងអស់ ដែលនាំចូលពីបរទេស រួមជាមួយនឹងពន្ធបន្ថែមចាប់ពី៦០% ទៅ១០០% លើទំនិញនាំចូលពីប្រទេសចិន។

លោក Carpenter បានបញ្ជាក់ប្រាប់សារពត៌មាន CNBC ថា “ប្រសិនបើក្នុងករណីដែលពន្ធទាំងនេះ ត្រូវបានអនុម័តទាំងអស់ក្នុងពេលតែមួយ នោះវាអាចបណ្តាលឱ្យមានបញ្ហាប្រឈ មជាអវិជ្ជមានដ៏ធំដល់សេដ្ឋកិច្ចអាមេរិក”។

លោក Carpenter បានបន្ថែមថា “ច្បាស់ណាស់! ពន្ធទាំងនេះ នឹងជំរុញអតិផរណាឱ្យកើនឡើង ហើយពន្ធពុំមែនជះផលប៉ះពាល់ចំពោះតែបណ្តាប្រទេស ដែលត្រូវបង់ពន្ធនោះទេ ព្រោះពន្ធក៏នឹងអូសទាញ កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឱ្យធ្លាក់ចុះផងដែរ”។

លោកបានព្រមានទៀតថា នៅឆ្នាំ២០២៦ យើងគិតថា កំណើនសេដ្ឋកិច្ច នៅក្នុងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុក ដោយសារតែពន្ធទាំងនោះ និងគោលនយោបាយមួយចំនួនផ្សេងទៀតរបស់លោកត្រាំ។

ដោយឡែក លោក Mark Malek អ្នកជំនាញនៅក្រុមហ៊ុនឈ្មួញជើងសា Siebert បានកត់សម្គាល់ថា ប្រសិនបើសំណើពន្ធរបស់លោកត្រាំ ត្រូវបានបូកបន្ថែមពីលើពន្ធ ដែលបានដាក់ចេញដោយរដ្ឋបាលបច្ចុប្បន្ន របស់លោកប្រធានាធិបតីចូ បៃដិន នោះ វិស័យមួយចំនួនរួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ សំណង់ និងការលក់រាយ នឹងជួបប្រទះនូវកំណើនអតិផរណាដ៏ខ្ពស់។

លោក Malek បន្តថា “ក្នុងករណីការដំឡើងពន្ធចំនួន៦០% របស់លោកត្រាំ ចំពោះទំនិញចិនគ្រប់ប្រភេទ ត្រូវបានបូកជាមួ យនឹងពន្ធចំនួន១០០% ដែលរដ្ឋបាលលោកចូ បៃដិន បានដាក់លើរថយន្តអគ្គិសនី (EV) ដែលផលិតនៅចិន នោះការណ៍នេះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ឧស្សាហកម្មរថយន្ត ខណៈការដាក់ពន្ធសកលចំនួន១០% លើការនាំចូលគ្រឿងអេឡិចត្រូនិកនឹងបង្កើនបន្ទុក នៃការចំណាយ លើក្រុមហ៊ុនអាមេរិកដូចជា Tesla, Microsoft និង Appleជាដើម”។

លោកបានបន្ថែមថា ការកើនឡើង នៃការចំណាយខ្ពស់ទាំងអស់នេះ ក៏នឹងជះផលប៉ះពាល់ ទៅលើប្រជាជនអាមេរិក ដែលជាអ្នកប្រើប្រាស់ផងដែរ៕ប្រភព: CNBC៕

 

កម្ពុជា និងហ្វីលីពីនគ្រោងចុះកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នានៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

ម៉ានីល: ប្រទេសហ្វីលីពីន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកម្ពុជា នៅឆ្នាំក្រោយ ដែលនឹងលុបបំបាត់ការយកពន្ធត្រួតគ្នា ខណៈទីក្រុងម៉ានីល ក៏បានបើកការចរចារនេះជាមួយដៃគូផ្សេងទៀត ក្នុងតំបន់អាស៊ាន ក្នុងគោលបំណងបន្ធូរបន្ថយបន្ទុកពន្ធរបស់អ្នកនាំចេញ។

ក្រសួងហិរញ្ញវត្ថុហ្វីលីពីន (DOF) បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការនេះ នឹងបង្កើនការប្រកួតប្រជែងផលិតផលហ្វីលីពីន នៅក្នុងទីផ្សារកម្ពុជា។

ដើមឡើយ កិច្ចព្រមព្រៀងស្តីពី ការលុបចោលការយកពន្ធត្រួតគ្នា (DTA) នេះគ្រោងនឹងចុះហត្ថលេខា នៅខែតុលាឆ្នាំនេះ។ ប៉ុន្តែ កាលបរិច្ឆេទត្រូវបានពន្យារពេល បន្ទាប់ពីភាគីកម្ពុជាបានស្នើសុំឱ្យកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅខែកុម្ភៈឆ្នាំក្រោយជំនួសវិញ។

លោក​ Charlito Mendoza អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានលើកឡើងថា “កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ ការពារ​សិទ្ធិ​ពន្ធ​របស់​យើង​ និង​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឆ្លង​ព្រំដែន”។

លោកបន្តថា “ការពង្រីកបណ្តាញDTAរបស់យើង ជាពិសេ សនៅក្នុងតំបន់អាស៊ាន នឹងអនុញ្ញាតឱ្យក្រុមហ៊ុនហ្វីលីពីនអាចធ្វើពិពិធកម្មទីផ្សាររបស់ពួកគេ ជាមួយនឹងបន្ទុកពន្ធតិចជាងមុន និងជំរុញការប្រកួតប្រជែងរបស់ពួកគេ នៅក្នុងទីផ្សារបរទេស”។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ភាគីកម្ពុជា និងហ្វីលីពីន បានព្រមព្រៀងគ្នាកាត់បន្ថយបន្ទុក នៃការយកពន្ធត្រួតគ្នាលើបុគ្គល និងអាជីវកម្ម ដែលធ្វើប្រតិបត្តិការឆ្លងដែន ដើម្បីអាចរួមចំណែក ដល់ការលុបបំបាត់របាំងពាណិជ្ជកម្ម ការវិនិយោគ និងការលើកទឹកចិត្ត ដល់សកម្មភាពសេដ្ឋកិច្ចឆ្លងដែន។

កិច្ចព្រមព្រៀង ដែលគ្រោងចុះហត្ថលេខា នៅឆ្នាំ២០២៥ខាងមុខនេះរួមបញ្ចូល នូវការយកពន្ធលើប្រាក់ចំណូល ដែលពលរដ្ឋ និងនិវេសនកជនហ្វីលីពីន និងកម្ពុជាទទួលបាន ហើ យរៀបរាប់ពីរបៀប ដែលរដ្ឋបាលពន្ធ របស់ប្រទេសនីមួយៗត្រូវដាក់ និងពន្ធឥណទាន ដែលបានបង់ស្របតាមច្បាប់ចំណូ លនៅក្នុងប្រទេសទាំងពីរ។

ការចរចាលើកិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយត្រូវបានបន្តរហូតដល់ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕ប្រភព: Inquirer.net៕

 

ទស្សនាវដ្ដីដ៏ល្បីមួយរបស់អាមេរិកដាក់បញ្ចូលប្រាសាទកោះកេររបស់កម្ពុជាក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន២៥ ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រាសាទកោះកេរក្នុងប្រទេសកម្ពុជា បានក្លាយជាអ្នកតំណាងតែមួយគត់របស់តំបន់អាស៊ាន ដោយបានជាប់ឈ្មោះនៅក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន២៥ ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ២០២៥ របស់ទស្សនាវដ្ដី Fodor’s Travel ។

ទស្សនាវដ្ដីទេសចរណ៍អាមេរិកដ៏ល្បីល្បាញនេះបានសរសេរថា “តើលោកអ្នកចង់ជៀសពីភ្ញៀវទេសចរណ៍ដែលកាន់ដង selfie សម្រុកចូលប្រាសាទអង្គរវត្តមែនទេ?។ សូមពិចារណាលើប្រាសាទកោះកេរ ដែលជាតំបន់បុរាណវត្ថុដ៏ធំទូលាយ ដែលផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ចំពោះទិដ្ឋភាពនៃអាណាចក្រខ្មែរ”។

ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីភាគឦសាននៃខេត្តសៀមរាប កោះកេរធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរនៅក្នុងសតវត្សទី១០។

ទីតាំងរមណីយដ្ឋាននេះមានប្រាសាទចំនួន៨០ ដែលប្រាសាទជាច្រើនលាក់ខ្លួននៅក្នុងព្រៃក្រាស់។ ក្នុងចំណោមនោះ ប្រាសាទធំកម្ពស់៧ថ្នាក់ ដែលមានរូបរាងដូចជាពីរ៉ាមីតជាទីតាំងដ៏លេចធ្លោបំផុត។

ប្រាសាទកោះកេរ ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ចុង​ឆ្នាំ​២០២៣។

ទ្វីបអាស៊ីទាំងមូលត្រូវបានតំណាងដោយគោលដៅចំនួន៣ ដែលបានជាប់ឈ្មោះក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន២៥ ដែលត្រូវទៅទស្សនាសម្រាប់ឆ្នាំ២០២៥ របស់ទស្សនាវដ្ដី Fodor’s Travel រួមមាន ប្រាសាទកោះកេរក្នុងប្រទេសកម្ពុជា រដ្ឋ Meghalaya នៅប្រទេសឥណ្ឌា និងទីក្រុង Nikko City ក្នុងប្រទេសជប៉ុន។

ដោយឡែក ទ្វីបអឺរ៉ុបមានគោលដៅចំនួន៥ ដែលជាប់ឈ្មោះក្នុងបញ្ជី រួមមានដូចជា ទីក្រុង Camargue នៅប្រទេសបារាំង ទីក្រុង Helsinki ក្នុងប្រទេសហ្វាំងឡង់ ទីក្រុង Meteora នៅប្រទេសក្រិច តំបន់ Masurian Lake ក្នុងប្រទេសប៉ូឡូញ និងឆ្នេរសមុទ្រ Vestmannaeyjar នៅប្រទេសអុីស្លង់។

ចំណែក សហរដ្ឋអាមេរិកក៏មានគោលដៅតំណាងចំនួន៥ ផងដែរ រួមមាន ឧទ្យានជាតិ Badlands នៅទីក្រុង South Dakota ទីក្រុង Houston ក្នុងរដ្ឋ Texas ទីក្រុង Las Vegas ក្នុងរដ្ឋ Nevada ទីក្រុង Los Olivos ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងឆ្នេរ Michigan៕ប្រភព: Vnexpress៕