ក្រសួង​ពិភាក្សា​គម្រោងធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិលេខ៧ ​ពី​ខេត្តក្រចេះ ​ទៅ​ត្រពាំង​ក្រៀល​ ខេត្ត​ស្ទឹង​ត្រែង​

ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងបានបើកកិច្ចប្រជុំ ពិនិត្យពិភាក្សាអំពីវឌ្ឍនភាពការងារ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ទៅត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះដឹកនាំដោយលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) ពីខេត្តក្រចេះ ទៅត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ក្រោមក្របខ័ណ្ឌជំនួយ ឥតសំណងពីរដ្ឋាភិបាលចិន បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី Xu Lu នាយកនៃការិយាល័យច្បាប់ និងបទបញ្ញាត្ដិ នៃ The Agency for International Economic Cooperation នៃក្រសួងពាណិជ្ជកម្មចិន ដោយមានការចូលរួម ពីសំណាក់លេខាទី១ និងទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោកជំទាវ នាយករងគម្រោង ឯកឧត្តមប្រធានគ្រប់គ្រងគម្រោង និងសមាជិក-សមាជិកាគម្រោង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ដោយភាគីទាំងសងខាងបានបង្ហាញពីគោលជំហរយ៉ាងមុតមាំ ក្នុងការជំរុញគម្រោងនេះធ្វើយ៉ាងណា អាចបើកការដ្ឋានសាងសង់ជាផ្លូវការ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ៕

កូរ៉េខាងត្បូងគ្រោងបង្កើន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ​ដើម្បី​ជំរុញ​ការ​ផ្គត់​ផ្គង់​លំនៅឋាន​

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងគ្រោងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងសាងសង់លំនៅឋាន និងបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់អ្នកទិញផ្ទះវ័យក្មេង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថិរភាពទីផ្សារលំនៅឋាន។

កាលពីដើមខែសីហានេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lee Jae Myung បានដំឡើងពន្ធលើម្ចាស់ផ្ទះដែលមានទ្រព្យសម្បត្តិច្រើន។

លោក Lee បានអះអាងថា ពពុះអចលនទ្រព្យបានឈានដល់កម្រិតមួយដែលមិនអាចទុកចោលបានទៀតទេ។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត យើងអាចប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងររយៈពេលជាច្រើនឆ្នាំ។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) លើកឡើងថា វិធានការថ្មីមានគោលបំណង «ធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព តាមរយៈការជំរុញការផ្គត់ផ្គង់លំនៅឋាន និងតាមរយៈកញ្ចប់ហិរញ្ញវត្ថុសម្រាប់យុវជន និងអ្នកដែលមានតម្រូវការជាក់ស្តែង»។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ គ្រោងបង្កើនការគាំទ្រគោលនយោបាយហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់លំនៅឋានដល់៤៧,៨ទ្រីលានវ៉ុន (៣៣,៧២ ពាន់លានដុល្លារ) ឬច្រើនជាងនេះ ដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋាន។

FSC ក៏បានប្រកាសពីវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ ដូចជាប្រាក់កម្ចីគោលនយោបាយថ្មី សម្រាប់យុវវ័យ ដែលទិញផ្ទះដើម្បីរស់នៅ ខណៈរក្សា ឬរឹតបន្តឹងលើការទិញផ្ទះក្នុងគោលបំណងវិនិយោគ៕

សម្តេចតេជោ ហ៊ុន សែន៖ Facebook,​TikTok និង AI មានក្រមសីលធម៌ខ្ពស់ ​ហេតុអ្វី​ស្ថាប័នរដ្ឋ​មិន​ព្រម​ធ្វើ​រឿង​សីលធម៌​? ​និង​ណែ​នាំ​ក្រសួង​ព័ត៌មាន​តាម​ដាន​ការ​ជេរបញ្ចោរ​លើ​បណ្តាញ​សង្គម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា បណ្តាញសង្គម Facebook,​TikTok និង AI មានក្រមសីលធម៌ខ្ពស់ ហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌? ខណៈការជេរបញ្ចោគ្នាលើបណ្ដាញសង្គម ក្លាយជាភាសាដ៏ពេញនិយមសម្រាប់បុគ្គលមួយចំនួន និន្នាការបែបនេះកំពុងធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម។

ការសង្កត់ធ្ងន់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ជំនួបធ្វើនៅធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ហេតុអ្វីបានជាក្រសួង ស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌នេះឱ្យបានខ្ពស់ដូចគ្នា ដែលបណ្តាញសង្គមធំៗបានដាក់ចេញពាក់ព័ន្ធនឹងបញ្ហាក្រសីលធម៌នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សូមឱ្យក្រសួងព័ត៌មាន មើលឱ្យច្បាស់តាមឱ្យជាប់ ពេលខ្លះ ខ្ញុំសូមជម្រាបថា​យើងធូរលុងខ្លាំងណាស់ បើនិយាយពីក្រមសីលធម៌នៃ Facebook, ក្រមសីលធម៌នៃ TikTok ក្រមសីលធម៌នៃ AI គេខ្លាំងជាងយើងទៀតណាស់។​ ហេតុអីបានជាយើងជាស្ថាប័នរដ្ឋមួយ យើងមិនអាចធ្វើបានថាគេរារាំង?»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើចង់រារាំងសិទ្ធិ ទៅបន្ទោស Facebook ទៅបន្ទោស TikTok ទៅបន្ទោស AI ទៅ។ កម្មវិធីបញ្ញាសិប្បនិម្មិត AI គឺតឹងរ៉ឹង ពោលគ្រាន់តែសម្តេចចង់ឱ្យ AI ជួយធ្វើរូបដែលទើបស្រាវជ្រាវឃើញ​ និងចង់ឱ្យ AI ជួយកែច្នៃរូបភាពពីសក់ស មកសក់ខ្មៅ តែត្រូវ AI ឆ្លើយតបវិញថា ជាគោលការណ៍របស់ AI ​គឺមិនអនុញ្ញាតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្មវិធីបណ្តាញសង្គម Facebook និង Tiktok គឺមានក្រមសីលធម៌ និងគោលការណ៍ច្បាស់លាស់ ប្រសិនបើអ្នកលេងបង្ហោះសារ ឬចែកចាយវីដេអូ​ និងរូបភាពបំពានដែលគោលការណ៍ច្បាស់ណាស់នឹងមានសារព្រមាន​ ឬផ្អាកដំណើរតែម្តង។

«ហេតុអី បានជាមិនព្រមធ្វើ​ ក្រសួងកិច្ចការនារី នាំមុខធ្វើអារឿងហ្នឹង ដាក់បណ្តឹងទៅ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ពាក់ព័ន្ធនឹងការបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងព័ត៌មាន ត្រូវមើលឱ្យច្បាស់ និងតាមដានឱ្យជាប់ពាក់ព័ន្ធការជេរបញ្ចោរគ្នាតាមបណ្តាញសង្គម​ ខណៈសម្ដេចមើលឃើញថាបញ្ហានេះនៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ Facebook, TikTok និង AI។

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំយន្តការតាមដាន និងចាត់វិធានការចំពោះអ្នកជេរបរិហារកេរ្តិ៍គ្នាតាមបណ្ដាញសង្គម ដើម្បីការពារសេចក្ដីថ្លៃថ្នូរ និងលើកកម្ពស់សីលធម៌ស្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការមិនពេញចិត្តចំពោះការប្រើប្រាស់បណ្តាញសង្គមដើម្បីហែកហួរគ្នា ជេរបញ្ចោរ ជាពិសេសករណីទាស់ទែងគ្នារវាងប្តីប្រពន្ធ ឬគូសង្សារដែលបង្ហោះលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកូនៗ និងក្រុមគ្រួសារ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីស្ត្រីដែលជេរបញ្ចោរកងទ័ព មិនអាចព្រងើយកន្តើយបាននោះឡើយ។ តាមរយៈប្រសាសន៍នេះ សម្តេចតេជោបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសីលធម៌សង្គម និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គល៕

សន្ទុះ​ទីផ្សារ​លំនៅឋាន​នៅ​ប្រទេសអូស្ត្រាលី ​ធ្លាក់ចុះ ស្រប​ពេល​មាន​ការ​ដំឡើង​អត្រាការ​ប្រាក់​

ដោយ: សហសេវិក
អន្តរជាតិ: ការធ្លាក់ចុះនៃតម្លៃផ្ទះរបស់ប្រទេសអូស្ត្រាលីកំពុងធ្វើឱ្យលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែង និងកំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនេះដើរយឺត។

សន្ទុះនៃទីផ្សារលំនៅឋានអូស្ត្រាលីបានធ្លាក់ចុះ បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់នាពេលថ្មីៗនេះរបស់ធនាគារកណ្តាលអូស្ត្រាលី។ នេះមានន័យថា លក្ខខណ្ឌហិរញ្ញវត្ថុបច្ចុប្បន្នអាចនឹងមានភាពតឹងតែងជាងការរំពឹងទុកដំបូង។

កត្តាជាច្រើនកំពុងជំរុញឱ្យតម្លៃផ្ទះធ្លាក់ចុះ រួមទាំងអត្រាការប្រាក់ខ្ពស់ អត្ថប្រយោជន៍ពន្ធតិចជាងមុនសម្រាប់អ្នកវិនិយោគលើអចលនទ្រព្យ ការកើនឡើងនៃការចំណាយលើការរស់នៅ និងបំណុលគ្រួសារខ្ពស់។

យោងតាមក្រុមហ៊ុន Cotality បានឱ្យដឹងថា តម្លៃផ្ទះទូទាំងប្រទេសអូស្ត្រាលីបានធ្លាក់ចុះ០,៧ភាគរយនៅខែកក្កដា ដោយតម្លៃផ្ទះនៅទីក្រុងស៊ីដនីបានធ្លាក់ចុះ ១,៤ភាគរយ។នេះគឺជាការធ្លាក់ចុះប្រចាំខែក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។

ធនាគារកណ្តាលរបស់ប្រទេស​អូស្ត្រាលី (RBA) បានដំឡើងអត្រាការប្រាក់ចំនួន៣ដងរួចហើយនៅឆ្នាំ២០២៦នេះ និងបានរក្សាអត្រាការប្រាក់ឱ្យនៅដដែលនាពេលថ្មីៗនេះ៕

តើ​ស្ថានភាព​ទីផ្សារអចលនទ្រព្យ​នៅ​ប្រទេសឡាវ​ងើប​ពី​វិបត្តិ​ឬនៅ​? ​ខណៈ​អ្នក​វិនិយោគចិន​ត្រលប់​ជាថ្មី​

ដោយៈ និស្ស័យ

   ប្រទេសឡាវៈ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសឡាវ មើលទៅល្អជាងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចក្រោយជំងឺកូវីដ ប៉ុន្តែវានៅតែជាទីផ្សារ ដែលមានការជ្រើសរើស និងមានទំហំតូច។

មិនទាន់មានសន្ទស្សន៍តម្លៃអចលនទ្រព្យ ផ្លូវការពេញលេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ នៅឡើយទេ។

១.​ ទីក្រុងវៀងចន្ទន៍គឺជាទីផ្សារខ្លាំងបំផុត

តម្រូវការកំពុងមានភាពប្រសើរឡើង នៅជុំវិញកណ្តាលទីក្រុងវៀងចន្ទន៍ ស៊ីសាណាក់ សៃសេត្ថា ថាតហ្លួង និងតំបន់ដែលភ្ជាប់ទៅនឹងច្រករបៀងBRT។

ការវិភាគទីផ្សារវៀងចន្ទន៍ឆ្នាំ២០២៦ថ្មីៗនេះ ពិពណ៌នាអំពីទីផ្សារថាមានភាពប្រសើរឡើង ប៉ុន្តែសង្កត់ធ្ងន់ថាអ្នកទិញត្រូវជ្រើសរើសអំពីទីតាំង តម្លៃ និងប័ណ្ណកម្មសិទ្ធិស្របច្បាប់។

ផ្លូវរថភ្លើងល្បឿនលឿន BRT វៀងចន្ទន៍ថ្មី គឺជាកាតាលីកររយៈពេលវែងដ៏សំខាន់មួយ។ ការសាកល្បងរបស់វាបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦ ដូច្នេះឥទ្ធិពលពេញលេញ លើតម្លៃអចលនទ្រព្យនៅតែកំពុងអភិវឌ្ឍ។

២. ការវិនិយោគរបស់ចិនកំពុងវិលត្រឡប់មកវិញយ៉ាងខ្លាំង

លំហូរវិនិយោគចិននាពេលនេះ មានសារៈសំខាន់ជាពិសេស។ នៅក្នុងខែមេសា ឆ្នាំ២០២៦ អាជ្ញាធរឡាវ បានជួបជាមួយគណៈប្រតិភូ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចិនចំនួន១២ ទៅ១៥ ដោយមានការពិភាក្សាគ្របដណ្តប់ លើការអភិវឌ្ឍអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល រ៉ែ និងបច្ចេកវិទ្យា។

មានការអភិវឌ្ឍធំៗ ដែលគាំទ្រដោយចិនរួចទៅហើយនៅក្នុងប្រទេសនេះ។

ឧទាហរណ៍ ទីភ្នាក់ងារលើកកម្ពស់ការវិនិយោគរបស់រដ្ឋាភិបាលឡាវ បានចុះបញ្ជីតំបន់សេដ្ឋកិច្ចជាក់លាក់បឹងថាតលួង ដែលមានទំហំ៣៦៥ហិកតា ជាមួយទុនទំហំ១,៦ពាន់លានដុល្លារអាមេរិក ដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជនចិនមួយ។


៣. ការអភិវឌ្ឍអគារខ្ពស់ៗកំពុងក្លាយជារឿងសំខាន់

មជ្ឈមណ្ឌលឡាវនៅទីក្រុងវៀងចន្ទន៍ គឺគួរឱ្យកត់សម្គាល់ជាពិសេស។ ដំណាក់កាលទី១ ដែលមាន១២ជាន់របស់វា បានបើកនៅក្នុងខែមីនា ឆ្នាំ២០២៦ ខណៈដែលគម្រោងពេញលេញដែលបានគ្រោងទុករួមមានអគារ៤៦ជាន់ ដែល KPL ពិពណ៌នាថាមានបំណងក្លាយជារចនាសម្ព័ន្ធខ្ពស់បំផុតរបស់ប្រទេសឡាវ។

៤. ប្រទេសឡាវថាជាការរីកចម្រើនផ្នែកអចលនទ្រព្យនៅឡើយទេ


    ទោះជាយ៉ាងណាទីផ្សារអចលនទ្រព្យនៅប្រទេសមួយនេះ មិនទាន់មានសក្តានុពលជាដុំកំភួននៅឡើយទេ ដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា អំណាចទិញក្នុងស្រុកតូចចង្អៀត ហានិភ័យរូបិយប័ណ្ណ/អតិផរណា និងហិរញ្ញប្បទាន ជម្រៅមានកម្រិតនៃទីផ្សារអចលនទ្រព្យ ការអភិវឌ្ឍអាផាតមិនមួយចំនួនពីមុន បានជួបប្រទះនឹងតម្រូវការខ្សោយ។ វិនិយោគិនបរទេស ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរចនាសម្ព័ន្ធកម្មសិទ្ធិ/ជួល និងកម្មសិទ្ធិ៕

CVEA ចុះ MoU សហការលក់​គំរោង​ខុនដូ​ G.A.T.O Tower របស់ជប៉ុន

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច លនវត្ថុកម្ពុជា(CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួ យម្ចាស់គំរោងខុនដូG.A.T.O Towerដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការលក់គំរោងមួយននេះ។

G.A.T.O Tower មានកំពស់រហូតដល់៦៧ជាន់ ជាគម្រោងខុនដូប្រណីតមួយ ដែលបានចាប់ផ្តើមការដ្ខានសាងសង់ កាលពីពេលថ្មីៗនេះ នៅក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង ជាសង្កាត់មានប្រជាប្រិយភាពមួយនៅរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនMIRAKU ដែលកំពុងអភិវឌ្ឈន៍ខុនដូខាងលើ លោកញឹម រាសី បានមានប្រសាសន៍ មុនពេលចុះហត្ថលេខានាព្រឹកថ្ងៃទី១៣ សីហានេះថា ក្នុងស្ថានភាពទីផ្សារបែបនេះ ការជម្រុញភាពរីកច​ម្រើននៅក្នុងវិស័យនេះ គឺត្រូវការផលិតផលមួយមានគុណភាព និងទំនុកចិត្តពីអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារលក់ដែលមានវិជ្ជាជីវៈខ្ពស់។

លោកបញ្ជាក់ថា “អ្នកវិនិយោគឆ្លាតវៃ លែងវិនិយោគាមអារម្មណ៍ឬតាមគេថាទៀតហើយ គឺគាត់វិនិយោគតាមការប្រឹក្សា និងមានការគិតគូវែងឆ្ងាយជាងមុន”។ លោកបន្ថែមថា“គោលបំណងនៃការចុះMoUនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានការទុកចិត្ត និងគំរោងអភិវឌ្ឍន៍ប្រកបដោយគុណភាព”។

ជាមួយគ្នានេះ លោកឧកញ៉ាសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ផលប៉ះពាល់ពីកត្តាខាងក្រៅ និងក្នុងស្រុក គឺធ្វើឲ្យកម្លាំងទិញខ្សោយ ប៉ុន្តែបើយើងមានការពង្រឹងសមត្ថភាព និងវិន័យច្បាស់លាស់ យើងនៅតែអាចលក់បាន។

លោកបន្តថា “គំរោងGATO Tower ជាគំរោងល្អ ដែលយើងអាចលក់បាន និងមានទំនុកចិត្តខ្ពស់”។ លោកបន្ថែមថា “នៅពេលដែលគេលក់បាន យើងលក់មិនបាន យើងត្រូវសួរខ្លួនឯងថា យើងមានបញ្ហាអ្វី?”។

លោកឧកញ៉ាសន សៀបបានបន្តថា ក្នុងស្ថានភាពទីផ្សារបច្ចុប្បន្ន បើយើងប្រឹង យើងមានវិន័យ យើងនឹងលក់បាន ហើយបើរយៈពេលបីខែយើងលក់មិនបាន ប្រៀបបាននឹងចូលរួមវគ្គបណ្តុះបណ្តាលមួយ ប៉ុន្តែយើងប្រលងធ្លាក់”៕

លោក​ឧកញ៉ាបណ្ឌិតគីម​ ហ៊ាង​ប្រកាស​បង្រៀន​អ្នក​ចង់​ទិញ ​ លក់​ភាគហ៊ុន​

ដោយៈ ចំណាន

   ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន បុរី វិមានសំណាង ម ក លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានប្រកាសបង្រៀនពីរបៀបទិញ លក់ភាគហ៊ុន ដល់ម្ចាស់សហគ្រាស ឬបណ្តាមន្រ្តីនៅតាមអង្គភាពរដ្ឋនានា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ សីហានេះថា សហគ្រាស ឬអង្គភាពរដ្ឋ ព្រមទាំងក្រុមហ៊ុនឯកជន ឬវិនិយោគិន មានគ្នាលើសពី២០នាក់ឡើងទៅ ដែលចង់ចេះអំពីការទិញ និងលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX)ពិសេសចង់វិនិយោគទៅលើមូលបត្រកម្មសិទ្ធិ ជាសាធារណះលើកដំបូង (IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក នោះសូមអញ្ជើញទាក់ទងមក កញ្ញា ម៉ុនផល អាណុច តាមលេខ 061 96 2000 ដោយខ្ញុំបាទ គីម ហ៊ាង និងក្រុមការងារ នឹងទៅបង្រៀន ព្រមទាំងបើកគណនេយ្យជួញដូរមូលបត្រដល់ទីកន្លែងជួន ដោយមិនគិតថ្លៃ។

ដោយក្តីគោរពរាប់អានពីខ្ញុំបាទ ឧកញ៉ាបណ្ឌិត គីម ហ៊ាងទូរសព្ទ័លេខ: 012 96 2000 Email: [email protected]
Website: www.bvs.com.kh។

ជាការឆ្ពោះទៅសម្រេចបានចក្ខុវិស័យរបស់ខ្លួន ក្រុមហ៊ុន បុរី វិមានសំណាង ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow)ស្តីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) ដោយកិច្ចសហការជាមួយក្រុមហ៊ុន មូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី លើការបោះផ្សាយមូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ (Initial Public Offering – IPO)”ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី (Cambodia Securities Plc.) ក្នុងគោលបំណង បង្ហាញពីកាលានុវត្តភាពវិនិយោគ និងផែនការរីកចម្រើន ប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ជូនដល់សាធារណជន និងវិនិយោគិន។

កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖លោក Bae Heungsoo (លោក បេ ហ៊ុងស៊ូ) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា (CSX)។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
លោក Teng, Cheng-Yueh (លោក តេង ឆេង យូ) ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន មូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី។

កម្មវិធីនេះ បានទាក់ទាញវត្តមានរបស់វិនិយោគិនជាតិ និងអន្តរជាតិ តំណាងស្ថាប័នហិរញ្ញវត្ថុ ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីឈ្វេងយល់កាន់តែច្បាស់ អំពីដំណើរការនៃការចូលរួមក្នុងទីផ្សារដើមទុនរបស់ បុរី វិមានសំណាង ម.ក។

នៅក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានបញ្ជាក់ថា ការឈានជើងចូលក្នុងទីផ្សារមូលបត្រ គឺជាជំហានប្រវត្តិសាស្ត្រមួយទៀតរបស់ បុរី វិមានសំណាង ម.ក ក្នុងការលើកកម្ពស់តម្លាភាព អភិបាលកិច្ច និងការពង្រីកវិសាលភាពអាជីវកម្មឱ្យកាន់តែរឹងមាំ។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិនេះ មិនត្រឹមតែជួយកៀរគរដើមទុនបន្ថែមសម្រាប់ពង្រីកគម្រោងអភិវឌ្ឍន៍នានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យសាធារណជន និងវិនិយោគិន បានក្លាយជាម្ចាស់ភាគហ៊ុន និងរីកចម្រើនទៅមុខរួមគ្នាជាមួយក្រុមហ៊ុន។

ជាមួយគ្នានេះ លោក Teng Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី ដែលជាក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) បានសម្តែងនូវភាពជឿជាក់យ៉ាងមុតមាំចំពោះសក្តានុពលរបស់ បុរី វិមានសំណាង ម.ក ដោយលោកបានលើកឡើងថា គំរូអាជីវកម្មដ៏រឹងមាំ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន នឹងក្លាយជាកត្តាទាក់ទាញដ៏ខ្លាំងក្លាសម្រាប់វិនិយោគិននៅក្នុងទីផ្សារ។

ចំណែកលោក Bae Heungsoo អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា (CSX)ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ បុរី វិមានសំណាង ម.ក ក្នុងការបោះផ្សាយIPO នេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារដើមទុននៅកម្ពុជា ឱ្យកាន់តែមានសកម្មភាពរស់រវើក និងទាក់ទាញការវិនិយោគកាន់តែច្រើនឡើង។

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតលើការកសាងលំនៅដ្ឋានប្រណិតៗ ប្រកបដោយគុណភាព សោភ័ណភាព និងស្ថាបត្យកម្មទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅ បែបស៊ីវិល័យរបស់អតិថិជន។

**សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.bvs.com.kh៕

 

 

 

តើ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ប្រទេសចិន​កំពុង​វិវត្តន៍​បែប​ណា​ហើយ​ បន្ទាប់​ពី​ជាប់​ផុង​ក្នុង​វិបត្តិដ៏ធ្ងន់ធ្ងរ​?

ដោយៈ ចំណាន

   ប្រទេសចិនៈ ការសិក្សាបានបង្ហាញថា ទីផ្សារជាតិមិនទាន់ឈានដល់ការងើបឡើងវិញខ្លាំងនៅឡើយទេ។

អ្នកអភិវឌ្ឍន៍នៅតែកាត់បន្ថយការចាប់ផ្តើមថ្មី និងការវិនិយោគ។ នោះមានន័យថា ក្រុមហ៊ុននានាកំពុងប្រុងប្រយ័ត្នខ្ពស់ អំពីការដាក់ប្រាក់ថ្មីទៅក្នុងគម្រោងលំនៅដ្ឋាន។

ទីផ្សារប្រទេសនេះ កំពុងបំបែកជាពីរ គឺទីតាំងសំខាន់ៗដូចជាទីក្រុងប៉េកាំង សៀងហៃ សិនជិន និងរដ្ឋធានីខេត្តមួយចំនួន ដែលមានសក្តានុពលល្អជាងទីក្រុងតូចៗ ដែលមានលំនៅដ្ឋានលើស ហេតុនេះការគាំទ្រពីរដ្ឋាភិបាលគឺមានសារៈសំខាន់ ប៉ុន្តែទំនុកចិត្តគឺជាបញ្ហា។

ការចំណាយហិរញ្ញប្បទានទាប និងគោលនយោបាយគាំទ្រលំនៅដ្ឋានអាចជួយបាន ប៉ុន្តែអ្នកទិញត្រូវការទំនុកចិត្តថា តម្លៃនឹងមានស្ថេរភាពមុនពេលពួកគេត្រឡប់មកវិញយ៉ាងខ្លាំង។

ទោះជាយ៉ាងណា មានសេណារីយ៉ូដែលប្រាកដនិយមជាងនេះ គឺស្ថេរភាពជាមុនសិន ការងើបឡើងវិញនៅពេលក្រោយ ជាមួយនឹងភាពខុសគ្នាសំខាន់ៗរវាងទីក្រុងនានា។

ការពិនិត្យឡើងវិញនូវទីផ្សារ អចលនទ្រព្យចិនថ្មីៗនេះក៏បានកត់សម្គាល់ផងដែរថា ទីផ្សារនៅតែរង់ចាំការគាំទ្រពីរដ្ឋាភិបាល កាន់តែខ្លាំង ដែលបង្ហាញថាការងើបឡើងវិញនៅតែមិនទាន់ពេញលេញ។

តើវិនិយោគិនចិនកំពុងដាក់ប្រាក់ នៅក្នុងប្រទេសផ្សេងទៀតទេ?
ពិតជាមានលំហូរចាកចេញនូវមូលធនមួយចំនួន ដែលមិនអាចគ្រប់​គ្រងបានទេ។

វិនិយោគិនចិនកំពុងជ្រើសរើស កាន់តែច្រើនអំពីអចលនទ្រព្យនៅក្រៅប្រទេស ដោយសារតែទីផ្សារអចលនទ្រព្យ ក្នុងស្រុករបស់ប្រទេសចិនមានភាពទន់ខ្សោយ និងដោយសារតែគ្រួសារចិន ដែលមានទ្រព្យសម្បត្តិច្រើនចង់បានការធ្វើពិពិធកម្ម ឱកាសអប់រំ ជម្រើសស្នាក់នៅ/របៀបរស់នៅ និងការអភិរក្សទ្រព្យសម្បត្តិ។

បច្ចុប្បន្ននេះ បុគ្គល/គ្រួសារចិនទិញផ្ទះ/ខុនដូនៅក្រៅប្រទេស។ ក្រុមហ៊ុន/ស្ថាប័នចិនវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម ខណៈជនជាតិចិន ដែលបានផ្លាស់ទៅក្រៅប្រទេសរួចហើយ ហើយបន្ទាប់មកទិញអចលនទ្រព្យ ដែលនិន្នាការទាំងនេះ អាចមើលទៅខុសគ្នាខ្លាំងនៅក្នុងស្ថិតិ។

ជាឧទាហរណ៍ ទិន្នន័យអូស្ត្រាលីដែលបង្ហាញពីម្ចាស់ ដែលមានមូលដ្ឋាននៅប្រទេសចិនតិចជាងមុន មិនចាំបាច់មានន័យថាជនជាតិចិនកំពុងលក់អ្វីៗគ្រប់យ៉ាងនោះទេ។

លោក Daniel Ho មកពីក្រុមហ៊ុន Juwai IQI ថ្មីៗនេះបានចង្អុលបង្ហាញថា ម្ចាស់ជនជាតិចិនមួយចំនួន បានក្លាយជាអ្នករស់នៅ/ពលរដ្ឋអចិន្ត្រៃយ៍របស់អូស្ត្រាលី ហើយដូច្នេះលែងត្រូវបានចាត់ថ្នាក់ជាម្ចាស់បរទេសទៀតហើយ៕

សណ្ឋាគារ​លំដាប់​អន្តរជាតិ​មួយ​ទៀត​បាន​ឈាន​ជើង​មក​កាន់​រាជធានីភ្នំពេញ​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ ក្រុមហ៊ុន Marriott International, Inc. បាននាំយកសណ្ឋាគារប្រណីត ល្បីឈ្មោះជាអន្តរជាតិមួយទៀត មកកាន់រាជធានីភ្នំពេញ។

ម៉ាកសញ្ញាសណ្ឋាគារនេះមានឈ្មោះ The Ritz-Carlton មកបើកដំណើរការជាលើកដំបូងនៅកម្ពុជា នៅឆ្នាំ២០៣២ តាមរយៈគម្រោង The Ritz-Carlton Phnom Penh និងThe Ritz-Carlton Residences Phnom Penh ដែលនឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោថ្មីមួយនៅចំកណ្តាលរាជធានីភ្នំពេញ។

គម្រោងនេះរំពឹងថា នឹងមានសណ្ឋាគារ The Ritz-Carlton ថ្មីមួយដែលមានបន្ទប់សរុប ១៥២ បន្ទប់ ព្រមទាំងលំនៅឋានប្រណីតក្រោមម៉ាកយីហោ The Ritz-Carlton ចំនួន ១១៩ យូនីត។
គម្រោង The Ritz-Carlton Phnom Penh និង The Ritz-Carlton Residences Phnom Penh កំពុងត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Royal Group International ដែលជាសមាជិកនៃ ក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនវិនិយោគពោរពេញ យុទ្ធសាស្ត្រឈានមុខគេមួយរបស់កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រត្តិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាកាលពីរសៀលថ្ងៃទី១៣ សីហាថា យើងមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន Marriott International ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកកាន់ប្រទេសកម្ពុជាជាលើកដំបូង”។

លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាកំពុងបន្តផ្តល់អាទិភាពដល់ការផ្លាស់ប្តូរទីក្រុង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់ វិស័យបដិសណ្ឋារកិច្ច និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ គម្រោងដ៏សំខាន់នេះ នឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ និងជានិមិត្តរូបមួយក្នុងចំណោមទីតាំងសំខាន់ៗ បំផុតលើផ្ទៃដីនៃរាជធានីភ្នំពេញ ព្រមទាំងជានិមិត្តរូបនៃភាពរីកចម្រើន និងវិបុលភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបញ្ជាក់ថា គម្រោងសណ្ធាគារ The Ritz-Carlton Phnom Penh នឹងផ្តល់សេវាកម្ម និងបទពិសោធន៍ដ៏ប្រណីតសម្រាប់អ្នកដំណើរអភិជន ដែលចង់បានសេវាកម្មលំដាប់ខ្ពស់មកពីជុំវិញពិភពលោក ខណៈដែលគម្រោង The Ritz-Carlton Residences Phnom Penh នឹងតំណាងឱ្យការរស់នៅប្រកបដោយភាពប្រណីតបំផុត។ ខ្ញុំបាទទន្ទឹងរង់ចាំការបន្តសហការជាមួយក្រុមហ៊ុនMarriott ដើម្បីធ្វើឱ្យគម្រោងដ៏អស្ចារ្យនេះក្លាយជាការពិត”។

ចំណែកលោក Brad Edman អនុប្រធានប្រចាំទីផ្សារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ នៃ Marriott International បានមានប្រសាសន៍ថា “The Ritz-Carlton ជាម៉ាកសញ្ញាដែលតំណាងដល់គោលដៅ ដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងមានភាពទាក់ទាញយូរអង្វែង ហើយរាជធានីភ្នំពេញបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសក្តានុពល និងភាពរស់រវើក ដែលយើងស្វែងរកនៅក្នុងទីក្រុងដ៏អស្ចារ្យនានាក្នុងពិភពលោក”។

លោកបានបន្តថា តាមរយៈការរួមបញ្ចូលទីតាំងដ៏ល្អឥត ខ្ចោះនៅចំកណ្តាលទីក្រុង ជាមួយនឹងសេវាកម្មដ៏ល្បីល្បាញ ការរចនាប្រកបដោយភាពទំនើប ព្រមទាំងការប្រមូលផ្តុំនូវបន្ទប់ស្នាក់នៅរបស់សណ្ឋាគារ និងលំនៅឋានក្រោមម៉ាកយីហោដ៏លេចធ្លោមួយនោះគឺ The Ritz-Carlton Phnom Penh និងThe Ritz-Carlton Residences Phnom Penh ហើយបានរំពឹងថា នឹងកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅ ប្រកបដោយភាពប្រណីត និងលើកតម្កើងវិស័យបដិសណ្ឋារកិច្ចនៅក្នុងរាជធានីភ្នំពេញ”។

ស្ថិតនៅទីតាំងដ៏មានសក្តានុពល លេចធ្លោតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាមហាវិថីសំខាន់មួយក្នុងខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ សណ្ឋាគារ The Ritz-Carlton Phnom Penh និង គម្រោង The Ritz-Carlton Residences Phnom Penh នឹងក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ដែលរួមបញ្ចូលទាំងអគារការិយាល័យលំដាប់Grade A ផងដែរ។

នៅពេលបើកដំណើរការ ភ្ញៀវក្នុងសណ្ឋាគារ និងអ្នករស់នៅ នឹងទទួលបានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់តំបន់ទាក់ទាញផ្នែកវប្បធម៌ និងពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី ដូចជា ផ្សារធំថ្មី ព្រះបរមរាជវាំង និងសារមន្ទីរជាតិកម្ពុជា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់រាជធានីភ្នំពេញ ស្ថិតនៅចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រប៉ុណ្ណោះ៕

ភ្នំពេញ​មាន​គុណសម្បត្តិ​មួយធៀប​ជាមួយ​ប្រទេស​រីក​ចម្រើន​ក្នុង​តំបន់​ដោយសារ​តម្លៃ​អចលនទ្រព្យ​ទាប​

ដោយៈ ចំណាន

ភ្នំពេញៈ ការសិក្សាបានបង្ហាញថា កម្ពុជាមានគុណសម្បត្តិពិសេ​សមួយ ដោយសារតម្លៃអចលនទ្រព្យ ទាបជាងសិង្ហបុរី ជប៉ុន និងឌូបៃយ៉ាងខ្លាំង។

លើសពីនេះ ទីផ្សារក៏កំពុងមានសភាពងើបឡើងវិញតិចៗផងដែរ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ បានបត់ទៅកាន់អ្នកមានជីវភាពមធម្យមកម្រិតទាប។

សម្រាប់វិនិយោគិនចិន ដែលកំពុងស្វែងរកប្រាក់ចំណូលចាប់ពី ១០០,០០០ ដុល្លារដល់៥០០,០០០ដុល្លារ រាជធានីភ្នំពេញអាចងាយស្រួលចូលទៅដល់ជាងសិង្ហបុរី ឬទីផ្សារជប៉ុន/អារ៉ាប់រួមកំពូលៗ។

ទោះជាយ៉ាងណាប្រទេសនេះ មានបញ្ហាប្រឈមលើទំនុកចិត្ត ការការពារផ្នែកច្បាប់ សាច់ប្រាក់ងាយស្រួលលក់បន្ត ផលចំណេញពីការជួល តម្លាភាព ហេដ្ឋារចនាសម្ព័ន្ធ និងទំនុកចិត្តលើរឿងរ៉ាវសេដ្ឋកិច្ចរយៈពេលវែង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាសន សៀបបានទទួលស្គាល់ថា ទីផ្សារមានចរន្តការទិញ លក់ខ្សោយនាពេលបច្ចុប្បន្ន ប៉ុន្តែមិនមែនមានន័យថា​ទីផ្សារជាប់គាំង លក់មិនបាននោះទេ។

លោកបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែលក់បាន សំខាន់តើយើងបានពង្រឹងសមត្ថភាព និងផ្តោតលើវិន័យការងារយើងឬនៅ?”។ លោកឧកញ៉ាបន្ថែមថា “អ្វីសំខាន់នាពេលនេះ យើងមិនទាន់ដឹងថា ទីផ្សារនឹងងើបឡើងវិញនៅខែក្រោយ ឬឆ្នាំក្រោយនោះទេ តែអ្វីដែលយើងត្រូវផ្តោត គឺបើយើងលូតទៅលើមិនរួច យើងអាចចាក់ឬសទៅក្រោមឲ្យរឹងមាំ ព្រោះនៅពេលឬសយើងរឹងមាំ ទោះបីយើងជួបព្យុះបក់បោកយ៉ាងណា ក៏យើងមិនដួលរលំដែរ”៕