ទីផ្សារ​អចលនទ្រព្យអឺរ៉ុប​កំពុង​ងើប​ឡើង​វិញ​សន្សឹមៗ​នៅ​ឆ្នាំ២០២៦​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អឺរ៉ុបកំពុងងើបឡើងវិញសន្សឹមៗនៅឆ្នាំ២០២៦។សកម្មភាពនៃការវិនិយោគមានភាពប្រសើរឡើង ដោយសារលក្ខខណ្ឌហិរញ្ញប្បទានកាន់តែមានការគាំទ្រ។

យោងតាមក្រុមហ៊ុន CBRE ការវិនិយោគលើអចលនទ្រព្យនៅតំបន់អឺរ៉ុបបានហក់ឡើងដល់ ៥២,៦ពាន់លានអឺរ៉ូក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កើនឡើង ៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ ក្រុមហ៊ុន CBRE ប៉ាន់ប្រមាណថា ទំហំកិច្ចព្រមព្រៀងនៅតំបន់កអឺរ៉ុបទាំងមូលនៅតែទាបជាងកម្រិតកំពូលប្រហែល៤០ភាគរយទៅ៤៥ភាគរយ ដែលបង្ហាញថា ទីផ្សារកំពុងងើបឡើងវិញសន្សឹមៗ ជាជាងការការរីកចម្រើនពេញលេញ។

ទីផ្សារអចលនទ្រព្យលំនៅឋាននៅតែជាផ្នែកដែលមានស្ថានភាពល្អប្រសើរបំផុត ដែលគាំទ្រដោយកង្វះខាតលំនៅន តម្រូវការជួល និងការផ្គត់ផ្គង់លំនៅឋានថ្មីនៅមានកំណត់។

ក្រុមហ៊ុន CBRE ចាត់ទុក​ទីផ្សារលំនៅឋាន​ជាគោលដៅវិនិយោគអចលនទ្រព្យធំជាងគេរបស់តំបន់អឺរ៉ុប ខណៈក្រុមហ៊ុន JLL រំពឹងថា ការវិនិយោគលើទីផ្សារលំនៅឋានអឺរ៉ុបនឹងលើសពី៧០ពាន់លានអឺរ៉ូនៅឆ្នាំ២០២៦។

ការណ៍នេះឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍យ៉ាងរបស់អ្នកវិនិយោគលើលំនៅឋានជួល លំនៅឋានសម្រាប់និស្សិត និងមនុស្សចាស់។

ការិយាល័យស្ថិតិ Eurostat រាយការណ៍ថា តម្លៃផ្ទះនៅសហភាពអឺរ៉ុបបានកើនឡើង៥,១ភាគរយធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈតម្លៃជួលលំនៅឋានបានកើនឡើង៣ភាគរយ៕

ក្រុមហ៊ុនមួយគ្រោង​វិនិយោគ​អភិវឌ្ឍន៍​ថ្នាល​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​គាំទ្រ​វិស័យ​ SMEs​

ដោយៈ ចំណាន

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសនាយករដ្ឋមន្ត្រី លើកិច្ចការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីគម្រោងវិនិយោគអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់ក្រុមហ៊ុន KHEMRA NEXUS Co., Ltd.។

តាមរយៈការធ្វើបទបង្ហាញ ភាគីក្រុមហ៊ុនបានបញ្ជាក់ថា គោលគំនិតចម្បងរបស់ក្រុមហ៊ុន គឺធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថលមួយ ដែលជួយសហគ្រាសធុនមីក្រូ តូច និងមធ្យម មានលទ្ធភាពតភ្ជាប់មូលដ្ឋានផលិតកម្ម របស់ខ្លួនទៅដល់ទីផ្សារ ពិសេសការតភ្ជាប់នឹងសេវាហិរញ្ញវត្ថុ ដែលការណ៍នេះនឹងជួយលើកកម្ពស់សមត្ថភាព និងការរីកលូតលាស់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកអគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលអាចចូលរួមចំណែកសម្រួលដល់សកម្មភាពអាជីវកម្ម របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាជួយដោះស្រាយបញ្ហា ប្រឈមនាពេលបច្ចុប្បន្នមួយចំនួនដូចជា ការតភ្ជាប់នឹងទីផ្សារ ការទទួលសេវាហិរញ្ញវត្ថុ។ល។ មួយវិញទៀត គម្រោងវិនិយោគនេះ ក៏នឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ៕

សម្តេចធិបតី បង្ហាញ​ការប្តេជ្ញាចិត្ត​សាងសង់​ផ្លូវ​ទៅ​កាន់​តំបន់​កន្ទុយនាគ​ជា​ចំណុច​ប្រសព្វ​កម្ពុជា​ វៀតណាម ​ឡាវ​

ដោយៈ ចំណាន

   ភ្នំពេញៈ ថ្លែងចេញពីលើវេទិកាក្នុងខេត្តភាគឦសាន នៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន ឆ្ពោះទៅកាន់តំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វរវាងប្រទេសកម្ពុជា វៀតណាម ឡាវ គឺជាមហិច្ឆតារបស់រាជរដ្ឋាភិបាល ទោះត្រូវឆ្លងកាត់ការលំបាកបែបណាក៏ដោយ ត្រូវតែពុះពារឲ្យបាន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹងត្រែង​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការខិតខំពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរទៅកាន់តំបន់កន្ទុយនាគ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងឡើយ។

សម្តេចបញ្ជាក់ថា នាពេលកន្លងទៅ ដើម្បីធ្វើដំណើរទៅតំបន់កន្ទុយនាគនេះបាន គឺត្រូវឆ្លងកាត់ប្រទេសវៀតណាមសិន ទើបត្រឡប់មកវិញ ដោយសារស្ថានភាពផ្លូវឡើងពីប្រទេសកម្ពុជា គឺលំបាកខ្លាំង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ឥលូវយើងកំពុងដាក់ ក្នុងគម្រោងរៀបចំសាងសងផ្លូវ៧៨កន្លះ ពីបានលុង ទៅតំបន់កន្ទុយនាគ”។ សម្តេចបន្ថែមថា “តំបន់កន្ទុយនាគ មិនដែលមានអ្នកណាបានទៅទេនៅខាងដីយើង (កម្ពុជា) បើចូលពីឥលូវគឺចោទពេក អ៊ីចឹងទាល់តែសុំចូលខាងវៀតណាមមកវិញ ខ្ញុំបានឲ្យបានគោលការណ៍ឯកឧត្តម ខ្វាន់ ស៊ាម ត្រូវពុះពារធ្វើឲ្យបានមិនថាវាត់ចម្ងាយណាទេ ត្រូវតែធ្វើឲ្យបានចូលពីដីខ្មែរដល់កន្ទុយនាគ ដើម្បីឲ្យកូនខ្មែរបាន ទៅមើលកន្លែងចុងមុំបីរវាងកម្ពុជា វៀតណាម ឡាវ ដើម្បីទៅដល់កន្លែងនោះ ដោយមិនឆ្លងកាត់ប្រទេសជិតខាង”។

សម្ដេចមហាបវរធិប​តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ផ្លូវប្រៀបដូចជាសរសៃឈាមយ៉ាងដូច្នេះដែរ ពោលសរសៃឈាមទៅដល់កន្លែងណា ចិញ្ចឹមសរីរាង្គរបស់មនុស្ស នៅកន្លែងនោះ ហើយនៅពេលមានផ្លូវ គឺមានក្ដីសង្ឃឹម ខណៈប្រជាពលរដ្ឋក៏ចាប់ផ្ដើមទៅរស់នៅបង្កើតជាភូមិ បង្កបង្កើនផលចិញ្ចឹម និងក៏ជាចំណែកការពារបូរណភាពទឹកដី តាមរយៈការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ប្រៀបដូចជាសរសៃឈាមហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចរចាជាមួយប្រទេសជិតខាង ដើម្បីបើកច្រកទៅជាតំបន់សេដ្ឋកិច្ចពិសេស សំដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មបានកាន់តែល្អប្រសើរ ទំនិញឆ្លងកាត់ទៅវិញទៅមក និងបង្កើនភាពទាក់ទាញ៕

តំបន់យុទ្ធសាស្រ្ត​សំខាន់ៗ​ដែលអ្នក​វិនិយោគ​ផ្នែក​ដី​ធ្លី​មិន​គួរ​មើល​រំលង​

ដោយៈ ម៉ាលីនណា

   ភ្នំពេញៈ យុទ្ធសាស្ត្រសម្រាប់ទីផ្សារនៅកម្ពុជា អ្នកវិនិយោគឆ្លាតវៃនឹងផ្តោតលើតំបន់មួយចំនួន ដែលបាននិងកំពុងមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍។

តំបន់យុទ្ធសាស្រ្តទាំងនោះ មានដូចជា ១. ច្រករបៀងអភិវឌ្ឍន៍ខាងក្រៅភ្នំពេញ ២. កណ្តាល/តាខ្មៅ ៣. បាវិត ៤.កំពត ៥.បាត់ដំបង ៦. សៀមរាប ៧. ក្រុងព្រះសីហនុ។ នេះបើតាមរបាយការណ៍​របស់ធនាគារពិភពលោក។

របាយការណ៍ទាក់ទងការរអភិវឌ្ឍន៍ទីក្រុងថ្មីៗ របស់ធនាគារពិភពលោក រួមបញ្ចូលជាពិសេសនូវ ទីក្រុងបន្ទាប់បន្សំទាំងនេះមួយចំនួន នៅក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍន៍នាពេលអនាគត។

អ្នកជំនាញបានលើកឡើងថា សម្រាប់យុទ្ធសាស្ត្រធនាគារដីធ្លីឆ្នាំ២០២៦ -២០៣០ អ្នកវិនិយោគគួរជ្រើសរើសដី ដែលមានគុណភាពល្អ ដែលមានតម្លៃទាបទៅមធ្យម នៅក្នុងច្រករបៀងកំណើនដែលកំពុងរីកចម្រើន ជាជាងការចំណាយតម្លៃខ្ពស់បំផុត សម្រាប់ដីដែលបានអភិវឌ្ឍរួចហើយ។

អ្នកជំនាញបានបន្ថែមថា “ប្រាក់ចំណេញ ដែលអាចកើតមានច្រើនបំផុត ជាធម្មតាបានមកពីការទិញ មុនពេលហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការមកដល់ មិនមែនបន្ទាប់ពីនោះទេ”។

អ្នកឧកញ៉ាសំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញយឺតៗ។

អ្នកឧកញ៉ាលើកជាសំណួរថា “ ការវិនិយោគដីធ្លីមិនមានឱកាសទៀតទេឬយ៉ាងណា ដរាបណាអ្វីគ្រប់យ៉ាងត្រូវការដីធ្លី ឱកាសនៅតែមាន និងមានផលចំណេញនាពេលអនាគត”៕

សម្តេចធិបតី​បញ្ជាក់​ជាថ្មីពី​វត្ថុបំណង​និង​សារ​សំខាន់​នៃ​ការ​បង្កើត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ត្រីកោណ​ CLV-DTA

ដោយៈ គង់ សូរិយា

ស្ទឹងត្រែងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានរំលឹកជាថ្មីនូវវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនដើម្បីធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ។

សម្តេចបញ្ជាក់ថា “បើទោះបីជាកម្ពុជា បាន​សម្រេចចិត្ត​ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម​កាលពីឆ្នាំ២០២៤​ក៏​ដោយ”។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅខេត្តស្ទឹងត្រែង សម្តេចធិបតីបានពន្យល់ថា CLV-DTA ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ​ដោយសារតែបន្ទាប់ពីចប់សង្រ្គាមឆ្នាំ១៩៩៨ ​ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ​ដូច្នេះហើយដើម្បីពន្លឿន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគឦសាន្ត ដូចជា ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងនេះឡើង ដោយ គម្រោងនេះបានរួមបញ្ចូលខេត្តចំនួន១៣ ក្នុងនោះកម្ពុជាមាន​៤ខេត្ត វៀតណាម៥ខេត្ត និងឡាវ៤ ខេត្ត ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍តំបន់នេះ ហើយផែនការមេនេះ ត្រូវបានអ្នកជំនាញការមកពីជប៉ុនផងដែរ។​

សម្តេចបវរធិបតីបានបន្ថែមថា អ្នកជំនាញការជប៉ុនបានសម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ នៅឆ្នាំ២០២៤ ដោយសារតែគម្រោងនេះមានប្រយោជន៍ ក្នុងការបង្កើនសហថាមពលរវាងប្រទេសទាំងបី។

យ៉ាងនេះក្តីសម្តេចបវរធិបតី មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលមើលឃើញពីប្រយោជន៍នៃCLV-DTAក៏ដោយ ក៏រដ្ឋាបាលកម្ពុជាបានសម្រេចចិត្តដកខ្លួន ដើម្បីជៀសវាងការមិនអស់ចិត្ត ពីប្រជាពល  រដ្ឋ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនៅតែបន្ត ហើយការអភិវឌ្ឍន៍តំបន់នេះ នៅតែជាគោលការណ៍អាទិភាពរបស់រដ្ឋាភិបាល ដោយមិនប៉ះពាល់ដល់អធិបតេយ្យជាតិឡើយ។

សម្តេចបវរធិបតីបានបញ្ជាក់ទៀតថា“អ្វីដែលសំខាន់គឺការអភិវឌ្ឍន៍របស់យើង បើទោះបីជាមាន ឬមិន​មានCLV-DTA ឬក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ​ ប៉ុន្តែយើងមាន មិនមែនបាត់អធិបតេយ្យទេ”។សម្តេចបានបន្ថែមថា “ប៉ុន្តែខ្ញុំនិយាយថា ទោះបីជាមានឬមិនមាន(CLV-DTA) ក៏​ដោយ ការអភិវឌ្ឍន៍តំបន់នេះ ក៏ស្ថិតនៅក្នុងគោលការអទិភាពរបស់រដ្ឋាភិបាលដែរ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ​​រាជរដ្ឋាភិបាលកម្ពុជាបាន​សម្រេចចិត្តដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បន្ទាប់ពីអនុវត្តន៍បានរយៈពេល២៥ឆ្នាំ។​

តាមសម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកផ្តួចផ្តើមគំនិត បង្កើតកិច្ចសហប្រតិបត្តិការCLV-DTAនេះ​ បានពន្យល់ថា មូលហេតុដែលនាំឱ្យកម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះ ក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTAនេះ ធ្វើជាអាវុធនយោ​បាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរ ចំពោះប្រជាជន ដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយ​ថែមទាំងបានប្រើរឿងនេះ ​ញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ​៕

ការវិនិយោគ​លើ​អចលនទ្រព្យពាណិជ្ជកម្ម​របស់​ទីក្រុងហុងកុង​ហក់​ឡើង​ដល់​ជាង​៣ពាន់​លាន​ដុល្លារ​អាមេរិក​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន JLL ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងនៃប្រទេសចិនបានកើនឡើងជាងទ្វេដងដល់ ៣,១ ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦។

កំណើននេះធ្វើឱ្យទីក្រុងហុងកុងក្លាយជាទីផ្សារវិនិយោគដែលមានការរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារការកើនឡើងយ៉ាងគំហុកនៃកិច្ចព្រមព្រៀងលក់រាយ និងការិយាល័យ។

កំណើននៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅហុងកុងបានវ៉ាដាច់ទីផ្សារធំៗផ្សេងទៀត រួមទាំងប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលី។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL។

ក្រុមហ៊ុន JLL បានអះអាងនៅក្នុងរបាយការណ៍របស់ខ្លួនថា «កំណើនដ៏រឹងមាំនៃការវិនិយោគរបស់ទីក្រុងហុងកុងសម្រេចបាន ស្របពេលអ្នកវិនិយោគជ្រើសរើសវិនិយោគលើទ្រព្យសកម្មដែលផ្តល់នូវផលចំណេញប្រកបដោយស្ថិរភាព»។

របាយការណ៍​បាន​បន្ថែម​ថា ការ​ស្ទុះ​ងើប​ឡើង​វិញ​នេះ​នៅ​ត្រីមាស​ទី​ពីរ​បាន​ជួយ​ជំរុញ​កំណើនចំនួន៩០ភាគរយ​នៃ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ហុងកុង​ក្នុង​ឆមាស​ទី​មួយ។

លោក Oscar Chan ប្រធាន​ទីផ្សារ​មូលធន​នៅក្រុមហ៊ុន JLL ក្នុង​ទីក្រុង​ហុងកុង​បាន​មាន​ប្រសាសន៍​ថា “ការ​វិនិយោគ​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ហុងកុង​នៅ​តែ​មាន​ភាព​សកម្ម​ខ្ពស់”។

លោកបន្ថែមថា «ទោះបីជា​មាន​ភាព​មិន​ប្រាកដប្រជា​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ និង​បរិយាកាស​អត្រា​ការប្រាក់​ស្មុគស្មាញយ៉ាងណាក្តី យើង​កំពុង​សង្កេយឃើញ​សកម្មភាព​វិនិយោគ​ជា​បន្តបន្ទាប់​ហូរ​ចូល​ក្នុង​ទីក្រុងហុងកុង»៕

ទីក្រុង Victoria Parkland កំពុងឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​សុទិដ្ឋិនិយម​

ដោយៈ ចំណាន

   កណ្តាលៈ ស្ថិតនៅតំបន់ ដែលកំពុងរីកចម្រើនលឿន ជាមួយសក្តានុពលប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ គម្រោងVictoria Parkបាននិងកំពុងឆ្ពោះទៅមុខជាមួយសុទិដ្ឋិនិយម។

ជាមួយនឹងការបញ្ចប់ការសាងសង់ចំណតយានយន្ត និងការិ​យាល័យលក់ បច្ចុប្បន្នអតិថិជនជាច្រើនបានចាប់អារម្មណ៍កក់ និងទិញដីនៅក្នុងគម្រោងនេះបណ្តើរហើយ ដោយពួកគេជឿជាក់ពីមូលដ្ឋានរឹងមាំរបស់អ្នកអភិវឌ្ឍន៍ ដែលមានជំនាញ ចក្ខុវិស័យ និងមូលដ្ឋានទុនរឹងមាំ។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកគំរោងទីក្រុងVictoria Parkland​បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីដើមសប្តាហ៍នេះថា ការចេញដំណើរនាពេលនេះ វាបង្ហាញពីការប្តេជ្ញាចិត្ត ទំនុកចិត្ត និងមូលដ្ឋានគ្រឹះរឹងមាំរបស់យើង ព្រោះមានតែគំរោងល្អ និងក្រុមហ៊ុនខ្លាំងទេ ទើបយើងឈរជើងបានរឹងមាំនៅក្នុងទីផ្សារ។

លោកបញ្ជាក់ថា “មនុស្សមួយចំនួនពួកគេនិយាយពីបញ្ហា ប៉ុន្តែយើងមើលឃើញឱកាស និងនិយាយពីឱកាស ហើយអ្នកវិនិយោគជាច្រើន ដែលបានទិញគំរោងរបស់យើងបានជឿជាក់ លើផែនការអភិវឌ្ឍន៍គំរោងមួយនេះ”។

គម្រោងទីក្រុងVictoria Parkland មានទីតាំងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គំរោងនេះ នឹងមានការអភិវឌ្ឍន៍ចម្រុះដូចជា ដីឡូវីឡា ដែលមានទំហំ២០គុណ៣០ម៉ែត្រ ទំហំរហូតដល់២០០០ម៉ែត្រការ៉េ គំរោងខុនដូ ផ្សារទំនើប ផ្ទះអាជីវកម្ម អាគារការិយាល័យ សណ្ឋាគារជាដើម។

លោកបណ្ឌិតតេង រិទ្ធីបានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុនបាននិងកំពូងផ្តោតលើការអភិវឌ្ឍប្រកបដោយគុណតម្លៃ ដែលទាំងអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ទទួលបានផលប្រយោជន៍រួមគ្នា ពីគម្រោងនេះ ដោយមិនគិតឈ្នះតែអ្នកអភិវឌ្ឍន៍ម្នាក់ឯងឡើយ៕

 

ដំណឹងល្អៈ រូបសំណាកបាត​ដៃ​នៅ​ក្នុង​ក្រុង​កំពត​សម្រេច​បាន​ប្រមាណ៩០​ភាគ​រយហើយ​

ដោយៈ កម្ពុ

   កំពតៈ អភិបាលនៃគណអភិបាលខេត្តកំពត លោកម៉ៅ ធនិនបាន បន្តអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំ បាតដៃ ដែលកន្លែងឈរថតរូប ស្ថិតក្នុងបរិវេណឆ្នេរថ្មី ក្រុងកំពត។

តាមព័ត៌មានបានឲ្យដឹងថា គិតមកទល់ពេលនេះ ការងាររៀបចំបាតដៃដ៏ទាក់ទាញមួយនេះ សម្រេចបានប្រមាណ៩០%ហើយ និង ត្រូវបានរំពឹងរូបសំណាក សម្រាប់ភ្ញៀបទេសចរណ៍ឈរថតរូប នឹងក្លាយជាចំណុចទាក់ទាញថ្មីមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត និងផ្តិតយករូបភាពស្អាតៗនៅក្នុងខេត្តកំពត។

រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោកម៉ៅ ធនិនបានសាងសង់រូបសំណាកសេះសមុទ្រ និងនាឡិកាយក្សរួចហើយ ដែលបានធ្វើឲ្យខេត្តនេះ បានទាក់ទាញចំណាប់អារម្មណ៍ យ៉ាងច្រើនពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ៕

ផ្លូវជាតិលេខ៨ ប្រវែងជិត១៣០គីឡូម៉ែត្រ​កំពុង​រៀប​ចំ​ធ្វើ​ឲ្យកាន់​តែ​ប្រសើរ​ឡើង​

ដោយៈ ចំណាន

 លោកឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ស្រុកពញាក្រែក (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧)។

បេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងធនាគារAIIB មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំផងដែរ។

ការចុះពិនិត្យនេះធ្វើឡើង ក្នុងគោលបំណងសិក្សា វាយតម្លៃស្ថានភាពផ្លូវជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់រៀបចំគម្រោងផ្លូវជាតិលេខ៨ឱ្យកាន់តែប្រសើរឡើង។

គម្រោងនេះមានមានប្រវែង សរុបប្រមាណ១២៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានផ្លូវខ្នែងលេខ៨៨ តភ្ជាប់ទៅច្រកព្រំដែនអន្តរជាតិកម្ពុជា -វៀតណាម ម៉ឺនជ័យ-តឺនណាម។

ផ្លូវជាតិលេខ៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ព្រមទាំងមានតួនាទី តភ្ជាប់រាជធានីភ្នំពេញទៅកាន់តំបន់ភាគខាងកើត និងច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាមផងដែរ៕

រដ្ឋមន្រ្តី​ក្រសួង​ចំនួន២រួម​គ្នា​ជំរុញ​កិច្ច​គាំ​ពារ​បរិស្ថាន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខារួម លើអនុស្សរណៈយោគយល់គ្នា របស់ក្រសួងទាំងពីរ ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម។

លោកជំទាវ ចម និម្មល បានលើកឡើងក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១១ សីហាថា ការចុះអនុស្សរណៈរវាងក្រសួងទាំងពីរ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្រ្ត ដើម្បីពង្រឹងកិច្ចសហការការពារបរិស្ថាន លើកទឹកចិត្តដល់ធុរកិច្ចបៃតង ក៏ដូចជាជំរុញសកម្មភាពរបស់ក្រុមហ៊ុននានា មានការទទួលខុសត្រូវខ្ពស់លើបរិស្ថាន ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវបានមានប្រសាសន៍បន្ថែមថា “ការពង្រឹងកិច្ចគាំពារបរិស្ថាន គឺមានភាពចាំបាច់ក្នុងការរក្សាការប្រកួតប្រជែង និងការលើកតម្កើងផលិតផលកម្ពុជាទីក្នុងទីផ្សាកាន់តែប្រសើរ”។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា សមិទ្ធផលនិងការងារបរិស្ថាន គឺត្រូវបានកសាងឡើងនៅលើគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភីបាលក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា “ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា មានលទ្ធភាពគិតគូរ ដល់ចីរភាពបរិស្ថានយ៉ាងសំខាន់។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ច្បាស់លាស់ បញ្ចូលបញ្ហាបរិស្ថាន ទៅក្នុងបេះដូងនៃដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាថា ប្រទេសជាតិរបស់យើងនឹងរីកចម្រើនទៅមុខប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព”។

លោកបានថ្លែងបន្ថែមថា អនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម បានបង្ហាញពីការយកចិត្តទុកដាក់ និងសហការខ្ពស់ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន ក្នុងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម សម្រាប់ការលើកកម្ពស់ការការពារសុខភាពសាធារណៈ និងបរិស្ថាន ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

អនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម នឹងអនុញ្ញាតឱ្យក្រសួងទាំងពីរ៖ ពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង៖ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងទាន់ពេលវេលា អំពីក្រុមហ៊ុនទាំងឡាយណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស និងបង្កការបំពុលបរិស្ថាន។

ចាត់វិធានការរដ្ឋបាលច្បាស់លាស់៖ ក្រសួងពាណិជ្ជកម្មនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ក្នុងការចាត់វិធានការតឹងរ៉ឹង រាប់ចាប់តាំងពីការព្រមាន ការផ្អាក ឬលុបចោលអាជ្ញាបណ្ណ រហូតដល់ការដាក់ឈ្មោះក្រុមហ៊ុនល្មើសទៅក្នុង “បញ្ជីខ្មៅ” និងផ្សព្វផ្សាយជាសាធារណៈ។

  • ការតាមដាន និងវាយតម្លៃរួមគ្នា៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នឹងធ្វើជាសេនាធិការរួមគ្នាក្នុងការចុះពិនិត្យ តាមដាន និងវាយតម្លៃអនុលោមភាពរបស់ក្រុមហ៊ុននានា ដើម្បីលើកទឹកចិត្តដល់ធុរកិច្ចបៃតង៕