រដ្ឋមន្រ្តី​ក្រសួង​ចំនួន២រួម​គ្នា​ជំរុញ​កិច្ច​គាំ​ពារ​បរិស្ថាន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​

ចែករំលែក

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខារួម លើអនុស្សរណៈយោគយល់គ្នា របស់ក្រសួងទាំងពីរ ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម។

លោកជំទាវ ចម និម្មល បានលើកឡើងក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១១ សីហាថា ការចុះអនុស្សរណៈរវាងក្រសួងទាំងពីរ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្រ្ត ដើម្បីពង្រឹងកិច្ចសហការការពារបរិស្ថាន លើកទឹកចិត្តដល់ធុរកិច្ចបៃតង ក៏ដូចជាជំរុញសកម្មភាពរបស់ក្រុមហ៊ុននានា មានការទទួលខុសត្រូវខ្ពស់លើបរិស្ថាន ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវបានមានប្រសាសន៍បន្ថែមថា “ការពង្រឹងកិច្ចគាំពារបរិស្ថាន គឺមានភាពចាំបាច់ក្នុងការរក្សាការប្រកួតប្រជែង និងការលើកតម្កើងផលិតផលកម្ពុជាទីក្នុងទីផ្សាកាន់តែប្រសើរ”។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា សមិទ្ធផលនិងការងារបរិស្ថាន គឺត្រូវបានកសាងឡើងនៅលើគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភីបាលក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា “ការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជា មានលទ្ធភាពគិតគូរ ដល់ចីរភាពបរិស្ថានយ៉ាងសំខាន់។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ច្បាស់លាស់ បញ្ចូលបញ្ហាបរិស្ថាន ទៅក្នុងបេះដូងនៃដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាថា ប្រទេសជាតិរបស់យើងនឹងរីកចម្រើនទៅមុខប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព”។

លោកបានថ្លែងបន្ថែមថា អនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម បានបង្ហាញពីការយកចិត្តទុកដាក់ និងសហការខ្ពស់ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន ក្នុងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម សម្រាប់ការលើកកម្ពស់ការការពារសុខភាពសាធារណៈ និងបរិស្ថាន ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

អនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម នឹងអនុញ្ញាតឱ្យក្រសួងទាំងពីរ៖ ពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង៖ តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងទាន់ពេលវេលា អំពីក្រុមហ៊ុនទាំងឡាយណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស និងបង្កការបំពុលបរិស្ថាន។

ចាត់វិធានការរដ្ឋបាលច្បាស់លាស់៖ ក្រសួងពាណិជ្ជកម្មនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ក្នុងការចាត់វិធានការតឹងរ៉ឹង រាប់ចាប់តាំងពីការព្រមាន ការផ្អាក ឬលុបចោលអាជ្ញាបណ្ណ រហូតដល់ការដាក់ឈ្មោះក្រុមហ៊ុនល្មើសទៅក្នុង “បញ្ជីខ្មៅ” និងផ្សព្វផ្សាយជាសាធារណៈ។

  • ការតាមដាន និងវាយតម្លៃរួមគ្នា៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នឹងធ្វើជាសេនាធិការរួមគ្នាក្នុងការចុះពិនិត្យ តាមដាន និងវាយតម្លៃអនុលោមភាពរបស់ក្រុមហ៊ុននានា ដើម្បីលើកទឹកចិត្តដល់ធុរកិច្ចបៃតង៕

 


ចែករំលែក