
Coworking space monthly lease reaches $344 per person in HCMC

ទីផ្សារលំនៅដ្ឋាននៅប្រទេសម៉ាឡេស៊ីរំពឹងបន្តបង្ហាញនូវសញ្ញាវិជ្ជមាន
ទីផ្សារលំនៅដ្ឋាននៅប្រទេសម៉ាឡេស៊ីរំពឹងបន្តបង្ហាញនូវសញ្ញាវិជ្ជមាន
ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពរឹងមាំនៃប្រាក់រីងហ្គីត ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយសារកត្តាម៉ាក្រូសេដ្ឋកិច្ចវិជ្ជមាន និងការសម្រេចចិត្តរបស់ធនាគារកណ្តាលម៉ាឡេស៊ី ក្នុងការរក្សាអត្រាការប្រាក់នៅថេរត្រឹម៣% ត្រូវបានគេរំពឹងថា នឹងជំរុញទីផ្សារអចលនទ្រព្យ ដោយផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកទិញ។
លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានគូសបញ្ជាក់ថា គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលម៉ាឡេស៊ី រួមជាមួយនឹងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិកនាពេលខាងមុខ នឹងជះឥទ្ធិពលវិជ្ជមានលើតម្លៃអចលនទ្រព្យ និងប្រតិបត្តិការ។
អ្នកជំនាញអចលនទ្រព្យរូបនេះ បានថ្លែងប្រាប់សារពត៌មាន Business Times ថា ស្ថិរភាពនៃគោលនយោបាយអត្រាការប្រាក់ ជួយធានាបាននូវការចំណាយ លើការខ្ចីប្រាក់សមរម្យសម្រាប់ទាំងកម្ចីទិញផ្ទះ និងការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍។
លោក Kashif Ansari បន្តថា “នេះមានន័យថា ការបង់អត្រាការប្រាក់លើប្រាក់កម្ចី ដែលមានស្រាប់នឹងមិនប្រែប្រួលធំដុំនោះទេ ដោយរក្សាការទូទាត់សង ប្រចាំខែមានស្ថិរភាព។ នោះជាការល្អ សម្រាប់ស្ថានភាពហិរញ្ញវត្ថុគ្រួសារ និងសម្រាប់ឧស្សាហកម្ម”។
លោក Kashif បានអះអាងថាក្នុងរយៈពេលមធ្យម ជាធម្មតា ការរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតទាប អាចជំរុញឱ្យតម្លៃអចលនទ្រព្យហក់ឡើងថ្លៃ ដោយសារអ្នកទិញមានលទ្ធភាពទូទាត់សង និងអាចចំណាយកាន់តែច្រើនលើការទិញផ្ទះ។
លោក Kashif បានបន្ថែមថា “យើងរំពឹងថា តម្រូវការនឹងបន្តកើនឡើង ក្នុងកម្រិតមួយប្រកបដោយនិរន្តរភាព។ បរិយាកាសស្ថិរភាព អត្រាការប្រាក់ផ្តល់ភាពវិជ្ជមាន សម្រាប់អចលនទ្រព្យ និងមិនបង្កឱ្យមានសុទិដ្ឋិនិយមខ្ពស់ហួសហេតុ នៅក្នុងទីផ្សារ”។
នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រតិបត្តិការទិញ-លក់អចលនទ្រព្យសរុប នៅប្រទេសម៉ាឡេស៊ី សម្រេចបានទំហំទឹកប្រាក់លើសពី១០៥ពាន់លានរីងហ្គីត។ នេះជាកំណើនខ្ពស់បំផុត ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
យោងតាមទិន្នន័យបឋមបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះម៉ាឡេស៊ី (IHRM) ក្នុងឆមាសទី១ បានឈរនៅត្រឹម២១៨,៧ពិន្ទុ ជាមួយនឹងតម្លៃផ្ទះ ជាមធ្យមចំនួន៤៧១.៩១៨រីងហ្គីត (ប្រហែល១០៨.៥៣៧ដុល្លារ) ក្នុងមួយយូនីត និងអត្រាកំណើនប្រចាំឆ្នាំ០,៩ភាគរយ៕ប្រភព: NST៕

ថ្នាក់ដឹកនាំCVEAផ្តោតលើ “ព៣” ដើម្បីពង្រឹងបទដ្ឋានវិជ្ជាជីវៈក្នុងវិស័យនេះ
ថ្នាក់ដឹកនាំCVEAផ្តោតលើ “ព៣” ដើម្បីពង្រឹងបទដ្ឋានវិជ្ជាជីវៈក្នុងវិស័យនេះ
ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បាននិងកំពុងផ្តោតលើយុទ្ឋសាស្រ្ត “ព៣” ដើម្បីពង្រីកការផ្សព្វផ្សាយ និងពង្រឹងស្តង់ដាវិជ្ជាជីវៈក្នុងវិស័យនេះ។
លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានមានប្រសាសន៍បែបនេះ ក្នុងពិធី ចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគេហទំព័រPropertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេ នៅកម្ពុជាកាលពីចុងសប្តាហ៍មុន។
លោកសន សៀបបានមានប្រសាសន៍ថា ការចុះអនុស្សរណៈនេះ ដើម្បីយើងធ្វើការរួមគ្នា ក្នុងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តិនានា លើការផ្តល់សេវាកម្មរបស់យើង នៅក្នុងវិស័យនេះ។
លោកបន្តថា “ការពង្រឹងច្បាប់ ជាយុទ្ឋសាស្រ្តរបស់យើងមួយនៅក្នុងយុទ្ឋសាស្រ្ត “ព” ទាំងបីរបស់យើង”។
លោកបានពន្យល់ថា “ព” ទី១ គឺការពង្រឹងការអនុវត្តន៍ច្បាប់ សម្រាប់ទាំងអស់គ្នា ដើម្បីយើងអាចប្រកួតប្រជែងគ្នាដោយតម្លាភាព និងផ្តោតលើគុណភាពសេវាកម្មជាចម្បង ព្រោះមានតែការគោរពច្បាប់ទេ ទើបយើងអាចជៀសពីបញ្ហាផ្សេងៗ និងអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។
“ព” ទី២ គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យើង ដោយសមាគមនឹងរៀបចំផ្សព្វផ្សាយ ការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈ ក៏ដូចជាចំណេះដឹងថ្មីៗ ដល់អ្នកនៅក្នុងវិជ្ជាជីវៈរបស់យើង ដើម្បីទទួលបានអាជ្ញាប័ណ្ណវិជ្ជាជីវៈ ពីនិយ័តករអភិវឌ្ឍន៍អាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
“ព”ទី៣ គឺការពង្រឹងការការពារវិជ្ជាជីវៈរបស់យើង អញ្ចឹងការសហការជាមួយគេហទំព័រPropertyarea.asia ដើម្បីឲ្យស្ថាប័នព័ត៌មាន ជួយផ្សព្វផ្សាយឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ គាត់ងាកមកសុំអាជ្ញាប័ណ្ណ ដើម្បីឲ្យការផ្តល់សេវាកម្ម ដល់សាធារណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែមានទំនុកចិត្ត។
លោកសន សៀបបានបន្តថា “ជំនាញនិងវិជ្ជាជីវៈ ប្រៀបដូចជាវេជ្ជបណ្ឌិតចឹង បើគាត់មានជំនាញ និងបទពិសោធន៍តិចតួច យកទៅមើលអ្នកជំងឺ គឺមិនអាចព្យាបាលបាន គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបន្តថា “បើគាត់គ្មានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ គាត់ត្រូវប្រឈមមុខចំពោះច្បាប់ ព្រោះមិនអាចឲ្យអ្នកដទៃទៀត ខូចឈ្មោះដោយសារគាត់នោះទេ”។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងក្រុមប្រឹក្សាភិបាលសមាគមCVEAបានមានប្រសាសន៍ឲ្យដឹងថា ការពង្រឹងបទដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ និងច្បាប់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយដល់វិស័យនេះ ឲ្យមានភាពប្រសើរឡើងវិញ។
លោកបន្តថា “ទំនុកចិត្តទីផ្សារជារឿងសំខាន់ ហេតុនេះទើបយើងស្នើ និងទាមទារឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ ពួកគេត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីលើកស្ទួយឲ្យវិស័យនេះ មានការរីកចម្រើនប្រកបដោយនិរន្តរភាព”៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្កើតពានរង្វាន់ពាក់ កណ្តាលអាជីពជាថ្មី
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្កើតពានរង្វាន់ពាក់កណ្តាលអាជីពជាថ្មី
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព ដែលធំ និងមានអាយុកាលយូរជាងគេនៅកម្ពុជា បានត្រលប់មកវិញហើយ។ នេះជាប្រសាសន៍លើកឡើង របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia។
លោកឧកញ៉ាបានសរសសេរលើ បណ្តាញទំនាក់ទំនងសង្គមថា ពួកយើងបានដាក់ឈ្មោះពានថា Khmer Real Estate Cup នៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ (៤ឆ្នាំជាប់គ្នា) ដោយសារម្ខាស់ឧបត្ថម្ភរបស់ពួកយើងជា Khmer Real Estate Co., Ltd។
លោកបន្តថា ពួកយើងបានដាក់ឈ្មោះពានថា Khmer Real Estate League នៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ (៣ឆ្នាំជាប់គ្នា) ដោយសារម្ខាស់ឧបត្ថម្ភរបស់ពួកយើងជា Khmer Real Estate Co., Ltd!។
ពួកយើងបានដាក់ឈ្មោះពានថា KW Cambodia League នៅចន្លោះឆ្នាំ ២០១៩ ឆ្នាំ ២០២០ និងឆ្នាំ ២០២២ (៣ឆ្នាំ) ដោយសារម្ខាស់ឧបត្ថម្ភរបស់ពួកយើងជា KW Cambodia។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ពួកយើងបានដាក់ឈ្មោះពានថា វិមាន សំណាងលីគ (Vimean Samnang League) លើកទី១១ នៅក្នុងឆ្នាំ២០២៤ ដោយសារម្ខាស់ឧបត្ថម្ភរបស់ពួកយើងជា បុរី វិមានសំណាង។
ក្រុមហ៊ុនKhmer Real Estate Co., Ltd, KW Cambodia និងបុរី វិមានសំណាង សុទ្ធតែជាអាជីវកម្មរបស់ខ្ញុំបាទគីម ហ៊ាង ហើយសូមទាក់ទងលេខ ០៧៧ ៩៦ ២០០០ & ០៦១ ២១ ៦៧៨៩ ដើម្បីដាក់ពាក្យចូលរួមប្រកួត៕
មន្រ្តីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់
មន្រ្តីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់
ដោយៈ និស្ស័យ
ភ្នំពេញៈ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ ពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ សំដៅធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព ដើម្បីកំណត់យន្តការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់ ការកំណត់ដីចំណីផ្លូវតាមប្រភេទ នៃបណ្តាញផ្លូវថ្នល់ វិធានការទប់ស្កាត់ ការពារ និងលុបបំបាត់បាតុភាពទន្ទ្រានកាន់កាប់យកដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការថែទាំផ្លូវឱ្យមានអាយុកាល ប្រើប្រាស់សមស្រប ទៅតាមកម្រិតស្តង់ដារបច្ចេកទេសកំណត់។
សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រុមការងារពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសរួចរាល់ បន្ទាប់មកនឹងត្រូវប្រជុំពិនិត្យ ពិភាក្សានិងសម្រេចចុងក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី មុននឹងបន្តនីតិវិធីតាមយន្តការ ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធានាថានៅពេលដែលអនុក្រឹត្យនេះ ចេញទៅនឹងមានការឯកភាពគ្នាពីក្រសួង សា្ថប័នពាក់ព័ន្ធ ព្រមទាំងអាចយកទៅអនុវត្តន៍បានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕

តម្លៃជួលទីតាំងធ្វើការរួមគ្នានៅក្នុងទីក្រុងហូជីមិញកំពុង កើនឡើង
តម្លៃជួលទីតាំងធ្វើការរួមគ្នានៅក្នុងទីក្រុងហូជីមិញកំពុង
កើនឡើង
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសិក្សាថ្មីមួយបានរកឃើញថា ការជួលទីតាំងធ្វើការរួមគ្នាប្រចាំខែ នៅតាមអគារប្រណីត នៅក្នុងសង្កាត់លេខ១ នៃទីក្រុងហូជីមិញបានកើនឡើង៥% ដល់៣៤៤ដុល្លារក្នុងម្នាក់ នៅឆមាសទីមួយឆ្នាំនេះ។
ចំណែក នៅទូទាំងទីក្រុងទាំងមូល អត្រាតម្លៃជួលជាមធ្យមបានកើនឡើង៤,៥% ដល់២១៩ដុល្លារក្នុងម្នាក់ក្នុងអំឡុងពេលដូចគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។
ជាមួយគ្នានេះ ការផ្គត់ផ្គង់ទីតាំងធ្វើការរួមគ្នា នៅតំបន់មិនស្ថិតចំកណ្តាលទីក្រុង (Non-central)កំពុងកើនឡើង ខណៈបណ្តាអ្នកអភិវឌ្ឍន៍ផ្តោតលើចំណូលចិត្ត បត់បែនរបស់សហគ្រិនវ័យក្មេង និងនិយោជិត។
ជាក់ស្តែង វិទ្យាស្ថាន Quang Trung Software City បានជួលទីតាំងនៅក្នុងអគារថ្មីមួយ កម្ពស់១០ជាន់នៅសង្កាត់លេខ១២។ ក្នុងនោះ អគារចំនួន៣ជាន់ ក្លាយជាទីតាំងធ្វើការរួមគ្នា អភិវឌ្ឍន៍ ដោយក្រុមហ៊ុនThe Sentry សម្រាប់ជួលឱ្យក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មថ្មី(Start-up) ប្រហែល៧០ក្រុមហ៊ុន នៅទីក្រុងហូជីមិញ។
លោក Greg Ohan សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនSentry បានមានប្រសាសន៍ឱ្យដឹងថា “យើងសង្កេតឃើញការរីកចម្រើនយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍កម្មវិធី Software ជាពិសេសក្នុងហ្គេម និងបញ្ញាសិប្បនិម្មិត AI”។
នៅតំបន់ដាច់ឆ្ងាយពីកណ្តាលទីក្រុង ទីតាំងធ្វើការរួមគ្នាត្រូវបានជួលជាមធ្យមជារៀងរាល់ខែ ក្នុងតម្លៃ៩៦ដុល្លារសម្រាប់មនុស្សម្នាក់។
លោក Le Nguyen នាយកយុទ្ធសាស្រ្តផ្នែកជួល និងផ្តល់ដំណោះស្រាយនៅក្រុមហ៊ុន Knight Frank Vietnam បានអះអាងថា ក្រៅពីការជួលទីតាំងធ្វើការរួមគ្នា អ្នកអភិវឌ្ឍន៍ក៏កំពុងផ្តល់ការបណ្តុះបណ្តាល និងការកសាងក្រុមការងារ សម្រាប់ក្រុមហ៊ុន Start-up។
និន្នាការនៃការជួលទីតាំងធ្វើការរួមគ្នា កំពុងទទួលបានសន្ទុះយ៉ាងខ្លាំង នៅក្នុងទីក្រុងមជ្ឈមណ្ឌល សេដ្ឋកិច្ចធំៗរបស់ប្រទេសវៀតណាម ដូចជា ទីក្រុងហូជីមិញ ទីក្រុងហាណូយ និងទីក្រុងដាណាង។
បណ្តាក្រុមហ៊ុនបរទេសជាច្រើន ដែលចូលមកបណ្តាក់ទុនក្នុងប្រទេសវៀតណាម កំពុងជ្រើសរើសទីតាំងធ្វើការរួមគ្នា ដោយសារតែការជួលមានតម្លៃសមរម្យ និងប្រតិបត្តិការមានភាពបត់បែន៕ប្រភព: Vnexpress៕

រដ្ឋាភិបាលចិនបានសាងសង់ផ្លូវធំៗនៅកម្ពុជាង៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦
រដ្ឋាភិបាលចិនបានសាងសង់ផ្លូវធំៗនៅកម្ពុជាង៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦
ដោយៈ គង់ សូរិយា
ប៉េកាំងៈ តាមរយៈទំនាក់ទំនង យ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេរមេគង្គ ទន្លេរសាប ទន្លេបាសាក់ និងទន្លេដ៏ទៃទៀត។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកZheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ព្រមទាំងបន្តជួបជាមួយ លោកWu Hao អគ្គលេខាធិការ នៃ NDRC ដើម្បីពិភាក្សាលើការងារអភិវឌ្ឍន៍ គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា។
លោកបន្តថា តាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ឋ រវាងប្រទេសទាំងពីរ ប្រទេសចិនបានសាងសង់ឡើង នូវហេដ្ឋារចនាសម្ព័ន្ឋធំៗខាងលើ ហើយគម្រោង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើនផងដែរ។
ជំនួបនាឱកាសនេះ ត្រូវបានរៀចចំឡើង ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាព នៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួន ណដែលវិនិយោគិនចិន បានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងការងារទាំងអស់ អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងារ រវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោងទាំងអស់ សម្រេចបានឆាប់រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។
ជាក់ស្ដែង ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានបង្ហាញការប្តេជ្ញាចិត្ត នឹងជួយជំរុញឱ្យក្រុមហ៊ុនចិន ដែលវិនិយោគក្នុងគម្រោងនេះ អនុវត្តន៍ការងារឱ្យសម្រេចបានលទ្ធផល តាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨៕

ថៃដាក់ចេញយុទ្ឋនាការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៣,៥លាននាក់ក្នុងរយៈពេល៤ខែចុងក្រោយ
ថៃដាក់ចេញយុទ្ឋនាការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៣,៥លាននាក់ក្នុងរយៈពេល៤ខែចុងក្រោយ
ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃបានចាប់ផ្តើមសកម្មភាព ផ្សព្វផ្សាយទេសចរណ៍ជាបន្តបន្ទាប់ជាមួយក្តីសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរណ៍ចិន ចំនួន៣,៥លាននាក់ ក្នុងរយៈពេល៤ខែចុងក្រោយនៃឆ្នាំនេះ ដើម្បីបំពេញឱ្យគ្រប់គោលដៅកំណត់ ក្នុងឆ្នាំ២០២៤។
ថៃ ក្នុងឋានៈជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ក្នុងតំបន់អាស៊ាន បានកំណត់គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៨លាននាក់នៅឆ្នាំនេះ។ គិតមកទល់ពេលបច្ចុប្បន្ន ថៃបានទទួលជនជាតិចិនចំនួន៤,៥៥លាននាក់រួចមកហើយ ដោយសារគោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមក។នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT)។
សារពត៌មាន The Nation បានរាយការណ៍ថា លោក ThapaneeKiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃអះអាងថា ក្រុមមន្ត្រីទេសចរណ៍ថៃ នឹងសហការជាមួយក្រុមអ្នកមានឥទ្ធិពលល្បី លើបណ្តាញសង្គម (Influencer)ជាង១០០នាក់ នៅក្នុងប្រទេសចិន ដើម្បីបង្កើនកិត្យានុភាពទេសចរណ៍ថៃ។
លើសពីនេះ អាជ្ញាធរទេសចរណ៍ថៃ គ្រោងរៀបចំផ្សព្វផ្សាយសកម្មភាពកំសាន្តនៅថៃ តាមរយៈវេទិកាអនឡាញ ដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម Little Red Book បណ្តាញសង្គម Weibo កម្មវិធី Tiktok និងវេទិកាចែករំលែកវីដេអូអនឡាញ BiliBili។
លើសពីនេះ អាជ្ញាធរថៃ និងភ្នាក់ងារវេទិកាកក់ដំណើរទេសចរណ៍ ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន នឹងផ្តល់ជូននូវការផ្សព្វផ្សាយ ដូចជាការផ្តល់ជូនពិសេស ប័ណ្ណបញ្ចុះតម្លៃ និងវត្ថុអនុស្សាវរីយ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិន កក់ការធ្វើដំណើរទៅកាន់ប្រទេសថៃ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសសរុប ចំនួន២១,៧លាននាក់ ដោយចំនួនភ្ញៀវទេសចរណ៍ចិន និងម៉ាឡេស៊ីជាចំនួននាំមុខគេ។
នៅក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាត ថៃបានទាក់ទាញអ្នកដំណើរបរទេស ចំនួន៣៩,៩លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន១,៩១ទ្រីលានបាត (ប្រហែល៥១,៩ពាន់លានដុល្លារ) ខណៈសេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំង ចំពោះវិស័យទេសចរណ៍៕ប្រភព: Vnexpress៕

Southeast Asia’s second largest economy seeks 3.5 million Chinese tourists by year-end
Southeast Asia’s second largest economy seeks 3.5 million Chinese tourists by year-end
Thailand has launched a series of tourism promotion activities in hopes of attracting 3.5 million Chinese arrivals in the last four months of this year to fulfill this year’s target.
Southeast Asia’s second largest economy targets 8 million Chinese visitors this year and has already received 4.55 million so far, thanks in part to a mutual visa-free policy, according to the Tourism Authority of Thailand (TAT).
TAT governor Thapanee Kiatphaibool said Thai tourism officials would cooperate with more than 100 key opinion leaders in China to boost Thailand’s tourism image and introduce must-do activities via online platforms such Little Red Book, Weibo, Douyin and BiliBili, Nation Thailand reported.
In addition, TAT and China’s most popular travel platforms will offer promotions ranging from special deals to discount vouchers and souvenirs from September to December to encourage Chinese tourists to book travel to Thailand.
Thailand has welcomed 21.7 million foreign visitors so far this year, with Chinese and Malaysian tourists leading the way.
In 2019 before the pandemic hit, Thailand, whose economy heavily relies on tourism, welcomed a record 39.9 million foreign visitors, generating 1.91 trillion baht (US$51.9 billion) in revenue.
Source: Vnexpress
ម៉ាឡេស៊ីប្រកាសបន្តសកម្មភាពរុករកប្រេង និងឧស្ម័ននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខក្នុងសមុទ្រចិនខាងត្បូង
ម៉ាឡេស៊ីប្រកាសបន្តសកម្មភាពរុករកប្រេង និងឧស្ម័ននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខក្នុងសមុទ្រចិនខាងត្បូង
ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ម៉ាឡេស៊ីគ្រោងនឹងបន្តការរុករកប្រេង និងឧស្ម័ន នៅតំបន់សមុទ្រចិនខាងត្បូង បើទោះបីជាមានការជំទាស់ពីទីក្រុងប៉េកាំង ស្ដែងឡើងតាមរយៈឯកសារបែកធ្លាយយ៉ាងណាក្តី។
ទោះបីជាយ៉ាងណាក្តី លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាន់ជំហរផ្សះផ្សា ដោយលោកបានប្រកាសចាត់ទុក ប្រទេសចិនជាមិត្ត និងបញ្ជាក់ថា ប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហានេះ។
កន្លងមក ក្រុមហ៊ុនប្រេងរដ្ឋរបស់ម៉ាឡេស៊ី Petronas បានធ្វើប្រតិបត្តិការអណ្តូងប្រេង និងឧស្ម័ននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
យ៉ាងណាមិញ ប្រទេសចិនបានទាមទារផ្លូវទឹក ស្ទើរតែទាំងស្រុង ទោះបីជាមានការជំទាស់ ពីបណ្តាប្រទេសផ្សេងទៀត និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថា ការទាមទាររបស់ចិន មិនមានមូលដ្ឋានផ្លូវច្បាប់យ៉ាងណាក្តី។
លោកអាន់វ៉ា បានថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសរុស្ស៊ីថា “ការរុករកប្រេងរបស់យើង ពិតជាស្ថិតនៅក្នុងដែនទឹករបស់យើង។យើងនឹងពន្យល់ពីជំហររបស់យើង ទៅកាន់ប្រទេសចិនថា យើងមិនមានចេតនាបង្កហេតុ និងអរិភាពដោយមិនចាំបាច់ណាមួយឡើយ”។
លោកបន្តថា ចិនជាមិត្តដ៏អស្ចារ្យ ប៉ុន្តែជាការពិតណាស់ យើងនឹងត្រូវធ្វើប្រតិបត្តិការ នៅក្នុងដែនទឹករបស់យើង និងធានាអត្ថប្រយោជន៍សេដ្ឋកិច្ច រួមទាំងការខួងយកប្រេងនៅក្នុងទឹកដីរបស់យើង”។
សារព័ត៌មានហ្វីលីពីន Inquirer.net កាលពីសប្តាហ៍មុន បានចុះផ្សាយនូវឯកសារ ការទូតបែកធ្លាយមួយ ដោយចិនបានទាមទារឱ្យម៉ាឡេស៊ី បញ្ឈប់សកម្មភាពរុករកប្រេង និងឧស្ម័នទាំងអស់ចេញពីរដ្ឋ Sarawak នៅលើកោះ Borneo ។
ទីក្រុងប៉េកាំង បានបញ្ជាក់ក្នុងកំណត់ហេតុថា ម៉ាឡេស៊ីកំពុងទន្ទ្រានយកទឹកដីចិន។
ទាក់ទងនឹងបញ្ហានេះ ក្រសួងការបរទេសម៉ាឡេស៊ីបានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការបែកធ្លាយនេះ។ ប៉ុន្តែ ភាគីម៉ាឡេស៊ី មិនបានបដិសេធខ្លឹមសារ នៃឯកសារបែកធ្លាយនោះទេ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់បន្ថែមថា “យើងត្រូវតែបន្តការរុករក ដោយសារតែនេះ ជាបញ្ហានៃការរស់រានមានជីវិតផ្នែកសេដ្ឋកិច្ចរបស់ប្រទេសយើង”។ លោកបន្តថា “ម៉ាឡេស៊ីបើកចំហ ក្នុងការពិភាក្សាអំពីបញ្ហានេះ ជាមួយប្រទេសចិន ប៉ុន្តែពុំមែនមានន័យថា យើងត្រូវបញ្ឈប់នោះទេ”៕ប្រភព: AFP៕













