ដំណឹងល្អៈ​ គម្រោងសាងសង់​ស្ពាន​តភ្ជាប់ពីទីក្រុង​ Mekong Qauy​ មកកាន់​ទីក្រុងនរា​បាន​ចុះ​ហត្ថលេខា​សាង​សង់​ហើយ​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា កិច្ចសន្យាសាងសង់ និងត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គ ឃីក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណបនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការចុះហត្ថលេ៣ខានេះធ្វើឡើងរវាង ក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានគម្រោង ធីភី ម៉ូរ៉ាល់ គ្រុប ឯ. ក តំណាងដោយ លោក ឃុន សេងផេង ជាមួយក្រុមហ៊ុនសាងសង់ Zhejiang Huan Xin Traffic Engineering Co., Ltd. តំណាងដោយ លោក ជូ​ ឆាងហ្គិន (Zhu Changgen) អគ្គនាយកក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Zhejiang Institute of Communications Co., Ltd. សហការជាមួយក្រុមហ៊ុន Mekong PWT Engineering Co., Ltd. ដែលជាក្រុមហ៊ុនក្នុងស្រុក តំណាងដោយលោក Guo Rui ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា ឆាល វ៉ាន់ អគ្គនាយករងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធ។

លោកប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងក្រុមហ៊ុនទាំងអស់ ដែលបានរួមគ្នាជំរុញការសិក្សា និងរៀបចំគម្រោងនេះរហូតដល់ការចុះហត្ថលេខា។

គម្រោងនេះគឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ប្រទាក់ក្រឡា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

លោករដ្ឋមន្រ្តីបានស្នើដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព គុណភាពសំណង់ និងការអនុវត្តការងារប្រកបដោយឯករាជ្យ និងសុចរិតភាព ព្រមទាំងជំរុញការចែករំលែក ចំណេះដឹងដល់វិស្វករកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គ ឃី ទៅកាន់ទីក្រុងរណប កោះនរា នេះនឹងជួយជម្រុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ជាពិសេសនៅលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ច ដល់ប្រជាជនរស់នៅភាគខាងកើត រាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល៕

ការ​កើនឡើង​នៃ​តម្លៃ​ដីធ្លី​ជំរុញ​ឱ្យ​តម្លៃអចលនទ្រព្យ​នៅ​ប្រទេសជប៉ុន​ហក់​ឡើងខ្លាំង​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃដីធ្លីនៅប្រទេសជប៉ុនបានកើនឡើងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ តម្លៃដីសម្រាប់លំនៅឋាន និងពាណិជ្ជកម្មសុទ្ធតែបានកើនឡើង ជាពិសេសនៅក្នុងបណ្តាទីក្រុងធំៗ។

នេះជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ប្រទេសជប៉ុន។ ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យមានភាពខុសប្លែកគ្នាពីទីក្រុងមួយទៅទីក្រុងមួយទៀត។

ជាក់ស្តែង កត្តាដែលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យនៅកណ្តាលទីក្រុងតូក្យូ អាចមានភាពខុសគ្នាខ្លាំងពីកត្តាដែលជះឥទ្ធិពលលើសណ្ឋាគារនៅទីក្រុងណាហ្គូយ៉ា ឬលំនៅឋាននៅក្នុងទីក្រុងតូចៗ។

នៅទីក្រុងតូក្យូ ផ្ទៃដីមានកម្រិត ហើយថ្លៃចំណាយលើការសាងសង់ រួមទាំងថ្លៃសម្ភារៈ និងកម្លាំងពលកម្ម បានកើនឡើងយ៉ាងខ្លាំង។ កត្តានេះធ្វើឱ្យការសាងសង់អចលនទ្រព្យថ្មីមានតម្លៃថ្លៃជាងមុន និងបង្កើនតម្លៃនៃអគារដែលមានស្រាប់នៅក្នុងទីតាំងល្អៗ។

ជាលទ្ធផល អ្នកវិនិយោគមួយចំនួនពេញចិត្តនឹងការទិញ និងកែលម្អខុនដូដែលមានស្រាប់ (អគារចាស់) ជាជាងការសាងសង់ខុនដូថ្មី។

ខុនដូថ្មីៗនៅកណ្តាលទីក្រុងតូក្យូភាគច្រើនមានទំហំតូច ដោយសារអ្នកអភិវឌ្ឍន៍ចង់រក្សាតម្លៃឱ្យសមរម្យ។ ចំណែកខុនដូដែលមានអាយុកាលយូរជាងនេះ ជារឿយៗមានទំហំធំទូលាយជាង និងមានតម្លៃប្រហាក់ប្រហែលគ្នា។

បន្ទាប់ពីការកែលម្អរួចរាល់ ខុនដូទាំងនេះអាចឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទិញសម័យថ្មីបាន និងមានតម្លៃល្អប្រសើរជាងខុនដូដែលទើបសាងសង់ថ្មី។

ប្រទេសជប៉ុនបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៤២,៦៨ លាននាក់ក្នុងឆ្នាំ ២០២៥ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន និងកើនឡើង ១៥,៨% បើធៀបនឹងឆ្នាំ ២០២៤។ នៅខែកក្កដា ឆ្នាំ ២០២៦ ប្រទេសនេះទទួលបានភ្ញៀវទេសចរចំនួន ៣,៤៤ លាននាក់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែនេះ។

កំណើននៃវិស័យទេសចរណ៍បានបង្កើនតម្រូវការសណ្ឋាគារ ភោជនីយដ្ឋាន និងទីតាំងលក់រាយ ជាពិសេសនៅក្នុងទីក្រុងតូក្យូ អូសាកា និងក្យូតូ។ តម្រូវការទាំងនេះជំរុញការប្រើប្រាស់ដីលំនៅឋាន និងពាណិជ្ជកម្មដែលជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងខ្ពស់នៅក្នុងតំបន់ទេសចរណ៍ពេញនិយម៕

រដ្ឋាភិបាលកូរ៉េខាងត្បូង​គ្រោងផ្គត់ផ្គង់​លំនៅឋាន​ ១,១៩ លានខ្នង ​សម្រាប់​ការលក់ ​និង​ការ​ជួល​ដល់សាធារណជន​

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនមានគោលដៅផ្គត់ផ្គង់លំនៅឋានចំនួន ១,១៩ លានខ្នង សម្រាប់ការលក់ និងការជួលដល់សាធារណជន រហូតដល់ឆ្នាំ ២០៣០ ភាគច្រើនស្ថិតនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដើម្បីពង្រីកការគាំទ្រផ្នែកលំនៅដ្ឋាន។

ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញផែនការរក្សាលំនឹងទីផ្សារលំនៅឋាន ផ្តោតលើការផ្តល់ការគាំទ្រផ្នែកលំនៅឋានដែលសមស្របតាមតម្រូវការជាក់ស្តែង ស្របពេលតម្លៃផ្ទះកំពុងកើនឡើងនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងតំបន់ជុំវិញ។

យោងតាមផែនការនេះ រដ្ឋាភិបាលមានគោលបំណងផ្គត់ផ្គង់លំនៅឋានជាមធ្យមប្រហែល ២៤០,០០០ ខ្នងក្នុងមួយឆ្នាំ ដែលសរុបទាំងអស់មានចំនួន ១,១៩ លានខ្នងរហូតដល់ឆ្នាំ ២០៣០។

ចំនួនប្រហែល ៧៧ ភាគរយនៃលំនៅឋានទាំងនោះនឹងផ្តោតសំខាន់នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដែលជាតំបន់មានតម្រូវការលំនៅឋានខ្ពស់ខ្លាំង។

លំនៅដ្ឋានទាំងនេះនឹងត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីផ្សេងៗ រួមមានការសាងសង់ថ្មីនៅលើដីសាធារណៈ ការទិញលំនៅឋានដែលសាងសង់ដោយវិស័យឯកជនដើម្បីបំប្លែងទៅជាលំនៅឋានសាធារណៈសម្រាប់ជួល និងកម្មវិធីប្រើប្រាស់លំនៅឋានដែលមានស្រាប់របស់វិស័យឯកជន។

ក្រសួងបានបញ្ជាក់ថា វិធានការទាំងនេះមានគោលបំណងពង្រីកជម្រើសលំនៅឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលមិនទាន់មានផ្ទះផ្ទាល់ខ្លួន ជាពិសេសគ្រួសារដែលជួបការលំបាកក្នុងការឈានជើងចូលទៅក្នុងទីផ្សារលំនៅឋានឯកជន៕

មន្រ្តីពិភាក្សាទាក់ទងការប្រើប្រាស់វិក្កយបត្រ​ឌីជីថល​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកគង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្ទៃក្នុង អំពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃក.អ.ក., គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា, គណៈកម្មាធិការវិនិយោគកម្ពុជាទាំងនៅទីស្ដីការ និងមកពីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស, តំណាងខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក., តំណាងខុទ្ទកាល័យឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក., តំណាងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី អនុប្រធានទី៣ ក.អ.ក. សរុបប្រមាណ ៦០នាក់។

ការរៀបចំដាក់ឱ្យប្រើប្រាស់នូវវិក្កយបត្រឌីជីថលនេះ គឺជាការអនុវត្តស្របតាមចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ការចង្អុលបង្ហាញ លើកទឹកចិត្ត និងជំរុញការធ្វើឌីជីថលភាវូបនីយកម្ម និងការធ្វើកំណែទម្រង់ស្ថាប័ន ដើម្បីធ្វើឱ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរឡើង ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ បង្កើនភាពប្រកួតប្រជែង ធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យន្តការវិក្កយបត្រឌីជីថលនេះ ក៏ជាការឆ្លើយតបមួយដ៏សំខាន់ចំពោះសំណូមពររបស់វិស័យឯកជន ដែលបានស្នើមកកាន់រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

សិក្ខាសាលាផ្ទៃក្នុងថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្ត្រី ដើម្បីបញ្ច្រាបការយល់ដឹងឱ្យបានកាន់តែច្បាស់ អំពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក.អ.ក. ជូនដល់មន្ត្រីផ្តល់សេវា និងមន្ត្រីក្រោមឱវាទ ក.អ.ក. ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

វិក្កយបត្រឌីជីថល ក.អ.ក. ត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈសេចក្តីណែនាំលេខ ១៧០៧/២៦ ក.អ.ក. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ វិក្កយបត្រឌីជីថល ក.អ.ក. គឺជាឯកសារប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ឌីជីថល ដែលត្រូវបានដាក់ឱ្យអនុវត្តន៍ ក្នុងគោលបំណងសម្រួលដល់ការបង់កម្រៃ សេវាសាធារណៈរបស់អ្នកស្នើសុំសេវា តាមរយៈការទូទាត់ជាមួយប្រព័ន្ធធនាគារឌីជីថល និងផ្តល់លទ្ធភាពក្នុងការតាមដានស្ថានភាពការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងប្រសិទ្ធភាព និងអភិបាលកិច្ចក្នុងការគ្រប់គ្រងចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដោយប្រែក្លាយប្រតិបត្តិការប្រមូល ចំណូលទាំងអស់ទៅជាទម្រង់ឌីជីថល ចងក្រងរបាយការណ៍ហិរញ្ញវត្ថុ និងចែករំលែកទិន្នន័យជាមួយក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ។

លោកគង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងដោយផ្តោតលើតួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន ក្នុងការគ្រប់គ្រងចំណូល និងការធ្វើឌីជីថលភាវូបនីយកម្មរបស់ស្ថាប័ន។

វិក្កយបត្រឌីជីថល ត្រូវបានបង្កើតចេញពីប្រព័ន្ធផ្តល់សេវាណាមួយរបស់ ក.អ.ក. ដែលបានធ្វើសន្ធានកម្ម ចែករំលែកទិន្នន័យ ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP)របស់ ក.អ.ក. និងមានភ្ជាប់ ឃ្យូ.អ.កូដ (QR Code) ចេញពីដែនជាតិ cdc.gov.kh ស្ថិតក្រោមការគ្រប់គ្រងរបស់ ក.អ.ក.។ អ្នកស្នើសុំសេវា អាចទទួលបានវិក្កយបត្រឌីជីថល តាមរយៈប្រព័ន្ធផ្តល់សេវាណាមួយដោយផ្ទាល់ ឬមកកាន់ទីតាំង ផ្តល់សេវា ក.អ.ក៕

វៀតណាមឈរ​លំដាប់ទី១ ​នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក ​និង​លេខ៣​លើ​ពិភពលោក ​ដែល​មាន​ចំនួន​លំនៅ​ឋាន​ម៉ាក​យីហោ​ច្រើនជាងគេ​

ដោយ:សហសេវិក

អន្តរជាតិ: របាយការណ៍មួយបានរកឃើញថា ប្រទេសវៀតណាមមានលំនៅឋានមានម៉ាកយីហោ (branded residence) ចំនួន ១៦.១៣៥ យូនីត នៅក្នុងគម្រោងចំនួន៦៨ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីក និងខ្ពស់បំផុតលំដាប់ទី៣នៅលើពិភពលោក។

លើលើឆាកអន្តរជាតិ ប្រទេសវៀតណាមស្ថិតនៅពីក្រោយតែប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានលំនៅឋានម៉ាកយីយោចំនួន៨៤.៩៧២យូនីត និង៧១.៥៩២ យូនីតរៀងគ្នា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ “The Brand Standard” របស់ក្រុមហ៊ុនប្រឹក្សាយោបល់ Global Branded Residences នៅអង់គ្លេស។

លំនៅឋានមានម៉ាកយីហោ (Branded residences) ជាលំនៅឋាន ដែលផ្សារភ្ជាប់ជាមួយម៉ាកយីហោដ៏ល្បីឈ្មោះមួយ ដោយម៉ាកយីហោនោះ អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍គម្រោងអាចធ្វើទីផ្សារ និងលក់លំនៅឋានទាំងនោះក្រោមឈ្មោះយីហោរបស់ខ្លួន។

នៅក្នុងប្រទេសវៀតណាម ទីក្រុងហូជីមិញមានចំនួនលំនៅឋានបែបនេះច្រើនជាងគេ (៣.៥០៣យូនីត) បន្ទាប់មកទីក្រុងហាឡុង (២.៨៦០យូនីត) និងទីក្រុងដាណាង (១.៤២៩យូនីត)។

Accor ជាប្រតិបត្តិករឈានមុខគេ នៅក្នុងប្រទេសវៀតណាម ដោយមានលំនៅឋាន មានម៉ាកយីហោសរុបចំនួន៧.៨៥៤ នៅក្នុងគម្រោងចំនួន២៣។

ម៉ាកយីហោដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុននេះ រួមមាន Fairmont, Sofitel, Mercure និង Novotel។

លើសពីនេះ ទីផ្សារនេះក៏មានគម្រោងមួយចំនួន ដែលដំណើរការដោយម៉ាកយីហោកម្រិតខ្ពស់លំដាប់កំពូល ដូចជា Marriott និង The Ritz-Carlton ផងដែរ៕

ការសិក្សា: ​តម្រូវការ​ការិយាល័យ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​នឹង​នៅ​តែ​រឹងមាំ ​ទោះបី​ជា​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ AI​

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន CBRE បានលើកឡើងថា តម្រូវការការិយាល័យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងនៅតែរឹងមាំ ទោះបីជាមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កាន់តែច្រើនឡើងយ៉ាងណាក្តី។

ទោះជាយ៉ាងណា បច្ចេកវិទ្យានេះអាចធ្វើឱ្យកំណើនការងារនៅក្នុងការិយាល័យ និងកំណើនតម្រូវការការិយាល័យ មានកម្រិតថយចុះខ្លះ រហូតដល់ឆ្នាំ ២០៣០។

នៅក្នុងសេណារីយ៉ូកម្រិតមធ្យម ការបាត់បង់ការងារដោយសារបច្ចេកវិទ្យាAIត្រូវបានរំពឹងថា នឹងធ្វើឱ្យកំណើននៃផ្ទៃក្រឡាការិយាល័យដែលមានអ្នកជួល (occupied office space) ក្នុងតំបន់ថយចុះមកនៅត្រឹម១៣% ក្នុងចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ បើធៀបនឹង១៨% ក្នុងករណីដែលAI មិនបង្កឱ្យមានការបាត់បង់ការងារ។

ទន្ទឹមនឹងនេះ ការងារនៅក្នុងការិយាល័យត្រូវបានព្យាករថា នឹងកើនឡើង៩ភាគរយ ក្នុងករណីសេណារីយ៉ូកម្រិតមធ្យម នៅចន្លោះឆ្នាំ ២០២៦ និង២០៣០ ដែលក្នុងនោះការងារការិយាល័យ ដែលងាយរងផលប៉ះពាល់នឹងត្រូវជំនួសក្នុងអត្រាកម្រិតមធ្យម។

ក្រុមហ៊ុនCBRE បានប៉ាន់ប្រមាណថា មានតែ១,៨ភាគរយប៉ុណ្ណោះ នៃចំនួនការងារសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលងាយរងផលប៉ះពាល់ ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ នេះសំដៅទៅលើមុខរបរទាំងឡាយណាដែលទទួលរងឥទ្ធិពលខ្លាំងពីបច្ចេកវិទ្យានេះ ប៉ុន្តែមានលទ្ធភាពទាបក្នុងការសម្របខ្លួន។

ក្រុមហ៊ុន CBRE បានឱ្យដឹងថា បុគ្គលិកការិយាល័យមានចំនួនជាង ៣៥ ភាគរយនៃចំនួនការងារសរុបនៅក្នុងប្រទេសសិង្ហបុរី ហុងកុង និងអូស្ត្រាលី ខណៈដែលនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមវិញ តួលេខនេះមានតិចជាង១០ភាគរយ។

លោកTom Gaffney ប្រធានផ្នែកជួលអចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនCBRE បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងកាន់តែចូលមកជំនួសការងារជាប្រចាំថ្ងៃ ដែលធ្វើឱ្យការងារ ដែលទាមទារកិច្ចសហការគ្នា និងការងារដែលត្រូវធ្វើការផ្ទាល់ជាមួយអតិថិជនកាន់តែមានតម្លៃថែមទៀត៕

វិភាគៈ ​តើ​គួរ​វិនិយោគ​លើ​វិស័យអចលនទ្រព្យ​ទៀត​នៅ​កម្ពុជា​ បន្ត​ទៀត​ឬ​ទេ?​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ អចលនទ្រព្យនៅតែជាការវិនិយោគដ៏ល្អ ប៉ុន្តែយុទ្ធសាស្ត្រចាស់ដែលគ្រាន់តែទិញដី ឬខុនដូ ហើយរង់ចាំឱ្យតម្លៃឡើងថ្លៃនោះ គឺលែងសូវទាក់ទាញទៀតហើយ។

ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានជួបប្រទះបញ្ហាប្រឈមនានា ហើយអ្នកវិនិយោគអាចនឹងព្រួយបារម្ភ អំពីការលក់យឺតយ៉ាវ ខុនដូដែលនៅសល់មិនទាន់លក់ចេញ ការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន និងភាពមិនច្បាស់លាស់ថា តើពេលណាទើបអ្នកទិញនឹងត្រឡប់មកវិញ។

ប៉ុន្តែសំណួរដ៏សំខាន់មិនមែនថា តើវិស័យអចលនទ្រព្យនឹងងើបឡើងវិញខ្លាំងក្លាឬអត់នោះទេ។

សំណួរពិតប្រាកដគឺ តើអចលនទ្រព្យមួយណា ដែលនឹងបង្កើតតម្លៃសេដ្ឋកិច្ចពិតប្រាកដ? តើនរណាជាអ្នកទិញវា? ហើយតើអ្នកអាចរក្សាទុកវាបានយូរប៉ុណ្ណា?។

ហេតុអ្វីបានជាអចលនទ្រព្យ នៅតែអាចទាក់ទាញការវិនិយោគបាន?

១. ការរីកចម្រើននៃទីក្រុង និងចំនួនប្រជាជន

រាជធានីភ្នំពេញ និងតំបន់ជុំវិញ នៅតែមានសក្តានុពលរយៈពេលវែង ដោយសារប្រជាជន អាជីវកម្ម និងសេវាកម្មនានាប្រមូលផ្តុំគ្នានៅជុំវិញរាជធានី។

ប៉ុន្តែការរីកចម្រើននៃទីក្រុង មិនមែនជាការធានាថាគ្រប់ខណ្ឌ ឬគ្រប់គម្រោងទាំងអស់នឹងមានតម្លៃកើនឡើងនោះទេ។

២. សកម្មភាពអាជីវកម្មបង្កើតតម្រូវការអចលនទ្រព្យ

ការសាងសង់រោងចក្រ ត្រូវការឃ្លាំងស្តុកទំនិញ បុគ្គលិកត្រូវការលំនៅដ្ឋាន ហើយក្រុមហ៊ុននានាត្រូវការការិយាល័យ និងសេវាកម្មពាណិជ្ជកម្ម។ អចលនទ្រព្យដែលផ្សារភ្ជាប់ ទៅនឹងសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ អាចជាជម្រើសវិនិយោគដ៏ល្អជាងគម្រោង ដែលពឹងផ្អែកតែលើការរំពឹងទុកលើការឡើងថ្លៃ (speculation)។

៣. ប្រាក់ចំណូលពីការជួលអាចផ្តល់ផលចំណេញក្នុងអំឡុងពេលរង់ចាំ

អចលនទ្រព្យដែលមានអ្នកជួល ដែលអាចទុកចិត្តបាន អាចបង្កើតប្រាក់ចំណូលបាន ទោះបីជាតម្លៃលក់បន្តនៅទ្រឹងក៏ដោយ។

បញ្ហាប្រឈមនាពេលនេះ គឺការទិញក្នុងតម្លៃមួយ ដែលធ្វើឱ្យការជួលទទួលបានផលចំណេញសមរម្យ បន្ទាប់ពីគិតគូរពីរយៈពេលដែលគ្មានអ្នកជួល ការចំណាយលើការថែទាំ ពន្ធ និងការចំណាយផ្សេងៗទៀត។

៤. ហេដ្ឋារចនាសម្ព័ន្ធអាចបង្កើតឱកាសនាពេលអនាគត

បណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋាន តំបន់ឧស្សាហកម្ម និងការតភ្ជាប់ទីក្រុងថ្មីៗ អាចជួយសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ មិនមែនជាការធានាថា ដីនៅក្បែរនោះនឹងឡើងថ្លៃនោះទេ។

៥. អ្វីដែលទិន្នន័យសេដ្ឋកិច្ចចុងក្រោយបានបង្ហាញ

ទីផ្សារអចលនទ្រព្យកម្ពុជានាពេលនេះ ទាមទារឱ្យមានការប្រុងប្រយ័ត្ន មិនមែនជាការមើលឃើញតែផ្លូវល្អ ដោយខ្វះការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។

ចំណុចសំខាន់ គឺវិភាគលើការរីកចម្រើននៃសេដ្ឋកិច្ច មិនមែនមានន័យថា តម្លៃអចលនទ្រព្យនឹងកើនឡើង ដោយស្វ័យប្រវត្តិនោះទេ។

កត្តាដូចជាការងារ កម្លាំងទិញ ហិរញ្ញប្បទាន និងអត្រានៃការចូលស្នាក់នៅ តំបន់ភាគខាងត្បូងភ្នំពេញ និងក្រុងតាខ្មៅ។

ផ្តោតលើតំបន់លំនៅដ្ឋានដែលមានស្រាប់ និងផ្ទះដែលមានតម្លៃសមរម្យ នៅជិតផ្លូវថ្នល់ សាលារៀន ហាងលក់ទំនិញ និងកន្លែងការងារ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាកត្តាមួយដែលគួរពិចារណា ប៉ុន្តែវាមិនមែនជាការធានាថាថ្លៃដីនឹងឡើងថ្លៃនោះទេ។

តំបន់កំបូលភាគខាងលិចភ្នំពេញ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ពិនិ​ត្យមើលតម្រូវការលើវិស័យឧស្សាហកម្ម ភស្តុភារកម្ម (logistics)និងលំនៅដ្ឋានសម្រាប់កម្មករ។

ផ្តល់អាទិភាពដល់តំបន់ ដែលមានអាជីវកម្មកំពុងដំណើរការ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ជាជាងការទិញដីទុកដើម្បីរង់ចាំឡើងថ្លៃ (speculation) នៅតំបន់ដាច់ស្រយាល។

ហាងតូចៗ ផ្ទះអាជីវកម្ម (shophouses) និងអចលនទ្រព្យសម្រាប់ជួល អាចជាជម្រើសដ៏ល្អ ប្រសិនបើមានអតិថិជនក្នុងស្រុកស្រាប់ ហើយតម្លៃជួលអាចទូទាត់សងទៅនឹងតម្លៃទិញបាន។

សំណួរដ៏សំខាន់បំផុតនាពេលនេះ គឺតើការវិនិយោគនេះផ្តល់ផលចំណេញដល់អ្នកដែរឬទេ? អ្នកជំនាញបានស្នើឲ្យអ្នកវិនិយោគពិចារ​ណា លើឧទាហរណ៍នៃអចលនទ្រព្យមួយ ដែលមានតម្លៃ ​១០០,០០០ ដុល្លារ៕

ដីធ្លី ​តំបន់​មាន​សក្តានុពល​សម្រាប់​ឱកាស​វិនិយោគ​នា​ពេល​អនាគត​

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ តើពេលណាដែលតម្លៃអាចនឹងងើបឡើងវិញ? តើដីស្ថិតនៅទីតាំងណាខ្លះ គួរវិនិយោគ ដើម្បីយកផលចំណេញនាពេលអនាគត?។

សំណួរទាំងនេះ គ្រាន់តែជាការប៉ាន់ស្មានអំពីសេណារីយ៉ូ ដែលអាចកើតឡើងប៉ុណ្ណោះ មិនមែនជាលទ្ធផលទីផ្សារដែលបានកំណត់ច្បាស់លាស់នោះទេ។

សេដ្ឋកិច្ចធ្លាក់ចុះ ឬការរឹតបន្តឹងលើការផ្តល់កម្ចី អាចធ្វើឱ្យការងើបឡើងវិញនៃតម្លៃមានភាពយឺតយ៉ាវ។

ប៉ុន្តែលោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia ជាគេហទំព័រផ្តល់ និងវិភាគអចលនទ្រព្យឈានមុខគេនៅកម្ពុជាបានលើកឡើងថា អ្វីដែលអ្នកវិនិយោគគួរធ្វើមុនសម្រេចចិត្តទិញដី ត្រូវធ្វើការប្រៀបធៀបតម្លៃនៃការទិញ លក់ជាក់ស្តែងដែលបានបញ្ចប់រួចរាល់ មិនមែនគ្រាន់តែមើលតម្លៃដែលគេដាក់លក់នោះទេ។

លោកបញ្ជាក់ថា “ជាអ្នកវិនិយោគត្រូវប្រាកដថា ពិនិត្យមើលប័ណ្ណកម្មសិទ្ធិ ការកំណត់តំបន់ប្រើប្រាស់ដី (zoning)ហានិភ័យនៃការជន់លិច ផ្លូវធ្វើដំណើរ និងថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ”។
លោកបន្ថែមថា “អ្នកវិនិយោគគួរតែគណនាថា តើអ្នកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកាន់កាប់ដីនោះរយៈពេលជាច្រើនឆ្នាំ ដោយមិនចាំបាច់ប្រញាប់លក់ចេញដែរឬទេ”។

លើសពីនេះ អ្នកវិនិយោគនាពេលបច្ចុប្បន្ន គួរតែជៀសវាងការទិញក្នុងតម្លៃខ្ពស់ ដោយសារតែគម្រោងសាងសង់ ព្រលានយន្តហោះ ផ្លូវថ្នល់ ឬការពង្រីកទីក្រុង ដែលគ្រាន់តែជាសំណើ ឬគម្រោងនៅឡើយ។

លោកយិន លាងគង់បានបន្ថែមទៀតថា ការប្រៀបធៀបការកើនឡើងតម្លៃដែលរំពឹងទុក ជាមួយនឹងផលចំណេញដែលទទួលបានពីការរក្សាទុកប្រាក់នៅក្នុងទ្រព្យសកម្ម ដែលមានហានិភ័យទាប និងអាចប្តូរជាសាច់ប្រាក់បានឆាប់រហ័ស។

គេហទំព័រមួយបានរាយការណ៍ថា តម្លៃដីជាមធ្យមនៅរាជធានីភ្នំពេញមានប្រហែល១,៧៩០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េសម្រា​ប់ឆមាសទី២ ឆ្នាំ២០២៥ ដោយផ្អែកលើទិន្នន័យរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។

តួលេខជាមធ្យមទូទាំងទីក្រុងនេះ មិនបានបង្ហាញពីភាពខុសគ្នាដ៏ធំរវាងតំបន់កណ្តាល និងតំបន់ជាយក្រុងនោះទេ ដូច្នេះមិនគួរបង្ហាញថាវាជាតម្លៃជាក់ស្តែងសម្រាប់ដីឡូត៍ណាមួយឡើយ។

លោកយិន លាងគង់បានទាញយកការសន្និដ្ឋានថា ថ្លៃដីនឹង ងើបឡើងវិញ នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ប៉ុន្តែលោកបានចង្អុលបង្ហាញឲ្យមានការផ្តោតលើដី ដែលមានទំនាក់ទំនងជាមួយតម្រូវការលំនៅដ្ឋាន និងការងារជាក់ស្តែង ជាពិសេសនៅតំបន់ច្រករបៀងភាគខាងត្បូងនៃរាជធានីភ្នំពេញ ជាជាងការទិញដីដែលមានតម្លៃថោកដោយគ្រាន់តែរង់ចាំឱ្យតម្លៃកើនឡើង។

តើអ្នកកំពុងពិចារណាទិញដីនៅពេលនេះ ឬអ្នកមានដីរួចហើយ ហើយចង់ដឹងថា ពេលណាដែលតម្លៃរបស់វា អាចនឹងកើនឡើងវិញ? ចម្លើយចំពោះសំណួរនេះ នឹងធ្វើឱ្យយុទ្ធសាស្ត្រដ៏ល្អបំផុតមានភាពខុសគ្នាខ្លាំង៕

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងផ្គត់ផ្គង់លំនៅឋាន ១,១៩ លានខ្នង សម្រាប់ការលក់ និងការជួលដល់សាធារណជន

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនមានគោលដៅផ្គត់ផ្គង់លំនៅឋានចំនួន ១,១៩ លានខ្នង សម្រាប់ការលក់ និងការជួលដល់សាធារណជន រហូតដល់ឆ្នាំ ២០៣០ ភាគច្រើនស្ថិតនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដើម្បីពង្រីកការគាំទ្រផ្នែកលំនៅដ្ឋាន។

ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញផែនការរក្សាលំនឹងទីផ្សារលំនៅឋាន ផ្តោតលើការផ្តល់ការគាំទ្រផ្នែកលំនៅឋានដែលសមស្របតាមតម្រូវការជាក់ស្តែង ស្របពេលតម្លៃផ្ទះកំពុងកើនឡើងនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងតំបន់ជុំវិញ។

យោងតាមផែនការនេះ រដ្ឋាភិបាលមានគោលបំណងផ្គត់ផ្គង់លំនៅឋានជាមធ្យមប្រហែល ២៤០,០០០ ខ្នងក្នុងមួយឆ្នាំ ដែលសរុបទាំងអស់មានចំនួន ១,១៩ លានខ្នងរហូតដល់ឆ្នាំ ២០៣០។

ចំនួនប្រហែល ៧៧ ភាគរយនៃលំនៅឋានទាំងនោះនឹងផ្តោតសំខាន់នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដែលជាតំបន់មានតម្រូវការលំនៅឋានខ្ពស់ខ្លាំង។

លំនៅដ្ឋានទាំងនេះនឹងត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីផ្សេងៗ រួមមានការសាងសង់ថ្មីនៅលើដីសាធារណៈ ការទិញលំនៅឋានដែលសាងសង់ដោយវិស័យឯកជនដើម្បីបំប្លែងទៅជាលំនៅឋានសាធារណៈសម្រាប់ជួល និងកម្មវិធីប្រើប្រាស់លំនៅឋានដែលមានស្រាប់របស់វិស័យឯកជន។

ក្រសួងបានបញ្ជាក់ថា វិធានការទាំងនេះមានគោលបំណងពង្រីកជម្រើសលំនៅឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលមិនទាន់មានផ្ទះផ្ទាល់ខ្លួន ជាពិសេសគ្រួសារដែលជួបការលំបាកក្នុងការឈានជើងចូលទៅក្នុងទីផ្សារលំនៅឋានឯកជន៕

កម្ពុជា ​វៀតណាម​បើក​ពិព័រណ៍​តភ្ជាប់​ពាណិជ្ជកម្ម ​និង​ផ្សព្វផ្សាយ​ផលិតផល​ឆ្នាំ​២០២៦​

ដោយៈ ចំណាន

ភ្នំពេញៈ កម្ពុជា វៀតណាមបានរៀបចំពិព៌ណប្រចាំឆ្នាំរួមគ្នាក្នុងគោលដៅពង្រីកសក្តានុពលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ពិព័រណ៍នេះរៀបចំឡើងដោយក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក តាន់ ថាណា គឺជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោកឧត្តមសេនីយ៍ឯក ង្វៀន ក្វាង ង៉ុក (NGUYEN Quang Ngoc) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងធុរជននៃប្រទេសកម្ពុជា និងវៀតណាមជាច្រើនរូបទៀត។

ពិព័រណ៍ VIDEX CAMBODIA 2026 បានប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ ពាណិជ្ជករ ប្រតិបត្តិករអាជីវកម្ម និងដៃគូសក្តានុពលមកពីកម្ពុជា និងវៀតណាម ដើម្បីបង្កើតឱកាសក្នុងការស្វែងយល់ពីផលិតផល ផ្លាស់ប្តូរព័ត៌មាន ជួបពិភាក្សាជាមួយដៃគូអាជីវកម្ម បង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕